ថ្នាក់​សិក្ខាសាលា
មេរៀនទី 26 ៖ ថ្ងៃទី 2 នីហ្វៃទី3 18


មេរៀនទី 26 ៖ ថ្ងៃទី 2

នីហ្វៃទី3 18

សេចក្តីផ្ដើម

កាលដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ចប់​ថ្ងៃ​ទីមួយ​នៃ​ការបម្រើ​របស់​ទ្រង់ ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ នោះ​ទ្រង់​បាន​ធ្វើការ​បម្រើ​សាក្រាម៉ង់ ហើយ​បាន​បញ្ជា​ប្រជាជន​ឲ្យ​អធិស្ឋាន​ជានិច្ច​ដល់​ព្រះវរបិតា ហើយ​ពង្រីក​មិត្តភាព​ជាមួយ​ប្រជាជន​ទាំងអស់ ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​នូវ​ពរជ័យ​ដ៏​ធំធេង​ដល់​ពួក​អ្នក​ដែល​រក្សា​បទបញ្ញត្តិ​ទាំងនេះ ។ បន្ទាប់មក ទ្រង់​បាន​ប្រទាន​ការណែនាំ​ដល់​ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ​របស់​ទ្រង់ ទាក់ទង​នឹង​ការបម្រើ​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ ។ មុនពេល​យាង​ទៅកាន់​ស្ថានសួគ៌ ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ​នូវ​អំណាច​ដើម្បី​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នីហ្វៃទី3 18:1–14

ព្រះយេស៊ូវគ្រីស្ទ​បម្រើ​សាក្រាម៉ង់​ដល់​ពួក​សាសន៍​នីហ្វៃ

សូម​អាន​រឿង​ដូច​តទៅ​នេះ​ដោយ អែលឌើរ ជើរ៉ល អិន. ឡាន ដែល​បាន​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិប​នាក់ ហើយ​ស្រមៃ​មើល​ថា​វា​នឹង​ដូចម្តេច​ដែរ បើ​អ្នក​ជា​បុរស​ក្នុង​រឿង​នេះ ៖

« មួយ​រយៈ​កន្លង​មកហើយ មាន​អត្ថបទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ អំពី​ការឡើង​ភ្នំ [ ដែល​រួមមាន ] រឿង​មួយ​ដែល​ផ្ដល់​ចម្លើយ​ដ៏​អស្ចារ្យ​ចំពោះ​សំណួរ​ដែល​ថា ‹ ដោយ​ជា​អ្នក​បម្រើ​ដ៏​ឥត​ប្រយោជន៍ តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី​បង់​ថ្លៃ​សង​ដល់​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ? ›

