ថ្នាក់​សិក្ខាសាលា
មេរៀនទី 24 ៖ ថ្ងៃទី 1 នីហ្វៃទី3


មេរៀនទី 24 ៖ ថ្ងៃទី 1

នីហ្វៃទី3 1

សេចក្តីផ្ដើម

មុនពេល​ចាកចេញ​ពី​ដែនដី ព្យាការី​នីហ្វៃ ( កូនប្រុស​របស់​ហេលេមិន ) បាន​ប្រគល់​បញ្ជី​ទាំងឡាយ​ទៅ​នីហ្វៃ ជា​កូនប្រុស​ច្បង​របស់​លោក ។ ពួក​អ្នក​មិន​ជឿ​បានគ្រោង​សម្លាប់​ពួក​អ្នក​ស្មោះត្រង់ ប្រសិនបើ​ការព្យាករណ៍​ទាំងឡាយ​ទាក់ទង​នឹង​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ មិន​ត្រូវបាន​បំពេញ​នៅ​ថ្ងៃ​ជាក់លាក់​មួយ​ទេ​នោះ ។ ពេល​នីហ្វៃ​បាន​អង្វរ​ដល់​ព្រះអម្ចាស់​ជំនួស​ពួក​អ្នក​ជឿ នោះ​សំឡេង​នៃ​ព្រះអម្ចាស់​បាន​បន្លឺ​ដល់​លោក និង ប្រកាស​ថា ទីសម្គាល់​ពី​ការប្រសូត្រ​របស់​ទ្រង់​នឹង​ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​យប់​នោះឯង ។ ក្នុង​ការបំពេញ​នូវ​ការព្យាករណ៍​របស់​សាំយូអែល​ជា​សាសន៍​លេមិន នៅពេល​ព្រះអាទិត្យ​លិច គ្មាន​ភាពងងឹត​ទេ ហើយ​មាន​ផ្កាយ​ថ្មី​មួយ​រះ​ឡើង ។ ថ្វីបើ​មាន​ការព្យាយាម​ជា​បន្តបន្ទាប់​របស់​សាតាំង ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​ប្រជាជន​ក៏​ដោយ ក៏​គង់តែ « ប្រជាជន​ភាគ​ច្រើន​បានជឿ ហើយ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់​ដែរ » ( នីហ្វៃទី3 1:22 ) ។

នីហ្វៃទី3 1:1–26

ការព្យាករ​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បំពេញ ហើយ​ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បាន​ប្រែចិត្ត​ជឿ

រូបភាព
ថ្ងៃ​ស្អែក​ឡើង យើង​នឹង​ចុះមក​ឯ​លោកិយ

សូម​គិត​ពី​មនុស្ស​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ ឬ ក្នុង​ប្រវត្តិ​សាសនាចក្រ ដែល​បាន​បូជា​ជីវិត​ដើម្បី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកគេ​មាន​ឆន្ទៈ​ធ្វើ​ការបូជា​នោះ ?

ដូចមាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 1 ពួក​សាសន៍​នីហ្វៃ​ស្មោះត្រង់​មួយ​ក្រុម ត្រូវតែ​សម្រេច​ចិត្ត ថាបើ​ពួកគេ​នឹង​មាន​ឆន្ទៈ​ដើម្បី​លះបង់​ជីវិត​ខ្លួន ដើម្បី​នៅ​ពិតត្រង់​ចំពោះ​ការជឿ​របស់​ខ្លួន​ដែរ​ឬទេ ។ ជំពូក​នេះ​ចាប់ផ្ដើម​ដោយ​ការពន្យល់​ថា នីហ្វៃ​បាន​ប្រគល់​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​ទៅ​កូនប្រុស​លោក ដែល​មាន​ឈ្មោះ​ថា​នីហ្វៃ​ផងដែរ ហើយ​បន្ទាប់មក​បាន​ចាកចេញ​ពី​ដែនដី​ទៅ ( សូម​មើល នីហ្វៃទី3 1:1–3 ) ។ បន្ទាប់មក វា​ទាក់ទង​នឹង​ការសាកល្បង​សេចក្ដី​ជំនឿ​ដែល​ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បាន​មាន​បទពិសោធន៍ ។

