ថ្នាក់​សិក្ខាសាលា
មេរៀនទី 26 ៖ ថ្ងៃទី 1 នីហ្វៃទី3 17


មេរៀនទី 26 ៖ ថ្ងៃទី 1

នីហ្វៃទី3 17

សេចក្តីផ្ដើម

កាលដែល​ថ្ងៃ​ទីមួយ​របស់​ទ្រង់​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ​ជិត​នឹង​បញ្ចប់ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រាប​ដឹង​ថា មនុស្ស​ជាច្រើន​ពុំ​យល់​ច្បាស់​ពេញលេញ​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ​នោះទេ ។ ហេតុដូច្នោះ​ហើយ ទ្រង់​បាន​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម ។ ប្រជាជន​បាន​យំសោក ពេល​ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​នឹង​ចាកចេញ​ទៅ ។ ដោយ​ពោរពេញ​ដោយ​សេចក្ដី​អាណិត​អាសូរ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​នៅ​ជាមួយ​ពួកគេ​យូរ​បន្តិច​ទៀត ។ ទ្រង់​បាន​ព្យាបាល​អ្នកឈឺ ប្រសិទ្ធិពរ​ដល់​ពួក​ក្មេងៗ និង បាន​អធិស្ឋាន​ជាមួយ​ពួកគេ ។ ពួក​បណ្ដាជន​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​អំណរ និង សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ក្រៃលែង ពេល​ពួកគេ​បាន​ធ្វើ​អ្វី​ទាំងអស់​នោះ​ជាមួយ​នឹង​ទ្រង់ ។

នីហ្វៃទី3 17:1–3

ព្រះយេស៊ូវគ្រីស្ទ​បញ្ជា​ដល់​ប្រជាជន​ឲ្យ​សញ្ជឹង​គិត​ពី​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​អធិស្ឋាន​ដើម្បី​បាន​យល់

តើ​អ្នក​តបវិញ​ដោយ​របៀប​ណា ពេលដែល​អ្នក​ជួប​នឹង​ការបង្រៀន​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ ឬ ពី​អ្នក​ដឹកនាំ​សាសនាចក្រ ដែល​អ្នក​ពុំ​យល់​នោះ ? សូម​គូស​រង្វង់​ជុំវិញ​អ្វី​ទាំងអស់​ដែល​ត្រូវ ៖

  • ខ្ញុំ​គ្រាន់តែ​មិន​អើពើ​នឹង​ការបង្រៀន​នោះ ។

  • ខ្ញុំ​សុំ​មនុស្ស​ម្នាក់ទៀត​ជួយ​ខ្ញុំ​ឲ្យ​បាន​យល់ ។

  • ខ្ញុំ​គិត​ពី​ការបង្រៀន​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ។

  • ខ្ញុំ​សុំ​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​បាន​យល់ ។

ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 17 បានកើតឡើង​ជិត​នឹង​ចុងបញ្ចប់​នៃ​ថ្ងៃ​ទីមួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​ពួក​បណ្ដាជន​សាសន៍​នីហ្វៃ ។ សូមអាន នីហ្វៃទី3 17:1–3 ហើយ​គូស​ចំណាំ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ធ្វើ ដើម្បី​បាន​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ ។ សូម​ពិចារណា ថាតើ​ការទៅ​ផ្ទះ​របស់​អ្នក​ដើម្បី​សញ្ជឹង​គិត និង អធិស្ឋាន អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​បាន​ដូច​ម្ដេច​ដែរ ?

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ បានពន្យល់​ពី​អត្ថន័យ​នៃ​ការសញ្ជឹង​គិត ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ហើយ​គូស​ចំណាំ​នូវ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​អត្ថន័យ​នៃ​ការសញ្ជឹងគិត ៖ « ការអាន ការសិក្សា និង ការសញ្ជឹងគិត គឺ​មិន​ដូច​គ្នា​ទេ ។ យើង​អាន​ពាក្យ​ទាំងឡាយ ហើយ​យើង​អាច​ទទួល​បាន​គំនិត​នានា ។ យើង​សិក្សា ហើយ​យើង​អាច​រកឃើញ​គំរូ និង ទំនាក់ទំនង​ទាំងឡាយ​នៅក្នុង​បទគម្ពីរ ។ ប៉ុន្តែ ពេល​យើង​សញ្ជឹងគិត យើង​អញ្ជើញ​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ ។ ចំពោះ​ខ្ញុំ ការសញ្ជឹង​គិត​គឺជា​ការគិត និង ជា​ការអធិស្ឋាន ដែល​ខ្ញុំ​ធ្វើ​បន្ទាប់​ពី​ការអាន និង ការសិក្សា​នៅក្នុង​ព្រះគម្ពីរ​ដោយ​ប្រុង​ប្រយ័ត្ន » ( “Serve with the Spirit” EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 60 ) ។

