ថ្នាក់​សិក្ខាសាលា
មេរៀនទី 10 ៖ ថ្ងៃទី 1 យ៉ាកុប 5–6


មេរៀនទី 10 ៖ ថ្ងៃទី 1

យ៉ាកុប 5–6

សេចក្តីផ្ដើម

យ៉ាកុប 5 មាន​និយាយ​អំពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ ដែល​បាន​ផ្តល់​ដំបូង​បំផុត​ដោយ​ព្យាការី​ម្នាក់​ឈ្មោះ​លោក ស៊ីណូស ។យ៉ាកុប​បានប្រើ​រូបាធិដ្ឋាន​នេះ​ដើម្បី​បង្រៀន​ថា ព្រះអម្ចាស់​តែងតែ​ធ្វើការ​ដើម្បី​នាំយក​សេចក្តីសង្គ្រោះ​ទៅកាន់​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់ទ្រង់ បើទោះ​ជា​នៅពេល​ដែល​ពួកគេ​បែរចេញ​ពី​ទ្រង់​ក៏ដោយ ។រូបាធិដ្ឋាន​បង្ហាញ​ថា ព្រះអម្ចាស់​ដាក់​ពង្រាយ​ក្រុម​មនុស្ស​វង្ស​អ៊ីស្រាអែល—រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់ទ្រង់—ពាសពេញ​ផែនដី ហើយ​ថា ទ្រង់​នឹង​ប្រមូល​រាស្រ្ត​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ។រូបាធិដ្ឋាន​មាន​នូវ​ការអនុវត្តន៍​ជាក់លាក់ និង ផ្ទាល់​ខ្លួន​សម្រាប់​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ ក្នុង​នាម​ជា​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល និង ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ក្នុង យ៉ាកុប 6 លោក​យ៉ាកុប​បាន​សង្កត់​ធ្ងន់​ពី​សេចក្តី​មេត្តាករុណា និង សេចក្ដី​យុត្តិធម៌​របស់​ព្រះអម្ចាស់​ខណៈ​លើកទឹកចិត្ត​ប្រជាជន​របស់លោក—និង យើង—ឲ្យប្រែចិត្ត ។

យ៉ាកុប 5:1–12

លោក​យ៉ាកុប​ដកស្រង់​ពាក្យសម្ដី​របស់​ស៊ីណូស​ដែល​ប្រដូច​វង្ស​អ៊ីស្រាអែល​ទៅនឹង​ដើម​អូលីវ​ស្រុក

តើ​អ្នក​ស្គាល់​មិត្តភក្តិ ឬ អ្នក​ជាទី​ស្រលាញ់​ណា​ម្នាក់​ដែល​បាន​សង្ស័យ​ពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​ដែល​មាន​សម្រាប់​គាត់ ជាពិសេស អំឡុង​ពេល​ដែល​មាន​ការសាកល្បង នៅពេល​ដែល​មនុស្ស​នោះ​អាច​បែរចេញ​ពី​ទ្រង់​ឬទេ ?សូម​ពិចារណា​ឧទាហរណ៍​ខាងក្រោម ៖

  • អ្នក​កាន់បព្វជិតភាព​វ័យក្មេង​ម្នាក់​បង្កើត​ទម្លាប់​ដែល​ប្រកប​ដោយ​អំពើ​បាប ។គាត់​ជឿថា អ្នកដទៃ​អាច​ត្រូវបាន​អភ័យ​ទោស ប៉ុន្តែ​គាត់​សង្ស័យ​ថា តើ​ព្រះអម្ចាស់​នឹង​ទទួល​យក​ការប្រែចិត្ត​របស់​គាត់ដែរ​ឬទេ ។

  • យុវនារី​មា្នក់​ប្រព្រឹត្ត​រំលង​ព្រះ​បញ្ញត្តិមួយ ។នាង​មាន​បទពិសោធន៍​ពី​កំហុស មាន​អារម្មណ៍​ខ្លាច​ខ្លួន​ឯង ហើយ​ឆ្ងល់​ថា តើ​ព្រះអម្ចាស់​នៅតែ​ស្រលាញ់​នាង​ដែរ ឬទេ ។

