ថ្នាក់​សិក្ខាសាលា
មេរៀនទី 16: ថ្ងៃទី 2 អាលម៉ា 12


មេរៀនទី 16 ៖ ថ្ងៃទី 2

អាលម៉ា 12

សេចក្តីផ្ដើម

ពាក្យ​សម្ដី​របស់​អាមូលេក​ក្នុង អាលម៉ា 11 បានធ្វើ​ឲ្យ​ស៊ីអ៊ែសរ៉ុម​ភ្ញាក់ដឹងខ្លួន​ពី​កំហុស​គាត់ ដែល​បាន​កុហក និង បោកបញ្ឆោត​ប្រជាជន ។ បន្ទាប់​ពី​អាមូលេក​បាននិយាយ​ទៅកាន់​ប្រជាជន​អាំម៉ូណៃហា​ហើយ អាលម៉ា​បាន​ឈរឡើង​ចំពោះ​មុខ​ពួកគេ ។ ដោយសារ​ប្រជាជន​នៅ​អាំម៉ូណៃហា​បានក្លាយ​ជា​ទុច្ចរិត នោះ​អាលម៉ា​បាន​ផ្ដោត​លើ​សេចក្ដី​ពិត​ទាំងឡាយ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត​ពី​ចិត្ត​រឹងរូស និង អំពើ​បាប​ផ្សេងទៀត​របស់​ពួកគេ ។ លោក​បាន​សង្កត់​ធ្ងន់​លើ​អន្ទាក់​របស់​សាតាំង ការជំនុំ​ជម្រះ​ដែល​កើតមាន​ដល់​ពួក​ទុច្ចរិត និង ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ដែល​ប្រទាន​តាមរយៈ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ប្រែចិត្ត មាន​លទ្ធភាព​ត្រឡប់​ទៅកាន់​វត្តមាន​ព្រះ​វិញ ។

អាលម៉ា 12:1–7

អាលម៉ា​បើកបង្ហាញ​ពី​គោលបំណង​ទុច្ចរិត​របស់​ស៊ីអ៊ែសរ៉ុម

សូមគិត​ថា តើ​អន្ទាក់​មួយ ដាក់​​យ៉ាងណា ដើម្បី​ទាក់​បាន​សត្វ​មួយ ៖ រង្វង់​ខ្សែពួរ​មួយ ​ត្រូវបាន​ដាក់​នៅ​ជុំ​វិញ​ចំណី​មួយ​ដុំ ។ ពេល​សត្វ​ដើរ​ចូល​ក្នុង​រង្វង់​ខ្សែ ដើម្បី​ស៊ីចំណី នោះ​អន្ទាក់​ត្រូវបានកន្ត្រាក់​តឹង ហើយ​សត្វ​នោះ​ត្រូវ​ជាប់​ក្នុង​អន្ទាក់ ។

រូបភាព
ខ្សែពួរ​ចង​ជា​អន្ទាក់

សូម​រំឭក​ពី​របៀប​ដែល​ស៊ីអ៊ែសរ៉ុម​បាន​ព្យាយាម​ទាក់​ចាប់​អាមូលេក ឲ្យ​ចូល​ក្នុង​អន្ទាក់​មួយ នៅក្នុង អាលម៉ា 11:21–25 ។ បន្ទាប់ពី​អាមូលេក​បានស្គាល់​ពី​បំណង​របស់​ស៊ីអ៊ែសរ៉ុម ហើយ​បាន​ឆ្លើយ​តប​ចំពោះ​គាត់​រួច នោះ​អាលម៉ា​បាន​ក្រោកឈរ​ឡើង ដើម្បី​និយាយ​ទៅ​ស៊ីអ៊ែសរ៉ុម និង បណ្ដាជន​ដែល​នៅ​ទីនោះ ( សូមមើល អាលម៉ា 12:1–2 ) ។ សូម​រកមើល​ក្នុង អាលម៉ា 12:3–6 នូវ​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​អាលម៉ា​បានប្រើ ដើម្បី​ពិពណ៌នា​ពី​មធ្យោបាយ​របស់​ស៊ីអ៊ែសរ៉ុម ដែល​អាលម៉ា​បាន​និយាយ​ថា មក​ពី​អារក្ស ( សូមមើល អាលម៉ា 12:5 ) ។

តាមរយៈ អាលម៉ា 12:3 តើ​អាលម៉ា​អាច​ស្គាល់​ពី​ផែនការ​របស់​ស៊ីអ៊ែរ៉ុម​ដោយ​របៀបណា ?

