ថ្នាក់​សិក្ខាសាលា
មេរៀនទី 16 ៖ ថ្ងៃទី 4 អាលម៉ា 14–16


មេរៀនទី 16 ៖ ថ្ងៃទី 4

អាលម៉ា 14–16

សេចក្តីផ្ដើម

បន្ទាប់​ពី​បាន​ស្ដាប់​អាលម៉ា និង អាមូលេក​ផ្សព្វផ្សាយ​ហើយ ប្រជាជន​មួយ​ចំនួន​នៅ​អាំម៉ូណៃហា បាន​ជឿ ហើយ​បាន​ប្រែចិត្ត រួម​ទាំង​ស៊ីអែសរ៉ុម​ផងដែរ ។ អ្នក​ផ្សេងទៀត​បាន​ខឹង ហើយ​បាន​ធ្វើ​ឲ្យ​អាលម៉ា និង អាមូលេក​ត្រូវ​ចាប់​ដាក់​គុក ។ ប្រជាជន​ទុច្ចរិត​នៅ​អាំម៉ូណៃហា បាន​បណ្ដេញ​មនុស្ស​ដែល​ជឿ និង បាន​ដុត​ប្រពន្ធ និង កូនៗ​របស់​ពួកគេ ។ ជាច្រើន​ថ្ងៃ​ក្រោយមក ព្រះអម្ចាស់​បាន​ដោះលែង​អាលម៉ា និង អាមូលេក​ពី​គុក ហើយ​បាន​បំផ្លាញ​ពួក​អ្នក​ដឹកនាំ​ទុច្ចរិត​នៅ​អាំម៉ូណៃហា ។ នៅឯ​ដែនដី​សៃដុម ស៊ីអែសរ៉ុម​បាន​រងទុក្ខ​ទាំង​ខាង​រាងកាយ និង ខាង​វិញ្ញាណ ។ គាត់​បាន​ទទួលស្គាល់​ពី​សេចក្ដី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវគ្រីស្ទ ចំពោះ​អាលម៉ា ហើយ​បាន​ទទួល​ការព្យាបាល ។ កងទ័ព​លេមិន​បាន​បំផ្លាញ​ទីក្រុង​អាំម៉ូណៃហា ជា​ការបំពេញ​ដល់​ការព្យាករណ៍ ។ ការដឹកនាំ​ដែល​ប្រកប​ដោយ​ការព្យាករណ៍​របស់​អាលម៉ា បាន​នាំ​ឲ្យ​កងទ័ព​នីហ្វៃ​បញ្ឈប់​ការឈ្លានពាន​របស់​ពួក​លេមិន ។ អាលម៉ា អាមូលេក និង អ្នក​ផ្សេង​ជាច្រើន​ទៀត បាន​ពង្រឹង​សាសនាចក្រ​នៅ​ទូទាំង​ដែនដី​នៃ​សាសន៍​នីហ្វៃ ។

រូបភាព
អាលម៉ា និង អាមូលេក នៅក្នុង​គុក

អាលម៉ា 14

អាលម៉ា និង អាមូលេក​ត្រូវបាន​គេ​ចាប់​ដាក់​គុក ហើយ​ពួក​អ្នក​ជឿ​ត្រូវបាន​បណ្ដេញ​ចេញ ឬ ត្រូវបាន​ដុត

សូម​គិត​ពី​ការកើតឡើង​មួយ ពេល​ដែល​អ្នក​បាន​ឃើញ ឬ ឮ​ពី​នរណា​ម្នាក់​ដែល​គ្មានទោស ត្រូវ​រងទុក្ខ​នៅក្នុង​ដៃ​នៃ​មនុស្ស​ផ្សេង​ទៀត—ឧទាហរណ៍ ដូច​ជា​ឧប្បត្តិហេតុ​មួយ​ពី​នរណា​ម្នាក់​ដែល​ត្រូវបាន​គេ​បៀតបៀន ដោយសារ​ការជឿ​របស់​គាត់ ។ សូម​ពិចារណា​ទៅលើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា ចំពោះ​មនុស្ស​ដែល​កំពុង​រងទុក្ខ​នោះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​មនុស្ស​ដែល​ធ្វើទុក្ខ​ដល់​អ្នក​ដែល​រង​ទុក្ខ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ពេលខ្លះ​ការណ៍​អាក្រក់ៗ​កើតឡើង​ចំពោះ​អ្នក​គ្មានទោស និង មនុស្ស​សុចរិត​ទៅវិញ ?

