ថ្នាក់​សិក្ខាសាលា
មេរៀនទី 15: ថ្ងៃទី 3 អាលម៉ា 6–7


មេរៀនទី 15 ៖ ថ្ងៃទី 3

អាលម៉ា 6–7

សេចក្តីផ្ដើម

បន្ទាប់​ពី​បង្រៀន​ប្រជាជន​នៅ​សារ៉ាហិមឡា និង រៀបចំ​សាសនាចក្រ​ឲ្យ​មាន​របៀប​រៀបរយ​ហើយ អាលម៉ា​បាន​ទៅ​កាន់​ទីក្រុង​គេឌាន ។ លោក​បានឃើញ​ថា បណ្ដាជន​នៅ​ទីនោះ​ស្មោះត្រង់​ជាង​បណ្ដាជន​នៅ​សារ៉ាហិមឡា ។ ហេតុ​ដូច្នោះ​ហើយ លោក​បាន​លើក​ទឹកចិត្ត​ប្រជាជន​នៅ​គេឌាន​ឲ្យ​បន្ត​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់ និង បន្ត​ព្យាយាម​អនុវត្ត​នូវ​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​ពួកគេ ។ ទីបន្ទាល់​របស់​អាលម៉ា​អំពី​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​យល់​ច្បាស់​ថែមទៀត អំពី​ទំហំ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង បង្រៀន​អ្នក​ពី​របៀប​ដើម្បី​ទទួល​បាន​ពរជ័យ​ពី​ដង្វាយធួន​របស់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ កាលដែល​អ្នក​បន្ត​ដើរតាម​ផ្លូវ​ទៅកាន់​នគរ​របស់​ព្រះ ។

អាលម៉ា 6

អាលម៉ា​ពង្រឹង​សាសានចក្រ​ន​សារ៉ាហិមឡា ហើយ​ទៅ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​គេឌាន

សូម​បំពេញ​ប្រយោគ​ដូច​តទៅ​នេះ ៖ ខ្ញុំ​ចូលរួម​នៅ​ព្រះវិហារ​ពីព្រោះ  ។

នៅពេល​ដែល​អ្នក​សិក្សា អាលម៉ា 6 សូម​គិត ថាតើ​ការយល់​ពី​គោលបំណង​នៃ​ការប្រជុំ​នៅ​សាសនាចក្រ អាច​ធ្វើ​ឲ្យ​ការប្រជុំ​ទាំងនោះ​កាន់តែ​មាន​អត្ថន័យ​ចំពោះ​អ្នក​យ៉ាងណា ។

មុនពេល​អាលម៉ា​បានចាកចេញ​ពី​សារ៉ាហិមឡា លោក​បាន​ពង្រឹង​សាសនាចក្រ​នៅ​ទីនោះ ។ សូមអាន អាលម៉ា 6:1–4 ហើយ​រកមើល​ឃ្លា​ចំនួន​ពីរ ឬ បី ដែល​ពិពណ៌នា​អំពី​ទំនួល​ខុសត្រូវ​ទាំងឡាយ​របស់​អ្នក​ដឹកនាំ​បព្វជិតភាព​នៅក្នុង​សាសនាចក្រ ។

គោលការណ៍​សំខាន់​មួយ ដែល​យើង​រៀន​ពី​បទពិសោធន៍​របស់​អាលម៉ា​គឺ ៖ នៅក្នុង​ជំនាន់​របស់​យើង ក៏​ដូច​ជា​នៅក្នុង​ជំនាន់​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​មរមន​ដែរ គឺថា សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ទាំងអស់ ។ សូមអាន អាលម៉ា 6:5–6 ហើយ​គូស​ចំណាំ​ឃ្លា​ពីរ​ដូច​តទៅនេះ ៖ « ដើម្បី​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះ » និង « រួមគ្នា​តម​អាហារ ហើយ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដើម្បី​សុខុមាលភាព​ដល់​ព្រលឹង​នៃ​ពួក​អ្នក​ដែល​ពុំ​ស្គាល់​ព្រះ » ។ ឃ្លា​ទាំងនេះ​កំណត់​ពី​របៀប ដែល​សាសនាចក្រ​ផ្ដល់​ឱកាស​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី​លូតលាស់ និង ជួយ​អ្នក​ផ្សេងទៀត ។ សូម​គិត​អំពី​របៀប​ដែល​សមាជិក​សាសនាចក្រ​នៅ​សារ៉ាហិមឡា បំពេញ​ប្រយោគ​ដែល​អ្នក​បាន​បំពេញ​ខាងលើ ។

