ថ្នាក់​សិក្ខាសាលា
មេរៀនទី 15 ៖ ថ្ងៃទី 1 អាលម៉ា 5:1–36


មេរៀនទី 15 ៖ ថ្ងៃទី 1

អាលម៉ា 5:1–36

សេចក្តីផ្ដើម

ពេល​សាសនាចក្រ​ត្រូវបាន​គំរាម​កំហែង​ដោយ​ទុច្ចរិតភាព និង ការទាស់ទែង ( សូមមើល អាលម៉ា 4:9–11 ) អាលម៉ា​បាន​ដឹង​ថា ការកែប្រែ​ដ៏​ពិត​ប្រាកដ​អាច​កើតឡើង​បាន មាន​តែ​តាមរយៈ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត​នៃ​សមាជិក​សាសនាចក្រ​ប៉ុណ្ណោះ ។ ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​នៃ​សាសនាចក្រ អាលម៉ា​បាន​ចាប់ផ្ដើម​បេសកកម្ម​ក្នុង​ការផ្សព្វផ្សាយ​របស់​លោក​ដល់​ប្រជាជន​សារ៉ាហិមឡា ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដោយ​ការហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ លោក​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​របស់​ព្រះអម្ចាស់ ដោយ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ និង ដោយ​ការវាយ​តម្លៃ​លើ​ស្ថានភាព​ខាង​វិញ្ញាណ​នៃ​ដួងចិត្ត​របស់​ពួកគេ ។ ពេល​អ្នក​សិក្សា​ពាក់​កណ្ដាល​ជំពូក​ដំបូង​នៃ អាលម៉ា 5 សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​រៀន ដើម្បី​អ្នក​អាច​ទទួល​បទពិសោធន៍ និង បន្ត​ទទួល​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត ដែល​បាន​ពិភាក្សា​នៅក្នុង​ជំពូក​នេះ ។

អាលម៉ា 5:1–13

អាលម៉ា​រៀបរាប់​ពី​ការប្រែចិត្ត​ជឿ​របស់​ឪពុក​លោក និង ពួក​អ្នក​ដែល​បាន​តាម​លោក

តើ​អ្នក​មាន​ការផ្លាស់ប្ដូរ​ខ្លាំង​ប៉ុណ្ណា​ដែរ តាំងពី​អ្នក​អាយុ 8 ឆ្នាំ​មក ? តើ​អ្នក​មាន​ការផ្លាស់ប្ដូរ​ខ្លាំង​ប៉ុណ្ណា​ដែរ តាំងពី​អ្នក​អាយុ 12 ឆ្នាំ​មក ? សូមគិត​អំពី​របៀប​ផ្សេងៗ​ទៀត ដែល​មនុស្ស​អាច​ផ្លាស់ប្ដូរ ដូចជា​អាការះ​ខាងក្រៅ ការប្រព្រឹត្ត ឬ អាកប្បកិរិយា​របស់​ពួកគេ ។ សូម​ពិចារណា​ពី​អ្វី​ដែល​អាច​ដឹកនាំ ឬ នាំមក​នូវ​ការផ្លាស់ប្ដូរ​មួយ​ចំនួន​ទាំងនេះ នៅក្នុង​ខ្លួន​មនុស្ស ។ បន្ទាប់មក សូម​អាន អាលម៉ា 5:12 ហើយ​រកមើល​ពី​អ្វី​ដែល​បានផ្លាស់ប្ដូរ​នៅក្នុង​អាលម៉ា​ជា​ឪពុក ។ កាលដែល​អ្នក​សិក្សា អាលម៉ា 5:1–13 សូមគិត​អំពី​របៀប​មួយ​ដែល​ដួងចិត្ត​មនុស្ស​ម្នាក់​អាច​ផ្លាស់ប្ដូរ ។

អែលឌើរ ជើរ៉ល អិន. ឡាន ដែល​ក្រោយមក​បាន​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិប បាន​បង្រៀន​ថា ពេលដែល​ពាក្យ​ថា ដួងចិត្ត ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រះគម្ពីរ ជា​ញឹកញាប់​វា​សំដៅ​ទៅលើ « ធាតុ​ពិត​នៅ​ក្នុង​ខ្លួន​មនុស្ស » ( “Understanding Scriptural Symbols,” Ensign ខែ តុលា ឆ្នាំ 1986 ទំព័រ 25 ) ។ សូម​ពិចារណា​មួយ​ស្របក់ ពី​របៀប​ដែល « ការផ្លាស់​ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត » ខុស​គ្នា​ពី​របៀប​ផ្សេងៗ​ទៀត ដែល​មនុស្ស​អាច​ផ្លាស់ប្ដូរ—រួម​បញ្ចូល​ទាំង​របៀប​ទាំងឡាយ​ដែល​អ្នក​បានគិត ពេល​អ្នក​បាន​ចាប់ផ្ដើម​មេរៀន​នេះ ។

