ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 2 ៖ ថ្ងៃ​ទី 4 នីហ្វៃ​ទី1 5–6,9


មេរៀនទី 2 ៖ ថ្ងៃ​ទី 4

នីហ្វៃ​ទី1 5–6, 9

សេចក្តីផ្តើម

ភរិយា​របស់​ព្យាការី​លីហៃ សារ៉ាយ បាន​មាន​អារម្មណ៍​ខ្លាច​ថា ពួក​កូនប្រុសរបស់​នាង​នឹង​មិន​ត្រឡប់​មក​ពី​ក្រុង​យេរូសាឡិម​វិញ​ឡើយ ។ លោក​លីហៃ​បានកម្សាន្ត​ចិត្ត​នាង​ដោយ​បង្ហាញ​សេចក្តីជំនឿ​របស់​លោក​ចំពោះ​ព្រះ​អម្ចាស់ ។ នៅពេល​ពួក​កូនប្រុសរបស់​នាង​បាន​ត្រឡប់​មក​វិញ​ដោយ​សុវត្តិភាព​ជាមួយ​នឹង​ផ្ទាំង​លង្ហិន នោះ​សារ៉ាយ​ទទួល​បាន​សាក្សីកាន់​តែ​រឹង​មាំ​ពី​ព្រះ​ហស្ត​របស់​ព្រះ​ក្នុង​ការដឹក​នាំ និង ការថែរក្សា​គ្រួសារ​របស់​នាង ។ នៅ​ពេល​លោក​លីហៃ​បាន​សិក្សា​ផ្ទាំង​លង្ហិន នោះ​លោក« ក៏​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ ហើយ​ចាប់​ផ្តើម​ព្យាករ​អំពី​ពូជ​លោក » ( នីហ្វៃ​ទី 1 5:17) ។ នៅពេល​អ្នក​សិក្សា​នៅក្នុង​មេរៀន​នេះ សូម​គិត​អំពី​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​អ្នក និង អ្វី​ៗ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​អំណាច​ដែល​បាន​មក​ពី​ការ​ស្វែង​រក​ព្រះ​បន្ទូល​នៃ​ព្រះ ។

នីហ្វៃ​ទី 1 5:1–9

កូន​ប្រុស​ទាំងឡាយ​របស់​លោក​លីហៃ​ត្រឡប់​មក​រក​គ្រួសារ​របស់​ពួកគេ​នៅ​ទី​រហោស្ថានដោយ​សុត្ថិភាព

ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​យេរូសាឡិម និង ការ​វិល​ត្រឡប់​មក​វិញ​របស់​នីហ្វៃ និង​ ពួក​បងប្រុសរបស់​លោក គឺ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា​បី​បួន​សប្តាហ៍ ។ សូម​សញ្ចឹង​គិត​ដល់​គ្រា​មួយ​ដែល​បងប្អូនប្រុស បងស្រី ឪពុក ឬ ម្តាយ ឬ ​នរណា​ម្នាក់​ដែល​អ្នក​ដឹង​ថា បាន​ចាក​ចេញ​ពី​ផ្ទះ​អស់​រយៈពេល​ដ៏​យូរ—ដូច​ជា​ចាកចេញ​សម្រាប់​បេសកកម្ម ការសិក្សា ឬ​ ការ​បម្រើ​ជា​ទាហាន​ជា​ដើម ។ តើ​អ្នក​មាន​កង្វល់ ឬ ការ​ព្រួយ​បារម្ភ​អ្វី​ខ្លះ​ដែល​អ្នក ( ឬ តើ​អ្នក​គិត​ថា​ ឪពុក ឬ ម្តាយ​អ្នក​អាច​មាន​កង្វល់​អ្វី​ខ្លះ ) នៅ​ពេល​បែក​ចេញ​ពី​មនុស្ស​ជា​ទី​ស្រលាញ់​អស់​រយៈពេល​យ៉ាង​យូរ​ដូច​ច្នេះ ? សូមអាននីហៃ្វទី 1 5:1–3 ហើយ​សូម​កត់​សម្គាល់​ពី​កង្វល់​ទាំងឡាយ​ដែល​សារ៉ាយ​បាន​និយាយ​ទៅ​កាន់​លោក​លីហៃ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើដំណើរ​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូសាឡិមវិញ​របស់​ពួក​កូនប្រុសរបស់​គាត់ ។

