ថ្នាក់​សិក្ខាសាលា
អាលម៉ា


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​អាលម៉ា

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការ​​សិក្សា​គម្ពីរ​អាលម៉ា នោះ​អ្នក​នឹង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ភាពចាំបាច់​នៃ​ដង្វាយធួន និង ការរស់​ឡើងវិញ​របស់​ទ្រង់ នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។ អ្នក​នឹង​រៀន​ផងដែរ អំពី​ព្រះចេស្តា​នៃ​ព្រះបន្ទូល​របស់​ព្រះ ក្នុង​ការយកឈ្នះ​លើ​ឧបាយកល​ផ្នែកសង្ឃ គោលលិទ្ធិ​ក្លែងក្លាយ អំពើបាប ការស្អប់ និង ការក្បត់​សាសនា ខណៈ​ដែល​ព្រះបន្ទូល​ទាំង​នោះ​ដឹកនាំ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​បាន​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត ហើយ​កើត​ម្ដងទៀត ។ អ្នក​នឹង​ត្រូវបាន​ស្អាង​ឡើង ពេល​អ្នក​អាន​អំពី​កិច្ច​ប្រឹងប្រែង​ផ្នែក​ផ្សព្វផ្សាយ​សាសនា​របស់​បុត្រា​ទាំងឡាយ​នៃ​ម៉ូសាយ និង ការប្រែចិត្តជឿ និង ភាពស្មោះត្រង់​របស់​ប្រជាជន​អាំម៉ូន ឬ ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ ដែល​កើត​ក្រោយ​ពីនោះ​មក ។ ជាងនោះ​ទៅទៀត ពេល​អ្នក​សិក្សា​ក្នុង​ជំពូក​ទាំងឡាយ ដែល​រៀបរ៉ាប់​អំពី​ចម្បាំង​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង សាសន៍​លេមិន នោះ​អ្នក​អាច​រៀន​ពី​គោលការណ៍​ទាំងឡាយ ដែល​នឹង​ដឹកនាំ​អ្នក​ក្នុង​គ្រា​ច្របូកច្របល់​ទាំងឡាយ​ដែល​អ្នក​រស់នៅ ហើយនិង​ជួយ​អ្នក​មាន​ជ័យជំនះ​ក្នុង​សង្គ្រាម​ផ្ទាល់ខ្លួន​របស់​អ្នក ក្នុងការ​ទប់ទល់​នឹង​មារសត្រូវ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​ចងក្រង និង សង្ខេប​បញ្ជី​ប្រវត្តិ​ទាំងឡាយ​ចេញពី​ផ្ទាំងធំ​នៃ​នីហ្វៃ ដើម្បី​បង្កើត​ជា​គម្ពីរ​អាលម៉ា ។ គម្ពីរ​នេះ​ត្រូវបាន​ដាក់ឈ្មោះ​ថា អាលម៉ា ដែល​ជា​កូនប្រុស​របស់​អាលម៉ា ហើយ​ជា​ញឹកញាប់​ត្រូវបាន​ហៅ​ថា អាលម៉ា​ជាកូន ។ ក្នុងពេល​នោះ ស្ដេច​ម៉ូសាយ​បង្កើត​រាជ​នៃ​ពួកចៅក្រម​ទាំងឡាយ​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ អាលម៉ា​បានក្លាយ​ជា​មេចៅក្រម​ទីមួយ ហើយ​ក៏​បាន​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់​គ្រប់គ្រង​លើ​សាសនាចក្រ បន្ទាប់​ពី​ឪពុក​លោក​ផងដែរ ( សូមមើល ម៉ូសាយ 29:42 ) ។ នៅ​ទីបំផុត លោក​បាន​លា​ចាក​ពី​តំណែង​របស់​លោក​ជា​មេចៅក្រម ដើម្បី​ឧទ្ទិស​ខ្លួនលោក « ទាំងស្រុង​ទៅលើ​តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់ » និង « ប្រកាស​ប្រាប់​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ប្រជាជន » ទូទាំង​ដែនដី​ទាំងអស់​របស់​សាសន៍​នីហ្វៃ ( អាលម៉ា 4:20; 5:1 ) ។ មរមន​បានប្រើ​បញ្ជី​ប្រវត្តិ​ទាំងឡាយ​នៃ​ការបម្រើ​របស់​អាលម៉ា ( អាលម៉ា 1–44 ) និង ការសរសេរ​នៃ​កូនប្រុស​របស់​លោក គឺ ហេលេមិន ( អាលម៉ា 45–62) និង ស៊ិបឡុន ( អាលម៉ា 63 ) ដើម្បី​ចងក្រង​គម្ពីរ​អាលម៉ា ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ?

បញ្ជី​ប្រវត្តិ​ដើម​ដែល​ត្រូវបាន​យក​មក​ប្រើប្រាស់​ជា​ប្រភព​សម្រាប់​គម្ពីរ​អាលម៉ា ទំនង​ជា​ត្រូវបាន​សរសេរ​រវាង​ឆ្នាំ 91 ម.គ.ស. និង ឆ្នាំ 52 ម.គ.ស. ។ មរមន​បាន​សង្ខេប​បញ្ជី​ប្រវត្តិ​ទាំងនោះ​នៅ​ចន្លោះ​ឆ្នាំ 45 គ.ស. និង 385 គ.ស. ។ មរមន​ពុំ​បាន​កត់ត្រា​ពី​ទីកន្លែង​ដែល​លោក​នៅ​នោះទេ ពេល​លោក​ធ្វើ​ការសង្ខេប​នេះ ។