ថ្នាក់​សិក្ខាសាលា
មេរៀនទី 17 ៖ ថ្ងៃទី 2 អាលម៉ា 19–20


មេរៀនទី 17 ៖ ថ្ងៃទី 2

អាលម៉ា 19–20

សេចក្តីផ្ដើម

ដូច​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង អាលម៉ា 19–20 ស្ដេច​ឡាម៉ូណៃ បាន​មាន​បទពិសោធន៍​ពី​ការផ្លាស់ប្ដូ​ដ៏​ធំ​នៅ​ក្នុង​ដួងចិត្ត ដែល​ដឹកនាំ​ឲ្យ​ប្រជាជន​របស់​ទ្រង់​ជាច្រើន​ប្រែចិត្ត​ជឿ ។ អាំម៉ូន និង ស្ដេច​ឡាម៉ូណៃ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​មិឌដូណៃ ដើម្បី​ទៅ​ជួយ​រំដោះ​បងប្អូន​របស់​អាំម៉ូន​ដែល​ជាប់​គុក ។ នៅតាម​ផ្លូវ ពួកលោក​បាន​ជួប​នឹង​បិតា​របស់​ឡាម៉ូណៃ ដែល​ជា​ស្ដេច​គ្រប់គ្រង​លើ​ដែនដី​ពួកសាសន៍​​លេមិន​ទាំងអស់ ។ ទីបន្ទាល់​ដ៏​រឹងមាំ​របស់​អាំម៉ូន និង ការការពារ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​របស់​ឡាម៉ូណៃ បាន​នាំ​ឲ្យ​បិតា​របស់​ឡាម៉ូណៃ ទន់​ព្រះទ័យ ហើយ​យល់ព្រម​ដោះលែង​បងប្អូន​របស់​អាំម៉ូន ។ ដោយសារ​ទីបន្ទាល់ និង គំរូ​របស់​អាំម៉ូន មនុស្ស​ជាច្រើន​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​រៀន​ដំណឹងល្អ និង ប្រែចិត្ត​ជឿ ។

អាលម៉ា 19

ស្ដេច​ឡាម៉ូណៃ និង ប្រជាជន​របស់​ទ្រង់​ជាច្រើន​ប្រែចិត្ត និង ទទួល​បុណ្យ​ជ្រមុជទឹក

សូម​គិត​អំពី​ឥទ្ធិពល​នៃ​រលក​ដែល​ច្រាន​ចេញ​ជា​រង្វង់​ទៅខាងក្រៅ ដែល​កើតមាន​ឡើង​ពេល​អ្នក​ទម្លាក់​គ្រួស​មួយ​ដុំ​ទៅក្នុង​ថ្លុក​ទឹកមួយ ។

តើ​ទង្វើ​របស់​មនុស្ស​ម្នាក់ អាច​ដូច​ជា​គ្រួស​ដែល​គេ​ទម្លាក់​ទៅក្នុង​ទឹក​ដោយ​របៀបណា ?

សូម​សរសេរ អាំម៉ូន នៅ​ចំណុច​កណ្ដាល ( វង្វង់​ពង​ក្រពើរ ) នៃ​រូប​ខាងក្រោម​នេះ ។

រូបភាព
រូប​រលក​ដែល​ច្រាន​ចេញ​ជា​រង្វង់​ទៅខាងក្រៅ

សូម​អាន អាលម៉ា 19:1, 6 ដើម្បី​រកមើល ថាតើ​នរណា​ជា​មនុស្ស​ទីមួយ​ដែល​បានទទួល​ឥទ្ធិពល​ពី​ទីបន្ទាល់​របស់​អាំម៉ូន ហើយ​សូម​សរសេរ​ឈ្មោះ​នៅក្នុង​ប្រអប់​ទីមួយ​នៃ​រូប​នេះ ។ សូម​ជ្រើសរើស​ឃ្លា​មួយ​ចេញ​ពី​ខ​ទាំងនេះ ដែល​អ្នក​មាន​អារម្មណ៍​ថា ពិពណ៌នា​បាន​ល្អ​បំផុត​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ឡាម៉ូណៃ ។ សូម​សរសេរ​ឃ្លា​នោះ និង យោបល់​របស់​អ្នក​អំពី​អត្ថន័យ​ឃ្លា​នោះ ៖

