ថ្នាក់​សិក្ខាសាលា
វគ្កទី 20 ៖ ថ្ងៃទី 2 អាលម៉ា 40–41


វគ្កទី 20 ៖ ថ្ងៃទី 2

អាលម៉ា 40–41

សេចក្តីផ្ដើម

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 40–41 អាលម៉ា​បង្រៀន​កូរីអានតុន​ជា​កូនប្រុស​លោក ពី​គោលការណ៍​សំខាន់​ទាក់ទង​នឹង​ជីវិត​បន្ទាប់​ពី​ការស្លាប់ ។ អាលម៉ា​បាន​ពន្យល់​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្សលោក​ទាំងអស់​នឹង​បាន​រស់ឡើង​វិញ ។ អាលម៉ា​ក៏​បាន​បង្រៀន​ដល់​កូរីអានតុន​ផងដែរ អំពី​ពិភពវិញ្ញាណ ជា​កន្លែង​ដែល​អ្នក​ស្លាប់​រងចាំ​នៅក្នុង​ស្ថានភាព​បរមសុខ ឬ ក្នុង​ការជាប់​ឃុំឃាំង​វិញ្ញាណ​រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ អាស្រ័យ​ទៅ​តាម​ជម្រើស​ទាំងឡាយ​របស់​ពួកគេ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ កូរីអានតុន​បានរៀន​ពី​អាលម៉ា​ថា ផែនការ​នៃ​ការសាង​ឡើង​វិញ មិនត្រឹម​តែ​រួម​បញ្ចូល​នូវ​ដំណើរ​រស់​ឡើង​វិញ​ខាង​រាងកាយ​នោះទេ ប៉ុន្តែ​ជា​ដំណើរ​រស់ឡើង​វិញ​ខាង​វិញ្ញាណ​ផងដែរ ដែល​យើង​ទទួល​ផល​ចំពោះ​ទង្វើ និង បំណង​ប្រាថ្នា​ទាំងឡាយ​របស់​យើង ។ នៅទីបំផុត អាលម៉ា​បានសង្កត់​ធ្ងន់​ថា ចំណុច​សំខាន់​នៃ​ផែនការ​នៃ​ការសាង​ឡើង​វិញ​នេះ គឺជា​សេចក្ដី​ពិត​ដែល​ថា ទុច្ចរិតភាព​ពុំដែល​នាំ​ទៅកាន់​សុភមង្គល​ឡើយ ។

អាលម៉ា 40

អាលម៉ា​បង្រៀន​កូរីអានតុន អំពី​ពិភព​វិញ្ញាណ និង ដំណើរ​រស់​ឡើង​វិញ

រូបភាព
ម្ដាយ​ជាមួយ​កូនៗ​នៅឯ​ផ្នូរ

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​មាន​បទពិសោធន៍​ពី​ការស្លាប់​នៃ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ នាពេល​ថ្មីៗ​នេះ ។ ដោយ​ដឹង​ថា​អ្នក​ជា​មនុស្ស​ខាង​សាសនា នោះ​មិត្ត​របស់​អ្នក​បាន​មករក​អ្នក ដោយ​មាន​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​រស់ឡើង​ម្ដងទៀត ? តើ​នរណា​នឹង​បាន​រស់​ឡើង​វិញ ?

  • តើ​យើង​ទៅ​កន្លែង​ណា​ពេល​យើង​ស្លាប់​ទៅ ហើយ​វា​យ៉ាងណា​ដែរ ?

  • តើ​អ្វី​ទៅ​ជា​ដំណើរ​រស់ឡើង​វិញ ? តើ​អ្វី​ជា​ភាពខុសគ្នា រវាង​រូបកាយ​រមែង​ស្លាប់​របស់​យើង និង រូបកាយ​ដែល​រស់ឡើង​វិញ​របស់​យើង ? តើ​អ្វីខ្លះ​​កើតឡើង បន្ទាប់ពី​យើង​បាន​រស់ឡើង​វិញ ?

