ថ្នាក់​សិក្ខាសាលា
មេរៀនទី 24 ៖ ថ្ងៃទី 3 នីហ្វៃទី3 6–10


មេរៀនទី 24 ៖ ថ្ងៃទី 3

នីហ្វៃទី3 6–10

សេចក្តីផ្ដើម

ក្រោយពី​ការរំដោះ​ដែល​ប្រកប​ដោយ​អព្ភូតហេតុ​របស់​ពួកគេ ចេញពី​ពួក​ចោរ​កាឌីអានតុន ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន បាន​រីករាយ​នឹង​សេចក្ដី​សុខសាន្ត​អស់​រយៈពេល​បី​ឆ្នាំ ។ បន្ទាប់មក ភាពឆ្មើងឆ្មៃ ការបែងចែក​វណ្ណៈ និង ការធ្វើទុក្ខ​បុកម្នេញ បាន​កើតឡើង ហើយ​បាននាំ​ទៅកាន់​ភាពទុច្ចរិត​យ៉ាង​ធំ និង នៅ​ទីបំផុត​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​សាសន៍​នីហ្វៃ ។ ទីសម្គាល់​ទាំងឡាយ​អំពី​ការសុគត​របស់​ព្រះយេស៊ូគ្រីស្ទ​នៅ​យេរ៉ូសាឡិម រួមមាន​ទាំង​ការបំផ្លិច​បំផ្លាញ​ដ៏​ធំ ដែល​បាន​បំផ្លាញ​ទីក្រុង​សាសន៍​នីហ្វៃ​ជាច្រើន ដែល​សម្លាប់​ពួក​បណ្ដាជន​ដែល​ទុច្ចរិត ។ ភាពងងឹត​បាន​គ្រប​ដណ្ដប់​ដែនដី​អស់​បី​ថ្ងៃ ។ នៅក្នុង​ភាពងងឹត​នោះ សំឡេង​នៃ​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​មនុស្ស​ឲ្យ​វិលត្រឡប់​មក​ទ្រង់​វិញ ។ នៅពេល​ដែល​ភាពងងឹត​បាន​រសាត់​ទៅ នោះ​ការទួញសោក​របស់​ប្រជាជាន​បាន​ប្រែ​ទៅជា​សេចក្ដី​អំណរ និង ការសរសើរ​តម្កើង​ដល់​ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃទី3 6–7

ពួក​សាសន៍​នីហ្វៃ​ក្លាយជា​មាន​អំនួត សាសនាចក្រ​ត្រូវ​បែកខ្ញែក បក្សព័ន្ធ​សម្ងាត់​បំផ្លាញ​រដ្ឋាភិបាល ហើយ​ប្រជាជន​បំបែក​ទៅជា​ពូជ​អំបូរ​នានា

សូម​គិត​ពី​ពេលមួយ ពេលដែល​អ្នក​ត្រូវតែ​ធ្វើ​ការសម្រេច​ចិត្ត​មួយ ថាតើ​អ្នក​នឹង​ធ្វើតាម​ព្យាការី ឬ អត់ ។ ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 6–7 ពួក​សាសន៍​នីហ្វៃ​មួយ​ចំនួន​បានជួប​នូវ​លទ្ធផល​ដ៏​ខ្លោចផ្សា​ពី​ការបដិសេធ​ពួក​ព្យាការី ខណៈដែល​អ្នក​ផ្សេងទៀត​បាន​ទទួល​បទពិសោធន៍​នៃ​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ពី​ការប្រែចិត្ត និង ស្ដាប់​ដល់​ពួក​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់ ។

