ថ្នាក់​សិក្ខាសាលា
មេរៀនទី 27 ៖ ថ្ងៃទី 2 នីហ្វៃទី3 24–26


មេរៀនទី 27 ៖ ថ្ងៃទី 2

នីហ្វៃទី3 24–26

សេចក្តីផ្ដើម

នៅក្នុង នីហ្វៃទី3 24–25 ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ក្នុង​ការប្រទាន​ដល់​ប្រជាជន​នូវ​ការព្យាករណ៍​មួយ​ចំនួន​របស់​ម៉ាឡាគី ។ ម៉ាឡាគី​បាន​ប្រកាស​ពី​សេចក្ដី​ត្រូវការ​របស់​វង្ស​អ៊ីស្រាអែល​ក្នុង​ការប្រែចិត្ត និង ត្រឡប់​ទៅកាន់​ព្រះអម្ចាស់​វិញ ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។ ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 26:3 ព្រះយេស៊ូវគ្រីស្ទ​បាន​ពន្យល់​ប្រាប់​ដល់​ប្រជាជន​នូវ « ការណ៍​ទាំងអស់ តាំងពី​ដំបូង​រហូត​ដល់​ពេល​ដែល​ទ្រង់​នឹង​យាង​មក​ក្នុង​សិរីល្អ​របស់​ទ្រង់ » ។ បន្ទាប់មក មរមមន​បាន​បង្រៀន​ថា អ្នក​ទាំងឡាយ​ដែល​ជឿ​លើ​ព្រះគម្ពីរ​មរមន នឹង​ទទួល​បាន​ការបើក​សម្ដែង​កាន់តែ​ធំធេង​ដល់​ពួកគេ ( សូមមើល នីហ្វៃទី3 26:9 ) ។

នីហ្វៃទី3 24:1–6

ព្រះយេស៊ូវគ្រីស្ទ​ដកស្រង់​ពាក្យ​សម្ដី​ដែល​ត្រូវបាន​ប្រទាន​ដល់​ម៉ាឡាគី ដែល​ទាក់ទង​ពី​ការយាង​មក​ជា​លើក​ទីពីរ

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

កាលដែល​ទ្រង់​បាន​មាន​បន្ទូល​រៀបរាប់​ពី​ការព្យាករណ៍​របស់​ម៉ាឡាគី​ដល់​ពួក​សាសន៍​នីហ្វៃ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​យោង​ទៅ​រូបភាព​នៃ​ភ្លើង និង ក្បុង ។ សូម​ស្រមៃ​ពី​ភ្លើង​សន្ធៅ និង ក្បុង​មួយ​ដុំ ។ គិត​អំពី​អ្វី​ដែល​របស់​ទាំងពីរ​នេះ​មាន​ដែល​ស្រដៀង​គ្នា ក្នុងន័យ​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​សុទ្ធ និង សម្អាត ។

សូមអាន នីហ្វៃទី3 24:2–3 ។ នៅក្នុង នីហ្វៃទី3 24:2 ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​ភ្លើង​របស់​ជាង​សំរង និង ក្បុង​របស់​ជាង​ប្រមោក ដោយសារ​តែ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ នៅក្នុង នីហ្វៃទី3 24:3 ទ្រង់​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​ជាង​សំរង ដែល​បន្សុទ្ធ​ប្រាក់ ។ ដើម្បី​យល់​ពី​ខ​ទាំងនេះ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ដំណើរការ​សម្រាប់​ការបន្សុទ្ធ​ប្រាក់ តម្រូវ​ឲ្យ​ជាង​សំរង​កៀប​ប្រាក់​មួយ​ដុំ​ដាក់​នៅលើ​ភ្លើង​នៅ​ផ្នែក​ដែល​ក្ដៅ​បំផុត ដើម្បី​ដុត​ចោល​នូវ​អ្វី​ដែល​មិន​សុទ្ធ ។ ជាងសំរង​ត្រូវតែ​មើល​ប្រាក់​យ៉ាង​ដិតដល់ ត្បិត​បើ​ប្រាក់​នោះ​ត្រូវ​ទុកចោល​លើ​ភ្លើង សូម្បី​តែ​យូរពេក​មួយ​ភ្លែត នោះ​វា​នឹង​ត្រូវ​ខូច ។ ជាងប្រមោក​គឺជា​មនុស្ស​ម្នាក់​ដែល​សម្អាត​សម្លៀក​បំពាក់ ឬ ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ស ដោយ​ប្រើ​ក្បុង ។ « ពួក​កូនចៅ​លេវី » ជា​ពួក​អ្នក​ដែល​កាន់​បព្វជិតភាព​នៅ​ជំនាន់​អ៊ីស្រាអែល​ពី​បុរាណ ឈ្មោះ​នេះ​អាច​អនុវត្ត​ចំពោះ​រាស្ត្រ​ទាំងអស់​នៃ​ព្រះអម្ចាស់​នៅ​សព្វ​ថ្ងៃ​នេះ ។

