ថ្នាក់​សិក្ខាសាលា
មេរៀនទី 25 ៖ ថ្ងៃទី 1 នីហ្វៃទី3 11:18–3 នីហ្វៃទី 12


មេរៀនទី 25 ៖ ថ្ងៃទី 1

នីហ្វៃទី3 11:18–12:48

សេចក្តីផ្ដើម

បន្ទាប់ពី​ប្រជាជន​ដែល​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ បាន​ប៉ះ​ស្នាម​របួស​នៅ​ចំហៀង ព្រះហស្ដ និង ព្រះបាទ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ផ្ទាល់​ហើយ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​នីហ្វៃ និង អ្នក​ផ្សេងទៀត​នូវ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក ។ ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ប្រជាជន​ឲ្យ​ចៀសវាង​ពី​ការទាស់ទែងគ្នា ហើយ​បាន​សន្យា​ថា ពួក​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​តាម​ដំណឹងល្អ នឹង​បាន​គ្រង​នគរ​ព្រះ​ជា​មរតក ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគេ​ផងដែរ ពី​របៀប​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង បាន​ណែនាំ​ពួកគេ​ឲ្យ​ជះ​ឥទ្ធិពល​ល្អ​ដល់​អ្នក​ផ្សេងទៀត ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា ទ្រង់​បាន​បំពេញ​ក្រិត្យវិន័យ​លោក​ម៉ូសេ ហើយ​ទ្រង់​បាន​ប្រទាន​ដល់​ប្រជាជន​នូវ​ក្រិត្យវិន័យ​ដែល​ខ្ពស់​ជាង ដើម្បី​រៀបចំ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ និង ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

នីហ្វៃទី3 11:18–30

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​នីហ្វៃ និង អ្នក​ផ្សេងទៀត​នូវ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង ជំទាស់​នឹង​ការឈ្លោះ​ទាស់ទែងគ្នា

តើ​អ្នក​នឹកឃើញ​ឡើងវិញ​ពី​គំនិត និង អារម្មណ៍​របស់​អ្នក ពេលដែល​អ្នក​បាន​រៀបចំ​សម្រាប់​បុណ្យ​ជ្រមុជទឹក​របស់​អ្នក​ដែរ​ឬ​ទេ ឬ តើ​អ្នក​ធ្លាប់​បាន​មើល​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​ម្នាក់​រៀបចំ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​ដែរ​ឬ​ទេ ? មនុស្ស​ជាច្រើន​មាន​សំណួរ​ដូចជា « តើ​នរណា​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ខ្ញុំ​បាន ? » និង « តើ​ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ត្រូវបាន​ធ្វើ​ឡើង​របៀប​ណា ? » សូម​ពិចារណា ថាតើ​អ្នក​នឹង​ឆ្លើយ​សំណួរ​ទាំងនោះ​យ៉ាងណា ។

ពេល​សិក្សា​ពី នីហ្វៃទី3 11:1–17 អ្នក​បានរៀន​អំពី​ការបង្ហាញ​អង្គ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់ « ប្រជាជន​នីហ្វៃ​បាន​មក​រួម​ប្រជុំ នៅ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​លើ​ដែនដី​បរិបូរណ៍ » ( នីហ្វៃទី3 11:1 ) ។ ប្រជាជន​ទាំងនេះ បាន​ប៉ះ​ស្នាម​របួស​របស់​ទ្រង់ ហើយ​បានក្លាយ​ជា​សាក្សី​ផ្ទាល់​ពី​ដំណើរ​រស់ឡើង​វិញ និង ទេវភាព​របស់​ទ្រង់ ។ ភ្លាមៗ​ក្រោយពី​បទពិសោធន៍​នេះ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកគេ​អំពី​បុណ្យ​ជ្រមុជទឹក រួមទាំង​នរណា​ដែល​អាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង របៀប​ដែល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវបាន​ធ្វើ​ឡើង ។

សូមអាន នីហ្វៃទី3 11:18–22, 24–25 ហើយ​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ថា « តើ​នរណា​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ខ្ញុំ​បាន ? »

