ថ្នាក់​សិក្ខាសាលា
មេរៀនទី 21 ៖ ថ្ងៃទី 1 អាលម៉ា 45–49


មេរៀនទី 21 ៖ ថ្ងៃទី 1

អាលម៉ា 45–49

សេចក្តីផ្ដើម

បន្ទាប់ពី​អាលម៉ា​បានផ្ដល់​នូវ​ការណែនាំ​ចុងក្រោយ​របស់​លោក​ដល់​ហេលេមិន​ជា​កូនប្រុស​របស់​លោក​ហើយ លោក​បាន​ចាកចេញ​ពី​ប្រជាជន​នីហ្វៃ ហើយ​មិន​បានឮ​ពី​លោក​ទៀតឡើយ ។ អំឡុងពេល​នៃ​ការលំបាក​របស់​ពួក​សាសន៍​នីហ្វៃ​ដែល​មាន​ក្រោយ​មក​ទៀត​នោះ ហេលេមិន និង មេទ័ព​មរ៉ូណៃ បានក្លាយ​ជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ និង ខាង​ទាហាន​របស់​ពួកគេ ។ អាម៉ាលិកាយ​ជា​អ្នកដឹកនាំ​របស់​ពួក​សាសន៍​លេមិន បាន​ដើរតាម​បំណង​ប្រាថ្នា​របស់​ខ្លួន​ដោយ​អាត្មា​និយម ដោយ​ប្រើ​នូវ​កលយុទ្ធ​ដែល​ដូចគ្នា​ទៅនឹង​កលយុទ្ធ​របស់​អារក្ស ។ មេទ័ព​មរ៉ូណៃ​បាន​រៀបចំ​ប្រជាជន​របស់​លោក​ឲ្យ​ស្មោះត្រង់​នឹង​ព្រះ ក្នុង​អំឡុង​គ្រា​ដ៏​គ្រោះថ្នាក់​ទាំងនោះ ។

អាលម៉ា 45

ហេលេមិន​ជឿ​ពាក្យ​របស់​អាលម៉ា​ជា​ឪពុក​លោក ហើយ​បានចាប់​ផ្ដើម​ការបម្រើ​របស់​លោក ។

សូម​រំឭក​ឡើង​វិញ​នូវ​ការសម្ភាសន៍​មួយ​ដែល​អ្នក​មាន​ជាមួយ​នឹង​ឪពុក ឬ ម្ដាយ ឬ អ្នក​ដឹកនាំ​បព្វជិតភាព​របស់​អ្នក ។ សូម​គិត​ពី​ប្រភេទ​សំណួរ ដែល​អ្នក​ត្រូវ​បាន​សួរ ។ មុនពេល​អាលម៉ា​បាន​ចាកចេញ​ពី​ដែនដី លោក​បាន​សួរ​ហេលេមិន​នូវ​សំណួរ​សំខាន់​បី ។ សូមអាន អាលម៉ា 45:2–7 ហើយ​រកមើល និង គូស​ចំណាំ​សំណួរ​ទាំងនេះ ។ ( « ពាក្យ » ដែល​អាលម៉ា​និយាយ​សំដៅ​ដល់​នៅក្នុង​ខ 2 គឺ​មាន​នៅក្នុង អាលម៉ា 37:1 ) ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​ដល់​សំណួរ​របស់​អាលម៉ា ៖ តើ​អ្នក​ជឿ​លើ​ព្រះគម្ពីរ​ទាំងឡាយ​ទេ ? តើ​អ្នក​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ទេ ? តើ​អ្នក​នឹង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ទេ ?

រូបភាព
បុរស និង យុវជន

បន្ទាប់ពី​ហេលេមិន​បាន​ប្រកាស​ពី​ទីបន្ទាល់​របស់​លោក​ហើយ អាលម៉ា​បាន​និយាយ​ទៅកាន់​លោក​អំពី​អនាគត​របស់​ពួក​សាសន៍​នីហ្វៃ ។ លោក​បាន​ព្យាករ​ពី​សេចក្ដី​បំផ្លិច​បំផ្លាញ​របស់​ពួកគេ និង សេចក្ដី​បំផ្លិច​បំផ្លាញ​របស់​ប្រជាជន​ណា​ផ្សេងទៀត​ក៏​ដោយ ដែល​ទុំ​សុះ​នៅក្នុង​អំពើ​ទុច្ចរិត​នៅលើ​ដែនដី​ដ៏​ជម្រើស​នេះ ។ សូមអាន អាលម៉ា 45:16 ហើយ​ពិចារណា​សេចក្ដី​ពិត​តទៅ​នេះ​ដែល​នៅក្នុង​ខ​នេះ ៖ ព្រះអម្ចាស់​ទ្រង់​មិន​អាច​ទតមើល​អំពើ​បាប សូម្បី​តែ​បន្តិច​បន្តួច​ឡើយ ។

