ថ្នាក់​សិក្ខាសាលា
មេរៀនទី 25 ៖ ថ្ងៃទី 3 នីហ្វៃទី3 14


មេរៀនទី 25 ៖ ថ្ងៃទី 3

នីហ្វៃទី3 14

សេចក្តីផ្ដើម

ទេសនកថា​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ព្រះវិហារ​បរិសុទ្ធ បន្ត​នៅក្នុង នីហ្វៃទី3 13 ។ ទ្រង់​បាន​បង្រៀន​ប្រជាជន​អំពី​ការថ្កោលទោស​អ្នក​ដទៃ​ទៀត និង បាន​ណែនាំ​ពួកគេ​ឲ្យ​ស្វែងរក​ពរជ័យ​មកពី​ព្រះវរបិតាសួគ៌ តាមរយៈ​ការអធិស្ឋាន ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ព្រមាន​ទាស់​នឹង​ពួក​ព្យាការី​ក្លែងក្លាយ​ផងដែរ ហើយ​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្រះបំណង​របស់​ព្រះ ។

នីហ្វៃទី3 14:1–6

ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​ការថ្កោលទោស​អ្នក​ដទៃ

សូម​អាន​ពាក្យ​ទាំងឡាយ​នៃ​មេរៀនទីពីរ នៅក្នុង​ទំនុក​តម្កើង « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ( Hymns, លេខ 220 )—ឬ ច្រៀង​វា​ឲ្យ​ខ្លួនឯង​ស្ដាប់ បើ​អ្នក​មានអារម្មណ៍​ល្អ​ក្នុង​ការធ្វើ​ដូច្នោះ ៖

តើ​ខ្ញុំ​ថ្កោលទោស​អ្នក​ផ្សេង​ម្ដេច​ទៅ

បើ​ខ្ញុំ​មិន​បាន​ល្អ​ខ្ចោះ​ផង ?

ក្នុង​ដួងចិត្ត​លាក់បាំង​ដ៏​ស្ងប់ស្ងាត់

ទុក្ខព្រួយ​ដែល​ភ្នែក​មិន​អាច​ឃើញ ។

តើ​ខ្ញុំ​អាច​ថ្កោលទោស​នរណា​ទៅ ?

ខ្ញុំ​នឹង​ដើរតាម​ព្រះអង្គ ។

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 14 ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​បង្រៀន​ពួក​សាសន៍​នីហ្វៃ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។ សូមអាន នីហ្វៃទី3 14:1–2 ហើយ​ពិចារណា​ពី​របៀប​ដែល​ការណែនាំ​ពី​ព្រះអង្គ​សង្គ្រោះ ទាក់ទង​ទៅនឹង​មេរៀនទីពីរ​នៃ​ទំនុក​តម្កើង​ដែល​អ្នក​បាន​អាន ។ ( វា​អាច​ជួយ​អ្នក​ក្នុង​ការយល់​ថា​ឃ្លា « ដោយ​នូវ​រង្វាស់​ណា​ដែល​អ្នក​រាល់គ្នា​វាល់ » សំដៅ​ទៅលើ​បទដ្ឋាន​ដែល​មនុស្ស​ម្នាក់​វាស់ ឬ ថ្កោលទោស​នរណា​ម្នាក់ ) ។

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ដំបូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី3 14:1–2 ទាក់ទង​ទៅនឹង​មេរៀនទីពីរ​នៃ​ទំនុក​តម្កើង « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ដោយ​របៀប​ណា ?

    2. តើ​អ្នក​នឹង​បង្ហាញ​ពី​សេចក្ដី​ពិត​ដ៏​សំខាន់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង នីហ្វៃទី3 14:2 ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា​ដែរ ? ( អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ពិត ឬ គោលការណ៍​នេះ​នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ ) ។

អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ការយល់ដឹង​បន្ថែម ដែល​ជួយ​យើង​ឲ្យ​យល់​ពី​បញ្ជា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា « កុំឲ្យ​ថ្កោលទោស » នៅក្នុង នីហ្វៃទី3 14:1 ។ ពេល​អ្នក​អាន​វា សូម​គូស​បន្ទាត់​ពីក្រោម​ប្រភេទ​នៃ​ការថ្កោល​ទោស ដែល​លោក​បាន​មាន​ប្រសាសន៍​ថា យើង​គប្បី​ចៀសវាង និង មូលហេតុ ។