« អត្ថបទ​នេះ​និយាយ​អំពី​បុរស​ម្នាក់​ឈ្មោះ ហ្សិនហ្គូស ដែល​ជា​អ្នក​គ្រប់គ្រង​សាលា​បង្រៀន​ឡើងភ្នំ ។ … ហ្សិនហ្គូស​កំពុង​រៀបរាប់​ដល់​អ្នក​សម្ភាសន៍​ពី​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការឡើង​ភ្នំ ។ នេះ​ជា​ប្រព័ន្ធ​ដែល​អ្នក​ឡើង​ភ្នំ​ការពារ​ខ្លួន​គេ​កុំ​ឲ្យ​ធ្លាក់ ។ អ្នក​ឡើង​ភ្នំ​ម្នាក់​ត្រូវ​ស្ថិត​នៅក្នុង​ឥរិយាបទ​មាន​សុវត្ថិភាព ហើយ​ជួយ​ដាក់​ខ្សែពួរ​ឲ្យ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ឡើង​ផ្សេងទៀត ជាធម្មតា​គឺ​ព័ទ្ធ​ជុំវិញ​ខ្លួន​គាត់ ។ ‹ អ្នក​នៅលើ​ប្រព័ន្ធ​សុវត្ថិភាព​ហើយ › មានន័យ​ថា ‹ ខ្ញុំ​ជួយ​អ្នក​បាន › ។ បើ​មាន​អ្វី​កើតឡើង ខ្ញុំ​នឹង​ជួយ​អ្នក​មិន​ឲ្យ​ធ្លាក់​ទេ ។ វា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការឡើង​ភ្នំ ។ ឥឡូវ​នេះ សូម​កត់ចំណាំ​ពី​អ្វី​ដែល​កើតឡើង​បន្ទាប់​ទៀត​នៅក្នុង​អត្ថបទ​នោះ ៖ ‹ ប្រព័ន្ធ​នៃ​ការជួយ​អ្នក​ផ្សេង​ឲ្យ​មាន​សុវត្ថិភាព បាន​នាំ​មក​នូវ​គ្រា​ដ៏​ល្អ​បំផុត និង អាក្រក់​បំផុត​នៅក្នុង​ការឡើង​ភ្នំ ដល់​ហ្សិនហ្គូស ។ មាន​ម្ដង ហ្សិនហ្គូស​បាន​ធ្លាក់​ពី​ចំណោត​យ៉ាង​ខ្ពស់ កន្ត្រាក់​ឧបករណ៍​ទ្រទ្រង់​បី ហើយ​ទាញ​អ្នក​ដែល​គាត់​ជួយ​ក្នុង​ការឡើង​ភ្នំ ចេញពី​ថ្ម​ដែល​លយ​ចេញ​ពី​ច្រាំង​ថ្ម ។ គាត់​បាន​ឈប់ ដាំ​ក្បាល​ចុះ​ក្រោម នៅ​ប្រហែល 3 ម៉ែត្រ ផុតពី​ដី កាលដែល​អ្នក​ដែល​គាត់​ជួយ​ក្នុង​ការឡើង​ភ្នំ​នោះ បាន​ឈោង​ដៃ​ទៅ​ចាប់​គាត់ ។ « កុំ​ជួយ​ជីវិត​ខ្ញុំ » ហ្សិនហ្គូស​បាន​និយាយ ។ « តើ​អ្នក​ឆ្លើយតប​ចំពោះ​បុរស​ដូច​នោះ ដោយ​របៀប​ណា ? ឲ្យ​ខ្សែពួរ​សម្រាប់​ឡើង​ភ្នំ​ដែល​ប្រើ​ហើយ ដល់​គាត់​ជា​កាដូ​បុណ្យ​គ្រីស្ទម៉ាស​ឬ ? ទេ អ្នក​ចងចាំ​គាត់ ។ អ្នក​តែងតែ​ចងចាំ​គាត់​ជានិច្ច › » [ Eric G. Anderson, “The Vertical Wilderness,” Private Practice, ខែ វិច្ឆិកា ឆ្នាំ 1979 ទំព័រ 21; ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ]” ( “The Grace and Mercy of Jesus Christ” នៅក្នុង Jesus Christ: Son of God, Savior, ed. Paul H. Peterson, Gary L. Hatch, and Laura D. Card [2002] ទំព័រ 48 ) ។

សូមអាន នីហ្វៃទី3 18:1–11 ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានសុំ​ដល់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ធ្វើ ដើម្បី​ចងចាំ​ដល់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ការចងចាំ និង ចងចាំ នៅក្នុង​ខ 7 និង 11 ។ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុង​ការចងចាំ​ជានិច្ច នូវ​ការលះបង់​ដ៏​ធួន​របស់​ព្រះយេស៊ូគ្រីស្ទ​ចំពោះ​យើង ? តើ​អ្នក​ប្រព្រឹត្ត​ខុសគ្នា​យ៉ាងណា ពេលដែល​អ្នក​ចងចាំ​ព្រះអង្គ​សង្គ្រោះ ?

ការបញ្ជា​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចងចាំ​ព្រះកាយ និង ព្រះលោហិត​របស់​ទ្រង់ ប្រាកដ​ជា​មាន​អត្ថន័យ​ពិសេស​ខ្លាំងណាស់​ចំពោះ​ប្រជាជន ដោយសារ​ពួកគេ​ទើបតែ​បាន​ប៉ះ​ស្នាម​របួស​នៅលើ​ព្រះកាយ​ទ្រង់ ពីមុន​នេះ​បន្តិច​ប៉ុណ្ណោះ ។ ទោះ​អ្នក​ពុំ​បាន​ឃើញ​ស្នាម​របួស​នៅលើ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ឃើញ តែ​អ្នក​ក៏​អាច​ចងចាំ​ពី​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ពេលដែល​អ្នក​ទទួលទាន​សាក្រាម៉ង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​តទៅ​នេះ ៖ តើ​ការចងចាំ​ដល់​ការលះបង់​របស់​ព្រះអង្គ​សង្គ្រោះ អំឡុង​ពេល​សាក្រាម៉ង់ បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​នៃ​ការដឹងគុណ​ចំពោះ​ទ្រង់​ដូច​ម្ដេច​ដែរ ?

ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 18:7–11 បង្រៀន​នូវ​គោលការណ៍​តទៅ​នេះ ៖ ពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​ធ្វើ​ទីបន្ទាល់​ចំពោះ​ព្រះវរបិតា​ថា យើង​មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វី​ទាំងអស់​ដែល​ទ្រង់​បាន​បញ្ជា ។ ពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​ធ្វើ​ទីបន្ទាល់​ចំពោះ​ព្រះវរបិតា​ថា យើង​នឹង​តែងតែ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ សូម​រំឭក នីហ្វៃទី3 18:7–11 ឡើងវិញ ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​គោលការណ៍​ទាំងនេះ ។ ពេល​អ្នក​អាន​ខ 11 សូម​គិត​ថាតើ​អ្នក​នឹង​មាន​អារម្មណ៍​បែបណា ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ពាក្យ​ទាំងនោះ​ទៅកាន់​អ្នក​នោះ ។

  1. សូម​ជ្រើសរើស​សំណួរ​ពីរ​ចេញពី​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ហើយ​ឆ្លើយ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ចំណុច​អ្វី​ខ្លះ​អំពី​ជីវិត និង ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អ្នក​អាច​ចងចាំ​អំឡុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​ជានិច្ច នៅ​អំឡុង​ពេល​ដែល​នៅ​សល់​នៅក្នុង​សប្ដាហ៍​នោះ ?

    3. ប្រសិនបើ​អ្នក​ព្យាយាម​ដោយ​ស្មោះ​អស់ពី​ចិត្ត​ដើម្បី​ចងចាំ​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពេល​សាក្រាម៉ង់ នោះ​តើ​ការណ៍​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក នៅ​អំឡុង​សប្ដាហ៍​បន្ទាប់​នោះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​រកមើល​គោលការណ៍​មួយ​ទៀត​ដែល​មាន​បង្រៀន​នៅក្នុង នីហ្វៃទី3 18:7, 11 ដោយ​ការបំពេញ​សេចក្ដី​ថ្លែង​តទៅ​នេះ ជាមួយ​នឹង​ឃ្លា​មួយ​ដែល​ពន្យល់​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ​ដែល​ទទួលទាន​សាក្រាម៉ង់ ហើយ​ចងចាំ​ទ្រង់ ។ ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ហើយ​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច នោះ​យើង​នឹង  ។

រូបភាព
នំប៉័ង និង ទឹក
  1. សូម​ប្រៀបធៀប នីហ្វៃទី3 18:12–14 និង ហេលេមិន 5:12 ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ថាតើ​ការទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ អាច​ជួយ​អ្នក​ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ជា​គ្រឹះ​ដែល​អ្នក​សង់​ជីវិត​អ្នក​នៅលើ បាន​ដូច​ម្ដេច​ដែរ ?

  2. ដើម្បី​ជួយ​អ្នក​កាន់តែ​ចងចាំ​ព្រះអង្គ​សង្គ្រោះ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​បន្ទាប់​នេះ ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃ​នោះ ។ អ្នក​អាច​នឹង​ចង់​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​គិត​ដល់ អំឡុង​ពេល​សាក្រាម៉ង់ ឬ ថាតើ​ការចងចាំ​ព្រះអង្គ​សង្គ្រោះ​បាន​ជះ​ឥទ្ធិពល​ដល់​ការគិត ពាក្យ​សម្ដី និង កិច្ចការ​របស់​អ្នក​យ៉ាង​ណា​ដែរ ។

នីហ្វៃទី3 18:15–25

ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ឲ្យ​អធិស្ឋាន​ជានិច្ច ដល់​ព្រះវរបិតា ហើយ​ឲ្យ​ជួបជុំ​គ្នា​ជា​ញឹកញាប់

បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​សាក្រាម៉ង់​ដល់​ពួក​សាសន៍​នីហ្វៃ​ហើយ ទ្រង់​បាន​បង្រៀន​ពួកគេ​ពី​គោលការណ៍​សំខាន់ៗ​អំពី​ការអធិស្ឋាន ។ គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្រៀន​គឺ ៖ បើ​យើង​នឹង​ចាំយាម ហើយ​អធិស្ឋាន​ជានិច្ច​ដល់​ព្រះវរបិតា នោះ​យើង​អាច​ទប់ទល់​នឹង​ការល្បួង​របស់​សាតាំង​បាន ។ ពេល​យើង​ចាំយាម យើង​វាងវៃ មិន​ធ្វេស​ប្រហែស ឬ ប្រុងប្រៀប​ខាង​វិញ្ញាណ ។

សូមអាន នីហ្វៃទី3 18:15–21 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ពី​គោលការណ៍​ខាងលើ​នេះ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ទាំង​ការចាំយាម និង ការអធិស្ឋាន​ចាំបាច់​ម្ល៉េះ​ដើម្បី​ទប់ទល់​នឹង​ការល្បួង ?

សូម​កត់ចំណាំ​ថា នីហ្វៃទី3 18:15, 20–21 គឺជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ សូម​ពិចារណា​ក្នុង​ការ​គូសចំណាំ​ខ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​អាន ហើយ​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ហើយ​បន្ទាប់​មក ឆ្លើយ​សំណួរ​ពីរ ឬ ច្រើន​ជាង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការអធិស្ឋាន​បានជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ការល្បួង​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច​ដែរ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​ឲ្យ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង ?

    3. តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​បាន​មាន​បទពិសោធន៍ ដែល​បាន​មក​ពី​ការអធិស្ឋាន​ជាមួយ​គ្រួសារ​អ្នក ? ( សូមមើល នីហ្វៃទី3 18:21 ) ។

    4. តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​គ្រួសារ​អ្នក​ឲ្យ​មាន​ការអធិស្ឋាន​ជា​ក្រុម​គ្រួសារ​ដ៏​ខ្ជាប់ខ្ជួន និង ពោរពេញ​ដោយ​អត្ថន័យ ?

ពេល​យើង​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ និង ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ នោះ​ជា​ញឹកញាប់ យើង​ចង់​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យខិត​កាន់តែ​ជិត​ទ្រង់​ផងដែរ ។ សូម​គិត​អំពី​នរណា​ម្នាក់ ដែល​អ្នក​ចង់​ជួយ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ សូមអាន នីហ្វៃទី3 18:22–24 ហើយ​រកមើល​គោលការណ៍​តទៅ​នេះ​នៅក្នុង​ខ​ទាំងនេះ ៖ ពេល​យើង​បម្រើ​អ្នក​ផ្សេងទៀត យើង​អាច​ជួយ​ពួកគេ​ឲ្យ​មកឯ​ព្រះគ្រីស្ទ ។

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 18:24 ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា យើង​ម្នាក់ៗ​ត្រូវ​លើក​ពន្លឺ​យើង​ឡើង ដើម្បី​វា​បញ្ចេញ​ពន្លឺ​ដល់​ពិភពលោក ។ ទ្រង់​ក៏​មាន​បន្ទូល​ផងដែរ​ថា ទ្រង់​គឺជា​ពន្លឺ​ដែល​យើង​ត្រូវ​លើកឡើង ។ អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា យើង​លើក​ពន្លឺ​នៃ​ព្រះអង្គ​សង្គ្រោះ​ឡើង ដោយ​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ និង ធ្វើ​តាម​គំរូ​ទ្រង់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី. ហែលស៍

