ថ្នាក់​សិក្ខាសាលា
មេរៀនទី 18 ៖ ថ្ងៃទី 4 អាលម៉ា 32


មេរៀនទី 18 ៖ ថ្ងៃទី 4

អាលម៉ា 32

សេចក្តីផ្ដើម

បន្ទាប់​ពី​បានឃើញ​ទម្រង់​ក្បត់​​សាសនា​នៃ​ការថ្វាយ​បង្គំ​របស់​ពួកសាសន៍​​សូរាំ​ហើយ នោះ​អាលម៉ា និង ដៃគូ​ទាំងឡាយ​របស់​លោក បាន​ផ្សព្វផ្សាយ​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ពួកគេ ។ ពួកលោក​បាន​ចាប់ផ្ដើម​មាន​ជោគជ័យ​ខ្លះៗ ក្នុង​ចំណោម​ប្រជាជន​ដែល​ក្រីក្រ និង ត្រូវ​បណ្ដេញ​ចេញ​ពី​កន្លែង​ថ្វាយ​បង្គំ​របស់​ពួកសាសន៍​សូរាំ ។ ដោយ​ប្រើប្រាស់​នូវ​ភាព​ស្រដៀងគ្នា​នឹង​ការដាំ និង ថែទាំ​គ្រាប់ពូជ​មួយ នោះ​អាលម៉ា​បាន​បង្រៀន​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល និង ថែទាំ​សេចក្ដី​ជំនឿ​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ ។ អាលម៉ា​បានអញ្ជើញ​ពួកគេ ( និង ពួកយើង ) ឲ្យ​ពិសោធ​លើ​ព្រះបន្ទូល និង ឲ្យ​ថែទាំ​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​ពួកគេ​ជា​ប្រចាំ​ថ្ងៃ ។

អាលម៉ា 32:1–16

អាលម៉ា​បង្រៀន​ពួក​សាសន៍​សូរាំ ដែល​បាន​បន្ទាប​ខ្លួន ដោយសារ​ភាពក្រីក្រ​របស់​ពួកគេ ។

  1. សូម​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​បាន​សួរ​អ្នក​ថា តើ​មនុស្ស​ម្នាក់​អាច​ដឹង​ថា សាសនាចក្រ​ពិត​ដោយ​របៀបណា ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ការឆ្លើយតប​របស់​អ្នក អំពី​របៀប​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ ។ បន្ទាប់មក សូម​សរសេរ​របៀប​ដើម្បី​ទទួល និង ពង្រឹង​ទីបន្ទាល់​មួយ នៅ​បន្ទាត់​បន្ទាប់​ទៀត​នៃ​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។ ពេល​អ្នក​សិក្សា អាលម៉ា 32 សូម​ធ្វើ​បញ្ជី​មួយ​នៅក្រោម​ចំណងជើង​នេះ ពី​ការយល់​ដឹង​ជ្រាលជ្រៅ​ដែល​អ្នក​បាន​រកឃើញ ពី​របៀប​ទទួល និង ពង្រឹង​ទីបន្ទាល់ ។ អ្នក​នឹង​បន្ត​បន្ថែម​ចូល​ក្នុង​បញ្ជី​នេះ ពេញ​មួយ​មេរៀន​នេះ ហេតុ​ដូច្នោះ​ហើយ វា​ជា​ការល្អ​ក្នុង​ការទុក​ចន្លោះ​បន្ថែម រវាង​កិច្ចការ​ទីមួយ​នៃ​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ និង កិច្ចការ​ទី 2 ។