សូម​ពិនិត្យ​មើល អាលម៉ា 19:7–10 រកមើល​មនុស្ស​ដែល​បាន​ទទួល​ឥទ្ធិពល​បន្ទាប់​ទៀត តាមរយៈ​ទីបន្ទាល់​របស់​អាំម៉ូន ហើយ​សូម​សរសេរ​នៅ​ប្រអប់​ទីពីរ​នៃ​រូបភាព ។ យោងតាម អាលម៉ា 19:10 តើ​អ្វី​ដែល​អស្ចារ្យ​អំពី​សេចក្ដី​ជំនឿ​របស់​អគ្គមហេសី​នៃ​ស្ដេច​ឡាម៉ូណៃ ?

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 19:11–13 តើ​អគ្គមហេសី​របស់​ឡាម៉ូណៃ​បាន​ទទួល​ឥទ្ធិពល​យ៉ាងណា តាមរយៈ​ទីបន្ទាល់​របស់​ស្វាមី​ព្រះនាង ?

  1. សូមអាន អាលម៉ា 19:13–14 ហើយ​ឆ្លើយតប​ចំពោះ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា « ស្រុតចុះ…ដោយ​ព្រះវិញ្ញាណ » ឬ « បាន​ពោរពេញ​ដោយ​សេចក្ដី​អំណរ » មានន័យ​យ៉ាងណា ? តើ​ពេលណា​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​អាន អាលម៉ា 19:15 រកមើល​ថា​នរណា​បន្ទាប់​ទៀត ដែល​បាន​ទទួល​ឥទ្ធិពល​ពី​ទីបន្ទាល់​របស់​អាំម៉ូន ហើយ​សរសេរ​នៅក្នុង​រង្វង់​ទីបី​នៃ​រូបភាព ។

សូម​អាន អាលម៉ា 19:16–17 ដើម្បី​រកមើល​នរណា​បន្ទាប់​ទៀត ដែល​បាន​ទទួល​ឥទ្ធិពល ហើយ​សរសេរ​នៅក្នុងរង្វង់​ទីបួន ។

សូម​គិត​អំពី​របៀប​ដែល​អ្នក​បម្រើ​ទាំងអស់​របស់​ស្ដេច បានទទួល​ឥទ្ធិពល ​ដោយសារតែ​ហេតុការណ៍​នានា ជាមួយ​នឹង​អាំម៉ូន ឡាម៉ូណៃ និង អគ្គមហេសី​របស់​ទ្រង់ ។ នៅក្នុង អាលម៉ា 19:15–17 សូម​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ណា ដែល​បង្ហាញ​ថា ពួក​អ្នក​បម្រើ​របស់​ឡាម៉ូណៃ​ បាន​បែរ​មករក​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​ឡាម៉ូណៃ និង គ្រួសារ​របស់​ទ្រង់ បាន​ដឹកនាំ​​អ័ប៊ីស​យ៉ាងណាខ្លះ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​នាង ក្នុង​ការចែកចាយ​ទីបន្ទាល់​​ជាមួយ​អ្នក​ដទៃ​ទៀត បន្ទាប់​ពី « មិន​ដែល​ឲ្យ​គេ​ដឹង » ( អាលម៉ា 19:17 ) អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ?

សូមអាន អាលម៉ា 19:18–22 ដើម្បី​ឃើញ​ថា តើ​ប្រជាជន​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ដំណាក់​របស់​ស្ដេច បាន​បកស្រាយ​យ៉ាងណា​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។ សូម​ស្រមៃ​ថា​អ្នក​ជា​អ័ប៊ីស ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​បន្ទាប់​ទៀត បន្ទាប់ពី​ឃើញ​ការវិវាទ​ក្នុង​ចំណោម​ប្រជាជន ? ដើម្បី​រៀន​ពី​អ្វី​ដែល​អ័ប៊ីស​បាន​ធ្វើ សូម​អាន អាលម៉ា 19:23–29 ។

សូមអាន អាលម៉ា 19:30–36 ហើយ​ពិចារណា​អំ​ពី​ឥទ្ធិពល​ដែល​ទីបន្ទាល់​របស់​អាំម៉ូន​មាន​ទៅលើ​អ្នក​ដទៃ​ទៀត ។ សូម​សរសេរ​នៅក្នុង​រង្វង់​​ទីប្រាំ​នៃ​រូបភាព​ថា « ពួក​សាសន៍​លេមិន​ជាច្រើន​ផ្សេងទៀត » ។

