ថ្នាក់​សិក្ខាសាលា
មេរៀនទី 3 ៖ ថ្ងៃ​ទី 3 នីហ្វៃ​ទី1 10–11


មេរៀនទី 3 ៖ ថ្ងៃ​ទី 3

នីហ្វៃទី1 10–11

សេចក្តីផ្តើម

ការ​បង្រៀន​របស់​លីហៃ​អំពី​ដើម​ឈើ​ជីវិត និង ការ​ព្យាករ​របស់​លោក​អំពី​ពួក​សាសន៍​យូដា បាន​ជំរុញ​ឲ្យ​បំណង​ប្រាថ្នា​របស់​នីហ្វៃ​ចង់​ឃើញ ចង់​ឮ និង ចង់​ដឹង​ដោយ​ខ្លួន​ឯង​ផ្ទាល់​អំពី​រឿង​ទាំង​ឡាយ​ដែល​ឪពុក​លោក​បាន​ឃើញ ។ ខណៈ​ដែល​នីហ្វៃ​កំពុង​តែ​ពិចារណា​អំពី​រឿង​ទាំង​ឡាយ​ដែល​ឪពុក​លោក​បាន​រៀប​រាប់​ប្រាប់ នោះ​លោកត្រូវ​បាន « នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ » ( នីហ្វៃ​ទី1 11:1 ) ហើយ​បាន​ឃើញ​ដើម​ឈើ​ជីវិត​ដោយ​ខ្លួន​លោក​ផ្ទាល់ ។ នៅក្នុង​ការ​និមិត្ត​នោះ លោក​ក៏​បាន​ឃើញ​ជីវិត​រស់​នៅ ការងារ​បម្រើ និង ការ​សុគត​របស់​ព្រះ​អង្គ​សង្គ្រោះ​ផងដែរ—ដែល​នីហ្វៃ​ធ្វើ​ទីបន្ទាល់​អំពី​សេចក្តី​ស្រ​លាញ់​របស់​ព្រះ​អង្គ​សង្គ្រោះ​មាន​សម្រាប់​យើង ។ នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូ​មពិចារណា​ពី​អ្វីដែលអ្នក​បាន​រៀន​ពី​គំរូ​របស់​នីហ្វៃ​អំពី​ការ​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន ។ ព្រមទាំង​នឹក​គិត​អំពី​ជីវិត​រស់​នៅ បេស​កកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ និង សេចក្តីស្រលាញ់​ដ៏​ច្រើន​មហិមា​របស់​ទ្រង់​ដែល​មាន​ដល់​យើង​ទាំង​អស់​គ្នា ។

នីហ្វៃ​ទី1 10:1–16

លីហៃ​ព្យាករ

បន្ទាប់​ពី​ការ​រៀប​រាប់​ពី​ការនិមិត្ត​របស់​លោក​អំពី​ដើមឈើ​ជីវិត នោះ​លោក​លីហៃ​បាន​ព្យាករ​អំពី​ហេតុការណ៍​ទាំងឡាយ​នៅ​អនា​គត ។​ ការ​ព្យាករណ៍​​របស់​លោក​ត្រូវ​បាន​កត់​ត្រា​ទុក​នៅក្នុង ​នីហ្វៃ​ទី1 10:1–16 ។ សូម​អាន​នីហ្វៃ​ទី1 10:4–6 ហើយ​សូម​គូស​ចំណាំ​ចម្លើយ​ទាំង​ឡាយ​ពី​សំណួរ​ទាំង​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖

  • តើ​លីហៃ​បាន​ព្យាករ​ថា ព្រះមែ​ស៊ី—​ជា​ព្រះ​អង្គ​សង្គ្រោះ—​នឹង​យាង​មក​នៅ​ពេល​ណា ?

