ថ្នាក់​សិក្ខាសាលា
មេរៀនទី 21 ៖ ថ្ងៃទី 3 អាលម៉ា 53, 56–58


មេរៀនទី 21 ៖ ថ្ងៃទី 3

អាលម៉ា 53; 56–58

សេចក្តីផ្ដើម

ហេលេមិន និង មេទ័ព​មរ៉ូណៃ​បាន​វាយ​ពួក​លេមិន​នៅ​ផ្នែក​ផ្សេងៗ​នៃ​ដែនដី ។ ហេលេមិន​បាន​ផ្ញើរ​សំបុត្រ​មួយ​ទៅ​មរ៉ូណៃ ដោយពិ​ពណ៌នា​ពី​ចម្បាំង​របស់​ពលទ័ព​លោក​ដែល​ច្បាំង​នឹង​ពួក​លេមិន ហើយ​បង្ហាញ​ពី​ទំនុកចិត្ត និង ការពេញចិត្ត​របស់​លោក​ទៅលើ​សេចក្ដី​ជំនឿ​របស់​អ្នក​ចម្បាំង​កំលោះ 2,060 នាក់ ។ ដោយសារ​សេចក្ដី​ជំនឿ និង សេចក្ដី​ក្លាហាន​របស់​ពួក​អ្នក​ចម្បាំង​សាសន៍​នីហ្វៃ​ទាំងនេះ នោះ​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ឲ្យ​ឈ្នះ​លើ​ចម្បាំង ហើយ​បាន​ប្រទាន​ពរ​ដល់​ពួកគេ​ជាមួយ​នឹង​ការអះអាង និង សេចក្ដី​សង្ឃឹម​អំឡុងពេល​នៃ​ទុក្ខ​វេទនា​របស់​ពួកគេ ។

អាលម៉ា 53; 56

ពលទ័ព​របស់​អាន់ទីផុស និង ហេលេមិន​វាយឈ្នះ​ពលទ័ព​ដ៏​រឹងមាំ​បំផុត​របស់​ពួក​លេមិន ។

ខណៈដែល​មេទ័ព​មរ៉ូណៃ​បាន​វាយ​ប្រហារ​ពួក​លេមិន​នៅ​ផ្នែក​មួយ​នៃ​ដែនដី នោះ​ហេលេមិន​បានដឹកនាំ​ពលទ័ព​របស់​លោក​នៅក្នុង​ផ្នែក​ផ្សេង​មួយ​ទៀត​នៃ​ដែនដី ។ ពលទ័ព​របស់​លោក​រួមមាន​ពួក​កូនប្រុស​ក្មេងៗ 2,000 នាក់ របស់​ប្រជាជន​អាំម៉ូន ។ ឪពុកម្ដាយ​របស់​យុវជន​ទាំងនេះ​បាន​ធ្វើ​សេចក្ដី​សញ្ញា​មួយ​ថា នឹង​មិនដែល​លើក​អាវុធ​ទាស់​នឹង​ពួក​មារសត្រូវ​របស់​ពួកគេ​ម្ដងទៀត​ឡើយ ប៉ុន្តែ​កូនប្រុស​ទាំងឡាយ​របស់​ពួកគេ​ពុំ​បាន​ធ្វើ​សេចក្ដី​សញ្ញា​នេះ​ទេ ដូច្នេះ​ពួកគេ​អាច​ជួយ​ពួក​ពលទ័ព​សាសន៍​នីហ្វៃ​បាន ( សូមមើល អាលម៉ា 53:10–18 ) ។

  1. សូម​គូរ​រូប​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូមអាន អាលម៉ា 53:18–21 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អំពី​លក្ខណៈ​ទាំងឡាយ ដែល​ពួក​យុវជន 2,000 នាក់ បាន​អភិវឌ្ឍ​ពីមុន​ពេល​ការបម្រើ​ទាហាន​របស់​ពួកគេ ។ សូម​រាយ​នូវ​ឃ្លា​ទាំងឡាយ​ដែល​អ្នក​រកឃើញ​នៅ​ខាងក្រោម​ចំណងជើង « លក្ខណៈ​ដែល​បាន​អភិវឌ្ឍ​មុន​ចម្បាំង » ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
Stick Figure