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 11 ចេញពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល និង បាន​ធ្វើ យើង​រៀន​ថា ៖ បុណ្យ​ជ្រមុជ​ទឹក​ត្រូវតែ​បាន​ធ្វើ​ឡើង ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច​ត្រឹមត្រូវ ។ វិវរណៈ​សម័យ​ទំនើប​ស្រាយ​បំភ្លឺ​ថា បុណ្យ​ជ្រមុជ​ទឹក អាច​ធ្វើឡើង​បាន​មានតែ​ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​តំណែង​ជា​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន ( សូមមើល គ. និង ស. 20:46 ) ឬ ដោយ​អ្នក​ដែល​មាន​បព្វជិតភាព​មិលគីស្សាដែក​ប៉ុណ្ណោះ ( សូមមើល គ. និង ស. 20:38–39; 107:10–11 ) ។ បន្ថែម​ទៀត គាត់​ត្រូវតែ​ធ្វើ​នៅក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ ដែល​កាន់​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់ ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ពិធី​បរិសុទ្ធ​នោះ ( ដូចជា ប៊ីស្សព ប្រធាន​សាខា ប្រធាន​បេសកកម្ម ឬ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ) ។

សូមអាន នីហ្វៃទី3 11:23–27 ហើយ​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​នេះ « តើ​ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ត្រូវបាន​ធ្វើ​ឡើង​របៀប​ណា ? »

រូបភាព
ពិធី​បុណ្យ​ជ្រមុជ​ទឹក
  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា បុណ្យ​ជ្រមុជ​ទឹក​ត្រូវតែ​បាន​ធ្វើឡើង​ក្នុង​របៀប​ដែល​បាន​កំណត់​ដោយ​ព្រះអម្ចាស់ ។ តើ​អ្វី​កើតឡើង ប្រសិនបើ​ពាក្យពេចន៍​នៃ​ពិធី​បរិសុទ្ធ​បុណ្យ​ជ្រមុជ​ទឹក មិន​ត្រូវបាន​និយាយ​ដោយ​ត្រឹមត្រូវ ឬ បើ​មនុស្ស​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មិន​ត្រូវបាន​ជ្រមុជ​ទៅក្នុង​ទឹក​ទាំងស្រុង​ទេ​នោះ ?

  2. សូម​ឆ្លើយ​បណ្ដុំ​សំណួរ​មួយ ឬ ច្រើន​ជាង​នោះ ចេញពី​ពី​បណ្ដុំ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ចងចាំ​អ្វី​ខ្លះ អំពី​មូលហេតុ​ដែល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ? តើ​នរណា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក ? តើ​អ្នក​មាន​អាយុ​ប៉ុន្មាន ? តើ​អ្នក​បាន​មាន​អារម្មណ៍​បែបណា ពេល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក ? តើ​វា​មានន័យ​យ៉ាងណា​ចំពោះ​អ្នក ដែល​ត្រូវបាន​ជ្រមុជទឹក​ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច​ត្រឹមត្រូវ និង នៅក្នុង​របៀប​ដែល​ត្រូវបាន​កំណត់​ដោយ​ព្រះអម្ចាស់​នោះ ?

    2. តើ​អ្នក​បានឃើញ​នរណា​ម្នាក់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅពេល​ថ្មីៗ​នេះ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ?

    3. ប្រសិនបើ​អ្នក​កាន់​តំណែង​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន តើ​អ្នក​មាន​អារម្មណ៍​បែបណា ដែល​អ្នក​មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ? ប្រសិន​បើ​អក​មាន​ឱកាស​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​នរណា​ម្នាក់ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ហើយនិង​រៀន​អ្វី អំឡុងពេល​ទទួល​បទពិសោធន៍​នោះ ?

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 11:28–30 ព្រះអម្ចាស់​បាន​ទូន្មាន​ប្រជាជន​កុំឲ្យ​មាន​ការប្រកែក​គ្នា ឬ ទាស់ទែង ( ឈ្លោះ ) គ្នា​ទៅវិញ​ទៅមក អំពី​បុណ្យ​ជ្រមុជ​ទឹក ឬ ចំណុច​ផ្សេងៗ​ទៀត​នៃ​គោលលទ្ធិ ។ ទ្រង់​បាន​បង្រៀន​ថា ការទាស់ទែង​គ្នា​គឺជា​របស់​ផង​អារក្ស ហើយ​ត្រូវ​លះបង់​ចោលវិញ ។