សូម​រំឭក​ឡើង​វិញ​ថា ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​ទទួល​បទពិសោធន៍​ពី « ការផ្លាស់ប្ដូរ​យ៉ាង​ធំ » នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ដែល​បណ្ដាល​ឲ្យ​ពួកគេ « ពុំមាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ( ម៉ូសាយ 5:2 ) ។ អ្នក​អាច​នឹង​ចង់​សរសរ​នូវ​ការបញ្ជាក់​មកពី អែលឌើរ ឡាន់ និង ម៉ូសាយ 5:2 ដែល​ជា​ខគម្ពីរ​យោង នៅ​គែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ អាលម៉ា 5:11–13 ។

រូបភាព
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « អ្នក​អាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? អ្នក​គួរតែ​ចងចាំ​ថា គំរូ​ដ៏​អស្ចារ្យ​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន អាលម៉ា និង អ្នកផ្សេង​ទៀត​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ គឺ—អស្ចារ្យ​បែបនោះ ហើយ​ពុំមែន​សាមញ្ញ​ទេ ។ សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតឡើង​ច្រើន​ដង ។ ការកើត​ម្ដង​ទៀត គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ភាពរមែង​ស្លាប់ » ( “Born Again,Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2008 ទំព័រ 78 ) ។

សូមអាន អាលម៉ា 5:3–7 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បានប្រាប់​ដល់​ប្រជាជន​សារ៉ាហិមឡា ដើម្បី​ជួយ​រៀបចំ​ដួងចិត្ត​របស់​ពួកគេ​ឲ្យ​ផ្លាស់ប្ដូរ ។

សូម​ឆ្លើយ​នូវ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​នេះ ៖ អាលម៉ា​បាន​ប្រាប់​ប្រជាជន​សារ៉ាហិមឡា​អំពី​ការប្រែចិត្ត​ជឿ​របស់​ឪពុក​លោក និង អ្នក​ផ្សេងទៀត ក៏​ដូច​ជា​ការរួច​ចេញ​ពី​សេវកភាព​របស់​ពួកគេ ។ តើ​អ្នក​គិត​ថា បទពិសោធន៍​ទាំងនេះ​បានជួយ​ប្រជាជន​ឲ្យ​រៀបចំ ដើម្បី​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​យ៉ាងណា​ដែរ ?

សូមអាន អាលម៉ា 5:10 ហើយ​គូស​រង្វង់​សញ្ញា​សួរ​នៅចុង​នៃ​សំណួរ​ទាំងបី ដែល​អាលម៉ា​បាន​សួរ​ដល់​ប្រជាជន ។ បន្ទាប់មក សូម​ពិនិត្យ​មើល អាលម៉ា 5:11–13 ដែល​អាលម៉ា​បាន​ចាប់ផ្ដើម​ឆ្លើយ​សំណួរ​ទាំងនេះ ដើម្បី​រកមើល​ការគាំទ្រ​ដល់​សេចក្ដី​ថ្លែង​នេះ ៖ ពេល​យើង​ជឿលើ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត​បាន ។

សេចក្ដី​ជំនឿ​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ ដឹកនាំ​ទៅកាន់​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត ពីព្រោះ​ព្រះបន្ទូល​នៃ​ព្រះ​បង្រៀន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ ។ ប្រជាជន​របស់​អាលម៉ា​បានជឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ ដែល​បាន​ផ្សព្វផ្សាយ​ដល់​ពួកគេ​ដោយ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ។ ពួកគេ​បានរៀន​អំពី​អំណាច​នៃ​ការប្រោសលោះ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដួងចិត្ត​ពួកគេ​ត្រូវបាន​ផ្លាស់ប្ដូរ កាលដែល​ពួកគេ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ថាតើ​ការជឿ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​ទៅកាន់​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត ដោយ​របៀប​ណា ។