នៅពេល​ដែល​អ្នក​អាន អាលម៉ា 14 សូម​ភ្ជាប់​សំណួរ​ទាំងនេះ​ទៅនឹង​បទពិសោធន៍​របស់​អាលម៉ា និង អាមូលេក ។

សូមអាន អាលម៉ា 14:1–10 ដោយ​រកមើល​នរណា​ដែល​បាន​រងទុក្ខ ហើយ​ពួកគេ​រងទុក្ខ​ដោយ​របៀប​ណា ? បន្ទាប់មក សូម​បំពេញ​តារាង​ខាងក្រោម​នេះ ៖

នរណា​បាន​រងទុក្ខ ?

តើ​ពួកគេ​បាន​រងទុក្ខ​ដោយ​របៀប​ណា ?

ដូច​ដែល​បាន​កត់ត្រា​ទុក​ក្នុង អាលម៉ា 14:10 តើ​អាមូលេក​បាន​ចង់​ធ្វើ​អ្វី ? សូមអាន អាលម៉ា 14:11 ហើយ​រកមើល​សេចក្ដី​ពិត​មួយ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ការយល់​ពី​មូលហេតុ ដែល​ពេលខ្លះ​មនុស្ស​ទុច្ចរិត​ត្រូវបាន​បណ្ដោយ​ឲ្យ​ធ្វើ​ទុក្ខទោស​ដល់​ពួក​អ្នក​ដែល​គ្មានទោស ឬ ជន​សុចរិត​នោះ ។

របៀប​មួយ​ដើម្បី​ទាញយក​សេចក្ដី​ពិត​មួយ​ចេញពី អាលម៉ា 14:11 គឺ ៖ ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មនុស្ស​សុចរិត​រងទុក្ខ​នៅក្នុង​ដៃ​នៃ​ពួក​ទុច្ចរិត ដើម្បី​ឲ្យ​សេចក្ដី​ជំនុំ​ជម្រះ​របស់​ទ្រង់​អាច​មាន​សេចក្តី​យុត្តិធម៌ ។ សូម​កត់​ចំណាំ​ថា វា​ត្រូវបាន​បើកសម្ដែង​ដល់​អាលម៉ា​ថា ពួក​អ្នក​ដែល​បាន​ស្លាប់ គឺ​ត្រូវបាន​ទទួលយក​ដោយ​ព្រះអម្ចាស់ « ក្នុង​សិរីល្អ » ( អាលម៉ា 14:11 ) ។ ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​អំពី​ព្រឹត្តិការណ៍​នេះ ជាមួយ​នឹង​ទស្សនៈ​ដ៏​អស់កល្ប​ជានិច្ច​មួយ​ថា ៖ « អាមូលេក​ត្រូវបាន​ប្រទាន​ពរជ័យ​ឲ្យ​ឃើញ​ពី​សេចក្ដី​ល្អ និង ភាពយុត្តិធម៌​នៃ​ព្រះ គឺ​សូម្បីតែ​នៅក្នុង​សោកនាដកម្ម​ដ៏​រន្ធត់​មួយ » ( “Amulek: The Blessings of Obedience” នៅក្នុង Heroes from the Book of Mormon [1995] ទំព័រ 110 ) ។

សូមអាន អាលម៉ា 60:12–13 ហើយ​យោង​វា​ទៅ អាលម៉ា 14:10–11 ។ យើង​រៀន​ថា ក្នុង​ចំណោម​មូលហេតុ​ទាំងឡាយ ដែល​មនុស្ស​សុចរិត​ត្រូវបាន​បណ្ដោយ​ឲ្យ​រងទុក្ខ គឺ​ដើម្បី​ផ្សារភ្ជាប់​ទីបន្ទាល់​របស់​ពួកគេ​ទៅនឹង​ជីវិត​របស់​ពួកគេ ( សូមមើល គ. និង ស. 135:3 ) និង ដើម្បី​ឈរ​ជា​សាក្សី​ទាស់​នឹង​ពួក​ទុច្ចរិត ។