អាន់ទីផុស ជា​អ្នក​ដឹកនាំ​ទាហាន​ម្នាក់​របស់​សាសន៍​នីហ្វៃ មាន​ទាហាន​តិចជាង​ពលទ័ព​សាសន៍​លេមិន​ឆ្ងាយណាស់ ពេលដែល​លោក និង ពលទ័ព​របស់​លោក​ការពារ​ផ្នែក​នៃ​ដែនដី​របស់​ពួកគេ ។ អាន់ទីផុស​មាន​សេចក្ដី​រីករាយ ពេល​ហេលេមិន​បាននាំ​ពួក​អ្នក​ចម្បាំង​វ័យក្មេង 2,000 នាក់ មកជួយ​លោក ( សូមមើល អាលម៉ា 56:9–10 ) ។

នៅក្នុង​ចម្បាំង​លើក​ដំបូង​របស់​ពួកគេ​តទល់​នឹង​មារសត្រូវ នោះ​ពួក​អ្នក​ចម្បាំង​វ័យក្មេង​ទាំង 2,000 នាក់ បាន​បណ្ដេញ​ពួក​ពលទ័ព​ដ៏​រឹងមាំ​បំផុត​របស់​ពួក​លេមិន ហើយ​អាន់ទីផុស​ជា​មេបញ្ជាការ​របស់​ពួក​សាសន៍​នីហ្វៃ បាន​បញ្ជា​ពលទ័ព​លោក​ឲ្យ​តាម​ពី​ក្រោយ​ពលទ័ព​របស់​ពួក​សាសន៍​លេមិន ។ ពលទ័ព​របស់​អាន់ទីផុស​បាន​តាមទាន់​ពលទ័ព​របស់​ពួក​លេមិន ដែល​បាន​ឈប់​ដើម្បី​ប្រយុទ្ធ​នឹង​ពួកគេ ។ ពួក​អ្នក​ចម្បាំង​កំលោះ ដែល​បាន​បន្ត​ឆ្ពោះ​ទៅមុខ​នោះ បាន​កត់សម្គាល់​ថា ពួក​លេមិន​បាន​ឈប់​តាម​ពួកគេ ។ ពួកគេ​ពុំ​បាន​ដឹង​ទេថា ​បើ​ពួក​លេមិន​បាន​ឈប់ ដើម្បី​បញ្ឆោត​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ពួកគេ​អាច​ត្រូវ​បំផ្លាញ ឬ ថាបើ​ពួក​លេមិន​បាន​ឈប់ ដោយសារ​ពលទ័ព​របស់​អាន់ទីផុស​បាន​តាម​ពីក្រោយ​ទាន់​ពួកគេ ។ ហេតុដូច្នោះ​ហើយ ហេលេមិន​ពុំ​បាន​ដឹង​ទេថា ​គួរ​ត្រឡប់​ក្រោយ​វិញ ហើយ​វាយប្រហារ​ពួក​លេមិន​ឬ​ទេ ។ ( សូមមើល អាលម៉ា 56:29–43 ) ។

សូមអាន អាលម៉ា 56:43–48 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​លក្ខណៈ​ទាំងឡាយ ដែល​ពួក​យុវជន​ទាំងនេះ​បាន​បង្ហាញ​នៅក្នុង​គ្រា​ស្លាប់រស់​អំឡុង​ពេល​ចម្បាំង​នេះ ។ សូម​រាយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​បាន​រកឃើញ នៅ​ខាងក្រោម​ចំណងជើង « លក្ខណៈ​ដែល​បាន​បង្ហាញ​អំឡុង​ពេល​ចម្បាំង » ។ អ្នក​អាច​នឹង​ចង់​ជ្រើសរើស​គូស​ចំណាំ​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ ។

សូម​សិក្សា អាលម៉ា 56:49, 54–56 ដើម្បី​ឃើញ​ពី​អ្វី​ដែល​បាន​កើតឡើង​នៅពេល​ដែល​ពួក​អ្នក​ចម្បាំង​វ័យក្មេង​ទាំង 2,000 នាក់ បានត្រឡប់​ទៅ​ច្បាំង​នឹង​ពួក​លេមិន​វិញ ។ សូម​រកមើល​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​សេចក្ដី​ពិត​នេះ ៖ ពេល​យើង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​ទទួល​បាន​កម្លាំង​ពី​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការអភិវឌ្ឍន៍​លក្ខណៈ​ទាំងឡាយ​របស់​ពួក​អ្នក​ចម្បាំង​កំលោះ អាច​ជួយ​អ្នក​ឲ្យ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ ពេល​អ្នក​ប្រឈម​នឹង​ស្ថានភាព​លំបាក​យ៉ាងណា​ដែរ ?