  • តើ​លីហៃ​បាន​និយាយ​ថាអ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មិន​ « ពឹង​ផ្អែក​លើ​ព្រះ​ដ៏​ប្រោស​លោះ ? »

នីហ្វៃ​ទី1 10:17–11:6

នីហ្វៃ​ព្យាយាម​ដើម្បី​ឃើញ ឮ និង ដឹង​ពីសេចក្តីពិត​ដូច​នឹង​ឪពុក​របស់​លោក​ដែរ

សូម​ពិចារណា​អំពី​ស្ថានភាព​ខាង​ក្រោមនេះ​ ហើយ​សូម​គិត​អំពី​របៀប​ដែល​មនុស្ស​មាន​ស្ថាន​ភាព​ដូច​គ្នា អាច​មាន​បទពិសោធន៍​ខុស​ៗគ្នា​ ដូច​ត​ទៅ​នេះ ៖ មាន​យុវវ័យ​បី​នាក់បាន​ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ​ដូច​គ្នា ។ យុវវ័យ​​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​គិត​ថា ការប្រជុំ​នេះ​គឺ​គួរ​ឲ្យ​ធុញទ្រាន់​ ហើយ​ខ្ជះ​ខ្ជាយ​ពេល​វេលា ។ យុវ​វ័យ​ម្នាក់​ទៀត​បាន​គិត​ថា ការប្រ​ជុំ​នេះ​គឺ​ល្អ​ប្រសើរ ប៉ុន្តែមិន​បាន​រៀន​អ្វីពីកា​រ​ប្រ​ជុំ​នេះទេ ។ យុវវ័យ​ទីបី​បាន​ទទួល​អាម្មណ៍​បំ​ផុស​គំនិត​ពីព្រះវិញ្ញាណបរិសុទ្ធ​ ហើយ​បានទទួល​បាន​ការ​បំផុស​គំនិត និង ការ​ដឹកនាំផ្ទាល់​ខ្លួន​លើស​ពី​អ្វី​ដែល​ត្រូវ​បានបង្រៀន​នៅក្នុង​កា​រប្រជុំទៅ​ទៀត ។

នៅពេល​អ្នក​សិក្សា​បទពិសោធន៍​របស់​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី1 10:17–11:6 សូម​អង្កេត​មើល​នូវ​អ្វី​ដែល​នីហ្វៃ​បានធ្វើ ដែលបណ្តាល​ឲ្យ​គាត់​ទទួល​វិវរណៈ​បន្ថែម​លើស​ពីអ្វីដែល​ឪពុក​របស់​គាត់​បាន​បង្រៀន ។

សូម​អាន នីហ្វៃ​ទី1 10:17 ហើយ​សូម​គូស​បន្ទាត់ពី​ក្រោម​អ្វី​ដែល​នីហ្វៃ​បាន​មាន​អារម្មណ៍ក្រោយ​ពី​ការឮ​អំពី​ការ​និមិត្ត​របស់​លោក​លីហៃ ។

សូមអាន នីហ្វៃ​ទី1 10:19 ហើយ​សូម​ស្វែង​រក​ឃ្លា​មួយ​ដែល​បង្រៀន​អំពី​របៀប​ដែល​អាថ៌​កំបាំង​នៃ​ព្រះ​ត្រូវ​បាន​បើក​សម្តែង​ដល់​យើង ។

យោង​ទៅ​តាម​នីហ្វៃ​ទី1 10:19 អ្នកទាំង​ឡាយ​ណា​ដែលស្វែង​រក​ដោយ​ឧស្សាហ៍​ព្យាយាម នឹង​ទទួលបាន​នូវ​អា​ថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ ។ សូម​សរសេរ​ពីអ្វី​ដែល​អ្នក​គិត​ថា វា​មាន​ន័យ​ថាស្វែង​រក​ដោយ​ឧស្សាហ៍​ព្យាយាម ។

នីហ្វៃ​បាន​បង្ហាញ​នូវ​គំរូ​ដ៏​ឥត​ខ្ចោះ​មួយ​អំពី​ការស្វែង​រកវិវរណៈ​ដោយ​ឧស្សាហ៍​ព្យាយាម ។ សូម​អាន នីហ្វៃទី1 10:17–19 និង 11:1–6 សូម​ជ្រើស​រើស​ប្រធាន​បទ​ចំនួន​ពីរ​ក្នុង​ចំណោម​ប្រ​ធាន​បទ​ទាំង​បី​នេះ​ដែល​មាន​​នៅក្នុង​តារាង​ខាង​ក្រោម—បំណង​ប្រាថ្នា ​ជំនឿ និង ការ​ពិចារណា ហើយ​សរសេរ​ចម្លើយ​ទាំងឡាយ​របស់​អ្នក​ឲ្យ​ត្រូវនឹង​សំណួរ​ទាំង​ឡាយ​នៅក្នុង​តារាងនេះ ។

បំណងប្រាថ្នា

តើ​នីហ្វៃ​បាន​បំណង​ប្រាថ្នា​ចង់​ដឹង​អ្វី ?

