ថ្នាក់​សិក្ខាសាលា
មេរៀនទី 11 ៖ ថ្ងៃទី 2 ម៉ូសាយ 3


មេរៀនទី 11 ៖ ថ្ងៃទី 2

ម៉ូសាយ 3

សេចក្តីផ្ដើម

ដោយ​បន្ត​សុន្ទរកថា​របស់​ទ្រង់​ទៅកាន់​ប្រជារាស្ត្រ​របស់​ទ្រង់ នោះ​ស្តេច​បេនយ៉ាមីន​បាន​ប្រាប់​ពួកគេ​ថា មាន​ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ទៅកាន់​ទ្រង់​អំពី​កិច្ចការ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ស្តេច​មេនយ៉ាមីន​បាន​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត នោះ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប អាច​ទទួល​បាន​សេចក្តី​សង្គ្រោះ ។ទ្រង់​ក៏​បាន​បង្រៀន​ផងដែរ​ថា តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​បុគ្គល​ម្នាក់ៗ​អាច​ឈ្នះ​លើ​ភាព​ខាងសាច់ឈាម​តាមរយៈ​ការស្តាប់​តាម​ការ​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ម៉ូសាយ 3:1–10

ស្តេច​បេនយ៉ាមីន​ថ្លែង​ពី​បន្ទូល​នៃ​ទេវតា​ទាក់ទង​នឹង​ដង្វាយ​ធួន

រូបភាព
Cups

នៅពេល​អ្នក​សិក្សាម៉ូសាយ 3សូម​រកមើល​ប្រភព​នៃ « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ » ( ម៉ូសាយ 3:3 )។

សូម​អានម៉ូសាយ 3:1–5ហើយ​រកមើល​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ដល់​ស្តេច​បេនយ៉ាមីន ។ទេវតា​បាន​ប្រកាស​ថា ប្រជារាស្ត្រ​នៃ​ស្តេច​បេនយ៉ាមីន​មាន​មូលហេតុ​ដើម្បី​រីករាយ និង មាន​ពោរពេញ​ដោយ​សេចក្តី​អំណរ ។

តើ​មាន​អ្វី​ក្នុង​សារ​របស់​ទេវតា​ដែល​អាច​បំពេញ​សេចក្តី​អំណរ​ដល់​ពួកសាសន៍​នីហ្វៃ ?

សូម​អានម៉ូសាយ 3:5–10ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​អំពី​ព្រះអង្គ​សង្គ្រោះ និង កិច្ច​ការបម្រើ​របស់​ទ្រង់​ដែល​ជួយ​អ្នក​ឲ្យ​កាន់​តែ​ឃើញ​ពី​គុណ​តម្លៃ​នៃ​កិច្ចការ​បម្រើ​ខាង​សាច់ឈាម​របស់​ព្រះអង្គ​សង្គ្រោះ ។

  1. សូម​ជ្រើសរើស​ឃ្លា​ពីរ​ដែល​អ្នក​បាន​គូស​ចំណាំ ហើយ​សរសេរ​នូវ​ការពន្យល់​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​ឃ្លា​ទាំងនោះ​បង្រៀន​ដល់​អ្នក​ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ ហើយ​កាន់តែ​ឃើញ​ពី​គុណ​តម្លៃ​នៃ​កិច្ចការ​បម្រើ​របស់​ព្រះ​អង្គសង្គ្រោះ ។

មាន​គោលលទ្ធិ និង គោលការណ៍​ជាច្រើន​ដែល​បាន​បង្រៀន​ក្នុងម៉ូសាយ 3:5–10 ។ចំណុច​ដ៏​សំខាន់​បំផុត​មួយ​នៃ​ចំណុច​សំខាន់​ទាំងនេះ​គឺថា ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​រងការឈឺ​ចាប់ ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​សង្គ្រោះ​ពី​អំពើ​បាប​ទាំងឡាយ​របស់​យើង ។ សូម​ពិចារណា​ពី​ការសរសេរ​គោលលទ្ធិ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹងម៉ូសាយ 3:7–9 ។

បន្ទាប់​ពី​អានម៉ូសាយ 3:7–9ហើយ​សូម​អានលូកា 22:44និងគោលលទ្ធិ និង សេចក្តី​សញ្ញា 19:16–18 ។តើម៉ូសាយ 3បាន​ផ្តល់​ការយល់​ដឹង​បន្ថែម​អ្វី​ខ្លះ ?តើម៉ូសាយ 3ជួយ​យើង​ឲ្យ​ឃើញ​ពី​គុណ​តម្លៃ​នៃ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ព្រះ​អង្គសង្គ្រោះ​យ៉ាង​ដូចម្តេច ?