យ៉ាកុប​បានព្យាករ​ថា ពួកសាសន៍​យូដា​នឹង​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប 4:15 ) ។លោក​ក៏បាន​ព្យាករ​ផងដែរ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​បន្ត​បម្រើ​ដើម្បី​សេចក្តី​សង្គ្រោះ​នៃ​រាស្ត្រ​របស់ទ្រង់ បើទោះជា​ពួគេ​បាន​បដិសេធ​ទ្រង់​ក៏ដោយ ។ដើម្បី​ចង្អុលបង្ហាញ​សេចក្តី​ពិត​នេះ លោក​យ៉ាកុប​បានដកស្រង់​រូបាធិដ្ឋាន​ដែល​បានផ្តល់ឲ្យ​ដោយ​ព្យាការី​ឈ្មោះ​ស៊ីណូស ( សូមមើល យ៉ាកុប 5:1 ) ។រូបាធិដ្ឋាន គឺ​ដូចជា​ការប្រៀធៀប​មួយ ជា​រឿង​មួយ​ដែល​ប្រើប្រាស់​ជា​លំនាំ វត្ថុ និង សកម្មភាព​តំណាង​ដើម្បី​បង្រៀន​ពី​សេចក្តីពិត ។នៅពេល​អ្នក​សិក្សា យ៉ាកុប 5 សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអម្ចាស់​តែងតែ​ជួយ​អ្នក បើទោះ​ជា​ពេល​ដែល​អ្នក​មាន​អំពើបាប​ក៏ដោយ ។

សូម​អាន យ៉ាកុប 5:2 ហើយ​គូស​ចំណាំ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ថា ស៊ីណូស​បានផ្ដោត​ការបង្រៀន​នេះ​សំដៅ​ទៅកាន់​នរណា ។

ដោយសារ​អ្នក​បានធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់​តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក នោះ​អ្នក​គឺជា​សមាជិក​ម្នាក់​នៃ​វង្ស​អ៊ីស្រាអែល ។អ្នក​គឺជា​ផ្នែក​មួយ​នៃ​រឿង​ដែល​បាន​រៀបរាប់​ក្នុង យ៉ាកុប 5 ។សូមអាន យ៉ាកុប 5:3 ហើយ​គូស​ចំណាំ​នូវ​អ្វី​ដែល​ស៊ីណូស​បានប្រើ​ក្នុង​រូបាធិដ្ឋាន​របស់លោក​ដើម្បី​តំណាងឲ្យ​វង្ស​អ៊ីស្រាអែល ។សូម​គូស​ចំណាំ​ផង​ដែរ លើ​អ្វី​ដែល​ចាប់ផ្តើម​កើតឡើង​ចំពោះ​ដើម​អូលីវ​ស្រុក ។

រូបភាព
ដើម​អូលីវ

សូម​កត់​សម្គាល់​ថា លេខយោង ក្នុង យ៉ាកុប 5:3 ចង្អុលបង្ហាញ​ថា ការពុករលួយ​នៃ​ដើម​នោះ​គឺ​តំណាងឲ្យ​ការក្បត់សាសនា ។ការក្បត់​សាសនា​កើតឡើង​នៅពេល​បុគ្គល ឬ ក្រុម​មនុស្ស​បែរចេញ​ពី​ព្រះអម្ចាស់ និង ដំណឹងល្អ​របស់​ទ្រង់ ។

តារាង​ខាង​ក្រោម​នេះ​មាន​រាយ​នូវ​និមិត្តរូប​ទាំងឡាយ ដែល​ជួយ​យើង​ឲ្យយល់​ពី​អត្ថន័យ​នៃ​រូបាធិដ្ឋាន​របស់​ស៊ីណូស ។ហើយ​ក៏មាន​រាយ​នូវ​ខគម្ពីរ​ទាំងឡាយ​ដែល​និមិត្តរូប​ទាំងនេះ​មាន​និយាយ​ឡើង​ដំបូងគេ ។សូម​គូសចំណាំ​និមិត្តរូប​ទាំងនេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។អ្នក​ក៏​អាច​ចង់​សរសេរ​អត្ថន័យ​នៃ​និមិត្តរូប​មួយ​ចំនួន​នៅ​តាម​គែម​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ ។