នៅក្នុង​មេរៀន​មុន ( អាលម៉ា 31 ) អ្នក​បាន​អាន​អំពី​របៀប​ដែល​អាលម៉ា និង បងប្អូន​ប្រុស​របស់​លោក​បាន​សង្កេត​ពី​ការថ្វាយ​បង្គំ​ខុសឆ្គង​របស់​ពួក​សាសន៍សូរាំ ដែល​ជា​ពួកសាសន៍​​នីហ្វៃ​មួយ​ក្រុម ដែល​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ពិត ។ ក្រោយ​ពី​ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​អាលម៉ា​រួចមក លោក និង បងប្អូន​ប្រុស​របស់​លោក បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ដំណឹងល្អ​ក្នុង​ចំណោម​ប្រជាជន​នេះ ។ សូមអាន អាលម៉ា 32:1–3 ហើយ​រកមើល ថា​ក្រុម​ណា​មួយ​នៃ​ពួកសាសន៍​សូរាំ ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​សារដំណឹង​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

សូមអាន អាលម៉ា 32:4–6 ហើយ​រកមើល ថាតើ​ឥទ្ធិពល​នៃ​ភាពក្រីក្រ​របស់​ពួកគេ​គឺជា​ពរជ័យ​មួយ​យ៉ាងណា​ដែរ ។

គោលការណ៍​មួយ​ដែល​មាន​ក្នុង​ខ​ទាំងនេះ​គឺ ៖ ការបន្ទាប​ខ្លួន​រៀបចំ​យើង​ឲ្យ​ទទួល​ព្រះបន្ទូល​នៃ​ព្រះ ។ សូម​សរសេរ បន្ទាបខ្លួន នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ខាងក្រោម​ចំណងជើង « របៀប​ដើម្បី​ទទួល និង ពង្រឹង​ទីបន្ទាល់​មួយ » ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា ការបន្ទាប​ខ្លួន​គឺជា​ការសំខាន់​ចំពោះ​ការទទួល និង ពង្រឹង​ទីបន្ទាល់ ។

សូមអាន អាលម៉ា 32:13–16 រកមើល​របៀប​ផ្សេងៗ ដែល​មនុស្ស​អាច​បន្ទាបខ្លួន ។ ផ្អែក​លើ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន តើ​អ្នក​នឹង​ជ្រើសរើស​បន្ទាបខ្លួន ឬ ជ្រើសរើស​ដើម្បី​ត្រូវបង្ខំ​ឲ្យ​បន្ទាប​ខ្លួន ? ហេតុអ្វី ?

សូម​ពិចារណា​ថា អ្នក​គិត​ថា មាន​ចិត្ត​រាបសា​ដោយ​ខ្លួន​ឯង « ដោយ​ព្រោះ​ព្រះបន្ទូល » ( អាលម៉ា 32:14 ) វា​មានន័យ​យ៉ាងណា ។ តើ​វា​អាច​អនុវត្ត​បាន​យ៉ាងណា ចំពោះ​អាកប្បកិរិយា​របស់​អ្នក​ចំពោះ​សកម្មភាព​សាសនាចក្រ ថ្នាក់​សិក្ខាសាលា ឬ រាត្រី​ជួបជុំ​ក្រុមគ្រួសារ ?

សូម​ជ្រើសរើស​ដើម្បី​មាន​ចិត្ត​រាបសា ​ដោយ​ការធ្វើ​តាម​ការបំផុស​ទាំងឡាយ ដែល​អ្នក​បាន​ទទួល​ទាក់ទង​នឹង​ការបន្ទាប​ខ្លួន​ផ្ទាល់ខ្លួន​របស់​អ្នក ។

អាលម៉ា 32:17–43

អាលម៉ា​បង្រៀន​ពួក​សាសន៍​សូរាំ​ពី​របៀប​ដើម្បី​ពង្រីក​សេចក្ដី​ជំនឿ​របស់​គេ

ខណៈដែល​កំពុង​បង្រៀន​ដល់​ពួកសាសន៍​សូរាំ អាលម៉ា​បាន​កំណត់​ពី​គំនិត​ខុសឆ្គង​មួយ​ដែល​មនុស្ស​ជាច្រើន​មាន អំពី​ការទទួល​នូវ​ទីបន្ទាល់​មួយ ។ សូមអាន អាលម៉ា 32:17–18 ហើយ​រកមើល​គំនិត​ខុសឆ្គង​នេះ ។