ដើម្បី​ជួយ​អ្នក​យល់​ពី​គោលការណ៍​នេះ សូម​ចងចាំ​ថា តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង​ទាំងអស់ ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​ស្វែងរក​ការអត់ទោស​ពី​ទ្រង់ ។ ព្រះ​ពុំ​អាច​អត់ទ្រាំ​នឹង​អំពើ​បាប ទោះ​នៅ​កម្រិត​ណា​ក៏​ដោយ ។ ទោះយ៉ាងណា ដោយសារ​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​នឹង​រងទុក្ខ​ជំនួស​យើង នោះ​យើង​ពុំ​ចាំបាច់​រងទុក្ខ​នូវ​អំពើ​បាប​របស់​យើង​ឡើយ ប្រសិនបើ​យើង​ប្រែចិត្ត ។

សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 1:31–33 ។ អ្នក​អាច​នឹង​ចង់​សរសេរ​ខ​ទាំងនេះ​ជា​ខ​យោង នៅក្បែរ អាលម៉ា 45:16 ។

  1. សូម​ឆ្លើយ​តប​ដល់​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ព្រះអង្គ​សង្គ្រោះ ពេល​អ្នក​គិត​អំពី​ការស្ម័គ្រ​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​បង់​ថ្លៃ​អំពើ​បាប​របស់​អ្នក​នោះ ?

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 45:20–24 ហេលេមិន​បាន​ចាប់ផ្ដើម​ការបម្រើ​របស់​លោក​ជា​ព្យាការី​ម្នាក់​របស់​ព្រះអម្ចាស់ និង ជា​អ្នក​ដឹកនាំ​សាសនាចក្រ ។ លោក និង អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត បាន​ចាត់តាំង​ពួក​សង្ឃ និង គ្រូ នៅទូទាំង​ក្រុម​ជំនុំ ប៉ុន្តែ​ដោយសារ​ការឈ្លោះ​ទាស់ទែង និង ការកើនឡើង​នូវ​ភាពឆ្មើងឆ្មៃ ប្រជាជន​បាន​បដិសេធ​ក្នុង​ការស្ដាប់​ដល់​អ្នក​ដឹកនាំ​របស់​ពួកគេ ។

អាលម៉ា 46

មេទ័ព​មរ៉ូណៃ​ប្រមូល​ផ្ដុំ​ពួក​អ្នក​សុចរិត ដើម្បី​ការពារ​សិទ្ធិ និង សាសនា​របស់​ពួកគេ ។

រូបភាព
ចេញ​ឆ្ពោះ​ទៅមុខ

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 46:1–7 ប្រជាជន​មួយ​ចំនួន​ដែល​ខឹង​នឹង​ហេលេមិន និង បងប្អូន​របស់​លោក បាន​ជ្រើសរើស​ចាកចេញ​ពី​សាសនាចក្រ ហើយ​ដើរតាម​បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ​អាម៉ាលិកាយ ដែល​ចង់​ធ្វើ​ជា​ស្ដេច ។ សូមអាន អាលម៉ា 46:8–10 ហើយ​រកមើល​មេរៀន​ទាំងឡាយ ដែល​មរមន​ចង់​ឲ្យ​យើង​រៀន​ពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ ។

ដើម្បី​ជួយ​ការពារ​ឥស្សរភាព​របស់​ប្រជាជន មរ៉ូណៃ​ដែល​ជា​មេទ័ព​ឯក​របស់​ពលទ័ព​សាសន៍​នីហ្វៃ បាន​ហែក​អាវ​របស់​លោក ហើយ​ប្រើ​បំណែក​នៃ​អាវ​នោះ​ធ្វើ​ជា « ទង់​ឥស្សរភាព » ដើម្បី​ប្រមូល​ផ្ដុំ​ប្រជាជន​ឲ្យ​ការពារ​ឥស្សរភាព ។