  1. សូម​សរសេរ​គំនិត​មួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ការទៅកាន់​ព្រះវិហារ​សម្រាប់​មូលហេតុ​ដែល​មាន​នៅក្នុង អាលម៉ា 6:5–6 អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាងណា ចំពោះ​បទពិសោធន៍​របស់​អ្នក​នៅ​ព្រះវិហារ ។

ពរជ័យ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​គឺ​មាន​បំណង​ដើម្បី​ផ្ដល់​ដល់​បុត្រាបុត្រី​ទាំងអស់​នៃ​ព្រះ ។ អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« គ្រប់​គ្នា អធិស្ឋាន​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ឲ្យ​ធ្វើ​ដូច្នោះ​ជានិច្ច ។ នៅក្នុង​វិញ្ញាណ​ដដែល​នោះ យើង​ក៏​គួរតែ​អធិស្ឋាន​សម្រាប់​ពួកអ្នក​ដែល​កំពុង ( ឬ អ្នក​ដែល​ត្រូវការ ) ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផងដែរ ។ នៅឯ​សារ៉ាហិមឡា សមាជិក​ត្រូវបាន​បញ្ជា​ឲ្យ ‹ រួមគ្នា​តម​អាហារ ហើយ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត › [ អាលម៉ា 6:6 ] សម្រាប់​ពួក​អ្នក​ដែល​មិនទាន់​បាន​ចូលរួម​នឹង​សាសនាចក្រ​របស់​ព្រះ​នៅឡើយ ។ យើង​អាច​ធ្វើ​ដូច​គ្នា​ដែរ ។

« យើង​ក៏​អាច​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​ការផ្សព្វផ្សាយ​សាសនា​ផ្ទាល់​ខ្លួន​របស់​យើង​ផ្ទាល់ ។ សូម​អធិស្ឋាន​ថា នៅក្រោម​ការគ្រប់គ្រង​ដ៏​ទេវភាព​នៃ​ការណ៍​ទាំងឡាយ​បែបនោះ នោះ​ឱកាស​ផ្សព្វផ្សាយ​សាសនា​ដែល​អ្នក​ចង់បាន គឺ​កំពុង​ត្រូវបាន​រៀបចំ​រួច​ជា​ស្រេច​នៅក្នុង​ដួងចិត្ត​របស់​នរណា​ម្នាក់ ដែល​ចង់​បាន​យ៉ាងខ្លាំង និង ដែល​ស្វែងរក​នូវ​អ្វី​ដែល​អ្នក​មាន ។ ‹ មាន​មនុស្ស​ជាច្រើន​នៅលើ​ផែនដី​នៅឡើយ … ដែល​លាក់​ពី​សេចក្ដី​ពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដី​ពិត​ឯណា​ទេ › [ គ. និង ស. 123:12 ] ។ សូម​អធិស្ឋាន​ថា ពួកគេ​នឹង​រកឃើញ​អ្នក ! ហើយ​បន្ទាប់មក ចូរ​វាងវៃ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​នៅក្នុង​ពិភព​របស់​អ្នក ដែល​មាន​អារម្មណ៍​ថា មាន​អំណត់អត់​នៅក្នុង​ជីវិត​របស់​ពួកគេ ពុំមែន​ជា​អំណត់អត់​នំប៉័ង មិនមែន​ស្រេកទឹក​នោះទេ ប៉ុន្តែ​ជា​អំណត់អត់​ការឮ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ [ សូមមើល អេម៉ុស 8:11 ] » ( “Witnesses unto Me” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 15 ) ។

ដើម្បី​ធ្វើតាម​ដំបូន្មាន​របស់ អែលឌើរ ហូឡិន សូម​ពិចារណា​អំពី​ការអធិស្ឋាន​ដើម្បី​ព្រះវរបិតា​ជួយ​អ្នក​ទទួល​ស្គាល់ និង អនុវត្ត​ទៅលើ​ឱកាស​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​ត្រូវបាន​រៀបចំ​សម្រាប់​អ្នក ។ សូម​ស្វែងរក​ឱកាស​ទាំងឡាយ ដើម្បី​អញ្ជើញ​អ្នក​ដទៃ​ទៀត​ឲ្យ​មក​រួម​ទទួល​ពរជ័យ​ដែល​អ្នក​ទទួល​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ ។