សូម​ពិចារណា​មួយ​ស្របក់ ថាតើ​ការរំពឹង​ចង់បាន​ទីសម្គាល់​មួយ អាច​ជា​ឧបសគ្គ​យ៉ាងណា ក្នុង​ការស្ថាបនា​សេចក្ដី​ជំនឿ និង ទីបន្ទាល់ ។ ( អ្នក​អាច​នឹង​ចង់​សរសេរ គ. និង ស. 63:9–11 នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ អាលម៉ា 32:17–18 ហើយ​អាន​វា​ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម ) ។

សូមអាន អាលម៉ា 32:21 ជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ហើយ​រកមើល​និយមន័យ​របស់​អាលម៉ា ថា​អ្វី​ជា​សេចក្ដី​ជំនឿ និង អ្វី​ដែល​មិន​មែន ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

សូមអាន អាលម៉ា 32:22 ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​មាន​សេចក្ដី​ជំនឿ និង ទីបន្ទាល់​ផ្ទាល់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ។

បន្ថែម​ឃ្លា ចងចាំ​ពី​សេចក្ដី​មេត្តា​ករុណា​នៃ​ព្រះ និង ជ្រើសរើស​ដើម្បី​ជឿ ទៅក្នុង​បញ្ជី « របៀប​ដើម្បី​ទទួល និង ពង្រឹង​ទីបន្ទាល់​មួយ » ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

អាលម៉ា​បាន​បង្រៀន​ពួកសាសន៍​សូរាំ ពី​របៀប​ដែល​ពួកគេ​អាច​ចាប់ផ្ដើម​ជឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ ដោយ​ការសាកល្បងធ្វើ​​ការពិសោធន៍​មួយ ។ សូម​គិត​ពី​ការពិសោធន៍​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​ថ្នាក់​វិទ្យាសាស្ត្រ ឬ ថ្នាក់​ផ្សេងទៀត និង ជំហាន​ដែល​អ្នក​បាន​ធ្វើ ។ សូម​កត់​ចំណាំ​ថា ការពិសោធន៍​ទាំងឡាយ​តម្រូវ​ឲ្យ​មាន​សកម្មភាព​ពី​​អ្នក​ស្រាវជ្រាវ ។ ដូចគ្នា​ដែរ ដំណើរការ​នៃ​ការទទួល ឬ ពង្រឹង​នូវ​ទីបន្ទាល់​មួយ តម្រូវ​ឲ្យ​មាន​សកម្មភាពពី​អ្នក​ដែរ ។ សូមអាន អាលម៉ា 32:27 ហើយ​រកមើល​ការពិសោធន៍​ដែល​អាលម៉ា​បាន​អញ្ជើញ​ពួកសាសន៍​សូរាំ​ឲ្យ​សាកល្បង ។

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ពាក្យ សមត្ថភាព​ទាំងឡាយ មានន័យ​ថា អំណាច ឬ សមត្ថភាព​ទាំងឡាយ​ដែល​យើង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន ដើម្បី​ដឹង និង យល់​ពី​ពិភព​ដែល​នៅ​ជុំវិញ​យើង ។ សមត្ថភាព​ទាំង​នោះ​រួម​មាន​នូវ​ញាណ​ទាំងឡាយ​របស់​យើង​ដូចជា សោតវិញ្ញាណ ចក្ខុវិញ្ញាណ និង កាយ​វិញ្ញាណ ការគិត​សមហេតុ​ផល និង ការចងចាំ ។

