ថ្នាក់​សិក្ខាសាលា
មេរៀនទី 22 ៖ ថ្ងៃទី 4 ហេលេមិន 6–9


មេរៀនទី 22 ៖ ថ្ងៃទី 4

ហេលេមិន 6–9

សេចក្តីផ្ដើម

ក្រោយពី​កិច្ចប្រឹងប្រែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​នីហ្វៃ និង លីហៃ ភាពសុចរិត​របស់​ពួក​សាសន៍​លេមិន​បាន​កើនឡើង ។ ជា​អកុសល អំឡុងពេល​ជាមួយ​គ្នា​នេះ ពួក​សាសន៍​នីហ្វៃ​បាន​ប្រែ​ជា​ទុច្ចរិត ហើយ​គាំទ្រ​ដល់​ក្រុម​ចោរប្លន់​កាឌីអានតុន ដែល​ជា​លទ្ធផល​គឺ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ចេកចេញ​ពី​ពួកគេ ។ ព្យាការី​នីហ្វៃ​បានព្យាករ​ថា បើសិន​សាសន៍​នីហ្វៃ​បន្ត​រស់នៅ​ក្នុង​សេចក្ដី​ទុច្ចរិត នោះ​ពួកគេ​នឹង​ត្រូវ​វិនាស ។ ជា​ការតប​វិញ ពួក​ចៅក្រម​ដែល​ពុករលួយ​បាន​ពង្វក់​ប្រជាជន​ជាច្រើន​ឲ្យ​ខឹង​ទាស់​នឹង​នីហ្វៃ ខណៈ​ដែល​ប្រជាជន​មួយ​ចំនួន​បាន​ការពារ​ព្យាការី​យ៉ាង​ក្លាហាន ។ ជា​សក្ខីបទ​មួយ​ថា ពាក្យ​សម្ដី​របស់​លោក​នឹង​ត្រូវបាន​បំពេញ នោះ​នីហ្វៃ​បាន​បើក​សម្ដែង​ថា មេចៅក្រម​ត្រូវបាន​ធ្វើឃាត​ដោយ​ប្អូនប្រុស​របស់​គាត់ ។ ពេល​ពាក្យ​សម្ដី​របស់​នីហ្វៃ​ត្រូវបាន​បញ្ជាក់​ថា​ត្រឹមត្រូវ នោះ​មាន​ប្រជាជន​មួយ​ចំនួន​បាន​ទទួល​លោក​ថា​ជា​ព្យាការី​ម្នាក់ ។

ហេលេមិន 6

ពួក​សាសន៍​លេមិន​ប្រែជា​សុចរិត ហើយ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ចោរប្លន់​កាឌីអានតុន ខណៈដែល​ពួក​សាសន៍​នីហ្វៃ​គាំទ្រ​បក្សព័ន្ធ​សម្ងាត់

  1. សូម​គូរ​រូប​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ទុក​ចន្លោះ​សម្រាប់​សរសេរ​នៅ​ខាងលើ និង នៅ​ខាងក្រោម ៖

    រូបភាព
    ព្រួញ​ទៅលើ

    កាលដែល​អ្នក​បាន​សិក្សា​គម្ពីរ​ហេលេមិន អ្នក​បានឃើញ​ថា ពួក​សាសន៍​នីហ្វៃ​បាន​ធ្វើ​ការជ្រើសរើស​ទាំងឡាយ ដែល​នាំ​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ចាកចេញ​ពី​ជីវិត​គេ ខណៈដែល​ពួក​សាសន៍​លេមិន​បាន​ធ្វើ​ការជ្រើសរើស​ទាំងឡាយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​រីកលូតលាស់​ឡើង​នៅក្នុង​ជីវិត​គេ ។ សូមអាន ហេលេមិន 6:1–5, 16–17, 34–36 រកមើល​អ្វី​ដែល​ពួក​សាសន៍​លេមិន​បាន​ធ្វើ ដែល​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​កើនឡើង ហើយ​សរសេរ​វា​នៅ​ខាងលើ​ព្រួញ​ខាងលើ ។ នៅក្នុង​ខ​ទាំងឡាយ​ដដែល​នោះ សូម​រកមើល​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​បានធ្វើ ដែល​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ថយចុះ ហើយ​សរសេរ​វា​នៅ​ខាងក្រោម​ព្រួញ​ខាងក្រោម ។