យ៉ាកុប 5 ៖ រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ

និមិត្តរូប

អត្ថន័យ

ដើម​អូលីវ​ស្រុក ( ខទី 3 )

វង្ស​អ៊ីស្រាអែល រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ

ចម្ការ ( ខទី 3 )

ពិភពលោក

ពុក ( ខទី 3 )

អំពើបាប និង ការក្បត់​សាសនា

ម្ចាស់​ចម្ការ ( ខទី 4 )

ព្រះយេស៊ូវគ្រីស្ទ

ការកាត់លួស ការជ្រួយគុល និង ការដាក់ជី ( ខទី 4 )

កិច្ចខិតខំ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង​ក្លាយ​ជា​មនុស្ស​សុចរិត និង បង្កើត​កិច្ចការ​ល្អ ។

មែក ( ខទី 6 )

ក្រុមមនុស្ស

ដើម​អូលីវ​ព្រៃ ( ខទី 7 )

ពួកសាសន៍​ដទៃ—អ្នក​ទាំងឡាយ​ដែល​មិន​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ ។ក្រោយមកទៀត នៅក្នុង​រូបាធិដ្ឋាន ដើម​អូលីវ​ធម្មជាតិ ដែល​តំណាង​ឲ្យ​ក្រុម​ទាំងឡាយ​នៃ​វង្ស​អ៊ីស្រាអែល​ក្នុង​ការក្បត់សាសនា ក៏​ត្រូវបាន​ពិពណ៌នា​ថាជា « ព្រៃ » ។

មែក​ដែល​កាត់ និង បំបៅ ( ខទី 7–8 )

ការខ្ចាត់ព្រាត់ និង ការប្រមូល​នៃ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះអម្ចាស់ ។លើស​ពី​នេះទៀត ការ​បំបៅ​នៃ​មែកអូលីវ​ព្រៃ​ទៅនឹង​ដើម​អូលីវស្រុក​តំណាងឲ្យ​ការផ្លាស់ប្រែចិត្ត​ជឿ​របស់​ពួកសាសន៍​ដទៃ​ដែល​ក្លាយជា​ផ្នែក​មួយ​នៃ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះអម្ចាស់​តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក ។

មែក​ដែល​ដុតចោល ( ខទី 7 )

ការជំនុំ​ជម្រះ​របស់​ព្រះ​មកលើ​ពួកទុច្ចរិត

ផ្លែ ( ខទី 8 )

ជីវិត ឬ កិច្ចការ​របស់​មនុស្ស

ឫស​នៃ​ដើម​អូលីវ​ស្រុក ( ខទី 11 )

សេចក្តី​សញ្ញា​ដែល​ព្រះអម្ចាស់​ធ្វើ​ជាមួយ​អ្នក​ទាំងឡាយ​ដែល​ធ្វើតាម​ទ្រង់ ។ឫស​ក៏​អាច​តំណាងឲ្យ​បុគ្គល​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បានធ្វើ​សេចក្តី​សញ្ញា​កាល​ពី​សម័យ​បុរាណ ដូចជា​លោក​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ( សូមមើល យ៉ាកុប 6:4 ) ។