សូមមើល នីហ្វៃទី3 17:3 ដោយ​ប្រុង​ប្រយ័ត្ន ហើយ​កត់​ចំណាំ​ថា ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ប្រជាជន​ឲ្យ « ប្រុងប្រៀប​ចិត្ត​គំនិត [ របស់​ពួកគេ ] » សម្រាប់​បទពិសោធន៍​បន្ទាប់​ទៀត​របស់​ពួកគេ​ជាមួយ​នឹង​ទ្រង់ ។ មុនពេល​បន្ត​ក្នុង​ការសិក្សា​របស់​អ្នក សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​ដល់​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​ប្រុងប្រៀប​ចិត្តគំនិត​អ្នក​មុនពេល​ចូលរួម​នៅ​ព្រះវិហារ ? មុនពេល​ចូលរួម​នៅ​ថ្នាក់​សិក្ខាសាលា ? មុនពេល​ស្ដាប់​សន្និសីទ​ទូទៅ ? មុនពេល​សិក្សា​ព្រះគម្ពីរ ? តើ​អ្នក​គិត​ថា ការប្រុងប្រៀប​ចិត្តគំនិត​អ្នក​នឹង​ធ្វើ​ឲ្យ​មាន​ភាពខុស​គ្នា​យ៉ាងណា ចំពោះ​អ្វី​ដែល​អ្នក​ទទួល​ពី​ឱកាស​រៀនសូត្រ​ទាំងនោះ ?

គោលការណ៍​មួយ​ដែល​យើង​រៀន​ចេញពី​ខ​ទាំងនេះ​គឺ ៖ ដោយ​ការសញ្ជឹង​គិត និង ការអធិស្ឋាន​ដល់​ព្រះវរបិតា នោះ​យើង​អាច​ទទួល​បាន​នូវ​ការយល់​ដឹង​កាន់តែ​ច្រើន​ទៀត ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ នីហ្វៃទី3 17:1–3 ) ។

  1. ដើម្បី​ជួយ​អ្នក​អនុវត្ត​គោលការណ៍​នេះ សូម​រើស​យក​ចំណុច​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ ហើយ​ភ្ជាប់​សកម្មភាព​នោះ​ទៅនឹង​ជីវិត​អ្នក អំឡុង​សប្ដាហ៍​ខាងមុខ​នេះ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​បានធ្វើ ។ សូម​សរសេរ​ផងដែរ​ពី​របៀប​ដែល​សកម្មភាព​នេះ បង្កើន​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ព្រះវិហារ ថ្នាក់​សិក្ខាសាលា និង សន្និសីទ​ទូទៅ ឬ ពី​ព្រះគម្ពីរ ។ សូម​ប្រុងប្រៀប​ជាស្រេច​ដើម្បី​ចែកចាយ​សកម្មភាព​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​នេះ​ជាមួយ​គ្រូ​របស់​អ្នក ។ ដាក់​ផែនការ​មួយ​ដើម្បី​បន្ត​អភិវឌ្ឍ​ផងដែរ នូវ​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទាំងនេះ អំឡុង​ពេល​សប្ដាហ៍​ខាងមុខ​នេះ ។

    1. ខ្ញុំ​នឹង​រៀបចំ​ចិត្ត​គំនិត​របស់​ខ្ញុំ មុនពេល​ខ្ញុំ​ចូលរួម​នៅ​ព្រះវិហារ ឬ នៅ​ថ្នាក់​សិក្ខាសាលា ។

    2. ខ្ញុំ​នឹង​សញ្ជឹងគិត ហើយ​អធិស្ឋាន​អំពី​អ្វី​ដែល​ខ្ញុំ​ឮ​នៅ​ព្រះវិហារ ឬ នៅ​ថ្នាក់​សិក្ខាសាលា ។

នីហ្វៃទី3 17:4–25

ព្រះអង្គ​សង្គ្រោះ​ព្យាបាល​ពួក​អ្នក​ឈឺ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង ប្រសិទ្ធិពរ​ដល់​ពួក​កូន​ក្មេង

រូបភាព
ព្រះគ្រីស្ទ​ប្រសិទ្ធិពរ​ដល់​ពួក​កូនក្មេង​សាសន៍​នីហ្វៃ

សូម​គិត​ពី​ពេល​មួយ ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​ត្រូវបាន​លើក​ទឹកចិត្ត​ជាខ្លាំង និង ពោរពេញ​ដោយ​សេចក្ដី​អំណរ ដែល​អ្នក​ពុំ​ចង់​ឲ្យ​បទពិសោធន៍​នេះ​បញ្ចប់​ទៅ​ឡើយ ។ សូមអាន នីហ្វៃទី3 17:4–5 ដើម្បី​រកមើល​ពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​មាន​ប្រតិកម្ម​តបវិញ ពេលដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ត្រឡប់​ទៅកាន់​ព្រះវរបិតា​ទ្រង់​វិញ ។

ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​ពួក​សាសន៍​នីហ្វៃ​វិញ ដោយ​ការអាណិត​អាសូរ​ដ៏​មហិមា ។ សកម្មភាព​ខាងក្រោម​នេះ អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ពេញលេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​យើង​ទាំងអស់​គ្នា ។ វា​ក៏​អាច​ជួយ​អ្នក​ផងដែរ ឲ្យ​រកឃើញ​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះគម្ពីរ អំពី​ចរិត​លក្ខណៈ និង ធម្មជាតិ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​ខគម្ពីរ​យោង​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ទុក​ចន្លោះ​នៅ​ខាងក្រោម​ខគម្ពីរ​យោង​នីមួយៗ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ៖ នីហ្វៃទី3 17:6–10; នីហ្វៃទី3 17:11–18; នីហ្វៃទី3 17:19–25 ។ សូម​សិក្សា​វគ្គ​បទគម្ពីរ​ទាំងនេះ រកមើល​សេចក្ដី​ពិត​ទាំងឡាយ​អំពី​ចរិត​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ—ទ្រង់​មាន​លក្ខណៈ​យ៉ាងណា ។ សូម​ស្វែងរក​យ៉ាងហោច​ណាស់​ឲ្យ​បាន​សេចក្ដី​ពិត​ចំនួន​បី សេចក្ដី​ពិត​មួយ​សម្រាប់​បទគម្ពីរ​យោង​នីមួយៗ ហើយ​កត់ត្រា​វា​នៅក្រោម​សេចក្ដី​យោង​ដែល​ត្រឹមត្រូវ ។

ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដ៏​ទន់ភ្លន់ និង រំជួល​ចិត្ត​បំផុត ដែល​មាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​ព្រះយេស៊ូវគ្រីស្ទ​ប្រសិទ្ធិពរ​ដល់​ពួក​កូនក្មេង​តូចៗ​ដែល​មាន​វត្តមាន​នៅក្នុង​ឱកាស​នោះ ។ វគ្គ​នេះ​ជួយ​យើង​ឲ្យ​យល់​ពី​ធម្មជាតិ និង ចរិត​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មុនពេល​ដែល​លោក​បាន​ដកស្រង់​ដំណើរ​រឿង​របស់​ព្រះអង្គ​សង្គ្រោះ និង ពួក​កូនក្មេង ចេញពី នីហ្វៃទី3 17:11–12, 21–25 ប្រធាន ប៊យដ៏ ឃេ. ផាកកឺ បាន​ថ្លែង​ថា ៖ « នៅក្នុង​ដំណើរ​រឿង​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ យើង​អាច​មើល​ឃើញ​កាន់តែ​ជ្រាលជ្រៅ​ទៅក្នុង​ព្រលឹង​របស់​ទ្រង់ ប្រហែល​ជ្រាលជ្រៅ​ជាង​នៅ​កន្លែង​ណាៗ​ផ្សេង​ទៀត » ( “Teach the Children” Ensign ខែ កុម្ភៈ ឆ្នាំ 2000 ទំព័រ 16–17 ) ។

សូម​កត់ចំណាំ​ថា ពួក​បណ្ដាជន​បាន​នាំ​ពួក​អ្នក​ឈឺ និង ពួក​អ្នក​រងទុក្ខ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ រួមទាំង​ពួក​អ្នក​ដែល « រងទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ » ( នីហ្វៃទី3 17:9 ) ។ ការរងទុក្ខ​ទាំងនេះ​អាច​ជា​ខាង​រូបកាយ ខាង​អារម្មណ៍ និង ស្មារតី ។ សូម​សញ្ជឹងគិត​ពី​របៀប​ទាំងឡាយ​ដែល​អ្នក​អាច​នឹង​ទទួល « រងទុក្ខ » ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ជាមួយ​នឹង​ការរងទុក្ខ​ទាំងឡាយ​របស់​អ្នក​ដោយ​របៀប​ណា ប្រសិន​បើ​ទ្រង់​ប្រសិទ្ធិពរ​ដល់​អ្នក​ដោយ​ផ្ទាល់​នោះ ?