ការយល់​ពី​មូលហេតុ​ដែល​ព្រះ​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​រងទុក្ខ អាច​ជា​គោលការណ៍​ដ៏​ពិបាក​មួយ​សម្រាប់​យើង​ដើម្បី​យល់ ។ សូម​សញ្ជឹង​គិត​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ដើម្បី​យល់​បន្ថែម​ទៀត ពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ សូម្បី​បើ​ពួកគេ​ធ្វើ​ការជ្រើសរើស​ខុស​ក៏​ដោយ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល

« បើ​យើង​សម្លឹង​មើល​ទៅលើ​ភាពរមែង​ស្លាប់ ថាជា​ជីវិត​ទាំងមូល នោះ​ការឈឺចាប់ ទុក្ខព្រួយ ការបរាជ័យ និង ជីវិត​ដ៏​ខ្លី នឹង​ជា​សេចក្ដី​លំបាក​ហើយ ។ ប៉ុន្តែ បើ​យើង​មើល​ទៅ​ជីវិត​ថា​ជា​អ្វី​ដែល​អស់កល្ប​ជានិច្ច ដែល​លាត​សន្ធឹង​យ៉ាង​ឆ្ងាយ ពី​ជីវិត​មុន​ផែនដី​ក្នុង​អតីតកាល និង ទៅក្នុង​អនាគត​ក្រោយ​សេចក្ដី​ស្លាប់​ដ៏​អស់កល្ប​ជានិច្ច នោះ​អ្វី​ទាំងអស់​ដែល​កើតឡើង អាច​នឹង​ត្រូវបាន​ដាក់​ចូល​ក្នុង​ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ ។ …

« … ប្រសិនបើ​មនុស្ស​សុចរិត​ទាំងអស់​ត្រូវបាន​ការពារ ហើយ​មនុស្ស​ទុច្ចរិត​ទាំងអស់​ត្រូវ​បំផ្លាញ នោះ​កម្មវិធី​ទាំងមូល​របស់​ព្រះវរបិតា នឹង​ត្រូវ​ទុក​ជា​មោឃៈ ហើយ​គោលការណ៍​មូលដ្ឋាន​នៃ​ដំណឹងល្អ គឺ​សិទ្ធិ​ជ្រើសរើស នឹង​ត្រូវ​បញ្ចប់ ។ គ្មាន​មនុស្ស​ណា​ដែល​ត្រូវតែ​រស់នៅ​ដោយ​សេចក្ដី​ជំនឿ​នោះ​ទេ » ( Teachings of Presidents of the Church: Spencer W. Kimball [2006] ទំព័រ 15 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ថាតើ​សេចក្ដី​ពិត​ដែល​អ្នក​បាន​រៀន​នៅក្នុង អាលម៉ា 14:11 និង សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ឃឹមបឹល ជួយ​អ្នក​យល់​ពី​មូលហេតុ​ដែល​ពេលខ្លះ​ ព្រះ​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​រងទុក្ខ​នៅក្នុង​ដៃ​នៃ​មនុស្ស​ទុច្ចរិត ។