នីហ្វៃទី3 11:31–41

ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​ពី​គោលលទ្ធិ​របស់​ទ្រង់

សូម​គិត​អំពី​អ្វី​មួយ ដែល​អ្នក​បានធ្វើ​ថ្ងៃនេះ ( សកម្មភាព​មួយ ) ដែល​ចេញ​ជា​លទ្ធផល​វិជ្ជមាន​មួយ ។ សូម​សរសេរ​សកម្មភាព និង លទ្ធផល នៅលើ​ផ្នែក​ត្រឹមត្រូវ​នៃ​បន្ទាត់​ខាងក្រោម​នេះ ។ បន្ទាប់មក សូម​គិត​ពី​អ្វី​មួយ​ដែល​អ្នក​បាន​ធ្វើ​ថ្ងៃនេះ ដែល​ចេញ​ជា​លទ្ធផល​អវិជ្ជមាន​មួយ ។

រូបភាព
ព្រួញ

ទំនាក់ទំនង​នៃ​សកម្មភាព​ទៅកាន់​លទ្ធផល ពេលខ្លះ​ត្រូវបាន​ហៅថា ក្រិត្យវិន័យ​នៃ​ការច្រូតកាត់ ។ វិវរណៈ​សម័យ​ទំនើប​ពិពណ៌នា​តាម​របៀប​នេះ​ថា ៖ « ពូជ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ព្រោះ​ចុះ នោះ​នឹង​ច្រូតបាន​ពូជ​នោះ​ឯង » ( គ. និង ស. 6:33 ) ។

សូមអាន នីហ្វៃទី3 11:31 ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រកាស​ទៅដល់​ប្រជាជាន ។

  1. ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 11:32–39 ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រកាស​ពី​គោលលទ្ធិ​របស់​ទ្រង់ « ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់ [ ទ្រង់ ] » ( នីហ្វៃទី3 11:32 ) ។ សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ចូលទៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អាន​ខគម្ពីរ​យោង ហើយ​រកមើល​សកម្មភាព និង លទ្ធផល​ទាំងឡាយ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន ដែល​ទាក់ទង​នឹង​គោលលទ្ធិ​របស់​ទ្រង់ ។ កត់ត្រា​អ្វី​ដែល​អ្នក​រកឃើញ​ទៅក្នុង​តារាង​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    សកម្មភាព

    លទ្ធផល

    នីហ្វៃទី3 11:32–34

    នីហ្វៃទី3 11:35–36

    នីហ្វៃទី3 11:37–38

    នីហ្វៃទី3 11:39–40

យោងតាម​តារាង​របស់​អ្នក តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា សកម្មភាព​សំខាន់ៗ​អ្វីខ្លះ​ដែល​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​ត្រូវតែ​ធ្វើ ដើម្បី​ចូល​ក្នុង​នគរ​ស្ថានសួគ៌ ?

អ្នក​អាច​បាន​កត់ចំណាំ​ថា នីហ្វៃទី3 11:32 ថ្លែង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិត​ពី​ពេល​ថ្មីៗ​បំផុត​នេះ ពេលដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​ទីបន្ទាល់​ដល់​អ្នក ពី​ភាពពិត និង សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃទី3 12:1–16

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ពួក​បណ្ដាជន​អំពី​ពរជ័យ​ទាំងឡាយ ដែល​យើង​ទទួល​ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ

រូបភាព
ព្រះយេស៊ូវ​បង្រៀន​នៅ​អឌ្ឍគោល​ភាគ​ខាងលិច

សូម​បំពេញ​លំហាត់​ត្រូវ-ខុស​ខាងក្រោម ដោយ​គូស​រង្វង់​ចម្លើយ​ខាងក្រោម​នេះ ៖

  • ព្រះវរបិតា​ចង់​ឲ្យ​យើង​បាន​ឥតខ្ចោះ ។

  • យើង​ត្រូវតែ​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ ដើម្បី​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល ។

  • យើង​អាច​ក្លាយ​ជា​ឥតខ្ចោះ​បាន ។

ជា​ដំបូង សូមអាន នីហ្វៃទី3 12:48 ដើម្បី​ជួយ​ផ្ទៀតផ្ទាត់​ចម្លើយ​របស់​អ្នក ។ ( នេះ​ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