អាលម៉ា 7:1–13

អាលម៉ា​បង្រៀន​ប្រជាជន​គេឌាន​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​គិត​ស្រមៃ​ថា អ្នក​កំពុង​មាន​ការសន្ទនា​មួយ​អំពី​ការប្រែចិត្ត ជាមួយ​មិត្តភក្ដិ​របស់​អ្នក​ដែល​ជា​សមាជិក​សកម្ម​នៅក្នុង​សាសនាចក្រ ។ មិត្ត​របស់​អ្នក​ពុំបាន​គិត​ថា ពួកគេ​បាន​ប្រព្រឹត្ត​អំពើបាប​អ្វី​ធ្ងន់ធ្ងរ​នោះទេ ហើយ​ឆ្ងល់​ថា ពួកគេ​អាច​ទទួល​បទពិសោធន៍​យ៉ាង​ពិត​ប្រាកដ អំពី​អំណាច​នៃ​ដង្វាយធួន​ដោយ​របៀបណា ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាចនឹង​ចែកចាយ​ជាមួយ​មិត្ត​ទាំងនេះ ។ សូម​ចងចាំ​គំនិត​ទាំងនេះ ពេល​អ្នក​សិក្សា អាលម៉ា 7:1–13 ។

បន្ទាប់ពី​ចាកចេញ​ពី​សារ៉ាហិមឡា អាលម៉ា​បាន​និយាយ​ជាមួយ​នឹង​ប្រជាជន​នៅក្នុង​ទីក្រុង​គេឌាន ។ សូមអាន អាលម៉ា 7:3–6 ដើម្បី​ឃើញ​ពី​ស្ថានភាព​ខាង​វិញ្ញាណ​យ៉ាងណា ដែល​អាលម៉ា​សង្ឃឹម​ចង់​ឃើញ​ក្នុង​ចំណោម​ប្រជាជន​នៅ​គេឌាន ។ បន្ទាប់មក សូមអាន អាលម៉ា 7:17–19 ដើម្បី​រកមើល​ថាតើ​សេចក្ដី​សង្ឃឹម​របស់​អាលម៉ា​ត្រូវបាន​បញ្ជាក់​ឬ​យ៉ាងណា ។ នៅលើ​បន្ទាត់​តទៅ​នេះ សូម​ពិពណ៌នា​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ប្រជាជន​គេឌាន ៖

សូមអាន អាលម៉ា 7:7–10 ហើយ​រកមើល​ព្រឹត្តិការណ៍ ដែល​អាលម៉ា​មាន​អារម្មណ៍​ថា​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ដើម្បី​ដឹង និង អ្វី​ដែល​ប្រជាជន​ត្រូវ​ធ្វើ​ដើម្បី​រៀបចំ​សម្រាប់​ការណ៍​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​អាលម៉ា​ប្រាប់​ប្រជាជន​ដែល​មាន​សេចក្ដី​ជំនឿ​រឹងមាំ​រួចទៅហើយ​នោះ ( សូមមើល អាលម៉ា 7:17 ) ថា​ពួកគេ​ត្រូវ​ប្រែចិត្ត ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ? ( សូមមើល រ៉ូម 3:23 ) ។

អាលម៉ា​បានបង្រៀន​ប្រជាជន​គេឌាន​ពី​គោលការណ៍​ដ៏​សំខាន់​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប និង សេចក្ដី​ស្លាប់ ព្រមទាំង​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ សូមអាន អាលម៉ា 7:11–13 ហើយ​គូស​ចំណាំ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ពី​លក្ខខណ្ឌ​ដែល​ព្រះអង្គ​សង្គ្រោះ​ស្ម័គ្រ​ព្រះទ័យ « លើក​ដាក់​លើ » ព្រះអង្គ​ទ្រង់​ផ្ទាល់ សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ជំងឺ​ឈឺចាប់ គឺ​ជា​ភាពទន់ខ្សោយ ពិការភាព ឬ ជំងឺ​ទាំងឡាយ—ជា​ពាក្យ​ដែល​ក្តោបន័យ​ឲ្យ​បញ្ហា​ជា​ច្រើន​ប្រភេទ ។ ពាក្យ​ជួយ មានន័យ​ថា​ជួយ​នៅក្នុង​គ្រា​នៃ​សេចក្ដី​ត្រូវការ ឬ គ្រា​ទុក្ខព្រួយ ។ វា​ជា​ពាក្យ​ឫស​នៃ​ភាសា​ឡាតាំង ដែល​មានន័យ​ថា​រត់ទៅ​រក​ជំនួយ​របស់​នរណា​ម្នាក់ ដែល​នាំទៅ​កាន់​ព្រះរាជ​បំណង​របស់​ព្រះ ដែល​មាន​ព្រះទ័យ​ប្រាថ្នា​ជួយ​យើង ។

