ថ្នាក់​សិក្ខាសាលា
មេរៀនទី 6 ៖ ថ្ងៃទី 2 នីហ្វៃទី2 6–8


មេរៀនទី 6 ៖ ថ្ងៃទី 2

នីហ្វៃទី 2 6–8

សេចក្ដីផ្ដើម

ផ្នែក​ដំបូង​នៃ​បញ្ជី​របស់​នីហ្វៃស្តី​ពី​ទេសនកថា​ដែល​ត្រូវ​បាន​បង្រៀន​ដោយ​យ៉ាកុប ជា​ប្អូន​ប្រុស​លោក មាន​នៅក្នុង នីហ្វៃទី 2 6–8 ។( ផ្នែក​ទីពីរ​នៃ​ទេសនកថា​របស់​យ៉ាកុប​មាន​នៅក្នុង នីហ្វៃទី 2 9–10 ) ។ យ៉ាកុប​បាន​ព្យាករ​ថា ចាប់តាំង​ពី​ពេល​ដែល​លីហ្វៃ​បាន​ចាកចេញ​ពី​ទីក្រុង​យេរ៉ូសាឡិម នោះ​ពួកសាសន៍​យូដា​ត្រូវ​បាន​ជាប់​ឃុំឃាំង ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ទោះ​ជាយ៉ាង​ណា ដោយមាន​សេចក្តី​មេត្តា​ករុណា នោះ​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រមូល​ពួក​សាសន៍​យូដា​ឲ្យ​ត្រឡប់​មកកាន់​ទីក្រុង​យេរ៉ូសាឡិម​វិញ ។ យ៉ាកុប ក៏​បាន​ព្យាករ​ផងដែរ​ថា ពួកសាសន៍​យូដា​នឹង​ខ្ចាត់ព្រាត់​ជា​លើក​ទីពីរ បន្ទាប់​ពី​ពួកគេ​បដិសេធ​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពេល​នៃ​ការងារ​បម្រើ​របស់​ទ្រង់នៅ​ក្នុង​ជីវិត​រមែងស្លាប់ ហើយ​ព្រះអម្ចាស់​នឹង​បង្ហាញ​សេចក្តី​មេត្តា​ករុណា ហើយ​នឹង​ប្រមូល​ពួកគេ​ម្តងទៀត​នៅ​ថ្ងៃ​ចុងក្រោយ នៅពេល​ពួកគេ​ទទួល​បាន​ការចេះដឹង​អំពី​ព្រះអង្គ​សង្គ្រោះ ។លើសពី​នេះ​ទៀត យ៉ាកុប​បាន​ដកស្រង់​ការព្យាករ​របស់​អេសាយ ដែល​បង្ហាញ​ពី​ភក្តីភាព​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ និង ភាព​មហិមា​នៃ​សេចក្តី​សន្យា​របស់​ទ្រង់​ចំពោះ​ពួក​អ្នក​ស្មោះត្រង់ ។

នីហ្វៃទី 2 6

យ៉ាកុប​ព្យាករ​ពី​ការ​ខ្ចាត់ព្រាត់ និង ការ​ប្រមូលផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល

តើ​អ្នក​នឹង​ធ្វើ​បែបណា បើសិន​មនុស្ស​ដែល​អ្នក​ស្រឡាញ់​បាន​ប្រព្រឹត្តិ​មិន​ល្អ​ចំពោះ​អ្នក ?ចុះ​បើសិន​ពួកគេ​បង្ហាញ​តាម​សកម្មភាព ឬ អាកប្បកិរិយា​របស់​ពួកគេ​ថា ទំនាក់​ទំនង​របស់​អ្នក​គឺ​លែង​មាន​សារៈសំខាន់​ចំពោះ​ពួកគេ​ទៀត​ហើយ ?សូម​សញ្ជឹង​គិត បើសិន​អ្នក​ធ្លាប់​ប្រព្រឹត្ត​បែបនេះ​ចំពោះ​ព្រះអម្ចាស់ ។នៅក្នុង នីហ្វៃទី 2 6–8 យ៉ាកុប​បាន​បង្រៀន​ពី​របៀប​ដែល​ព្រះអម្ចាស់​ឆ្លើយ​តប​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​បែរ​ចេញ​ឆ្ងាយ​ពី​ទ្រង់ ដោយ​អាកប្បកិរិយា និង សកម្មភាព​របស់​ពួកគេ ។