សូម​សិក្សា​នីហ្វៃ​ទី 1 5:4–6 ហើយ​សូម​រក​មើល​របៀប​ដែល​លីហៃ​បាន​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់​សារ៉ាយ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ថ្លែង​ជា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​ឡើង​វិញ​អំពី​ការ​ឆ្លើយ​តប​របស់​លោក​លីហៃ​ទៅ​កាន់​ភរិយា​របស់​លោក ។

សូម​សញ្ជឹងគិត​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សសើរ អំពី​របៀប​ដែល​លោក​លីហៃ​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់​សារ៉ាយ ?​

  • តើ​ពាក្យ​សម្តី​របស់​លោក​លីហៃ​បង្ហាញ​សេចក្តី​ជំនឿ និង ភាព​ក្លាហាន​ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​វិវរណៈ​ទាំងឡាយ​ពី​ព្រះ​តាម​របៀបណា ?

យោង​ទៅ​លើ​នីហ្វៃទី1 5:6 តើ​ទី​បន្ទាល់​របស់​លោកលីហៃ​មាន​អនុភាព​អ្វី​ទៅ​លើ​​សារ៉ាយ ?

សេចក្តី​ពិត​ចំនួន​ពីរ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​លោក​លីហៃ និង សារ៉ាយគឺ​ថា ព្រះ​អម្ចាស់​អាច​ប្រទាន​ពរ​ដល់​យើង​យ៉ាង​ពិត​ប្រាកដ នៅ​ពេល​យើង​ធ្វើ​តាម​ការ​បំផុស​គំនិត ហើយ​យើង​អាច​កម្សាន្ត​ចិត្ត និង ពង្រឹង​អ្នក​ដទៃ នៅ​ពេល​យើង​បង្ហាញ​សេចក្តី​ជំនឿ​របស់​យើង​ចំពោះ​ព្រះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​នៅ​គ្រា​មួយ​ដែល​អ្នក​ទទួល​អារម្មណ៌ ពី​ការបញ្ជាក់​នៃ​ការ​លួង​លោម​ចិត្ត​ពី​ព្រះ​នៅ​អំឡុង​ពេល​ដ៏​លំបាក​មួយ ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ដើម្បី​កម្សាន្តចិត្ត និង ពង្រឹង​អ្នក​ដទៃ​ទៀត ឬ អ្នក​ត្រូវ​បាន​កម្សាន្ត​ចិត្ត និង ពង្រឹង​ដោយ​ពាក្យ​សម្តី​ដែល​ពោរពេញ​ដោយ​សេចក្តី​ជំនឿ​របស់​អ្នក​ដទៃ​ទៀត ។

សូមអាន​នីហ្វៃទី1 5:7–9 សូម​រក​មើល​ឥទ្ធិពលបទពិសោធន៍​នេះ​បាន​មាន​ទៅ​លើ​សេចក្តីជំនឿ​របស់​សារ៉ាយ ។

  • តើ​សារ៉ាយ​បាន​រៀន​អ្វី​ពី​បទពិសោធន៍​នេះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​ទីបន្ទាល់​របស់​សារ៉ាយ​នៅ​ក្នុង​នីហ្វៃ​ទី1 5:8 ដូច​គ្នា​ទៅ​នឹង​ទីបន្ទាល់​របស់​នីហ្វៃ​នៅក្នុងនីហ្វៃ​ទី1 3:7 យ៉ាង​ដូច​ម្តេច ?

នីហ្វៃទី1 5:10–22

លីហៃ​សិក្សា​ស្រាវជ្រាវ​ផ្ទាំង​លង្ហិន

នីហ្វៃ និង ពួក​បងប្រុសរបស់​លោក​បាន​ប្រថុយ​ជីវិត​របស់​ពួកគេ​លះបង់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ និង ត្រូវ​បាន​ការពារ​ប្រកប​ដោយ​ទេវភាព​នៅក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ។ បើសិន​អ្នក​គឺ​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​លោក​លីហៃ តើ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ពួកគេ​បាន​មាន​ឥទ្ធិពល​លើ​អត្តចរិត​នៃ​សកម្ម​ភាពសិក្សា​របស់​អ្នក អំពី​រឿង​ទាំងឡាយ​ដែល​មាន​នៅ​លើ​ផ្ទាំង​លង្ហិន​យ៉ាង​ដូច​ម្តេច​ខ្លះ ?