ព័ត៌មាន​នៅក្នុង អាលម៉ា 40 អាច​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ​បាន ។ ជំពូក​នេះ​គឺ​ជា​ការ​បន្ត​នៃ​ការបង្រៀន​របស់​អាលម៉ា​ដល់​កូរីអានតុន​កូនប្រុស​លោក ។ កូរីអានតុន​បាន​មាន​កង្វល់​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​អ្នក​ស្លាប់ ។

  1. សូម​អាន​វគ្គ​បទគម្ពីរ​ទាំងបី​ខាងក្រោម​នេះ ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ឬ ច្រើន​ជាង​មួយ ហើយ​ពន្យល់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្វីដែល​អាលម៉ា​បាន​បង្រៀន​ឆ្លើយ​ដល់​សំណួរ​ដែល​ទាក់ទង​យ៉ាង​ណា​ដែរ ។ ( ប្រសិនបើ​អ្នក​មាន​ពេល​នៅ​ចុង​បញ្ចប់​នៃ​មេរៀន នោះ​អ្នក​អាច​នឹង​ចង់​ត្រឡប់​មក​រំឭក​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​នៅក្នុង​ខ​ផ្សេងៗ​ទៀត ) ។

    1. សូម​សិក្សា អាលម៉ា 40:1–5 ។ តើ​អ្វី​ដែល​​ធ្វើ​ឲ្យ​យើង​អាច​រស់​ឡើង​ម្ដងទៀត ? តើ​នរណា​ខ្លះ​នឹង​បាន​រស់​ឡើង​វិញ ?

    2. សូម​សិក្សា អាលម៉ា 40:6–7, 11–14 ។ តើ​យើង​ទៅ​កន្លែង​ណា​ពេល​យើង​ស្លាប់​ទៅ ហើយ​កន្លែង​នោះ​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច​ដែរ ? ( ពេល​អាលម៉ា​បង្រៀន​ថា វិញ្ញាណ​មនុស្ស​ទាំងអស់​ត្រូវបាន​នាំ « ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់​គេ » ( អាលម៉ា 40:11 ) លោក​បង្រៀន​ថា បន្ទាប់ពី​ការស្លាប់​របស់​យើង ប៉ុន្តែ ពីមុន​ដំណើរ​រស់​ឡើង​វិញ​របស់​យើង នោះ​វិញ្ញាណ​របស់​យើង​នឹង​ត្រឡប់​ទៅ​ពិភព​នៃ​វិញ្ញាណ ពុំមែន​ទៅ​កាន់​ទិសដៅ​ចុងក្រោយ​ ដែល​បន្ទាប់​ពី​ការជំនុំ​ជម្រះ​របស់​ព្រះ​នោះ​ទេ ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការទាញ​យក​ព័ត៌មាន​ពី​លេខយោង​នៅក្នុង​ខ 13 ដើម្បី​យល់​ពី​អ្វី​ដែល​អាលម៉ា​ចង់មានន័យ ពេល​លោក​និយាយ​ដល់ « ភាពងងឹង​ខាង​ក្រៅ » នោះ ។ អាលម៉ា 40:14 ក៏​ជួយ​យើង​ឲ្យ​យល់​ផងដែរ​ថា ការនិយាយ​ពី​ភាពងងឹត​ខាងក្រៅ​នេះ គឺជា​ការនិយាយ​សំដៅ​ដល់​ស្ថានភាព​មុន​ដំណើរ​រស់ឡើង​វិញ ដែល​យើង​តែង​ហៅ​ថា​ កន្លែង​ឃុំ​វិញ្ញាណ ហើយ​ពុំមែន​ទៅកាន់​កន្លែង​ចុងក្រោយ​បង្អស់ ឬ កន្លែង​ជា​អចិន្ត្រៃ​របស់​ពួក​អ្នក​ដែល​ត្រូវ​ជាប់​ឃុំឃាំង​នោះទេ ) ។

    3. សូម​សិក្សា អាលម៉ា 40:21–26 ។ តើ​អ្វី​ទៅ​ជា​ដំណើរ​រស់​ឡើង​វិញ ? តើ​អ្វី​ជា​ភាពខុសគ្នា រវាង​រូបកាយ​រមែង​ស្លាប់​របស់​យើង និង រូបកាយ​ដែល​រស់ឡើង​វិញ​របស់​យើង ? តើ​អ្វី​ខ្លះ​កើតឡើង បន្ទាប់ពី​យើង​បាន​រស់ឡើង​វិញ ?

