ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 29 ៖ ថ្ងៃ​ទី 1 មរមន 8:12–41


មេរៀនទី 29 ៖ ថ្ងៃ​ទី 1

មរមន 8:12–41

សេចក្តី​ផ្ដើម

បន្ទាប់​ពី​សរសេរ​អំពី​ការបំផ្លិច​បំផ្លាញ​នៃ​ប្រជាជន​របស់​លោក និង ការស្លាប់​របស់​ឪពុក​លោក​ហើយ មរ៉ូណៃ​បាន​ព្យាករ​អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង បាន​ព្រមាន​ដល់​​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ថ្កោលទោស​គម្ពីរ​នេះ ។ មរ៉ូណៃ​បាន​ឃើញ​ថា បញ្ជី​របស់​នីហ្វៃ​នឹង​លេច​ចេញ​មក​នៅក្នុង​គ្រា​ទុច្ចរិត​ដ៏​ធំធេង​មួយ ពេលដែល​មនុស្ស​ជា​ច្រើន​នឹង​ស្រឡាញ់​ទ្រព្យសម្បត្តិ​លោកិយ​ច្រើនជាង​ព្រះ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​នឹងមាន « តម្លៃ​មហិមា » ( មរមន 8:14 ) អំឡុង​ពេល​ដែល​មាន​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ចុងក្រោយ ។

មរមន 8:12–32

មរ៉ូណៃ​ព្យាករអំ​ពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​ជឿ​ថា ជា​អំណោយទាន​ដ៏​ធំ​បំផុត​មួយ​ចំនួន ដែល​អ្នក​ធ្លាប់​បាន​ទទួល ៖

ចូរ​គិត​មួយ​ស្របក់ អំពី​មូលហេតុ​ដែល​អំណោយទាន​ទាំងនេះ គឺជា​ពរជ័យ​មួយ​ដល់​អ្នក ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ពី ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « ខ្ញុំ​ចង់​និយាយ​អំពី​អំណោយទាន​ដ៏​សំខាន់​បំផុត​មួយ ដែល​ត្រូវបាន​ប្រទាន​ឲ្យ​នៅក្នុង​សម័យ​ទំនើប ។ អំណោយទាន​ដែល​ខ្ញុំ​កំពុង​គិត គឺ​សំខាន់​ជាង​ការច្នៃ​ប្រឌិត ដែល​កើតចេញ​ពី​ឧស្សាហកម្ម និង បច្ចេកវិជ្ជា​ណាៗទាំងអស់ ។ នេះ​គឺជា​អំណោយទាន​មួយ​ដ៏​មាន​តម្លៃ​ចំពោះ​មនុស្ស ​ជាង​ការលូតលាស់​ដ៏​អស្ចារ្យ​ជាច្រើន ដែល​យើង​បានឃើញ​នៅក្នុង​ឱសថ​នា​សម័យ​ទំនើប ។ អំណោយទាន​នេះ ​មាន​តម្លៃ​មហិមា​ចំពោះ​មនុស្ស ជាង​ការអភិវឌ្ឍន៍​នៃ​ការហោះហើរ ឬ ការធ្វើ​ដំណើរ​លើ​លំហរ​អាកាស​ទៅ​ទៀត ។ ខ្ញុំ​និយាយ​អំពី​អំណោយទាន​នៃ  » ។

តើ​អ្នក​គិត​ថា ប្រធាន ប៊ែនសឹន សំដៅ​ទៅលើ​អ្វី ?

មរ៉ូណៃ​បាន​បង្រៀន​អំពី​អំណោយទាន​នេះ នៅ​ក្នុង មរមន 8 ។ សូម​អាន មរមន 8:12–14 ដើម្បី​រកមើល​ថា ​អំណោយទាន ​នោះ​ជា​អ្វី ។ ឃ្លា​ថា « បញ្ជី​នេះ » សំដៅ​ដល់​ព្រះគម្ពីរ​មរមន ។ ព្រះគម្ពីរ​មរមន គឺជា​អំណោយ​ដែល ប្រធាន ប៊ែនសឹន បាន​មាន​ប្រសាសន៍​ដល់ ( សូម​មើល “The Book of Mormon—Keystone of our Religion” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 4 ) ។ សូម​សរសេរ ព្រះគម្ពីរ​មរមន នៅក្នុង​ចន្លោះខាង​ចុង​នៃ​សេចក្ដី​ថ្លែងការណ៍​របស់ ប្រធាន ប៊ែនសឹន ។