នៅក្នុង អាលម៉ា 12:6 តើ​អាលម៉ា​បាននិយាយ​ថា គោលបំណង​អាក្រក់​នោះ​គឺជា​អ្វីខ្លះ ?

អាលម៉ា​បានបង្រៀន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ការល្បួង​ទាំងឡាយ​របស់​មារសត្រូវ ។ នៅក្នុង​មេរៀន​អំពី អាលម៉ា 11 អ្នក​បានរៀន​ថា ប្រសិនបើ​យើង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យកឈ្នះ​លើ​ការល្បួង​បាន ។ ចំណុច​ដ៏​សំខាន់​មួយ​អំពី​ការយកឈ្នះ​លើ​ការល្បួង គឺ​ត្រូវ​មាន​ព្រះវិញ្ញាណ​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ការល្បួង និង គ្រោះថ្នាក់​ដែល​វា​អាចមាន​ដល់​យើង ។ បន្ទាប់មក យើង​អាច​ជ្រើសរើស​ដើម្បី​បន្ត​នៅ​បរិសុទ្ធ និង ស្មោះត្រង់ ដោយ​ការចៀសវាង​ពី​ការល្បួង​នោះ ។ តើ​អ្នក​មាន​បទពិសោធន៍​មួយ ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់ និង ចៀសវាង​ពី​ការល្បួង​មួយ​នៃ​ការល្បួង​ទាំងឡាយ​របស់​អារក្ស​ដែរ​ឬ​ទេ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ ហើយ​នឹង​ធ្វើ ដើម្បី​ពង្រីក​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្គាល់ និង ឆ្លើយតប​ចំពោះ​ការខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​អ្នក​អាច​ស្គាល់ និង ចៀសវាង​ពី « អន្ទាក់ » នៃ​មារសត្រូវ ។

អាលម៉ា 12:7–18

អាលម៉ា​បង្រៀន​ពី​ការជំនុំ​ជម្រះ​ចុងក្រោយ​នៃ​មនុស្សលោក​ទាំងអស់

សូម​គិត​អំពី​អាជីព​មួយ​ដែល​អ្នក​ចាប់អារម្មណ៍​ចង់​ប្រកប​ធ្វើ ។ សូម​ធ្វើ​ការប៉ាន់​ប្រមាណ​ថា ប្រាក់​ប៉ុន្មាន​ដែល​អ្នក​អាច​នឹង​ត្រូវ​ចំណាយ​សម្រាប់​ថ្លៃ​បង្ហាត់​បង្រៀន ( ចំណាយ​សម្រាប់​ការណែនាំ ) នៅ​សាលា​រៀន​មួយ ឬ នៅ​កម្មវិធី​ហ្វឹកហ្វឺន​មួយ ដើម្បី​ទទួល​បាន​ចំណេះដឹង​ដែល​ត្រូវការ ដើម្បី​បាន​ទទួល​ជោគជ័យ​ក្នុង​អាជីព​នោះ ។

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

សូម​អាន​ការដកស្រង់​តទៅ​នេះ ដោយ​រកមើល « ថ្លៃ​បង្ហាត់​បង្រៀន » ដែល អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ គឺថា​ត្រូវតែ​ចំណាយ ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ៖ « ការយល់ដឹង​ខាង​ព្រលឹង​វិញ្ញាណ ដែល​អ្នក និង ខ្ញុំ​ត្រូវបាន​ប្រទានពរ​ឲ្យ​ទទួល និង ដែល​ត្រូវបាន​បញ្ជាក់​ថា​ពិត​នៅក្នុង​ដួងចិត្ត​យើង​នោះ គឺ​មិន​អាច​ត្រូវបាន​ផ្ដល់​ដល់ [ អ្នក​ផ្សេងទៀត ] ឡើយ ។ ថ្លៃ​បង្ហាត់​បង្រៀន​ពី​ភាពឧស្សាហ៍​ព្យាយាម និង ពី​ការរៀន​ដោយ​ការសិក្សា និង ដោយ​សេចក្ដី​ជំនឿ​ផងដែរ​នោះ ត្រូវតែ​ចំណាយ​ដើម្បី​ទទួល​បាន និង ‹ ធ្វើ​ជាម្ចាស់ › ដោយ​ផ្ទាល់​លើ​ចំណេះដឹង​បែបនោះ ។ មានតែ​តាម​របៀប​នេះ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​អ្វី​ដែល​ត្រូវបាន​ដឹង​នៅក្នុង​គំនិត ត្រូវបាន​ស្គាល់​នៅក្នុង​ដួងចិត្ត​ផងដែរ » ( “Watching with All Perseverance” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 43 ) ។

