ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 31 ៖ ថ្ងៃ​ទី 3 មរ៉ូណៃ 6


មេរៀនទី 31 ៖ ថ្ងៃ​ទី 3

មរ៉ូណៃ 6

សេចក្តីផ្ដើម

មរ៉ូណៃ ​ជិត​នឹង​បញ្ចប់​ការសរសេរ​របស់​លោក​នៅ​លើ​ផ្ទាំង​ទាំងឡាយ ដោយ​ពន្យល់​ពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​មនុស្ស​ម្នាក់ ដើម្បីរៀបចំ​ខ្លួន​សម្រាប់​បុណ្យ​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ ។ បន្ទាប់​មក​លោក​បានចែង​ពី​ការទទួល​ខុសត្រូវ ដែល​សមាជិក​សាសនាចក្រ​មាន ក្នុង​ការថែទាំ​សមាជិក​ផ្សេង​ទៀត ។ មរ៉ូណៃ ​ក៏​បាន​ពន្យល់​ផងដែរ អំពី​គោលបំណង​នៃ​ការប្រជុំ​ទាំងឡាយ​របស់​សាសនាចក្រ និង បាន​សង្កត់​ធ្ងន់ពីតម្រូវ​ការ​ ដើម្បី​ឲ្យ​ការប្រជុំ​ក្នុងសាសនាចក្រ​ ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មរ៉ូណៃ 6:1–3

មរ៉ូណៃ​ ដាក់​ចេញ​នូវ​​តម្រូវការ​សម្រាប់ពិធី​បុណ្យ​ជ្រមុជ​ទឹក

រូបភាព
ក្មេងប្រុស​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក

សូម​ស្រម៉ៃ​ថា អ្នក​មាន​ប្អូន​អាយុ​ប្រាំពីរ​ឆ្នាំ ដែល​នឹង​ឈាន​ចូល​ដល់​អាយុ​ប្រាំបី​ឆ្នាំ នៅក្នុងរយៈពេល​​ពីរបី​ខែ​ទៀត ។ ឪពុក​ម្ដាយ​អ្នក ​បាន​សុំ​អ្នក​ឲ្យ​បង្រៀន​មេរៀន​រាត្រីជួបជុំ​​ក្រុមគ្រួសារ​មួយ ស្ដី​ពី​របៀប​ដើម្បី​រៀបចំខ្លួន​​សម្រាប់ពិធី​​បុណ្យ​ជ្រមុជ​ទឹក ។

  1. បើ​អ្នក​ត្រូវ​បង្រៀន​មេរៀន​នោះ​ឥឡូវ​នេះ តើ​អ្នក​នឹង​បង្រៀន​អ្វី ដើម្បី​ជួយ​ប្អូន​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ? សូម​សរសេរ​គំនិត​របស់​អ្នក ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

បន្ទាប់ពី​បញ្ចូល​ការអធិស្ឋានពិធី​សាក្រាម៉ង់​​ទៅក្នុង​កំណត់ត្រា​របស់​លោក​ហើយ ( សូម​មើល មរ៉ូណៃ 4–5 ) មរ៉ូណៃ​បាន​បន្ថែម​ការណែនាំ​ទាក់ទង​នឹង​ពិធី​បរិសុទ្ធ​នៃពិធី​បុណ្យ​ជ្រមុជ​ទឹក ។ សូម​ស្រាវជ្រាវ មរ៉ូណៃ 6:1–3 រកមើលនូវតម្រូវការ​​ទាំងឡាយ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវតម្រូវការ​​ទាំងឡាយ ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា ដែល​ពួក​អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​នាំ « មក​នូវ​លទ្ធផល​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​សម​នឹង​ទទួល » ? ( មរ៉ូណៃ 6:1 ) ។

