ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 31 ៖ ថ្ងៃ​ទី 1 អេធើរ 13–15


មេរៀនទី 31 ៖ ថ្ងៃ​ទី 1

អេធើរ 13–15

សេចក្តី​ផ្ដើម

ព្យាការី​អេធើរ​បាន​ព្យាករ​ពី​ក្រុង​យេរូសាឡិម​ថ្មី ។ លោក​ក៏​បាន​ព្រមាន​ផងដែរ ដល់​កូរីអានទុមើរ​ជា​ស្ដេច​របស់​សាសន៍​យ៉ារេឌ ថា​ប្រជាជន​របស់​ទ្រង់​នឹង​ត្រូវបាន​បំផ្លាញ ដោយសារ​តែ​សេចក្ដី​ទុច្ចរិត ហើយ​លោក​បាន​ទូន្មាន​ដល់​កូរីអានទុមើរ និង គ្រួសារ​ទ្រង់​ឲ្យ​ប្រែចិត្ត ។ ពេល​កូរីអានទុមើរ និង ប្រជាជន​បាន​បដិសេធ​មិន​ប្រែចិត្ត នោះ​សង្គ្រាម និង សេចក្ដី​ទុច្ចរិត​បាន​រីក​រាលដាល​កាន់តែ​ធំ​ឡើង​អស់​ជាច្រើន​ឆ្នាំ រហូត​ទាល់តែ​ជាតិ​សាសន៍​យ៉ារេឌ​ទាំងមូល​ត្រូវ​បំផ្លិច​បំផ្លាញ​អស់ ។ មាន​តែ​អេធើរ និង កូរីអានទុមើរ​ប៉ុណ្ណោះ​ដែល​នៅ​រស់ ដើម្បី​ធ្វើ​ជា​សាក្សី​ពី​ការបំពេញ​នៃ​ការព្យាករណ​របស់​អេធើរ ។

រូបភាព
ចម្បាំង​របស់​ពួក​សាសន៍​យ៉ារេឌ

អេធើរ 13:1–12

មរ៉ូណៃ​កត់ត្រា​ពី​ការព្យាករណ៍​របស់​អេធើរ អំពី​យេរូសាឡិម​ថ្មី និង យេរូសាឡិម​ពី​បុរាណ

សូម​ពិចារណា​ពី​ទីក្រុង​ខ្លះៗ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​មាន​ឈ្មោះ​ផ្សេង​ច្រើន​ខុស​គ្នា ដែល​ចង្អុល​បង្ហាញ​ពី​ទ្រង់ទ្រាយ​របស់​ទីក្រុង​នោះ ។ ឧទាហរណ៍ ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក៏​ត្រូវបាន​ស្គាល់​ផងដែរ​ថា​ជា​ទីក្រុង​នៃ​ពន្លឺ ។ ដើម្បី​ចាប់ផ្ដើម សូម​មើល​ថា​បើ​អ្នក​អាច​ផ្គូផ្គង​ទីក្រុង​ខាងក្រោម ទៅ​នឹង​ឈ្មោះ​ផ្សេង​របស់​វា ( ចម្លើយ​មាន​ផ្ដល់​ឲ្យ​នៅ​ចុង​មេរៀន ) ។

ទីក្រុង ឃែរ៉ូ ប្រទេស អេស៊ីព្ទ

ទីក្រុង​ដែល​មាន​ខ្យល់​ខ្លាំង

ទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន

ទីក្រុង​វិហារ​អ៊ីស្លាម​មួយ​ពាន់

ទីក្រុង ឈីកាហ្គោ ស.រ.អា.