ដោយ​និយាយ​ដល់ អាលម៉ា 40:11–12 នោះ ប្រធាន ចច ឃ្យូ. ខានុន នៃ​គណៈ​ប្រធាន​ទីមួយ បាន​ពន្យល់​ថា អាលម៉ា « ពុំ​មាន​គោលបំណង​នាំ​ឲ្យ​មាន​គំនិត​ថា ពួកគេ​ត្រូវបាន​ជូន​ទៅក្នុង​វត្តមានរបស់​ព្រះ​​ផ្ទាល់​ភ្លាមៗ​នោះទេ ។ ជាក់ស្ដែង លោក​ប្រើ​ឃ្លា​នោះ​នៅក្នុង​ន័យ​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ » ( Gospel Truth: Discourses and Writings of President George Q. Cannon, sel. Jerreld L. Newquist, 2 vols. [1957–74], 1:73 ) ។

អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​ចំណុច​មួយ​ចំនួន​ពី​អ្វី​ដែល​យើង​នឹង​មាន​បទពិសោធន៍ បន្ទាប់ពី​យើង​បាន​រស់​ឡើង​វិញ ៖

« នៅថ្ងៃ​ជំនុំ​ជម្រះ … នឹង​មាន​នូវ​វត្ថុ​វិស័យ​ដែល​រួម​បញ្ចូល​អ្វីៗ​ទាំងអស់ ។ យើង​មិន​ត្រឹម​តែ​មាន​នូវ​អ្វី​ដែល​ព្រះគម្ពីរ​មរមន​ហៅ​ថា ‹ នឹកឃើញ​ឡើងវិញ​យ៉ាង​ជាក់ច្បាស់ › និង ‹ ការចងចាំ​ដ៏​ឥតខ្ចោះ › ពី​ទង្វើ​ខុសឆ្គង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការណ៍​ដែល​ពេញ​ដោយ​អំណរ​ក៏​នឹង​ត្រូវបាន​នាំ​មក និង ត្រូវបាន​ស្ដារ​ឡើង​វិញ​ផងដែរ ។ យើង​នឹង​បានដឹង ‹ ដូចជា​យើង​ដឹង​ក្នុង​ពេល​ឥឡូវ​នេះ › ។ ( អាលម៉ា 5:18; 11:43; សូមមើល​ផងដែរ គ. និង ស. 93:33 ) ។ យើង​នឹង​ឃើញ ‹ ដោយ​ភ្នែក › ( ម៉ូសាយ 12:22; 15:29 ) ដោយសារ​ទិន្នន័យ​ចែកចាយ​មួយ ។

« ក្នុង​ចំណោម ‹ អ្វីៗ​ទាំងអស់ [ ដែល ] នឹង​បាន​សាងឡើង › ( អាលម៉ា 40:23 ) នឹង​ចងចាំ ហើយ​នៅ​ទីបំផុត គឺ​រួមទាំង​ការចងចាំ​ពី​ជីវិត​មុនផែនដី​របស់​យើង ។ សូម​ពិចារណា​នៅក្នុង​គំនិត និង ដួងចិត្ត ពី​សេចក្ដី​អំណរ​នៃ​ការបាន​ផ្គុំ​គ្នា​វិញ ដោយ​ការចងចាំ​ដែល​ទាក់ទង ទាំង​សណ្ឋាន​ទីមួយ និង ទីពីរ ។

« ពេលនោះ អារម្មណ៍ដ៏​លើសលប់​​​នឹង​កើតមាន​ចំពោះ​យើង ពេល​ដែល​ព្រះ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​ជ្រាប​ថា​វា​ជា​ការប្រសើរ​ណាស់​ដែល​ការចងចាំ​ត្រូវបាន​សាងឡើង​វិញ​យ៉ាង​ពេញលេញ​នោះ ! ការដាស់តឿន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​អំពី​ការពិត​នេះ នឹង​កាន់តែ​បង្កើន​នូវ​ការដឹងគុណ​របស់​យើង ចំពោះ​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​ដែល​ទ្រង់​មាន​តាំងពី​យូរ​មកហើយ និង សម្រាប់​សេចក្ដី​ករុណា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ដង្វាយធួន​ដែល​ព្រះយេស៊ូវ​ស្ម័គ្រ​ធ្វើ ! » ( Lord Increase Our Faith [1994] ទំព័រ 103 ) ។

