ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 32 ៖ ថ្ងៃ​ទី 2 មរ៉ូណៃ 8–9


មេរៀនទី 32 ៖ ថ្ងៃ​ទី 2

មរ៉ូណៃ 8–9

សេចក្តី​ផ្ដើម

មរ៉ូណៃ 8 គឺជា​សំបុត្រ​ដែល មរមន បាន​សរសេរ​ដល់ ​មរ៉ូណៃ ជា​កូនប្រុស​លោក អំពី​មូលហេតុ​ដែល​ក្មេង​តូចៗ ​ពុំ​ត្រូវការពិធី​​បុណ្យ​ជ្រមុជ​ទឹក ។ នៅក្នុង​សំបុត្រ​នេះ មរមន ​បាន​បង្រៀន​ផងដែរ អំពី​របៀប​ដែល​យើង​អាច​រៀបចំ​ដើម្បី​រស់​នៅ​ជាមួយ​នឹង​ព្រះ ។ លោក​បាន​បញ្ចប់​ដោយ​ការបង្ហាញ​នូវ​កង្វល់​ចំពោះ​ភាពទុច្ចរិត និង ការបំផ្លិច​បំផ្លាញ ​ដែល​ជិត​នឹង​កើត​ឡើង​ចំពោះ​ពួក​សាសន៍​នីហ្វៃ ។ មរ៉ូណៃ 9មាន​សំបុត្រ​ចុងក្រោយ​របស់ ​មរមន​ ដែល​បាន​សរសេរ​ទៅ​កាន់​កូនប្រុស​របស់​លោក ។ លោក​បាន​បង្ហាញអំ​ពី​ទុក្ខ​ព្រួយ​ចំពោះ​ស្ថានភាព​ទុច្ចរិត​របស់​ពួក​សាសន៍​នីហ្វៃ ហើយ​បាន​ទទូច​ដល់​មរ៉ូណៃ​ឲ្យ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ជួយ​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ប្រែចិត្ត ។ ថ្វីបើ​មាន​ភាព​ពុក​រលួយ​ក្នុង​ចំណោម​ប្រជាជន​លោក ក៏​លោក​បាន​លើក​ទឹកចិត្ត​កូនប្រុស​លោក ឲ្យ​ស្មោះត្រង់​នឹង​ព្រះគ្រីស្ទ ហើយ​ឲ្យ​ការសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប ​ស្ថិត​នៅក្នុង​គំនិត​លោក​ជានិច្ច ។

មរ៉ូណៃ 8:1–24

មរមន ​បាន​សរសេរ​ទៅ​កាន់ ​មរ៉ូណៃ​ ជា​កូនប្រុស​លោក អំពី​ពួក​អ្នក​ដែល​ត្រូវការ​ពិធីបុណ្យ​ជ្រមុជ​ទឹក

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​កូនក្មេង​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មិន​ត្រូវបាន​ជ្រមុជ​ទឹក ​រហូត​ទាល់​តែ​មាន​អាយុ​ប្រាំបី​ឆ្នាំ ? នៅក្នុង​សំបុត្រ​មួយ​ដែល​បាន​សរសេរ​ទៅ ​មរ៉ូណៃ ជា​កូនប្រុស​លោក នោះ មរមន ​បាន​បង្រៀន​ពី​សេចក្ដី​ពិត​សំខាន់ៗ​មួយ​ចំនួន អំពី​សេចក្ដី​សង្គ្រោះ​នៃ​កូនក្មេង​តូចៗ និង ពិធី​បុណ្យ​ជ្រមុជ​ទឹក រួមទាំង​មូលហេតុ​ដែល​កូនក្មេង​ពុំ​ ត្រូវ​បាន​ជ្រមុជ​ទឹក ​រហូត​ទាល់តែ​ពួកគេ​មាន​អាយុ​ប្រាំបី​ឆ្នាំ ។ មរមន​ បាន​ចាប់ផ្ដើម​សំបុត្រ​របស់​លោក​ទៅកាន់​មរ៉ូណៃ ដោយ​និយាយ​អំពី​ការឈ្លោះ​ប្រកែក​គ្នា ( ការមិន​ចុះ​សំរុង​គ្នា ) ដែល​ពួក​សាសន៍​នីហ្វៃ​កំពុង​មាន ។ សូម​អាន មរ៉ូណៃ 8:4–6 ហើយ​រកមើល​គោលលទ្ធិ​ ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ឈ្លោះ​ប្រកែក​គ្នា ។ ( ពេល​អ្នក​អាន វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថាពាក្យ ដ៏ធំ នៅក្នុង​បរិបទ​នេះ​គឺ​មានន័យ​ថា ធ្ងន់ធ្ងរ​ក្រៃលែង ) ។