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« មាន​នូវ​ការថ្កោលទោស​ពីរ​ប្រភេទ ៖ ការជំនុំ​ជម្រះ​ចុងក្រោយ​បំផុត ដែល​យើង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ និង ការវិនិច្ឆ័យ​ដែល​នៅ​ចន្លោះ ដែល​យើង​ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ ប៉ុន្តែ​ដោយ​ផ្អែកលើ​គោលការណ៍​ដ៏​សុចរិត ។ …

« ការជំនុំ​ជម្រះ​ចុង​ក្រោយ​បំផុត … គឺ​ជា​ពេល​អនាគត​នោះ ដែល​យើង​ទាំងអស់​គ្នា​នឹង​ឈរ​នៅចំពោះ​មុខ​ទី​ជំនុំ​ជម្រះ​របស់​ព្រះគ្រីស្ទ ដើម្បី​ទទួល​ការជំនុំ​ជម្រះ​ស្រប​ទៅតាម​កិច្ចការ​របស់​យើង ។ … ខ្ញុំ​ជឿ​ថា ការបញ្ជា​នៅក្នុង​ព្រះគម្ពីរ​ដែល​ថា ‹ កុំ​ឲ្យ​ថ្កោលទោស › សំដៅ​ច្បាស់លាស់​បំផុត ចំពោះ​ការជំនុំ​ជម្រះ​ចុងក្រោយ​បំផុត​នេះ ។ …

« … ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ថា កុំ​ឲ្យ​យើង​ធ្វើ​ការជំនុំ​ជម្រះ​ចុងក្រោយ​បំផុត ? ខ្ញុំ​ជឿ​ថា បទបញ្ញត្តិ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ដោយសារ​យើង​សន្មត់​ថា​ជា​ការត្រឹមត្រូវ ក្នុង​ការ​ធ្វើ​ការជំនុំ​ជម្រះ​ចុងក្រោយ​បំផុត នៅពេល​ណា​ក៏​ដោយ​ដែល​យើង​ប្រកាស​ថា មនុស្ស​ជាក់លាក់​ណា​ម្នាក់​នោះ​នឹងទៅ​ស្ថាន​នរក ( ឬ ទៅ​ស្ថានសួគ៌ ) សម្រាប់​ទង្វើ​ជាក់លាក់​មួយ ឬ នៅពេល​ជាក់លាក់​មួយ​នោះ ។ ពេល​យើង​ធ្វើ​ដូច្នេះ—ហើយ​មាន​នូវ​ការល្បួង​ដ៏​ធំ​ដើម្បី​ធ្វើ​ដូច្នោះ—នោះ​យើង​ធ្វើ​ឲ្យ​ខ្លួន​យើង និង មនុស្ស​ដែល​យើង​ធ្វើ​ជា​ជំនុំ​ជម្រះ​នោះ​ត្រូវ​ឈឺចាប់​ហើយ ។ …

« … តាម​និយមន័យ ការវិនិច្ឆ័យ​ដ៏​សុចរិត​មួយ​ត្រូវតែ​នៅ​ចន្លោះ​នោះ ។ វា​នឹង​ត្រូវទប់​ពី​ការ​ប្រកាស​ថា មនុស្ស​ម្នាក់​ត្រូវបាន​ធានា​អះអាង​ថា​នឹង​បាន​ភាពតម្កើង​ឡើង ឬ ត្រូវទប់​ពី​ការដេញ​មនុស្ស​ម្នាក់​ចេញ ដោយព្រោះ​គេ​ត្រូវ​ដុត​នៅ​ស្ថាននរក ។ វា​នឹង​ត្រូវ​ទប់​ពី​ការប្រកាស​ថា មនុស្ស​ម្នាក់​ត្រូវបាន​ដកយក​ចេញ​នូវ​ឱកាស​ក្នុង​ការទទួល​បាន​នូវ​ភាពតម្កើង​ឡើង ឬ សូម្បីតែ​ជា​ឱកាស​សម្រាប់​មាន​មុខងារ​ដ៏​មាន​ប្រយោជន៍​មួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ដំណឹងល្អ គឺជា​ដំណឹងល្អ​នៃ​សេចក្ដី​សង្ឃឹម ហើយ​គ្មាន​នរណាម្នាក់​ក្នុង​ចំណោម​យើង មាន​អំណាច​បដិសេធ​អំណាច​នៃ​ដង្វាយធួន ដែល​នាំមក​នូវ​ការសម្អាត​ដល់​អំពើ​បាប​ផ្ទាល់​ខ្លួន នាំមក​នូវ​ការអត់ទោស​ផ្ទាល់​ខ្លួន និង ការបង្កបង្កើត​ជីវិត​ជាថ្មី​មួយ ក្នុង​លក្ខខណ្ឌ​ដ៏​ត្រឹមត្រូវ​នោះ​ទេ » ( “‘Judge Not’ and Judging” Ensign ខែ សីហា ឆ្នាំ 1999 ទំព័រ 7, 9 ) ។