សូម​សញ្ជឹង​គិត ពី​អ្វី​ដែល​រូបភាព​នេះ​ប្រាប់​ថា​នឹង​កើតឡើង​នៅ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ នីហ្វៃទី3 24:2–3 អ្នក​អាច​នឹង​ចង់​សរសេរ​ថា ៖ នៅ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​បាន​បរិសុទ្ធ ។

សូមអាន នីហ្វៃទី3 24:5–6 ហើយ​រកមើល​នរណា​ដែល​នឹង​ត្រូវ​វិនាស ហើយ​នរណា​ដែល​នឹង​មិន​ត្រូវ​វិនាស ឬ បំផ្លាញ នៅពេល​នៃ​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។ ( សូម​កត់​ចំណាំ​ថា នៅក្នុង​វគ្គ​នេះ « ពួក​កូនចៅ​យ៉ាកុប » គឺជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់​នៅក្នុង​វង្ស​អ៊ីស្រាអែល ) ។ ខ​ទាំងនេះ​បង្រៀន​ពី​គោលការណ៍​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​នឹង​ជំនុំ​ជម្រះ​ពួក​ទុច្ចរិត​នៅពេល​ទ្រង់​យាង​មក ។

  1. សរសេរ​ចំណងជើង​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ អ្វី​ដែល​ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ កាលដែល​អ្នក​បន្ត​សិក្សា នីហ្វៃទី3 24–26 សូម​រាយ​នៅក្រោម​ចំណងជើង​នេះ នូវ​អ្វី​ដែល​អ្នក​រៀន ដែល​នឹង​ជួយ​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃទី3 24:7–18

ម៉ាឡាគី​បង្រៀន​វង្ស​អ៊ីស្រាអែល ពី​របៀប​ដើម្បី​ត្រឡប់​ទៅ​ព្រះអម្ចាស់​វិញ

សូម​ស្រមៃ​ថា មិត្ត​ជិតស្និត ឬ សមាជិក​គ្រួសារ​ម្នាក់ ហាក់ដូច​ជា​មិន​ខ្វល់ខ្វាយ​ថាតើ​សកម្មភាព​របស់​មនុស្ស​ម្នាក់​អាច​នឹង​ជះ​ឥទ្ធិពល​យ៉ាងណា​ដល់​គាត់ នៅក្នុង​ការជំនុំ​ជម្រះ ការយាង​មក​ជា​លើក​ទីពីរ ឬ នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច​នោះទេ ។ សូម​គិត​ពី​អ្វី ដែល​អ្នក​អាច​នឹង​និយាយ ដើម្បី​ព្យាយាម និង ជួយ​មនុស្ស​ម្នាក់​នេះ ។ សូមអាន នីហ្វៃទី3 24:7 ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ពួក​កូនចៅ​យ៉ាកុប ដែល​បាន​ចាប់ផ្ដើម​ខ្ចាត់​ព្រាត់​ចេញពី​ទ្រង់ ។ តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា ដែល​ប្រជាជន « បាន​បោះបង់​ចោល » ពិធី​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ?