សូម​អាន មរ៉ូណៃ 8:7 ហើយ​រកមើល​អ្វី​ដែល​ មរមន ​បាន​ធ្វើ នៅពេល​លោក​បាន​ឮ​ពី​បញ្ហា​នេះ ។ ព្រះអង្គ​សង្គ្រោះ​ បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ មរមន ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​កូន​ក្មេង​តូចៗ ពុំ​ចាំបាច់​ត្រូវការ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ មុនពេល​ដល់​អាយុ​ដែល​អាច​មាន​ការទទួល​ខុស​ត្រូវ ។ សូម​អាន មរ៉ូណៃ 8:8–9 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល អំពី​មូលហេតុ​ដែល​ទារក និង កូនក្មេង​តូចៗ ​ពុំ​ត្រូវទទួល​បុណ្យ​​ជ្រមុជ​ទឹក ។

នៅក្នុង មរ៉ូណៃ 8:8 « ពាក្យ​បណ្ដាសា​ដល់​លោក​អ័ដាម » គឺ​សំដៅ​ដល់​ការបែកចេញ​របស់​អ័ដាម​ចេញ​ពី​វត្តមាន​របស់​ព្រះ ដែល​មក​ពី​ការធ្លាក់នោះ ។ ជាក់ស្ដែង ពួក​សាសន៍​នីហ្វៃ​មួយ​ចំនួន ​ពុំ​បាន​យល់​ពី​គោលលទ្ធិ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ទេ ។ ហេតុ​ដូច្នោះ​ហើយ ពួកគេ​បាន​ជឿ​ទាំង​ខុស​ថា កូនក្មេង​តូចៗ ​គឺ​ពុំ​មាន​ភាពសក្ដិសម​នៅក្នុង​វត្តមាន​របស់​ព្រះ​ទេ បើ​ពុំ​មាន​ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ទេ​នោះ ហើយ​ពួកគេ​ចង់​ជ្រមុជ​ទឹក​ដល់​ពួក​កូនក្មេង ទាំង​ពេល​ពួកគេ​នៅ​ជាទារក ។ ដើម្បី​យល់​ខ​នេះ វា​ជា​ប្រយោជន៍​ក្នុង​ការកត់​ចំណាំ​ថា អំពើ​បាប​គឺជា « ការមិន​ព្រម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ដោយ​ចេតនា » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បាប » scriptures.lds.org ) ។ ដើម្បី​យល់​ពី​គោលលទ្ធិ​នៅក្នុង​ខ​នេះ​ឲ្យ​កាន់តែ​ពេញលេញ នោះ​អ្នក​អាច​នឹង​ចង់​ធ្វើ​សេចក្ដី​យោង​ដល់ មរ៉ូណៃ 8:8 ជាមួយ​នឹង​មាត្រា​នៃ​សេចក្ដី​ជំនឿ​ខ​ទី​ពីរ ។

សូម​អាន មរ៉ូណៃ 8:10 ហើយ​រកមើល​ពាក្យ​ទាំងឡាយ ដែល​បំពេញ​ដល់​សេចក្ដី​ពិត​តទៅ​នេះ ៖ ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជ​ទឹក គឺ​ចាំបាច់​ដល់​អ្នក​ទាំងអស់​ណា​ដែល  ។