« យើង​គប្បី​ធ្វើ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ដូច​ដែល​ទ្រង់​បាន​ទូន្មាន​យើង​ថា ‹ ចូរ​មក​តាម​ខ្ញុំ › ។ តើ​វា​មិន​សព្វ​ព្រះហឫទ័យ​ដល់​ព្រះយេស៊ូវ​ទេ​ឬ​អី បើ​យើង​អាច​ធ្វើ​ឲ្យ​ពន្លឺ​យើង​បញ្ចេញ​ពន្លឺ​ខ្លាំង​ឡើង ដើម្បី​ឲ្យ​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​តាម​យើង នឹង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ដែរ​នោះ ? មាន​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្វែងរក​ពន្លឺ [ ជា​អ្នក​ដែល ] នឹង​ឆ្លងកាត់​ខ្លោងទ្វារ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​រីករាយ​ទៅកាន់​ផ្លូវ​ដ៏​ត្រង់ និង តូច​ចង្អៀត ដែល​នាំ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី2 31 ) ។ តើ​អ្នក​នឹង​ធ្វើ​ជា​ពន្លឺ​នោះ​ទេ ជា​ពន្លឺ​ដែល​នឹង​នាំ​ពួកគេ​ទៅកាន់​ចំណត​ដ៏​សុវត្ថិភាព​មួយ ? …

« តើ​អ្នក​ធ្លាប់​ផ្អាក​ដើម្បី​គិត​ថា ប្រហែល​អ្នក​ជា​ពន្លឺ​ដែល​បាន​បញ្ជូន​មក​ដោយ​ព្រះវរបិតាសួគ៌ ដើម្បី​ដឹកនាំ​មនុស្ស​ម្នាក់​ទៀត​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ឬ ជា​ភ្លើង​នាំ​ផ្លូវ​ពី​ចម្ងាយ ដើម្បី​បង្ហាញ​ផ្លូវ​ត្រឡប់​ទៅកាន់​ផ្លូវ​ត្រង់ និង តូច​ចង្អៀត​វិញ ជា​ផ្លូវ​នាំ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ ។ ពន្លឺ​របស់​អ្នក​គឺជា​ភ្លើង​នាំ​ផ្លូវ ហើយ​មិន​គប្បី​ឈប់​ឆេះ ឬ ដឹកនាំ​ខុស​ដល់​ពួកអ្នក​ដែល​កំពុង​ស្វែងរក​ផ្លូវ​ទៅ​ផ្ទះ​នោះទេ ។ …

« … ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពន្លឺ​ដែល​ត្រូវបាន​ប្រទាន​មក​ដល់​យើង ដើម្បី​យើង​អាច​ដើរតាម និង ដឹង​ពី​កន្លែង​ដែល​ត្រូវ​ទៅ ។ [ ខ្ញុំ​អធិស្ឋាន ] ថា យើង​ម្នាក់ៗ​អាច​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ [ ដើម្បី​យើង​អាច ] លើក និង ពង្រឹង​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង » ( “That Ye May Be Children of Light” [ ការប្រជុំ​ពិសេស​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​ពួក​មជ្ឈិមវ័យ​វ័យក្មេង ថ្ងៃ​ទី 3 ខែ វិច្ឆិកា ឆ្នាំ 1996 ] ទំព័រ 6–7 ) ។

ការអធិស្ឋាន​សម្រាប់​អ្នក​ដទៃ​ទៀត ការអញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ការប្រជុំ​របស់​សាសនាចក្រ និង ការធ្វើ​ជា​គំរូ​ដូច​ព្រះយេស៊ូវគ្រីស្ទ គឺជា​របៀប​ទាំងឡាយ​ដែល​យើង​អាច​បម្រើ​ដល់​អ្នក​ផ្សេងទៀត ។ សូម​គិត​ថាតើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​នរណា​ម្នាក់​ផ្សេងទៀត​ឲ្យ​ចូល​មក​ជិត​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ ឬ សប្ដាហ៍​នេះ ដើម្បី​ឲ្យ​ពន្លឺ​អ្នក​ចែងចាំង​ឡើង ដើម្បី​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​តាម​អ្នក នឹង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ផងដែរ​នោះ ?

