ថ្នាក់​សិក្ខាសាលា
មេរៀនទី 22 ៖ ថ្ងែទី 1 ហេលេមិន 1–2


មេរៀនទី 22 ៖ ថ្ងៃទី 1

ហេលេមិន 1–2

សេចក្តីផ្ដើម

បន្ទាប់ពី​ពេហូរ៉ាន​ជា​មេចៅក្រម​បាន​ស្លាប់​ទៅ មាន​នូវ​ការទាស់ទែង​ជា​ខ្លាំង​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ អំពី​ថាតើ​កូនប្រុស​ណាមួយ​របស់​លោក—ពេហូរ៉ាន ពេអានកៃ និង ពេគូមេណៃ—ដែល​គួរ​ក្លាយ​ជា​មេចៅក្រម​ថ្មី ។ ពេហូរ៉ាន​ត្រូវបាន​ជ្រើសតាំង​ដោយ​ប្រជាជន​ជា​មេចៅក្រម​ថ្មី ។ អ្នក​ដើរ​តាម​ម្នាក់​របស់​ពេអានកៃ ជា​បុរស​ម្នាក់​ឈ្មោះ​គិសគូមេន ដែល​ជា​អ្នក​នៅក្នុង​ក្រុម​សម្ងាត់ បាន​ធ្វើឃាត​ពេហូរ៉ាន ហើយ​បន្ទាប់មក ពេគូមេណៃ​ត្រូវបាន​តែងតាំង​ជា​មេចៅក្រម ។ ដោយ​ទាញ​យក​ប្រៀប​ពី​ការទាស់ទែង និង ការបែកខ្ញែក​នេះ នោះ​ពួក​សាសន៍​លេមិន​អាច​វាយ​ដណ្ដើម​បាន​ទីក្រុង​សារ៉ាហិមឡា ជា​រដ្ឋធានី​របស់​សាសន៍​នីហ្វៃ ហើយ​សម្លាប់​ពេគូមេណៃ ។ មរ៉ូណៃហា​ដែល​ជា​មេបញ្ជាការ​របស់​សាសន៍​នីហ្វៃ ដណ្ដើម​បាន​ទីក្រុង​សារ៉ាហិមឡា​មកវិញ ហើយ​ហេលេមិន​ត្រូវបាន​តែងតាំង​ជា​មេចៅក្រម ។ គិសគូមេន​ត្រូវ​ប្រហារ​ជីវិត ពេល​ដែល​ព្យាយាម​សម្លាប់​ហេលេមិន ហើយ​កាឌីអានតុន​បានក្លាយ​ជា​អ្នក​ដឹកនាំ​របស់​ក្រុម​សម្ងាត់​នោះ ។

ហេលេមិន 1

ការទាស់ទែង​គ្នា​លើ​បញ្ហា​ថា​នរណា​ជា​មេចៅក្រម ធ្វើ​ឲ្យ​ពួក​សាសន៍​លេមិន​វាយ​យក​បាន​ទីក្រុង​សារ៉ាហិមឡា ដែល​ជា​រដ្ឋធានី​របស់​ពួក​សាសន៍​នីហ្វៃ

សូម​គិត​ពី​ពេល​ចុង​ក្រោយ​បំផុត ដែល​អ្នក​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់ ឬ បានឃើញ​អ្នក​ផ្សេង​ទៀត​មាន​ជម្លោះ ។ តើ​ការទាស់ទែង​គ្នា​បែបនេះ​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ ? ពេល​អ្នក​សិក្សា ហេលេមិន 1 សូម​រកមើល​បញ្ហា​ទាំងឡាយ​ដែល​កើតមក​ពី​ការទាស់ទែង​គ្នា​ក្នុង​ពួក​សាសន៍​នីហ្វៃ ហើយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ចេញពី​បទពិសោធន៍​របស់​ពួកគេ ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​នៅក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ ៖

  • ហេលេមិន 1:1–4 តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការទាស់ទែង​គ្នា និង ការបែកខ្ញែក​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ?

  • ហេលេមិន 1:5–8 តើ​នរណា​ដែល​ត្រូវបាន​តែងតាំង​ជា​មេចៅក្រម ? តើ​បងប្អូន​ប្រុស​ពីរ​នាក់​របស់​មេចៅក្រម​ថ្មី​បាន​មាន​ប្រតិកម្ម​យ៉ាងណា ?

  • ហេលេមិន 1:9–12 តើ​គិសគូមេន​បាន​ធ្វើ​អ្វី ហើយ​សេចក្ដី​សញ្ញា​អ្វី​ដែល​គិសគូមេន និង ក្រុម​សម្ងាត់​របស់​វា​បាន​ធ្វើ​ជាមួយ​គ្នា ?