នៅក្បែរ អាលម៉ា 7:11–13 នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី អែលឌើរ ប្រូស ស៊ី. ហាហ្វីន ដែល​បាន​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិប​នាក់ ៖ « ដង្វាយធួន​ពុំ​មែន​សម្រាប់​តែ​អ្នក​មាន​បាប​នោះទេ » ( “Beauty for Ashes: The Atonement of Jesus Christ” Ensign ខែ មេសា ឆ្នាំ 1990 ទំព័រ 7 ) ។ ( អាលម៉ា 7:11–13 គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

  1. តារាង​ខាងក្រោម​នេះ​រួមមាន​នូវ​ពាក្យ​ទាំងឡាយ​ចេញពី អាលម៉ា 7:11–13 ដែល​ពិពណ៌នា​អំពី​លក្ខខណ្ឌ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​ផ្ទាល់ ។ សូម​គូស​តារាង​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក បន្ទាប់មក សូម​ជ្រើសរើស​ពាក្យ​មួយ​ចំនួន​នៃ​ពាក្យ​ទាំងនេះ ហើយ​សរសេរ​ឧទាហរណ៍​អំពី​របៀប​ដែល​អ្នក ឬ មនុស្ស​ដែល​អ្នក​បាន​ស្គាល់ បាន​មាន​បទពិសោធន៍​អំពី​លក្ខខណ្ឌ​ទាំងនេះ ។ សូម​គិត​ថាតើ​វា​មានន័យ​យ៉ាងណា ដែល​មាន​ព្រះយេស៊ូវគ្រីស្ទ​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​ការណ៍​ទាំងនេះ ។

ការឈឺចាប់

ទុក្ខវេទនា

ការល្បួង

ជំងឺ

សេចក្តីស្លាប់

ជំងឺ​ឈឺចាប់

អំពើបាប

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន បាន​ចែកចាយ​នូវ​ទីបន្ទាល់​ខាងក្រោម​នេះ​ថា ដង្វាយធួន​អាច​លើក​បន្ទុក​របស់​យើង​ចេញ​ពី​យើង​បាន ៖

« តើ​អ្នក​កំពុង​តែ​ប្រយុទ្ធ​នឹង​បីសាច​នៃ​ការញៀន—គឺ​ជា​ថ្នាំជក់ ឬ ថ្នាំញៀន ឬ ល្បែង​ស៊ីសង ឬ រោគពិស​នៃ​រូប​អាសគ្រាម​ដ៏​ចង្រៃ​នា​សម័យ​នេះ​ឬ ? តើ​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្ថិត​នៅក្នុង​បញ្ហា ឬ កូន​របស់​អ្នក​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ឬទេ ? តើ​អ្នក​មាន​ភាពភាន់​ច្រឡំ​នឹង​អត្តសញ្ញាណ​នៃ​ភេទ ឬ កំពុង​ស្វែងរក​ការគោរព​ឲ្យ​តម្លៃ​ខ្លួនឯង​ឬ ? តើ​អ្នក—ឬ នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់—ប្រឈម​នឹង​ជំងឺ ឬ សម្ពាធចិត្ត ឬ សេចក្ដី​ស្លាប់​ឬ ? មិនថា​អ្នក​ត្រូវ​បោះ​ជំហានមួយណា​ ដើម្បី​ដោះស្រាយ​កង្វល់​ទាំងនេះទេ សូម​មករក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មុនគេ​បង្អស់ ។ សូម​ទុកចិត្ត​ទៅលើ​ការសន្យា​នៃ​ឋានសួគ៌ ។ ទាក់ទង​នឹង​អ្វី​ដែល​ទើប​នឹង​បាន​និយាយ ទីបន្ទាល់​របស់​អាលម៉ា​គឺជា​ទីបន្ទាល់​របស់​ខ្ញុំ​ដែរ ៖ លោក​បាន​និយាយ​ថា ‹ ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅលើ​ព្រះ អ្នក​នោះ​ហើយ​ដែល​នឹង​​បាន​គាំទ្រ​នៅក្នុង​ការពិសោធន៍​របស់​គេ និង វិបត្តិ​របស់​គេ និង ការទុក្ខ​វេទនា​របស់​គេ › [ អាលម៉ា 36:3 ] ។