    2. សូម​ពិពណ៌នា​ពី​ពេល​មួយ​ដែល​អ្នក ( ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ) បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ ហើយ​ទទួល​កម្លាំង​ពី​ព្រះ ដើម្បី​ដោះស្រាយ​នឹង​ស្ថានភាព​លំបាក​មួយ​ដោយ​ជោគជ័យ ។

អាលម៉ា 57

ពលទ័ព​របស់​ហេលេមិន យក​បាន​មក​វិញ​នូវ​ទីក្រុង​អាន់ទីប៉ារ៉ា និង ទីក្រុង​គូមេណៃ

រូបភាព
ពួក​អ្នក​ចម្បាំង​កំលោះ​ពីរពាន់​នាក់

ហេលេមិន និង ពលទ័ព​របស់​លោក​ អាច​យកបាន​ទីក្រុង​អាន់ទីប៉ារ៉ា និង គូមេណៃ ពី​ពួកសាសន៍​​លេមិន ។ អំឡុង​ពេល​នេះ ហេលេមិន​បាន​ទទួល​កម្លាំង​បន្ថែម​លើ​ពលទ័ព​របស់​លោក ។ ពលទ័ព​រាប់ពាន់​នាក់​ពី​ដែនដី​សារ៉ាហិមឡា បាន​ចូល​បម្រើ​ទ័ព ក៏​មាន​ពួក​កូនប្រុស​របស់​ប្រជាជន​អាំម៉ូន 60 នាក់ ទៀត​ផងដែរ ( សូមមើល អាលម៉ា 57:1–12 ) ។

មិនយូរ​ប៉ុន្មាន បន្ទាប់ពី​ពលទ័ព​របស់​ហេលេមិន​យក​បាន​ទីក្រុង​គូមេណៃ​ហើយ ពួកសាសន៍​​លេមិន​បាន​វាយប្រហារ​ពួកគេសារ​​ជាថ្មី​ម្ដង​ទៀត ។ ពលទ័ព​របស់​ហេលេមិន​បាន​ប្រឈម​នឹង​ការលំបាក​យ៉ាង​ធំធេង ដែល​ពួក​អ្នក​ចម្បាំង​កំលោះ​ទាំង 2,060 នាក់ គឺជា​កម្លាំង​ដ៏​អស្ចារ្យ​ដល់​ពលទ័ព​ទាំងមូល ។ សូមអាន អាលម៉ា 57:19–21 ដើម្បី​រកមើល​លក្ខណៈ​មួយ​ចំនួន​ដែល​ពួក​អ្នក​ចម្បាំង​កំលោះ​បាន​បង្ហាញ​នៅក្នុង​ចម្បាំង​នេះ ។ អ្នក​អាច​នឹង​ចង់​បន្ថែម​លក្ខណៈ​ទាំងនេះ​ទៅក្នុង​បញ្ជី « លក្ខណៈ​ដែល​បាន​បង្ហាញ​អំឡុង​ពេល​ចម្បាំង » នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. ចរិត​លក្ខណៈ​មួយ​ក្នុង​ចំណោម​ចរិត​លក្ខណៈ​ដ៏​ច្បាស់លាស់​ទាំងឡាយ​របស់​ពួក​អ្នក​ចម្បាំង​កំលោះ​ទាំងនោះ គឺ​ថា​ពួកគេ​បាន​គោរព​ប្រតិបត្តិ « ដោយ​ត្រូវ​ឥត​ល្អៀង » ( អាលម៉ា 57:21 ) ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការគោរព​ប្រតិបត្តិ​នូវ​បទបញ្ញត្តិ​មួយ « ដោយ​ត្រូវ​ឥត​ល្អៀង » មានន័យ​យ៉ាងណា ?

    2. តើ​អ្នក​គិត​ថា ការគោរព​ប្រតិបត្តិ​តាម​ពាក្យ​សម្ដី​របស់​មេបញ្ជាការ​របស់​ពួកគេ​ដោយ​ឥតល្អៀង បានជួយ​ពួក​អ្នក​ចម្បាំង​កំលោះ​ទាំងនោះ​ឲ្យ​ឈ្នះ​ចម្បាំង​យ៉ាងណា​ដែរ ?

    3. តើ​ការគោរព​ប្រតិបត្តិ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតល្អៀង នឹង​ជួយ​អ្នក​នៅក្នុង​ចម្បាំង​ខាង​វិញ្ញាណ​ដែល​អ្នក​មាន​ក្នុង​ជីវិត​ដោយ​របៀបណា​ដែរ ?