ដោយសារ​ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជ​ទឹក​ចាំបាច់​ដល់​តែ​ពួក​អ្នក​ដែល​​មាន​ការទទួល​ខុសត្រូវ និង ​មាន​លទ្ធភាព​ក្នុង​ការប្រព្រឹត្ត​អំពើ​បាប​ប៉ុណ្ណោះ នោះ ​មរមន ​បាន​បង្រៀន​ថា វា​ខុស​ក្នុង​ការធ្វើ​បុណ្យ​ជ្រមុជ​ទឹក​កូនក្មេង​តូចៗ​មុនពេល​ដែល​ពួកគេ​អាច​មាន​ការទទួល​ខុសត្រូវ ។ សូម​អាន មរ៉ូណៃ 8:11–13, 18–22 ហើយ​រកមើល​ការពន្យល់​របស់​មរ៉ូណៃ​ពី​មូលហេតុ ​ដែលពិធី​បុណ្យ​ជ្រមុជ​ទឹក​ដល់​ពួក​កូនក្មេង​តូចៗ​ គឺ​ខុស ។ ខ​ទាំងនេះ​បង្រៀន​គោលការណ៍​នេះថា ៖ កូនក្មេង​តូចៗ ត្រូវបាន​សង្គ្រោះ ​តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអម្ចាស់​បាន​ចាត់​​អាយុ​ដែល​ចាប់ផ្ដើម​មាន​ការទទួល​ខុសត្រូវគឺនៅ​អាយុ—ប្រាំបី​ឆ្នាំ ( សូម​មើល គ. និង ស. 68:25–27; ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ 17:11 [ នៅក្នុង Bible appendix ] ) ។ មុនពេល​កូនក្មេង​ឈាន​ដល់​អាយុ​ប្រាំបី​ឆ្នាំ ពួកគេ​ពុំ​អាច​ធ្វើបាប​ទេ ដោយសារ​សាតាំង​ពុំ​ត្រូវបាន​ផ្ដល់​អំណាច​ឲ្យ​ល្បួង​ពួក​កូនក្មេង​តូចៗ​ទេ ( សូម​មើល គ. និង ស. 29:46–47 ) ។ កំហុស​ណា​ក៏​ដោយ​ដែល​កូនក្មេង​ធ្វើ មុនពេល​អាយុ​ប្រាំបី​ឆ្នាំ គឺ​មិន​ត្រូវបាន​រាប់​ថា​ជា​អំពើ​បាប​នោះ​ទេ ។

រូបភាព
កុមារី​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក
រូបភាព
អែលឌើរ ដាល្លិន អេក. អូក

អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​កូន​ក្មេង​តូចៗ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប ៖ « យើង​យល់​ចេញពី​គោលលទ្ធិ​របស់​យើង​ថា មុនពេល​អាយុ​នៃ​ការទទួល​ខុសត្រូវ កុមារ​ម្នាក់ ‹ ពុំ​អាច​នឹង​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ › ( មរ៉ូណៃ 8:8 ) ។ អំឡុង​ពេល​នោះ ក្មេងៗ​អាច​ប្រព្រឹត្ត​កំហុស​នានា សូម្បីតែ​ជា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ និង ខូចខាត​យ៉ាង​ខ្លាំង ដែល​ត្រូវតែ​កែ​តម្រូវ ប៉ុន្តែ​ទង្វើ​របស់​ពួកគេ​មិនត្រូវ​បាន​ចាត់​ថា​ជា​អំពើ​បាប​នោះ​ទេ » ( “Sins and Mistakes” Ensign ខែ តុលា ឆ្នាំ 1996 ទំព័រ 65 ) ។

ជា​ផ្នែក​នៃ​សំបុត្រ​របស់​លោក មរមន​បាន​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា កូន​ក្មេង​តូចៗ « រស់​នៅក្នុង​ព្រះគ្រីស្ទ » ហើយ​ថា​បើ​ពួកគេ​ស្លាប់​មុនពេល​ពួកគេ​មាន​អាយុ​ប្រាំបី​ឆ្នាំ នោះ​ពួកគេ​ត្រូវបាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល មរ៉ូណៃ 8:12–15, 22 ) ។