សូមអាន អាលម៉ា 14:12–13 ហើយ​រកមើល​ពី​អ្វី​ដែល​អាលម៉ា បាន​បង្រៀន​អាមូលេក ដើម្បី​ជួយ​លោក​ឲ្យ​តស៊ូ​នឹង​ការលំបាក​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​អាលម៉ា​អាច​ឆ្លើយតប​ជាមួយ​នឹង​ទំនុកចិត្ត​បែបនោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដើម្បី​ជួយ​អ្នក​យល់​ពី​អ្វី​ដែល​អាលម៉ា បាន​បង្រៀន​អាមូលេក អំពី​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ៖ « ជីវិត​នេះ​គឺជា​បទពិសោធន៍​នៅក្នុង​ការទុកចិត្ត​ដ៏​ជ្រាលជ្រៅ—គឺ​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ទុកចិត្ត​លើ​ការបង្រៀន​របស់​ទ្រង់ ទុកចិត្ត​លើ​សមត្ថភាព​របស់​យើង កាលដែល​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ការបង្រៀន​ទាំងនោះ ដើម្បី​បាន​សុភមង្គល​ឥឡូវ​នេះ និង ជីវិត​ដែល​ពោរពេញ​ដោយ​គោលបំណង​មួយ ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដ៏​រីករាយ​ក្រៃលែង ។ ដើម្បី​ទុកចិត្ត​មានន័យ​ថា គោរព​ដោយ​ស្ម័គ្រចិត្ត ដោយ​ពុំ​ដឹង​ពី​ទីបញ្ចប់ តាំងពី​ដំបូង​មក ( សូមមើល សុភា. 3:5–7 ) ។ ដើម្បី​បង្កើត​ផលផ្លែ នោះ​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះអម្ចាស់​ ត្រូវតែមាន​​កាន់តែ​ខ្លាំងក្លា និង កាន់តែ​ឋិតឋេរ ជាង​ទំនុកចិត្ត​របស់​អ្នក​លើ​អារម្មណ៍ និង បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក » ( “Trust in the Lord” Ensign ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 17 ) ។

វា​អាច​ជា​ប្រយោជន៍​ដែល​សង្កត់ធ្ងន់​លើ​សេចក្ដី​ពិត​នេះ ដោយ​ការសរសេរ​វា​នៅជិត អាលម៉ា 14:12–13 នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ទ្រង់​ពង្រឹង​យើង​អំឡុងពេល​នៃ​ការលំបាក​របស់​យើង ។

  1. សូម​ជ្រើសរើស​ស្ថានភាព​មួយ ឬ ច្រើន​ជាង​នោះ​ពី​ស្ថានភាព​ខាងក្រោម​នេះ ហើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ថាតើ​គោលការណ៍​ដែល​អ្នក​ទើប​បាន​សរសេរ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ពិពណ៌នា​យ៉ាងណា​ដែរ​អំពី ៖

    1. កីឡាករ​មួយ​ចំនួន​នៅក្នុង​ក្រុម​កីឡា​របស់​យុវជន​ម្នាក់ គេចចេញ​ពី​គាត់ និង ចំអក ឬ ចំអន់​គាត់​ដោយ​បើក​ចំហរ អំពី​ការកាន់ខ្ជាប់​របស់​គាត់​ចំពោះ​បទដ្ឋាន​នៃ​ដំណឹងល្អ ។ ពួកគេ​ហាក់​រៀបចំ​ផែនការ​ដោយ​បាន​គ្រោង​ទុក​ជា​មុន​នូវ​សកម្មភាព​បន្ថែម​ពី​លើ​ការ​ហាត់​សមនោះ ដោយពួកគេ​ដឹង​ថា គាត់​នឹង​មិន​ចូលរួម​ក្នុង​សកម្មភាព​នោះ​ឡើយ ដោយ​ព្រោះ​មក​ពី​ជំនឿ​របស់​គាត់ ។

    2. យុវនារី​ម្នាក់​ដាក់ពាក្យ​សុំ​ធ្វើ​ការ​នៅ​ហាង​មួយ ដែល​មិត្តល្អ​ម្នាក់​ធ្វើការ ។ នាង​មិនបាន​ទទួល​ការងារ​នោះ​ទេ ហើយ​ក្រោយមក​មិត្ត​របស់​នាង​ប្រាប់​នាង​ថា ម្ចាស់ហាង​និយាយ​ថា គាត់​នឹង​មិនដែល​ជួល​ពួក​មរមន​ឲ្យ​ធ្វើ​ការ​ទេ ។

    3. ពេល​យុវជន​ម្នាក់​សុំ​ឲ្យ​យុវជន​មួយក្រុម​ផ្សេងទៀត​នៅ​សាលា ឲ្យ​ឈប់​ប្រើ​ភាសា​មិន​សមរម្យ​នៅក្បែរ​គាត់ ពួកគេ​បាន​រុញ​គាត់ ហើយ​គំរាម​ធ្វើបាប​គាត់​ជាង​នេះ​ទៅ​ទៀត បើ​គាត់​ប្រាប់​ពួកគេ​ម្ដង​ទៀត​ពី​របៀប​ដើម្បី​និយាយ​នោះ ។