សូម​ពិចារណា​ក្នុង​ការសរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ពេល​យើង​គោរព​ប្រតិបត្តិ​ព្រះអម្ចាស់​ដោយ​ឥតល្អៀង នោះ​ទ្រង់​នឹង​ពង្រឹង​យើង​នៅក្នុង​ចម្បាំង​ទាំងឡាយ​ដែល​យើង​មាន​ក្នុង​ជីវិត ។ សូមអាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដែល​ថ្លែង​ដោយ អែលឌើរ រ័សុល អិម. ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​របស់​ព្រះ « ដោយ​ត្រូវ​ឥតល្អៀង » សំខាន់​ខ្លាំង​ម្ល៉េះ​នោះ ៖

« [ អ្នក ] នឹង​ជួប​មនុស្ស​ដែល​រើស​ថា​ បទបញ្ញត្តិ​មួយណា​ដែល​ពួកគេ​នឹង​រក្សា ហើយ​មិន​អើពើ​នឹង​បទបញ្ញត្តិ​ផ្សេងទៀត​ ដែល​ពួកគេ​ជ្រើសរើស​​មិនគោរពតាម ។ ខ្ញុំ​ហៅ​ការណ៍​នេះ​ថា​ជា​យុទ្ធសាស្ត្រ​ហាង​អាហារ​រើស​​ដោយ​ខ្លួន​ឯង​ចំពោះ​ការគោរព​ប្រតិបត្តិ ។ ការអនុវត្ត​នៃ​ការរើស និង​ការ​ជ្រើស​រើស​​នេះ នឹង​មិន​ដំណើរការ​ទេ ។ វា​នឹង​នាំ​ទៅរក​សេចក្ដី​វេទនា ។ ដើម្បី​រៀបចំ​ទៅ​ជួប​នឹង​ព្រះ មនុស្ស​ម្នាក់​ត្រូវ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ទាំងអស់ ។ វា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដើម្បី​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ ហើយ​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នឹង​ពង្រឹង​សេចក្ដី​ជំនឿ​នោះ ។

« ការគោរព​ប្រតិបត្តិ​អនុញ្ញាត​ឲ្យ​ពរជ័យ​របស់​ព្រះ​ហូរ​មក​ដោយ​គ្មាន​ការរារាំង ។ ទ្រង់​នឹង​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់​ដែល​គោរព​ប្រតិបត្តិ ឲ្យ​មាន​សេរីភាព​​ពី​សេវកភាព និង សេចក្ដី​វេទនា ។ ហើយ​ទ្រង់​នឹង​ប្រទានពរ​ពួក​គេ​ឲ្យ​កាន់តែ​មាន​ពន្លឺ ។

« … ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នឹង​ផ្ដល់​ការការពារ​ខាង​រូបកាយ និង ខាង​វិញ្ញាណ » ( “Face the Future with Faith” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 34–35 ) ។

សូមអាន អាលម៉ា 57:25–27 ដោយ​រកមើល​មូលហេតុ​មួយ​ចំនួន​ដែល​ព្រះ​បាន​ប្រទាន​អំណាច​ទ្រង់​ដើម្បី​ការពារ​ពួក​អ្នក​ចម្បាំង​កំលោះ​ទាំងនោះ ។ តើ​អ្វីខ្លះ​​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត អំពី​ពួក​អ្នក​ចម្បាំង​កំលោះ​ទាំងនោះ​នៅក្នុង​ខ​ទាំងនេះ ?

សូម្បីតែ​នៅពេល​ដែល​យើង​សុចរិត​ក៏​ដោយ ក៏​ព្រះ​នឹង​ពុំ​តែងតែ​ការពារ​យើង​ពី​ការលំបាក​នោះទេ ។ ទោះបី​ជា​ពួក​អ្នក​ចម្បាំង​កំលោះ​ត្រូវបាន​រក្សា​ការពារ​ពី​ការស្លាប់ តែ​ពួកគេ​ទាំងអស់​មាន​របួស ( សូមមើល អាលម៉ា 57:25 ) ហើយ​ពួក​សាសន៍​នីហ្វៃ​ដែល​សុចរិត​ជាច្រើន​ត្រូវបាន​សម្លាប់ ( សូមមើល អាលម៉ា 57:26 ) ។ ទោះយ៉ាងណា ព្រះ​នឹង​តែងតែ​ពង្រឹង​យើង នៅ​អំឡុង​ពេល​នៃ​ការលំបាក​ទាំងឡាយ ហើយ​ប្រទាន​ពរ​យើង​ជាមួយ​នឹង​អ្វីៗ​ដែល​យើង​ត្រូវការ ។ នៅទី​បំផុត ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច​ទាំងឡាយ​ដល់​អ្នក​ទាំងអស់​ដែល​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​របស់​ទ្រង់ ។