សូម​សញ្ជឹងគិត​ថាតើ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ អូក ជួយ​អ្នក​ឲ្យ​យល់​ពី​ការបញ្ជា​របស់​ព្រះអង្គ​ដែល​ថា « កុំ​ឲ្យ​ថ្កោលទោស » ដោយ​របៀប​ណា ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គោលការណ៍​ចេញពី នីហ្វៃទី3 14:2 ដែល​ថា យើង​នឹង​ត្រូវបាន​ថ្កោលទោស​ទៅតាម​អ្វី​ដែល​យើង​ថ្កោលទោស​គេ​ដែរនោះ ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើល​ទៅ​កំហុស និង ភាពទន់ខ្សោយ​របស់​អ្នក​ផ្សេង​ទៀត​យ៉ាងណា​ដែរ ? សូម​អាន នីហ្វៃទី3 14:12 ។ តើ​ខ​នេះ​អាច​ទាក់ទង​ទៅនឹង​គោលការណ៍​នេះ​យ៉ាងណា​ដែរ ?

តើ​អ្នក​ធ្លាប់​មាន​អ្វី​តូច​មួយ​នៅក្នុង​ភ្នែក​អ្នក​ទេ ដូចជា រោម​ភ្នែក ឬ ធូលី​តូចៗ ? ព្រះគម្ពីរ​សំដៅ​ដល់​ធូលី​តូចៗ​នៅក្នុង​ភ្នែក​នរណា​ម្នាក់ ថាជា​កំទេច ។ កំទេច​ឈើ​ដែល​ក្រាស់​វែង គឺ​សំដៅ​ថា​ជា​ធ្នឹម ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រូបភាព​ទាំងនេះ ដើម្បី​ជួយ​យើង​យល់​ពី​បញ្ហា​ទាំងឡាយ​ដែល​កើតឡើង ពេលដែល​យើង​ថ្កោលទោស​អ្នក​ផ្សេង​ទៀត​ដោយ​ពុំ​សុចរិត ឬ ស្វែងរក​កំហុស​ពួកគេ​ដោយ​មិន​សមរម្យ ។ សូមអាន នីហ្វៃទី3 14:3–5 ហើយ​សូមគិត​ថាតើ កំទេច និង ធ្នឹម តំណាង​ឲ្យ​អ្វី ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូបភាព​មួយ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី3 14:4 ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា កំទេច​តំណាង​ឲ្យ​អ្វី ?

    2. តើ​អ្នក​គិត​ថា ធ្នឹម​តំណាង​ឲ្យ​អ្វី ?

    3. តើ​អ្នក​គិត​ថា ហេតុអ្វី​មិនមែន​ពាក្យ​កំទេច តែ​ជា​ពាក្យ​ធ្នឹម ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​តំណាង​ឲ្យ​កំហុស​ទាំងឡាយ​របស់​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ការថ្កោលទោស​ដោយ​ពុំ​សុចរិត​ទៅវិញ ?

សូម​កត់ចំណាំ​ថា ការប្រៀបធៀប​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ផ្ដោត​ទៅលើ​កម្មវត្ថុ​ទាំងឡាយ ដែល​ជាប់​នៅក្នុង​ភ្នែក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការមើលឃើញ​របស់​មនុស្ស​ម្នាក់ ។ សូម​ពិចារណា​សំណួរ​តទៅនេះ​អំពី​ខ្លួន​អ្នក​ផ្ទាល់ ៖ តើ​កំហុស​របស់​ខ្ញុំ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​ខ្ញុំ​មើល​ទៅ​អ្នក​ផ្សេងទៀត​យ៉ាងណា ? តើ​អ្នក​អាច​អនុវត្ត​ដំបូន្មាន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​នៅក្នុង នីហ្វៃទី3 14:5 ដោយ​របៀប​ណា ?