សូម​គិត​ពិចារណាអំពី​អត្ថន័យនៃ​ពាក្យ​ « ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប » មានន័យយ៉ាង​ណា ( មរ៉ូណៃ 6:2 ) មុនពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ដូច​ដែល​មាន​កត់ត្រា​នៅក្នុង មរ៉ូណៃ 6:1–3 មរ៉ូណៃ​បាន​ពន្យល់​ថា តាមរយៈ​បុណ្យ​ជ្រមុជ​ទឹក យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា​ យើង​នឹង​យក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង បម្រើ​ទ្រង់​ដល់​ទីបញ្ចប់ ។ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ ដើម្បី​រក្សា និង ពង្រឹង​ការប្ដេជ្ញា​ចិត្ត​របស់​អ្នក ​ក្នុង​ការបម្រើ​ព្រះយេស៊ូវគ្រីស្ទ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​អំពី​របៀប​មួយ​ចំនួន ដែល​អ្នក​បាន​ព្យាយាមធ្វើ​ ចាប់​តាំង​ពីពេល​នៃ​ពិធី​​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នកមក ដើម្បី​រក្សា និង ពង្រឹង​ការប្ដេជ្ញា​ចិត្ត​របស់​អ្នក​ក្នុង​ការបម្រើ​ព្រះយេស៊ូវគ្រីស្ទ ។

មរ៉ូណៃ 6:4

មរ៉ូណៃ​ ពន្យល់​អំពី​របៀប​ដើម្បី​ថែទាំ និង បីបាច់​ដល់​សមាជិក​សាសនាចក្រខាង​វិញ្ញាណ​

បន្ទាប់ពី​ពន្យល់​ពី​តម្រូវការ ដែល​បុគ្គល​ទាំងឡាយ​គប្បី​ធ្វើ ​មុនពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​មរ៉ូណៃ​បាន​ពន្យល់​ពី​របៀប​ដែល​ពួកអ្នក​ដែល​ទើប​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹកថ្មីៗ ​បន្តនៅ​​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ សូម​អាន មរ៉ូណៃ 6:4 ហើយ​រកមើល​អ្វី​ដែល​ត្រូវបាន​ធ្វើ​ឡើង ដើម្បី​ជួយ​ដល់​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ឲ្យ​បន្តនៅ​​ស្មោះត្រង់ ។

ចូរសង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន​ចេញមក​ពី មរ៉ូណៃ 6:4 អំពី​ការទទួល​ខុស​ត្រូវ​របស់​អ្នក ចំពោះ​សមាជិក​សាសនាចក្រ​ផ្សេងទៀត ។

តើ​ពរជ័យ​អ្វី​ខ្លះ ដែល មរ៉ូណៃ 6:4 បង្ហាញ​ថា​នឹង​កើត​មាន ដែល​​កើត​ចេញ​មក​ពី​ការ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​នៃ​ព្រះ ?

សេចក្ដី​ពិត​ដ៏​សំខាន់​មួយ ​ដែល​​បានបង្រៀន​នៅក្នុង មរ៉ូណៃ 6:4 គឺ​ថា យើង​មាន​ការទទួល​ខុសត្រូវ​មួយ​ ដើម្បី​ចងចាំ និង បីបាច់​សមាជិក​សាសនាចក្រ​ផ្សេងទៀត​ខាង​វិញ្ញាណ ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់អំ​ពី​សារៈសំខាន់​នៃ​ការចិញ្ចឹម​បីបាច់​គ្នា​ទៅវិញ​ទៅមក ដោយ​ព្រះបន្ទូល​នៃ​ព្រះ​ថា ៖ « មនុស្ស​ភាគច្រើន​បំផុត ​ពុំ​មក​ព្រះវិហារ ដោយ​គ្រាន់តែ​រក​ការពិត​នៃ​ដំណឹងល្អ​ថ្មីៗ​មួយ​ចំនួន ឬ ដើម្បី​មក​ជួប​មិត្ត​ចាស់​នោះទេ តែទោះ​ជា​យ៉ាងណា​ការណ៍​ទាំងអស់​នេះ​សំខាន់ ។ ពួកគេ​មករក​បទពិសោធន៍​ខាង​វិញ្ញាណ ។ ពួកគេ​ចង់​បាន​សេចក្ដី​សុខសាន្ត ។ ពួកគេ​ចង់​ឲ្យ​សេចក្ដី​ជំនឿ​របស់​គេ​បាន​រឹងប៉ឹង និង ទទួល​បាន​សេចក្ដី​សង្ឃឹមរបស់​ពួកគេ​មកវិញ ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួកគេ​ចង់​បាន​ការបីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ ចង់​បាន​ការពង្រឹង​ដោយ​អំណាច​នៃ​ស្ថានសួគ៌ ។ ពួកយើង​ដែល​ត្រូវបាន​ហៅ​ឲ្យ​និយាយ ឬ បង្រៀន ឬ ដឹកនាំ មាន​កាតព្វកិច្ច​មួយ ​ដើម្បី​ជួយ​ផ្ដល់​នូវ​អ្វី​ទាំងនោះ ឲ្យ​បាន​ល្អ​បំផុត​ តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន » ( “A Teacher Come from God” Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 26 ) ។