« ការទុក​ទី​ទុកចិត្ត​ទៅលើ​ធម្មជាតិ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​នៃ​ព្រះ គឺ​ស្ថិត​នៅ​ចំណុច​កណ្ដាល​បំផុត​នៃ​ដំណឹងល្អ​ដែល​ព្រះគ្រីស្ទ​បាន​បង្រៀន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ មិនត្រឹម​តែ​លើក​បន្ទុក​នៃ​អំពើ​បាប​ចេញ​ពី​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើក​បន្ទុក​នៃ​ការខកចិត្ត និង ទុក្ខព្រួយ​របស់​យើង​ ព្រមទាំង​ដួងចិត្ត​ឈឺចាប់ និង សេចក្ដី​អស់​សង្ឃឹម​របស់​យើងផងដែរ [ សូមមើល អាលម៉ា 7:11–12 ] ។ តាំងពី​ដំបូង​មក ការទុកចិត្ត​លើ​ជំនួយ​បែបនេះ គឺ​បាន​ផ្ដល់​ដល់​យើង​ទាំង​មូលហេតុ​មួយ និង របៀប​មួយ​ដើម្បី​អភិវឌ្ឍ ឲ្យ​ដាក់ចុះ​បន្ទុក​របស់​យើង និង លើកយកមក​នូវ​សេចក្ដី​សង្គ្រោះ​របស់​យើងវិញ » ( “Broken Things to Mend” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 70–71 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក តាមរយៈ​ដង្វាយធួន ។ បន្ទាប់មក សូម​ឆ្លើយតប​ចំពោះ​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ទាំងនេះ ៖

    1. តើ​ពេលណា​ដែល​ដង្វាយធួន​បានជួយ​អ្នក នៅក្នុង​របៀប​មួយ​ដែល​អាលម៉ា​បាន​ពិពណ៌នា​នៅក្នុង អាលម៉ា 7:11–13 ? តើ​ដង្វាយធួន​បាន​ជួយ​អ្នក​យ៉ាងណា​ដែរ អំឡុង​ពេល​នោះ ?

    2. តើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​អ្នក​ជាមួយនឹង​ឧបសគ្គ​ដែល​អ្នក​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន​នេះ​យ៉ាងណា​ដែរ ? តើ​អ្នក​នឹង​ធ្វើ​អ្វី ដើម្បី​ពឹងផ្អែក​លើ​ដង្វាយធួន ពេលដែល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ​នេះ ?

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អាលម៉ា 7:11–13

ដោយ អាលម៉ា 7:11–13 គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​ដ៏​វែង​មួយ នោះ​វា​រួម​មាន​នូវ​ពាក្យ​ជាក់លាក់​ទាំងឡាយ ដែល​អាច​ជួយ​អ្នក​ចងចាំ​ពី​ទំហំ និង ព្រះចេស្ដា​នៃ​ដង្វាយធួន​អស់​ពេញ​ជីវិត​អ្នក ។ ដើម្បី​ជួយ​អ្នក​ឲ្យ​ចាំ​ពាក្យ​គន្លឹះ​ទាំងនេះ សូម​សរសេរ​ឡើងវិញ​នូវ អាលម៉ា 7:11–13 នៅលើ​ក្រដាស​ដាច់​ដោយឡែក​មួយ ដោយ​ទុក​ចន្លោះ​ពាក្យ​ទាំងឡាយ​ដែល​មាន​ក្នុង​តារាង​មុន​នៅក្នុង​មេរៀន​នេះ ។ សូមអាន​ការសរសេរ​របស់​អ្នក​ពី​ខគម្ពីរ​នេះ រហូត​ទាល់តែ​អ្នក​អាច​បំពេញ​ពាក្យ​ដែល​ចន្លោះ ដោយ​មិន​បាច់​មើល​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​អាច​នឹង​ចង់​រំឭក​ខ​ទាំងនេះ​ពីរបី​ថ្ងៃ​ជាប់​គ្នា ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​សម្រាប់​អ្នក និង អ្នក​ផ្សេងទៀត​អស់​មួយ​ជីវិត​អ្នក ។ សូម​សាកល្បង​ចំណេះ​ចំណាន​ខគម្ពីរ​របស់​អ្នក​អំពី អាលម៉ា 7:11–13 ដោយ​ការទន្ទេញ​វា​ឲ្យ​ឮៗ​ដល់​ខ្លួន​ឯង ឬ ដល់​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ឬ ដោយ​ការសរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
ខ្ពស់​បំផុត​លើស​អស់​អ្វីៗ