សូម​អាន យ៉ាកុប 5:4–6 ហើយ​គូស​ចំណាំ​អ្វី​ដែល​ម្ចាស់​ចម្ការ​បានធ្វើ​ដំបូងគេ​ដើម្បី​សង្រ្គោះ​ដើម​អូលីវ​ស្រុក ។សូម​មើល​តារាង​ខាងលើ ហើយ​អង្កេត​មើល​ថា តើ​ម្ចាស់​ចម្ការ​គឺជា​អ្នកណា ហើយ​ថា តើ​សកម្មភាព​នៃ​កាត់លួស ការជ្រួលគុល និង ការដាក់​ជី​របស់​លោក​តំណាងឲ្យ​អ្វី ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បានពន្យល់​ពី​អ្វី​ដែល​រូបាធិដ្ឋាន​មានបំណង​បង្ហាញ ។នៅពេល​អ្នក​អាន​ការបកស្រាយ​របស់​លោក សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​លោក​បង្រៀន ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​ពី​រូបាធិដ្ឋាន​នេះ ។

« ដូច​ដែល​បាន​រៀបរាប់​ដោយ​លោក​យ៉ាកុប ចាប់តាំង​ពី​ដំបូង​មក រូបាធិដ្ឋាន​នេះ​គឺ​មាន​បំណង​បង្ហាញ​អំពី​ព្រះគ្រីស្ទ [ ម្ចាស់​ចម្ការ ] ។ …

« បើ​ទោះជា​ម្ចាស់​ចម្ការ និង អ្នក​បម្រើ​របស់គាត់​ព្យាយាម​ដាក់ទល់ កាត់លួស សម្រាំង​យ៉ាង​ណា ហើយ​យ៉ាងទៀត​បានធ្វើ​ឲ្យ​មាន​ផ្លែផ្កា​ដល់​ដើមឈើ​របស់គាត់​ក្នុង​ចំនួន​មួយ ដូច​ទៅនឹង​សេចក្តី​សង្ខេប​នៃ​ប្រវត្តិសាស្រ​ក្នុង​មួយ​ជំពូក​ស្តីពី​ការខ្ចាត់ព្រាត់ និង ការប្រមូល​នៃ​សាសន៍​អ៊ីស្រាអែល​ក៏ដោយ ក៏​អត្ថន័យ​ដ៏ជ្រាលជ្រៅ​នៃ​ដង្វាយធួន​លើកទឹកចិត្ត និង មានឥទ្ធិពល​លើ​កិច្ចការ​របស់​ពួកគាត់ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ1997 ] ទំព័រ 165 ) ។

ខណៈ​ដែល យ៉ាកុប 5 មាន​រៀបរាប់​អំពី​ដើម​អូលីវ នោះ​រូបាធិដ្ឋាន​នេះ​គឺ​ស្តីពី​មនុស្ស​ដែល​បែរចេញ​ពី​ព្រះអម្ចាស់​ទាំង​ខ្លួន​មាន​អំពើបាប និង កិច្ចប្រឹងប្រែង​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​មករក​ទ្រង់​វិញ ។ជំពូក​នេះ​បង្រៀន​ថា ព្រះអម្ចាស់​ស្រលាញ់​យើង ហើយ​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង ។ នៅពេល​អ្នក​បន្ត​សិក្សា​រូបាធិដ្ឋាន​នេះ សូម​រកមើល​ភស្តុតាង​នៃ​សេចក្តី​ពិត​នេះ​ដោយ​ផ្តោតយក​ចិត្តទុកដាក់​ទៅលើ​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដែល​មានទៅ​លើ​សាសន៍​អ៊ីស្រាអែល—ដើម​អូលីវ​ស្រុក—និង កិច្ចប្រឹងប្រែង​ដែល​គ្មាន​ការនឿយហត់​របស់​ទ្រង់ ដើម្បី​សង្គ្រោះ​ដើម​អូលីវ​នោះ ។ជា​ឧទាហរណ៍ សូម​អាន យ៉ាកុប 5:7 ហើយ​សញ្ជឹងគិត​ពី​ឃ្លា « យើង​ព្រួយ​ចិត្ត​ដែល​យើង​ត្រូវ​ខាតបង់​ដើមឈើ​នេះ » ។តើ​អ្នក​គិត​ថា ព្រះអម្ចាស់​បង្ហាញ​ព្រះហឫទ័យ​បែបណា​នៅ​កន្លែង​នេះ ហើយ​តើ​ហេតុអ្វី ?

