ថ្នាក់​សិក្ខាសាលា
មេរៀនទី 18 ៖ ថ្ងៃទី 3 អាលម៉ា 31


មេរៀនទី 18 ៖ ថ្ងៃទី 3

អាលម៉ា 31

សេចក្តីផ្ដើម

អាលម៉ា​បានដឹង​ថា មាន​ពួក​អ្នក​ដែល​បែកចេញ​ពី​ពួក​សាសន៍​នីហ្វៃ​មួយ​ក្រុម ដែល​ហៅ​ថា ពួកសាសន៍​សូរាំ បាន​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ ដោយ​មាន​ទុក្ខព្រួយ​ពេល​ឮសារ​ដំណឹង​ពី​សេចក្ដី​ទុច្ចរិត​ទាំងនេះ នោះ​អាលម៉ា​បាន​យក​អ្នក​ផ្សេងទៀត​ទៅ​ជាមួយ​លោក ដើម្បី​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ពួកសាសន៍​សូរាំ ។ ពួកលោក​បាន​ឃើញ​ការថ្វាយ​បង្គំ​ដែល​ក្បត់​ពី​សាសនា និង ភាពឆ្មើងឆ្មៃ​នៃ​ពួក​សាសន៍សូរាំ ។ អាលម៉ា​បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ថា លោក និង ដៃគូ​ទាំងឡាយ​របស់​លោក​នឹង​អាច​ទទួលបាន​ការលួងលោម និង ជោគជ័យ នៅក្នុង​ការនាំ​ពួកសាសន៍​សូរាំ​ត្រឡប់​មកកាន់​ព្រះអម្ចាស់​វិញ ។

អាលម៉ា 31:1–7

អាលម៉ា និង ដៃគូ​ទាំងឡាយ​របស់​លោក ផ្សព្វផ្សាយ​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ពួកសាសន៍​សូរាំ​ដែល​ក្បត់​សាសនា

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់ ឬ សមាជិក​ក្រុមគ្រួសារ​ម្នាក់ ដែល​កំពុង​ចាប់ផ្ដើម​វង្វេង​ចេញ​ពី​ដំណឹងល្អ ឬ ដែល​មិន​កំពុង​តែ​រស់នៅ​តាម​ដំណឹងល្អ ឲ្យ​បាន​ពេញលេញ​ដូច​ដែល​គាត់​អាច​ធ្វើ​បាន ។ សូម​គិត​ពី​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​នឹង​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​មនុស្ស​នេះ ឲ្យ​ត្រឡប់​មកកាន់​ព្រះវិហារ​វិញ ហើយ​ឲ្យ​មាន​បំណង​ប្រាថ្នា​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​នោះ ?

  • តើ​អ្នក​អាច​នឹង​បែរ​ទៅរក​នរណា ដើម្បី​បាន​ជំនួយ​ក្នុង​ការដោះស្រាយ​បញ្ហា និង ការយល់​ខុស​របស់​មនុស្ស​នេះ ?

មេរៀន​នេះ​លើក​យក​ជាគោល​សំខាន់ ពី​របៀប​ដែល​អាលម៉ា និង អ្នក​ផ្សេងទៀត​បានព្យាយាម​ជួយ​មនុស្ស​មួយ​ក្រុម ដែល​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ សូមអាន អាលម៉ា 31:1–2 ។ តើ​អាលម៉ា​បាន​មាន​អារម្មណ៍​យ៉ាងណា ពេល​លោក​បានឮ​ពី​អ្វី​ដែល​ពួកសាសន៍​សូរាំ​កំពុង​ធ្វើ​នោះ ?

សូមអាន អាលម៉ា 31:3–4 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ពួក​សាសន៍​នីហ្វៃ ចាប់ផ្ដើម​ភ័យខ្លាច​ដោយសារ​សកម្មភាព​របស់​ពួកសាសន៍​សូរាំ ។

គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន អំឡុងពេល​នៃ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក តើ​អ្នក​គិត​ថា មាន​អ្វីខ្លះ​ដែល​នឹង​ជួយ​លើក​ទឹកចិត្ត​ដល់​ពួកសាសន៍​សូរាំ​ឲ្យ​ប្រែចិត្ត ហើយ​ត្រឡប់​មកឯ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​វិញ ? សូមអាន អាលម៉ា 31:5 ហើយ​រកមើល​ពី​អ្វី ដែល​អាលម៉ា​បានដឹង​ថា​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការទាមទារ​យក​ពួក​សាសន៍សូរាំ​មក​វិញ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា ព្រះបន្ទូល​នៃ​ព្រះ​មាន​អំណាច​នៅក្នុង​ការជួយ​ប្រជាជន​ឲ្យ​ផ្លាស់ប្ដូរ ច្រើន​ជាង​ការប្រើ​កម្លាំង ឬ អ្វី​ផ្សេងទៀត ។

សូម​សញ្ជឹង​គិត​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពី ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អំពី​អំណាច​នៃ​ព្រះបន្ទូល​នៃ​ព្រះ ៖

« គោលលទ្ធិ​ពិត បើ​បាន​យល់ នោះ​គឺ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង ឥរិយាបទ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ការសិក្សា​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ នឹង​អភិវឌ្ឍ​ឥរិយាបថ​បាន​លឿន​ជាង​ការសិក្សា​ពី​ឥរិយាបថ ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ទៅទៀត ។ ចូរមមៃ​នឹក​គិត​ជាមុន​ពី​ឥរិយាបទ​ដែល​មិន​សក្ដិសម អាច​ដឹកនាំ​ទៅកាន់​ឥរិយាបទ​ដែល​មិន​សក្ដិសម ។ នោះ​ហើយ​ជា​មូលហេតុ ដែល​យើង​សង្កត់ធ្ងន់​ជា​ខ្លាំង​​អំ​ពី​ការសិក្សា​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ » ( “Little Children” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 17 ) ។

ផ្អែកលើ អាលម៉ា 31:5 និង សេចក្ដី​ថ្លែងការណ៍​របស់ ប្រធាន ផាកកឺ សូម​បញ្ចប់​គោលការណ៍​តទៅ​នេះ ៖ ពេល​ខ្ញុំ​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ដឹកនាំ​ខ្ញុំ​ឲ្យ

ក្នុង​ចំណោម​លទ្ធភាព​​ផ្សេងៗ​ទៀត នោះ​អ្នក​អាច​បញ្ចប់​គោលការណ៍​ខាងលើ ដោយ​របៀប​នេះ ៖ ពេល​ខ្ញុំ​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។

  1. សូម​សញ្ជឹង​គិត​ពី​បទពិសោធន៍​របស់​អ្នក ដែល​មាន​ជាមួយ​នឹង​ព្រះគម្ពីរ និង ការស្ដាប់​​ព្រះបន្ទូល​នៃ​ព្រះ ។ សូម​សរសេរ​អំពី​គ្រា​​មួយ ពេល​ដែល​ព្រះបន្ទូល​នៃ​ព្រះ ​បាន​ដឹកនាំ​អ្នក គ្រួសារ​អ្នក ឬ មិត្តភក្ដិ​អ្នក ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។

អាលម៉ា 31:8–23

ពួក​សាសន៍​សូរាំ​អធិស្ឋាន និង ថ្វាយបង្គំ​តាម​របៀប​ខុសឆ្គង

អាលម៉ា និង មនុស្ស​ប្រាំពីរ​នាក់​ផ្សេងទៀត បាន​ទៅ​ផ្សព្វផ្សាយ​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ពួក​សាសន៍សូរាំ ។ ពេល​ពួកលោក​ទៅដល់ នោះ​ពួកលោក​បាន​សង្កេត​ឃើញ​ថា ពួក​សាសន៍សូរាំ​ថ្វាយ​បង្គំ​ព្រះ​តាមរបៀប​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ តើមាន​​អ្វីខ្លះ​ក្នុង​គំនិត​អ្នក ពេល​អ្នក​គិត​ពី​ពាក្យ​ថា ថ្វាយបង្គំ ?