សូម​អាន នីហ្វៃទី3 1:4–9 ហើយ​រកមើល​ពី​ស្ថានភាព​ដ៏​លំបាក​ដែល​ពួក​សាសន៍​នីហ្វៃ​ដ៏​ស្មោះត្រង់​បាន​ប្រឈម​មុខ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែបណា ប្រសិន​បើ​អ្នក​ជា​នីហ្វៃ ហើយ​ពេលវេលា​បាន​មកដល់ ពេល​ដែល​ពួក​អ្នក​ជឿ​ជិត​នឹង​ត្រូវ​បំផ្លាញ​នោះ ? សូម​សញ្ជឹង​គិត​មួយ​ស្របក់ ពី​មូលហេតុ​ដែល​ប្រជាជន​អាច​លំបាក​នឹង​នៅ​បន្ត​ស្មោះត្រង់ នៅក្នុង​ស្ថានភាព​បែបនេះ ។

សូម​អាន នីហ្វៃទី3 1:10–12 ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ នៅក្នុង​គ្រា​ស្លាប់រស់​នេះ ។ សូម​អាន​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ​នីហ្វៃ នៅក្នុង នីហ្វៃទី3 1:13–14 ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​សេចក្ដី​ថ្លែង​នៅក្នុង នីហ្វៃទី3 1:13 ដែល​ចង្អុល​បង្ហាញ​ពី​គោលការណ៍​នេះ ៖ ព្រះអម្ចាស់​នឹង​បំពេញ​គ្រប់​ព្រះបន្ទូល​ទាំងអស់​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​និយាយ​ដោយ​ពួក​ព្យាការី​របស់​ទ្រង់ ។

  1. សូម​ព្យាយាម​ស្រមៃ​ថា វា​យ៉ាងណា​សម្រាប់​នីហ្វៃ បន្ទាប់ពី​ទីសម្គាល់​ពី​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ប្រទាន​មក​នោះ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយតប​យ៉ាងណា ប្រសិនបើ​អ្នក​បាន​នៅ​ទីនោះ នៅពេល​នោះ ។ តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​ជា​នីហ្វៃ ហើយ​ទីសម្គាល់​ទើបតែ​បាន​កើតឡើង ?

សូម​អាន នីហ្វៃទី3 1:4, 14–15, 19–21 ហើយ​រកមើល​ឃ្លា​បន្ថែម​ទៀត ដែល​សង្កត់​ធ្ងន់​លើ​ភាពខ្ជាប់ខ្ជួន​របស់​ព្រះអម្ចាស់​ក្នុង​ការបំពេញ​ពាក្យ​សម្ដី​ទាំងឡាយ​របស់​ពួក​ព្យាការី​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ពេល​អ្នក​អាន នីហ្វៃទី3 1:14 វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា តួអង្គ​ដែល​បាន​មាន​បន្ទូល បំពេញ​តួអង្គ​ពីរ ហើយ​កំពុង​មាន​បន្ទូល​ចេញពី​ទស្សនវិស័យ​ទាំងពីរ ៖ ជា​ព្រះយេហូវ៉ា ( ដែល​ជា​ព្រះវរបិតា ដោយសារ​ការប្រគល់​សិទ្ធិ​អំណាច​ដ៏​ទេវភាព ) និង ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​ទ្រង់​នឹង​យាង​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នា​ពេល​ខាងមុខ​មិន​យូរ​ប៉ុន្មាន​ទៀត​នោះ ។

ដើម្បី​ឃើញ​ថាតើ​ការព្យាករណ៍​ទាំងឡាយ​អំពី​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​បំពេញ​ដោយ​របៀប​ណា នោះ​សូម​សរសេរ​ការព្យាករណ៍​ដែល​បាន​ផ្ដល់​ដោយ​សាំយូអែល​ជា​សាសន៍​លេមិន នៅ​គូឡោន​ខាង​ឆ្វេង​នៃ​តារាង​ខាងក្រោម​នេះ ។ បន្ទាប់មក សរសេរ​ខ​ចេញពី នីហ្វៃទី3 1 និង ការពិពណ៌នា​សង្ខេប​មួយ​ពី​ការបំពេញ​នៃ​ការព្យាករណ៍​នោះ នៅ​គូឡោន​ខាង​ស្ដាំ ។