ដំណើរ​រស់ឡើង​វិញ គឺជា​ការផ្គុំ​គ្នា​ឡើងវិញ​នូវ​វិញ្ញាណ និង រូបកាយ ដោយ​គ្រប់​អ្វីៗ​ទាំងអស់​ត្រូវបាន​សាង​ទៅ​ជា​រូបរាង​ដ៏​ត្រឹមត្រូវ និង ល្អ​ឥតខ្ចោះ​ឡើងវិញ ។ បន្ទាប់ពី​ដំណើរ​រស់​ឡើងវិញ យើង​ម្នាក់ៗ​នឹង​ឈរ​នៅក្នុង​វត្តមាន​របស់​ព្រះ​ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។ សូមអាន អាលម៉ា 40:25–26 ហើយ​រកមើល​ការពិពណ៌នា​របស់​អាលម៉ា អំពី​ស្ថានភាព​ចុងក្រោយ​របស់​ពួក​អ្នក​ដែល​ជ្រើសរើស​ភាពសុចរិត​នៅក្នុង​ជីវិត​នេះ ដោយ​ប្រៀបធៀប​ទៅនឹង​ស្ថានភាព​ចុងក្រោយ​នៃ​ពួក​អ្នក​ដែល​ជ្រើសរើស​ភាពទុច្ចរិត ។ សូម​ពិចារណា ថាតើ​វគ្គ​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​អ្នក ក្នុង​ការមាន​ភាពស្អាតស្អំ​ចំពោះ​ព្រះ យ៉ាងណា​ដែរ ។

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 40:16–22 ដំណើរ​រស់ឡើង​វិញ​ដែល​អាលម៉ា​បាន​និយាយ​ដល់ គឺ​មាន​ទំនាក់ទំនង​ទៅនឹង​ពេលវេលា​នៅលើ​ផែនដី​នេះ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ទីមួយ​ដែល​បាន​រស់ឡើង​វិញ បន្ទាប់មកគឺជា​​មនុស្ស​សុចរិត​ដែល​បាន​រស់នៅ និង បាន​ស្លាប់ ​ចាប់តាំង​ពី​ជំនាន់​អ័ដាម រហូត​ដល់​ពេល​នៃ​ដំណើរ​រស់ឡើង​វិញ​របស់​ព្រះគ្រីស្ទ ( សូមមើល អាលម៉ា 40:16, 20; គ. និង ស. 133:54–55 ) ។ ដំណើរ​រស់​ឡើងវិញ​នេះ គឺជា​អ្វី​ដែល​អាលម៉ា​សំដៅ​ដល់​ថា​ជា « ដំណើរ​រស់​ឡើងវិញ​ជា​លើក​ទីមួយ » ។

អាលម៉ា 41

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ផែនការ​នៃ​ការសាង​ឡើងវិញ

សូម​ពិចារណា​ពី​សេចក្ដី​ពិត​ទាំងឡាយ​ដែល​អាលម៉ា​បានបង្រៀន អំពី​ដំណើរ​រស់​ឡើង​វិញ ពិភព​វិញ្ញាណ និង ការជំនុំ​ជម្រះ សូម​គិត​ថាតើ​វា​អាច​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​របស់​មនុស្ស​ម្នាក់​យ៉ាងណា ប្រសិនបើ​គាត់​ជឿ​នូវ​ការណ៍​ខាងក្រោម​នេះ ៖

  • ពុំ​មាន​ជីវិត​បន្ទាប់​ពី​ការស្លាប់​នោះទេ ។

  • បន្ទាប់​ពី​យើង​ស្លាប់ យើង​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ ដោយ​មិន​គិត​ថា ​កិច្ចការ​របស់​យើង​នៅលើ​ផែនដី​ល្អ ឬ អាក្រក់​នោះទេ ។

  • នៅឯ​ការជំនុំ​ជម្រះ យើង​នឹង​ទទួល​វង្វាន់​សម្រាប់​កិច្ចការ​ល្អ​របស់​យើង ហើយ​ត្រូវ​ទទួល​ទោស​ចំពោះ​កិច្ចការ​អាក្រក់​របស់​យើង ។

រូបភាព
ទ្រង់​មានព្រះជន្ម​រស់នៅ

នៅក្នុង អាលម៉ា 41 យើង​រៀន​ថា កូរីអានតុន​បាន​មាន​ការភាន់​ច្រឡំ ដោយសារ​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​បង្រៀន​អំពី​ដំណើរ​រស់ឡើង​វិញ ។ សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​ឃ្លា « វង្វេង​ទៅ​ឆ្ងាយ » នៅក្នុង អាលម៉ា 41:1 ហើយ​បន្ទាប់មក​អាន​ខ​នេះ ដោយ​រកមើល​អ្វី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ខ្លះ​វង្វេង​ទៅ​ឆ្ងាយ ។ ដើម្បី​ជួយ​អ្នក​យល់​ពី​ខ​នេះ វា​អាច​ជា​ប្រយោជន៍​សម្រាប់​អ្នក​ក្នុង​ការដឹង​ថា បង្វែរ​ន័យ​បទគម្ពីរ មានន័យ​ថា មួលបង្កាច់ ធ្វើឲ្យខូច ឬ ផ្លាស់ប្ដូរ​អត្ថន័យ​នៃ​បទគម្ពីរ ។