តើ​អ្នក​ធ្លាប់​គិត​ដែរ​ឬ​ទេ អំពី​ចំនួន​មនុស្ស​ដ៏​ច្រើន ដែល​បាន​អធិស្ឋាន​សម្រាប់​អ្នក រៀបចំ​មេរៀន​សម្រាប់​អ្នក លើក​ទឹកចិត្ត​អ្នក និង លើក​ទឹកចិត្ត​ដល់​ការ​ចូលរួម​របស់​អ្នក​នៅក្នុង​សាសនាចក្រ ហើយ​បាន​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​ឧបសគ្គ​ទាំងឡាយ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​មនុស្ស​ពីរ ឬ បី​នាក់ ដែល​បាន​ចងចាំ​អ្នក​ ក្នុង​របៀប​ដ៏​មាន​អត្ថន័យ​មួយ ឬ បាន​បីបាច់​អ្នក​ខាង​វិញ្ញាណ ។

ក្នុង​ពេល​ឆាប់ៗ​នេះ សូម​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ​ម្នាក់ ឬ មិត្ត​ម្នាក់ អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ ដោយសារ​តែ​មាន​មនុស្ស​ម្នាក់​ចងចាំពី​អ្នក ឬ បាន​បីបាច់​អ្នក​ដោយ​ព្រះបន្ទូល​នៃ​ព្រះ ។

ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទី​មួយ បាន​ប្រាប់​ពី​រឿង​របស់​ឌីកុន​ម្នាក់​នៅក្នុង​វួដ​លោក ដែល​បាន​យល់​ពី​សេចក្ដី​ត្រូវការ​ក្នុង​ការបំពេញ​ការទទួល​ខុស​ត្រូវ​របស់​គាត់ ចំពោះ​សមាជិក​ផ្សេងទៀត​ក្នុង​កូរ៉ុម​របស់​គាត់ ៖

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

« សមាជិក​កូរ៉ុម​ម្នាក់​របស់​គាត់ រស់នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ។ ក្មេងប្រុស​​ជិតខាង​នោះ មិន​ដែល​បាន​ចូលរួម​នៅក្នុង​ការប្រជុំ​កូរ៉ុម ហើយ​ក៏​មិន​បាន​ធ្វើ​អ្វី​ជាមួយ​នឹង​សមាជិក​កូរ៉ុម​របស់​គាត់​នោះ​ដែរ ។ ឪពុក​ចុង​របស់​គាត់ ​ពុំ​មែន​ជា​សមាជិកទេ ហើយ​ម្ដាយ​របស់​គាត់ ​ពុំ​បាន​ទៅ​ព្រះវិហារ​ទេ ។

