ថ្នាក់​សិក្ខាសាលា
មេរៀនទី 27 ៖ ថ្ងៃទី 3 នីហ្វៃទី3 27


មេរៀនទី 27 ៖ ថ្ងៃទី 3

នីហ្វៃទី3 27

សេចក្តីផ្ដើម

ក្នុង​ការបម្រើ​ដំបូង​របស់​ពួកគេ បន្ទាប់​ពី​ថ្ងៃ​ទីពីរ​នៃ​ការយាង​មក​ជួប​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួកគេ នោះ​ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ បាន​ជួបជុំ​គ្នា​អធិស្ឋាន​យ៉ាង​ខ្លាំង និង បាន​តម​អាហារ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​លេចមក​ម្ដងទៀត​ដល់​ពួកគេ ហើយ​បាន​ឆ្លើយ​សំណួរ​ពួកគេ​អំពី​ឈ្មោះ​នៃ​សាសនាចក្រ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកគេ​ថា ដង្វាយធួន​គឺជា​ការចាំបាច់​នៃ​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ថា តាមរយៈ​ដង្វាយធួន នោះ​យើង​អាច​ឈរ​ដោយ​គ្មាន​ប្រឡាក់​នៅ​ចំពោះ​ទ្រង់ ពេល​យើង​ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជ​ទឹក និង ស៊ូទ្រាំ​ដល់​ទីបំផុត ។ ជាង​នោះ​ទៀត ទ្រង់​បាន​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ក្លាយ​ដូច​ជា​ទ្រង់ ។

នីហ្វៃទី3 27:1–12

ព្រះអម្ចាស់​បង្រៀន​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​ថា សាសនាចក្រ​របស់​ទ្រង់​ត្រូវ​ដាក់​តាម​ព្រះនាម​ទ្រង់

ស្រមៃ​ថា អ្នក​ចង់​ចាប់ផ្ដើម​ក្រុម​កីឡា​ថ្មី​មួយ ។ សូម​សម្រេច​ចិត្ត​ពី​ប្រភេទ​នៃ​ក្រុម​ដែល​អ្នក​នឹង​បង្កើត​នោះ ហើយ​បន្ទាប់​មក​ជ្រើសរើស​ឈ្មោះ​មួយ​សម្រាប់​ក្រុម​អ្នក ។ សូម​សរសេរ​ទាំង​ឈ្មោះ និង ប្រភេទ​នៃ​ក្រុម​ដែល​អ្នក​ជ្រើសរើស ៖

គិត​អំពី​ក្រុម​មួយ​ចំនួន​ដែល​អ្នក​ស្គាល់ និង អ្វី​ដែល​ឈ្មោះ​របស់​គេ​ប្រាប់ អំពី​គោលបំណង​របស់​គេ និង មនុស្ស​ដែល​នៅក្នុង​ក្រុម​គេ ។

ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ​នាក់ បាន​បន្ត​បង្រៀន និង ជ្រមុជ​ទឹក​ប្រជាជន ។ ក្នុង​ឱកាស​មួយ ពួកគេ​បាន​រួម​គ្នា​អធិស្ឋាន​យ៉ាង​ខ្លាំង ហើយ​បាន​តម​អាហារ កាលដែល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ជួប​ពួកគេ​ម្ដង​ទៀត ( សូមមើល នីហ្វៃទី3 27:1–2 ) ។ សូមអាន នីហ្វៃទី3 27:3–7 រកមើល​សំណួរ​ដែល​ពួក​សិស្ស​បាន​សួរ និង ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​មូលហេតុ​ទាំងឡាយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន សម្រាប់​ការហៅ​សាសនាចក្រ​តាម​ព្រះនាម​របស់​ទ្រង់ ។

សូម​ពិនិត្យ​មើល នីហ្វៃទី3 27:8–10 ហើយ​គូស​ចំណាំ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ជា​តឹកតាង​នៃ​សាសនាចក្រ​ពិត​របស់​ទ្រង់ ។ សូម​បញ្ចប់​ឃ្លា​ដែល​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​របស់​អ្នក​ដូច​តទៅ​នេះ ដើម្បី​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​សំខាន់ៗ​មួយ​ចំនួន​នៃ​សាសនាចក្រ​ពិត ៖

សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ  ។

រូបភាព
ស្លាក​សញ្ញា​សាសនាចក្រ

សូម​គិត​ថាតើ​ហេតុអ្វី​វា​សំខាន់ ដែល​សាសនាចក្រ​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ពុំត្រឹម​តែ​មាន​ព្រះនាម​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវបាន​សង់​នៅលើ​ដំណឹង​ល្អ​របស់​ទ្រង់​ផងដែរ ( សូមមើល នីហ្វៃទី3 27:8–10 ) ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ដល់​ពួក​សាសន៍​នីហ្វៃ​ថា បើ​សាសនាចក្រ​ត្រូវបាន​សង់​នៅលើ​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​ព្រះវរបិតា​នឹង​បង្ហាញ​កិច្ចការ​ទាំងឡាយ​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ ( សូមមើល នីហ្វៃទី3 27:10 ) ។ សូម​សញ្ចឹង​គិត ថាតើ​អ្នក​បាន​ឃើញ​ព្រះវរបិតាសួគ៌​បង្ហាញ​ពី​កិច្ចការ​ទាំងឡាយ​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ​ដូច​ម្ដេច​ដែរ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ ការធ្វើ​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​សំខាន់​សម្រាប់​ខ្ញុំ ដោយសារ … បន្ទាប់មក​សរសេរ​កថាខណ្ឌ​ខ្លី​មួយ ដែល​ពិពណ៌នា​អំពី​គំនិត​របស់​អ្នក​ទៅលើ​ឃ្លា​នេះ ។ ព្យាយាម​បញ្ជូល​មូលហេតុ​ជាច្រើន​តាម​ដែល​អាច​ធ្វើ​បាន ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន ខណៈ​ដែល​សិក្សា នីហ្វៃទី3 27:1–12 ។

នីហ្វៃទី3 27:13–22

ព្រះយេស៊ូវគ្រីស្ទ​កំណត់​អត្ថន័យ​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​ទ្រង់

សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​ត្រូវ​ចាប់បាន​ថា​កំពុង​ធ្វើ​អ្វី​មួយ​ដែល​អ្នក​បាន​ដឹង​ថា​ខុស ។ រំឭក​ឡើង​វិញ ថាតើ​អ្នក​បាន​មាន​អារម្មណ៍​យ៉ាងណា ពេលដែល​ការពិត​អំពី​អ្វី​ដែល​អ្នក​បានធ្វើ​ត្រូវបាន​គេ​ដឹង ។ សូម​សញ្ជឹង​គិត​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ឈរ​នៅ​ចំពោះ​ព្រះអម្ចាស់​ដើម្បី​ទទួល​ការជំនុំ​ជម្រះ ប្រសិន​បើ​នៅ​មាន​កិច្ចការ​ខុសឆ្គង​មួយ​ចំនួន ដែល​អ្នក​ពុំទាន់​បាន​ប្រែចិត្ត​នោះ ? តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ឈរ​នៅ​ចំពោះ​ព្រះអម្ចាស់​ដើម្បី​ទទួល​ការជំនុំ​ជម្រះ ប្រសិន​បើ​ពុំមាន​មធ្យោបាយ​ដើម្បី​ប្រែចិត្ត​ចេញពី​អំពើ​បាប​ណា​ក៏​ដោយ ដែល​អ្នក​បាន​ប្រព្រឹត្ត​ក្នុង​ជីវិត​អ្នក​នោះ ?

បន្ទាប់ពី​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ​ថា សាសនាចក្រ​របស់​ទ្រង់​ត្រូវតែ​សង់​នៅលើ​ដំណឹងល្អ​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​បង្រៀន​ពួកគេ​ពី​អ្វី​ដែល​ជា​ដំណឹងល្អ​របស់​ទ្រង់ ។ ពាក្យ​ដំណឹងល្អ តាម​ពិត​ទៅ​គឺ​មានន័យ​ថា « ដំណឹង​ដ៏​រីករាយ » ។ តាមរយៈ​ដំណឹងល្អ គឺ​នៅតែ​មាន​នូវ​ដំណឹង​ដ៏​រីករាយ​សម្រាប់​យើង​ទាំងអស់​គ្នា ថ្វើបើ​យើង​ធ្វើ​អំពើ​បាប​ក្ដី ។

  1. សូមអាន នីហ្វៃទី3 27:13–16, 19 ហើយ​រកមើល​ធាតុ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​យើង​ទាំងអស់​គ្នា ។ គ្រឹះ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ថា ទ្រង់​បាន​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់ នៅក្នុង​ការធ្វើ​ឲ្យ​សម្រេច​នូវ​ដង្វាយធួន ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា ទ្រង់​បាន​មក​ក្នុង​ពិភពលោក​នេះ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះវរបិតា​ទ្រង់ ។ យោងតាម នីហ្វៃទី3 27:14 តើ​អ្វី​ជា​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ?