សូម​បន្ថែម​ឃ្លា ការពិសោធន៍​ដល់ ( ឬ ធ្វើ​ទៅតាម ) ព្រះ​បន្ទូល ទៅក្នុង​បញ្ជី « របៀប​ដើម្បី​ទទួល និង ពង្រឹង​ទីបន្ទាល់​មួយ » ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ពេល​អ្នក​អាន អាលម៉ា 32:28 អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នូវ​ឃ្លា​ទាំងឡាយ​ដូចជា « ចាប់ផ្ដើម​រីកឡើង » « ពង្រីក​ព្រលឹង​របស់​ខ្ញុំ » « បំភ្លឺ​យោបល់​របស់​ខ្ញុំ » និង « មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ » ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​យើង​លូតលាស់​ឡើង ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី

« យើង​លូតលាស់​នៅក្នុង​សេចក្ដី​ជំនឿ យើង​ឈាន​មួយ​ជំហាន​ម្ដងៗ ពី​កម្រិត​ទាប​ទៅ​កម្រិត​ដែល​កាន់តែ​ខ្ពស់ ។ យើង​បន្ថែម​ព្រះគុណ​លើ​ព្រះគុណ រហូត​ដល់​ទីបំផុត​យើង​ទៅដល់​ស្ថានភាព​មួយ ដែល​យើង​បាន​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​បាន​ឥតខ្ចោះ យ៉ាងហោច​ណាស់​ក៏​ដល់​ស្ថានភាព​សុចរិត សីលធម៌ទូទៅ ដែល​មនុស្ស​អាច​មាន ហើយ​ពេលនោះ​យើង​ស្ថិតនៅ​កន្លែង​ដែល​បន្ត​ទៅកាន់​ភាព​អស់កល្ប​ជានិច្ច​នៅក្នុង​ការចម្រើន​ដ៏​អស់កល្ប ។ …

« ចូរ​ខិតខំ​ធ្វើ​គម្រោង​ទាំងឡាយ​ជាមុន ហើយ​ពេល​អ្នក​បាន​ឈាន​មួយ​ជំហាន​ទៅក្នុង​ការទទួល​បាន​នូវ​សេចក្ដី​ជំនឿ នោះ​វា​នឹង​ផ្ដល់​ដល់​អ្នក​នូវ​ការអះអាង​នៅក្នុង​ព្រលឹង​អ្នក​ថា អ្នក​អាច​ឈាន​ទៅមុខ​ទៀត ហើយ​អាច​បោះ​ជំហាន​ទៅ​ជំហាន​បន្ទាប់​ទៀត ហើយ​អំណាច ឬ ឥទ្ធិពល​របស់​អ្នក​នឹង​កើនឡើង​ជា​លំដាប់ » ( Lord, Increase Our Faith, Brigham Young University Speeches of the Year [Oct. 31, 1967] ទំព័រ 9, 11 ) ។

  1. បន្ទាប់ពី​អាន អាលម៉ា 32:28 ហើយ សូម​បំពេញ​កិច្ចការ​ពីរ ឬ ច្រើន​ជាង​នោះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សកម្មភាព​អ្វី​ខ្លះ ដែល​យើង​ត្រូវតែ​ធ្វើ ឬ មិន​ត្រូវធ្វើ ពេល​យើង​ធ្វើ​ការពិសោធន៍​ដល់​ព្រះ​បន្ទូល​នេះ ? ( បញ្ជី​នៃ​ចម្លើយ​ដែល​អាច​មាន​មួយ​ចំនួន មាន​រួម​បញ្ចូល​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

    2. តើ​អ្នក​គិត​ថា « ទុក​កន្លែង​មួយ​សម្រាប់​ឲ្យ [ ព្រះបន្ទូល​នៃ​ព្រះ ] អាច​ដុះ​នៅក្នុង​ចិត្ត​របស់​អ្នក » មានន័យ​យ៉ាងណា ?