អាលម៉ា 7:14–27

អាលម៉ា​លើក​ទឹកចិត្ត​ដល់​ប្រជាជន​ឲ្យ​បន្ត​លើ​ផ្លូវ​ទៅកាន់​នគរ​នៃ​ព្រះ

សូមអាន អាលម៉ា 7:19 ដើម្បី​ចាំ​ពី​របៀប​ដែល​បាន​ពិពណ៌នា​ពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ប្រជាជន​នៅ​គេឌាន ។ អាលម៉​បាន​បង្រៀន​ពី​គោលការណ៍​ដ៏​សំខាន់​នេះ ៖ ដោយ​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ នោះ​យើង​ដើរតាម​ផ្លូវ​ទៅកាន់​នគរ​នៃ​ព្រះ​ហើយ ។ ( នគរ​នៃ​ព្រះ​គឺ​នគរ​សេឡេស្ទាល ) ។ សូម​ពិនិត្យ​មើល អាលម៉ា 7:14–16 ហើយ​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​បង្ហាញ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ដើរ​តាម​ផ្លូវ​ដែល​នឹង​ដឹកនាំ​យើង​ទៅកាន់​នគរ​នៃ​ព្រះ ។ បន្ទាប់មក សូម​ពិនិត្យ​មើល អាលម៉ា 7:22–25 ហើយ​គូស​បន្ទាត់​ពីក្រោម​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​អ្វី​ដែល​យើង​ត្រូវ​ប្រែក្លាយ ដើម្បី​ដើរ​តាម​ផ្លូវ​នេះ ។

  1. សូម​គូស​ផ្លូវ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ចេញពី​ជ្រុង​សៀវភៅ​ខាងក្រោម​ខាងឆ្វេង​នៃ​ទំព័រ ទៅ​ជ្រុង​ខាងស្ដាំ​ខាងលើ​ទំព័រ ។ សូម​សរសេរ ជីវិត​រមែង​ស្លាប់ នៅ​ផ្នែក​ខាងក្រោម​ផ្លូវ ហើយ​សរសេរ នគរ​នៃ​ព្រះ នៅ​ផ្នែក​ខាងលើ​ផ្លូវ ។ នៅតាម​ផ្លូវ សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ និង អ្វី​ដែល​អ្នក​គួរ​ប្រែក្លាយ ដែល​នឹង​ដឹកនាំ​អ្នក​ទៅកាន់​នគរ​នៃ​ព្រះ ។

  2. សូម​ជ្រើសរើស​សកម្មភាព​មួយ​ចេញ​ពី​ផ្លូវ ហើយ​សរសេរ​ថាតើ​អ្នក​បានឃើញ​នរណា​ម្នាក់​ធ្វើ​ការណ៍​នេះ​យ៉ាងណា ។ បន្ទាប់មក សូម​ជ្រើសរើស​អាកប្បកិរិយា​មួយ​ចេញពី​ផ្លូវ ហើយ​សរសេរ​ថាតើ​អ្នក​បានឃើញ​នរណា​ម្នាក់​ជា​មនុស្ស​បែបនោះ ។ សូម​ដាក់​គោលដៅ​មួយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​លើ​ចំណុច​ទាំងពីរ​នេះ ដើម្បី​អ្នក​អាច​ចូល​ក្នុង​នគរ​នៃ​ព្រះ​នៅ​ថ្ងៃ​មួយ ។

សូមអាន អាលម៉ា 7:27 ហើយ​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​អាលម៉ា​បានដឹង​ថា ប្រជាជន​នឹង​ទទួលបាន ប្រសិនបើ​ពួកគេ​បន្ត​នៅក្នុង​សេចក្ដី​ជំនឿ និង កិច្ចការ​ល្អ ។ សូម​ចងចាំ​ថា ពេល​អ្នក​ដើរតាម​ដោយ​ស្មោះត្រង់​តាម​ផ្លូវ​ដែល​ដឹកនាំ​ទៅកាន់​នគរ​នៃ​ព្រះ នោះ​អ្នក​ក៏​អាច​ទទួល​បាន​ពរជ័យ​ផងដែរ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 6–7 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