ថ្នាក់​សិក្ខាសាលា
មេរៀនទី 20 ៖ ថ្ងៃទី 3 អាលម៉ា 42


មេរៀនទី 20 ៖ ថ្ងៃទី 3

អាលម៉ា 42

សេចក្តីផ្ដើម

អាលម៉ា​បានបញ្ចប់​ដំបូន្មាន​របស់​លោក​ដល់​កូរីអានតុន ជា​កូនប្រុស​របស់​លោក​ដែល​មាន​បញ្ហា ដោយ​ពន្យល់​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​របៀប​មួយ​សម្រាប់​ពួកអ្នក​ដែល​ធ្វើ​អំពើ​បាប ដើម្បី​ទទួល​បាន​នូវ​សេចក្ដី​មេត្តា​ករុណា ។ លោក​បាន​បង្រៀន​កូនប្រុស​លោក អំពី​ការផ្ដន្ទា​ទោស​ទាំងឡាយ​ដែល​ក្រិត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​តម្រូវ​ឲ្យ​មាន​ចំពោះ​អំពើ​បាប ។ បន្ទាប់​មក លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង « ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ » ( អាលម៉ា 42:15 ) ដោយ​ការរងទុក្ខ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បាន​ធ្វើ​អំពើ​បាប និង មាន​ឆន្ទៈ​ក្នុង​ការប្រែចិត្ត ។ ព្រះអម្ចាស់​ប្រទាន​នូវ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​អ្នក​ដែល​សោកស្ដាយ ( ពួកអ្នក​ប្រែចិត្ត ) ។

អាលម៉ា 42:1–14

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ក្រិត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌

សូម​បិទ​ភ្នែក​របស់​អ្នក​មួយ​ស្របក់ ហើយ​សញ្ជឹង​គិត​ថា វា​អាច​នឹង​ទៅជា​យ៉ាងណា ពេល​ដែល​វេលា​មកដល់​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ​របស់​អ្នក ។ ពេល​អ្នក​រំឭក​ឡើងវិញ​ពី​ជីវិត​អ្នក តើ​អ្នក​ចង់​ឲ្យ​ការជំនុំ​ជម្រះ​ចុងក្រោយ​ត្រឹមត្រូវឬទេ ? ហេតុអ្វី​អ្នក​ចង់​ឲ្យ​ការជំនុំ​ជម្រះ​ចុងក្រោយ​របស់​អ្នកត្រឹមត្រូវ ?

ឥឡូវ​នេះ សូម​ពិចារណា​ថា​ពាក្យ ត្រឹមត្រូវ មានន័យ​យ៉ាងណា ។ និយមន័យ​មួយ​នៃ​ពាក្យ ត្រឹមត្រូវ គឺ​រួមបញ្ចូល​នូវ​ការទទួល​អ្វី​ដែល​អ្នក​សម​នឹង​ទទួល គំនិត​នៃ​ភាពត្រឹមត្រូវ​ គឺ​ទាក់ទង​ទៅនឹង​ពាក្យ​ក្នុង​ព្រះគម្ពីរ​ថា សេចក្ដី​យុត្តិធម៌ ។

រូបភាព
ជញ្ជីងតុល្យភាព
  1. សូម​គូរ​រូប​ជញ្ជីង​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដូច​ជញ្ជីង​ដែល​បង្ហាញ​នេះ ។ បន្ទាប់មក សរសេរ​ពាក្យ​ថា សេចក្ដី​យុត្តិធម៌ នៅខាងក្រោម​គំនូរ​របស់​អ្នក ។ សូម​ទុក​កន្លែង​នៅក្នុង​សៀវភៅ​កំណត់​ហេតុ ដើម្បី​បញ្ចូល​ស្លាក​សញ្ញា​នានា​នៅលើ​គំនូរ​អ្នក ពេល​អ្នក​បន្ត​មេរៀន​នេះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គំនិត​នៃ​សេចក្ដី​យុត្តិធម៌ សូម​អាន​ការពន្យល់​ខាងក្រោម​នេះ​ពី អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« សេចក្ដី​យុត្តិធម៌ មាន​អត្ថន័យ​ជា​ច្រើន ។ អត្តន័យ​មួយ ​គឺ​តុល្យភាព ។ និមិត្តរូប​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៃ​សេចក្ដី​យុត្តិធម៌​ គឺ​ជញ្ជីង​ដែល​មាន​តុល្យភាព ។ …