« គណៈប្រធាន​នៃ​កូរ៉ុម​ឌីកុន​របស់គាត់ ​បាន​ប្រជុំ​ក្រុម​ប្រឹក្សា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ។ … នៅក្នុង​ការប្រជុំ​គណៈប្រធាន​របស់​ពួកគេ ពួក​អ្នក​គង្វាល​អាយុ 13 ឆ្នាំ ទាំងនោះ បាន​ចងចាំ​ដល់​ក្មេង​ប្រុស ដែល​មិន​ដែល​បាន​មក​នោះ ។ ពួកគេ​បាន​និយាយ​ថា គាត់​ត្រូវការ​អ្វី​ដែល​ពួកគេ​បាន​ទទួល​ខ្លាំង​ប៉ុណ្ណា ។ ប្រធាន​បាន​ចាត់តាំង​ទីប្រឹក្សា​របស់​គាត់ ឲ្យ​ទៅតាម​ចៀម​ដែល​វង្វេង​បាត់​នោះ ។

« ខ្ញុំ​ស្គាល់​ទីប្រឹក្សា​នោះ ហើយ​ខ្ញុំ​ដឹង​ថា គាត់​​ជា​មនុស្សខ្មាស់​អៀន ហើយ​ខ្ញុំ​ដឹង​ពី​ការលំបាក​នៃ​ការចាត់តាំង​នោះ ដូច្នេះ​ខ្ញុំ​បាន​ចាំមើល​ទាំង​ឆ្ងល់ តាម​បង្អួច​មុខ​របស់​ខ្ញុំ ពេល​ដែល​ទីប្រឹក្សា​នោះ បាន​​ដើរ​យឺតៗ​កាត់តាម​​ផ្ទះ​របស់​ខ្ញុំ ទៅកាន់​ផ្ទះ​របស់​ក្មេង​ប្រុស ​ដែល​មិន​ដែល​មក​ព្រះវិហារ​នោះ ។ អ្នក​គង្វាល​នោះ​ ដាក់​ដៃ​ក្នុង​ហោប៉ៅ​របស់គាត់ ។ ភ្នែកគាត់​​សម្លឹង​ចុះ​ទៅក្រោម ។ គាត់​​ដើរ​យឺតៗ ដូច​​ដែល​អ្នក​នឹង​ដើរ ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ថា អ្នក​ចង់​ទៅ​ណានោះ ។ ប្រហែលជា 20 នាទីមក គាត់​បាន​ដើរមក​វិញតាម​ផ្លូវនោះ ដោយ​មាន​ទាំង​ឌីកុន​ដែលបាន​វង្វេងបាត់​​នោះ​ ដើរមក​ជាមួយ​គាត់​​ផងដែរ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​ដដែលៗ​អស់​ពីរបី​អាទិត្យក្រោយមក​ទៀត ។ ក្រោយមក​ក្មេងប្រុស​ដែល​បាន​វង្វេង​បាត់នោះ ​ត្រូវបាន​ផ្លាស់​ផ្ទះ​ទៅ​ឆ្ងាយ ។

« … ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ចូលរួម​ក្នុង​សន្និសីទ​ស្ដេក​មួយ ដែល​នៅ​ឆ្ងាយ​ពី​បន្ទប់​ដែល​គណៈប្រធាន​​បាន​ជួប​ប្រជុំក្នុង​​ក្រុមប្រឹក្សា ។ នោះ​មាន​បុរស​សក់​ស្កូវ​ម្នាក់ បាន​ដើរ​មកកាន់​ខ្ញុំ ហើយ​បាន​និយាយ​ដោយ​ស្រទន់​ថា ‹ ចៅប្រុស​របស់​ខ្ញុំ​បាន​រស់នៅ​ក្នុង​វួដ​របស់​លោក ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ › ។ គាត់​បាន​ប្រាប់​ខ្ញុំ​ពី​ជីវិត​របស់​ក្មេងប្រុស​នោះ​ដោយ​ភាពទន់ភ្លន់ ។ បន្ទាប់មក គាត់​បាន​សួរ ប្រសិនបើ​ខ្ញុំ​អាច​ស្វែងរក​ឌីកុន​ម្នាក់ ដែល​បាន​ដើរ​យ៉ាង​យឺតៗ​នៅតាម​​ផ្លូវ​នោះ ។ ហើយ​គាត់​បាន​សួរ​ បើ​ខ្ញុំ​អាច​ថ្លែង​អរគុណ​ដល់​ក្មេង​នោះ ហើយ​ប្រាប់​គាត់​ថា ចៅប្រុស​របស់​គាត់ ​ឥឡូវ​នេះ​បាន​ធំ ​ជា​បុរស​មួយ​រូបហើយ ដែល​គាត់​នៅតែ​ចងចាំ » ( “Watch with Me” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 38–39 ) ។