តើ​អ្នក​គិត​ថា បំណង​ប្រា​ថ្នា​របស់​យើង​មាន​ឥទ្ធិ​ពល​លើ​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល​បាន​វិវរណៈ​តាម​របៀប​ណា ?

តើ​អ្នក​មាន​បំណង​ប្រាថ្នា​ចង់​ដឹង​អ្វី​ពី​ព្រះអម្ចាស់ ?

ជំនឿ

តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​នីហ្វៃ​បាន​ជឿ​ថា ត្រូវ​បាននាំ​ទៅ​កាន់​វិវរណៈ ?

តើ​អ្នក​គិត​ថា ជំនឿ​ទាំង​នេះ​អាច​មាន​ឥទ្ធិ​ពល​លើ​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល​វិវរណៈ​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ?

តើ​អ្នកជឿ​លើអ្វី​ដែល​ព្រះអម្ចាស់​​បាន​បើក​សម្តែង​ដល់​អ្នក​ដែរ​ឬ​ទេ ?

ការ​ពិចារណា ( ការ​គិ​ត​យ៉ាង​ជ្រៅជ្រះ​អំពី​អ្វី​មួយ ដោយ​បើក​ចំហរគំនិត​ និង ​ចិត្តរបស់​អ្នក​​សម្រាប់​ព្រះ​វិញ្ញាណ​បរិសុទ្ធ )

តើ​មាន​អ្វី​បាន​កើត​ឡើង​នៅ​ពេល​ដែល​នីហ្វៃ​បាន​អង្គុយ​ពិចារណា ? ( សូមមើល នីហ្វៃទី 1 11:1 ) ។

តើ​អ្នក​គិត​ថា ការ​ពិចារណា​អាច​នាំ​ទៅ​កាន់​វិវរណៈ​តាម​របៀប​ណា ?

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពិចារណា​បន្ថែម​ទៀតអំពីដំណឹង​ល្អ​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​សង្ខេប​គោលការណ៍​នៃ​ដំណឹង​ល្អ​មួយ ​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​របស់​នីហ្វៃ​​ដោយ​បំពេញ​ប្រយោគ​ខាង​ក្រោមនេះ ៖ ព្រះ​បើក​សម្តែង​សេចក្តី​ពិត​ដល់​អស់​អ្នក​ណា​ដែល .

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​មួយ​ ឬ​ ទាំង​ពីរនេះ​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​​នៅពេល​ណា​ដែល​អ្នកបាន​ដឹង​ថា ​ព្រះបាន​ឆ្លើយ​​តប​ដល់​ការ​អធិស្ឋាន​​ទាំង​ឡាយ​ ឬ​ បាន​ទទួល​អារម្មណ៍​នៃ​ការបំផុស​គំនិតទាំងឡាយ​ពី​ព្រះ​វិញ្ញាណ​ខណៈ​ដែល​អ្នក​ព្យាយាម​រក​ជំនួយ ឬ​ ការ​ដឹកនាំ​ពី​ព្រះអម្ចាស់ ?

    2. តើ​មាន​វិធី​អ្វី​ដែលអ្នកអាច​ស្វែង​រក​​ការ​បំផុស​គំនិត​បន្ថែម​​ទៀត​ពី​ព្រះ​អម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ?​

នីហ្វៃទី1 11:7–36

នីហ្វៃ​បាន​ធ្វើ​ទី​បន្ទាល់​អំពីការ​យាង​ចុះ​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

នីហ្វៃបាន​បន្ត​ពិចារណា និង ស្វែង​រក​ការ​ដឹក​នាំ​​ដ៏​ទេវភាពនៅអំឡុង​ពេលការ​និមិត្ត​​របស់​គាត់ ។ សូមអាន​សេចក្តីថ្លែង​​ខាងក្រោម​នេះរបស់​​ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​​នៃ​ពួក​សាវកដប់​ពី​នាក់​ ហើយ​សូម​ស្វែងរក​អ្វីដែល​លោក​បាន​មាន​ប្រសាស​ន៍​ គឺជា​ការ​ផ្តោត​​ដ៏ចំបង​​អំពី​ការ​និមិត្ត​របស់​នីហ្វៃ ៖​

