ថ្នាក់​សិក្ខាសាលា
មេរៀនទី 27 ៖ ថ្ងៃទី 1 នីហ្វៃទី3 23


មេរៀនទី 27 ៖ ថ្ងៃទី 1

នីហ្វៃទី3 23

សេចក្តីផ្ដើម

បន្ទាប់ពី​ដកស្រង់​ពាក្យ​របស់​អេសាយ​ហើយ ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ពិចារណា​មើល​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​កែតម្រូវ​ពួក​សាសន៍​នីហ្វៃ​ផងដែរ ពី​ការមិន​បាន​ឧស្សាហ៍​ព្យាយាម​ក្នុង​ការរក្សា​បញ្ជី​របស់​ពួកគេ ។

នីហ្វៃទី3 23:1–5

ព្រះយេស៊ូវគ្រីស្ទ​បញ្ជា​ប្រជាជន​ឲ្យ​ពិចារណា​មើល​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី

សូម​សញ្ជឹង​គិត​ពី​បទពិសោធន៍​ទាំងឡាយ​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​អំឡុង​ឆ្នាំ​កន្លង​មក​នេះ ។ សរសេរ​ពីរបី​ពាក្យ ឬ ឃ្លា​ខ្លីៗ ដែល​ពិពណ៌នា​ពី​ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ជីវិត​អ្នក ដែល​ជា​លទ្ធផល​មកពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ពេល​អ្នក​មើល​ទៅ​បញ្ជី​របស់​អ្នក សូម​ពិចារណា​ថាតើ​ពរជ័យ​ទាំងនេះ​អាច​នឹង​បង្រៀន​អ្នក​ពី​អ្វី​ខ្លះ អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ ។

បន្ទាប់ពី​ដកស្រង់​ការបង្រៀន​មួយ​ចំនួន​របស់​អេសាយ​ហើយ ( សូមមើល នីហ្វៃទី3 22 ) ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ប្រជាជន​ឲ្យ​ពិចារណា​មើល​ពាក្យ​សម្ដី​របស់​អេសាយ និង ពួក​ព្យាការី​ដោយ​ឧស្សាហ៍​ព្យាយាម ។ សូមអាន នីហ្វៃទី3 23:1–5 ហើយ​រកមើល​មូលហេតុ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ពួកយើង​គប្បី​ពិចារណា​មើល​ពាក្យ​សម្ដី​របស់​អេសាយ និង ពួក​ព្យាការី ។ សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​នូវ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​នឹង​ជួយ​អ្នក​ចងចាំ​ពី​អ្វី​ដែល​អ្នក​រៀន ។

មូលហេតុ​មួយ​ដែល​យើង​ត្រូវបាន​បញ្ជា​ឲ្យ​សិក្សា​ពាក្យ​សម្ដី​របស់​អេសាយ​ពីព្រោះ « លោក​បាន​មាន​ប្រសាសន៍​ជា​ប្រាកដ ពី​គ្រប់​ទាំង​ការណ៍​ដែល​ទាក់ទង​នឹង [ រាស្ត្រ​របស់​ព្រះអម្ចាស់ ] គឺជា​វង្ស​អ៊ីស្រាអែល » ( នីហ្វៃទី3 23:2 ) ។ ដោយសារ​អ្នក​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ នោះ​អ្នក​ជា​ផ្នែក​នៃ​វង្ស​អ៊ីស្រាអែល ។ ការសរសេរ​របស់​អេសាយ គឺ​មាន​ទាក់ទង​នឹង​អ្នក ។ មូលហេតុ​មួយ​ទៀត​ដែល​យើង​គប្បី​សិក្សា​ពាក្យ​សម្ដី​របស់​អេសាយ គឺ​ដោយសារ​ពាក្យ​ទាំងនោះ​នឹង​ត្រូវបាន​បំពេញ ( សូមមើល នីហ្វៃទី3 23:3 ) ។

សូម​កត់ចំណាំ​នៅក្នុង នីហ្វៃទី3 23:1 ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ដល់​ពួក​សាសន៍​នីហ្វៃ​ជាពិសេស​ឲ្យ « ពិចារណា​មើល [ ពាក្យ​របស់​អេសាយ ] ដោយ​ព្យាយាម » ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា អ្វី​ជា​ភាពខុស​គ្នា​រវាង​ការអាន​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និង ការពិចារណា​មើល​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ដោយ​ព្យាយាម ?