សូមអាន នីហ្វៃទី 2 6:3–5; 9:1, 3 ហើយ​រកមើល​មូលហេតុ​ទាំងឡាយ​ដែល​យ៉ាកុប​ផ្តល់​ទេសនកថា​នេះ ។

នៅពេល​អ្នក​សិក្សា​នៅថ្ងៃ​នេះ សូម​រកមើល​ការបង្រៀន​របស់​យ៉ាកុប ដែល​អាច​ជួយអ្នកឲ្យ « ចេះដឹង ហើយ​សរសើរ​តម្កើង​ដល់​ព្រះនាម​នៃ​ព្រះ​របស់​អ្នក​រាល់គ្នា » ( នីហ្វៃទី 2 6:4 ) យល់ដឹង​កាន់តែ​ប្រសើរ​ពី​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​អ្នក​បានធ្វើ​ជាមួយ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 9:1 ) និង ផ្តល់​មូលហេតុ​ដល់អ្នក​ដើម្បី « ត្រេកអរ ហើយ​ងើយ​ក្បាល​អ្នក​ឡើង​ជាដរាប » ( នីហ្វៃទី 2 9:3 ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. យ៉ាកុប​ចាប់ផ្តើម​ថ្លែង​ទេសនកថា​របស់​លោក ដោយ​ការ​ព្យាករ​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួកសាសន៍​យូដា បន្ទាប់​ពី​លីហៃ​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ដោយសារ​ពួកគេ​បាន​បដិសេធ​ព្រះអម្ចាស់ ។តើ​លោក​បាន​ពិពណ៌នា​ពី​វា​យ៉ាង​ដូចម្ដេច នៅក្នុង នីហ្វៃទី 2 6:8 ?

    2. លីហៃ យេរេមា និង ព្យាការី​ដទៃ​ទៀត​បាន​ព្យាករ​អំពី​កាបំផ្លិចបំផ្លាញ​នេះ ។នៅពេល​ពួក​អ្នក​នៅក្រុង​បាប៊ីឡូន​ច្បាំង​ឈ្នះ​ពួក​សាសន៍​យូដា​នៅឆ្នាំ​ប្រហែល 578 មុន.គ.ស. មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បានសម្លាប់ ហើយ​អ្នក​ដទៃ​ទៀត​ត្រូវ​បាន​ជាប់ឃុំឃាំង​នៅក្រុង​បាប៊ីឡូន ។នៅទីបំផុត ពួកសាសន៍​យូដា​បាន​បន្ទន់​ដួងចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ ។យោង​ទៅ​តាម​ប្រយោគ​ដើមគេនៅ​ក្នុង​ នីហ្វៃទី 2 6:9 តើ​យ៉ាកុប​បាន​ព្យាករ​ថានឹង​អ្វី​កើត​ឡើង​ចំពោះ​ពួកគេ ?

    3. យ៉ាកុប​បាន​ព្យាករ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​រស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ពួកសាសន៍​យូដា បន្ទាប់​ពី​ពួកគេ​បាន​រួច​ពី​ការ​ជាប់ឃុំឃាំង ។យោង​ទៅតាម នីហ្វៃទី 2 6:9–10 តើ​ពួកសាសន៍​យូដាបាន​ប្រព្រឹត្ត ហើយមាន​អារម្មណ៍បែបណា​ចំពោះ​ព្រះអម្ចាស់ ?

    4. យោង​ទៅ​តាម នីហ្វៃទី 2 6:10–11 តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួកសាសន៍​យូដា​ដែល​ជា​អ្នក​បដិសេធ​ព្រះអង្គ​សង្គ្រោះ ?

សូមអាន នីហ្វៃទី 2 6:11, 14 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ថា តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​វង្ស​អ៊ីស្រាអែល បើ​ទោះជា​ពួកគេ​បាន​បដិសេធ​ទ្រង់​ក៏​ដោយ ។អ្នក​អាច​នឹង​ចង់​គូស​រង្វង់​នៅ​ត្រង់​ឃ្លាថា « សេចក្តី​មេត្តា​ករុណា​ដល់​ពួកគេ » និង « ចាំជួយ​ពួកគេ » នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖

    1. តើ​ពាក្យ​ថា « ចាំជួយ » នរណា​ម្នាក់ ឬ អ្វី​មួយ មាន​ន័យ​ដូចម្តេច ?