គោលការណ៍​សំខាន់​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ពួក​សាសន៍​នីហ្វៃ និង លេមិន គឺ ៖ ពេល​យើង​ជឿ ហើយ​គោរព​ប្រតិបត្តិ​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មកលើ​យើង ។ ផ្ទុយ​ពី​គោលការណ៍​នេះ​គឺ​ពិត​ផងដែរ​ថា ៖ បើ​យើង​មិន​មាន​ឆន្ទៈ​ក្នុង​ការជឿ និង គោរព​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទេ នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​ចាកចេញ​ពី​យើង ។

សូម​ក្រឡេកមើល​អ្វី​ដែល​អ្នក​បានសរសេរ​នៅលើ​រូបភាព​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​អំពី​របៀប​ដែល​សកម្មភាព​នៅ​ពាក់​កណ្ដាល​ខាងលើ​ទាំងនោះ​ជា​គំរូ​នៃ​ការមាន​ឆន្ទៈ​ក្នុង​ការជឿ និង គោរព​ប្រតិបត្តិ​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ខណៈដែល​សកម្មភាព​ទាំងឡាយ​នៅ​ខាងក្រោម គឺជា​គំរូ​នៃ​ការពង្រឹង​ដួងចិត្ត និង មិន​មាន​ឆន្ទៈ​ក្នុង​ការស្ដាប់​តាម​ព្រះអម្ចាស់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ជ្រើសរើស​សកម្មភាព​មួយ​ពី​សកម្មភាព​វិជ្ជមាន​ទាំងឡាយ ( នៅ​ពាក់​កណ្កាល​ខាងលើ​នៃ​រូប​របស់​អ្នក ) ដែល​អ្នក​កំពុង​ធ្វើ ឬ បាន​ធ្វើ​ក្នុង​ជីវិត​អ្នក ។ តើ​សកម្មភាព​នេះ​បាន​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​ក្នុង​ជីវិត​អ្នក​ដូចម្ដេច​ដែរ ?

    2. សូម​ក្រឡេក​មើល​ទៅ​សកម្មភាព​ទាំងឡាយ​ដែល​នៅ​ពាក់​កណ្ដាល​ខាងក្រោម​នៃ​រូប​របស់​អ្នក ។ ហេតុអ្វី​អ្នក​ចង់​ចៀសវាស​ពី​ការធ្វើ​ការណ៍​ទាំងនេះ ?

សូម​ជ្រើសរើស​ការណ៍​មួយ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឲ្យ​កើនឡើង​នៅក្នុង​ជីវិត​អ្នក ហើយ​ពុះពារ​ព្យាយាម​ដើម្បី​ធ្វើ​វា​នៅក្នុង​សប្ដាហ៍​ខាង​មុខ​នេះ ។

ហេលេមិន 7

នីហ្វៃ​ផ្សព្វផ្សាយ​ទៅ​ពួក​សាសន៍​នីហ្វៃ​ដែល​ទុច្ចរិត ហើយ​បញ្ជា​ពួកគេ​ឲ្យ​ប្រែចិត្ត

ព្យាការី​នីហ្វៃ​បានបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ដែនដី​ភាគ​ខាងជើង អស់​ប្រាំមួយ​ឆ្នាំ ។ លោក​បាន​ត្រឡប់​ទៅ​ផ្ទះ​លោក​វិញ បន្ទាប់​ពី​ព្យាយាម​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ ដែល​បាន​បដិសេធ​ពាក្យ​សម្ដី​លោក ហើយ​បន្ត​នៅក្នុង​ស្ថានភាព​ទុច្ចរិត​របស់​គេ ។ លោក​មាន​ការខកចិត្ត​ជាខ្លាំង ។ សូមអាន ហេលេមិន 7:6–11 ដើម្បី​រៀន​ពី​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ ។