ការព្យាករណ៍​របស់​សាំយូអែល​ជា​សាសន៍​លេមិន

ការបំពេញ

ការព្យាករណ៍​ទី 1 ( ហេលេមិន 14:3–4 ) ៖

នីហ្វៃទី3 1 ៖

ការព្យាករណ៍​ទី 2 ( ហេលេមិន 14:5 ) ៖

នីហ្វៃទី3 1 ៖

ការព្យាករណ៍​ទី 3 ( ហេលេមិន 14:6 ) ៖

នីហ្វៃទី3 1 ៖

ការព្យាករណ៍​ទី 4 ( ហេលេមិន 14:7 ) ៖

នីហ្វៃទី3 1 ៖

ពេល​អ្នក​អាន នីហ្វៃទី3 1:16–18 សូម​កត់ចំណាំ​ថាតើ​ពួក​ទុច្ចរិត​បានឆ្លើយតប​យ៉ាងណា ពេលដែល​ទីសម្គាល់​បាន​កើត​ឡើង​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ប្រតិកម្ម​មួយ​ចំនួន​របស់​ពួកគេ ។ យើង​រៀន​នៅក្នុង នីហ្វៃទី3 1:18 ថា ប្រជាជន​ខ្លះ « បានចាប់ផ្ដើម​ភិតភ័យ ពីព្រោះ​មកពី​អំពី​ទុច្ចរិត​របស់​គេ និង ការឥត​ជំនឿ​របស់​គេ » ។ សូម​សញ្ជឹង​គិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​អំពើ​បាប និង ការឥត​ជំនឿ​នាំទៅ​កាន់​ការភិតភ័យ​ដូច​ម្ដេច​ដែរ ?

សូមអាន នីហ្វៃទី3 1:22–23 ហើយ​រកមើល​អ្វី​ដែល​អារក្ស​ព្យាយាម​ធ្វើ បន្ទាប់ពី​ទីសម្គាល់​ពី​ការប្រសូត្រ​របស់​ព្រះអម្ចាស់​បាន​កើតឡើង​រួចមក ។ សូម​បំពេញ​សេចក្ដី​ថ្លែង​តទៅ​នេះ ដើម្បី​បង្ហាញ​ពី​គោលការណ៍​ដែល​អ្នក​រកឃើញ​នៅក្នុង ខ 22 ៖ ពេល​យើង​ប្រឈម​នឹង​ការកុហក​របស់​សាតាំង យើង​អាច​ជ្រើសរើស​ដើម្បី  ។

ប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី ដែល​បាន​បម្រើ​នៅក្នុង​គណៈប៊ីស្សព​ជា​អធិបតី បាន​ផ្ដល់​នូវ​ដំបូន្មាន​ទាក់ទង​នឹង​របៀប​ដែល​យើង​អាច​ឆ្លើយតប អំឡុងពេល​នៃ​ការសាកល្បង​សេចក្ដី​ជំនឿ​របស់​យើង​ផ្ទាល់ ។ សូម​គូស​ចំណាំ​ពាក្យ​សម្ដី ឬ ឃ្លា​ទាំងឡាយ​របស់​លោក ដែល​លើកទឹកចិត្ត​អ្នក ឲ្យ​ជ្រើសរើស​ដើម្បី​ជឿ ថ្វីបើ​សាតាំង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​មាន​ការសង្ស័យ​ក៏​ដោយ​នោះ ៖

រូបភាព
ប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី

« ដោយសារ​តែ​ការទាស់ទែង និង ការលំបាក​ទាំងឡាយ​ដែល​យើង​ប្រឈម​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ នោះ​ខ្ញុំ​ចង់​ផ្ដល់​យោបល់​ពី​ជម្រើស​មួយ—ជា​ជម្រើស​មួយ​នៃ​សេចក្ដី​សុខសាន្ត និង ការការពារ និង ជា​ជម្រើស​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ។ ជម្រើស​នោះ​គឺ​សេចក្ដី​ជំនឿ ។ សូម​ដឹង​ថា សេចក្ដី​ជំនឿ​ពុំមែន​ជា​អំណោយទាន​ដោយ​សេរី ដែល​បានមក​ដោយ​គ្មាន​ការគិត បំណង​ប្រាថ្នា ឬ ការប្រឹងប្រែង​នោះទេ ។ … ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ ចូរ​មក​ឯ​ខ្ញុំ › ( ម៉ាថាយ 11:28 ) និង ‹ ចូរ​គោះ នោះ​តែង​នឹង [ ប្រទាន ] ឲ្យ​អ្នក › ( ម៉ាថាយ 7:7 ) ។ ទាំងនេះ​គឺជា​កិរិយាសព្ទ​ដែល​ធ្វើ​សកម្មភាព—មក គោះ ។ វា​ជា​ជម្រើស​ទាំងឡាយ ។ ដូច្នេះ ខ្ញុំ​និយាយ​ថា ចូរ​ជ្រើសរើស​សេចក្ដី​ជំនឿ ។ សូម​ជ្រើសរើស​សេចក្ដី​ជំនឿ​ជាជាង​ការសង្ស័យ ជ្រើសរើស​សេចក្ដី​ជំនឿ​ជាជាង​ការភ័យខ្លាច ជ្រើសរើស​សេចក្ដី​ជំនឿ​ជាជាង​ការមិនដឹង និង មិនឃើញ ហើយ​ជ្រើសរើស​សេចក្ដី​ជំនឿ​ជាជាង​ទុទិដ្ឋិនយម ។ …