  1. សូម​រំឭក​ឡើងវិញ​នូវ​គោលការណ៍​អំពី​ការសញ្ជឹង​គិត ដែល​អ្នក​បានរៀន​នៅ​ខាងដើម​មេរៀន​នេះ ។ របៀប​មួយ​ដើម្បី​សញ្ជឹង​គិត គឺ​នឹក​ស្រមៃ​ក្នុង​ចិត្ត​ពី​ខ្លួន​អ្នក​ផ្ទាល់​ថា នៅក្នុង​ស្ថានភាព​ដូចគ្នា ដែល​ត្រូវបាន​ពិពណ៌នានៅក្នុង​ដំណើរ​រឿង​ក្នុង​បទគម្ពីរ​នោះ ។ សូម​យក​ពេល​មួយ​ស្របក់ ហើយ​នឹក​ស្រមៃ​ក្នុង​ចិត្ត​ថា​វា​នឹង​ដូចជា​យ៉ាងណា ប្រសិនបើ​អ្នក​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 17 ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នាពី​អ្វី​ដែល​អ្នក​គិត​ថា អ្នក​នឹង​បាន​ឮ ឃើញ និង ទទួល​អារម្មណ៍​នៅក្នុង​ឱកាស​នោះ និង អ្វី​ដែល​អ្នក​នឹង​បាន​រៀន​ពី​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​នឹង​ចង់​ពិពណ៌នា​ផងដែរ ពី​ពរជ័យ​ដែល​អ្នក​អាច​ស្វែងរក​បាន​ពី​ព្រះអង្គ​សង្គ្រោះ ។

សូម​គិត​ពី​ប្រយោគ​មួយ​ដែល​ពិពណ៌នា​ពី​សេចក្ដី​ពិត​មួយ ដែល​អ្នក​បាន​រៀន​ចេញពី នីហ្វៃទី3 17:6–25 ។ សូម​សរសេរ​ប្រយោគ​នោះ​នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ​ខ​ទាំងនេះ ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សេចក្ដី​ពិត​មួយ​ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំងឡាយ ចេញពី​បទគម្ពីរ​ទាំងនេះ​គឺ ៖ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​ដ៏​ធំធេង​ចំពោះ​យើង ។ ហេតុអ្វី​វា​សំខាន់​សម្រាប់​អ្នក ដើម្បី​ដឹង​សេចក្ដី​ពិត​អំពី​ចរិត​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​បាន​រៀន​ចេញពី​ខ​ទាំងនេះ ?

សូម​អាន​សេចក្ដី​ថ្លែង​អំពី​សេចក្ដី​ជំនឿ​តទៅ​នេះ ៖ « ដើម្បី​ឲ្យ​សេចក្តីជំនឿ​របស់​អ្នក​ដឹកនាំ​អ្នក​ទៅរក​សេចក្តី​សង្គ្រោះ នោះ​វា​ត្រូវតែ​មាន​ចំណុច​សំខាន់​ផ្អែកលើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ … អ្នក​អាច​អនុវត្ត​សេចក្តី​ជំនឿ​របស់​អ្នក​ក្នុង​ព្រះគ្រីស្ទ​ពេល​ដែល​អ្នក​ប្រាកដថា ពិត​ជា​មាន​ទ្រង់​មែន គំនិត​មួយ​ដ៏ត្រឹមត្រូវ​អំពី​និស្ស័យ​របស់​ទ្រង់ និង ចំណេះ​ដឹង​មួយ​ថា អ្នក​ខិតខំ​ពុះពារ​រស់នៅតាម​ឆន្ទៈ​របស់​ទ្រង់ » ( ពិតចំពោះ​សេចក្តី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ 2004 ] ទំព័រ 176 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់​ពី​ធម្មជាតិ​នៃ​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់​យ៉ាង​ដូច​ម្ដេច​ដែរ ?

  2. សូម​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ផ្សេងទៀត អំពី​អ្វី​មួយ​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី នីហ្វៃទី3 17 ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​នូវ​ឈ្មោះ​របស់​មនុស្ស​នេះ និង ការសង្ខេប​មួយ​ពី​អ្វី​ដែល​អ្នក​បាន​និយាយ​ទៅកាន់​គាត់ ។

ថ្វីបើ​យើង​ពុំ​មាន​បទពិសោធន៍​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​មាន​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ក៏​ថ្ងៃ​នោះ​នឹង​មកដល់​សម្រាប់​យើង​ម្នាក់ៗ ពេលដែល​យើង​នឹង​ឃើញ ហើយ​ឮ​ទ្រង់ ។ អស់ពេញ​មួយ​ថ្ងៃ ឬ ពីរថ្ងៃ​បន្ទាប់​នេះ សូម​សញ្ជឹងគិត​ពី​មេរៀន​នេះ ។ សូម​គិត​ពី​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះអង្គ​សង្គ្រោះ ពេល​អ្នក​អធិស្ឋាន​អំពី​បំណង​ប្រាថ្នា ភាពទន់ខ្សោយ ការឈឺចាប់ និង ការលំបាក​របស់​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 17 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