សូមអាន អាលម៉ា 14:14–17 ហើយ​គិត​ថាតើ​សេចក្ដី​ជំនឿ​របស់​អាលម៉ា និង អាមូលេក បាន​ជួយ​ពួកលោក​យ៉ាង​ណា​ដែរ ពេល​ពួកលោក​បន្ត​រងទុក្ខ​នៅក្នុង​ដៃ​នៃ​ពួក​អ្នក​ដឹកនាំ​ទុច្ចរិត​នៅ​អាំម៉ូណៃហា ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ការមិនផ្ដល់​ចម្លើយ​នៅក្នុង​ស្ថានភាព​នោះ គឺជា​ការឆ្លើយតប​ដ៏​ល្អ​បំផុត ? ( សូមមើល​ផងដែរ ម៉ាថាយ 27:11–14 ) ។

អាលម៉ា 14:18–28 ប្រាប់​ថាតើ​អាលម៉ា និង អាមូលេក បានរងទុក្ខ​នូវ​ការណ៍​ជាច្រើន​យ៉ាងណា មុនពេល​ដែល​ព្រះ​បាន​រំដោះ​ពួកលោក ហើយ​បាន​បំផ្លាញ​ពួក​អ្នក​ដឹកនាំ​ទុច្ចរិត​ជាច្រើន​នៅ​អាំម៉ូណៃហា ។ ឃ្លា​ថា « សង្កៀត​ធ្មេញ » ( ខ 21 ) មានន័យ​ថា ការទង្គិច​ធ្មេញ​របស់​គេ​ជាមួយ​គ្នា​ដោយ​កំហឹង ឬ ដោយ​ច្រឡោត ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ពី​ការណ៍​ណា​មួយ​ក្នុង​ចំណោម​ការណ៍​ទាំងឡាយ​ដែល​អាលម៉ា និង អាមូលេក​បាន​រងទុក្ខ នៅក្នុង អាលម៉ា 14:18–25 ដែល​អាច​ជា​ការលំបាក​បំផុត​សម្រាប់​អ្នក ហើយ​ពន្យល់​ពី​មូលហេតុ ។ បន្ទាប់មក សូម​សរសេរ​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ បទពិសោធន៍​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បាន​ព្យាយាម​រស់នៅ​ដោយ​សុចរិត ប៉ុន្តែ​នៅតែ​ប្រឈម​នឹង​ការលំបាក​នានា ។

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 14:25 តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អាលម៉ា និង អាមូលេក ក្រោកឈរ​ឡើង​បាន ? សូមអាន អាលម៉ា 14:26–29 ហើយ​គូសចំណាំ​ឃ្លា និង ពាក្យ​ទាំងឡាយ ដែល​អ្នក​មានអារម្មណ៍​ថា បញ្ជាក់​បានច្បាស់​បំផុត​ពី​សេចក្ដី​ពិត​នេះ ៖ បើ​យើង​អំពាវនាវ​ដល់​ព្រះអម្ចាស់​ដោយ​សេចក្ដី​ជំនឿ នោះ​ទ្រង់​នឹង​ពង្រឹង​យើង នៅក្នុង​សេចក្ដី​ទុក្ខ​វេទនា​របស់​យើង ហើយនិង​រំដោះ​យើង តាម​របៀប​របស់​ទ្រង់ និង ក្នុង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

ព្រះអម្ចាស់​អាច​ពង្រីក​អំណាច​របស់​ទ្រង់ ហើយ​រំដោះ​អ្នក​ចេញពី​សេចក្ដី​លំបាក និង ទុក្ខ​វេទនា តាម​របៀប និង ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។ ពេល​យើង​រៀន​ទុកចិត្ត​លើ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​រកឃើញ​នូវ​កម្លាំង និង អំណាច​កាន់តែ​អស្ចារ្យ​ជាងមុន ដើម្បី​ស៊ូទ្រាំ​នូវ​ការលំបាក​ពេញ​មួយ​ជីវិត​យើង ។