« … ពេលដែល តក្កវិជ្ជា ហេតុផល ឬ ប្រាជ្ញា​ផ្ទាល់ខ្លួន ចូល​ទៅក្នុង​ការទាស់ទែង​ជាមួយ​នឹង​ការបង្រៀន និង គោលលទ្ធិ​ដ៏​ពិសិដ្ឋ ឬ សារដំណឹង​ដែល​ទាស់ទែង​ទាំងនោះ​វាយប្រហារ​ដល់​ការជឿ​របស់​អ្នក … ចូរ​កុំ​ជ្រើសរើស​បោះ​គ្រាប់ពូជ [ នៃ​សេចក្ដី​ជំនឿ ] ចេញ​ពី​ដួងចិត្ត​របស់​អ្នក ដោយ​ការឥត​ជំនឿ​ឡើយ ។ សូម​ចងចាំ​ថា យើង​មិន​បាន​ទទួល​សាក្សី​ឡើយ លុះដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង​សិន ( សូម​មើល អេធើរ 12:6 ) » ( “Faith—the Choice Is Yours” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 31–33 ) ។

  1. តើ​ការកុហក និង ការបោក​បំភាន់​អ្វី​ខ្លះ ដែល​អារក្ស​ខំ​លើក​តម្កើង​នៅ​សព្វថ្ងៃ​នេះ ដើម្បី​ពង្រឹង​ចិត្ត​មនុស្ស​ឲ្យ​ទាស់​នឹង​សេចក្ដី​ពិត ? សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​រក្សា​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ សូម្បី​តែ​នៅពេល​ដែល​អារក្ស​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ចំពោះ​សេចក្ដី​ជំនឿ​របស់​អ្នក​ក៏​ដោយ​នោះ ។

សូមអាន នីហ្វៃទី3 1:24–25 ហើយ​រកមើល​ឧបសគ្គ​បន្ថែម​មួយ​ទៀត ដែល​ពួក​អ្នក​ជឿ​មួយ​ចំនួន​បាន​ប្រឈម ។ សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ចេញពី​ការឆ្លើយតប​របស់​ប្រជាជន​ទាំងនេះ ពេលដែល​ពួកគេ​បាន​ដឹង​ថា​ពួកគេ​ខុស ។

នីហ្វៃទី3 1:27–30

ពួក​សាសន៍​នីហ្វៃ​ដែល​បែកចេញ និង ពួក​យុវវ័យ​សាសន៍​លេមិន​មួយ​ចំនួន ចូលរួម​នឹង​ក្រុម​ចោរ​កាឌីអានតុន

ពីរបី​ឆ្នាំ​ក្រោយពី​ទីសម្គាល់​ពី​ការប្រសូតរបស់​ព្រះយេស៊ូវគ្រីស្ទ​បាន​កើតឡើង មាន​ពួក​សាសន៍​នីហ្វៃ​ដែល​បែកចេញ​បាន​ចាប់ផ្ដើម​មាន​ឥទ្ធិពល​ទៅលើ​សមត្ថភាព​របស់​ពួក​អ្នក​ស្មោះត្រង់ ក្នុង​ការឈរ​រឹងប៉ឹង​នៅក្នុង​ដំណឹង​ល្អ ។ តើ​អ្នក​អាច​ឈរ​រឹងប៉ឹង​នៅក្នុង​ដំណឹងល្អ​យ៉ាង​ដូចម្ដេច សូម្បីតែ​ស្ថិត​នៅ​កណ្តាល​ការវាយ​ប្រហារ​ទាស់​នឹង​សាសនាចក្រ នៅក្នុង​ជំនាន់​របស់​យើង​ក្ដី ? សូមអាន នីហ្វៃទី3 1:27–30 ហើយ​រកមើល​ថាតើ « ជំនាន់​ដែល​កំពុង​ធំ​ឡើង » របស់​ពួក​សាសន៍​លេមិន មាន​ឥទ្ធិពល​វិជ្ជមាន ឬ អវិជ្ជមាន​ទៅលើ​សេចក្ដី​ជំនឿ​របស់​អ្នក​ផ្សេងទៀត ។