បន្ទាប់​ពី​កូន​ប្រុស​ទាំងឡាយរបស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព នោះ​លោក​លីហៃ​បាន​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​មើល​មាតិការ​រឿង​នៅ​លើ​ផ្ទាំង​លង្ហិន ។ សូម​អាន​ នីហ្វៃ​ទី1 5:11–14 ហើយ​សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វីៗ​ដែល​ផ្ទាំង​លង្ហិន​មាន ។

សូមអាន ​នីហ្វៃ​ទី1 5:17–20 សូម​រក​មើល​របៀប​ដែល​ការ​សិក្សា​ផ្ទាំង​លង្ហិន​មាន​ឥទ្ធិពល​លើ​លោក​លីហៃ ។ ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង​ខ​ទាំង​នេះ តើ​អ្នក​នឹង​បញ្ចប់​ការ​ថ្លែង​ពី​គោលការណ៍​ខាង​ក្រោម​នេះ​ដោយ​របៀប​ណា ?​( សូមមើល នីហ្វៃ​ទី 1 5:17 ) ៖ នៅ​ពេល​យើង​សិក្សា​ស្រាវ​ជ្រាវ​មើល​បទ​គម្ពីរ​​ទាំងឡាយ នោះ​យើង​អាច​ក្លាយ​ជា

អែល​ឌើរ រ៉ូបឺត ឌី. ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បញ្ជាក់​ចំពោះ​សេចក្តី​ពិត​នេះ​ ៖

« នៅ​ពេល​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ នោះ​យើង​អធិស្ឋាន ។ ហើយ​នៅ​ពេល​យើង​ចង់​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង នោះ​យើង​សិក្សា​ស្រាវជ្រាវ​ព្រះគម្ពីរ​ទាំងឡាយ ដ្បិតព្រះបន្ទូល​របស់​ទ្រង់​បាន​មក​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ បន្ទាប់​មក​ទ្រង់​នឹង​បង្រៀន​ដល់​យើង នៅ​ពេល​យើង​ស្តាប់​តាម​ការ​បំផុស​គំនិត​ទាំងឡាយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ប្រសិន​បើ​អ្នក​ស្តាប់​មិន​ឮ​នូវ​សំឡេង​នៃ​ព្រះបន្ទូល​របស់​ទ្រង់​ចំពោះ​អ្នក​ដោយ​ភ្លាមៗ​នោះទេ សូម​ត្រឡប់​មក​ព្រះវិហារ​វិញ ហើយ​អាន​ព្រះគម្ពីរ​ម្តង​ទៀត ។ សេចក្តី​ទាំង​អស់​នេះ​គឺ​ជា​រឿង​នៃ​សេចក្តី​សង្គ្រោះ​ជីវិត​ខាង​វិញ្ញាណ » ( « Holy Scriptures ៖ The Power of God unto Our Salvation » Ensign or លីអាហូណាខែ តុលា ឆ្នាំ 2006 ទំព័រ​ 26–27 ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ព្រះ​គម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​អ្នក​បាន​សិក្សា​ស្រាវជ្រាវ​បទគម្ពីរ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះអម្ចាស់ ។

សូមអាន​នីហ្វៃ​ទី 1 5:21–22 ហើយ​រក​មើល​មូល​ហេតុ​ដែល​ផ្ទាំង​ទាំងឡាយ​មាន « ប្រយោជន៍​ជា​អតិបរមា » ចំពោះ​លោក​លីហៃ និង គ្រួសារ​របស់​លោក ។

សូម​បើក​បទ​ទំនុក​តម្កើង « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ» (ទំនុក​តម្កើង លេខ 159 ) ហើយ​កត់សម្គាល់​ពី​ពរជ័យ​ទាំងឡាយ​ដែល​អាច​មក​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ព្រះ​គម្ពីរ​ទាំងឡាយ ។ សូម​សញ្ជឹងគិត​អំពី​ការ​អាន​ព្រះគម្ពីរ​ប្រចាំថ្ងៃ​របស់​អ្នក ។ តើ​អ្នក​អាច​ធ្វើ​ឲ្យ​ការ​សិក្សារ​ព្រះគម្ពីរ​របស់​អ្នក​ប្រសើរ​ឡើង​បាន​យ៉ាង​ដូចម្តេច ?