តើ​អ្នក​គិត​ថា វា​ត្រឹមត្រូវ ឬ ចាំបាច់​ទេ ក្នុង​ការធ្វើ​ការវិនិច្ឆ័យ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ឥរិយាបទ​របស់​មនុស្ស ? ព្យាការី យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ថា ខណៈដែល​យើង​ពុំ​ធ្វើ​ការវិនិច្ឆ័យ​អ្នក​ផ្សេង​ទៀត​ដោយ​ទុច្ចរិត នោះ​យើង​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើប្រាស់​នូវ​ការវិនិច្ឆ័យ​ដែល​សុចរិត ( សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ម៉ាថាយ 7:1 [ នៅក្នុង ម៉ាថាយ 7:1 លេខយោង  ] ) ។

ការពន្យល់​តទៅ​នេះ​ផ្ដល់​នូវ​ការយល់ដឹង​បន្ថែម​ទៀត​ពី​សំណួរ​អំពី​ការវិនិច្ឆ័យ​អ្នក​ដទៃ ៖ « ពេលខ្លះ មនុស្ស​មាន​អារម្មណ៍​ថា វា​ខុស​ក្នុង​ការវិនិច្ឆ័យ​អ្នក​ដទៃ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ ។ ខណៈ​ដែល​វា​ជា​ការត្រឹមត្រូវ​ដែល​ថា អ្នក​មិនគួរ​កាត់ទោស​អ្នក​ដ៏ទៃ ឬ វិនិច្ឆ័យ​ពួកគេ​ដោយ​មិន​យុត្តិធម៌ នោះ​អ្នក​នឹង​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​ពី​គំនិត ពី​ស្ថានភាព និង ពី​មនុស្ស នៅក្នុង​ឆាក​ជីវិត​របស់​អ្នក ។ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ជាច្រើន ដែល​អ្នក​មិន​អាច​ធ្វើ​តាម​បាន ដោយ​គ្មាន​ការវិនិច្ឆ័យ​នោះ​ឡើយ » ( ពិត​ចំពោះ​សេចក្តីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 53-54)

ដើម្បី​ជួយ​អ្នក​យល់​ពី​សារៈសំខាន់​នៃ​ការធ្វើ​ការវិនិច្ឆ័យ​សុចរិត សូមអាន នីហ្វៃទី3 14:6 ហើយ​រកមើល​ការវិនិច្ឆ័យ​មួយ​ចំនួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ណែនាំ​យើង​ឲ្យ​ធ្វើ ។ មុនពេល​អ្នក​អាន វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា « ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ » និង « បោះ​កែវមុក្តា​របស់​ខ្លួន​នៅមុខ​ជ្រូក » មានន័យ​ថា ចែកចាយ​អ្វី​មួយ​ដែល​ពិសិដ្ឋ​ជាមួយ​ពួក​អ្នក​ទាំងឡាយ​ដែល​មិន​ពេញចិត្ត​វា ឬ ពុំ​យល់​ពី​ភាពពិសិដ្ឋ​របស់​វា ។

តើ នីហ្វៃទី3 14:6 ជួយ​អ្នក​ឲ្យ​យល់​ពី​សេចក្ដី​ត្រូវការ​ក្នុង​ការធ្វើ​ការវិនិច្ឆ័យ​ដែល​សុចរិត ដូច​ម្ដេច​ដែរ ? អែលឌើរ ដាល្លិន អេក. អូក បាន​ពន្យល់​ពី​ស្ថានភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​យើង​គប្បី​ធ្វើ​ការវិនិច្ឆ័យ​ដ៏​សុចរិត ៖

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« យើង​ទាំងអស់​គ្នា​ធ្វើ​ការវិនិច្ឆ័យ​ទាំងឡាយ នៅក្នុង​ការជ្រើសរើស​មិត្តភក្ដិ​របស់​យើង នៅក្នុង​ការជ្រើសរើស​របៀប​ដែល​យើង​នឹង​ចំណាយ​ពេល និង លុយ​របស់​យើង ហើយ​ប្រាកដ​ណាស់ គឺនៅក្នុង​ការជ្រើសរើស​ដៃគូ​អស់កល្ប​របស់​យើង ។ …

« … ការវិនិច្ឆ័យ​ដ៏​សុចរិត​មួយ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ មិនមែន​ដោយ​កំហឹង ការសងសឹក ការច្រណែន ឬ ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះទេ » ( “‘Judge Not’ and Judging” ទំព័រ 9 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​សំខាន់​ក្នុង​ការធ្វើ​ការវិនិច្ឆ័យ​ដ៏​សុចរិត​ចំពោះ​ចំណុច​ទាំងឡាយ​ដូចជា ការជ្រើសរើស​មិត្តភក្ដិ ការសម្រេច​ចិត្ត​លើ​របៀប​ដែល​យើង​នឹង​ចំណាយ​ពេល និង លុយ​របស់​យើង ឬ ការជ្រើសរើស​ដៃគូ​អស់កល្ប ? តើ​មាន​ករណី​ផ្សេងទៀត​ណា​ខ្លះ ដែល​វា​ជា​ការចាំបាច់ ឬ ជា​ការត្រឹមត្រូវ ដើម្បី​ធ្វើ​ការវិនិច្ឆ័យ​អ្នក​ផ្សេង​ទៀត ?