នៅក្នុង​សាសនាចក្រ ពិធី​បរិសុទ្ធ​គឺជា​ពិធី​ដ៏​ពិសិដ្ឋ ជា​ផ្លូវការ​មួយ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ពិធី​បរិសុទ្ធ​ខ្លះ​គឺ​ចំាបាច់​ចំពោះ​ភាពលើក​តម្កើង​របស់​យើង ។ ពិធី​បរិសុទ្ធ​ទាំងនេះ ត្រូវបាន​ហៅ​ថា « ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ » ។ វា​រួមមាន​នូវ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ ការតែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ។ ជាមួយ​នឹង​ពិធី​បរិសុទ្ធ​នីមួយៗ​នៃ​ពិធី​បរិសុទ្ធ​ទាំងនេះ យើង​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ដ៏​មុតមាំ​ជាមួយ​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​រាយ​នូវ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ នៅ​ពីក្រោម​ចំណងជើង​នៅក្នុង​កិច្ចការ​ក្នុង​សៀវភៅ​កំណត់​ហេតុ 1 ។ សូម​គិត​អំពី​របៀប​ដែល​ពិធី​បរិសុទ្ធ​ទាំងនេះ​ជួយ​យើង​រៀបចំ​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ ។

ថ្វីបើ​រាស្ត្រ​របស់​ព្រះអម្ចាស់ បាន​វង្វេង​ចេញពី​ពិធី​បរិសុទ្ធ និង សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ក្ដី ក៏​សូម​កត់​ចំណាំ​ពី​ការសន្យា​នៅក្នុង នីហ្វៃទី3 24:7 ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​នឹង​ត្រឡប់​មក​ទ្រង់​វិញ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​ការសន្យា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​ជួយ​អ្នក​ចងចាំ​ថា ប្រសិនបើ​យើង​ត្រឡប់​មករក​ព្រះអម្ចាស់​វិញ នោះ​ទ្រង់​នឹង​ត្រឡប់​មករក​យើង​វិញ​ដែរ ។

សូមអាន នីហ្វៃទី3 24:8–10 ហើយ​រកមើល​របៀប​មួយ ដែល​ព្រះអម្ចាស់​បាន​ចង្អុល​បង្ហាញ​ថា ពួក​កូនចៅ​យ៉ាកុប​អាច​ត្រឡប់​មករក​ទ្រង់​វិញ ហើយ​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ ។ អ្នក​អាច​នឹង​ចង់​បញ្ចូល​ការបង់​ដង្វាយ​មួយ​ក្នុង​ភាគ​ដប់ និង ដង្វាយ​ផ្សេងៗ ទៅក្នុង​បញ្ជី​ដែល​នៅក្រោម​ចំណងជើង​នៅក្នុង​កិច្ចការ​ក្នុង​សៀវភៅ​កំណត់​ហេតុ 1 ។

សូមអាន​ដំបូន្មាន​តទៅ​នេះ​មកពី ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី អំពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ « យើង​អាច​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង​បាន ។ វា​មិនមែន​ជា​បញ្ហា​ខ្លាំង​ពី​រឿង​លុយ​នោះទេ វា​ជា​បញ្ហា​នៃ​សេចក្ដី​ជំនឿ » ( “Let Us Move This Work Forward” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 85 ) ។

សូម​សញ្ជឹងគិត​មួយ​ស្របក់ ថាតើ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ​ដល់​ព្រះអម្ចាស់ គឺជា​ការបង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​ចំពោះ​ទ្រង់ យ៉ាង​ដូច​ម្ដេច​ដែរ ។ សូមអាន នីហ្វៃទី3 24:10–12 ហើយ​ផ្ដោត​លើ​ពរជ័យ​ទាំងឡាយ​សម្រាប់​ពួក​អ្នក​ទាំងឡាយ​ដែល​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ពេញលេញ និង ស្មោះត្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​បាន​ទទួល​ពី​ការគោរព​ប្រតិបត្តិ​ដល់​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

    2. តើ​អ្នក​គិត​ថា ការរក្សា​បទបញ្ញត្តិ​ក្នុង​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ បាន​ជួយ​អ្នក​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​យ៉ាង​ណា​ដែរ សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ ?