សូម​ពិចារណាអំ​​ពី​បុគ្គល​ជាក់លាក់​ទាំងឡាយ ដែល​ព្រះអម្ចាស់​អាច​នឹង​ចង់​ឲ្យ​អ្នក « ចងចាំ » ឬ « ចិញ្ចឹម​បីបាច់ » ។ សូម​ដាក់​ផែនការ​មួយ ដែល​អ្នក​អាច​ជួយ​បីបាច់​ខាង​វិញ្ញាណ​​ពួកគេ ។ សូម​សរសេរ​ឈ្មោះ​ពួកគេ​នៅលើ​ក្រដាស​មួយ ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ចងចាំ​ពួកគេ ។

មរ៉ូណៃ 6:5–9

មរ៉ូណៃ​ ពិពណ៌នា​អំពី​គោលបំណង​នៃ​ការប្រជុំ​ក្នុង​សាសនាចក្រ និង របៀប​ដឹកនាំ​ការប្រជុំ​ទាំងនោះ

សូម​ស្រម៉ៃ​ថា អ្នក​ជា​ឪពុក ឬ ម្ដាយ​​របស់​យុវវ័យ​មួយ​រូប ដែល​កាល​ពី​ប៉ុន្មានមុន​​នេះ គាត់​បាន​និយាយ​ថា គាត់​ពុំ​ចង់​ទៅ​ព្រះវិហារ​ទេ ដោយសារ​វា​ដូច​ជា​គ្មាន​ន័យ ហើយ​គួរ​ឲ្យ​ធុញទ្រាន់ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ ដើម្បី​ជួយ​លើក​ទឹកចិត្ត​កូន​អ្នក​ឲ្យ​ទៅ​ព្រះវិហារ ហើយ​យល់​ពី​មូលហេតុ​ត្រឹមត្រូវ​ក្នុង​ការចូលរួម​ព្រះវិហារ​ជា​ទៀងទាត់ ។

នៅក្នុង​បញ្ជី​របស់​លោក មរ៉ូណៃ ​ត្រូវបាន​បំផុស​ឲ្យ​ពិពណ៌នា​អំ​ពី​មូលហេតុ​ដែល​សមាជិក​សាសនាចក្រ​ជួប​គ្នា​នៅក្នុង​ជំនាន់​របស់​លោក ។ សូម​សិក្សា មរ៉ូណៃ 6:5–6 ហើយ​រកមើល​របៀប​ដែល​អ្នក​អាច​បំពេញបញ្ចប់​​សេចក្ដី​ថ្លែង​តទៅ​នេះ ៖ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​ជួប​គ្នា​ជា​ញឹកញាប់ ដើម្បី  ។

អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយនូវ​ផ្នែក​មួយ​នៃ​សំបុត្រ​មកពី​មិត្ត​ម្នាក់ ដែល​បាន​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​អាកប្បកិរិយា ក្នុងការ​ចូលរួម​ក្នុង​ព្រះវិហារ ៖

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« មិត្តភក្ដិ​ដ៏​ឆ្លាតវៃ​ម្នាក់​បាន​សរសេរ​ថា ៖