ខណៈ​កំពុង​ពន្យល់​ពី​មូលហេតុ​ដែល​ទារក និង ក្មេង​តូចៗ​ពុំ​ត្រូវការ​ពិធី​បុណ្យ​ជ្រមុជ​ទឹក មរមន​បាន​ថ្លែង​ទីបន្ទាល់​ពី​គោលការណ៍​នេះថា ៖ ព្រះ​គឺ​យុត្តិធម៌​ឥតខ្ចោះ នៅក្នុង​ការដោះស្រាយ​របស់​ទ្រង់​ជាមួយ​នឹង​កូនចៅ​ទ្រង់ ។ នេះ​មានន័យ​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​គ្នា​មាន​ឱកាស​មួយ​ដ៏​យុត្តិធម៌ និង ត្រឹមត្រូវ ដើម្បី​ទទួល​បាន​នូវ​សេចក្ដី​សង្គ្រោះ ។

  1. សកម្មភាព​តទៅ​នេះ​ អាច​ជួយ​អ្នក​រៀន​ពន្យល់អំ​ពី​គោលលទ្ធិ​ទាំងឡាយ ដែល​មាន​បង្រៀន​នៅក្នុង​ផ្នែក​ដំបូង​នៃ មរ៉ូណៃ 8 ។ សូម​ជ្រើសរើស​ស្ថានភាព​មួយ ( ឬ ទាំងពីរ ) នៃ​ស្ថានភាព​ខាងក្រោម​នេះ ហើយ​រកមើល​ខ​មួយ ឬ ពីរ​ចេញមកពី មរ៉ូណៃ 8:8–24 ដាក់​ចូល​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​ជួយ​ឆ្លើយ​ដល់​កង្វល់​របស់​មនុស្ស​ម្នាក់ ​នៅក្នុង​ស្ថានភាព​ដែល​អ្នក​រើស​នោះ ។ បន្ទាប់មក សរសេរ​កថាខណ្ឌ​មួយ ឬ ពីរ ជា​ការឆ្លើយ​តប​ដល់​ស្ថានភាព​នោះ ។ សូម​ប្រើ​ខ​គម្ពីរ​ទាំងឡាយ​នៅក្នុង​ការឆ្លើយ​តប​របស់​អ្នក ។

    1. ពេល​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ជួប​បុរស​ម្នាក់ ដែល​កំពុង​ព្យាយាម​ស្វែងរក​សេចក្ដី​ពិត​ដោយ​ស្មោះ ។ គាត់​ពន្យល់​ថា អស់​ពេញ​មួយ​ជីវិត​គាត់ គាត់​ត្រូវបាន​បង្រៀន​ថា កូន​ក្មេង​តូចៗ ​គឺ​ពោរពេញ​ដោយ​អំពើ​បាប ពេល​ពួកគេ​កើត​មក ដោយ​សារតែ​ការរំលង​របស់លោក​​អ័ដាម ។ គាត់​ប្រាកដ​ថា ពេល​ទារក​ស្លាប់​ទៅ​ដោយ​ពុំ​បាន​ជ្រមុជ​ទឹក នោះ​ពួកគេ​ពោរពេញ​ដោយ​អំពើ​បាប និង មិន​អាច​បាន​សង្គ្រោះ​បាន​ឡើយ ។

    2. អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ម្នាក់ ​យល់​ស្រប​ថា បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​កូន​ក្មេង​អាយុ​ប្រាំបី​ឆ្នាំ ​គឺ​ជា​គំនិត​ល្អ​មួយ ប៉ុន្តែ​សួរ​ថា « វា​មិន​ជា​បញ្ហា​អ្វី​ទេ មែនទេ ប្រសិន​បើ​មនុស្ស​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ ពេល​ពួកគេ​មាន​អាយុ​ប្រាំបី​ខែ ឬ ប្រាំបី​ឆ្នាំ​នោះ ?

មរ៉ូណៃ 8:25–30

មរមន​ បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ​ដើម្បី​រស់នៅ​ជាមួយ​ព្រះ

បន្ទាប់ពី​បង្រៀន​ពី​មូលហេតុ​ដែល​កូនក្មេង​តូចៗ ​ពុំ​ត្រូវការ​បុណ្យ​ជ្រមុជ​ទឹក​ហើយ មរមន​ បាន​បង្រៀន​ថា មនុស្ស​ដែល​បាន​ឈាន​ដល់​អាយុ​នៃ​ការទទួល​ខុសត្រូវ គឺ​ត្រូវតែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ លោក​ក៏​បាន​ពន្យល់​ផងដែរ អំពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ បន្ទាប់ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ដើម្បី​យើង​អាច​រស់នៅ​ជាមួយ​ព្រះ ។