ការ​សិក្សា​ព្រះគម្ពីរ​ផ្តល់​នូវ​ប្រាជ្ញា នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​រមែង​ស្លាប់—ជា​ទីរហោ​ស្ថាន​របស់​យើង ។ សូម​ចង​ចាំ​ថា ផ្ទាំង​លង្ហិន​ទាំងឡាយ​យក​បាន​តាម​រយៈ​សេចក្តីជំនឿ និង ការ​លះបង់ ហើយ​ថា បើគ្មាន​ផ្ទាំងលង្ហិន​នេះ​ទេ នោះ​លោក​លីហៃ និង គ្រួសារ​របស់​លោក​នឹង​មិន​បាន​ទទួល​ពរជ័យ​ទាំងឡាយ​ដែល​ចាំបាច់​​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​លោកនោះទេ ( សូម​មើល​ នីហ្វៃ​ទី1 5:22 ) ។​ នៅ​ពេល​អ្នក​សិក្សា​ស្រាវជ្រាវ​បទ​គម្ពីរ​ នោះ​អ្នក​អាច​ត្រូវ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ហើយ​ទទួល​បាន​កំលាំង និង សេចក្តី​ជំនឿ​ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

នីហ្វៃ​ទី1 6:1–6

នីហ្វៃ​សរសេរ​ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ

សូម​ជ្រើស​រើស​សៀវភៅ​មួយ​ក្បាល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ឬ គិត​ពី​​សៀវភៅ​មួយ​ដែល​អ្នក​ស្គាល់ ។ តើ​អ្នក​គិត​ថា អ្នក​និពន្ធ​មាន​គោល​បំណង​យ៉ាង​ណា​នៅ​ក្នុង​ការ​សរសេរ​សៀវភៅ​នោះ ? តើ​ការ​ដឹង​ពី​គោល​បំណង​របស់​អ្នក​និពន្ធ​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្តេច​នៅ​ពេល​អ្នក​អាន ?

សូម​អាន​នីហ្វៃ​ទី1 6:3–6 ហើយ​សូម​គូស​បន្ទាត់​ពី​ក្រោម​គោល​បំណង​របស់​នីហ្វៃ នៅ​ក្នុង​ការ​សរសេរ​បញ្ជី​របស់​គាត់ ។ ឃ្លា​ថា « ព្រះ​នៃ​អ័ប្រាហាំ និង ព្រះ​នៃអ៊ីសាក និង ព្រះ​នៃ​យ៉ាកុប » ( ខគម្ពីរទី 4 ) គឺ​​សំដៅ​ទៅ​លើ​ព្រះយេហូវ៉ា ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ គោល​បំណង​របស់​នីហ្វៃ​គឺ​ត្រូវ​សរសេរ​បន្តដោយ​អស់​អ្នក​ដែល​សរសេរ​បន្ត​បន្ទាប់​មក ហើយ​ការសរសេរ​របស់​ពួកគេ​គឺ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ៖ គោល​បំណង​មួយ​នៃ​ព្រះ​គម្ពីរ​មរមន គឺ​ដើម្បី​​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​អំពី​របៀប​ដែល​ការ​យល់​ដឹង​អំពី​គោល​បំណង​របស់​នីហ្វៃ នៅ​ក្នុង​ការ​សរសេរ​បញ្ជី​របស់​លោក នឹង​មាន​ឥទ្ទិពល​លើ​របៀប​ដែល​អ្នក​សិក្សា​ព្រះ​គម្ពីរ​មរមន ។