    3. តើ​ពេលណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះបន្ទូល​នៃ​ព្រះ​ពង្រីក​ព្រលឹង​អ្នក និង បំភ្លឺ​ការយល់​ដឹង​របស់​អ្នក ? សូម​ពិពណ៌នា​ជា​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក ថា​វា​មាន​អារម្មណ៍​យ៉ាងណា ។

សូមអាន អាលម៉ា 32:29–34 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​នឹង​រៀន​អំពី​ព្រះបន្ទូល​នៃ​ព្រះ ពេល​គេ​ធ្វើ​ការពិសោធន៍​នោះ ។ ពាក្យ ថែទាំ មានន័យ​ថា ចិញ្ចឹម ថែរក្សា ឬ ខ្វល់ខ្វាយ ។

រូបភាព
គ្រាប់ពូជ​នៅក្នុង​ដី

សូម​គិត​មួយ​ស្របក់ ថាតើ​ដំណើរការ​នៃ​ការជួយ​ឲ្យ​រុក្ខជាតិ​មួយ​ដុះ​លូតលាស់ ស្រដៀង​គ្នា​យ៉ាងណា​ដែរ ទៅនឹង​ការជួយ​ឲ្យ​ទីបន្ទាល់​អ្នក​លូតលាស់ ។ សូម​ពិចារណា​ផងដែរ ពី​មូលហេតុ​ដែល​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​មនុស្ស​ម្នាក់​មិន​បាន​ឥតខ្ចោះ បន្ទាប់ពី​ការធ្វើ​ពិសោធន៍​ជាមួយនឹង​ព្រះបន្ទូល​នៃ​ព្រះ​ហើយ​នោះ ។ តើ​អ្នក​គិត​ថា មាន​អ្វី​ថែម​ទៀត​ដែល​ត្រូវធ្វើ ដើម្បី​មាន​ទីបន្ទាល់​មួយ​ដ៏យូរអង្វែង អំពី​ដំណឹងល្អ ?

សូមអាន អាលម៉ា 32:35–40 រកមើល​ដោយ​យក​ចិត្ត​ទុក​ដាក់ ពី​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ថា យើង​ត្រូវតែ​ធ្វើ​ដើម្បី​ធ្វើឲ្យ​ការពិសោធន៍​នោះ​បាន​ពេញលេញ ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ដើម​រុក្ខជាតិ ឬ ទីបន្ទាល់​របស់​អ្នក ​បាន​លូតលាស់ ។ តើ​អ្វី​នឹង​កើតឡើង បើ​អ្នក​មិន​បាន​ធ្វើ​ការណ៍​ទាំងនេះ ?

រូបភាព
Tree Small

សូម​បិទ​ព្រះគម្ពីរ​របស់​អ្នក ហើយ​មើល​ថាតើ​អ្នក​អាច​ឆ្លើយ​បាន​ប៉ុន្មាន​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​ត្រូវតែ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​លើ​ព្រះបន្ទូល​នៃ​ព្រះរបស់​យើង​ បាន​លូតលាស់​ឡើង​ទៅជា​ដើមឈើ​​ដែល​ផ្ដល់​ផល​ផ្លែ ?

  • តើ​អ្នក​គិត​ថា ផ្លែ​តំណាង​ឲ្យ​អ្វី ?

  • តើ​អ្វី​កើតឡើង ពេល​យើង​មិន​អើពើ​នឹង​ដើម​នោះ ឬ មិន​បាន​ថែទាំ​វា​ដិតដល់​នោះ ?

  • តើ​អ្នក​គិត​ថា វា​នឹងទៅ​ជា​យ៉ាង​ណា ពេលដែល​យើង​មិន​អើពើ ឬ មិន​បាន​ថែទាំ​ទីបន្ទាល់​ឲ្យ​ដិតដល់​នោះ ?

