ថ្នាក់​សិក្ខាសាលា
មេរៀនទី 19 ៖ ថ្ងៃទី 2 អាលម៉ា 36


មេរៀនទី 19 ៖ ថ្ងៃទី 2

អាលម៉ា 36

សេចក្តីផ្ដើម

បន្ទាប់ពី​អាលម៉ា​បាន​ត្រឡប់​ពី​បេសកកម្ម​ទៅកាន់​ពួក​សាសន៍​សូរាំ​របស់​លោក​វិញ លោក​បាន​ប្រមូល​កូនប្រុស​ទាំងបី​របស់​លោក ហើយ​បាន​ផ្ដល់​ដំបូន្មាន​ដល់​ពួកគេ​ម្នាក់ៗ​ដោយ​ឡែក​ពី​គ្នា ( សូមមើល អាលម៉ា 35:16 ) ។ ដំបូន្មាន​របស់​លោក​ទៅកាន់​ហេលេមិន មាន​កត់ត្រា​នៅក្នុង អាលម៉ា 36–37 ដំបូន្មាន​របស់​លោក​ទៅកាន់​ស៊ិបឡុន មាន​កត់ត្រា​នៅក្នុង អាលម៉ា 38 ដំបូន្មាន​របស់​លោក​ទៅកាន់​កូរីអានតុន មាន​កត់ត្រា​នៅក្នុង អាលម៉ា 39–42 ។ អាលម៉ា​បាន​ធ្វើ​ទីបន្ទាល់​ដល់​ហេលេមិន​ថា ព្រះ​នឹង​ដោះលែង​ពួក​អ្នក​ដែល​ដាក់​សេចក្ដី​ទុកចិត្ត​លើ​ទ្រង់ ។ ដើម្បី​បង្ហាញ​ពី​សេចក្ដី​ពិត​នេះ អាលម៉ា​បាន​ពិពណ៌នា​ពី​របៀប​ដែល​លោក​ត្រូវបាន​ដោះលែង​ពី​ការឈឺចាប់​នៃ​អំពើបាប​របស់​លោក ជាច្រើន​ឆ្នាំ​មុន ។ បន្ទាប់​ពី​ការអំពាវនា​ដល់​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ លោក​បានកើត​ពី​ព្រះ ហើយ​បាន​ពេញ​ដោយ​សេចក្ដី​អំណរ ។ បន្ទាប់​មក​លោក​បាន​ធ្វើ​កិច្ចការ​ដើម្បី​នាំ​អ្នក​ដទៃទៀត​មកកាន់​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា 36:1–5

អាលម៉ា​បង្រៀន​ហេលេមិន ជា​កូនប្រុស​លោក អំពី​អំណាច​នៃ​ព្រះ​ក្នុង​ការគាំទ្រ​យើង​ក្នុង​ការលំបាក​របស់​យើង ។

សូម​សញ្ជឹង​គិត ថាតើ​ទីបន្ទាល់ ឬ ការបង្រៀន​ជាក់លាក់​មួយ​របស់​សមាជិក​គ្រួសារ មិត្តភក្ដិ ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់ បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក​តាម​របៀប​ណា​ខ្លះ ។

សូមអាន អាលម៉ា 36:1–5 ហើយ​ស្រមៃ​ថា ខ្លួន​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​ហេលេមិន ពេល​ដែល​លោក​បាន​ស្ដាប់​ដល់​ទីបន្ទាល់​របស់​ឪពុក​លោក ។ តើ​មាន​អ្វីខ្លះ ​ដែល​អាលម៉ា​ចង់​ឲ្យ​ហេលេមិន​ចងចាំ ? ( សូមមើល ខ 2 ) ។ តើ​មាន​អ្វី​ខ្លះ ដែល​អាលម៉ា​ចង់​ឲ្យ​ហេលេមិន​រៀន​ពី​លោក ? ( សូមមើល ខ 3 ) ។