ពេល​អ្នក​អាន​នៅក្នុង នីហ្វៃទី3 5 ពួក​សាសន៍​នីហ្វៃ​បាន​ប្រែចិត្ត ហើយ​បាន​បម្រើ​ព្រះ​ដោយ​ឧស្សាហ៍ និង ត្រូវបាន​រំដោះ​ដោយ​ទេវភាព​ចេញពី​ពួក​ចោរ​កាឌីអានតុន ។ បន្ទាប់មក ពួក​សាសន៍​នីហ្វៃ​បាន​ចម្រុង​ចម្រើន​មួយ​រយៈ​ខ្លី ។ ទោះជា​យ៉ាងណា ភាពឆ្មើងឆ្មៃ​បាន​ចូល​មក​ក្នុង​ចិត្ត​របស់​មនុស្ស​ជាច្រើន​យ៉ាង​ឆាប់​រហ័ស ដែល​បណ្ដាល​ឲ្យ​មាន​ការបែកខ្ញែក​នៅក្នុង​សាសនាចក្រ ។ ពួក​ព្យាការី​ត្រូវបាន​បញ្ជូន​ទៅ​ប្រកាស​ទាស់​នឹង​ភាពទុច្ចរិត​របស់​ប្រជាជន ប៉ុន្តែ​ពួក​ចៅក្រម​បាន​ចាប់​ពួកលោក ហើយ​បាន​សម្លាប់​ពួកលោក​ដោយ​សម្ងាត់ ( សូមមើល នីហ្វៃទី3 6:4–23 ) ។ នៅក្នុង​ប្រហែលជា​ប្រាំមួយ​ឆ្នាំ ប្រជាជន​បាន​ព្រម​ប្រគល់ « ខ្លួន​នៅក្រោម​អំណាច​របស់​អារក្ស​សាតាំង » ( នីហ្វៃទី3 7:5 ) ហើយ​បាន​ក្លាយជា​ទុច្ចរិត​យ៉ាងខ្លាំង ដែល​ពួកគេ​បាន​ទាស់​នឹង​សេចក្ដី​សុចរិត​ទាំងអស់ ។ ពួក​បក្សព័ន្ធ​សម្ងាត់​បាន​បំផ្លាញ​រដ្ឋាភិបាល​នៃ​ដែនដី ហើយ​បានធ្វើ​ឲ្យ​ប្រជាជន​បែងចែក​ជា​ពូជអំបូរ​ទាំងឡាយ ។

ថ្វីបើ​ប្រជាជន​មាន​ភាពទុច្ចរិត​ក៏​ដោយ ក៏​នីហ្វៃ​បាន​បន្ត​ធ្វើ​ទីបន្ទាល់​ទាស់​នឹង​អំពី​បាប​របស់​ពួកគេ ហើយ​ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត ( សូមមើល នីហ្វៃទី3 7:15–20 ) ។ សូមអាន នីហ្វៃទី3 7:21–22 ហើយ​គូស​ចំណាំ​ឧទាហរណ៍​មួយ​ចំនួន​ពី​របៀប​ដែល​ប្រជាជន​ត្រូវបាន​ប្រទានពរ​ដោយ​ព្រោះ​ការធ្វើ​តាម​នីហ្វៃ ។ ចេញពី​ខ​ទាំងនេះ យើង​រៀន​ថា បើ​យើង​នឹង​ប្រែចិត្ត ហើយ​ធ្វើតាម​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​រីករាយ​ជាមួយ​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ពេលមួយ​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ឬ អ្នក​ដឹកនាំ​បព្វជិតភាព​ផ្សេងៗ​ទៀត ។ តើ​អ្នក​បាន​ទទួល​ពរ​ដោយព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ដែរ ?

នីហ្វៃទី3 8:1–18

ការបំផ្លិច​បំផ្លាញ​ដ៏​ធំ បំពេញ​នូវ​ទីសម្គាល់​អំពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ស្រមៃ​ពី​ថ្ងៃ​ដែល​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​មកដល់ ។ តើ​អ្នក​គិត​ថា អ្នក​អាច​នឹង​មាន​អារម្មណ៍​បែបណា​នៅពេល​ថ្ងៃ​នោះ​មកដល់ ? នៅក្នុង​របៀប​ស្រដៀង​គ្នា​នេះ ពួក​សាសន៍​នីហ្វៃ​បាន​រង់ចាំ​យ៉ាងយូរ​ដល់​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សាំយូអែល​ជា​សាសន៍​លេមិន បាន​ព្យាករ​ពី​ទីសម្គាល់​ទាំងឡាយ​ដែល​នឹង​កើតឡើង​នៅ​ពេល​នៃ​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន 14:20–27 ) ។ សូមអាន នីហ្វៃទី3 8:3–4 ហើយ​កត់ចំណាំ​ពី​ភាពខុសគ្នា​ទាំងឡាយ នៅក្នុង​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​មាន​អារម្មណ៍​ពី​ទីសម្គាល់​ទាំងឡាយ ។