ការថ្វាយបង្គំ សំដៅ​លើ​របៀប​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ គារវភាព និង ការថ្វាយ​ភក្ដីភាព​ដល់​ព្រះ ។ ជាញឹកញាប់ ការថ្វាយបង្គំ​ រួមមាន​សកម្មភាព​ទាំងឡាយ ដូចជា អធិស្ឋាន តមអាហារ និង ការចូលរួម​ការប្រជុំ​របស់​សាសនាចក្រ ។ ទោះយ៉ាងណា ការថ្វាយ​បង្គំ​ដ៏​ពិត ​តែងតែ​រួមបញ្ចូល​ជាមួយ​នឹង​ដួងចិត្ត ។ សូមអាន អាលម៉ា 31:8–11 ហើយ​រកមើល និង គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ការថ្វាយ​បង្គំ​របស់​ពួក​សាសន៍សូរាំ ។

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា « ការប្រព្រឹត្ត​ទាំងឡាយ​នៃ​សាសនាចក្រ » ( អាលម៉ា 31:10 ) គឺ​ទាក់ទង​នឹង « ពិធី​បរិសុទ្ធ​ទាំងឡាយ » ដូចជា​ការបូជា​ ដែល​តម្រូវឲ្យ​មាន​​នៅ​ពេលនោះ ជា​ផ្នែក​នៃ​ក្រិត្យវិន័យ​លោក​ម៉ូសេ ឬ ជា​ពិធី​សាក្រាម៉ង​នៅ​ជំនាន់​យើង​នេះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នៅក្នុង អាលម៉ា 31:10 នូវ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំងឡាយ ដែល​យើង​គួរ​ថ្វាយបង្គំ និង អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ ។

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

សូម​ពិចារណា​ក្នុង​ការសរសេរ​គោលការណ៍​នេះ នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ អាលម៉ា 31:9–11 ៖ ការប្រឹងប្រែង​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​ការអធិស្ឋាន និង រក្សា​បទបញ្ញត្តិ​ទាំងឡាយ ជួយ​ពង្រឹង​កម្លាំង​យើង​ក្នុង​ការតទល់​នឹង​ការល្បួង ។

ខណៈ​ពេល​ដែល​អែលឌើរ រូលុន ជី. ខ្រេវិន បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិបនាក់ លោក​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការថ្វាយ​បង្គំ​ផ្ទាល់ខ្លួន​ជា​ប្រចាំ​ថ្ងៃ ថា​ជា​ការការពារ​មួយ​តទល់​នឹង​ការល្បួង និង ការខុសឆ្គង ៖ « អំឡុង​ឆ្នាំ​កន្លង​មកនេះ ពេលខ្លះ ខ្ញុំ​ត្រូវបាន​ស្នើ​ដោយ​បងប្អូន​ប្រុស ( ពួក​សាវក ) ឲ្យ​ជួប​នឹង​សមាជិក​សាសនាចក្រ​ដែល​ប្រែចិត្ត ហើយ​សម្ភាស​ពួកគេ សម្រាប់​ការស្ដារ​ឡើងវិញ​នូវ​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ ការណ៍​នេះ​តែងតែ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដ៏​រំជួល​ចិត្ត ក្នុង​ការស្ដារ​ឡើងវិញ​នូវ​ពរជ័យ​ទាំងឡាយ​របស់​មនុស្ស​ដ៏​ប្រពៃ​ទាំងនោះ ដែល​បាន​ប្រែចិត្ត ។ ខ្ញុំ​បាន​សួរ​ពួក​គេ​ខ្លះៗ នូវ​សំណួរ​ថា ‹ តើ​មាន​អ្វីខ្លះ បាន​​​កើត​ឡើង​ក្នុង​ជីវិត​អ្នក ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់បង់​សមាជិកភាព​របស់​អ្នក​ក្នុង​សាសនាចក្រ ជា​បណ្ដោះ​អាសន្ន​នោះ ? › ជាមួយ​នឹង​ទឹកភ្នែក​ជោគជាំ ពួកគេ​បាន​ឆ្លើយ​ថា ៖ ‹ ខ្ញុំ​ពុំ​បាន​គោរព​ប្រតិបត្តិ​នូវ​គោលការណ៍​មូលដ្ឋាន​របស់​ដំណឹងល្អ ៖ អធិស្ឋាន ទៅ​ព្រះវិហារ​ជា​ទៀងទាត់ បម្រើ​ក្នុង​សាសនាចក្រ និង សិក្សា​ដំណឹងល្អ ។ រួច​ហើយ ខ្ញុំក៏​​បានចុះ​ចូល​​ទៅក្នុង​ការល្បួង និង បាត់បង់​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ › » ( “Temptation” Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 76 ) ។

តើ​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ ខ្រេវិន គាំទ្រ​ដល់​សេចក្ដី​ពិត​ដែល​មាន​ក្នុង អាលម៉ា 31:9–11 យ៉ាងណា​ដែរ ?