  2. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​ដួងចិត្ត​របស់​អ្នក​ត្រូវបាន​ផ្លាស់​ប្ដូរ ។ ប្រសិនបើ​អ្នក​បាន​កត់សម្គាល់​ពី​ការផ្លាស់​ប្ដូរ​នៅក្នុង​ដួងចិត្ត ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ​ក្នុង​ថ្នាក់​សិក្ខាសាលា នោះ​អ្នក​អាច​ពិពណ៌នា​ពី​បទពិសោធន៍​របស់​អ្នក​ទុក​ជា​ផ្នែក​មួយ​នៃ​ចម្លើយ​របស់​អ្នក ។

អាលម៉ា 5:14–36

អាលម៉ា​បង្រៀន​ថា ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត គឺជា​ការតម្រូវ ដើម្បី​បានចូល​ទៅក្នុង​នគរ​ស្ថានសួគ៌

បន្ទាប់ពី​អាលម៉ា​បាន​បង្រៀន​ថា សេចក្ដី​ជំនឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ​ជួយ​យើង​ឲ្យ​ចាប់ផ្ដើម​ដំណើរការ​នៃ​ការទទួល​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត នោះ​លោក​បាន​សុំ​ឲ្យ​ប្រជាជន​ពិចារណា​ទៅលើ​សំណួរ​ជាច្រើន ។ សំណួរ​ទាំងនេះ​អាច​ជួយ​យើង​វាយ​តម្លៃ​លើ​ស្ថានភាព​ដួងចិត្ត​ខាង​វិញ្ញាណ—គឺជា​បំណង​ប្រាថ្នា និង អារម្មណ៍​របស់​មនុស្ស​ពិត​នៅ​ខាងក្នុង ។

សូមអាន អាលម៉ា 5:14 ហើយ​សូម​គូស​ចំណាំ​សំណួរ​បី ដែល​អាលម៉ា​បានសុំ​ឲ្យ​ប្រជាជន​ពិចារណា ។ សំណួរ​ទាំងបី​នេះ ពិពណ៌នា​អំពី​ការផ្លាស់ប្ដូរ​ដែល​យើង​ទទួល​បទពិសោធន៍ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​សេចក្ដី​ប្រោសលោះ​ដែល​ត្រូវបាន​ប្រទាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចងចាំ​ពី​មេរៀន​មុនៗ ( សូមមើល ម៉ូសាយ 5 និង ម៉ូសាយ 27 ) ថា​ការ « កើត​ម្ដងទៀត » គឺ​សំដៅ​ទៅលើ​ការផ្លាស់ប្ដូរ​ដែល​មនុស្ស​ម្នាក់​ទទួល​បទពិសោធន៍ ពេលដែល​គាត់​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ និង ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ ដែល​មិន​ត្រឹមតែ​ជា​សិស្ស​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់​ផងដែរ ( សូម​មើល ម៉ូសាយ 27:25 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ថាតើ​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត អាច​ត្រូវបាន​ឆ្លុះ​បញ្ចាំង​នៅ​លើ​ទឹកមុខ​នៃ​មនុស្ស​ម្នាក់​ដោយ​របៀបណា ។ នៅក្នុង​បរិបទ​នេះ ពាក្យ​ថា ទឹកមុខ មានន័យ​ថា ជា​ទឹក​មុខ​របស់​មនុស្ស​ម្នាក់ ដែល​ឆ្លុះ​បញ្ចាំង​ពី​អាកប្បកិរិយា អារម្មណ៍ ឬ ស្ថានភាព​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​នោះ ។ សូម​ពន្យល់​ពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បាន​ទទួល​ព្រះភ័ក្រ្ត​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ទឹកមុខ​របស់​គាត់ ។

នៅក្នុង​ការ​អនុវត្តន៍ផ្នែក​វេជ្ជសាស្ត្រ ម៉ាស៊ីន​វាស់​ចង្វាក់​បេះដូង​គឺជា​តារាង​មួយ ដែល​វេជ្ជបណ្ឌិត​ប្រើប្រាស់ ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​នៃ​បេះដូង​ខាង​ផ្នែក​សាច់ឈាម​របស់​យើង ។ វា​ជួយ​កំណត់​ពី​ស្ថានភាព​ដែល​ត្រូវការ​ការព្យាបាល ។ សូម​សិក្សា​ពី​ខទាំងឡាយ​ចេញពី អាលម៉ា 5 ដែល​មាន​រាយ​នៅ​ខាងក្រោម​តារាង​តួលេខ​ក្នុង​ការវាស់​បេះដូង​ខាង​វិញ្ញាណ​ខាងក្រោម​នេះ ។ ខណៈ​ដែល​អ្នក​សិក្សា​ខ​នីមួយៗ សូម​គូស​ចំណាំ​ប្រអប់​នៅលើ​តារាង ដែល​ពិពណ៌នា​ច្បាស់​បំផុត ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងឡាយ​នៅក្នុង​ខ​នីមួយៗ ។ ( ប្រសិនបើ​អ្នក​ចង់​រក្សា​ចម្លើយ​របស់​អ្នក​ជា​ឯកជន អ្នក​អាច​ថតចម្លង​តារាង​នេះ លើ​ក្រដាស​ផ្សេង ឬ អ្នក​អាច​ចម្លង​វា​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​បន្ទាប់មក​បំពេញ​វា ) ។