សូមអាន នីហ្វៃទី3 8:5–7 ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​ទី 34 ចាប់តាំង​ពី​ថ្ងៃ​នៃ​ទីសម្គាល់​ពី​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូមមើល នីហ្វៃទី3 8:8–18 ត្រួសៗ រកមើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​បណ្ដាជន​នៃ​ទីក្រុង​ទាំងឡាយ​ដែល​ត្រូវបាន​រង​គ្រោះ​ដោយ​ព្យុះ រួមទាំង​ការរញ្ជួយ​ដី ។ សូមអាន នីហ្វៃទី3 10:11–12 ហើយ​គូសចំណាំ​ថា​នរណា​ដែល​អាច​រស់រាន​មាន​ជីវិត​ពី​ការបំផ្លិច​បំផ្លាញ​នេះ ។ សូម្បី​តែ​ពួក​អ្នក​រស់រាន​មាន​ជីវិត​គឺជា « ផ្នែក​មនុស្ស​ដែល​សុចរិត​ច្រើន » នៃ​ពួក​សាសន៍​នីហ្វៃ​ក្ដី ក៏​ពួកគេ​នៅតែ​ត្រូវ​ប្រែចិត្ត ហើយ​មករក​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។

  1. សូម​ប្រើ​មួយ​ទំព័រ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​បង្កើត​ជា​អត្ថបទ​កាសែត​មួយ ដែល​រាយការណ៍​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​នៅក្នុង នីហ្វៃទី3 8:5–18 ។ សូម​បញ្ចូល​នូវ​ចំណងជើង​ធំ គូរ​វាស​រូបភាព​មួយ ហើយ​បន្ទាប់មក​សរសេរ​របាយការណ៍​ពី​ការបំផ្លិច​បំផ្លាញ ។

នីហ្វៃទី3 8:19–25

ភាពងងឹត​គ្របដណ្ដប់​ដែនដី​អស់​បី​ថ្ងៃ

សូម​គិត​ពី​ពេល​មួយ​ដែល​អ្នក​នៅក្នុង​កន្លែង​មួយ​ដែល​ងងឹត​ទាំងស្រុង ដូចជា​ក្នុង​រូង​មួយ ឬ បន្ទប់​មួយ​ដែល​គ្មាន​បង្អួច ពេលដែល​នរណា​ម្នាក់​បិទ​ភ្លើង ( ឬ សូម​ស្រមៃ​ថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា ) ។ តើ​វា​មាន​អារម្មណ៍​យ៉ាងណា​ដែល​នៅក្នុង​ទីងងឹត ហើយ​មិន​អាច​ឃើញ​អ្វី​សោះ ? សូមអាន នីហ្វៃទី3 8:19–23 ហើយ​រកមើល​អ្វី​បាន​កើតឡើង បន្ទាប់ពី​ខ្យល់​ព្យុះ និង ការបំផ្លិច​បំផ្លាញ​បាន​ឈប់​ទៅ ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ណា ដែល​ចង្អុល​បង្ហាញ​ថាតើ​ភាពងងឹត​នោះ​ខ្លាំង​ប៉ុណ្ណា ) ។

សូមអាន នីហ្វៃទី3 8:24–25 រកមើល​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​និយាយ ថា​បាន​ការពារ​ប្រជាជន​គេ​ជា​ច្រើន​ពី​សេចក្ដី​ស្លាប់ និង ការបំផ្លិច​បំផ្លាញ​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​លទ្ធផល​នៃ​អំពើ​បាប ដូច​គ្នា​ទៅ​នឹង​ការនៅ​ក្នុង​ភាពងងឹត​យ៉ាង​ដូច​ម្ដេច​ដែរ ?

    2. តើ​ការប្រែចិត្ត​ដូច​គ្នា​ទៅ​នឹង​ការអនុញ្ញាត​ឲ្យ​ពន្លឺ​ចូល​ទៅក្នុង​បន្ទប់​ងងឹត​យ៉ាង​ដូច​ម្ដេច​ដែរ ?