សូម​រកមើល​ភស្ដុតាង​នៅក្នុង អាលម៉ា 12:7–8 ដែល​ស៊ីអ៊ែសរ៉ុម​បាន​ចាប់ផ្ដើម​មាន​បំណង​នឹង​បង់ថ្លៃ​ដល់ « ថ្លៃ​បង្ហាត់​បង្រៀន » ខាង​វិញ្ញាណ ដើម្បី​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ តើ​មាន​អ្វីខ្លះ​​ដែល​អ្នក​ឃើញ ដែល​ចង្អុល​បង្ហាញ​ថា ស៊ីអ៊ែសរ៉ុម​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ចិត្ត​របស់​គាត់ ដើម្បី​គាត់​អាច​រៀន​ពី​សេចក្ដី​ពិត​ទាំងឡាយ​ខាង​វិញ្ញាណ​នោះ ?

សូម​រកមើល​អ្វី​ដែល​អាលម៉ា បាន​បង្រៀន​ស៊ីអ៊ែសរ៉ុម អំពី​ការទទួល​បាន​នូវ​ចំណេះដឹង​ខាង​វិញ្ញាណ ពេល​អ្នក​អាន អាលម៉ា 12:9–11 ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា « អាថ៌កំបាំង​នៃ​ព្រះ គឺជា​សេចក្ដី​ពិត​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​ស្គាល់​បាន​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ ។ ព្រះ​បើកសម្ដែង​អាថ៌កំបាំង​របស់​ទ្រង់ ដល់​ពួក​អ្នក​ដែល​គោរព​ប្រតិបត្តិ​ដល់​ដំណឹងល្អ » ( Guide to the Scriptures, “Mysteries of God,” scriptures.lds.org ) ។ អ្នក​អាច​នឹង​ចង់​សរសេរ​និយមន័យ​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅជិត អាលម៉ា 12:9 ។ នៅក្នុង អាលម៉ា 12:9 អាលម៉ា​បានពន្យល់​ថា ព្រះ​នឹង​ប្រទាន​មួយ​ផ្នែក​នៃ​ព្រះបន្ទូល​របស់​ទ្រង់​ដល់​មនុស្ស​ស្រប​ទៅ​តាម​អ្វី​ខ្លះ ?

តាមរយៈ អាលម៉ា 12:10–11 តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ស្ថានភាព​នៃ​ចិត្ត​យើង និង ការទទួល​សេចក្ដី​ពិត​ខាង​វិញ្ញាណ ?

តើ​ការ​ធ្វើ​ចិត្ត « រឹងរូស » មានន័យ​ដូចម្ដេច​ដែរ ( សូមមើល អាលម៉ា 12:10–11 ) ហើយ​តើ​អ្នក​គិត​ថា ស្ថានភាព​បែបនោះ​បង្ហាញ​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ដោយ​របៀប​ណា​ដែរ ?

សារ​របស់​អាលម៉ា​ទៅ​ដល់​ស៊ីអ៉ែសរ៉ុម​បង្រៀន​ពី​គោលការណ៍​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​យើង ស្រប​ទៅ​តាម​ការយក​ចិត្ត​ទុកដាក់ និង ការព្យាយាម​ដែល​យើង​ផ្ដល់​ដល់​ព្រះបន្ទូល​ទ្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទបញ្ញត្តិ ឬ ដំបូន្មាន​មួយ​ពី​ព្រះអម្ចាស់ ដែល​អ្នក​បាន​ពុះពារ​ព្យាយាម​ធ្វើ​តាម ដោយ​ផ្ដល់ « ការយក​ចិត្ត​ទុកដាក់ និង ការព្យាយាម » ។ តើ​តាម​របៀប​ណា​ខ្លះ ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​អ្នក ជាមួយនឹង​ការដឹកនាំ ការយល់ដឹង ឬ ការខ្សឹប​ប្រាប់​បន្ថែមទៀត​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ ដោយសារ​អ្នក​បាន​ប្រព្រឹត្ត​តាម​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​អ្នក ?