រូបភាព
ផ្ទាំង​មាស

សូម​មើល មរមន 8:12–14 ម្ដងទៀត ដើម្បី​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន​អំពី​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន ។ តើ​លោក​បាន​បង្រៀន​អ្វី អំពី​តម្លៃ​ជាប្រាក់​នៃ​ផ្ទាំង​ទាំងឡាយ​នេះ ? មរ៉ូណៃ​បាន​ពន្យល់​ថា ខណៈ​ដែល​ព្រះអម្ចាស់​ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្ទាំង​ទាំងឡាយ​សម្រាប់រក​​បាន​កំរៃ ព្រោះ​ការសរសេរ​នៅលើ​ផ្ទាំង​ទាំងនោះ​ គឺ​មាន​តម្លៃ​មហិមា ។

លក្ខណៈ​ដែល​ព្រះគម្ពីរ​មរមន​លេច​ចេញ​មក អាច​ជួយ​យើង​យល់​ពី​សារៈសំខាន់​នៃ​គម្ពីរ​នេះ ។ សូម​អាន មរមន 8:15–16 ហើយ​រកមើល​ថា មរមន ​បាន​បង្រៀន​អ្វី អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​នឹង​លេច​ចេញ​មក ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា ដែល​ព្រះគម្ពីរ​មរមន ​អាច​ត្រូវ​នាំ​ចេញ​មក តាម​រយៈ​តែ​​មនុស្ស​ម្នាក់​ដែល​មាន « ភ្នែក​ស្មោះស្ម័គ្រ​ទាំងស្រុង​ចំពោះ​សិរី​ល្អ [ របស់​ព្រះ ] នោះ » ? ( មរមន 8:15 ) ។

    2. តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក ដែល​ព្រះគម្ពីរ​មរមន​នឹង​ត្រូវបាន​នាំ​ចេញ​មក « ដោយ​ព្រះចេស្ដា​នៃ​ព្រះ » ? ( មរមន 8:16 ) ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ​អំពី​ព្រះគម្ពីរ​មរមន ពេល​អ្នក​អាន​ពាក្យ​សម្ដី​របស់​មរ៉ូណៃ​នៅក្នុង មរមន 8:16 ?

មរ៉ូណៃ​ បាន​ព្រមាន​ពួក​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ថ្កោលទោស ឬ ជំទាស់​នឹង​ព្រះគម្ពីរ​មរមន ។ សូម​រកមើល​ការព្រមាន​របស់​លោក ពេល​អ្នក​អាន មរមន 8:17–22 ។ ហេតុអ្វី​វា​សំខាន់​សម្រាប់​អ្នក ដើម្បី​ដឹង​ថា « គោលបំណង​ទាំងឡាយ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​ព្រះអម្ចាស់ នឹង​ដើរ​ទៅមុខ រហូត​ដល់​ពាក្យ​សន្យា​ទាំងអស់​របស់​ទ្រង់​បាន​បំពេញ » ? ( មរមន 8:22 ) ។

មរ៉ូណៃ​បាន​ពន្យល់​ថា ព្រះអម្ចាស់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង « ពួក​បរិសុទ្ធ​ទាំងនោះ ដែល​បាន​ចាកចេញ​ទៅ​មុន​ខ្ញុំ​ហើយ » ( មរមន 8:23 )—រួមទាំង​ពួក​ព្យាការី​ដូចជា នីហ្វៃ យ៉ាកុប អេណុស និង អាលម៉ា ។ ព្រះអម្ចាស់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា ទ្រង់​នឹង​នាំចេញ​មក​នូវ​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ទាំងនេះ នៅ​ថ្ងៃ​ចុង​ក្រោយ ។ ពេល​អ្នក​សិក្សា មរមន 8:23–25 សូម​រកមើល​ថា តើ​ពួក​ព្យាការី​ទាំងនេះ ​បាន​អធិស្ឋាន​សម្រាប់​នរណា ។