ទីក្រុង​អស់កល្ប

ទីក្រុង​ម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីកូ

មុក្តា​នៃ​ទិស​ខាង​កើត

ទីក្រុង រ៉ូម ប្រទេស អ៊ីតាលី

ទីក្រុង​នៃ​រាជវាំង

មេរៀន​ថ្ងៃនេះ ទាញ​ការយកចិត្ត​ទុកដាក់​ទៅ​លើ​ទីក្រុង​ដ៏​សំខាន់​ពីរ​នៅ​ថ្ងៃ​ចុងក្រោយ ៖ ( 1 ) យេរូសាឡិម និង ( 2 ) យេរូសាឡិម​ថ្មី ។ នៅ​ថ្ងៃ​ចុងក្រោយ ទីក្រុង​ទាំង​ពីរ​នេះ នឹង​ត្រូវបាន​គេ​ស្គាល់​ពី​ភាពសុចរិត​របស់​វា ។ អេធើរ បាន​បង្រៀន​ពួក​សាសន៍​យ៉ារេឌ​ថា ដែនដី​ដែល​ពួកគេ​រស់នៅ​នេះ គឺជា​ទីកន្លែង​សម្រាប់​ទីក្រុង​ក្នុង​ពេល​អនាគត​មួយ ហៅ​ថា​ក្រុង យេរូសាឡិម​ថ្មី ។

សូម​អាន អេធើរ 13:2–8 ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ ព្យាការី យ៉ូសែប ស្ម៊ីធ ថា​ទីក្រុង យេរូសាឡិម​ថ្មី​ដែលបាន​​លើកឡើង​នៅក្នុង អេធើរ 13:6 នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នៅ ឃុំ​ចាកសុន រដ្ឋ មិសសួរី ស.រ.អា. ( សូម​មើល គ. និង ស. 57:1–4; 84:1–4 ) ។ តើ​ អេធើរ ​បាន​និយាយ​អ្វី អំពី​ទីក្រុង​ទាំងនេះ​នៅក្នុង អេធើរ 13:3, 5 ? សូម​សញ្ជឹង​គិត ថាតើ​វា​នឹង​ជា​យ៉ាង​ណា ដែល​នឹង​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដូច​នោះ ។ សូម​សិក្សា អេធើរ 13:10–11 ដើម្បី​ដឹង​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ត្រូវតែ​ទទួល​បទពិសោធន៍ ដើម្បី​រស់នៅ​ក្នុង​ទីក្រុង​ដ៏​បរិសុទ្ធ​គឺ ក្រុង​យេរូសាឡិម​ថ្មី និង យេរូសាឡិម​ចាស់ ( ដែល​នឹង​បាន​បរិសុទ្ធ ពេល​វា​ត្រូវបាន​ស្ថាបនា​ឡើង​ថ្វាយ​ដល់​ព្រះអម្ចាស់ សូម​មើល អេធើរ 13:5 ) ។

ឈ្មោះ​មួយ​ទៀត​របស់​ក្រុង​យេរូសាឡម​ថ្មី ​គឺ​ក្រុង​ស៊ីយ៉ូន ( សូម​មើល ម៉ូសេ 7:62; មាត្រា​នៃ​សេចក្ដី​ជំនឿ 1:10 ) ។ ខណៈ​ដែល​យើង​អាច​នឹង​មិន​បាន​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម ឬ ក្រុង​យេរូសាឡិម​ថ្មី នោះ​សមាជិក​សាសនាចក្រ​ទាំងអស់​ អាច​ព្យាយាម​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។ យើង​អាច​រៀបចំ​ខ្លួន ដើម្បី​រស់នៅ​ក្នុង​កន្លែង​ដ៏​បរិសុទ្ធ រួមទាំង​នគរ​សេឡេស្ទាល​របស់​ព្រះ ពេលដែល​យើង​បាន​ស្អាតស្អំ​ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

អេធើរ 13:13–15:34

ពួក​សាសន៍​យ៉ារេឌ ​បដិសេធ ​អេធើរ ហើយ​មានៈ​រស់​នៅក្នុង​សេចក្ដី​ទុច្ចរិត និង សង្គ្រាម ​រហូត​ទាល់តែ​ពួកគេ​ត្រូវ​បំផ្លិច​បំផ្លាញ​អស់

សូម​អាន អេធើរ 13:13–19 ហើយ​រកមើល​ស្ថានភាព​នៃ​សង្គម​របស់​ពួក​សាសន៍​យ៉ារេឌ នៅក្នុង​ជំនាន់​របស់​អេធើរ ។ សូម​សិក្សា អេធើរ 13:20–22 ដើម្បី​ឃើញ​ពី​សារដំណឹង​របស់​អេធើរ ទៅកាន់​កូរីអានទុមើរ និង របៀប​ដែល​កូរីអានទុមើរ និង ប្រជាជន​របស់​ទ្រង់​ឆ្លើយ​តប ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​អ្នក​បាន​ឃើញ​មនុស្ស​នៅក្នុង​ជំនាន់​របស់​យើង​ពង្រឹង​ចិត្ត​របស់​ពួកគេរឹងរូស ហើយ​បដិសេធ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

    2. តើ​អ្នក​នឹង​ធ្វើ​អ្វី ដើម្បី​រក្សា​ខ្លួន​អ្នក​ឲ្យនៅ​​រឹងមាំ​ក្នុង​សេចក្ដី​ជំនឿ និង ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ?