សូម​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អាលម៉ា 36:3 ៖ ពេល​យើង​ដាក់​ការទុកចិត្ត​របស់​យើង​លើ​ព្រះ នោះ​ទ្រង់​គាំទ្រ​យើង​នៅក្នុង​គ្រប់​ការលំបាក និង សេចក្ដី​វេទនា​របស់​យើង ។ សូម​គិត​ពី​ពេល​មួយ ​ដែល​អ្នក​មាន​ការលំបាក​មួយ​ក្នុង​ជីវិត​អ្នក ។ នៅក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ​នេះ សូម​សរសេរ​របៀប​ពីរបីយ៉ាង​ ដែល​ព្រះ​បាន​ជួយ និង គាំទ្រ​អ្នក​ក្នុង​គ្រា​នោះ ។

អាលម៉ា 36:6–22

អាលម៉ា​ពិពណ៌នា​ពី​ការបះបោរ​របស់​លោក ហើយ​ពន្យល់​ពី​របៀប​ដែល​លោក​បាន​ទទួល​ការអត់ទោស

រូបភាព
ការប្រែចិត្ត​ជឿ​របស់​អាលម៉ា

អាលម៉ា​ពិពណ៌នា​ដល់​ហេលេមិន កូនប្រុស​លោក ពី​របៀប​ដែល​ព្រះ​បាន​ដោះលែង​លោក​ចេញពី​ភាពឈឺចាប់​នៃ​អំពើ​បាប​ទាំងឡាយ​របស់​លោក ។ សូមអាន អាលម៉ា 36:6–10 ហើយ​រំឭក​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អាលម៉ា​ក្នុង​យុវវ័យ​របស់​លោក ពេល​លោក​បាន​ទៅ​ជាមួយ​នឹង​ពួក​បុត្រា​នៃ​ម៉ូសាយ ព្យាយាម​បំផ្លាញ​សាសនាចក្រ ។

នៅក្នុង​ព្រះគម្ពីរ​មរមន មាន​ដំណើរ​រឿងចំនួន​​បី​អំពី​ទេវតា​លេច​មក​ជួប​អាលម៉ា និង ពួក​បុត្រា​នៃ​ម៉ូសាយ ។ អាលម៉ា 36 រួមមាន​ដំណើររឿង​ពិស្ដារ​បំផុត ពី​អ្វី​ដែល​អាលម៉ា​បាន​មាន​បទពិសោធន៍ អំឡុង​ពេល​បី​ថ្ងៃ និង បី​យប់ ដែល​លោក​ពុំ​អាច​កម្រើក ឬ និយាយ​បាន ។ ( ដើម្បី​អាន​ដំណើរ​រឿង​ផ្សេងទៀត សូមមើល ម៉ូសាយ 27 និង អាលម៉ា 38 ) ។ សូមអាន អាលម៉ា 36:11–16 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​អាលម៉ា​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​សេចក្ដី​ភ័យខ្លាច ឬ ការឈឺចាប់​ដែល​លោក​បាន​មាន​បទពិសោធន៍ បន្ទាប់​ពី​ទេវតា​បាន​លេច​មក​ជួប ។

ប្រធាន ប៊យដ៏ ឃេ. ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ ត្រូវញាំញី និង ត្រូវកើតទុក្ខ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ត្រូវញាំញី មានន័យ​ថា ‹ ទារុណកម្ម › ។ នៅ​ជំនាន់​បុរាណ ឧបករណ៍ធ្វើ​ទារុណកម្ម​ គឺជា​គ្រោង​មួយ​ដែល​គេ​ចង​កជើង និង កដៃ​របស់​ជនរងគ្រោះ​ទៅនឹង​ប្រដាប់​រវៃ​មួយ ដែលពេល​រវៃទៅ​ធ្វើ​​ឲ្យគៀបយ៉ាង​ឈឺចាប់​ ដែល​មិន​អាចទ្រាំ​បាន ។