តើគោល​គំនិត​​អ្វីខ្លះ ​ដែល​អាលម៉ា​បាន​និយាយ​ថា លោក​នឹង​បកស្រាយ​ឲ្យ​ច្បាស់​សម្រាប់​កូរីអានតុន ?

ការសាង​ឡើងវិញ មានន័យ​ថា នាំ​ត្រឡប់​មកវិញ​ម្ដងទៀត ។ អាលម៉ា​ចង់​ឲ្យ​កូរីអានតុន​យល់​ថា មាន​នូវ​ទិដ្ឋភាព​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ចំពោះ​អ្វី​ដែល​លោក​បានហៅ​ថា « ផែនការ​នៃ​ការសាង​ឡើងវិញ » ( អាលម៉ា 41:2 ) ។ សូម​ពិនិត្យ​មើល អាលម៉ា 41:2–5 ហើយ​គូស​ចំណាំ​អ្វី​ដែល​នឹង​ត្រូវបាន​សាង​ឡើងវិញ​ខាង​សាច់ឈាម​ដល់​យើង បន្ទាប់ពី​សេចក្ដី​ស្លាប់ និង អ្វី​ដែល​នឹង​ត្រូវបាន​សាង​ឡើង​វិញ​ខាង​វិញ្ញាណ ។ ( ការចាំបាច់ នៅក្នុង​ខ​នេះ​មានន័យ​ថា ជា​ការតម្រូវ​ឲ្យ​មាន ឬ មិនអាច​អត់បាន ) ។

តើ​អ្វី​ជា​ទិដ្ឋភាព​ខាង​សាច់ឈាម​នៃ​ផែនការ​នៃ​ការសាង​ឡើងវិញ ដែល​បាន​លើកឡើង​ក្នុង អាលម៉ា 41:2 ?

ទិដ្ឋភាព​ខាង​វិញ្ញាណ​នៃ​ផែនការ​នៃ​ការសាង​ឡើងវិញ​ដែល​មាន​ពិពណ៌នា​ក្នុង អាលម៉ា 40:3–5 គឺ ៖ យើង​នឹង​ត្រូវបាន​សាង​ឡើងវិញ​ឲ្យ​មាន​សុភមង្គល ឬ ទុក្ខ​វេទនា ទៅតាម​កិច្ចការ និង បំណង​ប្រាថ្នា​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

  1. សន្មត់​ថា​អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​បង្រៀន អាលម៉ា 40:3–5 ដល់​ថ្នាក់​កុមារ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្នក​នឹង​ពន្យល់​ពី​គោលលទ្ធិ​នៃ​ការសាង​ឡើងវិញ​ខាង​វិញ្ញាណ​ដោយ​សាមញ្ញ​ដោយ​របៀបណា ដើម្បី​ឲ្យ​ក្មេងៗ​បាន​យល់​ពី​អ្វី​ដែល​អាលម៉ា​បង្រៀន ។

សូម​សញ្ជឹង​គិតថា តើ​ការយល់​ពី​គោលលទ្ធិ​នៃ​ការសាង​ឡើងវិញ អាច និង គួរ​ជះ​ឥទ្ធិពល​ដល់​សកម្មភាព និង បំណង​ប្រាថ្នា​របស់​អ្នក​យ៉ាងណា​ដែរ ។