    2. តើ​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ចាំជួយ​ពួកសាសន៍​អ៊ីស្រាអែល​ជាលើក​ទីពីរ បង្ហាញ​ពី​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

នៅ​ក្នុង​ខគម្ពីរ​ដដែល​នេះ យ៉ាកុប​បាន​បង្រៀន​នូវ​អ្វី​ដែល​ពួកសាសន៍​យូដា​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ​ពី​ព្រះអម្ចាស់ ។សូម​អាន នីហ្វៃទី 2 6:11, 14 ម្តង​ទៀត ហើយ​ស្វែងរក​ឃ្លា « កាលណា/នៅពេល​ពួកគេ​នឹង » នៅ​ក្នុង​ខគម្ពីរ​នីមួយៗ ។សូម​គូស​ចំណាំ​ពាក្យ​ទាំងឡាយ​ដែល​បំពេញឲ្យ​ឃ្លា​នេះ ។យោង​ទៅ​តាម​ខគម្ពីរ​ទាំង​នេះ តើ​ពួកសាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​មាន​គុណសម្បត្តិ​អ្វី​ខ្លះ ដើម្បី​បាន​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ?ខគម្ពីរ​ទាំងនេះ​បង្រៀន​ពី​គោលការណ៍មួយ ៖ ព្រះអម្ចាស់​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ត្រឡប់​មករក​ទ្រង់​វិញ ។

  1. សូម​សញ្ជឹង​គិត​ពី​របៀប​ទាំងឡាយ ដែល​អ្នក​បាន​ធ្វើ​ទីបន្ទាល់​ពី​សេចក្តី​មេត្តា​ករុណា និង ព្រះហឫទ័យ​របស់​ព្រះ​អម្ចាស់​ក្នុង​ការ​អភ័យទោស​ដល់​អ្នក​ទាំងឡាយ​ណា​ដែលត្រឡប់​មករក​ទ្រង់​វិញ ។នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ ៖ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា ដោយសារ… បន្ទាប់មក សូម​បំពេញ​ប្រយោគ​នេះ​ជាមួយ​នឹង​គំនិត និង អារម្មណ៍​ផ្ទាល់​របស់អ្នក ។អ្នកគួរ​ធ្វើ​លំហាត់​នេះ​ម្តង​ទៀត នៅ​ពេល​អ្នក​គិត​ឃើញ​ពី​វិធី​ផ្សេងៗ​ដែល​ព្រះអម្ចាស់​បាន​ចង្អុល​បង្ហាញ​ថា ទ្រង់​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា ។

នៅ​ក្នុង នីហ្វៃទី 2 6 មាន​ការសន្យា​ដ៏​អស្ចារ្យ​មួយ​ពី​សេចក្តី​សង្ឃឹម​សម្រាប់​ពួកសាសន៍​អ៊ីស្រាអែល—ដែល​រួម​បញ្ជូល​ទាំង​យើង​ទាំងអស់​គ្នា​ផងដែរ ។សូម​អាន នីហ្វៃទី 2 6:17–18 ហើយ​បំពេញ​ការ​សន្យាដូចមាន​ខាង​ក្រោម​នេះ ​ដែល​ធ្វើ​ឡើង​ដោយ​ព្រះអង្គ​សង្គ្រោះ ៖

« ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ​នឹង  » ( នីហ្វៃទី 2 6:17 ) ។

« គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា  » ( នីហ្វៃទី 2 6:18 ) ។

នីហ្វៃទី 2 7–8

យ៉ាកុប​ដកស្រង់​ការ​ព្យាករណ៍ទាំងឡាយ​របស់​អេសាយស្តី​ពី​ភក្កីភាព​របស់ព្រះ​អង្គសង្គ្រោះ​ដែលទ្រង់​មាន​ចំពោះ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា និង សមត្ថភាព​របស់​ទ្រង់​ក្នុង​ការប្រោសលោះ​យើង