រូបភាព
អែលឌើរ រ័សុល អិម. ណិលសុន

តើ​វា​អាច​ទៅ​រួច​ដោយ​របៀបណា ដើម្បី​បាន​ឥតខ្ចោះ​នោះ ? អែលឌើរ រ័សុល អិម. ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ដូច​តទៅ​នេះ អំពី​បទបញ្ញត្តិ​ដែល​ឲ្យ​បាន​ល្អ​ឥតខ្ចោះ ៖ « យើង​មិន​ចាំបាច់​ស្រងាក​ចិត្ត​ទេ ប្រសិនបើ​ការខិតខំ​ប្រឹងប្រែង​ដ៏​ស្មោះ​អស់ពី​ចិត្ត​របស់​យើង ហាក់ដូច​ជា​តឹងតែង​ក្រៃលែង [ ពិបាក ] ហើយ​ដូចជា​គ្មាន​ទីបញ្ចប់​នោះ ។ ភាពឥតខ្ចោះ​គឺ​នៅរង់ចាំ​ការសម្រេច ។ វា​អាច​បានមក​ពេញលេញ មានតែ​បន្ទាប់​ពី​ដំណើរ​រស់​ឡើងវិញ និង តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ វា​រង់ចាំ​ពួក​អ្នក​ទាំងអស់​ណា​ដែល​ស្រឡាញ់​ទ្រង់ និង រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ » ( “Perfection Pending” Ensign ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 88 ) ។

សូម​សញ្ជឹងគិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ភាពឥតខ្ជោះ​បាន​មក « មានតែ​តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ » មានន័យ​យ៉ាងណា ?

សូម​ក្រឡេក​មើល​ទៅ​លំហាត់​ខុស-ត្រូវ ដែល​អ្នក​ទើប​បាន​ធ្វើ ហើយ​ធ្វើ​ការផ្លាស់ប្ដូរ​ចម្លើយ​របស់​អ្នក ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បានរៀន​ចេញពី នីហ្វៃទី3 12:48 និង សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ណិលសុន ។

ការបង្រៀន​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង នីហ្វៃទី3 12–14 ជួនកាល​សំដៅ​ដល់ « ទេសនកថា​នៅ​ព្រះវិហារ​បរិសុទ្ធ » ដោយសារ​ការបង្រៀន​ទាំងនោះ​ប្រហាក់​ប្រហែល​គ្នា ហើយ​ជាញឹកញាប់ បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ទេសនកថា​នៅលើ​ភ្នំ​ដ៏​ល្បីល្បាញ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ាថាយ 5–7 ) ។ ប្រធាន ហារ៉ូល ប៊ី. លី បាន​បង្រៀន​ថា « នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ​របស់​ទ្រង់ លោកគ្រូ​បាន​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​ជា​វិវរណៈ​នៃ​ចរិត​លក្ខណៈ​របស់​ទ្រង់​ផ្ទាល់ ដែល​ល្អ​ឥតខ្ចោះ ឬ អ្វី​ដែល​អាច​និយាយ​បាន​ថា​ជា ‹ រឿង​ដែល​អ្នក​និពន្ធ​សរសេរ​ពី​ជីវិត​ខ្លួនឯង ពិតណាស់​គឺ​គ្រប់​ព្យាង្គ​ដែល​គាត់​បាន​សរសរ › ហើយ​ដោយ​ការធ្វើ​ដូច្នោះ បាន​ផ្ដល់​ដល់​យើង​នូវ​ប្លង់​សម្រាប់​ជីវិត​យើង​ផ្ទាល់ » ( Decisions for Successful Living [1973] ទំព័រ 56 ) ។ ពេល​អ្នក​សិក្សា នីហ្វៃទី3 12–14 សូម​រកមើល​របៀប​ទាំងឡាយ​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​ព្យាយាម​ធ្វើ ដើម្បី​បាន​ឥតខ្ចោះ ។