បន្ទាប់ពី​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​ដើម្បី​ស្ដាប់​នីហ្វៃ​អធិស្ឋាន​នៅលើ​ប៉ម​នៅក្នុង​សួន​របស់​លោក​ហើយ នីហ្វៃ​បាន​ចាប់ផ្ដើម​បង្រៀន​ពួកគេ ( សូម​មើល ហេលេមិន 7:12–29 ) ។ លោក​បាន​ព្រមាន​ពួកគេ​ពី​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់​ពួកគេ ហើយ​បាន​សង្កត់​ធ្ងន់​លើ​គោលការណ៍​នេះ ៖ បើ​យើង​បដិសេធ​មិន​ប្រែចិត្ត​ពី​អំពី​បាប​របស់​យើង នោះ​យើង​នឹង​បាត់បង់​ការការពារ​ពី​ព្រះអម្ចាស់ និង ពរជ័យ​ទាំងឡាយ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ហេលេមិន 8:1–26

ពួក​ចៅក្រម​ពុករលួយ​ពង្វក់​ដល់​ប្រជាជន​ឲ្យ​ខឹង​ទាស់​នឹង​នីហ្វៃ

តើ​អ្វីខ្លះ​ជា​ឥទ្ធិពល​មួយ​ចំនួន ដែល​រំខាន​អ្នក​ពី​ការស្ដាប់​ដល់​ពាក្យ​សម្ដី​របស់​ព្យាការី ? ពេល​អ្នក​សិក្សា ហេលេមិន 8 សូម​មើល​ឲ្យ​បាន​ជ្រាលជ្រៅ​ទៅក្នុង​អ្វី ដែល​អ្នក​គប្បី​ធ្វើ​ពេល​ប្រឈម​នឹង​ឥទ្ធិពល​បែបនោះ ។

សូម​អាន ហេលេមិន 8:1–6 រកមើល​ពី​របៀប​ដែល​ពួក​ចៅក្រម​សាសន៍​នីហ្វៃ ( ដែល​ជា​ក្រុមចោរ​កាឌីអានតុន​ផងដែរ​នោះ ) បាន​មាន​ប្រតិកម្ម​ចំពោះ​ការបង្រៀន​របស់​នីហ្វៃ ។ ពេល​អ្នក​អាន សូម​សញ្ជឹង​គិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​អ្វី​ជា​សារដំណឹង​ចម្បង​របស់​ពួក​ចៅក្រម​ទៅកាន់​ប្រជាជន ? យោងទៅ​តាម ហេលេមិន 8:4 ហេតុអ្វី​ពួក​ចៅក្រម​ពុំចាប់​ខ្លួន​នីហ្វៃ ?

សូម​គិត​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ប្រសិនបើ​មាន​នរណា​ម្នាក់​ព្យាយាម​លួងលោម​អ្នក​មិន​ឲ្យ​ស្ដាប់​ដល់​អ្វី​ដែល​ព្យាការី​បង្រៀន​នោះ ។ នៅក្នុង ហេលេមិន 8 ប្រជាជន​មួយ​ចំនួន​បានចេញ​មក​និយាយ​ទាស់​នឹង​អ្វី​ដែល​ពួក​ចៅក្រម​និយាយ​អំពី​នីហ្វៃ ។ សូម​អាន ហេលេមិន 8:7–9 ហើយ​ពិចារណា​ក្នុង​ការគូស​ចំណាំ​នូវ​អ្វី​ដែល​ប្រជាជន​បាន​និយាយ​ដើម្បី​គាំទ្រ​ដល់​នីហ្វៃ ។