« រនាស់​គឺ​ជា​គ្រោង​មួយ​ដែល​មាន​ចម្រុងជាច្រើន ។ ពេល​អូស​កាត់​ដី វា​​រាស់​ដីឡើង ។ ជាញឹកញាប់​ព្រះគម្ពីរ​និយាយ​ពី​ព្រលឹង និង គំនិត ដែល ‹ ត្រូវកើតទុក្ខ › ដោយ​កំហុស » ( “The Touch of the Master’s Hand” Ensign ឧសភា 2001 ទំព័រ 23 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​គំនិត​របស់​អ្នក ពី​មូលហេតុ​ដែល​អាលម៉ា​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ ដើម្បី​ពិពណ៌នា​ពី​អារម្មណ៍​របស់​លោក ។ សូម​សរសេរ​ផងដែរ ថាតើ​ពាក្យ​ទាំងនេះ​ពិពណ៌នា​ពី​កំហុស និង ការឈឺចាប់​របស់​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​អំពើ​បាប ហើយ​ពុំ​បាន​ប្រែចិត្ត​យ៉ាងណា​ដែរ ។

អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ពិត​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អាលម៉ា 36:11–16 ៖ អំពើ​បាប​អាច​នាំ​ទៅកាន់​ការឈឺចាប់ និង ការសោកស្ដាយ ។

សូមអាន អាលម៉ា 36:17–18 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ចងចាំ​ពី​ឪពុក​របស់​លោក​ព្យាករ ។ សូម​កត់ចំណាំ​ពី​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ ពេល​លោក​បាន​ចងចាំ​ពី​អ្វី​ដែល​ឪពុក​លោក​បាន​បង្រៀន​លោក ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ការយល់ដឹង​ដ៏​ជ្រាលជ្រៅ​ដូច​តទៅ​នេះ​ពី​បទពិសោធន៍​របស់​អាលម៉ា ៖ « អាលម៉ា​បាន​រំជួល​ចិត្ត​ដោយ​ការបង្រៀន​របស់​ឪពុក​លោក ប៉ុន្តែ​វា​សំខាន់​ខ្លាំងណាស់​ថា ការព្យាករណ៍​ដែល​លោក​បាន​ចងចាំ​នោះ គឺ​ជា​ការព្យាករណ៍​មួយ​អំពី ‹ ការយាង​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​នៃ​មនុស្សលោក › ។ ( អាលម៉ា 36:17 ) ។ នោះ​គឺជា​ព្រះនាម ហើយ​នោះ​គឺជា​សារដំណឹង​ដែល​មនុស្ស​គ្រប់​រូប​ត្រូវតែ​បាន​ឮ ។ អាលម៉ា​បាន​ឮ​វា ហើយ​លោក​បាន​ស្រែកចេញមក​ពី​ការថប់​បារម្ភ​នៃ​ស្ថាន​នរក ដែល​កំពុង​ឆេះ​សន្ធោ​សន្ធៅ និង មនសិការ​មួយ ដែល​នឹង​មិន​ជា​សះស្បើយ ។ ‹ ឱ​ព្រះយេស៊ូវ​អើយ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ សូម​ព្រះអង្គ​មាន​សេចក្ដី​មេត្តា​ករុណា​មកលើ​ទូលបង្គំ​ផង › ។ ( អាលម៉ា 36:18 ) ។ … មិនថា​ការអធិស្ឋាន​ផ្សេងទៀត​ណា​ក៏​ដោយ​ ដែល​យើង​អធិស្ឋាន មិនថា​សេចក្ដី​ត្រូវការ​ផ្សេងណាទៀត​​ដែល​យើង​ត្រូវការ ទាំងអស់​គឺ​ផ្អែកលើ​ការអង្វរ​កនោះ ៖ ‹ ឱ​ព្រះយេស៊ូវ​អើយ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ សូម​ព្រះអង្គ​មាន​សេចក្ដី​មេត្តា​ករុណា​មកលើ​ទូលបង្គំ​ផង › ។ ទ្រង់​បាន​រៀបចំ​ដើម្បី​ប្រទាន​សេចក្ដី​មេត្តា​ករុណា​នោះ ។ ទ្រង់​បាន​ប្រទាន​ជីវិត​ទ្រង់​ផ្ទាល់​ ដើម្បី​ផ្ដល់​សេចក្ដី​មេត្តា​ករុណា​នោះ » ( However Long and Hard the Road [1985] ទំព័រ 85 ) ។