អំឡុង​ពេល​នៃ​ការទាស់ទែងគ្នា​ក្នុង​ចំណោម​សាសន៍​នីហ្វៃ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ​កូរីអានទុមមើរ បាន​ដឹកនាំ​ពួក​សាសន៍​លេមិន​ច្បាំង​ទាស់​នឹង​ទីក្រុង​សារ៉ាហិមឡា ។ សូម​អាន ហេលេមិន 1:18–22 ហើយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​លេមិន​អាច​ធ្វើ​បាន ពេល​ដែល​ពួក​សាសន៍​នីហ្វៃ​មាន​ការទាស់ទែង​គ្នា ។

សេចក្ដី​ពិត​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ដំណើរ​រឿង​នេះ​គឺ ៖ ការទាស់ទែង​គ្នា​នាំឲ្យ​មាន​ការបែកបាក់​គ្នា ហើយ​ធ្វើ​ឲ្យ​យើង​រងគ្រោះ​ធ្លាក់​ក្នុង​ឥទ្ធិពល​របស់​មារសត្រូវ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ ហេលេមិន 1:18 ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​យល់​ច្បាស់​ពី​គោលការណ៍​នេះ សូម​ឆ្លើយ​នូវ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យុវនារី​ម្នាក់​ឈ្លោះ​ប្រកែក​ជាមួយ​ឪពុក​ម្ដាយ​នាង​អំពី​មិត្ត​នាង ។ តើ​ការទាស់ទែង​គ្នា​នេះ​អាច​ប៉ះពាល់​ដល់​អាកប្បកិរិយា​របស់​នាង​យ៉ាង​ណា ចំពោះ​ការស្ដាប់​ដល់​ដំបូន្មាន​ឪពុក​ម្ដាយ​នាង​ពី​ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​ជីវិត​នាង ?

    2. យុវជន​ម្នាក់​មាន​អារម្មណ៍​ខឹង​ចំពោះ​មនុស្ស​ម្នាក់​នៅក្នុង​កូរ៉ុម​បព្វជិតភាព​របស់​គាត់ ។ តើ​ការទាស់ទែង​នេះ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​គាត់​ប្រព្រឹត្ត​នៅ​ព្រះវិហារ​យ៉ាងណា​ដែរ ?

    3. សូម​គិត​ពី​ផ្នែក​មួយ​នៅក្នុង​ជីវិត​អ្នក ដែល​អ្នក​មាន​អារម្មណ៍​ថា មាន​នូវ​ការទាស់ទែង​គ្នា​រវាង​អ្នក និង មនុស្ស​ផ្សេង​ទៀត ។ តើ​មាន​អ្វី​មួយ​ជាក់លាក់​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​កំចាត់​ចោល​នូវ​ការទាស់ទែង​នៅក្នុង​ជីវិត​អ្នក ? តើ​អ្នក​អាច​សម្រេច​ការណ៍​នេះ​បាន​ដោយ​របៀប​ណា ?

ហេលេមិន 1:22–30 កត់ត្រា​ថា បន្ទាប់ពី​ពួក​សាសន៍​លេមិន​វាយ​យក​បាន​ទីក្រុង​សារ៉ាហិមឡា​ហើយ ពួកគេ​បាន​ចាប់ផ្ដើម​ទៅ​ទីក្រុង​បរិបូរណ៍​ភ្លាមៗ ដើម្បី​វាយ​យក​ទីក្រុង​នោះ​ថែម​ទៀត ។ ពលទ័ព​របស់​នីហ្វៃ​មាន​លទ្ធភាព​ហ៊ុំព័ទ្ធ​ពួក​សាសន៍​លេមិន ហើយ​យកឈ្នះ​ពួកគេ ។ ពួក​សាសន៍​លេមិន​ជាច្រើន​ត្រូវ​សម្លាប់ ហើយ​ពួក​អ្នក​ដែល​សុំ​ចុះចាញ់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ដែនដី​របស់​គេ​វិញ ។

ហេលេមិន 2

ហេលេមិន​ក្លាយ​ជា​មេចៅក្រម ហើយ​អ្នក​បម្រើ​របស់​លោក​ការពារ​មិន​ឲ្យ​ពួក​ក្រុម​សម្ងាត់​យក​ជីវិត​លោក ។

មុនពេល​អ្នក​សិក្សា ហេលេមិន 2 សូម​គិត​អំពី​របៀប​យុវនារី ឬ យុវជន​ដ៏​ស្មោះត្រង់​ម្នាក់ នឹង​ព្យាយាម​ដោះស្រាយ​កំហុស ឬ អំពើ​បាប​មួយ ។ តើ​គេ​នឹង​ព្យាយាម​ដើម្បី​លាក់បាំង​វា ឬ ស្វែងរក​ការអត់ទោស​ពី​ព្រះអម្ចាស់ និង ពី​សំណាក់​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ឲ្យ​ឈឺចាប់ ?

