ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ


សេចក្ដី​ណែនាំ​មកកាន់គម្ពីរ​មរ៉ូណៃ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ពេល​អ្នក​សិក្សា​គម្ពីរ​មរ៉ូណៃ អ្នក​អាច​ទាញ​យក​នូវ​កម្លាំង​ចេញមកពី​គំរូ និង ទីបន្ទាល់​ដ៏​អស្ចារ្យ​របស់​មរ៉ូណៃ ។ ជាង​នោះ​ទៅ​ទៀត ចេញពី​ការបង្រៀន​របស់​មរ៉ូណៃ និង មរមន ជា​ឪពុក​របស់​លោក នោះ​អ្នក​នឹង​រៀន​អំពី​ពិធី​បរិសុទ្ធ និង ការអនុវត្ត​ជា​គោល​សំខាន់ៗ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ សារៈសំខាន់​នៃ​ការធ្វើ​កិច្ចការ​សុចរិត​ជាមួយ​នឹង​បំណង​ពិត របៀប​វិនិច្ឆ័យ​រវាង​ល្អ និង អាក្រក់ និង ទំនាក់​ទំនង​រវាង​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង សេចក្ដី​សប្បុរស ។ អ្នក​នឹង​អាន​ផងដែរ​នូវ​ការទូន្មាន​របស់​មរ៉ូណៃ​ឲ្យ​អធិស្ឋាន​ដើម្បី​ដឹង​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ថា ព្រះគម្ពីរ​មរមន​ពិត ហើយ​ឲ្យ « មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ 10:32 ) ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរ៉ូណៃ​បាន​សរសេរ​គម្ពីរ​នេះ ដែល​រួមមានទាំង​​ពាក្យ​សម្ដី​របស់​លោក ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ទៅកាន់​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់ ( សូម​មើល មរ៉ូណៃ 2 ) និង ពាក្យសម្ដី​របស់​មរមន​ ជា​ឪពុក​លោក ( សូម​មើល មរ៉ូណៃ 7–9 ) ។ មុនពេល​​ការវិនាសរបស់​​ពួក​សាសន៍​នីហ្វៃ មរ៉ូណៃ​បាន​បម្រើ​ជា​កងទ័ព និង ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ចំណោម​ពួកគេ ( សូម​មើល មរមន 6:12; មរ៉ូណៃ 8:1 ) ។ មរ៉ូណៃ​ជា​សាក្សី​មួយ​រូប​នៃ​ព្រះអង្គ​សង្គ្រោះ ដូចជា​អ្នក​សរសេរ និង អ្នក​ចងក្រង​ព្រះគម្ពីរ​មរមន​មួយ​ចំនួន​ធំ​ផ្សេងទៀត​ដែរ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ខ្ញុំ​បាន​ឃើញ​ព្រះយេស៊ូវ ហើយ … ទ្រង់​បាន​មាន​ព្រះបន្ទូល​ជាមួយ​ខ្ញុំ​ទល់​នឹង​មុខ » ( អេធើរ 12:39 ) ។ មរ៉ូណៃ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​លោក ហើយ​បាន​សង្កត់​ធ្ងន់​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការស៊ូ​ឲ្យ​គេ​សម្លាប់ ជាជាង​បដិសេធ​ព្រះគ្រីស្ទ ( សូម​មើល មរ៉ូណៃ 1:1–3 ) ។

នៅក្នុង​ឆ្នាំ 1823 ប្រមាណ​ជា 1,400 ឆ្នាំ ក្រោយពី​លោក​បាន​បញ្ចប់​ការកត់ត្រា​ព្រះគម្ពីរ​មរមន មរ៉ូណៃ​បាន​លេច​មក​ឯ​ព្យាការី យ៉ូសែប ស្ម៊ីធ ជា​តួអង្គ​ដែល​បាន​រស់​ឡើង​វិញ ហើយ​បាន​ប្រាប់​លោក​ថា បញ្ជី​នោះ​ត្រូវបាន​កប់​ទុក​នៅ​ភ្នំ​មួយ​ក្បែរ​ផ្ទះ​របស់ យ៉ូសែប ស្ម៊ីធ ។ នៅ​ពេល​នោះ និង អំឡុង​បួនប្រាំ​ឆ្នាំ​បន្ទាប់​នោះ មរ៉ូណៃ​ក៏​បាន​ណែនាំ​ផងដែរ​ដល់ យ៉ូសែប ស្ម៊ីធ « អំពី​រឿង​ដែល​ព្រះអម្ចាស់​ទ្រង់​នឹង​ធ្វើ ហើយ​តើ​ដោយ​របៀប​ណា និង ដោយ​នូវ​អ្វី​ដែល​ព្រះនគរ​ព្រះ​នឹង​ត្រូវ​ចាត់ចែង​នៅ​គ្រា​ក្រោយ​បង្អស់ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:54 ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ​នៅពេល​ណា ហើយ​នៅកន្លែង​ណា ?

មរ៉ូណៃ​ទំនង​ជា​បាន​សរសេរ និង ចងក្រង​គម្ពីរ​នោះ នៅ​រវាង​ឆ្នាំ 401 គ.ស. និង 421 គ.ស. ( សូម​មើល មរមន 8:4–6; មរ៉ូណៃ 10:1 ) ជា​ពេល​ដែល​លោក​បាន​គេច​ខ្លួន​ ដើម្បី​សុវត្ថិភាព​ដល់​ជីវិត​លោក ( សូម​មើល មរមន 1:1–3 ) ។