« ការ​ព្យាករណ៍​ទាំងឡាយអំពី​ព្រះ​មែស៊ី បើក​បង្ហាញ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ ប៉ុន្តែ​ព្រះ​គម្ពី​រមរមន​កត់ត្រា​នូវ​ការ​និមិត្តមួយ​​ស្តី​អំពី​ហេតុ​ការណ៍​នោះដែល​​មិន​ដូច​គ្នា​ទៅនឹង​ហេតុការ​ណ៍​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​នោះ​ឡើយ ។

« ក្រោយ​ពី​ប្រជា​ជន​របស់​លីហៃ [ បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ] នោះ​លីហៃ​បាន​មាន​ការនិមិត្ត​មួយ​អំពី​ដើម​ឈើ​ជីវិត ។ នីហ្វៃ​ជា​កូន​ប្រុស​របស់​លោក​បាន​អធិស្ឋាន​ដើម្បី​ចង់​ដឹង​អំពី​អត្ថ​ន័យ​នៃ​ការ​និមិត្ត​នោះ ។ ជា​កា​រឆ្លើយ​តប លោក​ត្រូវ​បាន​ប្រទាន​​ឲ្យ​នូវ​ការ​និមិត្តដ៏​អស្ចារ្យមួយ​អំពី​ព្រះគ្រីស្ទ ។

« នៅក្នុង​កា​រនិមិត្តនោះ លោក​បាន​ឃើញ ៖«

  • នាង​ព្រហ្ម​ចារីកំពុង​តែ​បី​ព្រះ​ឱរសក្នុង​ដៃ​របស់​នាង

  • មាន​មនុស្ស​ម្នាក់​ដែល​គួរតែ​រៀប​ចំផ្លូវ​ថ្វាយ—គឺ​លោក​យ៉ូ​ហាន​-បាទីស្ទ

  • ការ​ងារ​បម្រើ​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ

  • មនុស្ស​ដប់​ពីរ​នាក់​ទៀត​ដើរ​តាម​ព្រះមែស៊ី

  • ផ្ទៃ​មេឃ​បាន​បើក​ចំហរ ហើយ​ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ​ដល់​ពួកគេ

  • មនុស្ស​ទាំង​ហ្វូង​ត្រូវ​បាន​ប្រ​សិទ្ធិពរ និង ប្រោស​ឲ្យ​ជា

  • ការ​ឆ្កាងនៃ​ព្រះ​គ្រីស្ទ

  • ប្រាជ្ញា និង សេចក្តីឆ្មើង​ឆ្មៃ​នៃ​មនុស្ស​លោក​ប្រ​ឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ។ ( សូម​មើល​នីហ្វៃ​ទី1 ។ 11:14–36 ) ។

« ការ​និមិត្ត​នោះ​គឺ​ជា​សារលិខិត​ដ៏​មាន​សារៈ​សំខាន់​បំផុតចំពោះ​ព្រះគម្ពីរមរមន » ( « The Things of My Soul » Ensignខែ ឧសភា​ ឆ្នាំ 1986 ទំព័រ 60–61 ) ។

ទេវតា​មួយ​អង្គ​បាន​ជួយ​នីហ្វៃ​ឲ្យ​រក​ឃើញ​​កា​របក​ស្រាយ​អំពី​ដើម​ឈើ​ជិវិត ហើយ​​សួរ​ថា « តើ​អ្នក​យល់​ន័យ​ពី​ដើមឈើ​ដែល​ឪពុក​អ្នក​បាន​ឃើញ​នោះទេ ? » ( នីហ្វៃទី 1 11:21 ) ។ សូម​ពិនិត្យ​មើល​អត្ថន័យ​អំពី​ដើមឈើ​ឡើង​វិញ​ដោយ​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​ទាំងឡាយ​ដែល​នីហ្វៃ​ និង​ ទេវតា​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ដើមឈើ​នោះនៅក្នុង នីហ្វៃទី 1 11:21–24 ។

សូមអាន នីហ្វៃ​ទី1 11:16 ហើយ​សូម​គូស​បន្ទាត់​ពីក្រោម​សំណួរ​ដំបូង​គេ​ដែល​ទេវតាបាន​សួរ​ដល់​នីហ្វៃ ។ អ្នក​អាច​ចង់​សរសេរ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ថា ពាក្យ​ការ​យាង​ចុះ​មកមាន​ន័យ​ថា សុខ​ចិត្តយាង​ចុះ​មកពីទី​ដ៏ខ្ពង់ខ្ពស់​ដើម្បី​ជួយ​ ឬ ប្រ​ទានពរ​ដល់​អ្នក​ដទៃ ។