បន្ទាប់ពី​គិសគូមេន​បាន​ធ្វើ​ឃាត​ពេហូរ៉ាន​ហើយ វា និង សមាជិក​នៃ​ក្រុម​សម្ងាត់​របស់​វា​បាន​សន្យា​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ថា ពួកវា​នឹង​មិនដែល​ប្រាប់​នរណា​ឡើយ ថា​នរណា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នោះ ។ សូម​អាន ហេលេមិន 2:3–4 ហើយ​យកចិត្ត​ទុកដាក់​លើ​ឃ្លា « បាន​ចុះ​សេចក្ដី​សញ្ញា​មួយ​ថា ពុំ​ឲ្យ​នរណា​ម្នាក់​ដឹង​នូវ​អំពើ​ទុច្ចរិត​របស់​វា​ឡើយ » ។ បន្ទាប់មក​សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 58:43 ហើយ​រកមើល​ថាតើ​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​របៀប​ណា ពេល​យើង​បានធ្វើ​អ្វី​ដែល​ខុស ។

  1. ផ្អែក​លើ​ការសិក្សា​របស់​អ្នក​ពី ហេលេមិន 2:3–4 និង គោលលទ្ធិ និង សេចក្ដី​សញ្ញា 58:43 សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​ភាពខុសគ្នា រវាង​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ ប្រសិនបើ​យើង​ធ្វើ​អំពើ​បាប​មួយ និង របៀប​ដែល​គិសគូមេន និង អ្នក​ដើរ​តាម​វា​បាន​ធ្វើ ។

ហេលេមិន​បានក្លាយ​ជា​មេចៅក្រម​ថ្មី បន្ទាប់ពី​ការស្លាប់​របស់​ពេហូរ៉ាន ហើយ​បន្ទាប់មក​គិសគូមេន និង ក្រុម​សម្ងាត់​របស់​វា​បាន​សម្រេច​ចិត្ត​ថា​សម្លាប់​ហេលេមិន​ផងដែរ ។ មាន​បុរស​ម្នាក់​ឈ្មោះ​កាឌីអានតុន បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​នៃ​ក្រុម​សម្ងាត់​នៅពេល​នោះ ។ សូម​អាន ហេលេមិន 2:2–9 ហើយ​សរសេរ​នៅក្នុង​ចន្លោះ​ខាងក្រោម ពី​របៀប​ដែល​គិសគូមេន​ត្រូវ​បាន​សម្លាប់ ៖

សូមអាន ហេលេមិន 2:10–14 ហើយ​រកមើល​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​បក្សពួក​ចោរប្លន់​កាឌីអានតុន ។ មរមន​បាន​ព្រមាន​ថា ក្រុម​សម្ងាត់​ដូចជា​បក្សពួក​ចោរប្លន់​កាឌីអានតុន ដែល​ត្រូវបាន​ហៅ​ថា « បក្សព័ន្ធ​សម្ងាត់ » ( សូម​មើល​ឧទាហរណ៍​នៅ ហេលេមិន 3:23 ) នឹង​បណ្ដាល​ឲ្យ​មាន​ការបំផ្លិច​បំផ្លាញ​ដល់​ប្រជាជន​នីហ្វៃ​នៅ​ទីបំផុត ។ ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ពីមុនៗ ក៏​បាន​ព្រមាន​ទាស់​នឹង​ការចូលរួម​នឹង​បក្សព័ន្ធ​សម្ងាត់​ផងដែរ ( សូម​មើល នីហ្វៃទី2 26:22; អាលម៉ា 1:12 ) ។ ព្រះគម្ពីរ​មរមន​បង្រៀន​ពី​គោលការណ៍​នេះ ៖ បក្សព័ន្ធ​សម្ងាត់​អាច​នាំឲ្យ​មាន​ការបំផ្លិច​បំផ្លាញ​ដល់​សង្គម ។

អែលឌើរ អិម. រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​បក្សព័ន្ធ​សម្ងាត់​នៅ​សម័យ​នេះ ។ ពេល​អ្នក​អាន​ការព្រមាន​របស់​លោក សូម​គូស​ចំណាំ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឈរ​ទាស់​នឹង​បក្សព័ន្ធ​សម្ងាត់ ។