នីហ្វៃទី3 9:1–14

នៅក្នុង​ភាពងងឹត សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ពួក​អ្នក​ទាំងឡាយ​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​ការបំផ្លិច​បំផ្លាញ ឲ្យ​ប្រែចិត្ត ហើយ​មករក​ទ្រង់

អំឡុង​ពេល​បី​ថ្ងៃ​នៃ​ភាពងងឹត សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅកាន់​ពួក​អ្នក​នៅរស់ ។ សូមអាន នីហ្វៃទី3 9:1–2, 7 ហើយ​រកមើល ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា មូលហេតុ​អ្វី​ដែល​ការបំផ្លិច​បំផ្លាញ​នេះ​បាន​កើតឡើង​ក្នុង​ចំណោម​ប្រជាជន ។ បន្ទាប់មក សូម​អាន នីហ្វៃទី3 9:13–14 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ដើម្បី​លួងលោម​ប្រជាជន​នៅក្នុង​ការរងទុក្ខ​របស់​គេ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ផ្នែក​នានា​នៅក្នុង​ខ​ទាំងឡាយ​នេះ ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

អែលឌើរ ស៊ី. ស្កត ហ្គ្រូ នៃ​ពួក​ចិតសិប​នាក់ បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មករក​ទ្រង់ ហើយ​បាន​ប្រោស​ឲ្យ​ជា ៖

រូបភាព
អែលឌើរ ស៊ី. ស្កត ហ្គ្រូ

« ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ព្យាបាល​ដ៏​មហិមា​នៃ​ព្រលឹង​យើង ។ លើកលែង​តែ​អំពើ​បាប​ទាំងឡាយ​នៃ​ការវិនាស​ហិនហោច នោះ​គ្មាន​អំពើ​បាប ឬ ការរំលង​ណា ការឈឺ​ចាប់ ឬ ទុក្ខព្រួយ​ណា ដែល​នៅ​ហួស​ពី​អំណាច​នៃ​ការប្រោស​ឲ្យ​ជា​របស់​ដង្វាយធួន​របស់​ទ្រង់​នោះទេ ។

« ពេល​យើង​ធ្វើ​អំពើ​បាប នោះ​សាតាំង​ប្រាប់​យើង​ថា​យើង​ចាញ់​ហើយ ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ប្រោសលោះ​របស់​យើង​ប្រទាន​នូវ​ការប្រោសលោះ​ដល់​មនុស្ស​ទាំងអស់—មិន​ថា​យើង​បាន​ធ្វើ​កំហុស​អ្វី​នោះទេ—សូម្បី​តែ​ដល់​អ្នក និង ដល់​ខ្ញុំ » ( “The Miracle of the Atonement” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 109 ) ។

ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី3 9:13 ឲ្យ​មករក​ទ្រង់ ហើយ​ទទួល​នូវ​អំណាច​នៃ​ការព្យាបាល​របស់​ទ្រង់ គឺ​អនុវត្ត​បាន​ចំពោះ​យើង​គ្រប់​គ្នា ។ ដើម្បី​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ព្យាបាល​យើង នោះ​យើង​ត្រូវតែ​ទទួល​ការអញ្ជើញ​របស់​ទ្រង់ ហើយ​មករក​ទ្រង់ ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង និង ប្រែចិត្ត​ជឿ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​ចំណុច​មួយ​នៃ​ជីវិត​របស់​អ្នក ដែល​អាច​ទទួល​ផល​ពី​អំណាច​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី ដើម្បី​អញ្ជើញ​ទ្រង់​ឲ្យ​ព្យាបាល​ដល់​អ្នក ?

នីហ្វៃទី3 9:15–22

សំឡេង​នៃ​ព្រះអង្គ​សង្គ្រោះ​ប្រកាស​ថា តាមរយៈ​ការបូជា​របស់​ទ្រង់ នោះ​ក្រិត្យវិន័យ​លោក​ម៉ូសេ​ត្រូវបាន​បំពេញ