ដូច​ដែល​បាន​តក់ត្រា​នៅ​ក្នុង នីហ្វៃទី 2 7–8 យ៉ាកុប​បាន​ដកស្រង់​ការ​ព្យាករណ៍របស់​អេសាយទាក់ទង​នឹង​បំណង​ប្រាថ្នា និង សមត្ថភាព​របស់​ព្រះអម្ចាស់​ក្នុង​ការប្រាសលោះ​ពួកសាសន៍​អ៊ីស្រាអែល​ពី​ការ​រងទុក្ខ​វេទនា ដែល​បង្កឡើង​ដោយ​អំពើ​បាប​របស់​ពួកគេ ។សូម​អាន នីហ្វៃទី 2 7:1–2 ហើយ​រកមើល​សំណួរ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បានសួរ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ដែល​បង្ហាញ​ថា ទ្រង់​នៅ​តែ​ស្រឡាញ់​ពួកគេ ហើយ​មាន​ព្រះទ័យ​ចង់​ប្រាសលោះ​ពួកគេ ។

វា​អាចជា​ការ​ល្អ​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​បាន​ប្រើ​ភាសា​ជា​និមិត្តរូប ដែល​ទាក់ទង​នឹង​ការ​លែងលះ​គ្នា ទាសភាព និង ទំនៀមទំលាប់​ខាង​សង្គម ដែល​មនុស្ស​នៅ​សម័យ​នោះ​អាច​ស្គាល់ ដើម្បី​បង្រៀន​ពួកគេ​តាម​របៀប​មួយ​ដ៏​មាន​ឥទ្ធិពល ហើយ​មិនអាច​បំភ្លេច​បាន ។ ឃ្លា​ថា « បាន​បណ្តេញ​អ្នក​ចេញ » « សំបុត្រ​លះលែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក » និង « បាន​លក់​អ្នក » ពោល​សំដៅ​ដល់​គំនិត​នៃ​ការ​បំពាន ឬ ការ​ផ្តាច់​ចេញពី​សេចក្តី​សញ្ញា​មួយ ។សំណួរ​ទាំង​នេះ​អាច​ត្រូវ​បាន​សរសេរ​ជា​ឃ្លា​ឡើង​វិញ​ដូច​តទៅ​នេះ ៖ « តើ​យើង​បាន​បែរចេញ​ពី​អ្នក​ឬ ?តើ​យើង​ព្រងើយ​កន្តើយ​នឹង​សេចក្តី​សញ្ញា​ដែល​ពួកយើង​បាន​ធ្វើ​ឬ ? »ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​គឺ​ថា « ទេ » ។ព្រះអម្ចាស់​នឹង​មិន​ដែល​បែរ​ចេញ​ពីយើង ឬ បំភ្លេច​សេចក្តី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​នោះទេ ។សំណួរ​របស់​ទ្រង់​គឺ​ជា​របៀប​មួយ​ក្នុង​ការ​គូស​បញ្ជាក់​ថា ទ្រង់​នឹង​មិន​ដែល​ផ្តាច់​សេចក្តី​សញ្ញា​របស់​ទ្រង់​ជាមួយ​ពួកសាសន៍​អ៊ីស្រាអែល​នោះទេ ។

នៅចុង​បញ្ចប់​នៃ នីហ្វៃទី 2 7:1 សូម​គូស​បន្ទាត់​ពីក្រោម​ការ​ពន្យល់​របស់​ព្រះអម្ចាស់ស្តីពី​មូលហេតុ​ដែល​ពួកសាសន៍​អ៊ីស្រាអែល​ត្រូវ​បានបែក​ចេញ​ពី​ព្រះ ហើយរងទុក្ខ​ដោយ​ការ​ជាប់​ឃុំឃាំង ។

  1. សូម​ឆ្លើយ​សំណួរ​មួយក្នុង​ចំណោម​សំណួរ​ខាង​ក្រោមនេះ ហើយ​សរសេរ​វានៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​ហេតុ​អ្វី​បាន​ជាការ​យល់​ដឹង​ថា គំនិត ការសម្រេច​ចិត្ត និង ទង្វើ​ទាំងឡាយ​របស់​យើងអាច​បំបែក​ពួកយើង​ចេញ​ពី​ព្រះ មាន​សារៈសំខាន់​ចំពោះ​យើង ?

    2. តើ​ហេតុអ្វីបាន​ការ​ដឹង​ថា ព្រះអម្ចាស់​មិន​ដែល​បំភ្លេច ឬ បោះបង់​យើង​ចោល​នោះទេ បើ​ទោះ​ជា​យើង​អាច​បំភ្លេច ឬ បោះបង់​ទ្រង់ចោល​ក៏ដោយ មាន​សារៈសំខាន់​ចំពោះ​យើង ?