អាលម៉ា 15–16

ស៊ីអែសរ៉ុម​ត្រូវបាន​ព្យាបាល កងទ័ព​លេមិន​មួយ​កងពល​បំផ្លិចបំផ្លាញ​ទីក្រុង​អាំម៉ូណៃហា ហើយ​អាលម៉ា និង អាមូលេក បន្ត​ផ្សព្វផ្សាយ​ដល់​ពួក​សាសន៍នីហ្វៃ

បន្ទាប់​ពី​ចាកចេញ​ពី​អាំម៉ូណៃហា អាលម៉ា និង អាមូលេក បាន​ទៅ​កាន់​ទីក្រុង​ជិត​នោះ​ គឺ​ទីក្រុង​សៃដុម ជា​កន្លែង​ដែល​ពួកលោក​បានជួប​នឹង​ពួក​អ្នក​ជឿ​ដែល​មក​ពី​អាំម៉ូណៃហា រួម​មាន​ទាំង​ស៊ីអែសរ៉ុម​ផង ។ សូមអាន អាលម៉ា 15:3–5 ដើម្បី​ឃើញ​ពី​ស្ថានភាព​របស់​ស៊ីអែសរ៉ុម ។

សូម​ពិចារណា​ចំណុច​ដូច​តទៅ​នេះ ៖ តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ស៊ីអែសរ៉ុម​ឈឺ ? តើ​ស៊ីអែសរ៉ុម​បាន​ធ្វើ​អ្វី ដើម្បី​ទទួល​បាន​ការដោះលែង និង សេចក្ដី​សុខសាន្ត ?

សូមអាន អាលម៉ា 15:6–10 ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​គូសបន្ទាត់​ពីក្រោម​ឃ្លា​ពីរ ឬ បី ដែល​បង្ហាញ​ថា អាលម៉ា​បាន​ជួយ​ស៊ីអែសរ៉ុម​ឲ្យ​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ ដើម្បី​យល់​ពី​របៀប​មួយ​ដែល​អ្នក​ដឹកនាំ​បព្វជិតភាព អាច​ជួយ​ប្រជាជន​ឲ្យ​ទទួលបាន​នូវ​សេចក្ដី​មេត្តា​ករុណា​តាមរយៈ​ដង្វាយធួន សូម​អាន​បទពិសោធន៍​ខាងក្រោម​នេះ​ពី អែលឌើរ ជេ អ៊ី. ជែនសិន នៃ​គណៈប្រធាន​ពួក​ចិតសិប ៖

« ខណៈ​កំពុង​បម្រើ​ជា​ប៊ីស្សព ខ្ញុំ​បាន​ធ្វើ​ទីបន្ទាល់​ពី​ពរជ័យ​ជាច្រើន​នៃ​ដង្វាយធួន នៅក្នុង​ជីវិត​សមាជិក​សាសនាចក្រ​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលង​ធ្ងន់ធ្ងរ ។ …

« យុវមជ្ឈិមវ័យក្មេង​ម្នាក់​នៅក្នុង​វួដ​របស់​យើង បាន​កំពុង​ណាត់​ដើរលេង​ជាមួយ​យុវនារី​ម្នាក់ ។ ពួកគេ​បាន​បណ្ដោយ​ឲ្យ​សេចក្ដី​ស្នេហា​របស់​ពួកគេ​ទៅហួស​ព្រំដែន ។ គាត់​បាន​មកជួប​ខ្ញុំ​ដើម្បី​ទទួល​បាន​ដំបូន្មាន និង ជំនួយ ។ ផ្អែកលើ​អ្វី​ដែល​បាន​សារភាព និង លើ​ការបំផុស​ពី​ព្រះវិញ្ញាណ​ដល់​ខ្ញុំ នោះ​ក្នុង​ចំណោម​អ្វីៗ​ផ្សេងទៀត គឺ​គាត់​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទទួលទាន​សាក្រាម៉ង់​មួយ​រយៈ ។ យើង​បាន​ជួប​ជា​ទៀងទាត់ ដើម្បី​ប្រាកដ​ថា ការប្រែចិត្ត​នោះ​ត្រូវបាន​ធ្វើ​ឡើង ហើយ​បន្ទាប់​ពី​ពេលវលា​សមរម្យ​កន្លង​ទៅ ខ្ញុំ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​បាន​ទទួលទាន​សាក្រាម៉ង់​ម្ដងទៀត ។