  1. សូម​គិត​ត្រឡប់​ថយក្រោយ ពី​ពេល​មួយ​ដែល​អ្នក​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​ពរជ័យ​នៃ​ការអត់ទោស​ចំពោះ​អំពើ​បាប ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​សុំ​ដល់​ព្រះអម្ចាស់​នូវ​ពរជ័យ​នៃ​ដង្វាយធួន​នៅ​ក្នុង​ជីវិត​អ្នក ។

  2. សូមអាន អាលម៉ា 36:19–22 ហើយ​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​អាលម៉ា​បាន​ផ្លាស់ប្ដូរ បន្ទាប់ពី​លោក​បាន​អធិស្ឋាន​សុំ​សេចក្ដី​មេត្តា​ករុណា​ហើយ ។ សូម​សរសេរ​ពាក្យ និង ឃ្លា​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​ពន្យល់​ពី​អ្វី​ដែល​ពាក្យ និង ឃ្លា​ទាំងនេះ​បង្រៀន​អ្នក​អំពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ

ចេញពី​បទគម្ពីរ​ទាំងនេះ យើង​រៀន​ពី​គោលការណ៍​នេះ ៖ បើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ដោះលែង​យើង​ចេញពី​សេចក្ដី​ឈឺចាប់​នៃ​អំពើ​បាប​របស់​យើង ហើយ​បំពេញ​ដល់​យើង​នូវ​សេចក្ដី​អំណរ ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​ថែមទៀត​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​អ្នក​អាច​បាន​ការដោះលែង​ពី​អារម្មណ៍​នៃ​ការឈឺចាប់ ឬ វិប្បដិសារី​ចំពោះ​អំពើ​បាប​របស់​អ្នក ដូចជា​អាលម៉ា​ដែរ​នោះ ។

សូមអាន​ស្ថានភាព​ដូច​តទៅ​នេះ ហើយ​ពិចារណា​ថាតើ​អ្នក​អាច​នឹង​ឆ្លើយ​ដោយ​របៀបណា ៖ បើ​មាន​មិត្ត​ម្នាក់​ដែល​កំពុង​អាន​ព្រះគម្ពីរ​មរមន មក​សុំ​ជំនួយ​អ្នក ដើម្បី​យល់​ពាក្យ​សម្ដី​របស់​អាលម៉ា​នៅក្នុង អាលម៉ា 36:19 ។ មិត្ត​របស់​អ្នក​សួរ​ថា « បើ​ខ្ញុំ​អាច​ចងចាំ​អំពើ​បាប​របស់​ខ្ញុំ ហើយ​នៅតែ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​វា តើ​វា​មានន័យ​ថា​ខ្ញុំ​ពុំ​ត្រូវបាន​អត់ទោស​ទេ មែនទេ ? »

សូម​អាន​ការពន្យល់​ខាងក្រោម​នេះ​ពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈ​ប្រធាន​ទីមួយ ហើយ​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​ណា​ក៏​ដោយ ដែល​អ្នក​ជឿ​ថា​នឹង​ជួយ​ដល់​មិត្ត​អ្នក ៖

« សាតាំង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា អំពើ​បាប​របស់​យើង​មិន​ត្រូវបាន​អត់ទោស​ទេ ដោយសារ​យើង​អាច​ចាំ​វា ។ សាតាំង​ជា​មេកុហក វា​ព្យាយាម​ធ្វើ​ឲ្យ​ទស្សនៈ​របស់​យើង​ស្រអាប់ ហើយ​ដឹកនាំ​យើង​ចេញ​ពី​ផ្លូវ​នៃ​ការប្រែចិត្ត និង ការអត់ទោស ។ ព្រះ​ពុំ​បាន​សន្យា​ថា យើង​នឹង​មិន​ចងចាំ​អំពើ​បាប​របស់​យើង​ទៀត​នោះទេ ។ ការចងចាំ​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការធ្វើ​កំហុស​ដដែលៗ​ម្ដងទៀត ។ ប៉ុន្តែ បើ​យើង​នៅតែ​ពិត និង ស្មោះត្រង់ នោះ​ការចងចាំ​ពី​អំពើបាប​របស់​យើង​នឹង​ត្រូវ​បន្ទន់ ពេល​ដែល​ពេល​វេលា​ចេះតែ​ទៅមុខ ។ នេះ​គឺជា​ផ្នែកដ៏ចាំបាច់​​នៃ​ដំណើរការ​នៃ​ការព្យាបាល និង ដំណើរការ​ដែល​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ ។ អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា បន្ទាប់​ពី​លោក​បាន​អំពាវនាវ​ដល់​ព្រះយេស៊ូវ ដើម្បី​បាន​សេចក្ដី​មេត្តា​ករុណា​ហើយ នោះ​លោក​នៅតែ​អាច​ចងចាំ​ពី​អំពើ​បាប​ទាំងឡាយ​របស់​លោក ប៉ុន្តែ​ការចងចាំ​ពី​អំពើ​បាប​របស់​លោក ពុំបាន​ធ្វើ​ឲ្យ​លោក​មាន​ទុក្ខ​ព្រួយ និង ពុំបាន​ធ្វើ​ទារុណកម្ម​ដល់​លោក​ទៀត​នោះទេ ព្រះ​លោក​បានដឹង​ថា លោក​ត្រូវបាន​អត់ទោស​ឲ្យ​ហើយ ( សូមមើល អាលម៉ា 36:17–19 ) ។