    2. តើ​វិធីសាស្ត្រ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ណាខ្លះ ដែល​អាច​ជួយ​ឲ្យ​អ្នក​ពិចារណា​មើល​ពាក្យ​សម្ដី​របស់​អេសាយ និង ពួក​ព្យាការី​ដោយ​មាន​ប្រសិទ្ធិភាព និង ប្រកប​ដោយ​អត្ថន័យ ? ( អ្នក​អាច​នឹង​ចង់​រំឭក​ឡើងវិញ​នូវ​មេរៀន មេរៀនទី 1 ៖ ថ្ងៃទី 1 « ការសិក្សា​បទគម្ពីរ​ទាំងឡាយ » ដើម្បី​ចងចាំ​ពី​ជំនួយ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការសិក្សា​ព្រះគម្ពីរ ) ។

អែលឌើរ មើរិល ជេ. ប៊ែតមែន ជា​សមាជិក​កិត្តិយស​មួយ​រូប​នៃ​ពួក​ចិតសិប​នាក់ បាន​កត់សម្គាល់​ពរជ័យ​មួយ​ចំនួន​ដែល​ចូល​មកក្នុង​ជីវិត​យើង ពេលដែល​យើង​ពិចារណា​មើល​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ៖ « មាន​ពរជ័យ​ជាក់លាក់​ទាំងឡាយ​ដែល​បាន​មក ពេលដែល​មនុស្ស​ម្នាក់​ពិចារណា​មើល​ព្រះគម្ពីរ ។ ពេល​មនុស្ស​ម្នាក់​សិក្សា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ហើយ​គោរព​ប្រតិបត្តិ​តាម​ព្រះបន្ទូល នោះ​គាត់​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ក្នុង​ការរស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​សុចរិត ។ អំណាច​ក្នុង​ការទប់ទល់​នឹង​ការល្បួង​កើនឡើង ហើយ​អាច​យកឈ្នះ​លើ​ភាពទន់ខ្សោយ​ខាង​វិញ្ញាណ ។ ស្នាម​របួស​ខាង​វិញ្ញាណ​ត្រូវបាន​ព្យាបាល » ( “Coming unto Christ by Searching the Scriptures” Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 28 ) ។

សូមអាន នីហ្វៃទី3 23:5 ហើយ​រកមើល​ការសន្យា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​សិក្សា និង ធ្វើតាម​ការអញ្ជើញ​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ ។

  1. សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត ឬ សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​ជួប​ការពិបាក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ទៀងទាត់ ។ ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង នីហ្វៃទី3 23:1–5 សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​នឹង​និយាយ ដើម្បី​លើក​ទឹកចិត្ត​ដល់​មនុស្ស​ម្នាក់​នេះ ឲ្យ​សិក្សា​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ដោយ​ព្យាយាម និង ទទួល​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​មួយ ជាមួយ​នឹង​ព្រះគម្ពីរ ។

នីហ្វៃទី3 23:6–14

ព្រះយេស៊ូវគ្រីស្ទ​ស្ដី​បន្ទោស​ដល់​ពួក​សិស្ស​របស់​ទ្រង់ ដែល​ពុំ​បាន​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ពី ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល

« ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​ផ្ទាល់​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការរក្សា​បញ្ជី ទៅដល់​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន [ សូមមើល នីហ្វៃទី3 23:6–13 ] ។ …

« ទោះបី​ជា​ការស្ដី​បន្ទោស​ដោយ​ស្លូតបូត និង មេត្តា​ក៏​ដោយ ក៏​ខ្ញុំ​ត្រេកអរ​ដែល​ខ្ញុំ​មិនមែន​ជា​ម្នាក់​ដែល​ត្រូវ​ស្ដីបន្ទោស​ចំពោះ​ការដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការរក្សា​បញ្ជី​ទាំងឡាយ​ឲ្យ​មាន​បច្ចុប្បន្នភាព ។ …

« … សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​បាន​ស្ដី​បន្ទោស​ដល់​អ្នក​ទាំងឡាយ​ដែល​ពុំបាន​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ » ( “The Angels May Quote from It” New Era ខែ កុម្ភៈ ឆ្នាំ 2003 ទំព័រ 32, 34–35 ) ។

អ្វី​ដែល​នៅ​សល់​នៅក្នុង នីហ្វៃទី3 23 រួមមាន​ដំណើរ​រឿង​ដែល ប្រធាន ឃឹមបឹល បាន​ពិពណ៌នា ពេលដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្ដី​បន្ទោស​ពួក​សាសន៍​នីហ្វៃ ដែល​ពុំ​បាន​បញ្ចូល​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ទៅក្នុង​បញ្ជី​ទាំងឡាយ​របស់​ពួកគេ ។ សូមអាន នីហ្វៃទី3 23:6–11 ហើយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​ពុំបាន​កត់ត្រា​ទុក ។ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួក​សាសន៍​នីហ្វៃ​ក្នុង​ការកត់ត្រា​ទុក​នូវ​ការបំពេញ​នៃ​ការព្យាករណ៍ ដែល​បាន​ព្យាករ​ដោយ​សាំយូអែល​ជា​សាសន៍​លេមិន ? តើ​ការមាន​បញ្ជី​នោះ​នៅក្នុង​ព្រះគម្ពីរ​មរមន ជួយ​យើង​នៅក្នុង​ជំនាន់​របស់​យើង​យ៉ាង​ដូច​ម្ដេច​ដែរ ?

  1. សូម​ឆ្លើយ​សំណួរ​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​វា​អាច​ជា​ការសំខាន់​សម្រាប់​អ្នក ក្នុង​ការសរសេរ​នូវ​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ និង ការបំផុស​ទាំងឡាយ​ដែល​កើតឡើង​ក្នុង​ជីវិត​អ្នក ?

ប្រសិនបើ​មាន​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​មួយ​ថ្មីៗ​នៅក្នុង​ជីវិត​អ្នក ដែល​អ្នក​ពុំបាន​កត់ត្រា​ទុក សូម​ពិចារណា​ក្នុង​ការសរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក​ឥឡូវ​នេះ ។ សៀវភៅ​សរសេរ​ដ៏​សាមញ្ញ​មួយ ឬ ក្រដាស​មួយ​សន្លឹក គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រក្សា​កំណត់​ហេតុ​ផ្ទាល់ខ្លួន ។ សូមអាន នីហ្វៃទី3 23:12–14 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ បន្ទាប់ពី​ពួក​សាសន៍​នីហ្វៃ​បាន​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ក្នុង​ការសរសេរ​នូវ​ការបំពេញ​នៃ​ការព្យាករណ៍​របស់​សាំយូអែល​ជា​សាសន៍​លេមិន​រួចមក ។

ព្រះអង្គ​សង្គ្រោះ « បាន​ពន្យល់​ប្រាប់​អស់ទាំង​បទគម្ពីរ » ដែល​មានន័យ​ថា ទ្រង់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​បទគម្ពីរ​ទាំងឡាយ ។

សូមអាន នីហ្វៃទី3 24:1 ហើយ​កត់​ចំណាំ​ពី​ភាពស្រដៀង​គ្នា រវាង​ផ្នែក​ទីមួយ​នៃ​ខ​នេះ និង អ្វី​ដែល​បាន​កើតឡើង​ក្នុង នីហ្វៃទី3 23:12–14 ។ សូម​កត់ចំណាំ​ថា បន្ទាប់ពី​ពួក​សាសន៍​នីហ្វៃ​បាន​កត់ត្រា​ទុក​នូវ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួកគេ​ហើយ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ការចេះដឹង និង វិវរណៈ​បន្ថែម​ទៀត ដោយ​ការពន្យល់​ប្រាប់​ពី​ការណ៍​ទាំងនោះ ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បានរៀន​ចេញពី នីហ្វៃទី3 23:6–14 សូម​បំពេញ​នូវ​គោលការណ៍​តទៅ​នេះ ៖ ពេល​ខ្ញុំ​សរសេរ​នូវ​ការបំផុស និង ព្រឹត្តិការណ៍​ពិសិដ្ឋៗ នោះ​ខ្ញុំ​អញ្ជើញ  ។