នីហ្វៃទី3 18:26–39

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ពង្រីក​មិត្តភាព​ដល់​មនុស្ស​ទាំងអស់

បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ពី​សាក្រាម៉ង់ និង បាន​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ​ពី​ការអធិស្ឋាន​ហើយ ទ្រង់​បាន​បែរ​ទៅរក​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់ ដែល​ទ្រង់​បាន​ជ្រើសរើស ហើយ​បាន​ណែនាំ​ពួកគេ​ពី​របៀប​ដឹកនាំ​កិច្ចការ​សាសនាចក្រ ( សូមមើល នីហ្វៃទី3 18:26–39 ) ។ សូម​កត់ចំណាំ​នៅក្នុង នីហ្វៃទី3 18:26 ថា ព្រះអង្គ​សង្គ្រោះ​បាន​បញ្ឈប់​ការមាន​បន្ទូល​ទៅកាន់​ពួក​បណ្ដាជន ហើយ​បែរ​ទៅរក​ពួក​អ្នក​ដឹកនាំ « ដែល​ទ្រង់​បានរើស » វិញ ។ សារដំណឹង​របស់​ទ្រង់​នៅក្នុង​ខ 28–29 ត្រូវបាន​ប្រទាន​ដល់​ពួក​អ្នក​ដឹកនាំ​បព្វជិតភាព ទុកជា​ការព្រមាន​មួយ​ទាស់​នឹង​ការអនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ណា​ដែល​មិន​សក្ដិសម​ទទួលទាន​សាក្រាម៉ង់ ។

សមាជិក​សាសនាចក្រ​គប្បី​ផ្ដោត​ទៅលើ​ភាពសក្តិសម​ផ្ទាល់​ខ្លួន​របស់​គេ ក្នុង​ការទទួលទាន​សាក្រាម៉ង់ ហើយ​ទុក​ការទទួល​ខុសត្រូវ​នៃ​ការកំណត់​ពី​ភាពសក្ដិសម​របស់​អ្នក​ដទៃ​ក្នុង​ការទទួលទាន​សាក្រាម៉ង់ ទៅលើ​ពួក​អ្នក​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ធ្វើ​ការវិនិច្ឆ័យ​បែបនោះ ដូចជា​ប៊ីស្សព ឬ ប្រធាន​ស្តេក​ជាដើម ។ សូមអាន នីហ្វៃទី3 18:32 រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ថែទាំ​ដល់​ពួក​អ្នក​ដែល​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ជំនឿ ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច « ធ្វើ​ការងារ​បម្រើ » ដល់​មិត្តភក្ដិ សមាជិក​គ្រួសារ ឬ មនុស្ស​ម្នាក់​នៅក្នុង​វួដ ឬ សាខា​របស់​អ្នក ដែល​បាន​វង្វេង​ពី​សេចក្ដី​ជំនឿ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—នីហ្វៃទី3 18:15, 20–21

សូម​ពិចារណា​ក្នុង​ការចំណាយ​ពេល​ពីរបី​នាទី​ទន្ទេញ នីហ្វៃទី3 18:15, 20–21 ។ សូម​សរសេរ​ខ​ទាំងបី​នៅលើ​ក្រដាស​មួយ ហើយ​បន្ទាប់មក​ហាត់​និយាយ​វា ។ បន្ទាប់ពី​អាន​វា​ពីរបី​នាទី​ហើយ សូម​ចាប់ផ្ដើម​លុប ឬ គូស​ចោល​នូវ​ផ្នែក​ផ្សេងៗ​នៃ​ខ​ទាំងនោះ ខណៈដែល​អ្នក​បន្ត​និយាយ​ខ​ទាំងនោះ ។ អ្នក​អាច​នឹង​ចង់​ធ្វើ​ដំណើរការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ទាល់តែ​ពាក្យ​ទាំងអស់​ត្រូវ​លុប ឬ គូស​ចោល​ទាំងស្រុង ។

ពេល​អ្នក​កំពុង​ទន្ទេញ​ខ​ទាំងនេះ សូម​គិត​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បង្រៀន ។ ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 18:15 ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ពី​របៀប​ដើម្បី​ទប់ទល់​នឹង​ការល្បួង​របស់​អារក្ស ។ សូម​កត់ចំណាំ​ពី​អំណាច​ដែល​បានមក​ពី​ការអធិស្ឋាន ។ តាមរយៈ​ការអធិស្ឋាន យើង​អាច​ទទួល​កម្លាំង​ដើម្បី​តទល់​នឹង​ការល្បួង ។