ដូច​មាន​កត់ត្រា​នៅក្នុង អេធើរ 13:23–14:20 កូរីអានតុមើរ​ បាន​ប្រយុទ្ធ​ក្នុង​ចម្បាំង​ជាមួយ​នឹង​ពួក​បុរស​មួយ​ចំនួន​ទៀត ដែល​បាន​ព្យាយាម​ដណ្ដើមយក​នគរ​ពី​គាត់ រួមមាន សារេឌ កាឡាត និង លិប ។ នៅ​ទីបំផុត ជាតិ​សាសន៍​យ៉ារេឌ​ ទាំងមូល​ត្រូវបានគ្របដណ្ដប់​​ដោយ​សង្គ្រាម ។ សត្រូវ​ចុងក្រោយ​របស់ ​កូរីអានទុមើរ គឺ​បុរស​ម្នាក់​ឈ្មោះ ​ស៊ិស ។ ទំហំ​នៃ​ការវិនាស​ក្នុង​ចំណោម​សាសន៍​យ៉ារេឌ ដែល​មក​ពី​សង្គ្រាម​ទាំងនេះ គឺ​ត្រូវបាន​រៀបរាប់​នៅក្នុង អេធើរ 14:21–25 និង អេធើរ 15:1–2 ។

សូម​អាន អេធើរ 15:3–6 ដើម្បី​រកមើល​អ្វី​ដែល​ កូរីអានទុមើរ​ បាន​ព្យាយាម​ធ្វើ ដើម្បី​ឲ្យ​ប្រជាជន​ដែល​នៅសល់​ពី​ការបំផ្លិច​បំផ្លាញ​បាន​រួច​ជីវិត ។ សូម​គិត​អំពី​មូលហេតុ​ដែល​ ស៊ិស​ បាន​បដិសេធ​ការស្នើ​របស់ ​កូរីអានទុមើរ និង មូលហេតុ​ដែល​ប្រជាជន​នៅក្នុង​ពលទ័ព​ទាំងពីរ​មិនព្រម​ចុះចាញ់ ( សូម​មើល​ផងដែរ អេធើរ 14:24 ) ។

សូម​អាន អេធើរ 15:12–17 ហើយ​រកមើល​ព័ត៌មាន​ពិស្ដារ​អំពី​ស្ថានភាព​របស់​ពួក​សាសន៍​យ៉ារេឌ ។ តើ​អ្នក​រកឃើញ​អ្វីខ្លះ អំពី​ស្ថានភាព​របស់​ពួកគេ ដែល​ប្រកប​ដោយ​ភាពខ្លោចផ្សា និង ទុក្ខព្រួយ​ជា​ពិសេសនោះ ? សូម​ចងចាំ​ថា អេធើរ​ បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ព្រមាន​ដល់​ប្រជាជន​ឲ្យ​ប្រែចិត្ត ( សូម​មើល អេធើរ 12:2–3; 13:20 ) ។ អាន អេធើរ 15:18–19 ហើយ​រកមើល​លទ្ធផល​ទាំងឡាយ ដែល​មក​ពី​ការបដិសេធ​ចំពោះ​ការព្រមាន​ឲ្យ​ប្រែចិត្ត​របស់​ព្រះអម្ចាស់ ។ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន សូម​បំពេញ​សេចក្ដី​ថ្លែង​នេះ ៖ បើ​យើង​បដិសេធចំពោះ​​ការព្រមាន​ឲ្យ​ប្រែ​ចិត្ត​របស់​ព្រះអម្ចាស់ នោះ  ។

នៅក្នុង​ចន្លោះ​ខាងលើ អ្នក​អាច​សរសេរ​គោលការណ៍​មួយ​ដូច​តទៅ​នេះ ៖ បើ​យើង​បដិសេធ​ការព្រមាន​ឲ្យ​ប្រែចិត្ត​របស់​ព្រះអម្ចាស់ នោះ​ព្រះវិញ្ញាណ​របស់​ទ្រង់​ចាកចេញ ហើយ​សាតាំង​ទទួល​បាន​អំណាច​គ្រប់គ្រង​លើ​ចិត្ត​យើង ។