សូមអាន អាលម៉ា 46:12–13 ហើយ​គូស​ចំណាំ​អ្វី​ដែល​មរ៉ូណៃ​បាន​សរសេរ​នៅលើ​ទង់​ឥស្សរភាព ។ សូម​រកមើល​ពី​របៀប​ដែល​លោក​បានរៀបចំ ដើម្បី​បង្ហាញ​ពី​ទង់​ឥស្សរភាព​ដល់​ប្រជាជន ។ សូម​សញ្ជឹង​គិត ថា​ខ​ទាំងនេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​ចរិត​លក្ខណៈ​របស់​មរ៉ូណៃ ។ សូមអាន​ផងដែរ អាលម៉ា 48:11–13, 17–18 ដើម្បី​ទទួល​បាន​នូវ​ការយល់​ដឹង​បន្ថែម​ទៀត​ទៅក្នុង​ចរិត​លក្ខណៈ​របស់​មេទ័ព​មរ៉ូណៃ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​ចរិត​លក្ខណៈ​ទាំងឡាយ​របស់​មរ៉ូណៃ ដែល​អ្នក​ចង់​យក​ទៅ​អភិវឌ្ឍ​កាន់តែ​ពេញលេញ​បន្ថែម​ទៀត​នៅក្នុង​ជីវិត​អ្នក​ផ្ទាល់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​ចរិត​លក្ខណៈ​មួយ ឬ ច្រើន​ចេញ​ពី អាលម៉ា 46:12–13 និង អាលម៉ា 48:11–13, 17–18 ។ សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ចង់​មាន​ចរិត​លក្ខណៈ​ទាំងនេះ និង របៀប​ដែល​អ្នក​អាច​ពុះពារ​ព្យាយាម​ដើម្បី​អភិវឌ្ឍ​ចរិត​លក្ខណៈ​ទាំងនេះ ។

សូមអាន អាលម៉ា 46:18–22 ហើយ​រកមើល​ពី​របៀប​ដែល​ប្រជាជន​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​មរ៉ូណៃ​ឲ្យ​ច្បាំង​ដើម្បី​ឥស្សរភាព ។ សេចក្ដី​សញ្ញា​ដែល​មាន​ពិពណ៌នា​នៅក្នុង​ខ 20 គឺជា​ការសន្យា​ដ៏​ពិសេស​ដែល​សាសន៍​នីហ្វៃ​ក្រុម​នេះ​បានធ្វើ​ជាមួយ​ព្រះ ។

យោងតាម អាលម៉ា 46:20 ហេតុអ្វី​មរ៉ូណៃ​ចង់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ថា ពួកគេ​នឹង​ការពារ​សិទ្ធិ និង សាសនា​របស់​ពួកគេដូច្នេះ ?

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 46:28–37 ពួក​សាសន៍​នីហ្វៃ​បាន​ចូលរួម​ជាមួយ​មេទ័ព​មរ៉ូណៃ បាន​ចាប់​ពួក​ពលទ័ព​របស់​អាម៉ាលិកាយ ។ ទោះ​យ៉ាង​ណា អាម៉ាលិកាយ និង អ្នក​ខ្លះ​ផ្សេង​ទៀត បាន​រត់គេច ហើយ​ចូលរួម​នឹង​ពួក​សាសន៍​លេមិន ។ អ្នក​ដើរ​តាម​អាម៉ាលិកាយ​ជាច្រើន​ដែល​ត្រូវបាន​ចាប់ខ្លួន បានចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ក្នុង​ការគាំទ្រ​ដល់​សេរីភាព ។ ពួក​អ្នក​ដែល​ពុំ​ធ្វើ​ដូច្នោះ ត្រូវ​ប្រហារ​ជីវិត ។ ចេញពី​បទពិសោធន៍​របស់​ពួក​សាសន៍​នីហ្វៃ យើង​អាច​រៀន​គោលការណ៍​នេះ ៖ ពេល​យើង​ក្លាហាន​នៅក្នុង​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ ដូចជា​មេទ័ព​មរ៉ូណៃ​បានធ្វើ នោះ​ព្រះ​នឹង​ពង្រឹង និង ប្រទាន​ពរ​យើង ។