បន្ទាប់ពី​អាលម៉ា​បានពន្យល់​ពី​របៀប​ដែល​យើង​អាច​បានស្គាល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ នោះ​លោក​បានបន្ត​ឆ្លើយ​សំណួរ​ដែល​ស៊ីអ៊ែសរ៉ុម​បាន​សួរ នៅក្នុង អាលម៉ា 12:8 អំពី​របៀប​ដែល​យើង​នឹង​ត្រូវ​ជំនុំ​ជម្រះ ។ សូម​រកមើល​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ស៊ីអ៊ែសរ៉ុម នៅក្នុង អាលម៉ា 12:12–15 អំពី​ដំណើរ​រស់​ឡើងវិញ និង ការជំនុំ​ជម្រះ ។ សូម​បំពេញ​ចន្លោះ​តទៅ​នេះ ៖ យើង​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ សម្រាប់ និងរបស់​យើង ។

សូម​ពិចារណា​ពី​សំណួរ​តទៅ​នេះ ៖ តើ​ភាពខុសគ្នា​អ្វី នឹង​កើតឡើង​ក្នុង​ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​អ្នក ប្រសិនបើ​អ្នក​ចាំ​ថា អ្នក​នឹង​ទទួល​ខុសត្រូវចំពោះ​ពាក្យ​សម្ដី កិច្ចការ និង ការគិត​របស់​អ្នក​នោះ ?

សូម​គូស​ចំណាំ​ខយោង​នៅ​លេខយោង 14 ទៅ​ចំណេះ​ចំណា​ខគម្ពីរ ម៉ូសាយ 4:30 បន្ទាប់មក​សូម​អាន ឬ ទន្ទេញ ម៉ូសាយ 4:30 ។

  1. សូម​យោង​ទៅ​អ្វី ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សម្រាប់ កិច្ចការទី 1 នៅក្នុង​មេរៀន​ថ្ងៃ​នេះ—អំពី​របៀប​ដែល​អ្នក​អាច​កាន់តែ​ឆាប់​ទទួល​ដឹង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​បន្ថែម​គំនិត​របស់​អ្នក ថាតើ​ការយល់ដឹង​ពី​ការទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​អ្នក​ចំពោះ​ព្រះ អាច​ពង្រីក​បំណង​ប្រាថ្នា​អ្នក​ក្នុង​ការស្គាល់ និង ចៀសវាង​ពី​ការល្បួង​យ៉ាងណា ?

អាលម៉ា 12:19–37

អាលម៉ា​ពន្យល់​ពី​របៀប​ដែល​មនុស្ស​អាច​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ តាមរយៈ​ផែនការ​នៃ​ការប្រោសលោះ

មាន​មេត្រួតត្រា​ម្នាក់​នៅ​អាំម៉ូណៃហា ឈ្មោះ អាន់ទីអូណា ដែល​ពុំ​ជឿ​ថា​មនុស្ស​អាច​ក្លាយ​ជា​អមតៈ ដោយ​បាន​ថ្លែង​ថា ការធ្លាក់​បាន​ធ្វើ​ឲ្យ​វា​មិន​អាច​កើតឡើង​បាន ( សូមមើល អាលម៉ា 12:20–21 ) ។ សូម​ពិនិត្យ​មើល​ខ​ទាំងឡាយ​ពី អាលម៉ា 12 ដែល​មាន​រាយ​នៅក្នុង​តារាង​ខាងក្រោម​នេះ ហើយ​សូម​សរសេរ​អ្វី​ដែល​អាលម៉ា​បានបង្រៀន​នៅក្នុង​កូឡោន​ខាងក្រោម​ចំណងជើងថា ៖

ឥទ្ធិពល​នៃ​ការធ្លាក់ ( អាលម៉ា 12:22, 24 )

អ្វី​ដែល​ព្រះ​បានធ្វើ ដើម្បី​នាំ​មក​នូវ​សេចក្ដី​ប្រោសលោះ​ដល់​យើង ( អាលម៉ា 12:24–25, 28–33 )

អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​បាន​ប្រោសលោះ ( អាលម៉ា 12:24, 30, 34, 37 )

រូបភាព
ការចាកចេញ​ពី​សួនច្បារ​អេដែន
  1. ពេល​អ្នក​បំពេញ​តារាង​ចប់​ហើយ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ជួយ​យើង​ឲ្យ​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​ដោយ​របៀប​ណា ?

    2. តាមរយៈ អាលម៉ា 12:24 តើ​អ្វី​ទៅ​ដែល​អាលម៉ា​បានបង្រៀន​ពី​គោលបំណង​នៃ​ជីវិត​ពេល​ឥឡូវ​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ដើម្បី​ឲ្យ​មាន​លទ្ធភាព​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ?