ពេល​យើង​យល់​ពី​គោលលទ្ធិ​នៃ​ការសាង​ឡើងវិញ នោះ​យើង​ចាប់ផ្ដើម​ខ្វល់ខ្វាយ​ដោយឯកឯង​ពី​លទ្ធផល​ទាំងឡាយ​ដែល​នឹង​មាន​ដោយសារ​អំពើ​បាប និង ជម្រើស​ខុសឆ្គង​របស់​យើង ។ តើ​មានវិធី​ណាមួយ ដើម្បី​ផ្លាស់ប្ដូរ​ផល​អវិជ្ជមាន​នៃ​បំណង​ប្រាថ្នា និង សកម្មភាព​ខុស​ឆ្គង​របស់​យើង​ដែរ​ទេ ? អាលម៉ា​បាន​ផ្ដល់​ដល់​កូរីអានតុន​នូវ​ហេតុផល​មួយ​ដើម្បី​មាន​សេចក្ដី​សង្ឃឹម ។ សូមអាន អាលម៉ា 41:6–9 ហើយ​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​បាន​សេចក្ដី​ល្អ និង សុភមង្គល​សាង​ឡើងវិញ​ដល់​យើង សូម្បីតែ​នៅពេល​យើង​បាន​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ក៏​ដោយ​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​នៅក្នុង អាលម៉ា 41:6–7 ដែល​ប្រាប់​ថា យើង​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែលយើង​​ទទួល​នៅក្នុង​ដំណើរ​រស់ឡើង​វិញ ។ សូម​គិត​អំពី​សំណួរ​តទៅ​នេះ ៖ ផ្អែក​លើ​ខ​ទាំងនេះ តើ​យើង​ជា​អ្នក​កាត់ក្ដី​ខ្លួន​យើង​ផ្ទាល់​ដោយ​របៀប​ណា​ដែរ ?

មាន​មនុស្ស​ដែល​គិត​ថា ពួកគេ​អាច​ត្រឡប់​ទៅកាន់​ព្រះ​វិញ ដោយ​ពុំ​ចាំបាច់​មាន​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​ចំពោះ​សកម្មភាព​របស់​គេ​នោះទេ ។ ជា​ញឹកញាប់ ពួកគេ​ប្រកាស​ថា ជម្រើស​ដ៏​ពោរពេញ​ដោយ​អំពើ​បាប​របស់​ពួកគេ​គឺ​ជា​រឿង​សប្បាយ ។ ជួនកាល ពួក​អ្នក​ដែល​ចូលរួម​ក្នុង​អំពើ​បាប​អាច​មើល​ទៅ​ដូច​ជា​សប្បាយ​ណាស់ ។ ប៉ុន្តែ សូមអាន អាលម៉ា 41:10 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​អំពើ​ទុច្ចរិត ។ ( អាលម៉ា 41:10 គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

  1. នៅក្នុង អាលម៉ា 41:10 អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ដល់​កូនប្រុស​លោក​ថា « សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។ សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​ជឿ​ថា សេចក្ដី​ថ្លែង​របស់​អាលម៉ា​ពិត ។

    2. សូម​សរសេរ​ឧទាហរណ៍​មួយ ពី​របៀប​ដែល​សាតាំង​អាច​នឹង​ព្យាយាម​លួងលោម​យើង​ឲ្យ​ជឿ​ថា យើង​អាច​បំពាន​បទបញ្ញត្តិ​របស់​ព្រះ ហើយ​នៅតែ​សប្បាយ​រីករាយ​នោះ ។

សូម​គិត​សរសេរ​សេចក្ដី​ថ្លែងការ​តទៅ​នេះ​ដែល​ថ្លែង​ដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរនឹង អាលម៉ា 41:10 ៖ « អ្នក​ពុំ​អាច​ធ្វើ​ខុស ហើយ​មាន​អារម្មណ៍​ថា​ត្រូវ​នោះទេ ។ វា​មិន​អាច​ទៅ​រួច​ទេ ! » ( “A Message to the Rising Generation” Ensign ខែ វិច្ឆិកា ឆ្នាំ 1977 ទំព័រ 30 ) ។

អាលម៉ា 41:11 ពន្យល់​ពី​មូលហេតុ​ដែល​វា​ពុំ​អាច​ទៅ​រួចទេ ដើម្បី​មាន​ភាពរីករាយ​ដ៏​ពិត​ប្រាកដ ពេល​ជ្រើសរើស​ខុស​នោះ ។ ដើម្បី​ជួយ​អ្នក​យល់​ខ​នេះ សូម​បំពេញ​តារាង​ខាងក្រោម ដោយ​ផ្គូផ្គង​ឃ្លា​ចេញ​ពី​បទគម្ពីរ​នីមួយៗ ជាមួយ​នឹង​អត្ថន័យ​របស់​វា ។ ( ពេល​អ្នក​ធ្វើ​ចប់​ហើយ សូម​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក ជាមួយ​នឹង​ចម្លើយ​ទាំងឡាយ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន ) ។