  1. សូម​ប្រើប្រាស់ អេធើរ 15:19 និង គោលការណ៍​ដែល​យើង​រៀន​មក​ពី​ខគម្ពី​រនោះ ​ពន្យល់​ថា​ហេតុ​អ្វី​បាន​ជា​ ​ហេតុផល​មួយ ឬ ច្រើន​​ដូច​តទៅ​នេះ ដែល​មនុស្ស​ណា​ម្នាក់ ​អាច​ទាញ​លើក​ឡើង​មក​​នៅ​សព្វ​ថ្ងៃនេះ អំពី​ការបដិសេធ​មិន​ប្រែចិត្ត គឺ​ជា​ការ​ខុសឆ្គង ៖

    1. ខ្ញុំ​ដឹង​ថា រឿង​កុន​ដែល​ខ្ញុំ​មើល មិន​ស្រប​ទៅនឹង​បទដ្ឋាន​របស់​សាសនាចក្រ​ទេ ប៉ុន្តែ វា​ហាក់​ដូច​ជា​ពុំ​មាន​ឥទ្ធិពល​អ្វី​មកលើ​ខ្ញុំ​ទេ ។

    2. ផឹក​គ្រឿង​ស្រវឹង​ជាមួយ​នឹង​មិត្តភក្ដិ​ខ្ញុំ មិន​ជា​អាក្រក់​ដូច​ការគិត​នោះ​ពេក​ទេ ។ យើង​គ្រាន់តែ​មាន​ការសប្បាយហ្នឹង ។

    3. វា​គ្រាន់តែ​ជា​រូប​អាសគ្រាម​បន្ដិច​បន្ដួច​ប៉ុណ្ណោះ ។ វា​មិន​ដូចជា​ខ្ញុំ​ចេញទៅ​ធ្វើ​អ្វី​ដែល​អសីលធម៌​នោះទេ ។ ក្រៅ​ពី​នោះ ខ្ញុំ​អាច​ឈប់​នៅ​ពេល​ណា​ក៏​បាន ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ឈប់ ។

    4. ខ្ញុំ​មិន​ចាំបាច់​ប្រែចិត្ត​ឥឡូវ​នេះ​ទេ ។ ការណ៍​នេះ​អាច​ចាំ​រហូត​ដល់​ខ្ញុំ​ជិត​ចេញ​បេសកកម្ម ឬ ជិត​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធក៏​បាន​ដែរ ។

អេធើរ 15:20–32 រៀបរាប់អំ​ពី​របៀប​ដែល​ពលទ័ព​សាសន៍​យ៉ារេឌ​ចំនួន​ពីរ​ក្រុម ច្បាំង​នឹង​គ្នា រហូត​នៅសល់​តែ​មេដឹកនាំ​របស់​ពួកគេ​ប៉ុណ្ណោះ គឺ កូរីអានតុមើរ និង ស៊ិស ។ បន្ទាប់មក កូរីអានតុមើរ​ បាន​សម្លាប់​ស៊ិស ។

ប្រវត្តិសាស្ត្រ​របស់​ពួក​សាសន៍​យ៉ារេឌ ផ្ដល់​នូវ​គំរូ​ដ៏​រស់​រវើក​មួយ ពី​អ្វី​ដែល​កើតឡើង​ដល់​ប្រជាជន​មួយ ពេលដែល​ពួកគេ​រួមគ្នា​បដិសេធដល់​ការ​ខំជួយ​​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​ប្រែចិត្ត​ម្ដង​ហើយម្ដង​ទៀត​របស់​ព្រះនោះ ។ ខណៈ​ដែល​យើង​មិនអាច​នឹង​ជួប​ការវិនាស​ខាង​សាច់ឈាម​ភ្លាមៗដោយ​​ការបដិសេធ​ប្រែចិត្ត នោះ​យើង​នឹង​ទទួល​អារម្មណ៍​ថាខុសឆ្គង បើ​យើង​បដិសេធ​ការព្រមាន​ឲ្យ​ប្រែចិត្ត​របស់​ព្រះអម្ចាស់នោះ ។