រូបភាព
អែលឌើរ អិល. ថម ភែរី

ពាក្យ​ថា « ស្ថានភាព​ពិសោធន៍ » នៅក្នុង អាលម៉ា 12:24 គឺជា​ឃ្លា​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អាលម៉ា​តែ​ម្នាក់​ប៉ុណ្ណោះ នៅក្នុង​ព្រះគម្ពីរ​មរមន ( សូមមើល​ផងដែរ អាលម៉ា 42:4, 10, 13 ) ។ អែលឌើរ អិល. ថម ភែរី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពិពណ៌នា​ពី​ពេល​ពិសោធន៍​នេះ​ថា ៖ « គោលបំណង​ចម្បង​នៃ​ជីវិត​លើ​ផែនដី គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​យើង ដែល​មាន​តាំង​ពី​មុន​ផែនដី​នោះ បាន​មក​ផ្គុំ​គ្នា​ជាមួយ​រូបកាយ​របស់​យើង សម្រាប់​ពេលវេលា​នៃ​ឱកាស​ដ៏​អស្ចារ្យ នៅក្នុង​ភាពរមែង​ស្លាប់ ។ ការរួមគ្នា​នៃ​វិញ្ញាណ និង រូបកាយ​នេះ បាន​ផ្ដល់​ដល់​យើង​នូវ​ឯកសិទ្ធិ​ដើម្បី​លូតលាស់ អភិវឌ្ឍ និង មានភាព​ចាស់ទុំ​ឡើង ដែល​យើង​អាច​ធ្វើ​វា​បាន​ដោយ​មាន​វិញ្ញាណ និង រូបកាយ​ផ្គុំ​ចូល​គ្នា​ប៉ុណ្ណោះ ។ ជាមួយ​នឹង​រូបកាយ​របស់​យើង យើង​ឆ្លងកាត់​ការលំបាក​មួយ​ចំនួន​នៅក្នុង​អ្វី​ដែល​ត្រូវបាន​ហៅ​ថា ស្ថានភាព​ពិសោធន៍​នៃ​ជីវិត​របស់​យើង ។ នេះ​ជា​ពេលវេលា​នៃ​ការរៀន និង សាកល្បង ដើម្បី​បង្ហាញ​ថា​យើង​មាន​ភាពសក្ដិសម​សម្រាប់​ឱកាស​អស់កល្ប​ទាំងឡាយ ។ នេះ​គឺជា​ផ្នែក​ទាំងអស់​នៃ​ផែនការ​ដ៏​ទេវភាព ដែល​ព្រះវរបិតា​របស់​យើង​មាន​សម្រាប់​កូនចៅ​របស់​ទ្រង់ » ( “Proclaim My Gospel from Land to Land” Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 14 ) ។

អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា ភាពរមែង​ស្លាប់ គឺជា​ពេលវេលា​មួយ​សម្រាប់​យើង ដើម្បី​រៀបចំ​ទៅ​ជួប​ព្រះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​ទាំងឡាយ ដែល​បង្រៀន​ពី​គោលលទ្ធិ​នេះ នៅក្នុង អាលម៉ា 12:24 ។ សូមអាន អាលម៉ា 34:32 ហើយ​យោង​វា​ទៅ អាលម៉ា 12:24 ។

  1. ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការស្គាល់​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ ជួយ​ដឹកនាំ​អ្នក​នៅក្នុង​ជីវិត​អ្នក​យ៉ាងណា ?

    2. តើ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ជួយ​អ្នក​នៅក្នុង​ការពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​អ្នក​យ៉ាងណា​ដែរ ?

សូមអាន អាលម៉ា 12:33–35 ហើយ​កត់សម្គាល់​ពី​ភាពខុសគ្នា​នៅក្នុង​អ្វី​ដែល​នឹង​កើតឡើង សម្រាប់​ពួកអ្នក​ដែល​ប្រែចិត្ត និង ចំពោះ​អ្នក​ដែល​មិន​ប្រែចិត្ត ។ វា​អាច​ជួយ​អ្នក​យល់​កាន់តែ​យល់​ច្បាស់​ពី​ខ​ទាំងនេះ ក្នុង​ការដែលដឹង​ថា ដើម្បី​ចូល​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់ រួមបញ្ចូល​ទាំង​ការទទួល​នូវ​ការផ្ដាច់​បាប​របស់​យើង និង ទីបំផុត​ចូល​ទៅក្នុង​សិរីល្អ​នៃ​វត្តមាន​របស់​ព្រះអម្ចាស់ ( សូមមើល គ. និង ស. 84:24 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 12 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