សូម​អាន​ឃ្លា​នេះ​ម្តងទៀត ហើយ​ពេល​នេះ សូម​បញ្ចូល​ឈ្មោះ​របស់​អ្នក​នៅ​កន្លែង « ដើមឈើ​នេះ » ៖ « យើង​ព្រួយ​ចិត្ត​ដែល​យើង​ត្រូវ​ខាតបង់ [ ឈ្មោះ​របស់​អ្នក ] » ។ដោយ​ការដាក់​បញ្ចូល​ឈ្មោះ​របស់​អ្នក​ពេញ​ក្នុង យ៉ាកុប 5 នៅ​កន្លែង​ទាំងឡាយ​ដែល​ប្រកប​ដោយ​អត្ថន័យ និង សមស្រប នោះ​អ្នក​នឹង​អាច​ភ្ជាប់​រូបាធិដ្ឋាន​នេះ​ទៅនឹង​ខ្លួន​អ្នក និង រៀន​បន្ថែម​ទៀត​អំពី​ការខ្វល់ខ្វាយ​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក ។

សូម​អាន យ៉ាកុប 5:7–11 ហើយ​រកមើល​អ្វី​ដែល​ម្ចាស់​ចម្ការ​បាន​ធ្វើ​បន្ទាប់​ទៀត​ដើម្បី​សង្គ្រោះ​ដើម​អីលីវ​ស្រុក ។

រូបភាព
មែក​ដែល​បំបៅ
  1. ដោយ​ប្រើប្រាស់​អត្ថន័យ​នៃ​និមិត្ត​សញ្ញា​នៅលើ​តារាង នោះ​សូម​សរសេរ​ការពន្យល់​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​ម្ចាស់​ចម្ការ និង អ្នក​បម្រើ​របស់គាត់​ធ្វើ​ក្នុង យ៉ាកុប 5:7–11 ដើម្បី​ព្យាយាម​សង្គ្រោះ​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។

ព្រះ​អម្ចាស់​យក​មនុស្ស​ដែល​មិន​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល ហើយ​ផ្សាំ​ពួកគេ​ចូលក្នុង​ពួកសាសន៍​អ៊ីស្រាអែល ធ្វើ​ឲ្យ​ពួកគេ​ជា​ផ្នែក​នៃ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ដើម្បី​សង្គ្រោះ​វង្ស​អ៊ីស្រាអែល ទ្រង់​កាច់ចោល​នូវ​មែក​អាក្រក់​បំផុត ( មនុស្ស ) ហើយ​បំផ្លាញ​ពួកវា​ចោល ។

សូមអាន យ៉ាកុប 5:13–14 ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​ជាមួយ​មែក​ដ៏ទន់ខ្ចី​ពី​ដើម​អូលីវ​ស្រុក​ដែល​មាន​ពិពណ៌នា​ក្នុង​ខ​ទី 6 ។អ្នក​អាច​ចង់​សរសេរ​ក្នុង​គែម​សៀវភៅ​របស់​អ្នកថា ទំនាបបំផុត មានន័យ​ថា ដែល​អាច​មើល​ទៅ​ឃើញ​ទាប ឬ ទាប​បំផុត ។

  1. ដោយ​ប្រើ​ប្រាស់​អត្ថន័យ​នៃ​និមិត្ត​សញ្ញា​លើ​តារាង នោះ​សូម​ពន្យល់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​របៀប​ដែល​គ្រួសារ​របស់​លោក​លីហៃ​អាច​ប្រៀបធៀប​ទៅ​នឹង​មែក​ដ៏ទន់ខ្ចី​ដែល​ដាក់​លាក់​នៅ​ត្រង់​ទី​ទាបបំផុត​នៃ​ចម្ការ ។