រូបភាព
អែលឌើរ អិម. រ័សុល បាឡឺដ

« ព្រះគម្ពីរ​មរមន​បង្រៀន​ថា បក្សព័ន្ឋ​សម្ងាត់​ទាក់ទិន​នឹង​បទឧក្រិដ្ឋ ធ្វើ​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ មិន​ត្រឹមតែ​ចំពោះ​បុគ្គល​ម្នាក់ៗ និង ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ប្រជាជាតិ​ទាំងមូល ។ ក្នុង​ចំណោម​បក្សព័ន្ឋ​សម្ងាត់​បច្ចុប្បន្ន គឺ​ក្រុម​ក្មេង​ពាល ការជួញ​ដូរ​គ្រឿង​ញៀន និង ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​បង្កើត​ឡើង ។ បក្សព័ន្ឋ​សម្ងាត់​ក្នុង​សម័យ​យើង​សព្វថ្ងៃ មាន​មុខងារ​ដូចគ្នា​ខ្លាំងណាស់​ទៅនឹង​ពួក​ចោរ​កាឌីអានតុន​នៃ​សម័យកាល​ព្រះគម្ពីរ​មរមន ។ … ក្នុង​ចំណោម​គោលបំណង​របស់​វា​គឺ​ដើម្បី ‹ ធ្វើ​ឃាត និង ប្លន់ និង លួច និង ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ និង អំពើ​ទុច្ចរិត​គ្រប់បែប​យ៉ាង ដែល​ផ្ទុយ​នឹង​ក្រិត្យវិន័យ​នៃ​ប្រទេស​ខ្លួន និង ក្រិត្យវិន័យ​នៃ​ព្រះ​របស់​គេ​ផង › [ ហេលេមិន 6:23 ] ។

« បើសិនជា​យើង​មិន​បាន​ប្រុង​ប្រយត្ន័​ទេ នោះ​បក្សព័ន្ធ​សម្ងាត់​សព្វថ្ងៃ​នេះ​អាច​មាន​អំណាច និង ឥទ្ធិពល​យ៉ាង​លឿន និង ពេញលេញ​ដូច​ដែល​ពួកវា​បានធ្វើ​នៅក្នុង​សម័យ​កាល​ព្រះគម្ពីរ​មរមន​ដូច្នោះ​ដែរ ។ …

« ព្រះគម្ពីរ​មរមន​បង្រៀន​ថា អារក្ស​គឺជា ‹ អ្នក​និពន្ធ​អំពើ​បាប​ទាំងអស់ › ហើយ​ជា​អ្នក​បង្កើត​បក្សព័ន្ធ​សម្ងាត់​ទាំងនេះ [ ហេលេមិន 6:30 ] ។ … គោលបំណង​របស់​វា​គឺ​ដើម្បី​បំផ្លាញ​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ និង ជាតិសាសន៍​ទាំងឡាយ [ សូម​មើល នីហ្វៃទី2 9:9 ] ។ ដល់​កម្រិត​មួយ វា​បាន​ទទួល​ជោគជ័យ​នៅ​អំឡុង​សម័យកាល​ព្រះគម្ពីរ​មរមន ។ ហើយ​វា​កំពុង​មាន​ជោគជ័យ​យ៉ាង​ខ្លាំង​លើសលប់​នៅ​សព្វថ្ងៃ​នេះ ។ នោះ​ជា​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​យើង … ក្នុង​ការឈរ​យ៉ាង​រឹងមាំ​សម្រាប់​សេចក្ដី​ពិត និង ត្រឹមត្រូវ ដោយ​ការធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ថែ​រក្សា​សហគមន៍​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព ។

« … [ យើង​អាច ] ‹ ឈរ​ជា​សាក្សី​ដល់​ព្រះ › ដោយ​ការធ្វើ​ជា​គំរូ រក្សា​បទដ្ឋាន​របស់​សាសនាចក្រ និង ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​ពួក​អ្នក​នៅ​ជុំវិញ​យើង [ សូម​មើល ម៉ូសាយ 18:9 ] » ( ”Standing for Truth and Right” Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 38 ) ។

សូម​គិត​ពី​របៀប​មួយ ឬ ច្រើន​ជាង​នោះ ដែល​អ្នក​អាច​អនុវត្ត​នូវ​ការបង្រៀន​របស់ អែលឌើរ បាឡឺដ ក្នុង​ការឈរ​សម្រាប់​សេចក្ដី​ពិត និង ត្រឹមត្រូវ​នៅក្នុង​សហគមន៍ និង ប្រទេស​របស់​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 1–2 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