ក្រោយពី​ចម្បាំង មេទ័ព​មរ៉ូណៃ​បាន​ដោត​ទង់​ឥស្សរភាព​នៅលើ​គ្រប់​ប៉ម​របស់​ពួក​សាសន៍​នីហ្វៃ​ទុកជា « បទដ្ឋាន » ឬ ជា​ការរំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​សេចក្ដី​សញ្ញា​ថា​ច្បាំង និង ការពារ ( សូមមើល អាលម៉ា 46:36 ) ។

នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន គណៈ​ប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា ៖ « យុវជន​យុវនារី​ជាទី​ស្រឡាញ់​របស់​យើងអើយ យើង​មានសេចក្តី​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នករាល់​គ្នា ។ អ្នក​រាល់គ្នា​គឺជា​បុត្រា​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះ ហើយ​ទ្រង់​ខ្វល់ខ្វាយ​ពី​អ្នក​រាល់គ្នា ។ អ្នក​បាន​មក​លើ​ផែនដី​ចំគ្រា​មួយ​ដែល​ពោរពេញ​ដោយ​ឱកាស និង ឧបសគ្គ​ផងដែរ ។ បទដ្ឋាន​នៅក្នុង​កូន​សៀវភៅ​នេះ នឹង​ជួយ​អ្នក​ក្នុង​ការជ្រើសរើស​ដ៏​សំខាន់ៗ​ទាំងឡាយ​ដែល​អ្នក​កំពុងតែ​ធ្វើ នាពេល​ឥឡូវ​នេះ ហើយ​នឹង​ធ្វើ​នាពេល​អនាគត ។ យើង​សូម​សន្យា​ថា នៅពេល​ដែល​អ្នក​គោរព​តាម​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ និង បទដ្ឋាន​ទាំងនេះ នោះ​អ្នក​នឹង​ត្រូវបាន​ប្រទាន​ពរជ័យ​ដោយ​មាន​ភាពជា​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សេចក្តី​ជំនឿ​របស់​អ្នក​នឹង​លូតលាស់​កាន់តែ​ខ្លាំង ហើយ​អ្នក​នឹង​រីករាយ​ជាមួយ​នឹង​សុភមង្គល​កាន់តែ​ខ្លាំង ។

  1. ចេញពី​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង​សារលិខិត​ពី​គណៈប្រធាន​ទីមួយ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការសន្យា​អ្វី​ខ្លះ​ដែល​ត្រូវបាន​សន្យា​ចំពោះ​អ្នក ប្រសិនបើ​អ្នក​រក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ដែល​អ្នក​បាន​ធ្វើ និង បទដ្ឋាន​ទាំងឡាយ​នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ?

    2. សូម​មើល​ទៅ​ទំព័រ​មាតិកា​របស់​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​ជ្រើសរើស​បទដ្ឋាន​មួយ​ក្នុង​ចំណោម​បទដ្ឋាន​ទាំងឡាយ​ដែល​នៅក្នុង​កូន​សៀវភៅ ។ តើ​ការរក្សា​បទដ្ឋាន​នេះ បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក​យ៉ាងណា​ដែរ ?

អាលម៉ា 47

អាម៉ាលិកាយ​ក្លាយ​ជា​ស្ដេច​របស់​ពួក​សាសន៍​លេមិន តាមរយៈ​ការក្បត់ និង ការបោក​បំភាន់ ។

តើ​អ្នក​នឹង​ធ្វើ​អ្វី ប្រសិនបើ​អ្នក​នៅក្នុង​សង្គ្រាម ហើយ​មាន​ម្នាក់​បង្ហាញ​អ្នក​នូវ​សៀវភៅ​មួយ ដែល​បើក​បង្ហាញ​ពី​អ្វី​ដែល​មារសត្រូវ​អ្នក​បាន​ដាក់​ផែនការ​នឹង​ធ្វើ ដើម្បី​បំផ្លាញ​អ្នក និង ក្រុមគ្រួសារ​អ្នក​នោះ ? អាលម៉ា 47 អាច​ផ្ដល់​នូវ​ការយល់ដឹង​ជ្រាលជ្រៅ​មួយ​ចំនួន​ទៅក្នុង​ផែនការ​របស់​មារសត្រូវ​របស់​យើង គឺ​អារក្ស ។