ជា​ផ្នែក​នៃ​ក្រិត្យវិន័យ​លោក​ម៉ូសេ ដែល​ពួក​សាសន៍​នីហ្វៃ​បាន​រស់នៅ​តាម​រហូត​ដល់​ត្រឹម​នេះ គឺ​ព្រះអម្ចាស់​បាន​បញ្ជា​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ថ្វាយ​ជា​ដង្វាយ​ដុត ជា​គំរូ ហើយ​ជា​ស្រមោល​អំពី​ការបូជា​ចុង​ក្រោយ​បំផុត ដែល​ទ្រង់​នឹង​ធ្វើ​នៅ​ទីបំផុត តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ សូម​ប្រើប្រាស់​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី3 9:17 ដើម្បី​បំពេញ​ប្រយោគ​តទៅនេះ ៖ « ដោយសារ​យើង ទើប​មាន​សេចក្ដី​ប្រោសលោះ​កើតឡើង ហើយ​នៅក្នុង​យើង  » ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា គ្រប់​ពិធី ក្រិត្យវិន័យ ពិធី​សាសនា និង និមិត្តរូប​ទាំងអស់​នៃ​ក្រិត្យវិន័យ​លោក​ម៉ូសេ ដែល​ត្រូវបាន​ប្រទាន ដើម្បី​តម្រង់​ប្រជាជន​ឲ្យ​ទៅរក​ទ្រង់ នោះ​ត្រូវបាន​បំពេញ​ហើយ កាល​ដែល​ទ្រង់​បាន​បំពេញ​ការបូជា​ដ៏​ធួន​របស់​ទ្រង់ ។ សូមអាន នីហ្វៃទី3 9:19 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា ពួក​សាសន៍​នីហ្វៃ​មិន​បាច់​ថ្វាយ​ទៀត​នោះ ។ បន្ទាប់មក សូម​ពិនិត្យ​មើល នីហ្វៃទី3 9:20 ហើយ​គូស​ចំណាំ​អ្វី​ដែល​ពួកគេ​ត្រូវ​ថ្វាយ ទុក​ជា​ការបូជា​មួយ​ជំនួស​វិញ​នោះ ។

តើ​អ្នក​គិត​ថា ថ្វាយ​នូវ​ការបូជា​មួយ​នៃ « ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប » មានន័យ​យ៉ាងណា ? វិញ្ញាណ​ទន់ទាប គឺជា​វិញ្ញាណ​ដែល​រាបទាប ងាយ​ប្រដៅ និង ប្រែចិត្ត ។ ដើម្បី​ឲ្យ​ការយល់​ដឹង​របស់​អ្នក​កាន់តែ​ជ្រាលជ្រៅ អំពី​អត្ថន័យ​នៃ​ការមាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​គូស​ចំណាំ​ពាក្យ​ទាំងឡាយ​ដែល​លោក​បានប្រើ​ដើម្បី​ផ្ដល់​និយមន័យ​ដល់​ពាក្យ « ចិត្ត​សង្រេង » និង « វិញ្ញាណ​ទន់ទាប » ៖

រូបភាព
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន

« នៅក្នុង​សម័យ​បុរាណ ពេលដែល​ប្រជាជន​ចង់​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង ស្វែងរក​ពរជ័យ​របស់​ទ្រង់ នោះ​ជាញឹកញាប់​ពួកគេ​បាននាំ​មក​នូវ​អំណោយ​មួយ ។ … កាលដែល​អ្នក​ស្វែងរក​ពរជ័យ​ទាំងឡាយ​នៃ​ការប្រែចិត្ត​ជឿ នោះ​អ្នក​អាច​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​អំណោយ​នៃ​ចិត្ត​សង្រេង ឬ ប្រែចិត្ត និង វិញ្ញាណ​ទន់ទាប ឬ គោរព​ប្រតិបត្តិ​របស់​អ្នក ។ ភាពពិត វា​គឺជា​អំណោយ​នៃ​ខ្លួន​អ្នក​ផ្ទាល់—អ្វី​អំពី​ខ្លួន​អ្នក និង អ្វី​ដែល​អ្នក​នឹង​ប្រែ​ក្លាយ ។

« តើ​មាន​អ្វី​មួយ​នៅក្នុង​អ្នក ឬ នៅក្នុង​ជីវិត​អ្នក ដែល​មិន​បរិសុទ្ធ ឬ មិន​សក្ដិសម​ទេ ? ពេល​អ្នក​លះបង់​វា​ចោល នោះ​ហើយ​ជា​អំណោយ​ដល់​ព្រះអង្គ​សង្គ្រោះ ។ តើ​មាន​ទម្លាប់​ល្អ ឬ គុណសម្បត្តិ​ណា​មួយ​ដែល​អ្នក​ខ្វះខាត​នៅក្នុង​ជីវិត​អ្នក​ទេ ? ពេល​អ្នក​ទទួល​យក​វា ហើយ​ធ្វើ​ឲ្យ​វា​ជា​ផ្នែក​នៃ​ចរិត​លក្ខណៈ​របស់​អ្នក នោះ​អ្នក​កំពុង​ថ្វាយ​អំណោយ​មួយ​ដល់​ព្រះអម្ចាស់​ហើយ » ( “When Thou Art Converted” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 12 ) ។