នៅក្នុង​ នីហ្វៃទី 1 11:17 សូម​ស្វែងរក​​ចម្លើយ​របស់​នីហ្វៃ​ពីសំណួរ​របស់​ទេវតា ។ តើ​នីហ្វៃ​បាន​ដឹង​ពី​អ្វី ? តើ​នីហ្វៃ​មិន​បាន​ដឹង​អ្វី ? បន្ទាប់​ពី​ការឆ្លើយ​តប​របស់​នីហ្វៃ នោះ​ទេវតា​​បាន​បង្ហាញ​ដល់​លោកថា ការយាង​ចុះ​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះ​ចំពោះ​យើង ។

បន្ទាប់​ពី​អ្នក​បាន​រៀន​ពី​អត្ថន័យ​នៃ​ពាក្យការ​យាង​ចុះ​​មកសូម​អាន​នីហ្វៃទី 1 11:13​–21 ហើយ​សូមអាន​ការ​ដកស្រង់​ខាងក្រោម​ពី​អែល​ឌើរ ជើរ៉ល អិន ឡាន ដែល​បាន​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ ហើយ​គាត់​បាន​ពិចារណា​អំពី​របៀបដែល​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​នូវ​ការ​យាង​ចុះមក​របស់​ទ្រង់ និង សេចក្តី​ស្រលាញ់​​របស់​ទ្រង់​ចំពោះ​យើង​ ៖ « នេះ​គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ—ជា​សមាជិក​មួយអង្គ​នៃ​ក្រុម​ព្រះ ជា​កូន​ច្បងរបស់​ព្រះវរបិតា​ ជាព្រះដ៏បង្កបង្កើត ជា​ព្រះយេហូវ៉ានៃព្រះ​គម្ពីរ​សញ្ញាចាស់—​ឥឡូវ​នេះចាកចេញ​ពីស្ថាន​ដ៏​ទេ​វភាព និង បរិសុទ្ធ ដោយ​លះបង់​នូវ​សិរី​ល្អ និង ឫទ្ធា​នុភាព​ទាំង​អស់​របស់​ទ្រង់​ ហើយ​យា​ង​មក​គង់​នៅក្នុង​រាង​កាយ​ជា​ព្រះ​ឱរស​ដ៏តូច​មួយ ព្រម​ទាំង​គ្មាន​ជំនួយ​អ្វី​សោះ ក្រៅតែពីពឹង​ផ្អែកទាំង​ស្រុង​ទៅលើម្តាយ​ និង ឪពុក​របស់​ទ្រង់​នៅ​លើ​ផែន​ដី​នេះតែប៉ុណ្ណោះ ។ ដោយ​ហេតុ​នេះ​ហើយ នោះ​ទ្រង់​មិន​គួរ​យាង​មកកាន់​វិមាន​លោកិយ​ដ៏​ប្រណិត ហើយ​ត្រូវ​រុំ​នឹងសំពត់​ពណ៌​ស្វាយ [ ជាទី​សំគាល់នៃពូជ​ស្តេច ] ព្រមទាំង​សម្បូណ៌​ទៅដោយ​គ្រឿង​អលង្គការនោះ​ទេ ប៉ុន្តែ​បែរ​ជាយាង​មក​គង់​នៅ​ក្នុង​ក្រោល​ចៀម​ដ៏​រាប​ទាបដែល​វា​គួ​រឲ្យ​ចម្លែក​ចិត្ត​ណាស់ ។ ដោយ​មាន​ចម្ងល់បន្តិច​ថា ទេវតា​គួរ​តែ​​មាន​បន្ទូល​ទៅ​កាន់​នីហ្វៃ​ថា ‹ មើល​ចុះ ការ​យាង​ចុះ​មក​នៃ​ព្រះ ! ›» ( Jesus Christ, Key to the Plan of Salvation[ ឆ្នាំ 1991 ] ទំព័រ 16 ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​ចង្អុល​ប្រាប់​ន័យ​ដល់​អ្នក​ថា ព្រះ​យេស៊ូវ​គ្រីស្ទ « នឹង​យាង​ចុះមក​ពី​បល្ល័ង្ក​ឧត្តម​​របស់​ទ្រង់ » ( « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ »​ ទំនុក​តម្កើង​​ ទំព័រ 115 ) និង តួនាទី​ដ៏​រុងរឿង​​របស់​ទ្រង់​​នៅជីវិត​មុន​កើត​លើ​ផែន​ដី​នេះ ដើម្បី​ប្រសូតមក​​ជា​​ព្រះ​ឱរស​ដ៏តូច​មួយ ។