សូម​កត់ចំណាំ​ថា ពួក​យុវវ័យ​សាសន៍​នីហ្វៃ​ជាច្រើន « បានក្លាយ​ទៅជា​មាន​គំនិត​ផ្ទាល់ខ្លួន » ( នីហ្វៃទី3 1:29 ) ហើយ​បាន​បែរចេញ​ពី​ដំណឹងល្អ ។ បងស្រី ខេតលីន អេច. ហ៊ូចស៍ ដែល​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ផ្ដល់​យោបល់​ពី​អត្ថន័យ​នៃ​ឃ្លា « បានក្លាយ​ទៅជា​មាន​គំនិត​ផ្ទាល់ខ្លួន » ថា ៖ « [ ការណ៍​នេះ ] ប្រាប់​ខ្ញុំ​ថា ពួកគេ​បានមើល​ទៅ​ខ្លួនគេ​មុន ហើយ​បណ្ដែត​បណ្ដោយ​ទៅតាម​បំណង​ប្រាថ្នា​ទាំងឡាយ ដែល​ពួក​ព្យាការី​បាន​ព្រមាន​ពួកគេ​ថា​ឲ្យ​ចៀសវាង​នោះ ។ ពួកគេ​ទោរទន់​ទៅតាម​ការទាក់ទាញ​ចិត្ត និង ការស្រើបស្រាល​របស់​សាតាំង » ( “Grow Up unto the Lord” Ensign ខែ កុម្ភៈ ឆ្នាំ 2010 ទំព័រ 18 ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ នីហ្វៃទី3 1:29–30 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​ប្រគល់​ខ្លួន​ឲ្យ​ចូល​ទៅក្នុង​ការល្បួង នោះ​គំរូ​របស់​យើង​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​សេចក្ដី​ជំនឿ និង ភាពសុចរិត​របស់​អ្នក​ផ្សេង​ទៀត ។

  1. ដើម្បី​ជួយ​អ្នក​យល់ ថាតើ​គោលការណ៍​នេះ​ទាក់ទង​នឹង​អ្នក​ដោយ​របៀប​ណា សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេលណា ដែល​អ្នក​បាន​ឃើញ​គំរូ​មួយ​ពី​គោលការណ៍​ខាងលើ​នេះ ? តើ​អ្នក​អាច​រក្សា​ភាពស្មោះត្រង់​បាន​ដោយ​របៀបណា​ដែរ បើ​សូម្បី​តែ​ពួក​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក ជ្រើសរើស​មិន​ស្មោះត្រង់​នោះ ?

    2. ខណៈដែល​វា​សំខាន់​ក្នុង​ការដឹង​ថា គំរូ​របស់​យើង​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​អ្នក​ផ្សេងទៀត នោះ​វា​ក៏​សំខាន់​ផងដែរ​ក្នុង​ការចងចាំ​ថា គំរូ​របស់​យើង​អាច​ជួយ​ពង្រឹង​ដល់​មនុស្ស​ម្នាក់​ផ្សេងទៀត​ផងដែរ ។ តើ​ពេលណា ដែល​អ្នក​បាន​ឃើញ « ជំនាន់​ដែល​កំពុង​ធំ​ឡើង » ឬ យុវវ័យ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សេចក្ដី​ជំនឿ​របស់​អ្នក​ផ្សេង​ទៀត ?

  2. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​មួយ​ពី​របៀប​ទាំងឡាយ ដែល​អ្នក​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​មួយ ទៅលើ​សេចក្ដី​ជំនឿ​របស់​មនុស្ស​នៅក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក្នុង​វួដ ឬ សាខា ឬ មិត្តភក្ដិ​របស់​អ្នក ។ សូម​ជ្រើសរើស​គំនិត​ពីរ​ចេញពី​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដោយ​ច្បាស់លាស់​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​សម្រេចបាន​នូវ​ការណ៍​នេះ ។

  3. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 1 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