ប្រជាជន​មួយ​ចំនួន​នៅ​អ៊ីស្រាអែល​ពី​បុរាណ​បាន​រអ៊ូរទាំ​ថា ការរក្សា​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ពុំ​មាន​អ្វី​ល្អ​សម្រាប់​ពួកគេ​សោះ ។ ពួកគេ​បាន​មាន​អារម្មណ៍​ថា ការប្រឹងប្រែង​របស់​គេ​ឥត​ប្រយោជន៍ ឬ គ្មាន​ន័យ ( សូមមើល នីហ្វៃទី3 24:14 ) ។ ម៉្យាងវិញ​ទៀត ពួកគេ​បាន​ឈ្លោះ​ប្រកែក​ថា ភាពឆ្មើងឆ្មៃ និង ភាពទុច្ចរិត​គឺ « សប្បាយ » « បានតាំង​ឡើង » ហើយ​ក៏ « រួចខ្លួន » ( នីហ្វៃទី3 24:15 ) ។ និយាយ​ម៉្យាង​ទៀត​គឺ ប្រជាជន​នេះ​បាន​តវ៉ា​ថា ភាពទុច្ចរិត​គឺ​ល្អ​ជាង​ភាពសុចរិត ។ ព្រះអម្ចាស់​បាន​ឆ្លើយតប​ទៅកាន់​ការរអ៊ូរទាំ​ទាំងនេះ ដោយ​មាន​បន្ទូល​ថា អ្នក​ទាំងឡាយ​ដែល​កោតខ្លាច​ដល់​ព្រះអម្ចាស់ ហើយ​គិត​ដល់​ព្រះនាម​ទ្រង់ ហើយ​ពួក​អ្នក​ដែល​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​និយាយ​នឹង​គ្នា​ទៅវិញ​ទៅមក នឹង​ឃើញ​ថា​ឈ្មោះ​របស់​គេ​ត្រូវបាន​សរសេរ​នៅក្នុង « សៀវភៅ​រំឭក » ( នីហ្វៃទី3 24:16 ) ។ ពួកគេ​នឹង​ជា​ពួកអ្នក​ដែល​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ហើយ​ត្រូវបាន​ប្រណី ទុក​ជា « របស់ » ផងទ្រង់ ( សូមមើល នីហ្វៃទី3 24:16–17 ) ។ ព្រះអម្ចាស់​បាន​អញ្ជើញ​ពួក​អ្នក​ដែល​រអ៊ូរទាំ ឲ្យ​ចាំ​មើល​លទ្ធផល​ចុងក្រោយ ពេលដែល​ពួកគេ​អាច « ត្រឡប់​មក ហើយ​ចេះ​វែកញែក​រវាង​សេចក្ដី​សុចរិត និង សេចក្ដី​អាក្រក់ » ( នីហ្វៃទី3 24:18 ) ។ ពួកគេ​នឹង​ឃើញ​ថា ពួក​សុចរិត​គឺ​ល្អជាង​ឆ្ងាយ​ណាស់ នៅ​ទីបញ្ចប់ ។

នីហ្វៃទី3 25

ព្រះយេស៊ូវគ្រីស្ទ​ដកស្រង់​ការព្យាករណ៍​របស់​ម៉ាឡាគី ដែល​ថា​អេលីយ៉ា​នឹង​ត្រឡប់​មក​វិញ ពីមុន​ការយាង​មក​ជា​លើក​ទីពីរ