  1. សូម​គិត​ពី​មនុស្ស​ទាំងអស់​ដែល​បានទទួល​ឥទ្ធិពល​ពី​ទីបន្ទាល់​របស់​អាំម៉ូន ហើយ​បន្ទាប់មក សូម​បំពេញ​បញ្ចប់​ឃ្លា​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ និង ធ្វើ​ជា​គំរូ​សុចរិត នោះ​ខ្ញុំ​អាច …

តាមរយៈ​ទីបន្ទាល់ និង គំរូ​របស់​លោក អាំម៉ូន​បានជួយ​ឡាម៉ូណៃ និង អ្នក​ដទៃទៀត​បែរ​មករក​ព្រះអម្ចាស់ ។ សូម​គិត​ពិចារណា​ពី​មនុស្ស​ទាំងឡាយ​ ដែល​មាន​តួ​នាទី​ខាង​វិញ្ញាណ​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​គិត​ពី​នរណា​ម្នាក់ ដែល​មាន​គំរូ​សុចរិត និង ទីបន្ទាល់​ ដែល​ជះ​ឥទ្ធិពល​ដល់​អ្នក ។ តើ​អ្នក​អាច​គិត​អំពី​របៀប​ទាំងឡាយ ដែល​មនុស្ស​នេះ​ជះ​ឥទ្ធិពល​ល្អ​ដល់​មនុស្ស​ផ្សេងទៀត​ផងដែរ​ទេ ?

  1. សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀនមក​​ពី​គំរូ​របស់​អាំម៉ូន ដោយ​ការឆ្លើយ​នូវ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សមាជិក​គ្រួសារ និង មិត្តភក្ដិ​របស់​អ្នក ​អាច​បាន​ទទួល​ពរជ័យ​យ៉ាងណា បើ​អ្នក​ធ្វើតាម​គំរូ​របស់​អាំម៉ូន ក្នុង​ការរស់នៅ​ដោយ​សុចរិត បម្រើ​អ្នក​ដទៃ និង ចែកចាយ​ទីបន្ទាល់​របស់​អ្នក​នោះ ?

    2. តើ​គំរូ និង ទីបន្ទាល់​របស់​អ្នក អាច​បណ្ដាល​ឲ្យ​មាន​ជា « រលក​ដែល​ច្រាន​ចេញ​ជា​រង្វង់​ទៅខាងក្រៅ » ហួស​ពី​អ្វី​ដែល​អ្នក​អាច​មើលឃើញ​ថា កំពុង​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ន​ជាមួយ​ក្រុមគ្រួសារ មិត្តភក្ដិ និង អ្នកស្គាល់ យ៉ាងណាដែរ ?

អាលម៉ា 20

បិតា​របស់​ស្ដេច​ឡាម៉ូណៃ​មាន​ការផ្លាស់​ប្ដូរ​នៅក្នុង​ដួងចិត្ត និង មាន​បំណង​ប្រាថ្នា​រៀន​​ដំណឹងល្អ

សូម​អាន​ស្ថានភាព​បី​ខាងក្រោម​នេះ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប ៖

  • នៅក្នុង​ការប្រកួត​កីឡា​មួយ អាជ្ញា​កណ្ដាល​បាន​ធ្វើ​ការសម្រេច​មិនត្រឹមត្រូវ ហើយ​ហាក់​ដូចជា​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​អ​យុត្តិធម៌ ។

  • គ្រូ​ម្នាក់​បាន​ចោទ​ប្រកាន់​អ្នក​នៅមុខ​សិស្ស​ក្នុង​ថ្នាក់ ថា​អ្នក​លប​មើល​ឯកសារ​​ពេល​ប្រលង តែ​អ្នក​ពុំ​បាន​ធ្វើ​សោះ ។

  • ឪពុក​ម្ដាយ​អ្នក​ចោទប្រកាន់​អ្នកថា ​អ្នក​ធ្វើ​អ្វី​មួយ ដែល​តាមពិត​ទៅ​គឺជា​​ប្អូនប្រុស ឬ ប្អូនស្រី​អ្នកទេ ដែល​​ជា​អ្នក​បាន​ធ្វើ ។