« … គំនិត​នៃ​សេចក្ដី​យុត្តិធម៌ ដែល​ថា​អ្វី​ដែល​មនុស្ស​ម្នាក់​សម​នឹង​ទទួល គឺជា​ការសន្មត់​គ្រឹះ​នៃ​បទគម្ពីរ​ទាំងអស់ ដែល​និយាយ​ពី​មនុស្ស​ដែល​ត្រូវបាន​ជំនុំ​ជម្រះ ស្រប​​ទៅតាម​កិច្ចការ​ទាំងឡាយ​របស់​ពួកគេ » ( “Sins, Crimes, and Atonement” [ ថ្លែង​ទៅកាន់​គ្រូ​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស ថ្ងៃ​ទី 7 ខែ កុម្ភៈ ឆ្នាំ 1992 ] ទំព័រ 1) ។

កូរីអានតុន​ជា​កូនប្រុស​របស់​អាលម៉ា បាន​ព្រួយ​បារម្ភ​ពី​ភាពត្រឹមត្រូវ​នៃ​ការជំនុំ​ជម្រះ​ចុងក្រោយ ។ សូមអាន អាលម៉ា 42:1 ហើយ​គូស​ចំណាំ​អ្វី​ដែល​កូរីអានតុន​បាន​គិត​ថា នឹង​មិន​ត្រឹមត្រូវ ឬ មិន​យុត្តិធម៌ អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ ។

សូម​ចងចាំ​ថា កូរីអានតុន​បាន​ប្រព្រឹត្ត​នូវ​អំពើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​ទាំងឡាយ ដែល​អំពើ​បាប​ខ្លះៗ​ គឺ​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ( សូមមើល អាលម៉ា 39:2–3 ) ហេតុ​ដូច្នោះ​ហើយ កូរីអានតុន​អាចនឹង​​ប្រាថ្នា ឬ សង្ឃឹម​ថា វា​មិន​យុត្តិធម៌ទេ​​សម្រាប់​មនុស្ស​​ដែល​បាន​ធ្វើ​អំពើ​បាប​ឲ្យ​ត្រូវ​ផ្ដន្ទាទោស​នោះ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា ពួក​អ្នក​ដែល​ពុំ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ​ នឹង​ព្រួយ​បារម្ភ​អំពី​ការទទួល « អ្វី​ដែល​មនុស្ស​ម្នាក់​សម​នឹង​ទទួល » នៅឯ​ការជំនុំ​ជម្រះ ។

នៅក្នុង អាលម៉ា 42:2–11 អាលម៉ា​បាន​លើកឡើង​ពី​កង្វល់​របស់​កូរីអានតុន ដោយ​ពន្យល់​ថា ការធ្លាក់​របស់​អ័ដាម​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម ( ការបំបែក​គ្នា​នៃ​រូបកាយ និង វិញ្ញាណ ​នៅពេល​រូបកាយ​ស្លាប់ ) និង សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ( ការបំបែក​ចេញ​ពី​ព្រះ ​ដោយសារ​អំពើ​បាប ) ។ ដូច្នេះ វា​ជា​ការចាំបាច់​ថា ផែនការ​មួយ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​យក​មនុស្ស​លោក​ចេញពី​ស្ថានភាព​នៃ​ការធ្លាក់​របស់​ពួកគេ​មក​វិញ ។ បើ​មិន​ដូច្នោះ​ទេ មនុស្ស​លោក​ទាំងអស់​នឹង​បន្ត​ស្ថិត​នៅក្នុង​ស្ថានភាព​ដ៏​ពោរពេញទៅ​​ដោយ​អំពើ​បាប ហើយ​វេទនា​ជា​រៀង​រហូត ទៅតាម​ការតម្រូវ​នៃ​សេចក្ដី​យុត្តិធម៌ ។