« កាលដែល​ខ្ញុំ​អង្គុយ​នៅ​វេទិកា​ក្នុង​ការប្រជុំ​សាក្រាម៉ង់​នោះ ក្រសែភ្នែក​របស់​ខ្ញុំ​ត្រូវបាន​ទាញ​ទៅរក​គាត់ ពេល​ដែល​គាត់​បាន​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម ។ ខ្ញុំ​បាន​ធ្វើ​ទីបន្ទាល់​ពី​ព្រះហស្ដ​នៃ​សេចក្ដី​មេត្តា​ករុណា សេចក្ដី​ស្រឡាញ់ និង សុវត្ថិភាព ដែល​ឱប​ក្រសោប​គាត់ ពេលដែល​ការព្យាបាល​នៃ​ដង្វាយធួន​បាន​ធ្វើ​ឲ្យ​ព្រលឹង​គាត់​កក់ក្ដៅ និង បាន​លើក​បន្ទុក​គាត់​ឡើង ដែល​ជាលទ្ធផល​នៅក្នុង​ការអត់ទោស សេចក្ដី​សុខសាន្ត និង សុភមង្គល​ដែល​បាន​សន្យា » ( “Arms of Safety” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 49 ) ។

រូបភាព
ស្ត្រី​ប៉ះ​អាវរ៉ូប​របស់​ព្រះគ្រីស្ទ

ប៊ីស្សព និង អ្នក​ដឹកនាំ​បព្វជិតភាព​ផ្សេងៗ​ទៀត អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា និង កម្លាំង​ដែល​យើង​ត្រូវការ​ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ភស្ដុតាង​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង អាលម៉ា 15:11–12 ដែល​បង្ហាញ​ថា ស៊ីអែសរ៉ុម​បាន​ប្រែចិត្ត និង ទទួល​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ?

គោលការណ៍​មួយ​ដែល​អ្នក​អាច​សរសេរ​នៅក្នុង​ព្រះគម្ពីរ ឬ សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សម្រាប់ អាលម៉ា 15:6–12 គឺ ៖ តាមរយៈ​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​ព្យាបាល និង ពង្រឹង ។ យោងទៅតាម អាលម៉ា 15:16, 18 តើ​គោលការណ៍​នេះ​បង្ហាញ​ជាក់ស្ដែង​នៅក្នុង​ជីវិត​អាមូលេក​យ៉ាងណា​ដែរ ?

អាលម៉ា និង អាមូលេក បាន​ស្ថាបនា​សាសនាចក្រ​នៅក្នុង​ចំណោម​ប្រជាជន​សៃដុម ហើយ​បន្ទាប់មក​ពួកលោក​បាន​ត្រឡប់​ទៅ​ដែនដី​សារ៉ាហិមឡា​វិញ ។

នៅក្នុង អាលម៉ា 16 យើង​អាន​ថា មាន​ពលទ័ព​លេមិន​មួយ​កង​បាន​ឈ្លានពាន​ដែនដី​នីហ្វៃ និង បាន​បំផ្លាញ​ទីក្រុង​អាំម៉ូណៃហា នោះ​បាន​បំពេញ​ដល់​ការព្យាករណ៍​របស់​អាលម៉ា និង អាមូលេក ដែល​ថា បើសិន​ប្រជាជន​មិន​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ ( សូមមើល អាលម៉ា 9:12 ) ។ ពេល​អ្នក​អាន អាលម៉ា 16 សូម​រកមើល​ថា នរណា​ដែល​ពួក​សាសន៍​នីហ្វៃ​ងាកទៅ​រកជំនួយ ដើម្បី​ពួកគេ​អាច​យកឈ្នះ​លើ​ពលទ័ព​លេមិន ។ សូម​ប្រដូច​បទពិសោធន៍​នេះ ទៅនឹង​សង្គ្រាម និង មារសត្រូវ​របស់​អ្នក​ផ្ទាល់ ដែល​អ្នក​ប្រឈម​មុខ​ជាមួយ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 14–16 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