សូម​អាន មរ៉ូណៃ 8:25–26 ហើយ​រកមើល​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ និង លក្ខណៈ​ដែល​យើង​ត្រូវ​អភិវឌ្ឍ ដើម្បី​បាន​រស់នៅ​ជាមួយ​ព្រះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ការណ៍​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា « ការស្លូតបូត » មានន័យ​ថា ចុះចូល​នឹង​ព្រះឆន្ទៈ​របស់​ព្រះ ហើយ « ចិត្ត​សុភាព​រាបសា » មានន័យ​ថា ​បន្ទាប​ខ្លួន​ដោយ​ពិត ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅ​នេះ ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ មរ៉ូណៃ 8:25–26 ៖ តាមរយៈ​ការគោរព​ប្រតិបត្តិ​ដ៏​ស្មោះត្រង់​ចំពោះ​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​រៀបចំ​យើង​ឲ្យ​រស់នៅ​ជាមួយ​ព្រះ ។

  1. សំណួរ​តទៅ​នេះ​ នឹង​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី មរ៉ូណៃ 8:25–26 ។ សូម​ពិចារណា​លើ​សំណួរ​ទាំងអស់ បន្ទាប់មក​ជ្រើសរើស​សំណួរ​ពីរ ឬ ច្រើន​ជាង​នោះ ដើម្បី​ឆ្លើយ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​ការទទួល​ការផ្ដាប់​បាប​របស់​អ្នក អាច​នាំ​ទៅកាន់ ភាពស្លូតបូត និង ចិត្ត​សុភាព​រាបសា​ដូច្នេះ ?

    2. តើ​ភាព​ស្លូតបូត និង ចិត្ត​សុភាព​រាបសា អាច​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​ក្នុង​ជីវិត​អ្នក ដោយ​របៀប​ណា​ដែរ ?

    3. តើ​ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ជួយ​អ្នក​រៀបចំ​ខ្លួន​ដើម្បីរស់នៅ​ជាមួយនឹង​​ព្រះ​ដោយ​របៀប​ណា ?

    4. មរមន ​បាន​បង្រៀន​ថា ប្រសិនបើ​យើង​ចង់​មាន​ភាព​ពោរពេញទៅ​​ដោយ​សេចក្ដី​ស្រឡាញ់​​ជាប់​រហូត នោះ​យើង​ត្រូវតែ​អធិស្ឋាន​ដោយ​ឧស្សាហ៍​ព្យាយាម ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ការអធិស្ឋាន​ដោយ​ឧស្សាហ៍​ព្យាយាម គឺជា​ការចាំបាច់ ប្រសិនបើ​យើង​ចង់​មាន​ភាព​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ?

ដូច​មាន​កត់ត្រា​នៅក្នុង មរ៉ូណៃ 8:27 មរមន ​បាន​ថ្កោលទោស​ដល់​អំពើ​បាប​នៃ​ការឆ្មើងឆ្មៃ​ដែល​មាន​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។ សូម​អាន មរ៉ូណៃ 8:27 ហើយ​រកមើល​លទ្ធផល​នៃ​ការឆ្មើងឆ្មៃ​របស់​ពួក​សាសន៍​នីហ្វៃ ។ បន្ទាប់មក ប្រៀបធៀប​លទ្ធផល​នេះ​ជាមួយ​នឹង​លទ្ធផល​នៃ​ការស្លូតបូត និង ចិត្ត​សុភាព​រាបសា ដែល​មាន​ក្នុង មរ៉ូណៃ 8:26 ។