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​ពី​អែលឌើរ ជេម អ៊ី. ថាល់មេហ្គ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​អំពី​ការឈឺចាប់​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ច្បារ​គែតសេម៉ានី ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាល់មេហ្គ

« ការឈឺ​ចាប់​ដ៏ខ្លាំង​បំផុត​របស់​ព្រះគ្រីស្ទ​ក្នុង​សួនច្បារ​គឺ​មិនអាច​យល់បាន​តាម​ការគិត​នោះទេ គឺ​ទាំង​ប្រពលភាព​នៃ​ការឈឺចាប់ និង បុព្វហេតុ​នៃ​ការឈឺ​ចាប់ ។… ទ្រង់​ស៊ូទ្រាំ​ហើយ​ស្រែក​ថ្ងូរ​ក្នុង​ទម្ងន់​មួយ​ដែល​គ្មាន​មនុស្ស​លោក​ណាម្នាក់​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ អាច​សូម្បី​តែ​គិត​ថា​វា​អាច​ទៅ​រួច​នោះឡើយ ។វា​មិន​មែន​ជា​ការឈឺចាប់​ខាង​រាងកាយ ហើយ​ក៏​មិនមែន​ជា​ការឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​តែ​មួយដែល​បណ្តាយ​ឲ្យ​ទ្រង់​ទទួល​រង​ទណ្ឌកម្ម​បែបនេះ ដែល​បណ្ដាល​ឲ្យ​បែក​ញើស​ក្លាយ​ជា​ឈាម​មកតាម​គ្រប់​រន្ធ​ញើស ។ ប៉ុន្តែ​ជា​ការឈឺចាប់​ខាង​វិញ្ញាណ​នៃ​ព្រលឹង​ដ៏ខ្លាំង​បំផុត​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​មាន​លទ្ធភាព​ស៊ូទ្រាំ​រួច ។… ក្នុង​ម៉ោង​នៃ​ការឈឺ​ចាប់​ដ៏ខ្លាំង ព្រះគ្រីស្ទ​បាន​ស៊ូទ្រាំ ហើយ​បាន​យកឈ្នះ​សេចក្តី​ស្អប់ខ្ពើម​ទាំងអស់​ដែល​សាតាំង ‹ ចៅហ្វាយ​របស់​លោកិយនេះ › [យ៉ូហាន 14:30] អាច​ធ្វើ​ឲ្យ​រងទុក្ខ ។ …

« នៅ​ក្នុង​លក្ខណៈ​មួយ​ចំនួន គឺ​ច្បាស់លាស់ និង ពិតប្រាដក​ណាស់ ថ្វីបើ​មនុស្ស​មិន​អាច​យល់បាន​ក៏ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​បាន​យក​មក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​បន្ទុក​នៃ​អំពើ​បាប​របស់​មនុស្ស​លោក​ទាំងអស់​ចាប់ពី​លោក​អ័ដាម​ដល់​ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ »( Jesus the Christ,បោះពុម្ព​លើកទី 3 [ ឆ្នាំ1916 ]ទំព័រ 613 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​ដែល​បាន​ជួយ​អ្នក​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ ។តើ​ការចងចាំ​ពី​បទពិសោធន៍​នេះ​បន្ថែម​សេចក្តី​អំណរ​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

ម៉ូសាយ 3:11–27

ស្តេច​បេនយ៉ាមីន​ពិពណ៌នា​ពី​របៀប​ដើម្បី​យក​ឈ្នះ​លើ​ភាព​ខាង​សាច់ឈាម

នៅពេល​ស្តេច​បេនយ៉ាមីន​បន្ត​បង្រៀន​ប្រជារាស្រ្ត​របស់​ទ្រង់ នោះ​ទ្រង់​បានបង្រៀន​ពួកគេ​នូវ​របៀប​ដែល​ដង្វាយ​ធួន​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ ។ទ្រង់​ក៏​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​យកឈ្នះ​លើ​ភាព​ខាង​សាច់​ឈាម ហើយ​ក្លាយ​ទៅជា​អ្នក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​កូនស្រី​របស់​យ៉ៃរ៉ុស

ដើម្បី​យល់ដឹង​កាន់​តែប្រសើរ​ពី​របៀប​ដែល​ដង្វាយធួន​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​សរសេរ​ជា​ការពិពណ៌នា​អំពី​ក្រុម​មនុស្ស​ដែល​ខគម្ពីរ​នោះ​ថ្លែង​ទីបន្ទាល់​ថា នឹង​ត្រូវបាន​ប្រទានពរ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖

វា​ជា​ការសំខាន់​ដើម្បី​ដឹង​ថា បើទោះជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​ទាំងឡាយ​របស់​ពួក​អ្នក​ដែល​មិន​ស្គាល់​ដំណឹង​ល្អ—អ្នក​ទាំងឡាយ​ដែល​ស្លាប់​ទៅ​ទាំង​មិន​បាន​ដឹង—ពួកគេ​នៅតែ​ត្រូវការ​ប្រែចិត្ត ហើយ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ពិភព​វិញ្ញាណ​ដើម្បី​ត្រូវបាន​សង្គ្រោះ ( សូមមើលគ.និង ស. 131:6; 138:31–34 ) ។ម្យ៉ាង​ទៀត ព្រះអម្ចាស់​បាន​បើកសម្តែង​ថា កូនក្មេង​ត្រូវ​បាន​ចាប់​កំណើត​ឡើង​ដោយ​គ្មាន​ទោស​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះ ហើយ​សាតាំង​គ្មាន​អំណាច​ដើម្បី​ល្បួង​ពួកគេ​ទេ ។កូនក្មេង​តូចៗ​ត្រូវ​បាន​សង្គ្រោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មិន​ត្រូវការ​ការប្រែ​ចិត្ត ឬ ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឡើយ រហូត​ដល់​ពេល​ពួកគេ​មាន​អាយុ​ប្រាំបី​ឆ្នាំ​នឹង​ចាប់ផ្តើម​ទទួល​ខុសត្រូវ ( សូម​មើលមរ៉ូណៃ 8:8–15, គ.និង ស. 29:46–47, 137:10 ) ។

យើង​ត្រូវតែ​ប្រព្រឹត្ត​តាម​ចំណេះដឹង​ដែល​យើង​មាន​មកពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។សូម​អានម៉ូសាយ 3:12–13ហើយ​គូស​បន្ទាប់​ពីក្រោម​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ថា យើង​អាច​ត្រូវបាន​សង្គ្រោះ​ពី​អំពើ​បាប​របស់​យើង ហើយ​អរ​សប្បាយ​នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ប្រែចិត្ត ។

សូម​នឹក​គិត​ពី​រូបភាព​កែវ​ទឹក​ដែល​ចាក់​បំពេញ​ដោយ « សុភមង្គល » ។សូម​ចងចាំ​ពី​បន្ទូល​របស់​ទេវតា​ដែល​បាន​ប្រកាស​ថា សេចក្តី​អំណរ​កើត​មាន​មកពី​ការយល់ដឹង​ពី​បេសកកម្ម និង ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើលម៉ូសាយ 3:4–5 ) ។ដើម្បី​យល់ដឹង​ពី​ភាព​ផ្ទុយគ្នា​នៃ​រូបភាព​នេះ សូម​អានម៉ូសាយ 3:24–27 ។សូម​គូស​បន្ទាត់​ពីក្រោម​អ្វី​ដែល​ពួក​អ្នក​ជ្រើសរើស​មិន​ប្រែចិត្ត នឹង​ផឹក​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ។

តើ​អ្វី​នឹង​កើតឡើង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​មិន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង មិន​ប្រែចិត្ត ?

បន្ទាប់​ពី​ការបង្រៀន​ដល់​ប្រជារាស្ត្រ​ទ្រង់​អំពី​ដង្វាយ​ធួន​នៃ​ព្រះ​អង្គសង្គ្រោះ និង តម្រូវការ​ដើម្បី​ប្រែចិត្ត និង មាន​សេចក្តី​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ នោះ​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជារាស្ត្រ​ទ្រង់​ពី​របៀប​ដើម្បី​សម្រាត​ចេញ​នូវ​ផ្នែក​ដែល​មាន​បាប​ពី​ធម្មជាតិ​របស់​ពួកគេ ហើយ​ក្លាយទៅ​ជា​អ្នក​បរិសុទ្ធ​តាម​រយៈ​ដង្វាយ​ធួន ។

សូម​អានម៉ូសាយ 3:19ហើយ​រកមើល​ពាក្យ ឬ ឃ្លា​ណា​ក៏​ដោយ​ដែល​អ្នក​មិន​យល់ ។វា​អាច​ជា​ប្រយោជន៍​ដើម្បី​សរសេរ​និយមន័យ​បី​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង​ខគម្ពីរ​នេះ ។« មនុស្ស​ខាង​សាច់ឈាម » គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជ្រើសរើស​ទទួល​ឥទ្ធិពល​ពី​តណ្ហា បំណងប្រាថ្នា និង ចំណង់​នៃ​សាច់ឈាម​ជាជាង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។« ព្រមធ្វើតាម » មាន​ន័យ​ថា ចុះចូល​ជាមួយ​អ្នក​ណា​ម្នាក់ ឬ រឿង​អ្វី​មួយ ។« សេចក្តី​ទូន្មាន » គឺ​ជា​ការអញ្ជើញ​ដែល​ប្រកប​ដោយ​ការបញ្ចុះបញ្ចូល ឬ គួរ​ឲ្យ​ពេញ​ចិត្ត ។ម៉ូសាយ 3:19គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ។

