ថ្នាក់​សិក្ខាសាលា
ហេលេមិន


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​ហេលេមិន

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី​គម្ពីរ​ហេលេមិន អ្នក​នឹង​រៀន​ចេញពី​គំរូ និង ការបង្រៀន​ទាំងឡាយ​របស់​ពួក​បុរស​ដ៏​អស្ចារ្យ​ដូចជា ហេលេមិន នីហ្វៃ លីហៃ និង សាំយូអែល​ជា​សាសន៍​លេមិន ដែល​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះអម្ចាស់​ដោយ​ក្លាហាន ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ការបម្រើ​របស់​បុគ្គល​ទាំងនេះ បង្ហាញ​ថា​ព្រះ​ប្រទាន​នូវ​អំណាច​ដើម្បី​ជួយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​សម្រេចបាន​នូវ​ព្រះបំណង​របស់​ទ្រង់ ហើយ​ថា ការខិតខំ​ប្រឹងប្រែង​របស់​បុគ្គល​ដ៏​សុចរិត​ទាំងឡាយ អាច​នាំ​មក​នូវ​ពរជ័យ​ដល់​មនុស្ស​រាប់ពាន់​នាក់ ។ អ្នក​ក៏​នឹង​រៀន​ផងដែរ អំពី​លទ្ធផល​ទាំងឡាយ​ដែល​កើតឡើង​ពី​ភាពឆ្មើងឆ្មៃ ភាពទុច្ចរិត និង បក្សព័ន្ធ​សម្ងាត់​ទាំងឡាយ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​ចងក្រង និង សង្ខេប​បញ្ជី​ទាំងឡាយ​ចេញពី​ផ្ទាំង​ធំ​នៃ​នីហ្វៃ ដើម្បី​បង្កើត​ជា​គម្ពីរ​ហេលេមិន ។ គម្ពីរ​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​សម្រាប់​ហេលេមិន ជា​កូនប្រុស​របស់​ហេលេមិន និង ជា​ចៅប្រុស​របស់​អាលម៉ា​ជា​កូន ។ ហេលេមិន​បាន​ទទួល​បញ្ជី​ទាំងឡាយ​ពី​ស៊ីបឡុន ជា​ពូ​របស់​លោក ហើយ​បាន​បម្រើ​ជា​ចៅក្រម​ដ៏​សុចរិត​ម្នាក់​លើ​ពួក​សាសន៍​នីហ្វៃ ។ លោក​បាន​បង្រៀន​នីហ្វៃ និង លីហៃ ជា​កូនប្រុស​របស់​លោក ឲ្យ​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​ប្រោសលោះ​របស់​ពួកគេ ( សូមមើល ហេលេមិន 5:9–14 ) ។ ក្រោយមក ការបង្រៀន​ទាំងនេះ​បាន​បំផុស​ដល់​នីហ្វៃ ឲ្យ​លះបង់​មុខតំណែង​របស់​លោក​ជា​មេចៅក្រម ដើម្បី​ប្រកាស​ពី​ការប្រែចិត្ត​ដល់​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន ។ បន្ទាប់ពី​ពួក​សាសន៍​លេមិន​រាប់ពាន់​នាក់​បាន​ប្រែចិត្ត​ជឿ​ហើយ មាន​ព្យាការី​សាសន៍​លេមិន​ម្នាក់​ឈ្មោះ​សាំយូអែល ត្រូវបាន​បំផុស​គំនិត​ឲ្យ​ប្រកាស​ការប្រែចិត្ត និង ព្យាករ​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ស្រប​ពេល​ជាមួយ​នឹង​នីហ្វៃ​ដែរ ។ គម្ពីរ​ហេលេមិន ដកចេញ​មក​ពី​បញ្ជី​ទាំងឡាយ​ដែល​ត្រូវបាន​រក្សា​ទុក​នៅ​អំឡុង​ពេល​នៃ​ការគ្រប់គ្រង និង ការបម្រើ​របស់​ហេលេមិន ( ហេលេមិន 1–3 ) និង របស់​នីហ្វៃ ( ហេលេមិន 4–16 ) ។ បញ្ជី​ទាំងឡាយ​របស់​នីហ្វៃ រួមមាន​ការព្យាករណ៍ និង ការបង្រៀន​របស់​សាំយូអែល​ជា​សាសន៍​លេមិន ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

បញ្ជី​ដើម​ទាំងឡាយ​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​ប្រភព​សម្រាប់​គម្ពីរ​ហេលេមិន ទំនង​ជា​ត្រូវបាន​សរសេរ​រវាង​ឆ្នាំ 52 ម.គ.ស. និង ឆ្នាំ 1  ម.គ.ស. ។ មរមន​បាន​សង្ខេប​បញ្ជី​ទាំងនោះ​រវាង​ឆ្នាំ 345 គ.ស. និង 385 គ.ស. ។ មរមន​ពុំ​បាន​កត់ត្រា​ថា​លោក​នៅ​កន្លែង​ណា​ទេ ពេលដែល​លោក​បាន​ចងក្រង​គម្ពីរ​នេះ​ទេ ។