ពាក្យ ឬ ឃ្លា​ទាំងឡាយ​ចេញពី អាលម៉ា 41:11 ដែល​ពិពណ៌នា​ពី​ការ​ស្ថិតនៅក្នុង « ស្ថានភាព​ខាង​សាច់ឈាម »

អត្ថន័យ

  1. « នៅក្នុង​ស្ថានភាព​ខាង​រូបកាយ »

  1. ត្រូវបាន​ដាក់​កំណត់ និង បន្ទុក​ដោយ​អំពើ​បាប​របស់​យើង

  1. « នៅក្នុង​ប្រមាត់​ល្វីង​ជូរចត់ និង នៅក្នុង​ចំណង​ទាំងឡាយ​នៃ​អំពើ​ទុច្ចរិត »

  1. ខ្វះ​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  1. « គ្មាន​ព្រះ​ក្នុង​លោកិយ​នេះ​ឡើយ »

  1. ត្រូវបាន​គ្រប់គ្រប់​ដោយ​បំណង​នៃ​សាច់ឈាម

ឥឡូវ​នេះ ដែល​អ្នក​បាន​ផ្ដល់​និយមន័យ​ដល់​ឃ្លា​ទាំងនេះ​ហើយ សូម​អាន អាលម៉ា 41:11 ម្ដង​ទៀត ដើម្បី​រកមើល​មូលហេតុ​ដែល​វា​ពុំ​អាច​ទៅ​រួច ដើម្បីមាន​ភាពរីករាយ​ ពេល​ជ្រើសរើស​ខុស​នោះ ។ មនុស្ស​ខ្លះ​ដែល​ជ្រើសរើស​សេចក្ដី​ទុច្ចរិត អាច​គិត​ថា ពួកគេ​សប្បាយ​រីករាយ​នៅ​គ្រា​នោះ ប៉ុន្តែ​ជម្រើស​ទាំងឡាយ​របស់​ពួកគេ​នឹង​នាំ​ទៅកាន់​ទុក្ខព្រួយ និង គ្មាន​សុភមង្គល​នៅ​ទីបំផុត ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការ​នៅក្នុង « ស្ថានភាព​ខាង​សាច់ឈាម ឬ ពោរពេញ​ដោយ​អំពើ​បាប ឬ « ស្ថានភាព​ខាង​រូបកាយ » គឺ​ផ្ទុយ​ពី​ស្ថានភាព​សុភមង្គល ?

    2. តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ អំពី​មូលហេតុ​ដែល​មនុស្ស​វ័យ​ក្មេង​អាច​នឹង​ឃើញ​ថា ពួកគេ​ខ្វះ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវបាន​ដាក់​កំណត់ ឬ បន្ទុក​ដោយ​អំពើ​បាប​របស់​ពួកគេ ឬ ត្រូវបាន​គ្រប់គ្រងដោយ​សាច់ឈាម ?

សូមអាន អាលម៉ា 41:12 ហើយ​រកមើល​សំណួរ​ដែល​អាលម៉ា​បានសួរ​ដល់​កូរីអានតុន​អំពី​ការសាង​ឡើង​វិញ ។ ឥឡូវ​នេះ សូមអាន អាលម៉ា 41:13 ហើយ​គូស​ចំណាំ​ថា តើ​អាលម៉ា​បាន​ឆ្លើយ​សំណួរ​នេះ​ដោយ​របៀប​ណា ។

  1. សូម​ស្រមៃ​ថា អ្នក​កំពុង​និយាយ​ទៅកាន់​មិត្ត​ម្នាក់​ដែល​ចង់​មាន​ភាពសប្បាយ​រីករាយ ប៉ុន្តែ​កំពុង​ជ្រើសរើស​ប្រព្រឹត្ត​​​ផ្ទុយ​នឹង​បទបញ្ញត្តិ​របស់​ព្រះ ។ ដោយ​ប្រើ​នូវ​គោលលទ្ធិ​នៃ​ការសាង​ឡើងវិញ ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ សូម​ពន្យល់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​មូលហេតុ​ដែល​ថា គាត់​មិន​កំពុង​​ទទួល​បទពិសោធន៍​នៃ​ភាពរីករាយ​នោះ​ទេ និង ប្រាប់​ពី​មូលហេតុ​អ្វី​ដែល​ត្រូវតែ​ធ្វើ​ដើម្បី​មាន​ភាពរីករាយ​ពិត​ប្រាកដនោះ ។