នៅ​ក្នុង នីហ្វៃទី 2 7:2 ព្រះអម្ចាស់​បាន​សួរ​ដល់​ពួកសាសន៍​អ៊ីស្រាអែល​នូវ​សំណួរ​ដ៏​សំខាន់​បំផុត​មួយ ដែល​អនុវត្ត​ចំពោះ​ពួក​យើង​រាល់គ្នា​ផងដែរ ។ សូម​ស្វែងរក និង គូសចំណាំ​សំណួរ​នោះ ។

តើ​អ្នក​គិតថា ​ព្រះអម្ចាស់​មាន​ន័យ​យ៉ាង​ណាដែរ ពេល​ទ្រង់​បាន​សួរ​ថា « តើ​ដៃយើង​បាន​រួញខ្លី​នឹង​ជួយ​លោះ​អ្នក​មិនបានឬ ? »ដើម្បី​ជួយអ្នក​ឲ្យ​មើលឃើញ​ការណ៍​នេះ សូម​ស្រម៉ៃ​ថា អ្នក​កំពុង​ឈោង​ដៃ​របស់អ្នក ដើម្បី​ព្យាយាម​ជួយ​នរណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ ។បើ​សិន​អ្នក​លាត​សន្ធឹង​ការ​ឈោង​ជួយ​របស់​អ្នក តើ​អ្នក​នឹង​ព្យាយាម​ធ្វើ​អ្វី​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ម្នាក់​នោះ ? ផ្ទុយ​ទៅវិញ បើសិន​អ្នក​មិនបាន​ឈោង​ជួយ ឬ ដកដៃ​ចេញ​វិញ​នោះ តើ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការជួយ​មនុស្ស​ម្នាក់​នោះមាន​ន័យ​យ៉ាងណាដែរ ?នៅក្នុង​ការស្រម៉ៃ​គិត​នេះ របៀប​មួយ​ទៀត​ដើម្បី​រៀប​ឃ្លា​សំណួរ​របស់​ព្រះអម្ចាស់​ដែល​សួរ​ទៅកាន់​ពួកសាសន៍​អ៊ីស្រាអែល​គឺ ៖ « តើ​យើង​នឹង​ទប់​ដៃ ហើយ​នឹង​មិន​ឈោង​ទៅ​ប្រោសលោះ​អ្នក​ឬ ? »

ឃ្លាថា « តើ​យើង​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី ? »បាន​អញ្ជើញ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​សញ្ជឹងគិត​លើ​សេចក្តី​ជំនឿ​របស់​ពួកគេ​ថា ព្រះអម្ចាស់​បាន​មាន​អំណាច​ដើម្បី​ដោះលែង​ពួកគេ​ឲ្យ​រួច​ពី​ការ​រងទុក្ខ​ដែល​បង្ក​ឡើង​មកពី​អំពើ​បាប​របស់​ពួកគេ ។

នៅ​ផ្នែកដទៃទៀតក្នុង​ នីហ្វៃទី 2 7–8 អេសាយ​បាន​ផ្តល់​នូវ​គំរូ​មួយ​ចំនួន​ស្តី​ពី​បំណងប្រាថ្នា និង អំណាច​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រោសលោះ​រាស្រ្ត​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ ។

សូម​អាន នីហ្វៃទី 2 7:5–7 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ក្នុង​ការ​ព្យាករណ៍នេះ ដែល​ប្រាប់​ពី​អ្វី​ដែល​ព្រះមែស៊ី​នឹង​ធ្វើ និង ទទួល​បទពិសោធន៍ ​ជា​ផ្នែក​មួយ​នៃ​ការ​លះបង់​ដ៏​ធួន​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​យើង ។នៅក្នុង នីហ្វៃទី 2 7:6 លេខយោង មាន​ខ​គម្ពីរ​យោង​ដែល​ពន្យល់ និង បង្ហាញ​ពី​ការ​បំពេញ​នៃ​ការព្យាករ​នេះ ។អ្នកគួរ​ចង់​គូស​ចំណាំ ម៉ាថាយ 27:26 នៅក្នុង​លេខ​យោង បន្ទាប់​មក អាន ម៉ាថាយ 27:26–31 រកមើល​របៀប​ទាំងឡាយ​ដែល​ការ​ព្យាករណ៍របស់​អេសាយ​ត្រូវ​បាន​បំពេញ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ នីហ្វៃទី 2 7:2, 5–7 បង្ហាញ​ដល់​យើង​នូវ​អ្វី​ខ្លះ អំពី​បំណង​ប្រាថា្ន និង ព្រះហឫទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រោសលោះ​យើង ។