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 18:20–21 ព្រះយេស៊ូវគ្រីស្ទ​បានបង្រៀន​ថា ពេល​យើង​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះវរបិតា​តែងតែ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​ជានិច្ច ប៉ុន្តែ​ទ្រង់​ឆ្លើយតប​ទៅតាម​ផែនការ​របស់​ទ្រង់ សម្រាប់​កូនចៅ​ទ្រង់ និង ទៅតាម​អ្វី​ដែល​ទ្រង់​ជ្រាប​ថា​ត្រឹមត្រូវ​សម្រាប់​យើង ។ សូម​ថា​តាម​ខ 20 ឮៗ ៖ « ហើយ​សូម្បី​ជា​អ្វី ដែល​អ្នក​រាល់គ្នា​សុំ​ព្រះវរបិតា​ដោយ​នូវ​ព្រះនាម​យើង ដែល​ត្រឹមត្រូវ និង ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល មើលចុះ​នឹង​ប្រទាន​ដល់​អ្នក » ។ តើ​អ្នក​គិត​ថា​ឃ្លា « ដែល​ត្រឹមត្រូវ » មានន័យ​យ៉ាងណា នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ? ( អ្នក​អាច​នឹង​ចង់​យោង​ទៅ យ៉ាកុប 4:3 ) ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ចែកចាយ​ទីបន្ទាល់​នេះ​ថា ៖ « ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជា​អង្គ​បង្កបង្កើត និង ជា​អង្គ​គ្រប់គ្រង​សកលលោក ហើយ​ទ្រង់​នៅតែ​ជា​ព្រះវរបិតា​របស់​យើង ។ ទ្រង់​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ និង ខ្ពស់​លើ​អស់​អ្វី​ទាំងអស់ ។ យើង​អាច​ឈោង​ទៅរក​ទ្រង់​ដោយ​ការអធិស្ឋាន ។ … តើ​ទ្រង់​ឮ​ការអធិស្ឋាន​របស់​កូន​ទេ ? ប្រាកដ​ណាស់ ទ្រង់​ឮ ។ តើ​ទ្រង់​ឆ្លើយតប​ទេ ? ប្រាកដ​ណាស់ ទ្រង់​ឆ្លើយ ។ មិន​ដូច​ជា​អ្វី​ដែល​យើង​ប្រាថ្នា​ជានិច្ច​នោះទេ ប៉ុន្តែ​ទ្រង់​ឆ្លើយ ។ ទ្រង់​ឮ ហើយ​ឆ្លើយតប » ( Teachings of Gordon B. Hinckley [1997] ទំព័រ 468 ) ។

អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖ « [ នៅក្នុង នីហ្វៃទី3 18:20 ] ព្រះអង្គ​សង្គ្រោះ​រំឭក​យើង​ថា សេចក្ដី​ជំនឿ មិនថា​វា​រឹងមាំ​យ៉ាងណា​ទេ គឺ​ពុំ​អាច​បង្កើត​នូវ​លទ្ធផល​មួយ​ដែល​ផ្ទុយ​ទៅ​នឹង​ព្រះបំណង​របស់​ទ្រង់ ដោយ​អំណាច​គឺជា​របស់​ទ្រង់ ។ ការអនុវត្តន៍​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺ​តែងតែ​ស្ថិត​នៅក្រោម​អំណាច​នៃ​របៀប​រៀបរយ​របស់​ស្ថានសួគ៌ នៅក្រោម​សេចក្ដី​ល្អ និង ព្រះបំណង និង ប្រាជ្ញា និង ពេលវេលា​របស់​ព្រះអម្ចាស់ ។ នោះហើយ​ជា​មូលហេតុ​ដែល​យើង​ពុំ​អាច​មាន​សេចក្ដី​ជំនឿ​ដ៏​ពិត​លើ​ព្រះអម្ចាស់ ដោយ​ពុំ​មាន​ការទុកចិត្ត​ទាំងស្រុង​លើ​ព្រះបំណង​របស់​ព្រះអម្ចាស់ និង ទៅលើ​ពេលវេលា​របស់​ព្រះអម្ចាស់​នោះទេ » ( “Faith in the Lord Jesus Christ” Ensign ខែ ឧសភា ឆ្នាំ 1994 ទំព័រ 100 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 18 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