សូមអាន អាលម៉ា 42:12 ហើយ​រកមើល​ពី​អ្វី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​លោក​ចូល​ទៅក្នុង​ស្ថានភាព​នៃ​ការធ្លាក់​របស់​ពួកគេ ។ ឥឡូវនេះ​សូមអាន អាលម៉ា 42:14 ហើយ​គូស​ចំណាំ​លទ្ធផល​នៃ​ការមិន​គោរព​ប្រតិបត្តិ​របស់​យើង ដែល​តម្រូវ​ដោយ​សេចក្ដី​យុត្តិធម៌ ។ នៅលើ​រូបភាព​ជញ្ជីង​ដែល​អ្នក​បាន​គូរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ ការបំពាន—ការមិន​គោរព​ប្រតិបត្តិ ឬ អំពើ​បាប នៅ​ខាងក្រោម​ជញ្ជីង​ខាង​ឆ្វេង ហើយ​សរសេរ ការផ្ដន្ទាទោស—កាត់ចេញ​ពី​វត្តមាន​របស់​ព្រះ នៅ​ខាងក្រោម​ជញ្ជីង​ខាង​ស្ដាំ ។

  1. សូមអាន អាលម៉ា 42:18 ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា « ការសោក​ស្ដាយ​នៅក្នុង​ស្មារតី » ( អាលម៉ា 42:18 ) មានន័យ​យ៉ាង​ណា ?

    2. តើ​ការសោក​ស្ដាយ​នៅក្នុង​ស្មារតី​អាច​នឹង​នាំ​យើង​ឲ្យ​ធ្វើ​អ្វី ?

ចេញពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន តើ​ក្រិត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​តម្រូវ​ឲ្យ​មាន​អ្វីខ្លះ​ នៅពេល​ដែល​បុគ្គល​ម្នាក់​មិន​គោរព​ប្រតិបត្តិ ? ( ដោយសារ​ការមិន​គោរព​ប្រតិបត្តិ​របស់​យើង នោះ​ក្រិត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​តម្រូវ​ថា យើង​ត្រូវ​ភ្លក់​នូវ​ការសោកស្ដាយ និង ត្រូវបាន​កាត់ចេញ​ពី​វត្តមាន​របស់​ព្រះ ) ។ សូម​សញ្ជឹង​គិត​មួយ​ស្របក់ ពី​ពេល​មួយ​ដែល​អ្នក​ភ្លក់​នូវ​ការស្ដាយក្រោយ និង ទុក្ខព្រួយ ឬ ការថយ​ចេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​ដែល​អ្នក​ធ្វើ​ខុស​អ្វី​មួយ ។ សូម​ស្រមៃ​ពី​អារម្មណ៍​នោះ ដែល​គុណ​ទ្វេ​នូវ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ធ្លាប់​បានធ្វើ​ខុស ហើយ​បន្ទាប់មក ស្រមៃ​ថា អារម្មណ៍​នោះ​នៅជាប់​នឹង​អ្នក​ជា​រៀង​រហូត ។

ផ្អែកលើ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន តើ​អ្នក​ចង់ឲ្យ​ការជំនុំ​ជម្រះ​ចុងក្រោយ​ផ្អែក​លើ​សេចក្ដី​យុត្តិធម៌​ទាំងស្រុង​ដែរ​ឬទេ ? តើ​អ្នក​ចង់​ទទួល​អ្វី​ដែល​អ្នក « សម​នឹង​ទទួល » សម្រាប់​អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​ខុស​ដែរ​ឬ​ទេ ?