សូមអាន នីហ្វៃទី3 9:21–22 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា យើង​ត្រូវ​ក្លាយ​ដូច​ជា ដើម្បី​មករក​ទ្រង់ ។

  1. សូម​គិត​ពី​កូនក្មេង​តូចៗ​មួយ​ចំនួន​ដែល​អ្នក​ស្គាល់ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ពី​ចរិត​លក្ខណៈ​ទាំងឡាយ ដែល​កូនក្មេង​តូចៗ​មាន ដែល​យើង​ត្រូវការ ដើម្បី​មករក​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ពេលណា​គេ​បាន​ស្គាល់

សូម​បំពេញ​គោលការណ៍​តទៅ​នេះ ជាមួយ​នឹង​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​សមស្រប ដែល​អ្នក​ឃើញ​នៅក្នុង នីហ្វៃទី3 9:13–14, 20–22 ៖ បើ​យើង​មករក​ព្រះយេស៊ូវគ្រីស្ទ ដោយ​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប នោះ​ទ្រង់​នឹង  ។ ( មាន​ចម្លើយ​ត្រឹមត្រូវ​ជាច្រើន ) ។

  1. ដើម្បី​ជួយ​អ្នក​អនុវត្ត​សេចក្ដី​ពិត​នេះ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អាកប្បកិរិយា​អ្វី​ខ្លះ ដែល​អាច​រារាំង​យើង​ពី​ការថ្វាយ​នូវ​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប​របស់​យើង​ដល់​ព្រះអម្ចាស់ ?

    2. តើ​អ្នក​បាន​ឃើញ​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក​យ៉ាងណា ពេលដែល​អ្នក​មករក​ទ្រង់ ដោយ​ការប្រែចិត្ត និង វិញ្ញាណ​គោរព​ប្រតិបត្តិ ?

    3. តើ​អ្នក​អាច​ថ្វាយ​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប​ដល់​ព្រះអម្ចាស់ ឲ្យ​បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

នីហ្វៃទី3 10

ព្រះអម្ចាស់​សន្យា​ប្រមូល​រាស្ត្រ​ទ្រង់ ដូចជា​មេមាន់​ប្រមូល​កូន​វា

រូបភាព
តើ​ប៉ុន្មាន​ដង

បន្ទាប់ពី​បាន​ឮ​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​ហើយ ប្រជាជន​មាន​ចិត្ត​អស្ចារ្យ​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​មាន​ភាពស្ងៀមស្ងាត់​នៅក្នុង​ដែនដី​អស់​ជា​ច្រើន​ម៉ោង ។ បន្ទាប់មក សំឡេង​បាន​មាន​បន្ទូល​ម្ដងទៀត​ទៅដល់​ប្រជាជន ( សូមមើល នីហ្វៃទី3 10:1–3 ) ។ សូមអាន នីហ្វៃទី3 10:4–6 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​ព្យាយាម​ធ្វើ ដើម្បី​ការពារ និង បីបាច់​ប្រជាជន ។ សូម​គូស​ចំណាំ​ការសន្យា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​នៅក្នុង​ខ 6 ទៅដល់​ពួក​អ្នក​ដែល​ប្រែចិត្ត ហើយ​មករក​ទ្រង់​ជាមួយ​នឹង​គោលបំណង​ដ៏​ពេញលេញ​នៅក្នុង​ដួងចិត្ត ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រើប្រាស់​ពាក្យ​ប្រៀបធៀប​ពី​មេមាន់​ប្រមូល​កូន​របស់​វា​នៅក្រោម​ស្លាប​វា ដើម្បី​ការពារ​កូនៗ​វា​ពី​គ្រោះថ្នាក់ ។ សូមគិត​អំពី​របៀប​ទាំងឡាយ ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ដូចគ្នា​ទៅនឹង​មេមាន់​ដែល​ព្យាយាម​ការពារ​កូនៗ​វា​ពី​គ្រោះថ្នាក់ ។ ជាង​នោះ​ទៅ​ទៀត យោងតាម នីហ្វៃទី3 10:4–6 ហេតុអ្វី​វង្ស​អ៊ីស្រាអែល​ទាំងមូល​មិន​ត្រូវបាន​ប្រមូល​ផ្ដុំ ?

សូមអាន នីហ្វៃទី3 10:8–10 ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ប្រជាជន​បានឮ​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 6–10 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