ដូច​នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ​ដែរ ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​ទេសនកថា​របស់​ទ្រង់​ទៅកាន់​ពួក​សាសន៍​នីហ្វៃ ជាមួយ​នឹង​ភាពក្សេមក្សាន្ត​មួយ​ចំនួន—ដោយ​ការប្រកាស​នូវ​ស្ថានភាព​ដ៏​មាន​ពរជ័យ និង អំណរ របស់​ពួក​អ្នក​ដែល​ស្មោះត្រង់ ( សូមមើល នីហ្វៃទី3 12:1–12 ) ។ ពេល​អ្នក​អាន​វា សូម​រកមើល​លក្ខណៈ​ណាខ្លះ ដែល​ព្រះអង្គ​សង្គ្រោះ​ទទូច​ឲ្យ​យើង​អភិវឌ្ឍ​ឡើង ហើយ​ពរជ័យ​អ្វីខ្លះ ដែល​ទ្រង់​សន្យា​ថា​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការធ្វើ​ដូច្នោះ ។ ពេល​អ្នក​អាន អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​លក្ខណៈ​ទាំងនេះ និង ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា សេចក្ដី​កំសត់​ខាង​វិញ្ញាណនីហ្វៃទី3 12:3 ) មានន័យ​ថា​បន្ទាបខ្លួន និង ពឹងផ្អែក​លើ​ព្រះអម្ចាស់ យំសោកនីហ្វៃទី3 12:4 ) សំដៅ​ដល់​អារម្មណ៍​សោកសៅ​ដោយព្រោះ​អំពើ​បាប​របស់​យើង ដែល​ដឹកនាំ​ទៅកាន់​ការប្រែចិត្ត និង ស្លូតត្រង់នីហ្វៃទី3 12:5 ) អាច​មានន័យ​ថា បន្ទាបខ្លួន និង ស្លូតបូត ចុះចូល​នឹង​ព្រះបំណង​របស់​ព្រះ ឬ អត់ធ្មត់​នៅក្នុង​ការស៊ូទ្រាំ​ដោយ​មិន​មាន​ការស្រពន់​ចិត្ត ។

  1. សូម​រកមើល​លក្ខណៈ​មួយ​ដែល​អ្នក​ទើបតែ​បាន​អាន ដែល​អ្នក​កំពុង​ព្យាយាម ឬ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​កំពុង​ទទួល​បាន ឬ សង្ឃឹម​ថា​នឹង​ទទួល​បាន ពេល​អ្នក​អភិវឌ្ឍ​នូវ​លក្ខណៈ​នោះ ។

ចេញពី​សេចក្ដី​ពិត​ទាំងឡាយ​នៅក្នុង នីហ្វៃទី3 12:1–12 យើង​រៀន​ថា បើ​យើង​រស់នៅ​ទៅតាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ទទួល​ពរជ័យ និង រៀបចំ​ដើម្បី​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌ ។ ពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​ក៏​ជា​គំរូ ឬ ជា​ពន្លឺ​ដល់​ពិភពលោក​ផងដែរ ( សូម​មើល នីហ្វៃទី3 12:14–16 ) ។

នីហ្វៃទី3 12:17–48

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​បណ្ដាជន​ពី​ក្រិត្យវិន័យ​ដែល​ខ្ពស់​ជាង ដែល​នឹង​ជួយ​ពួកគេ​ក្លាយ​ដូច​ជា​ទ្រង់ និង ព្រះវរបិតាសួគ៌

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ពី​របៀប​មករក​ទ្រង់ ដោយ​ការប្រែចិត្ត និង ការគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូម​មើល នីហ្វៃទី3 12:19–20 ) ។ នៅក្នុង​អ្វី​ដែល​នៅ​សេសសល់​ក្នុង នីហ្វៃទី3 12 ទ្រង់​បាន​មាន​បន្ទូល​ដល់​ផ្នែក​នានា​នៃ​ក្រិត្យវិន័យ​របស់​លោក​ម៉ូសេ ហើយ​បន្ទាប់​មក​បាន​បង្រៀន​ពី​ក្រិត្យវិន័យ​ដែល​ខ្ពស់​ជាង ។ ទ្រង់​បាន​ណែនាំ​ពី​ផ្នែក​នានា​នៃ​ក្រិត្យវិន័យ​របស់​លោក​ម៉ូសេ ជាមួយ​នឹង​ឃ្លា​ទាំងឡាយ​ដូចជា « បានឮ​សេចក្ដី​ដែល​មនុស្ស​ពី​បុរាណ​បាន​ថ្លែង » ឬ « បាន​ចែង​ទុក » ។ បន្ទាប់មក​ទ្រង់​បាន​ណែនាំ​ពី​ក្រិត្យវិន័យ​ថ្មី និង ដែល​ខ្ពស់​ជាង ដែល​ទ្រង់​ចង់​ឲ្យ​យើង​រស់នៅ​តាម​នៅ​សព្វថ្ងៃ​នេះ ដោយ​ប្រើ​ឃ្លា​ថា « យើង​ប្រាប់​អ្នក​រាល់​គ្នា … » ។

  1. សូម​អាន​ខគម្ពីរ​យោង​ខាងក្រោម​នេះ ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​ឥរិយាបទ​ទាំងឡាយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា នឹង​នាំ​ទៅរក​ភាពឥតខ្ចោះ ៖