សូមអាន អាលម៉ា 31:12–23 ហើយ​ស្រមៃ​ថា វា​នឹង​ទៅ​ជា​យ៉ាងណា ដែល​ឮ​ពួក​សាសន៍សូរាំ​អធិស្ឋាន​ពី​កន្លែងឈរ​របស់​ពួកគេ​នោះ ។ សូម​គិត​ពី​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មានកង្វល់​អ្វី​ខ្លះ បើសិន​ជា​អ្នក​បានឮ​នរណា​ម្នាក់​អធិស្ឋានតាម​​របៀប​នេះ​នោះ ?

  • តើ​គោលលទ្ធិ​ក្លែងក្លាយ​អ្វី​ខ្លះ ដែល​ពួកសាសន៍​សូរាំ​សូត្រ​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ ?

  • តើ​អាកប្បកិរិយា​របស់​ពួកគេ​ចំពោះ​អ្នក​ដទៃ​ទៀត​យ៉ាងណា​ដែរ ? ( សូម​កត់​ចំណាំ ថាតើ​មាន​ពាក្យ យើង និង យើងខ្ញុំ មាន​ប៉ុន្មានដង នៅក្នុង​ការអធិស្ឋាន​របស់​ពួក​សាសន៍សូរាំ ) ។

បន្ទាប់​ពី​មនុស្ស​ម្នាក់ៗ​បាន​និយាយ​ការអធិស្ឋាន​ដដែលៗ​ដូចគ្នា​នោះ​ហើយ « ពួកគេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ ដោយ​មិន​និយាយ​អំពី​ព្រះ​របស់​គេ​ទៀតឡើយ រហូត​ដល់​ពួកគេ​បាន​ជួបជុំ​គ្នា​ទៀត នៅ​កន្លែង​ឈរ​ដ៏​បរិសុទ្ធ​នោះ » ( អាលម៉ា 31:23 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ខ្លះ​ជា​គ្រោះថ្នាក់ នៃ​ការថ្វាយ​បង្គំ អធិស្ឋាន និង និយាយ​ពី​ព្រះ តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ?

    2. តើ​អ្វី​ខ្លះ​ជា​របៀប​មួយ​ចំនួន ដែល​យើង​អាច​ថ្វាយបង្គំ​ព្រះពេញ​មួយ​សប្ដាហ៍ ?

អាកប្បកិរិយា​របស់​យើង​ក៏​សំខាន់​ផងដែរ នៅពេល​យើង​ថ្វាយ​បង្គំ ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពី អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អំពី​របៀប​ដែល​អាកប្បកិរិយា​របស់​យើង​ជះ​ឥទ្ធិពល​ដល់​ការថ្វាយ​បង្គំ​របស់​យើង ៖

« ជាញឹកញាប់ ការថ្វាយ​បង្គំ ​រួមបញ្ចូល​សកម្មភាព​ទាំងឡាយ ប៉ុន្តែ​ការថ្វាយ​បង្គំ​ដ៏​ពិត​តែងតែ​រួម​បញ្ចូល​ទាំង​អាកប្បកិរិយា​ជាក់លាក់​នៃ​​គំនិតផងដែរ ។

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« អាកប្បកិរិយា​នៃ​ការថ្វាយ​បង្គំ រំឭក​ពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​បំផុត​នៃ​ភក្ដីភាព ការគោរព និង សេចក្ដី​ស្ងើច​សរសើរ ។ ការថ្វាយ​បង្គំ​មាន​រួម​ផ្សំ​នូវ​សេចក្ដី​ស្រឡាញ់ និង គារវភាព នៅក្នុង​សភាវៈ​នៃ​ការថ្វាយ​ភក្ដីភាព ដែល​ទាញយក​វិញ្ញាណ​របស់​យើង​ទៅ​កាន់តែ​ជិត​ព្រះ » ( Pure in Heart [1988] ទំព័រ 125 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្នក​ជឿថា អ្នក​កំពុង​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​នៅក្នុងការ​​ថ្វាយ​បង្គំ រួមបញ្ចូល​ទាំង​អាកប្បកិរិយា​របស់​អ្នក នៅក្នុង​ផ្នែក​ទាំងឡាយ​ដូច​តទៅ​នេះ ៖ ( ក ) ការអធិស្ឋាន​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ ( ខ ) ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ ( គ ) ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទាំងឡាយ និង ( ឃ ) ការចូលរួម​ការប្រជុំ​នៅ​ព្រះវិហារ និង ការទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ។ សូម​ដាក់​គោលដៅ​មួយ ដើម្បី​ធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ​របស់​អ្នក បាន​ប្រសើរ​ឡើង ។ អ្នក​ក៏​អាច​នឹង​ចង់​ប្រាប់​ឪពុក/ម្ដាយ អ្នកដឹកនាំ ឬ មិត្តភក្ដិ​ម្នាក់ អំពី​គោលដៅ​របស់​អ្នក ដើម្បី​គាត់​អាច​ផ្ដល់​ការលើក​ទឹកចិត្ត​ដល់​អ្នក រហូត​ដល់​សប្តាហ៍​បន្ទាប់ៗទៀត ។