រូបភាព
អេលីយ៉ា​ស្ដារ​ឡើងវិញ​នូវ​កូនសោ​នៃ​អំណាច​បព្វជិតភាព​នៃ​ការផ្សារភ្ជាប់

សូមអាន នីហ្វៃទី3 25:1–3 ហើយ​រកមើល​ថា ហេតុអ្វី​ការយាង​មក​ជា​លើក​ទីពីរ​គឺជា​ពរជ័យ​ដល់​ពួក​អ្នក​ដែល​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ ពាក្យ​ឫស នៅក្នុង​ខ 1 សំដៅ​ដល់​ពួក​ដូនតា ហើយ​ពាក្យ​មែក សំដៅ​ដល់​ពួក​កូនចៅ ។ ដូច្នេះ នៅ​ជីវិត​បន្ទាប់​ទៀត ពួក​ទុច្ចរិត​នឹង​ពុំ​បាន​រីករាយ​ជាមួយ​នឹង​ពរជ័យ​នៃ​ការបាន​ផ្សារភ្ជាប់​ទៅនឹង​ដូនតា ឬ កូនចៅ​របស់​ពួកគេ​នោះទេ ។ កូនគោ​ដែល « លោត​កញ្ឆោង … ចេញពី​ក្រោល » គឺជា​និមិត្ត​សញ្ញា​សម្រាប់​ពួក​កូនចៅ​ដែល​ត្រូវបាន​ការពារ ថែរក្សា និង មាន​អ្វីៗ​ទាំងអស់​ដែល​ចាំបាច់​ដល់​ពួកគេ កាលដែល​ពួកគេ​ធំឡើង ។

ព្រះអង្គ​សង្គ្រោះ​បាន​ចែកចាយ​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ ពី​អ្វី​ដែល​ម៉ាឡាគី​បាន​សរសេរ អំពី​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​កើតឡើង​មុន​ការយាង​មក​ជា​លើក​ទីពីរ ហើយ​ដែល​នឹង​ទាក់ទង​នឹង​អេលីយ៉ា ជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ សូមអាន នីហ្វៃទី3 25:5–6 ហើយ​រកមើល​អ្វី​ដែល​ម៉ាឡាគី​បាន​បង្រៀន​ថា អេលីយ៉ា​នឹង​ធ្វើ ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​របស់​ព្រះអម្ចាស់ ។

ការវិល​ត្រឡប់​របស់​អេលីយ៉ា​មកដល់​ផែនដី គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ នៅ​ថ្ងៃទី 3 ខែ មេសា ឆ្នាំ 1836 អេលីយ៉ា​បាន​លេចមក​ជួប​នឹង យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដែល​ទើប​បាន​ឧទ្ទិស​ឆ្លង​ថ្មីៗ ( សូមមើល គ. និង ស. 110 ) ។ លោក​បានប្រគល់​ដល់​ពួកលោក​នូវ​អំណាច​បព្វជិតភាព​នៃ​ការផ្សារភ្ជាប់ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​អាច​បាន​ផ្សារភ្ជាប់​ទូទាំង​តំណរ ។ តើ​អ្នក​គិត​ថា សេចក្ដី​ថ្លែង​ដែល​ថា « លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មកឯ​កូន និង ចិត្ត​កូន​មកឯ​ឪពុក​វិញ » ( នីហ្វៃទី3 25:6 ) មានន័យ​យ៉ាងណា ?

ខ​ទាំងនេះ​បង្រៀន​ថា ពេលដែល​ចិត្ត​យើង​បង្វែរ​ទៅ​ឪពុក​យើង នោះ​យើង​កំពុង​ជួយ​រៀបចំ​ផែនដី​នេះ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​បទពិសោធន៍​មួយ​ដែល​អ្នក ឬ សមាជិក​គ្រួសារ​អ្នក​បាន​មាន ដែល​បាន​ជួយ​អ្នក​ឲ្យ​បង្វែរ​ចិត្ត​អ្នក​ទៅឯ​ជីដូន​ជីតា​អ្នក ។ ការណ៍​នេះ​អាច​រួម​មាន ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ស្រាវជ្រាវ​ពង្សប្រវត្តិ ឬ ចូលរួម​ក្នុង​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ បើ​អ្នក​ពុំ​អាច​គិត​ពី​បទពិសោធន៍​មួយ​ទេ សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ អំពី​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការចូលរួម​ក្នុង​កិច្ចការ​នេះ ។ ( នៅ​ខាងក្រោម​កិច្ចការ​ក្នុង​សៀវភៅ​កំណត់​ហេតុ 1 អ្នក​អាច​នឹង​ចង់​សរសេរ​ថា ៖ ការទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ខ្លួន​អ្នក និង គ្រួសារ​អ្នក ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ការប្រមូល​ព័ត៌មាន​ពង្សប្រវត្តិ ) ។