អាលម៉ា 58

ពលទ័ព​របស់​សាសន៍​នីហ្វៃ​រង់ចាំ​ស្បៀង ហើយ​បន្ទាប់មក​យក​ទីក្រុង​ម៉ាន់តៃ​មកវិញ

រូបភាព
ពួកគេ​ដាក់​ការទុកចិត្ត​របស់​គេ​ទៅលើ​ព្រះ

បន្ថែមពី​លើ​ចម្បាំង​ទាំងឡាយ​ដែល​ពួក​គេ​បាន​ច្បាំង​ជាមួយ​នឹង​ពួក​លេមិន ពលទ័ព​ហេលេមិន​បាន​ប្រឈម​នឹង​ភាពមិន​អនុគ្រោះ​មួយ​ទៀត ។ ចម្បាំង​របស់​ពួកគេ​កើតឡើង​នៅ​ឆ្ងាយ​ពី​ទីក្រុង​សារ៉ាហិមឡា ដែល​ជា​ចំណុច​កណ្ដាល​នៃ​រដ្ឋាភិបាល​របស់​សាសន៍​នីហ្វៃ ។ ពលទ័ព​របស់​ហេលេមិន​បាន​ឈ្នះ​ចម្បាំង​ដ៏​លំបាក​បំផុត​មួយ​ចំនួន ប៉ុន្តែ​ពួកគេ​ពុំ​បាន​ទទួល​អាហារ សម្ភារ និង ទាហាន​បន្ថែម​ដែល​ពួកគេ​ត្រូវការ​ពី​រដ្ឋាភិបាល​នោះទេ ។ ពួកគេ​ពុំ​បាន​ដឹង​ថា មូលហេតុ​អ្វី​ដែល​រដ្ឋាភិបាល​ពុំបាន​ផ្គត់ផ្គង់​ពួកគេ​នោះទេ ។ ( សូមមើល អាលម៉ា 58:7–9 ) ។

  1. សូមអាន អាលម៉ា 58:10–12 ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ពួក​សាសន៍​នីហ្វៃ​បាន​ធ្វើ​អ្វីខ្លះ ពេលដែល​ពួកគេ​ប្រឈម​នឹង​ស្ថានភាព​លំបាក​នេះ ?

    2. តើ​ព្រះអម្ចាស់​បាន​ឆ្លើយតប​ចំពោះ​ការអង្វរក និង ការអធិស្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

    3. យោងតាម អាលម៉ា 58:12 តើ​ការអះអាង​របស់​ព្រះអម្ចាស់ បានជួយ​ដល់​ហេលេមិន និង ពលទ័ព​របស់​លោក​យ៉ាងណា​ដែរ ?

សូម​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ ឬ សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ប្រសិនបើ​យើង​បែរ​ទៅរក​ព្រះ​នៅក្នុង​គ្រា​ដ៏​លំបាក​ទាំងឡាយ នោះ​យើង​នឹង​ទទួល​នូវ​ការអះអាង​ដ៏​ទេវភាព ដែល​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ហើយ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដល់​យើង ។

ថ្វីបើ​ពលទ័ព​របស់​លោក​ទន់ខ្សោយ​ក៏​ដោយ ក៏​ហេលេមិន និង ពួក​បុរសៗ​របស់​លោក​អាច​កាន់កាប់​បាន​ទីក្រុង​ម៉ាន់តៃដែរ ( សូមមើល អាលម៉ា 58:13–41 ) ។ ហេលេមិន​បានកំណត់​ថា ភាពជោគជ័យ​ទាំងអស់​របស់​ពលទ័ព​ គឺ​បាន​មក​ពី​ជំនួយ​របស់​ព្រះអម្ចាស់ ( សូមមើល អាលម៉ា 58:37 ) ។

ហេលេមិន​បានបន្ត​ស្ញប់ស្ញែង​ពី​ភាពជោគជ័យ​របស់​ពួក​អ្នក​ចម្បាំង​កំលោះ​ទាំង​នោះ ។ សូម​សិក្សា អាលម៉ា 58:39–40 ហើយ​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ពួក​អ្នក​ចម្បាំង​កំលោះ​មាន​សេចក្ដី​ក្លាហាន នៅ​អំឡុង​ពេល​នៃ​កាលៈទេសៈ​ដ៏​លំបាក​ទាំងឡាយ ។ សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ពេល​មួយ​ដែល​អ្នក​បាន​បែរ​ទៅរក​ព្រះ​ដើម្បី​ទទួល​បាន​ជំនួយ អំឡុង​គ្រា​ដ៏​លំបាក ហើយ​ទទួល​អារម្មណ៍​នៃ​ការគាំទ្រ​របស់​ទ្រង់ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 53; 56–58 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