អាលម៉ា 5 តារាង​តួលេខ​ក្នុង​ការវាស់​បេះដូង​ខាង​វិញ្ញាណ

ជានិច្ចកាល

ស្ទើរតែ​ជានិច្ចកាល

ជាធម្មតា

ពេលខ្លះ

មិនសូវ ប្រសិនបើ​ធ្លាប់​មាន

ខ​ទាំងឡាយ​ចេញពី អាលម៉ា 5

15

16

19

26

27

28

29

30–31

ពេល​អ្នក​បាន​បំពេញ​បញ្ចប់​តារាង​តួលេខ​ក្នុង​ការវាស់​បេះដូង​ខាង​វិញ្ញាណ​របស់​អ្នក​ហើយ សូមអាន អាលម៉ា 5:21–25 ។ រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​សេចក្ដី​ពិត​នេះ ៖ ដោយ​ការមាន​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត នោះ​យើង​រៀបចំ​ខ្លួន​យើង ដើម្បី​ទទួលយក​កន្លែង​មួយ​ក្នុង​នគរ​ស្ថានសួគ៌ ( នគរ​សេឡេស្ទាល ) ។

  1. សូម​ធ្វើ​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ធ្វើ​តារាង​មួយ​នៃ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​អាលម៉ា​បាន​ប្រើប្រាស់​នៅក្នុង អាលម៉ា 5:21−25 ដើម្បី​ពិពណ៌នា​ពី​ស្ថានភាព​ដែល​អ្នក​ចង់​ស្ថិត​នៅក្នុង នាពេល​ឥឡូវ​នេះ ។

    2. សូម​ពន្យល់ ថាតើ​អ្នក​គិត​ថា ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​រៀបចំ​យើង​ឲ្យ​ទទួល​កន្លែង​មួយ​នៅក្នុង​នគរ​ស្ថានសួគ៌​ដោយ​របៀបណា ។

សូម​អាន អាលម៉ា 5:33–36 ហើយ​ពិចារណា​ថាតើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​សារលិខិត​របស់​អាលម៉ា ។ សូម​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ជួយ​អ្នក​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះអម្ចាស់​កំពុង​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

  • តើ​អ្វី​ខ្លះ​ជា​រង្វាន់​សម្រាប់​ការទទួល​យក​នូវ​ការអញ្ជើញ​នេះ ?

  • តើ​ខ​ទាំងនេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដែល​ថ្លែង​ដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​បង្ហាញ​ថាតើ​ប្រជាជន​ដែល​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ចង់​រស់នៅ​ដោយ​របៀបណា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពេល​អ្នក​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ នោះ​អ្នក​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ។ …

« ព្រះអម្ចាស់​ធ្វើការ​ពី​ខាងក្នុង​មក​ក្រៅ ។ លោកិយ​ធ្វើការ​ពី​ខាងក្រៅ​ទៅ​ក្នុង ។ លោកិយ​នឹង​យក​មនុស្ស​ចេញ​ពី​ភាព​កខ្វក់ ។ ព្រះគ្រីស្ទ​យក​ភាព​កខ្វក់​ចេញពី​មនុស្ស ហើយ​បន្ទាប់មក​ពួកគេ​យក​ខ្លួនឯង​ចេញ​ពី​ភាព​កខ្វក់​នោះ ។ លោកិយ​នឹង​សូន​មនុស្ស​ដោយ​ការផ្លាស់ប្ដូរ​បរិយាកាស​របស់​ពួកគេ ។ ព្រះគ្រីស្ទ​ផ្លាស់ប្ដូរ​មនុស្ស ដែល​បន្ទាប់មក​មនុស្ស​នោះ​ផ្លាស់ប្ដូរ​បរិយាកាស​របស់​ខ្លួន ។ លោកិយ​នឹង​សម្រួច​សម្រាំង​ឥរិយាបទ​របស់​មនុស្ស ប៉ុន្តែ​ព្រះគ្រីស្ទ​អាច​ផ្លាស់ប្ដូរ​ឥរិយាបទ​របស់​មនុស្ស​បាន ។ …