អាលម៉ា 42:15–31

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា

លក្ខណៈ​ដ៏​ទេវភាព​មួយ​ក្នុង​ចំណោម​លក្ខណៈ​ដ៏​ទេវភាព​ទាំងឡាយ​របស់​ព្រះ គឺ​ថា​ទ្រង់​យុត្តិធម៌ ។ ការតម្រូវ​នៃ​សេចក្ដី​យុត្តិធម៌​ផ្ដន្ទា​ទោស​ដល់​កូនចៅ​ម្នាក់ៗ​របស់​ព្រះវរបិតាសួគ៌ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​យើង​ណា​ម្នាក់​ស្នាក់នៅ​ជាមួយ​ទ្រង់​ក្នុង​ស្ថានភាព​ដ៏​ពោរពេញ​ដោយ​អំពើ​បាប​របស់​យើង​នោះ​ទេ ។ សូម​ពិចារណា​សំណួរ​តទៅ​នេះ ៖ តើ​មាន​របៀប​ណា​មួយ ដើម្បី​ឲ្យ​ការតម្រូវ​នៃ​សេចក្ដី​យុត្តិធម៌​ទាំងនេះ​ត្រូវ​លប់​ចោល ឬ ដក​ចេញ​ឬទេ ?

មនុស្ស​ជា​ច្រើន​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ ដោយ​ផ្ដល់​យោបល់​ថា បើ​យើង​ប្រែចិត្ត នោះ​យើង​នឹង​មិន​ចាំបាច់​រងទុក្ខ​ ដោយសារ​លទ្ធផល​នៃ​អំពើ​បាប​ទាំងឡាយ​របស់​យើង​នោះទេ ។ ទោះជា​ចម្លើយ​នេះ​ពិតជា​ត្រឹមត្រូវ​ក៏​ដោយ ក៏​វា​ជា​ការសំខាន់​ដើម្បី​យល់​ថា ដើម្បី​លប់​ចោល ឬ លើកទោស​ឲ្យ​លទ្ធផល​ទាំងឡាយ គឺ​មិន​យុត្តិធម៌​ទេ ព្រោះ​ការតម្រូវ​នៃ​សេចក្ដី​យុត្តិធម៌​នឹង​មិន​ត្រូវបាន​បំពេញ​ឡើយ ។ អាលម៉ា​បានបង្រៀន​ថា ការលប់ចោល​នូវ​ការផ្ដន្ទាទោស ដោយ​ពុំ​បំពេញ​ដល់​ការតម្រូវ​នៃ​សេចក្ដី​យុត្តិធម៌ ​គឺ​ពុំ​អាច​កើតឡើង​បាន​ទេ ។ សូមអាន អាលម៉ា 42:25 ហើយ​រកមើល​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​ព្រះ​គ្រាន់តែ​ដកចេញ​នូវ​លទ្ធផល​ទាំងឡាយ​នៃ​អំពើ​បាប ហើយ​ទុក​ឲ្យ​សេចក្ដី​យុត្តិធម៌ ​មិន​ត្រូវបាន​បំពេញ​នោះ ។

សូម​សញ្ជឹង​គិត​សំណួរ​តទៅ​នេះ ​មុនពេល​អាន អាលម៉ា 42:15 ដើម្បី​រកមើល​ចម្លើយ ៖ ប្រសិនបើ​ការដាក់ទោស​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​យើង​ ពុំ​អាច​ត្រូវបាន​ដកចេញ​ទេ តើ​យើង​អាច​មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិ​សម្បជញ្ញៈ និង បាន​សាងឡើង​វិញ​ចំពោះ​វត្តមាន​របស់​ព្រះ​យ៉ាងណា​ទៅ ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ពី​ឃ្លា​ថា « ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ » មានន័យ​ថា ធ្វើឲ្យ​ស្កប់ស្កល់ ឬ បង់ថ្លៃ​សម្រាប់​ការដាក់ទោស​ដែល​សេចក្ដី​យុត្តិធម៌​តម្រូវ​ឲ្យ​មាន ។

ចេញពី អាលម៉ា 42:15 យើង​រៀន​ថា ៖ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដើម្បី​ឲ្យ​សេចក្ដី​មេត្តា​ករុណា​អាច​ត្រូវបាន​ប្រទាន​ដល់​ពួក​អ្នកប្រែចិត្ត ។ សូម​បំពេញ​រូបភាព​ជញ្ជីង​ដែល​អ្នក​បាន​គូរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​សរសេរពាក្យ បាន​ស្កប់ស្កល់​ដោយ​សេចក្ដី​មេត្តា​ករុណា—ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ខាងក្រោម​ឃ្លា « ការផ្ដន្ទាទោស … » ។