សូម​មើល ហេលេមិន 8:10 ហើយ​កត់ចំណាំ​ពី​ផលប៉ះពាល់ ដែល​ពាក្យ​សម្ដី​របស់​ពួកគេ​បាន​មាន​ទៅលើ​ស្ថានភាព​នោះ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅនេះ​នៅក្បែរ ហេលេមិន 8:7–10 ៖ បើ​យើង​តទល់​នឹង​ការអាក្រក់ នោះ​យើង​អាច​រារាំង​វា​កុំ​ឲ្យ​រីកឡើង ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ​ដែល​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា គោលការណ៍​ដែល​បាន​ថ្លែង​ខាងលើ​នេះ សំខាន់​នៅក្នុង​ជំនាន់​របស់​យើង​នេះ ។

  2. សូម​ឆ្លើយ​សំណួរ​មួយ ឬ ច្រើន​ជាង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​ទប់ទល់​នឹង​ឥទ្ធិពល​ទាំងឡាយ​ដែល​លួងលោម​អ្នក​មិន​ឲ្យ​អើពើរ ឬ តទល់​នឹង​ការបង្រៀន​របស់​ព្យាការី​យ៉ាង​ដូចម្តេច ?

    2. តើ​អ្វី​ខ្លះ​ជា​របៀប​ត្រឹមត្រូវ ក្នុង​ការចេញ​មក​និយាយ​ទាស់​នឹង​ឥទ្ធិពល​បែបនោះ ហើយ​គាំទ្រ​ដល់​ព្យាការី​របស់​ព្រះអម្ចាស់ ?

    3. តើ​ពេលណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ក្រោកឈរ​ឡើង​ទាស់​នឹង​ឥទ្ធិពល​បែបនោះ ? តើ​អ្វី​ខ្លះ​ដែល​ជា​លទ្ធផល ?

ដូច​មាន​កត់ត្រា​នៅក្នុង ហេលេមិន 8:11–23 នីហ្វៃ​បានរំឭក​ប្រជាជន​អំពី​ព្យាការី​មួយ​ទៅ​ព្យាការី​មួយ​ទៀត ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​នូវ​គោលការណ៍​នេះ ៖ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​គោរព​ប្រតិបត្តិ នោះ​យើង​នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ថ្វីបើ​មាន​ព្យាការី​ជាច្រើន ដែល​ការបង្រៀន​របស់​ពួកលោក​បាន​បញ្ជាក់​ដល់​ពាក្យ​សម្ដី​របស់​នីហ្វៃ​ក៏​ដោយ ក៏​ប្រជាជន​បាន​បដិសេធ​នីហ្វៃ និង សារដំណឹង​របស់​លោក ។ សូម​អាន ហេលេមិន 8:24–26 ហើយ​រកមើល​លទ្ធផល​ទាំងឡាយ​ដែល​ពួក​សាសន៍​នីហ្វៃ​ប្រឈម​ជាមួយ បើសិន​ពួកគេ​បន្ត​បដិសេធ​ទីបន្ទាល់​របស់​ពួក​ព្យាការី ។ បន្ទាប់មក សូម​សញ្ជឹង​គិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​ពួកអ្នក​ដែល​បដិសេធ​សេចក្ដី​ពិត ហើយ​បះបោរ​ទាស់​នឹង​ព្រះ​ជានិច្ច ប្រឈម​នឹង​លទ្ធផល​ធ្ងន់ធ្ងរ​បែបនោះ ?