នីហ្វៃទី3 26

អ្វីៗ​ដែល​ត្រូវតែ​ធ្វើ ដើម្បី​ទទួល​បាន​នូវ​ការណ៍​ដ៏​ធំ​លើសលែង​ទៅទៀត ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​សម្ដែង

យើង​រៀន​ចេញពី នីហ្វៃទី3 26:3 ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ពី « ការណ៍​ទាំងអស់​ដែល​កើតឡើង​នៅលើ​ផ្ទៃ​ផែនដី​នេះ » ។ សូមអាន នីហ្វៃទី3 26:6–8 រកមើល​ថាតើ​ទេសនកថា​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​កត់ត្រា​ទុក​បាន​ប៉ុណ្ណា នៅក្នុង​ព្រះគម្ពីរ​មរមន ។ សូម​សិក្សា នីហ្វៃទី3 26:9–11 ដើម្បី​រកមើល​ពី​មូលហេតុ​ដែល​មរមន ពុំ​បាន​បញ្ចូល​អ្វីៗ​គ្រប់​យ៉ាង ។

ព្រះអម្ចាស់​បាន​ណែនាំ​ដល់​មរមន​ឲ្យ​បញ្ចូល​តែ​មួយ​ផ្នែក​តូច​នៃ​ការបង្រៀន​ទាំងនោះ ដើម្បី​សាកល្បង​សេចក្ដី​ជំនឿ​របស់​យើង ។ ចេញពី នីហ្វៃទី3 26:1–21 យើង​រៀន​ថា ពេល​យើង​ជឿ​លើ​អ្វី​ដែល​ព្រះ​បាន​បើក​សម្ដែង នោះ​យើង​រៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​នូវ​វិវរណៈ​ដែល​កាន់តែ​អស្ចារ្យ​ទៅទៀត ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ការជឿ​លើ​សេចក្ដី​ពិត​ដែល​យើង​បាន​ទទួល​រួចហើយ​នោះ គឺជា​ការចាំបាច់ មុនពេល​ដែល​យើង​ទទួល​សេចក្ដី​ពិត​បន្ថែម​ទៀត ? ( សូមមើល អាលម៉ា 12:9–11 ) ។ តើ​អាច​បង្ហាញ​បាន​ដោយ​របៀប​ណា​ថា យើង​ជឿ​លើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង ?

  1. ដើម្បី​អនុវត្ត​នូវ​គោលការណ៍​ដែល​មាន​ជា​អក្សរ​ដិត​ខាងលើ សូម​ឆ្លើយតប​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​នៅក្នុង​ជីវិត​អ្នក ដើម្បី​បង្ហាញ​ពី​ការជឿ​របស់​អ្នក​ទៅលើ​ព្រះគម្ពីរ​មរមរន ?

ដូច​មាន​កត់ត្រា​នៅក្នុង​អ្វី​ដែល​នៅសល់​ក្នុង នីហ្វៃទី3 26 មរមន​បាន​សង្ខេប​ពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ និង ឥទ្ធិពល​នៃ​ការបម្រើ​នោះ​ទៅលើ​ពួក​សាសន៍​នីហ្វៃ ។ សូមអាន នីហ្វៃទី3 26:13–21 ហើយ​ពិចារណា​ក្នុង​ការគូស​ចំណាំ​ពី​របៀប​ដែល​ប្រជាជន​អនុវត្ត​ទៅតាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 24–26 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