មរមន​ បាន​លើក​ទឹកចិត្ត ​មរ៉ូណៃ​ ឲ្យ​អធិស្ឋាន​សម្រាប់​ពួក​សាសន៍​នីហ្វៃ ដើម្បី​​ពួកគេ​អាច​នឹង​ប្រែចិត្ត និង ទទួល​ពរជ័យ​ទាំងឡាយ ​ដែល​លោក​បាន​ពិពណ៌នា​នៅក្នុង​សំបុត្រ​របស់​លោក ( សូម​មើល មរ៉ូណៃ 8:28–30 ) ។ តាម​ការ​ប្រើប្រាស់​ដំបូន្មាន​របស់​ មរមន ​ចំពោះ​កូនប្រុស​លោក នោះ​សូម​ពិចារណា​ធ្វើ​ការអធិស្ឋាន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​អ្នក​ស្គាល់ ដែល​ត្រូវការ​ទទួល​ពរជ័យ​នៃ​ដំណឹង​ល្អ ហើយ​ព្យាយាម​ស្វែងរកវិធី​នានា ដើម្បី​ជួយ​ដល់​បុគ្គល​ទាំងនោះ ។

មរ៉ូណៃ 9:1–20

មរមន ​ពិពណ៌នា​អំពី​ភាពទុច្ចរិត​របស់​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន

សូម​រំឭក​ឡើងវិញ​ពី​ពេល​មួយ ដែល​អ្នក​បាន​ព្យាយាម​ជួយ​មនុស្ស​ម្នាក់ ហើយ​មនុស្ស​នោះ​បាន​បដិសេធ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក ។ តើ​មនុស្ស​មួយ​ចំនួន​ អាច​នឹង​ឆ្លើយតប​ដោយ​របៀប​ណា ពេល​ដែល​បំណង​ល្អ​របស់​គេ​ ត្រូវបាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត ពីមនុស្ស​ទាំងឡាយ​​ដែល​ពួកគេ​ព្យាយាម​ជួយ​នោះ ? ពេល​អ្នក​សិក្សា​សំបុត្រ​ទីពីរ​របស់​ មរមន ​ដែល​សរសេរ​ទៅ​មរ៉ូណៃ​ជា​កូនប្រុស​លោក ដែល​មាន​នៅក្នុង មរ៉ូណៃ 9 សូម​រកមើល​អ្វី​ដែល​ មរមន ​បាន​មាន​ប្រសាសន៍ ដើម្បី​លើក​ទឹកចិត្ត​ដល់​កូនប្រុស​លោក​ថា ​កុំ​ឲ្យ​បោះបង់​ចោល​ពួក​សាសន៍​នីហ្វៃ ។

សូម​អាន មរ៉ូណៃ 9:1 ហើយ​រកមើល​ពាក្យ​ដែល​មរមន​បាន​ប្រើ​ក្នុង​ការពិពណ៌នាអំ​ពី​ស្ថានភាព ដែល​លោក​នឹង​ពិភាក្សា​នៅក្នុង​សំបុត្រ​របស់​លោក ។ សូម​កត់ចំណាំ​ថាពាក្យ ប្រកប​ទៅ​ដោយ​ក្ដី​ទុក្ខ​ព្រួយ នៅក្នុង​បរិបទ​នេះ​គឺ​មានន័យ​ថា រំខាន​ចិត្ត​ជា​ខ្លាំង​ក្រៃលែង ។ ដូច​មាន​កត់ត្រា​នៅក្នុង មរ៉ូណៃ 9:2–19 មរមន​ បាន​ពិពណ៌នាអំ​​ពី​ការណ៍​ដែល​រំខាន​ចិត្ត​មួយ​ចំនួន ដែល​កើតឡើង​ក្នុង​ចំណោម​ប្រជាជន ដោយ​បង្ហាញ​ថា ​ប្រជាជន​បាន​ក្លាយ​ជា​ទុច្ចរិត​យ៉ាង​ណាខ្លះ ។ ដូច​ជា ​អេធើរ ដែល​ជា​ព្យាការី​ម្នាក់​ក្នុង​ចំណោម​ពួក​សាសន៍​យ៉ារេឌ​ដែរ មរមន ​បាន​ឃើញ​នូវ​កំហឹង និង ភាពទុច្ចរិត ​ដែល​ឈ្នះ​លើចិត្ត​របស់​​ប្រជាជន​លោក ។ លោក​ភ័យខ្លាច​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ ឈប់​តស៊ូ​ជាមួយ​ពួកគេ ( សូម​មើល មរ៉ូណៃ 9:4 ) ។

សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល ​មរមន ​បន្ត​ធ្វើ​កិច្ចការ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ សូម្បី​តែ​ពួកគេ​បាន​ពង្រឹង​ចិត្ត​គេ​ចំពោះ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​បាន​បដិសេធ​ការខំប្រឹងប្រែង​របស់​ព្យាការី​ក្នុង​ការជួយ​ដល់​ពួកគេ​ក៏​ដោយ ។

មរមន ​បាន​ផ្ដល់​ដំបូន្មាន​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ដល់​មរ៉ូណៃ អំពី​របៀប​ដែល​លោក​គួរ​បម្រើ​ដល់​ប្រជាជន​ដែល​មិន​បាន​បើក​ដួង​ចិត្ត​របស់​គេ ។ សូម​អាន មរ៉ូណៃ 9:3–6 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ពី​គោលការណ៍​នេះ ៖ យើង​ត្រូវ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​នៅក្នុង​កិច្ចការ​នៃ​ព្រះ សូម្បី​តែ​ពួកអ្នក​ដែល​យើង​បម្រើ​នោះ​ពុំ​ឆ្លើយ​តប​ដោយ​វិជ្ជមាន​ក៏​ដោយ ។ ខ 6 គឺ​មាន​ប្រយោជន៍​ជា​ពិសេស​ក្នុង​ការបង្រៀន​គោលការណ៍​នេះ ។

មរ៉ូណៃ 9:21–26

មរមន​ លើក​ទឹកចិត្ត​ឲ្យ ​មរ៉ូណៃ ​ស្មោះត្រង់

សូម​គិត​អំពី​ហេតុការណ៍​បច្ចុប្បន្ន​ទាំងឡាយ​នៅក្នុង​សហគមន៍ ប្រជាជាតិ​របស់​អ្នក ឬ ក្នុង​ពិភពលោក ដែល​មនុស្ស​អាច​នឹង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ ។ សូម​អាន មរ៉ូណៃ 9:25–26 ដើម្បី​រកមើល​ដំបូន្មាន​ដែល​ មរមន ​បាន​ផ្ដល់ទៅ​ដល់​មរ៉ូណៃ អំពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅក្នុង​កាលៈទេសៈ​ទាំងឡាយ​ដែល​បាក់​ទឹកចិត្ត ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មរមន ​បាន​ប្រាប់អ្វី​ខ្លះ ​ដល់​មរ៉ូណៃ​ដែល​គាត់​គួរតែ « ស្ថិត​នៅក្នុង​គំនិត​របស់​កូន​ជា​រៀង​រហូត » ? ( មរ៉ូណៃ 9:25 ) ។ តើ​ការចងចាំ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ អាច​ជួយ​អ្នក​បាន​ដោយ​របៀប​ណា ពេលដែល​អ្នក​ស្ថិត​នៅក្នុង​ការលំបាក ឬ ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ភាពទុច្ចរិត ?

ចេញមក​ពី​ដំបូន្មាន​របស់​មរមន​ចំពោះ​មរ៉ូណៃ នោះ​យើង​អាច​រៀន​ពី​គោលការណ៍​នេះថា ៖ បើ​យើង​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ នោះ​ទ្រង់​អាច​លើក​យើង​ឡើង សូម្បីតែ​ក្នុង​គ្រា​ដ៏​លំបាក និង ភាពទុច្ចរិត​ហ៊ុំព័ទ្ធ​យើង​ក៏​ដោយ ។ ការ « ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ » អាច​មានន័យ​ថា ការពុះពារ​ព្យាយាម​នៅ​គ្រប់​ពេល​ទាំងអស់ ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ពិត​ម្នាក់​របស់​ព្រះអង្គ​សង្គ្រោះ ចងចាំ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ និង រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​នៅក្នុង​ជីវិត​របស់​អ្នក ឬ នៅក្នុង​ជីវិត​នរណា​ម្នាក់​ដែល​ជិតដិត​នឹង​អ្នក ដែល​បង្ហាញ​ថា​គោលការណ៍​មុន​នេះ​គឺ​ពិត ។

សូម​គិត​អំពី​របៀប​មួយ​ដែល​អ្នក​អាច​កាន់តែ​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ នៅពេល​ដែល​អ្នក​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ភាពទុច្ចរិត ឬ កាលៈទេសៈ​ដ៏​លំបាក​នានា ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 8–9 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