    2. ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​បំពេញ​តាម​ព្រះហឫទ័យ​ព្រះវរបិតា​ទ្រង់ នោះ​តើ​អ្វី​ដែល​មាន​ដល់​មនុស្ស​លោក​ទាំងអស់ ? ( សូម​មើល​ជា​ពិសេស​ទៅលើ នីហ្វៃទី3 27:19 ) ។

  2. ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ការដឹងគុណ​ចំពោះ​ភាពអស្ចារ្យ​នៃ​ដំណឹងល្អ​នេះ សូម​អាន​វគ្គ​បទគម្ពីរ​តទៅ​នេះ​មួយ ឬ ច្រើន​ជាង​នោះ ហើយ​សរសេរ​ការពន្យល់​សង្ខេប​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ដំណឹង​ដ៏​ល្អ​បែបនោះ ៖ នីហ្វៃទី2 9:8–10; អាលម៉ា 34:14–16; ហេលេមិន 14:15–18 ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​មូលហេតុ ដែល​ដំណឹងល្អ​គឺជា​ដំណឹង​ដ៏​រីករាយ​ដល់​មនុស្ស​ទាំងអស់​គ្នា ៖ « ‹ ដំណឹងល្អ › គឺ​ថា យើង​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់ និង ពី​ស្ថាន​នរក ថា​អាច​ឈ្នះ​លើ​កំហុស និង អំពើ​បាប​ទាំងឡាយ ថា​មាន​នូវ​សេចក្ដី​សង្ឃឹម ថា​មាន​នូវ​ជំនួយ ថា​អ្វី​ដែល​មិន​អាច​ដោះស្រាយ​បាន​គឺ​ត្រូវបាន​ដោះស្រាយ ថា​ឈ្នះ​លើ​ពួក​មារសត្រូវ ។ ដំណឹងល្អ​គឺថា ផ្នូរ​របស់​មនុស្ស​គ្រប់​គ្នា អាច​នៅ​ទទេ​នៅ​ថ្ងៃ​មួយ ថា ព្រលឹង​របស់​មនុស្ស​គ្រប់​គ្នា អាច​បាន​បរិសុទ្ធ​ម្ដងទៀត ថា បុត្រ​គ្រប់​រូប​របស់​ព្រះ​អាច​ត្រឡប់​ទៅកាន់​ព្រះវរបិតា​ម្ដងទៀត ដែល​ទ្រង់​ជា​អ្នក​ប្រទាន​ជីវិត​ដល់​ពួកគេ » ( “Missionary Work and the Atonement” Ensign ខែ មិនា ឆ្នាំ 2001 ទំព័រ 8, 10 ) ។

រូបភាព
ព្រះគ្រីស្ទ​នៅក្នុង​ច្បារ​គែតសេម៉ានី

តើ​អ្នក​ធ្លាប់​ឮ​នរណា​ម្នាក់​និយាយ​ថា យើង​ត្រូវ « រស់នៅ​តាម​ដំណឹងល្អ » ដែរ​ឬ​ទេ ? ពេល​នរណា​ម្នាក់​អញ្ជើញ​យើង​ឲ្យ « រស់នៅ​តាម​ដំណឹងល្អ » នោះ​ជាទូទៅ ពួកគេ​កំពុង​អញ្ជើញ​យើង​ឲ្យ​រស់នៅ​តាម​គោលការណ៍​នានា ហើយ​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ ដែល​អញ្ជើញ​ដល់​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ចូល​ក្នុង​ជីវិត​យើង ដើម្បី​យើង​អាច​បាន​សង្គ្រោះ ។ សូម​ពិនិត្យ​មើល នីហ្វៃទី3 27:20–21 រកមើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដង្វាយធួន និង រៀបចំ​សម្រាប់​ការជំនុំ​ជម្រះ ។

  1. សូម​សរសេរ ប្រសិនបើ​យើង បន្ទាប់មក​យើង​នឹង​អាច​ឈរ​ដោយ​គ្មាន​ប្រឡាក់​ចំពោះ​ព្រះភ័ក្ត្រ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បំពេញ​ឃ្លា​នេះ​ដោយ​សរសេរ​ចូល​នូវ​គោលការណ៍​ដំណឹងល្អ​ចេញពី នីហ្វៃទី3 27:20–21 ដែល​យើង​ត្រូវតែ​ធ្វើ​តាម ដើម្បី​ឈរ​ដោយ​គ្មាន​ប្រឡាក់​ចំពោះ​ព្រះភ័ក្ត្រ​ព្រះអម្ចាស់ ។ ( អ្នក​អាច​នឹង​ចង់​រកមើល​គោលការណ៍​មួយ​ចំនួន សម្រាប់​ផ្នែក « ប្រសិនបើ » នៃ​សេចក្ដី​ថ្លែង​គោលការណ៍​នេះ ) ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​នៅក្នុង​ជីវិត​ខ្ញុំ​ឥឡូវ​នេះ ដើម្បី « រស់នៅ​តាម​ដំណឹងល្អ » ឲ្យ​កាន់តែ​ពេញលេញ ដើម្បី​ខ្ញុំ​អាច​ទទួល​បទពិសោធន៍​ពី​អំណាច​នៃ​ដង្វាយធួន និង ឈរ​ដោយ​គ្មាន​ប្រឡាក់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​នៃ​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ ?