ហេលេមិន 8:27–9:41

នីហ្វៃ​បើក​បង្ហាញ​ថា មេចៅក្រម​ត្រូវបាន​ធ្វើឃាត​ដោយ​ប្អូនប្រុស​របស់​គាត់

ជា​ភស្ដុតាង​ថា ប្រជាជន​គឺ​នៅក្នុង​ស្ថានភាព​ដ៏​ពោរពេញ​ដោយ​អំពើ​បាប ហើយ​ថា​អ្វី​ដែល​លោក​បាន​ប្រាប់​ពួកគេ​អំពី​ការបំផ្លិច​បំផ្លាញ​របស់​ពួកគេ នឹង​ត្រូវបាន​បំពេញ នោះ​នីហ្វៃ​បាន​បើក​បង្ហាញ​ថា មេចៅក្រម​របស់​សាសន៍​នីហ្វៃ​គឺ​ត្រូវបាន​គេ​ធ្វើឃាត ។ នីហ្វៃ​ក៏​បាន​ប្រកាស​ផងដែរ​ថា ទាំង​បុរស​ដែល​ត្រូវ​គេ​ធ្វើ​ឃាត និង ប្អូនប្រុស​របស់​គាត់​គឺជា​សមាជិក​នៃ​ក្រុម​ចោរប្លន់​កាឌីអានតុន ។ ( សូម​មើល ហេលេមិន 8:27–28 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលការណ៍​តទៅ​នេះ ៖ ពាក្យ​សម្ដី​របស់​ព្យាការី​នឹង​ត្រូវបាន​បំពេញ ។ សូម​ស្រមៃ​ថា អ្នក​ជា​អ្នក​អង្កេត​ការ​ម្នាក់ ដែល​កំពុង​ស៊ើប​អង្កេត​ពី​ឃាតកម្ម​របស់​មេចៅក្រម ។ សូម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ដោយ​ការអាន​ខ​ទាំងឡាយ​ដែល​នៅក្នុង​វង់​ក្រចក ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    ថ្ងៃ​ទី​មួយ​នៃ​ការស៊ើប​អង្កេត ៖

    1. ពេល​ប្រជាជន​ប្រាំ​នាក់​បាន​អង្កេត​ពី​ការអះអាង​របស់​នីហ្វៃ តើ​ពួកគេ​បាន​រកឃើញ​អ្វី ? ហេតុអ្វី​ពួកគេ​បានដួល​ទៅលើ​ដី ? ( ហេលេមិន 9:1–5 )

    2. តើ​នរណា​ដែល​ប្រជាជន​បាន​សង្ស័យ​ថា​ជា​ឃាតករ ? ( ហេលេមិន 9:7–8 )

    ថ្ងៃ​ទី​ពីរ​នៃ​ការស៊ើប​អង្កេត ៖

    1. តើ​នរណា​ដែល​បាន​បង្ហាញ​ថា​គ្មានទោស ? ( ហេលេមិន 9:10–14, 18 )

    2. តើ​នរណា​ដែល​ត្រូវបាន​ចោទ​ប្រកាន់ ? ( ហេលេមិន 9:16, 19 )

    3. តើ​នីហ្វៃ​បាន​ផ្ដល់​ភស្ដុតាង​អ្វី ដែល​បង្ហាញ​ថា​លោក​គ្មាន​ទោស ? ( ហេលេមិន 9:25–36 )

    4. តើ​នរណា​ជា​ឃាតករ ? ( ហេលេមិន 9:37–38 )

សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​ចម្លើយ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ដែល​ឆ្លើយ​ដល់​សំណួរ​ខាងក្រោម​នេះ ៖

  • យោងតាម ហេលេមិន 9:5 តើ​ពួក​បុរស​ទាំងប្រាំ​អ្នក​ដែល​បាន​រកឃើញ​មេចៅក្រម​ដែល​ត្រូវ​គេ​ធ្វើ​ឃាត ជឿ និង ភ័យខ្លាច​ចំពោះ​អ្វី ?

  • យោងតាម ហេលេមិន 9:36 តើ​នីហ្វៃ​បាន​និយាយ​ថា អ្វី​ដែល​ស៊ីអានទុម​នឹង​ធ្វើ​ទីបន្ទាល់ ពេល​ដែល​គាត់​សារភាព​ចំពោះ​ការធ្វើឃាត​បងប្រុស​របស់​គាត់​នោះ ?

  • យោងតាម ហេលេមិន 9:39–41 ហេតុអ្វី​ប្រជាជន​មួយ​ចំនួន​ជឿ​ដល់​នីហ្វៃ ?

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 6–9 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