រូបភាព
មនុស្ស​ស្លាប់​នៅទី​ចម្បាំង
រូបភាព
អែលឌើរ នែល អិល. អាន់ឌើរសិន

សូម​សញ្ជឹង​គិត​លើ​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី អែលឌើរ នែល អិល. អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ថា ៖ « ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​អាច ហើយ​ចង់​អត់ទោស​ដល់​អំពើ​បាប​របស់​យើង​ខ្លាំង​ណាស់ ។ លើកលែង​តែ​អំពើ​បាប​របស់​មនុស្ស​​មួយ​ចំនួន ដែល​ជ្រើសរើស​យក​សេចក្ដី​ហិនហោច ក្រោយពី​បានដឹង​ដ៏ពេញលេញ​ហើយនោះ​ទេ ក្រៅ​ពីនោះ​ពុំមាន​អំពើ​បាប​ណា ដែល​ពុំ​អាច​អត់ទោស​ឲ្យ​បាន​នោះឡើយ ។ វា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្រៃលែង សម្រាប់​យើង​ម្នាក់ៗ ក្នុង​ការងាកបែរ​​ចេញ​ពី​អំពើ​បាប​របស់​យើង ហើយ​មករក​ព្រះគ្រីស្ទ ។ ការអភ័យទោស​ដ៏​ទេវភាព គឺជា​ផលផ្លែ​ដ៏​ផ្អែមល្ហែម​បំផុត​មួយ​នៃ​ដំណឹង​ល្អ ដែល​ដកចេញ​នូវ​ទោស​កំហុស និង ការឈឺចាប់​ចេញពី​ដួងចិត្ត​យើង ហើយ​ជំនួស​វិញ​នូវ​សេចក្ដី​អំណរ និង សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ( “Repent … That I May Heal You” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 40–41 ) ។

សូម​ពិនិត្យ​មើល​អ្វី​ក៏​ដោយ​ដែល​អ្នក​អាច​នឹង​កំពុង​ធ្វើ ដែល​អាច​បង្អាក់​ដល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​អ្នក ។ ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ទាញយក​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ការផ្លាស់​ប្ដូរ​ដែល​ចាំបាច់ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ព្រះវិញ្ញាណ ហើយ​ទប់ទល់​នឹង​អំណាច​របស់​សាតាំង ។

ចេញពី អេធើរ 13–15 យើង​រៀន​ថា កំហឹង និង ការសងសឹក នាំ​ឲ្យ​យើង​ធ្វើ​នូវ​ការជ្រើសរើស​ទាំងឡាយ ដែល​នឹង​ធ្វើ​ឲ្យ​ខ្លួន​យើង និង អ្នក​ដទៃ​ទៀត​ឈឺ​ចាប់ ។ សូម​អាន ឬ អាន​ឡើងវិញ​នូវ​វគ្គ​បទគម្ពីរ​តទៅ​នេះ ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​បង្រៀន​ពី​សេចក្ដី​ពិត​នេះ ៖ អេធើរ 13:27; 14:24; 15:6, 22, 28 ។

ចូរ​សញ្ជឹង​គិត​ពី​លទ្ធផល​អ្វីខ្លះ ដែល​អាច​កើត​មាន​ទៅលើ​ក្រុមគ្រួសារ ឬ ទំនាក់​ទំនង​ផ្សេងៗ​ទៀត ដែល​មក​ពី​ការមិន​ទប់​កំហឹង ។ សូម​គិត​អំពី​ស្ថានភាព​មួយ​នៅក្នុង​ជីវិត​អ្នក ដែល​អ្នក​អាច​នឹង​ត្រូវតែ​លះបង់​អារម្មណ៍​នៃ​កំហឹង ឬ ការសងសឹងចោល ។

នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ដោយ អែលឌើរ ដេវីឌ អ៊ី. សរិនសិន ជា​សមាជិក​កិត្តិយស​មួយ​រូប​នៃ​ពួក​ចិតសិបនាក់ នោះ​សូម​រកមើល​របៀប​ដែល​អ្នក​អាច​យកឈ្នះ​អារម្មណ៍​នៃ​ការខឹង ឬ បំណង​ប្រាថ្នា​ក្នុង​ការសងសឹក ៖ « ពេល​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ឬ ធ្វើ​ឲ្យ​មនុស្ស​ដែល​យើង​ខ្វល់ខ្វាយ​ឈឺចាប់ នោះ​ការឈឺចាប់​នោះ មាន​ស្ទើរតែ​ច្រើន​ដ៏​ហួស​ប្រមាណ ។ វា​អាច​មាន​អារម្មណ៍​ថា ការឈឺចាប់ ឬ ភាព​អយុត្តិធម៌​នោះ គឺ​វា​​សំខាន់​បំផុត​នៅ​ក្នុង​លោកនេះ ហើយដែល​​ថា យើងគ្មាន​​ជម្រើស​ទេ ក្រៅ​ពី​​សងសឹកវិញនោះ ។ ប៉ុន្តែ​ព្រះគ្រីស្ទ ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត បាន​បង្រៀន​យើង​ពី​របៀប​មួយ​ដ៏​ប្រសើរ​ជាង ។ វា​អាច​ជា​ការពិបាក​ខ្លាំង​ណាស់ ក្នុង​ការអភ័យទោស​ដល់​មនុស្ស​ម្នាក់ ចំពោះ​អំពើ​អាក្រក់​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​យើង ប៉ុន្តែ​ពេល​យើង​អភ័យទោស នោះ​យើង​បើក​ចិត្តគំនិត​​​យើង​ចំពោះ​អនាគត​មួយ​ដ៏ល្អ​ប្រសើរ​ជាង ។ ចូរ​កុំឲ្យ​កំហុស​របស់​នរណា​ម្នាក់​ មក​​គ្រប់គ្រងលើ​​ដំណើរ​ជីវិត​របស់​យើងឡើយ ។ ពេល​យើង​អភ័យទោស​ដល់​អ្នក​ដទៃ​ទៀត យើង​មាន​សេរីភាព​​ដើម្បី​ជ្រើសរើសយក​​ការ​រស់​នៅ​មួយ​តាម​របៀប​​​ជីវិត​របស់​យើង​ផ្ទាល់ ។ ការអភ័យទោស​មានន័យ​ថា បញ្ហា​ទាំងឡាយ​ក្នុង​អតីតកាល ឈប់​បញ្ជា​ជោគ​វាសនា​យើង​ទៀតហើយ ហើយ​យើង​អាច​ផ្ដោត​ទៅលើ​អនាគត​ ដោយ​មាន​​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ដួងចិត្ត​យើង » ( “Forgiveness Will Change Bitterness to Love” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 12 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ពេលណា ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​មាន​បទពិសោធន៍​នៃ​ការបាន​ជា​សះស្បើយ និង មាន​សេរីភាព បន្ទាប់​ពី​ជ្រើសរើស​អភ័យទោសឲ្យ​គេ ?

អ្នក​អាច​យកឈ្នះ​អារម្មណ៍​នៃ​កំហឹង និង ការសងសឹក​គ្រប់យ៉ាង ប្រសិន​បើ​អ្នក​បែរ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អំណាច​នៃ​ការអត់ទោស និង ការលួងលោម តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ សូម​ចងចាំ​បែរ​ទៅរក​ព្រះអម្ចាស់ នៅក្នុង​ការអធិស្ឋាន​សុំ​ជំនួយ​ដែល​អ្នក​អាច​នឹង​ត្រូវការ នៅក្នុង​ស្ថានភាព​ទាំងនោះ ។

  1. សូម​សរសេរ​ចំណុចដែលមាន​​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 13–15 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​ចំពោះ​សកម្មភាព​ផ្គូផ្គង​នៅ​ខាងដើម​មេរៀន ៖ ទីក្រុង ឃែរ៉ូ ប្រទេស អេស៊ីព្ទ ( ទីក្រុង​វិហារ​អ៊ីស្លាម​មួយ​ពាន់) ទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន ( មុក្តា​នៃ​ទិស​ខាង​កើត ) ទីក្រុង ឈីកាហ្គោស.រ.អា. ( ទីក្រុង​ដែល​មាន​ខ្យល់​ខ្លាំង ) ទីក្រុង​ម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីកូ ( ទីក្រុង​នៃ​រាជវាំង ) ទីក្រុង រ៉ូម ប្រទេស អ៊ីតាលី ( ទីក្រុង​អស់កល្ប ) ។