ដើម្ប​ជួយ​អ្នក​រកឃើញ​ភស្តុតាង​បន្ថែម​ទៀត​ពី​សេចក្តី​មេត្តា​ករុណា និង ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅក្នុង​ការ​ព្យាករណ៍ដទៃទៀត​របស់​អេសាយ សូម​ស្រម៉ៃ​ថា អ្នក​ត្រូវបាន​ស្នើឲ្យ​ឡើង​និយាយ​នៅ​ព្រះវិហារ​ពី​គោលការណ៍​ ៖ ព្រះអម្ចាស់​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រោសលោះ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ និង មាន​គ្រប់​ទាំង​ព្រះចេស្តា​ដើម្បី​ធ្វើ​ដូច្នេះ ។ ដើម្បី​រៀបចំ​ការឡើង​និយាយ​របស់​អ្នក សូម​អាន នីហ្វៃទី 2 8:3, 11–13, 16, 22 ហើយ​ជ្រើសរើស​ឃ្លា​ទាំងឡាយ​ដែល​អ្នក​មាន​អារម្មណ៍​ថា ផ្តល់​នូវ​ការ​អះអាង​ពី​បំណង​ប្រាថ្នា និង ព្រះចេស្តា​របស់​ព្រះអម្ចាស់​ក្នុង​ការប្រោសលោះ​យើង ។

  1. សូម​ធ្វើ​ការសង្ខេប​ជា​គោលៗនូវ​ការ​និយាយ​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ ៖

    1. ​សរសេរ​ពាក្យ​ពីរ ឬ បីឃ្លា​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក និង ដោយ​ពន្យល់​ពី​របៀប​ដែល​ឃ្លា​នីមួយៗគឺជា​គំរូ​មួយ​អំពី​បំណង​ប្រាថ្នា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រោសលោះ​ដល់​យើង ឬ អំពី​ព្រះចេស្តា​របស់​ទ្រង់​ក្នុង​ការធ្វើ​ដូច្នេះ ។

    2. សូម​ជ្រើសរើស​ឃ្លា​មួយ​ចេញពី​ឃ្លា​ទាំង​នោះ ហើយ​ពិពណ៌នា​ពី​របៀប​ដែល​អ្នក​បានទទួល​បទពិសោធន៍ ឬ ចង់​ទទួល​បទពិសោធន៍​ពី​ពរជ័យ​នោះ​នៅក្នុង​ជីវិត​អ្នក ។

នៅពេល​អ្នក​បញ្ចប់​មេរៀន​នេះ សូម​ចងចាំ​ថា យ៉ាកុប​បាន​បង្រៀន​អ្នក​ពី​សេចក្តី​ពិត​ទាំងឡាយ​ដែល​អ្នក​បាន​សិក្សា​នៅថ្ងៃ​នេះ « ដើម្បី​ឲ្យ​បងប្អូន​រាល់គ្នា​អាច​ចេះដឹង ហើយ​សរសើរ​តម្កើង​ដល់​ព្រះនាម​នៃ​ព្រះ​របស់​អ្នល​រាល់គ្នា » ( នីហ្វៃទី 2 6:4 ) « ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ដឹង​អំពី​សេចក្តី​សញ្ញា​ទាំងឡាយ​នៃ​ព្រះ​អម្ចាស់ » ( នីហ្វៃទី 2 9:1 ) និង « ដើម្បី​ឲ្យ​អ្នករាល់​គ្នា​អាច​បាន​ត្រេកអរ ហើយ​ងើយ​ក្បាល​ឡើង​ជាដរាប » ( នីហ្វៃទី 2 9:3 ) ។ សូម​រកមើល​ឱកាស​មួយ​នៅ​ថ្ងៃនេះ ដើម្បី​ចែកចាយ​ជាមួយ​នរណា​ម្នាក់ ពី​ការស្ងើច​សរសើរ​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ និង សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 6–8 ហើយ​បានបញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម ដែលខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