រូបភាព
ដំបង​ប៊ូមឺរ៉ង់

ដំបង​ប៊ូមឺរ៉ង់​ គឺជា​ឧបករណ៍​មួយ​ ដែល​ពី​ដំបូងឡើយ ​ត្រូវបាន​គេ​ប្រើ​សម្រាប់​ការប្រមាញ់ ។ ដោយសារ​រូប​រាង​របស់​វា ពេល​គេបោះ​គប់​វា​ដោយ​ត្រឹមត្រូវ នោះវា​នឹង​ត្រឡប់​មករក​​បុគ្គល​ដែល​គប់​វា​នោះ​វិញ ។ សូមអាន អាលម៉ា 41:14–15 រកមើល​ថាតើ​ដំបង​ប៊ូមឺរ៉ង់ អាច​ជា​និមិត្តរូប​នៃ​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅក្នុង​ខ​ទាំងនេះ​ដោយ​របៀប​ណា ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ថា « បាន​ធ្វើ​ទៅ » នៅក្នុង​ខ 15 ។ សូម​ពិចារណា​ពី​ពេល​មួយ ​ដែល​អ្នក​បាន​ធ្វើ​អំពើ​ល្អ ឬ សេចក្ដី​មេត្តា​ ហើយ​បាន​ទទួល​វា​ត្រឡប់​មក​វិញ ។

តើ​សកម្មភាព​សុចរិត​អ្វី ដែល​អ្នក​ចង់​ធ្វើ​ទៅ​អ្នក​ដទៃ​ទៀត ឬ អាកប្បកិរិយា​សុចរិត​អ្វី ដែល​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​ឃើញ ហើយ​ដែល​អ្នក​ចង់​ទទួល​បាន​ពី​អ្នក​ផ្សេង​មក​វិញ ? តើ​អ្នក​អាច​ដាក់​គោលដៅ​អ្វីខ្លះ ដើម្បី « ធ្វើ​ទៅ » នូវ​អាកប្បកិរិយា ឬ សកម្មភាព​មួយ​ក្នុង​ចំណោម​អាកប្បកិរិយា ឬ សកម្មភាព​ទាំងនេះ ?

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អាលម៉ា 41:10

  1. សូមអាន អាលម៉ា 41:10 ហើយ​សរសេរ​អ្វី​ដែល​មាន​ដូច​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ប្រសិនបើ​សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល នោះ នឹង​តែងតែ​នាំ​ទៅកាន់​សុភមង្គល ។ សូម​សរសេរ​ពាក្យ​មួយ​នៅក្នុង​ចន្លោះទំនេរ ដើម្បី​បំពេញ​ប្រយោគ​នោះ​បាន​ល្អ​បំផុត ។ ឥឡូវ​នេះ សូម​រាយ​នូវ​ទង្វើ​សុចរិត​មួយ​ចំនួន ដែល​អ្នក​មាន​អារម្មណ៍​ថា ក៏​ត្រឹមត្រូវ​ផងដែរ​សម្រាប់​ចន្លោះ​ទំនេរ​នោះ ( ឧទាហរណ៍ ការបម្រើ​អ្នក​ដទៃ​ទៀត ) ។ សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក ថាតើ​អ្នក​បានឃើញ​ទង្វើ​សុចរិត​មួយ​ចំនួន​ក្នុង​ចំណោម​ទង្វើ​សុចរិត​ទាំងនេះ បានដឹកនាំ​ទៅកាន់​សុភមង្គល​ដោយ​របៀប​ណា ។

វា​ជា​ការសំខាន់​ក្នុង​ការយល់​ថា សុភមង្គល​ដែល​បានមក​ពី​សេចក្ដី​សុចរិត គឺ​ពុំ​តែងតែ​បាន​មក​ភ្លាមៗ ដោយ​ខ្ជាប់ខ្ជួន ឬ ជា​បន្តបន្ទាប់​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ទេ ។ ទោះយ៉ាង​ណា សេចក្ដី​សុខសាន្ត និង សុភមង្គល​នឹង​តែងតែ​បានមក​តាម​របៀប និង ពេល​វេលា​របស់​ព្រះ ចំពោះ​បុគ្គល​ដែល​រស់នៅ​ស្រប​ទៅនឹង​ការបង្រៀន និង បទបញ្ញត្តិ​របស់​ទ្រង់ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 40–41 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​របស់​សកម្មភាព​ផ្គូផ្គង ៖ ( 1 ) គ, ( 2 ) ក, ( 3 ) ខ ។