  1. សូម​សរសេរ​ចំណង​ជើង « សម្រាត​ភាព​ខាង​សាច់ឈាម »ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ។នៅ​ខាង​ក្រោម​ចំណង​ជើង​នេះ សូម​ធ្វើ​បញ្ជី​ពី​អ្វី​ដែលម៉ូសាយ 3:19 បង្រៀន​ថា យើង​ត្រូវតែ​ធ្វើ​ដើម្បី​យក​ឈ្នះ​លើ « ភាព​ខាង​សាច់ឈាម » ។សូម​គូស​រង្វង់​ជុំវិញ​សកម្មភាព​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់​បំផុត​សម្រាប់​អ្នក​ដើម្បី​ធ្វើ​នៅ​ពេល​នេះ ។សូម​ដាក់​ផែនការ​ដើម្បី​អនុវត្ត​សកម្មភាព​នេះ ។

គោល​ការណ៍​មួយ​នៃ​គោលការណ៍​ទាំងឡាយ​ដែលម៉ូសាយ 3:19 បង្រៀន គឺថា បើសិន​យើង​ព្រមធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យក​ឈ្នះ​លើ​ភាពខាង​សាច់​ឈាម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ។

តាម​គំនិត​របស់​អ្នក តើ​ព្រមធ្វើ​តាម « សេចក្តី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ »មាន​ន័យ​យ៉ាង​ណា ?

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​ពី​អែលឌើ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​អំពី​សម្រាត​ភាព​ខាង​សាច់ឈាម ៖ « ភាព​សុចរិត​ផ្ទាល់ខ្លួនការថ្វាយ​បង្គុំ ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ គឺ​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី ‹[ សម្រាត ] ភាពខាង​សាច់ឈាម › ( ម៉ូសាយ 3:19 ) » ( « The Tugs and Pulls of the World » Ensignខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 36 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​កំពុង​ព្យាយាម​ព្រមធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​អ្នក​តាម​វិធី​ណា ?

  2. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ព្រម​ធ្វើតាម « សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ឲ្យ​កាន់តែ​ពេញលេញ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​អ្នក ។សូម​សរសេរ​គោលដៅ​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​កែប្រែ​ចំណុច​នេះ​ក្នុង​សប្តាហ៍​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។អ្នក​អាច​ពិចារណា​លើ​ការកែប្រែ​នូវ​អាកប្បកិរិយា​មួយ​ដែល​ជួយ​យើង​ប្រែក្លាយ​ដូចជា​កូនក្មេង​ម្នាក់ ដែល​មាន​រៀបរាប់​នៅ​ក្នុងម៉ូសាយ 3:19—ឧទាហរណ៍ ការក្លាយទៅ​ជា​ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ធ្មត់ ពោរពេញ​ទៅដោយ​សេចក្តី​ស្រឡាញ់ ឬ ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ទត​ឃើញ​ថា « ល្អ »ដល់​អ្នក ។

  3. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ជីវិត​អ្នក​ដែល​រារាំង​អ្នក​ពី​ការ​ព្រម​ធ្វើតាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះចំណាន​ខ​គម្ពីរ—ម៉ូសាយ 3:19

  1. ដើម្បី​ជួយ​អ្នក​ចងចាំ ឬ ទន្ទេញ ម៉ូសាយ 3:19អ្នក​អាច​ចង់​អាន​វា​ទាំងអស់​ចំនួន​បីដង ។ការ​អាន​ឡើងវិញ​ដដែលៗ​នឹង​ជួយ​អ្នក​កាន់តែ​យល់​ខ្លឹមសារ​នៃ​ខគម្ពីរ​នេះ ។បន្ទាប់ពី​ការ​ធ្វើ​របៀប​នេះ សូម​ព្យាយាម​សរសេរ​ខគម្ពីរ ឬ គំនិត​ក្នុង​ខគម្ពីរ​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាចក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដោយ​មិន​ពឹងផ្អែក​លើ​ព្រះគម្ពីរ​របស់​អ្នក ។សូម​ព្យាយាម​សូត្រ​ខគម្ពីរ​នេះ​ឡើង​វិញ​ឮៗ​នៅ​ក្នុង​ពេល​ផ្សេងៗ ដូចជា​ខណៈពេល​អ្នក​កំពុង​ដើរ កំពុង​ហាត់​ប្រាណ ឬ រៀបចំ​ចូល​ដំណេក ។ការធ្វើ​របៀប​នេះ​រយៈពេល​ពីរ ឬ បីថ្ងៃ​ជាប់ៗ​គ្នា អាច​ជួយ​អ្នក​ចងចាំ​ពី​សារៈសំខាន់​នៃ​គោលលទ្ធិ​ទាំងឡាយ​ក្នុង​ខគម្ពីរ​នេះ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 3 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