« ‹ ជាច្រើន​ឆ្នាំ​កន្លង​មក ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​ខ្ញុំ​ក្នុង​ការទៅ​ព្រះវិហារ ។ ខ្ញុំ​មិនបាន​ទៅ​ព្រះវិហារ​សម្រាប់​ខ្លួន​ខ្ញុំ​ទៀតទេ ប៉ុន្តែ​ដើម្បី​គិត​ពី​អ្នក​ផ្សេង​វិញ ។ ខ្ញុំ​បាន​កំណត់​ថា​ ខ្ញុំ​នឹង​និយាយ​សួស្ដី​ទៅកាន់​មនុស្ស​ដែល​អង្គុយតែ​​ម្នាក់​ឯង ស្វាគមន៍​អ្នក​មកលេង​​ព្រះវិហារ … ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​​មួយ ។ …

« ‹ និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​ទៅ​ព្រះវិហារ​រាល់​សប្ដាហ៍​ដោយមាន​​គោលបំណង​ចង់​មានភាព​សកម្ម មិនមែន​អកម្ម​ទេ ហើយ​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​មួយ​នៅក្នុង​ជីវិត​របស់​មនុស្ស ។ ជា​លទ្ធផល ការចូលរួម​ក្នុង​ការប្រជុំ​ព្រះវិហារ​របស់​ខ្ញុំ គឺ​កាន់តែ​មាន​ភាពរីករាយ និង ពេញលេញ › ។

« ការណ៍​ទាំងអស់​នេះ បង្ហាញ​ពី​គោលការណ៍​ដ៏​អស់កល្ប​មួយ​ថា យើង​កាន់តែ​មាន​ភាពរីករាយ និង កាន់តែ​ពេញលេញ ពេល​យើង​ប្រព្រឹត្ត និង បម្រើ សម្រាប់​អ្វី​ដែល​យើង​ផ្ដល់​ឲ្យ ពុំមែន​​អ្វី​ដែល​យើង​ទទួលនោះ​ទេ » ( “Unselfish Service” Ensign លីអាហូណា ខែ ឧសភា ឆ្នាំ 2009 ទំព័រ 96 ) ។

អ្នក​អាច​បំពេញ​សេចក្ដី​ថ្លែង​ខាងលើ ជាមួយ​នឹង​គំនិត​មួយ​ចំនួន​ដូច​តទៅ​នេះ ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​ជួប​គ្នា​ជា​ញឹកញាប់ ដើម្បី ៖

  • តម​អាហារ និង អធិស្ឋាន ។

  • ពង្រឹង​ខាង​វិញ្ញាណ​ដល់​គ្នា​ទៅវិញ​ទៅមក ។

  • ទទួលទាន​សាក្រាម៉ង់​នៅក្នុង​ការចងចាំ​ដល់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​សញ្ជឹង​គិត​ពី​បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក​មាន ដែលបាន​​បង្រៀន​អ្នកអំ​ពី​សារៈសំខាន់​នៃ​ការអធិស្ឋាន និង ការតម​អាហារ​រួមគ្នា​ជាមួយ​សមាជិក​ក្នុង​វួដ ឬ សាខា​របស់​អ្នក ។

រូបភាព
ក្រុម​គ្រួសារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់
  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​នឹង​ទទួល​បទពិសោធន៍​ផ្លាស់​ប្ដូរ​យ៉ាងណា​នៅ​ព្រះវិហារ ប្រសិនបើ​អ្នក​ចូលរួម​ដោយ​មាន​បំណង​ប្រាថ្នា​ដើម្បី​ពង្រឹង​ខាង​វិញ្ញាណ​ដល់​អ្នក​ផ្សេង​ទៀត ?