ក្នុង​ចំណោម​ការទទួល​ខុសត្រូវ​ផ្សេងៗ​ទាំងឡាយ អ្នក​អាច​បំពេញ​គោលការណ៍​ខាងលើ​តាម​បែប​នេះ ៖ ពេល​ខ្ញុំ​សរសេរ​នូវ​ការបំផុស និង ព្រឹត្តិការណ៍​ពិសិដ្ឋៗ នោះ​ខ្ញុំ​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ប្រទាន​វិវរណៈ​បន្ថែម​ទៀត​ដល់​ខ្ញុំ ។

ដើម្បី​យល់​ឲ្យ​បាន​កាន់តែ​ពេញលេញ ពី​សេចក្ដី​ពិត​ដែល​អ្នក​បានរៀន សូម​អាន​សេចក្ដី​ថ្លែងការណ៍​ទាំងពីរ​ខាងក្រោម​នេះ​ពី អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

« ការចេះដឹង​ដែល​បាន​កត់ត្រា​ទុក​ដោយ​យក​ចិត្ត​ទុក​ដាក់ គឺ​ជា​ការចេះដឹង​ដែល​អាច​ប្រើប្រាស់​បាន​នៅក្នុង​ពេល​ដែល​ចាំបាច់ ។ ព័ត៌មាន​ដែល​ដក់ជាប់​ខាង​វិញ្ញាណ គប្បី​ត្រូវបាន​រក្សា​ទុក​នៅ​ក្នុង​កន្លែង​ដ៏​ពិសិដ្ឋ​មួយ ដែល​ទំនាក់​ទំនង​ជាមួយ​ព្រះអម្ចាស់​អំពី​របៀប​ដែល​អ្នក​រក្សា​វា​ទុក ។ ការអនុវត្តន៍​បែបនោះ​បង្កើន​នូវ​សក្ដានុពល​របស់​អ្នក​ក្នុង​ការទទួល​បាន​នូវ​ពន្លឺ​បន្ថែម​ទៀត » ( “Acquiring Spiritual Knowledge” Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 88 ) ។

« សូម​សរសេរ​ទុក​ក្នុង​កន្លែង​ដែល​មាន​សុវត្ថិភាព នូវ​ការណ៍​ដ៏​សំខាន់​ទាំងឡាយ​ដែល​អ្នក​រៀន​ពី​ព្រះវិញ្ញាណ ។ អ្នក​នឹង​ឃើញ​ថា ពេល​អ្នក​សរសេរ​ទុក​នូវ​ការបំផុស​ដ៏​មាន​តម្លៃ​នានា ជាញឹកញាប់​ការបំផុស​នឹង​មាន​កាន់តែ​ច្រើន​ឡើង ។ ទន្ទឹម​នឹង​នោះ​ដែរ ការចេះដឹង​ដែល​អ្នក​ទទួល នឹង​អាច​ប្រើប្រាស់​បាន​អស់​មួយ​ជីវិត​អ្នក » ( “To Acquire Knowledge and the Strength to Use It Wisely” Ensign ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 32 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​ការសរសេរ​ទុក​នូវ​វិវរណៈ​ដែល​យើង​បាន​ទទួល​ពី​ព្រះអម្ចាស់ អាច​ជួយ​យើង​ទទួល​វិវរណៈ​បន្ថែម​ទៀត ?

    2. តើ​ការយក​ពេលវេលា​ក្នុង​ការសរសេរ​អំពី​ឥទ្ធិពល​របស់​ព្រះអម្ចាស់​ដែល​មាន​ក្នុង​ជីវិត​យើង អាច​ជួយ​យើង​ឲ្យ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​របស់​យើង និង បង្ហាញ​ពី​ការដឹងគុណ​របស់​យើង​ចំពោះ​ទ្រង់​យ៉ាង​ដូច​ម្ដេច​ដែរ ?