« បុរស [ និង ស្ត្រី ] ដែល​បានផ្លាស់ប្ដូរ​សម្រាប់​ព្រះគ្រីស្ទ នោះ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះគ្រីស្ទ ។ ដូច​ជា​ប៉ុល​ដែរ ពួកគេ​នឹង​សួរ​ថា ‹ ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? › ( កិច្ចការ 9:6 ) ។ …

« បំណង​ប្រាថ្នា​របស់​ពួកគេ​នឹង​ត្រូវបាន​លេប​ចូល​ទៅក្នុង​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ( សូមមើល យ៉ូហាន 5:30 ) ។

« ពួកគេ​តែងតែ​ធ្វើ​នូវ​អ្វីៗ​ទាំងនោះ​ដែល​ធ្វើ​ឲ្យ​សព្វ​ដល់​ព្រះទ័យ​ព្រះអម្ចាស់ ។ ( សូមមើល យ៉ូហាន 8:29 ) ។

« ពួកគេ​មិន​ត្រឹមតែ​នឹង​សុខចិត្ត​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​ជាង​នោះ​ទៅ​ទៀត ពួកគេ​ចង់​រស់នៅ​ដើម្បី​ទ្រង់ ។

« ចូល​ទៅក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​រូបភាព​ទាំងឡាយ​នៅលើ​ជញ្ជាំង​របស់​ពួកគេ សៀវភៅ​នៅលើ​ធ្នើរ​របស់​ពួកគេ តន្ត្រី​តាម​រលក​អាកាស ពាក្យ​សម្ដី និង ទង្វើ​របស់​ពួកគេ បង្ហាញ​ថា​ពួកគេ​ជា​ពួក​គ្រីស្ទាន ។

« ពួកគេ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង គ្រប់​ការណ៍​ទាំងអស់ និង គ្រប់​កន្លែង​ទាំងអស់ ។ ( សូមមើល ម៉ូសាយ 18:9 ) ។

« ពួកគេ​មាន​ព្រះគ្រីស្ទ​នៅក្នុង​គំនិត​របស់​ពួកគេ កាលដែល​ពួកគេ​សម្លឹង​មើល​ទៅ​ទ្រង់​នៅក្នុង​គ្រប់​ការគិត​ទាំងអស់ ។ ( សូមមើល គ. និង ស. 6:36 ) ។

« ពួកគេ​មាន​ព្រះគ្រីស្ទ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ កាលដែល​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​គឺ​នៅ​នឹង​ទ្រង់​ជា​រៀង​រហូត ។ ( សូម​មើល អាលម៉ា 37:36 ) ។

« ស្ទើរតែ​រៀងរាល់​សប្ដាហ៍ ពួកគេ​ទទួលទាន​សាក្រាម៉ង់ ហើយ​ធ្វើ​ទីបន្ទាល់​ជាថ្មី​ចំពោះ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ​ថា ពួកគេ​មាន​ឆន្ទៈ​នឹង​លើក​ដាក់​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​នៃ​ព្រះរាជ​បុត្រា​ទ្រង់ ចងចាំ​ទ្រង់​ជានិច្ច និង រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ( សូមមើល មរ៉ូណៃ 4:3 ) » ។ ( “Born of God,” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 5–7 ) ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​គូស​បន្ទាត់​ពីក្រោម​យោបល់​មួយ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ប៊ែនសឹន ដែល​ជួយ​អ្នក​គិត​អំពី​របៀប​ដែល​អ្នក​ចង់​រស់នៅ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​មាន​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ។ សូម​ដាក់​គោលដៅ​មួយ ដែល​នឹង​ជួយ​អ្នក​អនុវត្ត​តាម​អារម្មណ៍​របស់​អ្នក នៅពេល​អ្នក​បាន​សិក្សា​ការបង្រៀន​របស់​អាលម៉ា​អំពី​ការទទួល​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ( អ្នក​អាច​នឹង​ចង់​សរសេរ​នូវ​អារម្មណ៍​ទាំង​នោះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ នៅលើ​ក្រដាស​ដោយឡែក​មួយ ) ។ នៅ​ពេល​ដែល​អ្នក​បន្ត​ព្យាយាម​កើត​ពី​ព្រះ និង បន្ត​ទទួល​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត នោះ​អ្នក​នឹង​រៀបចំ​ដើម្បី​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​ហើយ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 5:1–36 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