  1. សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​កំពុង​ជួប​បញ្ហា ក្រោម​បន្ទុក​ដែល​បាន​បង្កើត​ឡើង​ ដោយ​អំពើ​បាប​ទាំងឡាយ​របស់​គាត់ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ទៅ​មិត្ត​របស់​អ្នក ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ អនុញ្ញាត​ឲ្យ​សេចក្ដី​មេត្តា​ករុណា​មាន​ដល់​យើង​ម្នាក់ៗ ។

សូម​សញ្ជឹង​គិត ថាតើ​វា​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ដែល​ព្រះអង្គ​សង្គ្រោះ​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ​នូវ​ការផ្ដន្ទាទោស​ដែល​សេចក្ដី​យុត្តិធម៌​ទាមទារ ដើម្បី​អ្នក​អាច​បាន​សេចក្ដី​មេត្តា​ករុណា​នោះ ?

សូមអាន អាលម៉ា 42:22–24 ហើយ​គូស​ចំណាំ​នូវ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​តម្រូវ​ឲ្យ​មាន ដើម្បី​ឲ្យ​យើង​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា ។ ឃ្លា​ថា « ជន​ដែល​ប្រែចិត្ត » នៅក្នុង​ខ 24 មានន័យ​ថា ប្រែចិត្ត​ដោយ​អស់ពី​ចិត្ត ។ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន សូម​បំពេញ​គោលការណ៍​តទៅ​នេះ ៖ បើ​យើង​ប្រែចិត្ត នោះ​យើង​នឹង​ទទួល តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ព្រះយស៊ូវគ្រីស្ទ​ថា​ជា​ព្រះ ជា​អ្នក​សង្រួប​សង្រួម ។ ព្រះ​ជា​អ្នក​សង្រួប​សង្រួម ​គឺជា​អង្គ​មួយ​ដែល​ឈរ​រវាង​ក្រុម​ពីរ ដើម្បី​ជួយ​ដោះស្រាយ​ការមិន​ចុះ​សម្រុង ។ ពេល​អ្នក​អាន​ពាក្យ​ទាំងនេះ សូម​រកមើល​ថា តើ​មនុស្ស​​មាន​បាប​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​យ៉ាងណា ដើម្បី​ឲ្យ​សេចក្ដី​មេត្តា​ករុណា​មាន​ដល់​ពួកគេ​នោះ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« តាមរយៈ​ក្រិត្យវិន័យ​ដ៏​អស់កល្ប​ជានិច្ច នោះ​សេចក្ដី​មេត្តា​ករុណា​ពុំអាចផ្ដល់​ឲ្យ​បាន​ឡើយ លុះត្រាតែ​មាន​មនុស្ស​ម្នាក់​ដែល​សុខចិត្ត ហើយ​មាន​សមត្ថភាព​ទទួល​យក​បំណុល​របស់​យើង ហើយ​បង់ថ្លៃ​នោះ ហើយ​រៀបចំ​លក្ខខណ្ឌ​សម្រាប់​ការប្រោសលោះ​របស់​យើង ។

« លើកលែង​តែ​មាន​ព្រះ​ជា​អ្នក​សង្រួប​សង្រួម​មួយ​អង្គ លើកលែង​តែ​យើង​មាន​មិត្ត​ម្នាក់តែ​ប៉ុណ្ណោះ នោះ​ទម្ងន់​ទាំងអស់​នៃ​សេចក្ដី​យុត្តិធម៌​ គឺ​មិន​អាច​បន្ធូរ​បន្ថយ ពុំមាន​ការអាណិត​អាសូរ​បាន​ឡើយ គឺ​ត្រូវតែ​ធ្លាក់​មកលើ​យើង​ទាំងអស់ ។ ការទូទាត់​ទាំងស្រុង​សម្រាប់​គ្រប់​អំពើ​រំលង ទោះ​តូច ឬ ធំ នឹង​ត្រូវ​ទាមទារ​ពី​យើង​ឲ្យ​គ្រប់​គ្មាន​សល់ ។