រូបភាព
នីហ្វៃ​ធ្វើ​ផ្ទាំង​ទាំងឡាយ

នីហ្វៃ​ទី 1 9

នីហ្វៃ​ធ្វើ​ផ្ទាំង​ពីរ​ច្បាប់

នៅ​ក្នុង​នីហ្វៃ​ទី 1: 9 ( សូម​មើល​ជំពូក​ទី 6 ផងដែរ ) នីហ្វៃ​បាន​ពន្យល់​​ថា លោក​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​បញ្ជី​ប្រវត្តិ​ពីរ​ច្បាប់—បញ្ជី​ទាំង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្ទាំង​តូច និង ផ្ទាំង​ធំ​របស់​នីហ្វៃ ។ ផ្ទាំង​តូច​មាន​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ពិសិដ្ឋ​នៃ​ប្រជាជន​របស់​លោក—ការងារ​បម្រើ​នៃ​ពួក​ព្យាការី និង វិវរណៈ​ទាំងឡាយ​របស់​ព្រះ​អម្ចាស់—ហើយ​ផ្ទាំង​ធំ​មាន​នូវ​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​ផ្លូវ​លោកកិយ ( សូមមើល​ នីហ្វៃ 19:2–4 ) ។ នីហ្វៃ​បាន​ប្រើ​ឃ្លា​ទាំង​នេះ « ផ្ទាំង​ទាំង​នេះ » និង « ផ្ទាំង​ផ្សេង​ៗ​ទៀត » គឺ​ពោល​សំដៅ​ទី​លើ​ផ្ទាំង​ពីរច្បាប់​ដែល​ព្រះ​អម្ចាស់​បាន​បញ្ជា​លោក​ឲ្យ​ធ្វើ ។ នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក​នៅ​ត្រង់នីហ្វៃ​ទី 1 9សូម​សរសេរ​ចំណាំ​ដូច​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ចង​ចាំ​ថា ផ្ទាំង​មួយ​ណា​ដែល​នីហ្វៃ​បាន​ពោល​ដល់ ៖ « ផ្ទាំង​ទាំង​នេះ » = ផ្ទាំង​តូច ( ពិសិដ្ឋ ) « ផ្ទាំង​ផ្សេង​ទៀត » = ផ្ទាំង​ធំ ( ដែល​ទាក់​ទង​នឹង​ផ្លូវ​លោកិយ ) ។

នៅ​ពេល​អ្នក​សិក្សា​ព្រះ​គម្ពីរ​មរមន នោះ​អ្នក​នឹង​យល់​ដឹង​អំពី​មូលហេតុ​ដែល​នីហ្វៃ​បាន​រក្សា​ទុក​នូវ​ផ្ទាំង​ទាំងពីរ​ច្បាប់​នេះ ។ នីហ្វៃ​ដែល​បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​ធ្វើ​ការសង្ខេប ដែល​ជា​កំណែ​សង្ខេប​ខ្លី​នៃ​ដំណើរ​រឿង​របស់​ឪពុក​លោក ( ដែល​មាន​នៅក្នុង​ នីហ្វៃ​ទី1 1–8) នៅលើ​ផ្ទាំង​តូច ។ ប្រមាណជា 1000 ឆ្នាំ​ក្រោយ​មក ព្យាការីមរមន​ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះអម្ចាស់​ឲ្យ​ដាក់​បញ្ចូល​ផ្ទាំង​តូច​របស់​នីហ្វៃ​ជា​មួយ​នឹង​ផ្ទាំង​មាស ( សូម​មើល ពាក្យ​សំដី​នៃ​មរមន 1:7 ) ។ បុរស​ទាំង​ពីរ​នាក់​នេះ​មិន​បាន​ដឹង​ថា តើ​ហេតុ​អ្វី​ពួកគេ​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ​ទេ ( សូម​មើល ​នីហ្វៃ​ទី–9:5 ) ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​តាម​ការបង្គាប់​បញ្ជា​របស់​ព្រះអម្ចាស់ ។

  1. នៅ​ពេល​អ្នក​អាន​នីហ្វៃ​ទី1 9 នៅក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក សូម​សញ្ចឹង​គិត និង កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​អំពី​មូល​ហេតុ​សំខាន់ ដើម្បី​គោរព​តាម​ព្រះ​អម្ចាស់ បើ​ទោះ​ជា​នៅ​ពេល​ដែល​យើង​មិន​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​របស់​ទ្រង់​ក៏​ដោយ ។ ​

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​នីហ្វៃ​ទី1 5–6និង 9 ហើយ​បាន​រៀន​ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង​ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