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានពន្យល់​ថា អ្នក​បម្រើ​របស់​ព្រះអម្ចាស់ « បាន​យក​មែក​មួយចំនួន​ទៅ ហើយ​បំបៅ​មែក​ទាំងនោះ​ទៅ​ជាប់​នឹង​ដើម​អូលីវ​ព្រៃ ។តើ​នរណា​គឺជា​ដើម​អូលីវ​ព្រៃ ?ពួកសាសន៍​ដទៃហើយ​ដូច្នេះ​ព្រះអម្ចាស់​បាន​បញ្ជូន​អ្នក​បម្រើ​របស់​ទ្រង់​ទៅ​គ្រប់​ទី​កន្លែង​ទាំងអស់​ក្នុង​ចម្ការ​របស់​ទ្រង់ គឺជា​ពិភពលោក​នេះ ហើយ​ដាំ​មែក​នៃ​ដើម​ទាំងនេះ ។ …

រូបភាព
យ៉ូសែប ហ្វិលឌីង ស្ម៊ីធ

« ឥឡូវ​នេះ ក្នុង​ការ​ប្រៀបធៀប​នោះ ដើម​អូលីវ​គឺជា​វង្ស​អ៊ីស្រាអែល ។… ក្នុង​ដី​ដើម​កំណើត​របស់​វា វា​បាន​ចាប់ផ្តើម​ស្លាប់ ។ដូច្នេះ​ព្រះអម្ចាស់​បានយក​មែក​ទាំងឡាយ​ដូចជា​ពួកសាសន៍​នីហ្វៃ សាសន៍​នានា​ដែល​បាត់បង់ និង សាសន៍​ដទៃ​ដែរ ដែល​ព្រះអម្ចាស់​បាន​នាំ​ចេញ​ទៅទីកន្លែង​ដទៃទៀត​នៃ​ផែនដី​ដែល​យើង​មិនដឹង​អំពី​ពួកគេ​សោះ ។ទ្រង់​បាន​ដាំ​មែក​ទាំងនោះ​ពាសពេញ​ចម្ការ​ដែល​ជា​ពិភពលោក​នេះ ។គ្មាន​សង្ស័យ​ឡើយ​ដែល​ថា ទ្រង់​បាន​បញ្ជូន​មែកទាំងនេះ​មួយ​ចំនួន​ទៅ​ប្រទេស ជប៉ុន កូរ៉េ ចិន ។មិនមាន​ចម្ងល់​ទេ​អំពី​រឿង​នេះ ដោយសារ​ទ្រង់​បាន​បញ្ជូន​មែក​ទាំងនោះ​ទៅកាន់​កន្លែង​ទាំងអស់​នៃ​ពិភពលោក​នេះ » ( Answers to Gospel Questions, ការ​ចងក្រង យ៉ូសែប ហ្វិលឌីង ស្ម៊ីធ ជុញ្ញ័រ វ៉ុល 5 ។[ ឆ្នាំ 1957–66 ], 4:204–5 ) ។

ប្រធាន ស្ម៊ីធ ក៏បាន​បង្រៀន​ដែរ​ថា « ការបកស្រាយ​នៃ​ការប្រៀបធៀប​នេះ … គឺជា​រឿង​មួយ​អំពី​ការខ្ចាត់ព្រាត់​នៃ​សាសន៍​អ៊ីស្រាអែល និង ការបន្សាំ​ពូជ​សាសន៍​អ៊ីស្រាអែល​ជាមួយ​ដើម​អូលីវ​ព្រៃ ឬ ប្រជាជន​សាសន៍​ដទៃ​នៅ​គ្រប់​កន្លែង​ទាំងអស់​នៃ​ពិភពលោក​នេះ ។ដូច្នេះ​ហើយ យើង​ឃើញ​ថា​យើង​នៅ​ក្នុង​ប្រទេស ចិន ជប៉ុន ឥណ្ឌា និង ក្នុង​ប្រទេស​ដទៃទៀត​ទាំងអស់​ដែល​ពួកសាសន៍​ដទៃ​រស់នៅ ដែល​ពូជ​សាសន៍​អ៊ីស្រាអែល​បាន​ខ្ចាត់ព្រាត់ ឬ ត្រូវ​បាន « បំបៅ » ក្នុង​ចំណោម​ពួកគេ » ( Answers to Gospel Questions, 4:40–41 ) ។