អាលម៉ា 31:24–38

អាលម៉ា​អធិស្ឋាន​សុំ​កម្លាំង និង ជោគជ័យ សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ក្នុង​ការនាំ​ពួក​សាសន៍សូរាំ​ត្រឡប់​មក​ព្រះអម្ចាស់​វិញ

បន្ទាប់ពី​បានឃើញ​ការថ្វាយ​បង្គំ​ដែល​ក្បត់​ពី​សាសនា​របស់​ពួកសាសន៍​សូរាំ នោះអាលម៉ា​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់ ។ សូមអាន អាលម៉ា 31:30–35 ហើយ​រកមើល​ពី​របៀប​ដែល​ការអធិស្ឋាន​របស់​អាលម៉ា ខុសគ្នា​ពី​ការអធិស្ឋាន​របស់​ពួក​សាសន៍សូរាំ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​បានរៀន ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ពី​របៀប​អធិស្ឋាន​របស់​អាលម៉ា ជាមួយ​នឹង​ការអធិស្ឋាន​របស់​ពួក​សាសន៍សូរាំ ។ សូម​កត់ត្រា​ផងដែរ ថាតើ​គំរូ​នៃ​ការអធិស្ឋាន​ដ៏​សុចរិត​របស់​អាលម៉ា អាច​ជះ​ឥទ្ធិពល​ដល់​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក​យ៉ាងណា​ដែរ ។

សូមអាន អាលម៉ា 31:36–38 ហើយ​រកមើល​ពរជ័យ​ទាំងឡាយ ដែល​មាន​ដល់​អាលម៉ា និង ដៃគូ​ទាំងឡាយ​របស់​លោក ពេល​ពួកលោក​បាន​ទទួល​ពរជ័យ​បព្វជិតភាព និង បាន​ផ្សព្វផ្សាយ​ដំណឹងល្អ ។ សូម​កត់​ចំណាំ​ឃ្លា « លោក​បាន​ទះដៃ​ទៅលើ​អ្នក​ទាំងឡាយ​ដែល​នៅ​ជាមួយ​នឹង​លោក » ( អាលម៉ា 31:36 ) គឺ​សំដៅ​លើ​ការដាក់​ដៃ​លើ​ក្បាល ។

បទពិសោធន៍​របស់​អាលម៉ា និង ដៃគូ​ទាំងឡាយ​របស់​លោក បង្រៀន​គោលការណ៍​នេះ ៖ បើ​យើង​អធិស្ឋាន និង ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​នឹង​ទទួល​ជំនួយ​ដ៏​ទេវភាព​នៅក្នុង​ការលំបាក​របស់​យើង ។

រូបភាព
អាលម៉ា និង អ្នក​ឯទៀត​អធិស្ឋាន

ក្រោយពី​ការអធិស្ឋាន​របស់​លោក​ហើយ អាលម៉ា និង ដៃគូ​ទាំងឡាយ​របស់​លោក បាន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកលោក ដោយ​ទៅ​ធ្វើ​កិច្ចការ និង ទុកចិត្ត​ថា​ព្រះអម្ចាស់នឹង​ផ្គត់ផ្គង់​​ដល់​ពួកលោក ពេល​ពួកលោក​បម្រើ​ទ្រង់ និង កូនចៅ​របស់​ទ្រង់ ។ សូម​រកមើល​របៀប​ទាំងឡាយ ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​អាលម៉ា ក្នុង​ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 31 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