    2. តើ​អ្នក​អាច​ធ្វើ​ការវិនិច្ឆ័យ​ឲ្យ​កាន់តែ​សុចរិត​បាន​ដោយ​របៀបណា ? សូម​សញ្ជឹង​គិត ថា​បើ​មាន​នរណា​ម្នាក់​ដែល​អ្នក​អាច​មាន​ចិត្តល្អ​កាន់តែ​ច្រើន​ចំពោះ​គាត់ ឬ ត្រូវ​ទប់​ពី​ការវិនិច្ឆ័យ​ដោយ​ពុំ​សុចរិត ។

នីហ្វៃទី3 14:7–12

ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​ការស្វែងរក​ពរជ័យ​ទាំងឡាយ​ពី​ព្រះវរបិតាសួគ៌

សូម​គិត​អំពី​ពេល​ទាំងឡាយ ដែល​ព្រះវរបិតា​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នក ។ សូមអាន នីហ្វៃទី3 14:7–11 ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​អំពី ព្រះបំណង​របស់​ព្រះវរបិតា​ក្នុង​ការឆ្លើយតប​ការអធិស្ឋាន​របស់​យើង ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញពី នីហ្វៃទី3 14:7–11 គឺ​ថា ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​យើង បើ​យើង​សុំ និង ស្វែងរក​ទ្រង់​នៅក្នុង​ការអធិស្ឋាន ។ តើ​ការដឹង​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក អាច​ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​អធិស្ឋាន​យ៉ាង​ណា​ដែរ ?

  1. សូម​សួរ​ដល់​មនុស្ស​ពេញវ័យ​ម្នាក់​ដែល​អ្នក​ទុកចិត្ត​ពី​សំណួរ​តទៅ​នេះ ៖ តើ​ពេលណា ដែល​អ្នក​បាន​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​អ្នក តាមរយៈ​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក ? សូម​សង្ខេប​ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ចម្លើយ​របស់​គាត់ និង អ្វី​ដែល​អ្នក​បានរៀន​ចេញពី​ចម្លើយ​នោះ ។

នីហ្វៃទី3 14:13–27

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្រះបំណង​របស់​ព្រះវរបិតាសួគ៌

កាលដែល​ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​បង្រៀន​ពួក​សាសន៍​នីហ្វៃ ដែល​បាន​ប្រមូល​គ្នា​នៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ទ្រង់​បាន​ប្រទាន​នូវ​ការប្រៀបធៀប​មួយ​ចំនួន ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ដល់​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់ ។ ការប្រៀបធៀប​នីមួយៗ​រួមមាន​នូវ​គំរូ​ល្អ និង គំរូ​អាក្រក់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​ការបង្ហាញ​ដ៏​សាមញ្ញ​មួយ​អំពី​គំរូ​ល្អ និង គំរូ​អាក្រក់ ដែល​មាន​ក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ​នៃ​វគ្គ​បទគម្ពីរ​ទាំងបី​ខាងក្រោម​នេះ ។ សូម​សរសេរ​ផងដែរ ពី​អ្វី​ដែល​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​រៀន ដោយ​ការប្រៀបធៀប​គំរូ​ល្អ និង អាក្រក់ ។ សូម​រៀបចំ​រួច​ជា​ស្រេច ដើម្បី​បង្ហាញ​ពី​រូបភាព​របស់​អ្នក​ទៅដល់​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក និង ដើម្បី​ពន្យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញពី​ការប្រៀបធៀប​ទាំងនេះ ។

    1. នីហ្វៃទី3 14:13–14

    2. នីហ្វៃទី3 14:15–20

    3. នីហ្វៃទី3 14:24–27

សូមអាន នីហ្វៃទី3 14:21–23 ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​អាច​និយាយ​ទៅកាន់​មនុស្ស​ម្នាក់ ដែល​ប្រាប់​អ្នក​ថា អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ គឺ​និយាយ​ថា អ្នក​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 14 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