យ៉ាកុប 5:15–77

ម្ចាស់​ចម្ការ និង អ្នក​បម្រើ​របស់​គាត់​ធ្វើការ​ដើម្បី​ជួយ​ឲ្យ​ចម្ការ​ផ្តល់​ផ្លែ​ល្អ

ខគម្ពីរ​ជាច្រើន​ក្នុង យ៉ាកុប 5 ពិពណ៌នា​ពី​អំឡុង​ពេល និង ព្រឹត្តិការណ៍​ខុសៗគ្នា​អំពី​ក្រុម​ផ្សេងៗគ្នា​នៃ​វង្ស​អ៊ីស្រាអែល ដែល​ត្រូវ​ខ្ចាត់ព្រាត់​ពាសពេញ​ពិភពលោក និង កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រមូល​ពួកគេ ។ជំពូក​នេះ​បញ្ចប់​ជាមួយ​នឹង​សម័យ​សហស្សវត្ស និង ការលាង​ជំរះ​ចុងក្រោយ​នៃ​ផែនដី ។

ដើម្បី​គូស​បញ្ជាក់​ពី​ព្រះទ័យ​ខ្វល់ខ្វាយ​របស់​ព្រះអម្ចាស់​ចំពោះ​ដើមឈើ​ក្នុង​ចម្ការ​របស់​ទ្រង់ និង កិច្ចប្រឹងប្រែង​របស់​ទ្រង់​បន្តទៅទៀត​ក្នុង​ការ​សង្គ្រោះ​ដើម​ទាំង​នោះ នោះ​លោក ស៊ីណូស​បាននិយាយ​ឡើងវិញ​នូវ​ឃ្លា​សំខាន់​មួយ​ចំនួន​អំពី​រូបាធិដ្ឋាន​របស់​លោក ។សូម​អាន យ៉ាកុប 5:20, 23–25, 28, 31 ហើយ​គូស​ចំណាំ​នូវ​ពេល​នីមួយៗ​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​ពី​កិច្ចប្រឹងប្រែង​របស់ទ្រង់​ដើម្បី​ថែទាំ​ដើមឈើ​ក្នុង​ចម្ការ​របស់​ទ្រង់ ។

បើទោះ​ជា​មាន​ការប្រឹងប្រែង​នានា​ពី​ព្រះអម្ចាស់ និង អ្នកបម្រើ​របស់​ទ្រង់​ដើម្បី​ជួយ​ចម្ការ​ឲ្យ​ផ្តល់​ផ្លែ​ល្អ​ក៏ដោយ ក៏​នៅចុង​បញ្ចប់ ផ្លែ​ទាំងអស់​ក្នុង​ចម្ការ​បាន​ប្រែជា​រលួយ ( សូម​មើល យ៉ាកុប 5:39 ) ។សូម​អាន យ៉ាកុប 5:41–42, 46–47 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ ព្រះទ័យ​ខ្វល់ខ្វាយ ឬ ទុក្ខព្រួយ​របស់​ព្រះអម្ចាស់​ចំពោះ​ចម្ការ​របស់​ទ្រង់ ។

ដោយសារ​ដើម​ទាំងនេះ​ផ្តល់​ផ្លែ​អាក្រក់​បើទោះ​ជា​គាត់​បានធ្វើ​សព្វគ្រប់​ហើយ​ក៏ដោយ នោះ​ម្ចាស់​ចម្ការ​បាន​គិត​ថា នឹង​កាប់​រំលំ​ចោល​ដើម​ទាំងអស់ យ៉ាកុប 5:41–42, 46–47សូម​អាន យ៉ាកុប 5:50–51 ។សេចក្តី​ថ្លែង​ផ្សេងទៀត​នៃ យ៉ាកុប 5 តំណាង​ឲ្យ​កិច្ចប្រឹងប្រែង​របស់​ព្រះអម្ចាស់ និង អ្នកបម្រើ​របស់​ទ្រង់​ដើម្បីសង្គ្រោះ​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ ។ទ្រង់​ប្រមូល​រាស្ត្រ​របស់​ទ្រង់ និង បីបាច់​ពួកគេ​ជា​លើក​ចុង​ក្រោយ ( សូមមើល យ៉ាកុប 5:52–77 ) ។

ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ការប្រមូលផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ពិពណ៌នា​ក្នុង យ៉ាកុប 5 កំពុង​កើតឡើង​នៅពេល​បច្ចុប្បន្ន​នេះ ៖ « ព្រះអម្ចាស់​កំពុង​បំពេញ​គោលបំណង​របស់​ទ្រង់​អំពី​ការប្រមូលផ្តុំ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ និង កំពុង​ហៅ​កូនចៅ​នៃ​អ័ប្រាហាំ​ឲ្យ​ត្រលប់​ចូល​ក្នុង​ហ្វូង​នៃ​អ្នកគង្វាល​ចៀម​ដ៏ពិត​វិញ » ( Answers to Gospel Questions 4:41 ) ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បានរៀន​ពី យ៉ាកុប 5 អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ដែល​មាន​សម្រាប់​អ្នក ។សូម​កត់ត្រា​ពី​គំរូ​មួយ ថាតើ​អ្នក​បានឃើញ​សេចក្តី​ស្រលាញ់​របស់​ទ្រង់​សម្តែង​ឡើង​ក្នុង​ជីវិត​អ្នក ឬ ក្នុង​ជីវិត​របស់​អ្នកណា​ម្នាក់​ដែល​អ្នក​ស្គាល់​យ៉ាងណា ។

យ៉ាកុប 6

លោក​យ៉ាកុប​បង្រៀន​ពី​សេចក្តី​មេត្តា​ករុណា និង សេចក្តី​យុត្តិធម៌​របស់​ព្រះ និង អញ្ជើញ​យើង​ឲ្យ​ប្រែចិត្ត

យ៉ាកុប 6 មាន​សេចក្តី​សង្ខេប​របស់​លោក​យ៉ាកុប​ស្តីពី​សេចក្តី​ពិត​ដ៏​សំខាន់​ចេញពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ។សូម​អាន យ៉ាកុប 6:4–6 ហើយ​រកមើល​អ្វី​ដែល​លោក​យ៉ាកុប​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​អំពី​លក្ខណៈ​របស់​ព្រះ ។តើ​អ្នក​នឹង​ប្រើប្រាស់​ពាក្យ​អ្វី​ដើម្បី​សង្ខេប​អ្វី​ដែល​យ៉ាកុប​ចង់​ឲ្យ​យើង​រៀន​អំពី​ព្រះ ?

យ៉ាកុប​បានបញ្ចប់​សារ​របស់​លោក​ក្នុង យ៉ាកុប 6:7–13 ដោយ​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ប្រាជ្ញា​ដើម្បី​រៀបចំ​ខ្លួន​ឥឡូវ​នេះ​សម្រាប់​ការជំនុំជម្រះ តាមរយៈ​ការប្រែចិត្ត និង ការទទួល​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ។

  1. សូម​មើល យ៉ាកុប 6:5 ។សូម​កត់សម្គាល់​ថា យ៉ាកុប​បានលើក​ទឹកចិត្ត​យើង​ឲ្យ « តោងជាប់​ទៅនឹង​ព្រះ​ដូចជា​ទ្រង់​ចូលជាប់​នឹង​អ្នក​ដែរ » ។តោង​ជាប់ មានន័យ​ថា តោង ឬ កាន់តាម​យ៉ាងខ្ជាប់ខ្ជួន ។សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​រៀន​អ្វី​ចេញពី​រូបាធិស្ឋាន​នៃ​ដើមអូលីវ ដែល​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​ចូល​ជាប់នឹង​អ្នក​ដែរ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​តោង​ជាប់​កាន់តែ​រឹងមាំ​នឹង​ទ្រង់​ដូចដែល​ទ្រង់​តោងជាប់​នឹង​អ្នក ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ាកុប 5–6 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