    2. ហេតុអ្វី​បាន​ជា​​មាន​តម្លៃ​ក្នុង​ការទទួលទាន​សាក្រាម៉ង់​ជា​ញឹកញាប់ ដើម្បី​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។

    3. តើ​ការទៅ​ព្រះវិហារ​ ដើម្បី​គោលបំណង​ដូច​ដែល​មាន​រាយ​នៅ​ខាង​លើ ​ជួយ « រក្សា [ អ្នក ] ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ » ដោយ​របៀប​ណា ? ( មរ៉ូណៃ 6:4 ) ។

សូម​អាន មរ៉ូណៃ 6:7–8 ហើយ​រកមើល​អ្វី​ដែល​សមាជិក​សាសនាចក្រ​នៅក្នុង​ជំនាន់​មរ៉ូណៃ « គោរព​យ៉ាង​តឹងរឹង » ឬ និយាយ​ម្យ៉ាង​ទៀតថា ជា​អ្វី​ដែល​ពួកគេ​យកចិត្ត​ទុកដាក់ជា​ពិសេស​នោះ ។ តើ​អ្នក​គិត​ថា ហេតុអ្វីបាន​ជា​​វា​សំខាន់ ​ដែល​យើង​បង្រៀន និង លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ​ឲ្យ​ចៀសវាងពី​អំពើបាប​ និង ប្រែចិត្ត​ពី​អំពី​បាប ?

មរ៉ូណៃ​ បាន​ថ្លែង​ទីបន្ទាល់​ថា ដរាប​ណា​យើង​ប្រែចិត្ត និង ស្វែងរក​ការអត់ទោស​ដោយ​បំណង​ដ៏​ពិតញឹកញាប់​ប៉ុណ្ណា​ នោះ​យើង​នឹង​ត្រូវបាន​អត់ទោស​ប៉ុណ្ណោះ​ដែរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​សេចក្ដី​ពិត​នេះ​នៅក្នុង មរ៉ូណៃ 6:8 ។

មរ៉ូណៃ​ បាន​បញ្ចប់​ជំពូក​នេះ ដោយ​បង្រៀន​ពី​របៀប​ដឹកនាំ​ការប្រជុំនានា​ក្នុង​​សាសនាចក្រ ។ សូម​អាន មរ៉ូណៃ 6:9 ហើយ​រកមើលថា តើ​​នរណា​ដែល​គួរ​ដឹកនាំ​ការប្រជុំ​របស់​យើង​នៅក្នុង​សាសនាចក្រ ។ ចូរ​គិត​អំពី​ពេល​មួយ ដែល​អ្នក​បាន​ស្គាល់នូវ​​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ពិសេស ក្នុង​អំឡុង​ការប្រជុំ​សាសនាចក្រ​មួយ ។

តើ​គោលការណ៍​ដែល​ថា ការប្រជុំ​សាសនាចក្រ ​ត្រូវ​ដឹកនាំ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​អនុវត្ត​ចំពោះ​អ្នក​បាន​ដោយ​របៀប​ណា ? បើ​អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​ឡើង​និយាយ ឬ បង្រៀន​មេរៀន​មួយ​អំឡុង​ពេល​ការប្រជុំ​សាសនាចក្រមួយ តើ​អ្នក​អាច​ជួយ​ប្រាកដ​ថា អ្វី​ដែល​អ្នក​និយាយ ​គឺ​ចូលរួម​ចំណែក​ដល់​ការដឹកនាំ និង ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អំឡុង​ការប្រជុំ​នោះ​ដោយ​របៀប​ណា ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ផែនការ​មួយអំ​​ពី​របៀប​ដែល​អ្នក​នឹង​ទៅ​កាន់​ការប្រជុំ​សាសនាចក្រ​របស់​អ្នក នៅ​ថ្ងៃ​អាទិត្យ​នេះ ។ អ្នក​អាច​នឹង​ចង់​បញ្ចូល​របៀប​នានា ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ចូល​មក​ក្នុង​ការថ្វាយ​បង្គំរបស់​អ្នក និង របៀប​ដែល​អ្នក​អាច​ចងចាំ និង ចិញ្ចឹម​បីបាច់​ដល់​អ្នក​ផ្សេងទៀត តាមរយៈ​ការចូលរួម​របស់​អ្នក ។

  2. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 6 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