    1. នីហ្វៃទី3 12:21–22 ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា ពាក្យ​អាចោរម្សៀត គឺជា​ពាក្យ​ប្រមាថ​មួយ​ដែល​បង្ហាញ​ពី​ការមើល​ងាយ ការមិន​ចូលចិត្ត​ដោយ​បើក​ចំហរ ឬ ការស្អប់ ។

    2. នីហ្វៃទី3 12:23–24 ។ សូម​ប្រើ​លេខ​យោង 24 ដើម្បី​ជួយ​រកមើល​ពី​អត្ថន័យ​នៃ​ការផ្សះផ្សា​ជាមួយ​នឹង​នរណា​ម្នាក់ ។

    3. នីហ្វៃទី3 12:25 ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា « ចូរ​អ្នករាល់​គ្នា​ព្រមព្រៀង​ជាមួយ​នឹង​អ្នក​ដើមចោទ​អ្នក​ជា​ប្រញាប់ » សំដៅ​ដល់​ការដោះស្រាយ​ទំនាស់​ជាមួយ​អ្នក​ផ្សេងទៀត​ឲ្យ​ប្រញាប់ ហើយ​កុំ​ទុក​ឲ្យ​វា​ទៅ​ជា​ក​ខ្ទុះ​ឡើង ហើយ​ក្លាយ​ទៅជា​បញ្ហា​កាន់តែ​ធំ ។ អែលឌើរ ដាវីឌ អ៊ី. សូរិនសិន ខណៈ​កំពុង​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិប បាន​បង្រៀន​ថា « គ្មាន​ទីកន្លែង​ណា​ដែល​គោលការណ៍​នេះ​អនុវត្ត​ច្រើន​ជាង​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង​នោះទេ » ( “Forgiveness Will Change Bitterness to Love” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 11 ) ។

    4. នីហ្វៃទី3 12:27–30 ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា តម្រេក​សម្រើប​ចង់បាន សំដៅ​ដល់​បំណង​ប្រាថ្នា​ដែល​មិន​សមរម្យ អាក្រក់ និង អាត្មា​និយម ។

    5. នីហ្វៃទី3 12:38–42 ។

    6. នីហ្វៃទី3 12:43–45 ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ចេញពី​ខ​ទាំងនេះ​ដែល​នៅក្នុង នីហ្វៃទី3 12 គឺ ៖ ពេល​យើង​មករក​ព្រះគ្រីស្ទ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ និង ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​ទ្រង់​ឥតខ្ចោះ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត

ដោយ​យើង​នឹង​មិន​ទៅដល់​ភាពឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ នោះ​ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ថា យើង​ត្រូវតែ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ទៅរក​ភាពឥតខ្ចោះ​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​អាច​ទទួល​បាន​វា​នៅក្នុង​ជីវិត​បន្ទាប់​ទៀត ៖ « ភាពឥតខ្ចោះ​គឺជា​គោលដៅ​ដ៏​អស់កល្ប​មួយ ។ ខណៈដែល​យើង​ពុំអាច​បាន​ឥតខ្ចោះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ នោះ​ការព្យាយាម​ដើម្បី​បាន​វា គឺជា​បទបញ្ញត្តិ​មួយ ដែល​នៅ​ទីបំផុត​យើង​អាច​គោរព​បាន តាមរយៈ​ដង្វាយធួន » ( “This Is Our Day” Ensign ខែ ឧសភា ឆ្នាំ 1999 ទំព័រ 19 ) ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—នីហ្វៃទី3 12:48

  1. មើល​ថាបើ​អ្នក​អាច​ទន្ទេញ នីហ្វៃទី3 12:48 ចាំ​បាន​ឥតខ្ចោះ ។ សូម​សរសេរ​ខគម្ពីរ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពេលដែល​អ្នក​គិត​ថា​អ្នក​បាន​ទន្ទេញ​វា​ចាំ​ហើយ ។

សូម​ចងចាំ​ថា ព្រះអម្ចាស់​ពុំ​បាន​រំពឹង​យើង​ឲ្យ​ក្លាយ​ជា​ឥតខ្ចោះ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ក្នុង​អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​នោះទេ ប៉ុន្តែ​កាលដែល​យើង​ព្យាយាម​ធ្វើ​តាម​ទ្រង់ ហើយ​ទទួល​នូវ​ពរជ័យ​នៃ​ដង្វាយធួន នោះ​យើង​អាច​ក្លាយជា​ឥតខ្ចោះ​នៅ​ទីបំផុត ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 11:18–12:48 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