ថ្នាក់​សិក្ខាសាលា
អេណុស


សេចក្តី​ណែនាំ​មក​កាន់គម្ពីរ អេណុស

តើ​ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

គម្ពីរ​អេណុស​ចង្អុលបង្ហាញ​ពី​អំណាច​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការ​លាង​ជម្រះ​មនុស្ស​ពី​អំពើ​បាប និង ធ្វើ​ឲ្យ​ពួកគេ​បាន​ពេញលេញ ។អេណុស​បាន​ពុះពារ​នៅ​ចំពោះ​ព្រះ​ក្នុង​ការអធិស្ឋាន​ដ៏ខ្លាំងខ្លា​ពី​មុន​អំពើ​បាប​របស់​លោក​ត្រូវ​បាន​អភ័យទោស ។បន្ទាប់មក លោក​បាន​អធិស្ឋាន​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ពួកសាសន៍​នីហ្វៃ និង ពួកសាសន៍​លេមិន ។លោក​បាន​ចំណាយ​ពេល​នៃ​ជីវិត​ដែល​នៅ​សេសសល់​របស់​លោក​ដើម្បី​ធ្វើការ​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​ពួកគេ ។នៅពេល​អ្នក​សិក្សា​គម្ពីរ​អេណុស អ្នក​អាច​រកឃើញ​មេរៀន​ដ៏សំខាន់ៗ​អំពី​ការអធិស្ឋាន ការប្រែចិត្ត និង វិវរណៈ ។អ្នក​ក៏អាច​រៀន​ផងដែរ​ថា នៅពេល​បុគ្គល​ម្នាក់ៗ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន នោះពួកគេ​នឹង​មានបំណង​ចង់​ចែកចាយ​ពរជ័យ​ទាំងនោះ​ជាមួយ​មនុស្ស​ដទៃ​ទៀត ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

អេណុស ជា​កូនប្រុស​របស់​យ៉ាកុប និង ជា​ចៅប្រុស​របស់​លោក​លីហៃ និង នាង​សារ៉ាយ ដែល​បាន​និពន្ធ​សៀវភៅ​នេះ ។អេណុស​បានកត់ត្រា​ថា ឪពុក​របស់​លោក​បានបង្រៀន​លោក « តាម​ដំបូន្មាន និង សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់ ( អេណុស 1:1 ) ។នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក អេណុស​បាន​សរសេរ​ថា លោក​បាន​ថ្លែង « នូវ​ពាក្យពេចន៍​ស្របតាម​សេចក្តី​ពិត ដែល​មាន​នៅ​ក្នុង​ព្រះគ្រីស្ទ » ( អេណុស 1:26 ) អស់​ពេញ​មួយ​ជីវិត​របស់​លោក ។ពីមុន​លោក​ស្លាប់ អេណុស​បាន​ប្រគល់​ផ្ទាំង​តូច​របស់​នីហ្វៃ​ទៅឲ្យ​យ៉ារ៉ុម ជា​កូនប្រុស​របស់​លោក ។អេណុស​បានបញ្ចប់​កំណត់ត្រា​របស់​លោក​ដោយ​អររីករាយ​ក្នុង​ថ្ងៃ​ដែល​លោក​នឹង​បាន​ឈរ​នៅ​ចំពោះ​ព្រះអង្គ​ប្រោស​លោះ​របស់​លោក ។លោក​បាន​ថ្លែង​ថា « ខណៈ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះភក្ត្រ​ទ្រង់ ដោយ​សេចក្តី​សោមនស្ស ហើយ​ព្រះអង្គ​នឹង​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​មករក​យើង​ចុះ អ្នក​មាន​ពរហើយ មាន​ទីកន្លែង​មួយ​ដែល​រៀបចំ​សម្រាប់​អ្នក​នៅក្នុង​វិមាន​របស់​ព្រះវរបិតា​យើង » ( អេណុស 1:27 ) ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

អេណុស​បាន​បិទ​កំណត់ត្រា​របស់​លោក​ដោយ​ថ្លែង​ថា រយៈពេល 179 ឆ្នាំ បាន​កន្លង​ផុត​ទៅ ចាប់តាំង​ពី​ពេល​លោក​លីហៃ​បាន​ចាកចេញ​ពី​ក្រុង​យេរ៉ូសាឡិម​មក ( សូម​មើល អេណុស 1:25 ) ។ការណ៍​នោះ​ដាក់​កាលបរិច្ឆេទ​នៃ​ការសរសេរ​របស់​លោក​រវាង​ឆ្នាំ​ប្រមាណ 544 មុន.គ.ស. ( នៅពេល​លោក​យ៉ាកុប​បាន​បិទ​កំណត់ត្រា​របស់​លោក ) និង ឆ្នាំ 420 មុន.គ.ស. ។ អេណុស​បាន​សរសេរ​កំណត់ត្រា​នេះ​ខណៈពេល​រស់នៅ​ក្នុង​ដែនដី​នីហ្វៃ ។