ពួក​ព្យាការី​ទាំងនេះ​បាន​អធិស្ឋាន​សម្រាប់ « ពួក​បងប្អូន​របស់​គេ » ( មរមន 8:24 ) មាន​ន័យ​ថា​ពួក​សាសន៍​លេមិន និង កូនចៅ​របស់​គេ ។ ពួកលោក​បាន​អធិស្ឋាន​ផងដែរ សម្រាប់​អ្នក​ដែល​នឹង « នាំ​ការណ៍​ទាំងនេះ​ចេញ​មក » នៅ​ថ្ងៃ​ចុង​ក្រោយ ( មរមន 8:25; សូម​មើល​ផងដែរ មរមន 8:16 ) មាន​ន័យ​ថា ព្យាការី យ៉ូសែប ស្ម៊ីធ ជា​អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​នាំ​ព្រះគម្ពីរ​មរមន​ចេញមក​ដល់​ពិភពលោក នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ( សូម​មើល គ. និង ស. 3:5–10 ) ។ ពួក​ព្យាការី​ពី​បុរាណ​ជាច្រើន​បាន​ស្គាល់ យ៉ូសែប ស៊្មីធ ហើយ​បាន​អធិស្ឋាន​សម្រាប់​ភាពជោគជ័យ​របស់​លោក ក្នុង​ការបកប្រែ និង បោះពុម្ព​ព្រះគម្ពីរ​មរមន ដែល​ជា​ការបំពេញ​នូវ​គោលបំណង​ទាំងឡាយ​របស់​ព្រះ ( សូម​មើល មរមន 8:22, 24–25; គ. និង ស. 10:46 ) ។

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ពី​តួនាទី​ដែល យ៉ូសែប ស្ម៊ីធ មាន​នៅក្នុង​ការនាំ​ព្រះគម្ពីរ​មរមន​ចេញ​មក ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ការសន្មត់​ថា [ យ៉ូសែប ស្ម៊ីធ ] បោះពុម្ព [ ព្រះគម្ពីរ​មរមន ] ដោយ​ពុំ​មាន​ជំនួយ និង ការបំផុស​គំនិត គឺ​ជា​ការមិន​សម​ហេតុ​ផល​ទាល់​តែ​សោះ ។

« និយាយ​ដោយ​សាមញ្ញ សេចក្ដី​ពិត​គឺ​ថា លោក​ជា​ព្យាការី​ម្នាក់​របស់​ព្រះ—មិន​លើស ហើយ​ក៏​មិន​ខ្វះ !

« បទគម្ពីរ​ពុំ​បាន​ចេញមកច្រើន​​ពី យ៉ូសែប ស្ម៊ីធ ដូច​ជា​វា​បានចេញ​មក ​តាមរយៈ​លោក​នោះទេ ។ លោក​ជា​មធ្យោបាយ​មួយ ដែល​វិវរណៈ​ត្រូវបាន​ប្រទាន​មក ។ តាម​មួយ​បែប​ផ្សេង​ទៀត លោក​គឺ​ជា​បុរស​ធម្មតា​ម្នាក់ ដូចជា​ពួក​ព្យាការី​នៅ​សម័យ​បុរាណ និង ដូច​ជា​ពួក​ព្យាការី​នៅក្នុង​ជំនាន់​យើង​ដែរ ។ …

« ព្យាការី យ៉ូសែប ស្ម៊ីធ ជា​ក្មេង​ប្រុស​កសិករ ​ដែលពុំ​បាន​រៀន​សូត្រ​ជ្រៅជ្រះ ។ ពេល​អាន​អក្សរ​ដើម​របស់​លោក បង្ហាញ​ថា​លោក​ពុំ​សូវ​មាន​ជំនាញ​ល្អ​ក្នុង​ការប្រកប និង វេយ្យករណ៍ និង ការបញ្ចេញ​សំនួន​វោហារ​នោះទេ ។

« ដូច្នេះ​ហើយ វិវរណៈ​ទាំងឡាយ​ដែល​ចេញមក​តាមរយៈ​លោក នៅក្នុង​ទម្រង់​អក្សរសាស្ត្រ​ដ៏​ល្អ គឺ​ពិតជា​អព្ភូតហេតុ​មួយ » ( “We Believe All That God Has Revealed” Ensign ខែ ឧសភា ឆ្នាំ 1974 ទំព័រ 94 ) ។