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 20 អាំម៉ូន និង ឡាម៉ូណៃ បានឃើញ​ថា ពួកលោក​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ ដែល​ពួកលោក​អាច​ឆ្លើយតប​ដោយ​កំហឹង​បាន ។ សូម​ស្រមៃ​ថា អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ជា​អាំម៉ូន និង ឡាម៉ូណៃ ពេល​អ្នក​សិក្សា​ជំពូក​នេះ ។

សូមអាន អាលម៉ា 20:1–7 ដើម្បី​ឃើញ​ពី​អ្វី​ដែល​បានកើត​ឡើង ពេល​ដែល​ឡាម៉ូណៃ​ចង់​ណែនាំ​អាំម៉ូន​ទៅកាន់​បិតា​ទ្រង់ ដែល​ជា​ស្ដេច​គ្រប់គ្រង​លើ​ដែនដី​ទាំងអស់​នៃ​សាសន៍​លេមិន​នោះ ។ បន្ទាប់មក សូមអាន​ក្រុម​ខគម្ពីរ​នីមួយៗ​ខាងក្រោម​នេះ ហើយ​ពិចារណា​ពី​ចម្លើយ​របស់​អ្នក ដើម្បី​តប​ទៅ​នឹង​សំណួរ​ទាំងឡាយ​នោះ ។

អាលម៉ា 20:8–13

បើសិន​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ជា​អាំម៉ូន ហើយ​មាន​នរណា​ម្នាក់​បាន​ចោទប្រកាន់​អ្នក​ ទាំង​មិន​ត្រឹម​ត្រូវ ថា​ អ្នក​កុហក និង លួច​ប្លន់ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ?

អាលម៉ា 20:14–16

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សរសើរ ពី​ការឆ្លើយតប​របស់​ឡាម៉ូណៃ​ទៅកាន់​បិតា​ទ្រង់ ?

អាលម៉ា 20:17–25

តើ​អាំម៉ូន​បាន​ឆ្លើយតប​យ៉ាងណា ចំពោះ​កំហឹង​របស់​បិតា​ស្ដេច​ឡាម៉ូណៃ ? តើ​អាំម៉ូន​បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ឡាម៉ូណៃ​យ៉ាងណា ?

សូមអាន អាលម៉ា 20:26–27 ដើម្បី​ឃើញ​ពី​ឥទ្ធិពល​ទាំងឡាយ​នៃ​ការឆ្លើយតប​របស់​អាំម៉ូន ។ តើ​បិតា​របស់​ឡាម៉ូណៃ​មាន​បំណង​ប្រាថ្នា​រៀន​អំពី​អ្វីខ្លះ បន្ទាប់​ពី​ឃើញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​អាំម៉ូន​បាន​បង្ហាញ​នោះ ?

តើ​យើង​អាច​រៀន​អ្វីខ្លះ មក​ពី​ការឆ្លើយតប​របស់​អាំម៉ូន ចំពោះ​កំហឹង​របស់​បិតា​ស្ដេច​ឡាម៉ូណៃនោះ ?

សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អាលម៉ា 20:26–27 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ពេល​យើង​ធ្វើ​ទង្វើ​ដោយ​សេចក្ដី​ស្រឡាញ់ វា​អាច​នាំ​អ្នក​ដទៃ​ទៀត​ឲ្យ​ទន់​ចិត្ត ហើយ​ឲ្យ​ពួកគេ​ស្វែង​យល់​ពី​សេចក្ដី​ពិត ។ សូម​គិត​ពិចារណា ពេលដែល​អ្នក​អាច​មាន​ឱកាស​ក្នុង​ការឆ្លើយតប​ចំពោះ​កំហឹង​របស់​មនុស្ស​ម្នាក់ ដោយ​សេចក្ដី​ស្រឡាញ់ នៅក្នុង​ផ្ទះ ជាមួយ​មិត្តភក្ដិ ឬ នៅ​សាលា ។

  1. សូម​សរសេរ​គោលដៅ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពិពណ៌នា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយតប​ចំពោះ​កំហឹង ដោយ​សេចក្ដី​ស្រឡាញ់ ឲ្យ​កាន់តែ​ប្រសើរ​ជាងមុន ដូច​ដែល​អាំម៉ូន​បាន​ធ្វើ​ជាមួយ​នឹង​ស្ដេច​នៃ​សាសន៍​លេមិន ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 19–20 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