« វា​គឺជា​ការទទួល​ខុសត្រូវ​របស់​យើង ក្នុង​ការចៀសវាង​ពី​អ្វី​ក៏​ដោយ​ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅកាន់​ការចងចាំ​អំពើបាប​ចាស់ៗ​របស់​យើង ។ ពេល​យើង​បន្ត​មាន ‹ ចិត្តសង្រេង និង វិញ្ញាណ​ទន់​ទាប › ( នីហ្វៃទី3 12:19 ) នោះ​យើង​អាច​ទុកចិត្ត​ថា ព្រះ​នឹង ‹ មិន​ចាំ​ពី​ [ អំពើ​បាប​របស់​យើង ] ទៀត​ទេ › [ គ. និង ស. 58:42 ] » ( “Point of Safe Return” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 101 ) ។

វា​ក៏​សំខាន់​ផងដែរ​ក្នុង​ការ​កត់​ចំណាំ​ថា អាលម៉ា​ពុំ​បាន​និយាយ​ថា លោក​ពុំ​ចងចាំ​អំពើបាប​របស់​លោក​​នោះទេ ប៉ុន្តែ​ថា​លោក​ពុំ​បាន​ចងចាំ​នូវ​ការឈឺចាប់​នៃ​អំពើបាប​របស់​លោក​ទៀត​ ហើយ​លោក​ពុំ « ត្រូវកើតទុក្ខ » ដោយ​ការចងចាំ​របស់​លោក​ទៀត​ឡើយ ( អាលម៉ា 36:19 ) ។ ការប្រែចិត្ត​ដ៏​ពិត​នឹង​ធ្វើ​ឲ្យ​ការឈឺចាប់ និង កំហុស​នៃ​អំពើបាប ​ត្រូវរសាត់​បាត់​ទៅ ( សូមមើល អេណុស 1:6–8 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចម្លើយ​មួយ​ទៅកាន់​មិត្តភក្ដិ​ដែល​បាន​លើកឡើង​ខាងលើ ហើយ​ប្រើប្រាស់​នូវ​ការយល់ដឹង​ដែល​អ្នក​បាន​ទទួល​ពី​ការពន្យល់​របស់​ប្រធាន អុជដូហ្វ ។ សូម​បញ្ចូល​ក្នុង​ចម្លើយ​របស់​អ្នក ពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​ជា​ពរជ័យ​មួយ​ដែល​យើង​នៅតែ​ចងចាំ​ពី​អំពើបាប​របស់​យើង សូម្បី​តែ​យើង​អាច​នឹង​ពុំ​ត្រូវ « កើត​ទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប [ របស់យើង ] ទៀត » ( អាលម៉ា 36:19 ) បន្ទាប់ពី​ការប្រែចិត្ត​របស់​យើង​ហើយក៏​ដោយ ។