សូមអាននីហ្វៃ​ទី 1 11:27ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​អង្គ​សង្គ្រោះ​ក៏​បង្ហាញ​ការ​យាង​ចុះ​មក​របស់ទ្រង់​ផងដែរ ។ បើ​ទោះ​ជា​ទ្រង់​គ្មាន​អំពើ​បាប​សោះ ក៏​ទ្រង់​នៅ​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​​ដើម្បី​បង្ហាញ​ការគោរព​ប្រតិបត្តិ​ចំពោះ​ក្រិត​វិន័យ​ទាំង​ឡាយ​របស់ព្រះ ។ វា​ក៏​បង្ហាញ​អំពី​សេចក្តីស្រលាញ់​របស់​ទ្រង់​​ចំពោះ​យើង​ដោយប្រទាន​នូវ​គំរូមួយ​ដើម្បីឲ្យ​យើង​ធ្វើ​តាម​ផងដែរ ។

រូបភាព
យ៉ូហានបាទី​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ

សូមអាននីហ្វៃ​ទី1 11:28–31 ហើយ​សូម​គិត​អំពីរបៀបដែលជីវិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុងការ​បម្រើ​ដល់​អ្នក​ដទៃ​បង្ហាញ​អំពី​ការ​យាង​ចុះមក​របស់ទ្រង់ ។ សូម​កត់​សម្គាល់​ថា តើនរណាដែលព្រះ​អង្គ​សង្គ្រោះ​បម្រើ និង ប្រោស​ឲ្យ​ជានោះ ។

  1. សូម​សរសេរនៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​អាន​នៅ​ក្នុង​នីហ្វៃ​ទី1 11:28–31បង្ហាញ​សេចក្តីស្រលាញ់​របស់​ព្រះ​អង្គ​សង្គ្រោះ​ចំពោះ​រាស្ត្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្តេច ។ តើអ្នក​មាន​អារម្មណ៍​បែបណា ដែល​ការ​ណ៍​នេះ​ទាក់​ទង​ទៅនឹង​សេចក្តីស្រលាញ់​​របស់​ទ្រង់​ចំពោះ​អ្នក​​នៅ​សព្វ​ថ្ងៃ​នេះ ?

សូមអាន នីហ្វៃ​ទី1 11:32–33 ហើយ​ពិចារណា​អំពី​របៀប​ដែល​ការ​ឆ្កាង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទបង្ហាញ​អំពី​ការ​យាង​ចុះ​មក​របស់​ទ្រង់ ។ សូមអាន​សេចក្តីថ្លែង​មួយ​របស់​អែល​ឌើរ ​អើល ស៊ី ធីងហ្គី ដែល​បាន​បម្រើជា​សមាជិក​នៃ​គណៈ​ប្រធាន​នៃ​ពួក​ចិត​សិប​នាក់ ហើយ​សូម​រក​មើល​​នូវ​អ្វី​ៗដែល​គាត់​បាន​មាន​ប្រសាសន៍អំពី​របៀប​ដែល​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​បង្ហាញនូវសេចក្តី​ស្រលាញ់​របស់​ទ្រង់ និង ប្រ​ទានពរ​ដល់​អ្នក ៖

« ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​បំពេញ​សេចក្តី​តម្រូវ​ការ​នៃដង្វាយ​ធួន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បានស្ម័គ្រចិត្ត​យាង​ចុះ​មក…ដើម្បី​ត្រូវទទួល​រងការ​ល្បួង ការសាកល្បង​ ការ​សើច​ចំ​អក​ដាក់ ការ​កាត់​ទោស និង ការ​ឆ្កាង បើ​ទោះ​ជា​ទ្រង់មាន​អំណាច និង សិទ្ធិ​អំណាច​ដើម្បីរារាំង​ឧបសគ្គ​ទាំង​អស់​នោះក៏​ដោយ ។