អ្នក​អាច​នឹង​មាន​កង្វល់​ថា អ្នក​ពុំ​មាន​បទពិសោធន៍​អ្វី​ពិសេស ឬ ពិសិដ្ឋ ដែល​មាន​តម្លៃ​គ្រប់គ្រាន់​នឹង​កត់ត្រា​ទុក ។ អែលឌើរ ចន អេច. ក្រូប៊ឺក ជា​សមាជិក​កិត្តិយស​មួយ​រូប​នៃ​ពួក​ចិតសិប បាន​ថ្លែង​ពី​កង្វល់​នេះ​ថា ៖ « មនុស្ស​ខ្លះ​និយាយ​ថា ‹ ខ្ញុំ​អត់មាន​អ្វី​នឹង​សរសេរ​ទេ ។ ពុំ​មាន​អ្វី​ខាង​វិញ្ញាណ​កើតឡើង​ចំពោះ​ខ្ញុំ​ទេ › ។ ខ្ញុំ​និយាយ​ថា ‹ សូម​ចាប់ផ្ដើម​កត់ត្រា ហើយ​អ្វីៗ​ខាង​វិញ្ញាណ​នឹង​កើតឡើង ។ វា​នៅ​ទីនោះ​គ្រប់ពេល ប៉ុន្តែ​យើង​កាន់តែ​ស្គាល់​ពី​វា ពេល​យើង​សរសេរ › » ( “Writing Your Personal and Family History” Ensign ខែ ឧសភា ឆ្នាំ 1980 ទំព័រ 48 ) ។

អ្នក​អាច​ចាប់ផ្ដើម​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន​អំពី​ការកត់ត្រា​បទពិសោធន៍​ខាង​វិញ្ញាណ ដោយ​ការយក​ក្រដាស​មួយ​សន្លឹក សៀវភៅ​សរសេរ ឬ សៀវភៅ​កំណត់​ហេតុ​តាម​ខ្លួន​នៅ​សប្ដាហ៍​ខាង​មុខ​នេះ ។ សូម​កត់ត្រា​នូវ​ការបំផុស បទពិសោធន៍ ឬ អារម្មណ៍​ណា​ក៏ដោយ ដែល​អ្នក​មាន​ក្នុង​សប្ដាហ៍​នោះ ។ កត់ត្រា​ផងដែរ​នូវ​របៀប​ដែល​អ្នក​ទទួល​អារម្មណ៍​បំផុស ឲ្យ​ធ្វើតាម​ការបំផុស​ទាំងឡាយ​ដែល​អ្នក​ទទួល​នោះ ។ បន្ទាប់ពី​អ្នក​បាន​ធ្វើ​តាម​សកម្មភាព​ទាំងនោះ​ហើយ សូម​សរសេរ​ពី​បទពិសោធន៍​របស់​អ្នក ។

ប្រាប់​ដល់​នរណា​ម្នាក់ ( សមាជិក​គ្រួសារ មិត្តភក្ដិ ឬ អ្នក​ដឹកនាំ​សាសនាចក្រ ) អំពី​ផែនការ​របស់​អ្នក​ក្នុង​ការរក្សា​កំណត់ត្រា​មួយ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​អ្នក ។ សូម​ពិចារណា​ក្នុង​ការអញ្ជើញ​មនុស្ស​ម្នាក់​នេះ ឲ្យ​ចូលរួម​ជាមួយ​អ្នក​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​នេះ ដោយ​ការកត់ត្រា​ទុក​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ចំនួន​របស់​គាត់​ផ្ទាល់ ។ ដោយ​ការអញ្ជើញ​មនុស្ស​ម្នាក់​ផ្សេងទៀត​ឲ្យ​ធ្វើ​គម្រោង​នេះ​ជាមួយ​អ្នក នោះ​អ្នក​អាច​លើក​ទឹកចិត្ត និង រាយការណ៍​ពី​ការរីកចម្រើន​របស់​អ្នក​ទៅវិញ​ទៅមក ។ ទោះ​យ៉ាងណា អ្នក​គប្បី​ចងចាំ​ថា វា​ពុំ​មែន​ជា​ការចាំបាច់—ហើយ​អាច​មិនមែន​ជា​ការសមរម្យ​ទេ—ក្នុង​ការចែកចាយ​បទពិសោធន៍​ដ៏​ពិសិដ្ឋ​របស់​អ្នក​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នោះ ។

  1. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 23 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