« ប៉ុន្តែ ចូរដឹង​ការណ៍​នេះ​ថា ៖ សេចក្ដី​ពិត គឺ​សេចក្ដី​ពិត​ដ៏​រុងរឿង ប្រកាស​ថា មាន​នូវ​ព្រះ​ជា​អ្នក​សង្រួប​សង្រួម​មួយ​អង្គ ។ …

« តាមរយៈ​ទ្រង់ សេចក្ដី​មេត្តា​ករុណា​អាច​មាន​ដល់​យើង​ម្នាក់ៗ ដោយ​ពុំ​មាន​ការអង្អាក់​បង្អន់​ដល់​ក្រិត្យវិន័យ​ដ៏​អស់កល្ប​នៃ​សេចក្ដី​យុត្តិធម៌​ឡើយ ។ …

« ការផ្ដល់​នូវ​សេចក្ដី​មេត្តា​ករុណា នឹង​មិន​កើតឡើង​ដោយ​ឯកឯង​នោះទេ ។ វា​នឹង​កើតឡើង​តាមរយៈ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។ វា​នឹង​ផ្អែកលើ​លក្ខខណ្ឌ​របស់​ទ្រង់ ជា​លក្ខខណ្ឌ​ដ៏​សប្បុរស​របស់​ទ្រង់ » ( “The Mediator” Ensign ខែ ឧសភា ឆ្នាំ 1977 ទំព័រ 55–56 ) ។

រូបភាព
ឱ ព្រះវរបិតា​របស់​ទូល​បង្គំ

កាលដែល​អាលម៉ា​បាន​បញ្ចប់​នូវ​ការទូន្មាន​របស់​លោក​ចំពោះ​កូរីអានតុន នោះ​លោក​បាន​សង្ខេប​អ្វីៗ​គ្រប់​យ៉ាង​ដែល​លោក​ព្យាយាម​បង្រៀន​ដល់​កូនប្រុស​លោក ។ សូមអាន អាលម៉ា 42:26–31 ហើយ​គូស​ចំណាំ​នូវ​អ្វី​ដែល​អាលម៉ា​ប្រាថ្នា​ចង់​បាន​សម្រាប់​កូរីអានតុន ពេលដែល​គាត់​បាន​យល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​អាលម៉ា​បាន​បង្រៀន​គាត់​នៅក្នុង​ជំពូក​នេះ​ហើយ​នោះ ។ សូម​កត់ចំណាំ​នូវ​បំណង​ប្រាថ្នា​របស់​អាលម៉ា​សម្រាប់​កូរីអានតុន ដើម្បី​កុំ​ឲ្យ​គាត់ដោះសារ​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​គាត់ ប៉ុន្តែ​ជា​ការ​ប្រសើរ​​សម្រាប់​គាត់ ​ដើម្បី​ទុក​ឲ្យ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តា​ករុណា និង ដង្វាយធួន « មាន​ប្រសិទ្ធភាព​យ៉ាង​ពេញ​ទំហឹង​នៅក្នុង​ចិត្ត [ គាត់ ] ចុះ » ( អាលម៉ា 42:30 ) ។ តើ​អ្នក​អាច​ទុក​ឲ្យ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​មាន​ប្រសិទ្ធភាព​យ៉ាង​ពេញ​ទំហឹង​នៅក្នុង​ចិត្ត​របស់​អ្នក​ដោយ​របៀប​ណា​ទៅ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គំនិត​របស់​អ្នក​អំពី​សំណួរ​តទៅ​នេះ ៖ ប្រសិន​បើ​អ្នក​អាច​បង្ហាញ​ពី​ការដឹងគុណ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដោយ​ផ្ទាល់ សម្រាប់​ការពលិកម្ម​របស់​ទ្រង់​ជំនួស​អ្នក នោះ​តើ​អ្នក​នឹង​ទូល​អ្វីខ្លះ​​ដល់​ទ្រង់ ?

វា​សំខាន់​ក្នុង​ការដឹង​ថា កូរីអានតុន​បាន​ប្រែចិត្ត ហើយ​នៅ​ទីបំផុត ​ការណ៍​នោះ​បានមាន​នូវ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅលើ​ការរីក​លូតលាស់​នៃសាសនាចក្រ ( សូមមើល អាលម៉ា 49:30 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 42 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