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

« ប្រធាន យ៉ូហាន ថេលើរ បាន​ពិពណ៌នា​អំពីការ​យាងចុះមក​របស់​ព្រះគ្រីស្ទជា​ពាក្យដ៏​ផ្អែម​ល្ហែម​ទាំង​នេះ​ ៖ ‹ វាគឺ​ជាការ​ចាំបាច់​លើសពីនេះ​ទៅ​ទៀត​ថា ទ្រង់គួរ​តែ​យាង​ចុះ​ក្រោម​គ្រប់អ្វីៗ​ទាំង​អស់ ដើម្បីទ្រង់​អាច​លើក​មនុស្សដទៃ​ឡើង​លើ​គ្រប់​ការ​ណ៍​ទាំង​អស់ …›[ The Mediation and Atonement ( ឆ្នាំ 1882 ) ទំព័រ 144 ] ។

« ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ​នៅក្នុង​ច្បារគែតសេម៉ានី គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះនៃ​ការ​តម្កើងគ្រប់​លក្ខណៈ​ដ៏​ខ្ពស់​បំផុតនៃ​ព្រះ​គ្រីស្ទ ដែល​ជា​សេចក្តី​ស្រលាញ់​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់ ។ នេះ​ហើយ​ដែល​យើង​មើល​ឃើញ​ថា ទ្រង់​ពិត​ជា​បាន​ស្រលាញ់​យើង​ទាំង​អស់​គ្នា ។ …

« ដង្វាយ​ធួន​គឺជា​ព្រឹត្តិការណ៍​មួយដែល​ធ្វើ​ឲ្យ​យើង​អាច​ផ្សះ​ផ្សារ​ជា​មួយ​នឹង​ព្រះ​បាន ។ …រីឯ​គ្រួសារ​វិញ វា​មាន​ន័យថា រួបរួម​ជា​មួយ​គ្នា​ទៅវិញ​ទៅមក​ និង ជាមួយ​ព្រះ ព្រម​ទាំង​ជាមួយ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺព្រះ​យេស៊ូវ​គ្រីស្ទ ។ វា​មាន​ន័យ​ថា ភាព​សោកសៅ​ដោយ​សារ​ការបែក​គ្នានឹងក្លាយ​ទៅជា​មាន​សុភមង្គលដោយ​សារ​ការ​រួបរួមគ្នា​ឡើងវិញ »​ ( « The Great Plan of Happiness » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 73–74 ) ។

ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទគឺ​ជា​ផ្នែក​ដ៏​ចាំ​បាច់​បំផុតមួយ​នៃ​ការ​យាងចុះ​មក និង ការបើក​បង្ហាញដ៏​អស្ចារ្យ​នៃ​សេចក្តី​ស្រលាញ់​របស់​ទ្រង់​ចំពោះ​យើង ។

  1. សូម​សរសេរនៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់អ្នក​ថា តើ​ការ​ដឹង​អំពី​ការយាង​ចុះ​មក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​ និង សេចក្តីស្រលាញ់របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូច​ម្តេច ។

សូម​បញ្ចប់កា​រសិក្សា​នៅ​ថ្ងៃនេះ​ដោយការ​ច្រៀង ការស្តាប់​ ឬ ការអាន​ពាក្យ​ទាំងឡាយ​ពី​ទំនុកតម្កើង « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុកតម្កើង ទំព័រ 115 ) ។ សូម​កត់សម្គាល់​ឃ្លា​ទាំង​ឡាយ​ដែល​ធ្វើ​ទីបន្ទាល់​អំពី​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃ​នេះ ។ សូម​ពិចារណា​ថា តើ​ហេតុ​អ្វី​ពរជ័យ​នៃ​ដង្វាយធួន​របស់​​ព្រះយេស៊ូវ​គ្រីស្ទគឺជា​ « ការ​ប្រាថ្នា​ដ៏លើសលុប » និង « សេចក្តីរីករាយ​បំផុត » ចំពោះ​អ្នក ( សូម​មើល នីហ្វៃ​ទី1 11:22–23 ) ។ ដូច​ជា​នីហ្វៃដែរ នៅពេល​អ្នកស្វែង​រកការ​យល់ដឹងតាម​រយៈ​វិវរណៈ​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​អ្នក​នឹង​កាន់​តែ​ខិត​ទៅជិត​ព្រះ​អម្ចាស់​ ហើយទទួល​អារម្មណ៍​ពី​អំណាច​នៃការ​បូជា​របស់​ទ្រង់​​នៅក្នុង​ជីវិត​ របស់​អ្នក និង សេចក្តីអំណរ​ដែល​វា​នាំមក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​ ​នីហ្វៃ​ទី 1 10–11 ហើយ​បានបញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង​ ការយល់ដឹងបន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