អាលម៉ា 36:23–30

អាលម៉ា​ពន្យល់​ពី​មូលហេតុ​ដែល​លោក​ធ្វើការ​ឥតឈប់​ក្នុង​ការនាំ​អ្នក​ដទៃទៀត​មក​កាន់​ការប្រែចិត្ត ។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​អ្នក​ចែកចាយ​ម្ហូប​ដ៏​ឆ្ងាញ់​ជាមួយ​មិត្ត​ម្នាក់ ? ពេល​អ្នក​ទទួលបាន​នូវ​ដំណឹង​ដ៏​រំភើប​មួយ តើ​អ្នក​ចង់​ធ្វើ​អ្វី​មុនគេ​បង្អស់ ? តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​ភាគច្រើន​​មាន​សេចក្ដី​ប្រាថ្នា​ស្ទើរតែ​ឥត​ឈប់ឈរ ក្នុង​ការចែកចាយ​ជាមួយ​នរណា​ម្នាក់​ផ្សេងទៀត នូវ​អ្វី​ដែល​ពួកគេ​បាន​ឮដូច្នេះ ? សូមអាន អាលម៉ា 36:23–24 ហើយ​រកមើល​ថាតើ​អារម្មណ៍​ទាំងឡាយ ដែល​បាន​ពិពណ៌នា​នៅក្នុង​សំណួរ​ទាំងនេះ ទាក់ទង​ទៅនឹង​បទពិសោធន៍​របស់​អាលម៉ា បន្ទាប់​ពី​ការប្រែចិត្ត​ជឿ​របស់​លោក​យ៉ាងណា​ដែរ ។ តើ​អាលម៉ា​ចង់​ឲ្យ​មនុស្ស​ផ្សេងទៀត​ទទួល​បទពិសោធន៍​អ្វី​ខ្លះ ?

សូមអាន អាលម៉ា 36:25–26 ហើយ​រកមើល​ថាតើ​ការប្រឹងប្រែង​របស់​អាលម៉ា​ក្នុង​ការបង្រៀន​ដំណឹងល្អ បាន​ជះ​ឥទ្ធិពល​ដល់​លោក និង អ្នក​ផ្សេងទៀត​យ៉ាងណា ។ សូម​បំពេញ​គោលការណ៍​តទៅ​នេះ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បានរៀន​ចេញពី​ខ​ទាំងនេះ អំពី​ការចែកចាយ​ដំណឹងល្អ ៖ ពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ទៀត នោះ​យើង​ទទួល  ។

  1. សូម​សរសេរ​គោលការណ៍​ដែល​បាន​បំពេញ​ពេញលេញ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ជឿ​ថា​គោលការណ៍​នេះ​ពិត ។ អ្នក​អាច​នឹង​ចង់​បញ្ចូល​នូវ​បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក​មាន​ ពី​ការមាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ​ដែល​បាន​មក​ពី​ការចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ទៀត ជា​ផ្នែក​នៃ​ការពន្យល់​របស់​អ្នក ។

សូម​គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់—មិត្តភក្ដិ សមាជិក​គ្រួសារ ឬ សមាជិក​វួដ ឬ សមាជិក​សាខា​ម្នាក់—ដែល​អាច​ទទួល​ផល​ពី​ទីបន្ទាល់​របស់​អ្នក អំពី​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​បុគ្គល​នេះ ពី​ទីបន្ទាល់​របស់​អ្នក​ថាតើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ដោះលែង​យើង​ពី​សេចក្ដី​ឈឺចាប់ និង បំពេញ​ដល់​យើង​នូវ​សេចក្ដី​អំណរ​ដោយ​របៀបណា ។ អ្នក​អាច​នឹង​ចង់​ពិចារណា​ក្នុង​ការសរសេរ​សំបុត្រ ឬ អ៊ីម៉ែល​មួយ​ទៅកាន់​បុគ្គល​នេះ ឬ អ្នក​អាច​នឹង​ចង់​សរសេរ​លិខិត​តូចៗ​មួយ​ចំនួន ដើម្បី​រៀបចំ​ពេលវេលា​ជាក់លាក់​មួយ​ ​ដែល​អ្នក​នឹង​និយាយ​ជាមួយ​បុគ្គល​នេះ ។

រូបភាព
យុវនារី​កំពុង​សរសេរ
  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 36 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