អាលម៉ា 47 មាន​កត់ត្រា​នូវ​ការបោក​បញ្ឆោត​ជា​ច្រើន ដែល​អាម៉ាលិកាយ​បាន​ប្រើ​ដើម្បី​ក្លាយ​ជា​ស្ដេច​របស់​ពួក​សាសន៍​លេមិន ដើម្បី​វា​អាច​ដឹកនាំ​ពួក​ពលទ័ព​សាសន៍​លេមិន​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ។ បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​វា គឺ​ដើម្បី​នាំ​ពួក​សាសន៍​នីហ្វៃ​ទាំងអស់​ឲ្យ​ធ្លាក់​ចូល​ក្នុង​សេវកភាព ដោយ​មាន​ខ្លួន​វា​ជា​ស្ដេច ។

ពី​ដំបូង អាម៉ាលិកាយ និង អ្នក​ដើរតាម​របស់​វា បាន​ទៅ​កាន់​ដែនដី​នីហ្វៃ ជា​កន្លែង​ដែល​ពួក​សាសន៍​លេមិន​រស់នៅ ។ ស្ដេច​នៃ​ពួក​សាសន៍​លេមិន​មាន​បំណង​ប្រាថ្នា​ទៅ​ធ្វើ​ចម្បាំង​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ប៉ុន្តែ​ប្រជាជន​របស់​ទ្រង់​ជាច្រើន​មាន​ការភ័យ​ខ្លាច ។ ដូច្នេះ​ហើយ​ស្ដេច​បាន​សុំ​អាម៉ាលិកាយ​ឲ្យ​បង្ខិត​បង្ខំ​ពួក​សាសន៍​លេមិន​ដែល​ភ័យខ្លាច​ទាំងនោះ​ឲ្យ​ចូលរួម​ក្នុង​ចម្បាំង ។ អាម៉ាលិកាយ​បាន​ដើរ​ទៅកាន់​ជំរុំ​នៅ​លើភ្នំ ជា​កន្លែង​ដែល​ប្រជាជន​ទាំងនេះ​រត់​ភៀស​ខ្លួន ប៉ុន្តែ​វា​មិន​បាន​ចង់​ជួយ​ដល់​ស្ដេច​នោះទេ ។ វា​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​របស់​ពួក​សាសន៍​លេមិន​ ដែល​ភ័យខ្លាច​ទាំងនេះ ដោយ​ការបំភាន់​ដល់​លីហុនតៃ ជា​អ្នក​ដឹកនាំ​របស់​ពួកគេ ឲ្យ​ចុះ​ចេញ​ពី​ជំរុំ​នៅលើ​ភ្នំ​របស់​គាត់ ។ អាម៉ាលិកាយ​មាន​បំណង​សម្លាប់​លីហុនតៃ​ដោយ​ការបំពុល បន្ទាប់​ពី​គាត់​បាន​ចុះ​មកពីលើភ្នំ ។

សូម​សិក្សា អាលម៉ា 47:10–12 ។ តើ​អាម៉ាលិកាយ​បាន​ល្បួង​ឲ្យ​លីហុនតៃ​ចាកចេញ​ពី​កន្លែង​សុវត្ថិភាព​របស់​គាត់​ប៉ុន្មាន​ដង ? សូមអាន​ផងដែរ អាលម៉ា 47:17–19 ។ តើ​អាម៉ាលិកាយ​បាន​សម្លាប់​លីហុនតៃ​ដោយ​របៀប​ណា បន្ទាប់ពី​គាត់​បានចុះ​ពី​ភ្នំ​មក ?