សូម​ស្រម៉ៃ​ថា អ្នក​ជា​មរ៉ូណៃ ដែល​បាន​រស់នៅ​ប្រហែល 1,600 ឆ្នាំ មុន ហើយ​តាមរយៈ​ព្រះចេស្ដា​របស់​ព្រះ អ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​មើលឃើញ​ពី​ជំនាន់​របស់​យើង ។ សូម​អាន មរមន 8:35 ហើយ​ពិចារណា តើអ្នក​អាច​គិត​ថា ស្ថានភាព​ខាង​វិញ្ញាណ​នៃ​ជំនាន់​របស់​យើង​យ៉ាងណា​ដែរ ។ បន្ទាប់​មក សូម​អាន មរមន 8:26–32 ដែល​រួមមាន​នូវ​ការពិពណ៌នាពី​ការព្យាករណ៍​របស់​មរ៉ូណៃ អំពី​គ្រា​ដែល​ព្រះគម្ពីរ​មរមន​នឹង​ចេញមក—នៅ​ជំនាន់​របស់​យើង ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ការពិពណ៌នា​របស់​មរមន​អំពី​ជំនាន់​របស់​យើង ចំនួន​ពីរ ឬ ច្រើន ។ សូម​សរសេរ​ផងដែរ ពី​មូលហេតុ​ដែល​អ្នក​ឃើញ​ថា ការពិពណ៌នា​ជាក់លាក់​ទាំងនេះ ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង អនុវត្ត​​ចំពោះ​ជំនាន់​របស់​យើង ។

ទាក់ទង​នឹង​ព្រះគម្ពីរ​មរមន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« យើង​ត្រូវតែ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន ​ជាចំនុច​សំខាន់​​ក្នុង​ការសិក្សា [ ដោយសារ ] វា​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។ ពួក​សាសន៍​នីហ្វៃ​ ពុំ​ដែល​មាន​គម្ពីរ​នេះ​ទេ ពួក​សាសន៍​លេមិន​ពី​គ្រា​បុរាណ ក៏​ពុំ​មាន​ដែរ ។ វា​គឺ​សម្រាប់​យើង ។ …

« អ្នក​សរសេរ​ដ៏​សំខាន់​ម្នាក់ៗ​នៃ​ព្រះគម្ពីរ​មរមន បាន​ធ្វើ​ទីបន្ទាល់​ថា លោក​បាន​សរសេរ​សម្រាប់​ជំនាន់​ទាំងឡាយ​នា​ពេល​អនាគត ។ …

« ប្រសិនបើ​ពួកលោក​បាន​ឃើញ​ពី​ជំនាន់​របស់​យើង ហើយ​បាន​ជ្រើសរើស​ការណ៍​ទាំងនោះ​ដែល​ជា​តម្លៃ​ដ៏​មហិមា​សម្រាប់​យើង តើ​នោះ​មិនមែន​ជា​របៀប​ដែល​យើង​ត្រូវ​សិក្សា​ព្រះគម្ពីរ​មរមន​ទេ​ឬ​អី ? យើង​គប្បី​សួរ​ខ្លួនឯង​ជានិច្ច​ថា ‹ ហេតុអ្វី​ព្រះអម្ចាស់​បាន​បំផុស​ដល់​មរមន ( ឬ មរ៉ូណៃ ឬ អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍​នោះ​នៅក្នុង​បញ្ជី​របស់​លោក ? តើ​មេរៀន​អ្វី ដែល​ខ្ញុំ​អាច​រៀន​ចេញ​ពី​ការណ៍​នោះ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​ក្នុង​ថ្ងៃ​នេះ និង ជំនាន់​នេះ ? › » ( «The Book of Mormon—Keystone of Our Religion» ទំព័រ 6 ) ។

