ថ្នាក់​សិក្ខាសាលា
ម៉ូសាយ


សេចក្តី​ណែនាំ​មក​កាន់គម្ពីរ​ម៉ូសាយ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ក្នុង​ការសិក្សា​របស់​អ្នក​អំពី​គម្ពីរ​ម៉ូសាយ អ្នក​នឹង​អាន​ទីបន្ទាល់​ដ៏​មាន​អំណាច​នៃ​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។អ្នក​ក៏​នឹង​រៀន​អំពី​មនុស្ស​ដែល​ព្រះអម្ចាស់​រំដោះ​ចេញពី​សេវកភាព​នៃ​អំពើបាប ឬ ពី​ការគាប​សង្កត់​ខាង​រាងកាយ ។លើស​ពី​នេះ​ទៀត អ្នក​នឹង​រៀន​ពី​របៀប​ដែល​កិច្ចប្រឹងប្រែង​សុចរិត​នៃ​បុគ្គល​ម្នាក់ៗ​ដូចជា​ស្តេច បេនយ៉ាមីន អ័ប៊ីណាដៃ និង អាលម៉ា បាន​នាំ​មកនូវ​ពរជ័យ​ដ៏​ច្រើន​មហិមា​ដល់​មនុស្ស​ដទៃ ។តែ​ផ្ទុយទោវិញ អ្នក​នឹង​ឃើញ​ពី​របៀប​ដែល​ជម្រើស​មិនល្អ​របស់​បុគ្គល​ម្នាក់ៗ​ដូចជា ស៊ីនិព្វ និង កូនប្រុស​របស់​លោក​គឺ ស្តេច ណូអេ បាន​នាំមក​នូវ​លទ្ធផល​អវិជ្ជមាន​ដល់​ខ្លួន​ពួកគេ និង ប្រជាជន​របស់​ពួកគេ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​ចងក្រង និង បាន​សង្ខេប​បញ្ជី​ទាំងឡាយ​របស់​អ្នក​សរសេរ​ដទៃ​មួយ​ចំនួន​ទៀត​ដើម្បើ​បង្កើត​គម្ពីរ​ម៉ូសាយ ។គម្ពីរ​នេះ​មាន​ឈ្មោះ​ថា​ម៉ូសាយ ដែល​ជា​កូនប្រុស​របស់​ស្តេច​បេនយ៉ាមីន ។ម៉ូសាយ​ជា​ព្យាការី អ្នក​មើល​ឆុត អ្នក​ទទួល​វិវរណៈ និង ជា​ស្តេច​ម្នាក់​ដែល​គ្រប់គ្រង​ក្នុង​ដែនដី​សារ៉ាហិមឡាចាប់ពី​ប្រមាណ​ជា​ឆ្នាំ 124 ទៅ​ឆ្នាំ 91 មុន.គ.ស. ។លោក​ត្រូវបាន​ដាក់​ឈ្មោះ​តាម​តា​របស់​លោក គឺ​ម៉ូសាយ ដែល​ជា​ស្តេច​ម្នាក់​ក្នុង​ដែនដី​សារ៉ាហិមឡា​ផងដែរ ( សូម​មើលអោមណៃ 1:12–13, 19 ) ។

មរមន​បាន​ដកស្រង់​ចេញពី​បញ្ជី​ជាច្រើន​ដើម្បី​ចងក្រង​គម្ពីរ​ម៉ូសាយ ។លោក​បាន​សង្ខេប និង ដកស្រង់​ពី​បញ្ជី​ដែល​ថែរក្សា​ដោយ​ម៉ូសាយ​នៅលើ​ផ្ទាំង​ធំ​នៃ​នីហ្វៃ ដែល​រៀបរាប់​ពិស្តារ​ពី​ប្រវត្តិ​របស់​ពួកសាសន៍​នីហ្វៃ​ក្នុង​ដែនដី​សារ៉ាហិមឡា ( សូម​មើលម៉ូសាយ 1–7, 25–29 )។លោក​ក៏​បាន​ដកស្រង់​បញ្ជី​របស់​ស៊ីនិព្វ ដែល​រៀបរាប់​ប្រាប់​អំពី​ប្រវត្តិ​នៃ​ប្រជាជន​ស៊ីនិព្វ​ចាប់ពី​សម័យ​ដែល​ពួកគេ​បាន​ចាកចេញ​ពី​ក្រុង​សារ៉ាហិមឡា​រហូត​ដល់​ពេល​ពួកគេ​បាន​ត្រឡប់​មកវិញ ( សូម​មើលម៉ូសាយ 7–22 )។លើស​ពី​នេះ​ទៀត លោក​មរមន​បាន​ដកស្រង់ និង បាន​សង្ខេប​ផ្នែក​ទាំងឡាយ​នៃ​ការសរសេរ​របស់​អាលម៉ា ដែល​បាន​រក្សា​ទុក​ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ ( សូមមើលម៉ូសាយ 17:4 ) និង បាន​ថែរក្សា​បញ្ជី​នៃ​ប្រជាជន​របស់​លោក​ផ្ទាល់ ( សូម​មើលម៉ូសាយ 18, 23–24 ) ។

តើ​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ?

បញ្ជី​ដើម​ទាំងឡាយ​ដែល​បាន​ប្រើប្រាស់​ជា​ធនធាន​សម្រាប់​គម្ពីរ​ម៉ូសាយ​ទំនង​ជា​ត្រូវ​បាន​សរសេរ​នៅ​ចន្លោះ​ឆ្នាំ 200 មុន.គ.ស.និង ឆ្នាំ 91 មុន.គ.ស. ។មរមន​បាន​សង្ខេប​បញ្ជី​ទាំង​នេះ​នៅពេល​ណាមួយ​ចន្លោះ ឆ្នាំ345 ដល់​ឆ្នាំ 385 ម.គ. ។មរមន​មិន​បាន​កត់ត្រា​កន្លែង​ដែល​លោក​នៅ​នោះ​ទេ នៅពេល​លោក​ចងក្រង​បញ្ជី​នេះ​ទេ ។