រូបភាព
អែលឌើរ រ៉ូបឺត ឌី. ហែលស៍

អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា មនុស្ស​សព្វថ្ងៃ​នេះ​អាច​នឹង​ព្យាយាម​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​យើង ដោយ​ការល្បួង​យើង​ឲ្យ​ចាកចេញ​ពី​កន្លែង​សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​យើង ហើយ​ចូល​ក្នុង​ដែនដី​របស់​អារក្ស ៖ « នៅក្នុង​ព្រះគម្ពីរ​មរមន យើង​អាន​អំពី​លីហុនតៃ និង ពួក​មនុស្ស​របស់​គាត់​ដែល​បាន​បោះ​ជំរុំ​នៅលើ​ភ្នំ​មួយ ។ អាម៉ាលិកាយ​ដ៏​លាក់ពុត​បាន​ជំរុញ​ឲ្យ​លីហុនតៃ​ឲ្យ ‹ ចុះមក › ហើយ​ជួប​នឹង​វា​នៅ​ជ្រលង​ភ្នំ ។ ប៉ុន្តែ​ពេល​លីហុនតៃ​បាន​ចាកចេញ​ពី​ទីខ្ពស់​របស់​គាត់ គាត់​ត្រូវបាន​បំពុល ‹ ជា​សន្សឹមៗ › រហូត​ដល់​គាត់​ស្លាប់ ហើយ​ពួក​ពលទ័ព​របស់​គាត់​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​អាម៉ាលិកាយ ( សូមមើល អាលម៉ា 47 ) ។ ដោយ​ការឈ្លោះ​ប្រកែក និង ការចោទ​ប្រកាន់ មនុស្ស​ខ្លះ​ដាក់​នុយ​ឲ្យ​យើង​ចាកចេញ​ពី​ទីខ្ពស់ ។ ទីខ្ពស់​គឺជា​កន្លែង​ដែល​មាន​ពន្លឺ ។ … វា​ជា​ទី​សុវត្ថិភាព ។ វា​ជា​ការពិត ហើយ​ជា​កន្លែង​ដែល​មាន​ចំណេះដឹង » ( “Christian Courage: The Price of Discipleship” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 74 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​​របៀប​មួយ​ចំនួនណា​ខ្លះ ដែល​សាតាំង​ព្យាយាម​ដើម្បី​ទាញ​យើង​ឲ្យ « ចុះមក » ពី​ទីខ្ពស់​ខាង​វិញ្ញាណ ?

    2. តើ​អ្នក​គិត​ថា សាតាំង​ព្យាយាម​ទាក់ទាញ​មនុស្ស​វ័យ​ក្មេង​ឲ្យ​បន្ទាប​បទដ្ឋាន​របស់​ពួកគេ « ជា​សន្សឹមៗ » ឬទេ ? តើ​មាន​​ឧទាហរណ៍អ្វី ដែល​​ថា​វា​ព្យាយាម​ធ្វើ​ដូច​នេះ ?

    3. តើ​មាន​អ្វីខ្លះ​​ជាក់លាក់​ដែល​អ្នក​អាច​ធ្វើ ដើម្បីស្ថិត​​នៅជាប់​នឹង​ទីខ្ពស់​ខាង​វិញ្ញាណ ? តើ​បទដ្ឋាន​ដំណឹងល្អ​អ្វី ដែល​អ្នក​ត្រូវ​ពង្រឹង ដើម្បី​កុំ​ឲ្យ​អ្នក​បន្ទាប​បទដ្ឋាន​នេះ « ជា​សន្សឹមៗ » នោះ ?

ដូចជា​អ្វី​ដែល​វា​បាន​ធ្វើ​ជាមួយ​អាម៉ាលិកាយ​ដែរ សាតាំង​ព្យាយាម​បំផ្លាញ​យើង ហើយ​ទាក់ទាញ​យើង​ជា​សន្សឹមៗ​ឲ្យ​បន្ទាប​បទដ្ឋាន​របស់​យើង ។

អាលម៉ា 48–49

មេទ័ព​មរ៉ូណៃ​បំផុស​ដល់​ពួក​សាសន៍​នីហ្វៃ ឲ្យ​ពង្រឹង​ខ្លួនគេ​ទាំងខាង​រូបកាយ និង ខាង​វិញ្ញាណ