សូម​សញ្ជឹង​គិត ថាតើ​ថ្ងៃ​មួយ​វា​នឹង​ទៅ​ជា​យ៉ាងណា ពេល​ដែល​ឈរ​នៅ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ដឹង​ថា អ្នក​ត្រូវបាន​ធ្វើ​ឲ្យ​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ដោយ​ការគោរព​ប្រតិបត្តិ​ដល់​គោលការណ៍ បទបញ្ញត្តិ និង ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

នីហ្វៃទី3 27:23–33

ព្រះយេស៊ូវគ្រីស្ទ​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ក្លាយ​ដូចជា​ទ្រង់

រូបភាព
ព្រះអង្គ​ប្រោសលោះ​ដ៏​ទេវភាព

ដូច​មាន​កត់ត្រា​នៅ​ចុង​បញ្ចប់​នៃ នីហ្វៃទី3 27 ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដល់​ការណែនាំ​ដល់​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់ និង បង្រៀន​ពួកគេ​អំពី​មុខងារ​របស់​ពួកគេ ក្នុង​នាម​ជា​អ្នក​ដឹកនាំ និង ជា​ចៅក្រម​របស់​ប្រជាជន​របស់​ពួកគេ ។ សូមអាន នីហ្វៃទី3 27:27 ហើយ​រកមើល​បទបញ្ញត្តិ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​សិស្ស ដើម្បី​ជួយ​ពួកគេ​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ដោយ​សុចរិត ។ សូម​យក​ពេល​មួយ​ស្របក់ គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួក​អ្នក​ដែល​ជំនុំ​ជម្រះ​អ្នក​ផ្សេងទៀត ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ?

  • ត្រឡប់​ទៅ​មើល នីហ្វៃទី3 27:21 វិញ តើ​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ពួក​សិស្ស​ឲ្យ​ធ្វើ​អ្វី ?

  • តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ការធ្វើ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ និង ការក្លាយ​ដូច​ជា​ទ្រង់ ?

សូមអាន​ឡើង​វិញ​នូវ នីហ្វៃទី3 27:21, 27 ហើយ​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នូវ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ធ្វើ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​ល្អ ហើយ​ក្លាយ​ដូចជា​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​ជួយ​អ្នក​អនុវត្ត​នូវ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ក្លាយ​កាន់តែ​ដូច​ទ្រង់ ៖

    1. តើ​មាន​ឱកាស​អ្វី​ខ្លះ ដែល​ខ្ញុំ​មាន​កាលពី​ម្សិលមិញ ដើម្បី​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ?

    2. តើ​ខ្ញុំ​អាច​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀប​ណា នៅ​ថ្ងៃ​នេះ ?

    3. តើ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​អ្វី​ខ្លះ ដែល​ខ្ញុំ​អាច​ធ្វើ​នៅឯ​សាលា ឬ នៅ​ផ្ទះ នៅ​ថ្ងៃ​ស្អែក​នេះ ?

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ. ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ. ប៊ែនសឹន បាន​បង្រៀន​ថា ពួក​អ្នក​ដែល​ខិតខំ​ព្យាយាម​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ទទួល​បាន​នូវ​ភាពអស្ចារ្យ​ដ៏​ពិត​ប្រាកដ ៖ « មនុស្ស​នោះ​គឺ​អស្ចារ្យ​បំផុត ហើយ​មានពរ និង ពោរពេញ​ដោយ​ក្ដីអំណរ​បំផុត ដែល​មាន​ជីវិត​ជិត​ដូច​នឹង​គំរូ​នៃ​ព្រះគ្រីស្ទ ។ នេះ​គឺ​មិន​ទាក់ទង​អ្វី​ទៅនឹង​ទ្រព្យសម្បត្តិ អំណាច ឬ កិត្តិនាម​ខាង​លោកិយ​នោះទេ ។ ការសាកល្បង​ដ៏​ពិត​តែ​មួយ​គត់​នៃ​ភាពអស្ចារ្យ ភាពមានពរ និង ភាពពោរពេញ​ដោយ​សេចក្ដី​អំណរ គឺ​ថាតើ​ជីវិត​មនុស្ស​ម្នាក់​ក្លាយ​ជិត​ដូច​ជា​លោកគ្រូ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​ច្រើន​ប៉ុណ្ណា ។ ទ្រង់​គឺជា​ផ្លូវ​ដ៏​ត្រឹមត្រូវ ជា​សេចក្ដីពិត​ដ៏​ពេញលេញ និង ជា​ជីវិត​ដ៏​បរិបូរណ៍ » ( “Jesus Christ—Gifts and Expectations” Ensign ខែ ធ្នូ ឆ្នាំ 1988 ទំព័រ 2 ) ។

  1. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 27 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