បើ​ចាំបាច់ សូម​បើក​ព្រះគម្ពីរ​របស់​អ្នក ហើយ​រំឭក អាលម៉ា 32:35–40 ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​ទាំងនេះ ។ សូម​បន្ថែម​ឃ្លា ថែទាំ​ដោយ​ឧស្សាហ៍​ព្យាយាម ទៅក្នុង​បញ្ជី « របៀប​ដើម្បី​ទទួល និង ពង្រឹង​ទីបន្ទាល់​មួយ » ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​សង្ខេប​ក្នុង​មួយ​ប្រយោគ ពី​អ្វី​ដែល​អ្នក​បានរៀន​ពី អាលម៉ា 32 អំពី​អ្វី​ដែល​ជា​តម្រូវការ ដើម្បី​ទទួល ឬ ពង្រឹង​ទីបន្ទាល់​មួយ ហើយ​សរសេរ​គោលការណ៍​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ អាលម៉ា 32:37–43 ។

អ្នក​អាច​នឹង​សរសេរ​អ្វី​មួយ​ដូចជា ៖ បើ​យើង​ថែទាំ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះបន្ទូល​នៃ​ព្រះ​ទុក​ក្នុង​ចិត្ត​យើង​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​យើង​ពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​នឹង​រីក​លូតលាស់​ឡើង ។

សូមអាន អាលម៉ា 32:41–43 រកមើល​ពី​របៀប​ដែល​អាលម៉ា​បាន​ពិពណ៌នា​ពី​ផលផ្លែ ដែល​មាន​ដល់​ពួក​អ្នកដែល​ថែទាំ​ទីបន្ទាល់​របស់​ពួកគេ​ដោយ​ឧស្សាហ៍​ព្យាយាម ។ អាលម៉ា 32:42 លើកឡើង​ពី​សេចក្ដី​ព្យាយាម និង សេចក្ដី​អត់ធ្មត់ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ព្យាយាម និង សេចក្ដី​អត់ធ្មត់ ដើម្បី​ដាំ​ដើម​រុក្ខជាតិ—ឬ ដើម្បីឲ្យ​ទីបន្ទាល់​របស់​អ្នក—​បាន​លូតលាស់​ឡើង ?

រូបភាព
Large Small
  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​លទ្ធផល​អ្វី​ខ្លះ ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ជីវិត​អ្នក ពេល​អ្នក​ធ្វើតាម​ការពិសោធន៍​ដែល​អាលម៉ា​បាន​ពិពណ៌នា​នៅក្នុង អាលម៉ា 32 ?

    2. តើ​អ្នក​នឹង​អនុវត្ត​ការពិសោធន៍​ដែល​អាលម៉ា​បាន​ពិពណ៌នា​នៅក្នុង អាលម៉ា 32 ដោយ​របៀប​ណានៅក្នុង​ជីវិត​អ្នក ?

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អាលម៉ា 32:21

  1. សូមអាន អាលម៉ា 32:21 ម្ដងទៀត ។ សូម​ព្យាយាម​ទន្ទេញ​ខ​នេះ ហើយ​បន្ទាប់មក​សូត្រ​វាដោយ​ការចងចាំ ទៅកាន់​មិត្ត ឬ សមាជិក​គ្រួសារ​ម្នាក់ ។ សូម​សរសេរ​ប្រយោគ​ពីរបី​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ពន្យល់​ពី​អ្វី​ដែល​ខ​នេះ​បង្រៀន​អ្នក​អំពី​សេចក្ដី​ជំនឿ ។

ចម្លើយ​ដែល​អាច​មាន​សម្រាប់​កិច្ចការ 3ក ៖ ( ក ) ផ្ដល់​កន្លែង​ឲ្យ​ព្រះបន្ទូល ( ឬ គ្រាប់ពូជ ) ដើម្បី​ដុះ​នៅក្នុង​ចិត្ត​អ្នក ( ខ ) កុំ​បោះចោល​គ្រប់ពូជ​ដោយ​ការឥត​ជំនឿ​របស់​អ្នក និង ( គ ) ទទួលស្គាល់​ការលូតលាស់​នៃ​គ្រាប់ពូជ​របស់​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 32 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