ខណៈ​ដែល​អាម៉ាលិកាយ​កំពុង​ព្យាយាម​យក​បាន​អំណាច​ដោយ « ការបន្លំ និង ការបោក​បញ្ឆោត » ( អាលម៉ា 48:7 ) លើ​ពួក​សាសន៍​លេមិន និង សាសន៍​នីហ្វៃ នោះ​មរ៉ូណៃ​ធ្វើ​តាម​របៀបមួយ​ផ្សេងទាំង​ស្រុង ។ សូមអាន អាលម៉ា 48:7–10 ហើយ​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃ​បាន​ធ្វើ ពេល​លោក​បាន​ដឹង​ថា មិន​យូរ​ប៉ុន្មាន អាម៉ាលិកាយ​នឹង​ដឹកនាំ​ពួក​ទ័ព​សាសន៍​លេមិន​មកទាស់​នឹង​ពួក​សាសន៍​នីហ្វៃ​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​គំនិត​ទាំងនេះ ៖ ( 1 ) លោក​បាន​រៀបចំ​ប្រជាជន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​គ្រា​ដ៏​លំបាក ( សូមមើល ខ 7 ) ។ ( 2 ) លោក​បានជួយ​ប្រជាជន​ឲ្យ​ពង្រឹង​តំបន់​ទាំងឡាយ​ដែល​នៅទន់ខ្សោយ ( សូមមើល ខ 8–9 ) ។ ( 3 ) លោក​បាន​រៀបចំ​ប្រជាជន​ឲ្យ​គាំទ្រ និង ការពារ « ឧត្ដម​គតិ​នៃ​ពួក​គ្រីស្ទាន » ឬ សាសនាចក្រ ( សូមមើល ខ 10 ) ។

ដូច​ជា​មរ៉ូណៃ​បានជួយ​ដល់​ប្រជាជនឲ្យ​​រៀបចំ និង តស៊ូ​ចំពោះ​​គ្រា​លំបាក នោះ​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ជំនាន់​យើង ​ផ្ដល់​ដំបូន្មាន​ដល់​យើង ដើម្បី​ជួយ​យើង​រៀបចំ​សម្រាប់​គ្រា​លំបាក​ទាំងឡាយ ។ សូម​ពិចារណា​ក្នុង​ការសរសេរ​សេចក្ដី​ពិត​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរនឹង អាលម៉ា 48:7–10 ៖ ពេល​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​រៀបចំ​រួច​ជា​ស្រេច​សម្រាប់​ការលំបាក​ទាំងឡាយ​ក្នុង​ជីវិត ។

ជា​ដំបូង ពួក​សាសន៍​លេមិន​បាន​ដាក់​ផែនការ​ដើម្បី​វាយ​ប្រហារ​ទីក្រុង​អាំម៉ូណៃហា ហើយ​បន្ទាប់មក​ទីក្រុង​ណូអេ ដែល​ជា​ទីក្រុងទន់​​ខ្សោយ​របស់​ពួក​សាសន៍​នីហ្វៃ ។ សូមអាន អាលម៉ា 49:4–5 ដើម្បី​ឃើញ​ពី​ការឆ្លើយ​តប​របស់​ពួក​សាសន៍​លេមិន ពេល​ដែល​ពួកគេ​បានឃើញ​ការរៀបចំ​របស់​ពួក​សាសន៍​នីហ្វៃ​នៅ​ទីក្រុង​អាំម៉ូណៃហា ។ ពួក​សាសន៍​លេមិន​បាន​សម្រេច​ចិត្ត​ថា​មិន​វាយ​ប្រហារ​ទីក្រុង​នោះ​វិញ ដោយសារ​វា​ត្រូវបាន​រៀបចំ​យ៉ាងល្អ​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ ។ សូមអាន អាលម៉ា 49:12–14 ដើម្បី​ឃើញ​ពី​ការឆ្លើយ​តប​របស់​ពួក​សាសន៍​លេមិន ពេល​ពួកគេ​ព្យាយាម​ធ្វើ​ការវាយ​ប្រហារ​លើ​ទីក្រុង​ណូអេ ។

  1. សូម​យក​ពេល​ពីរបី​នាទី ដើម្បី​រំឭក​ឡើងវិញ​នូវ​សុន្ទរកថា​មួយ​ចំនួន​ពី​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត ( នៅក្នុង Ensignលីអាហូណា ) ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សង្ខេប​នូវ​ដំបូន្មាន​ដែល​ផ្ដល់​ដោយ​អ្នក​ឡើង​និយាយ​ម្នាក់ ឬ ច្រើន ។ តើ​ដំបូន្មាន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​សម្រាប់​គ្រា​លំបាកៗ​នៅក្នុង​ជីវិត​អ្នក​យ៉ាងណា​ដែរ ? តើ​អ្នក​អាច​ប្រើប្រាស់​ដំបូន្មាន​នេះ នៅក្នុង​ជីវិត​អ្នក​យ៉ាង​ដូចម្តេច ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 45–49 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