  1. ដើម្បី​សញ្ជឹង​គិត​ពី​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន​ដែល​មាន​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់ នោះ​សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គិត​ថា តើ​ការព្យាករណ៍​របស់​មរ៉ូណៃ ត្រឹមត្រូវ​យ៉ាងណា ​អំពី​ស្ថានភាព​នៅ​ជំនាន់​របស់​យើង ( សូម​មើល មរមន 8:26–32 ) ។ តើ​ការព្យាករណ៍​ទាំងនេះ បង្រៀន​អ្វី​ដល់​អ្នក អំពី​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន​សម្រាប់​ជំនាន់​របស់​យើង ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះគម្ពីរ​មរមន​គឺជា « អំណោយទាន​ដ៏​សំខាន់​បំផុត​មួយ ដែល​ត្រូវបាន​ប្រទាន​ឲ្យ​នៅក្នុង​សម័យ​ទំនើប » ដូច​ដែល ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន ? ( «The Book of Mormon—Keystone of our Religion » ទំព័រ 4 ) ។

    3. បើ​មាន​មិត្ត​ម្នាក់​សួរ​អ្នក​ថា ហេតុអ្វី​ព្រះគម្ពីរ​មរមន​សំខាន់​ចំពោះ​អ្នក តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ណា ?

មរមន 8:33–41

មរ៉ូណៃ​ឃើញ​ពី​ថ្ងៃ​ចុងក្រោយ និង បន្ទោស​ពី​ភាពទុច្ចរិត​ខាង​វិញ្ញាណ​នៃ​ជំនាន់​របស់​យើង

សូម​គិត​ពី​ពេល​មួយ ដែល​អ្នក​បាន​កត់សម្គាល់​ពី​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ—ជា​មនុស្ស​ម្នាក់​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម ខាង​អារម្មណ៍ ខាង​សង្គម ឬ ខាង​វិញ្ញាណ ។ ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ឬ អាច​ធ្វើ​បាន ​ដើម្បី​ជួយ​មនុស្ស​នោះ ។ សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​ជួយ ឬ មិន​ជួយ​មនុស្ស​នោះ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ពេលខ្លះ មនុស្ស​ពុំ​ជួយ​មនុស្ស​​ដែល​ត្រូវការ​ជំនួយទាំង​នោះ ?

សូម​អាន មរមន 8:36–41 ហើយ​រកមើល​មូលហេតុ​ទាំងឡាយ​ដែល​មរ៉ូណៃ​បាន​ផ្ដល់​អំពី​មនុស្ស​ខ្លះ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​នឹង​ពុំ​ជួយ​ដល់​ពួក​អ្នក​ដែល​ត្រូវការ​ជំនួយ ។ សូម​ពិចារណា​ធ្វើ​ការគូស​ចំណាំ​ពីមូលហេតុ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា ពាក្យ​តុបតែង គឺ​មាន​ន័យ​ថា « ធ្វើ​ឲ្យ​ស្រស់​ស្អាត » ឬ « តែង​លម្អ » ។

តើ​មាន​គំរូ​អ្វី​ខ្លះ អំពី​របៀប​ដែល​យុវវ័យ​សព្វថ្ងៃ​នេះ អាច​នឹង​ស្រឡាញ់​របស់​ទាំងឡាយ​ដែល​អាច​ទិញ​ ​ដោយប្រាក់ ហើយ​ធ្វើ​តាម​លោកិយ ជាជាង​ការធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ? សូម​សិក្សា មរមន 8:38, 41 ហើយ​រកមើល​លទ្ធផល​ទាំងឡាយ ដែល​មនុស្ស​នឹង​ប្រឈមមុខ ដោយសារ​ភាពឆ្មើងឆ្មៃ ភាពទុច្ចរិត និង ការមិន​អើពើ​របស់​ពួកគេ ចំពោះ​ពួក​អ្នក​ទាល់ក្រ និង អ្នក​ខ្វះខាត ។

  1. សូម​សរសេរ​គោលការណ៍​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី មរមន 8:36–41 ។

ឧទាហរណ៍​មួយ​ពី​គោលការណ៍​ដែល​មាន​បង្រៀន​នៅក្នុង​ខ​ទាំងនេះ​គឺ ៖ ព្រះ​នឹង​ឲ្យ​យើង​ទទួល​ខុសត្រូវ​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រីក្រ និង អ្នក​ខ្វះខាត ។

  1. រូបភាព
    រូប​សញ្ញា​សៀវភៅ​កំណត់​ហេតុ

    សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្វី​ខ្លះ​ដែល​ជា​សេចក្ដី​ត្រូវការ​សាមញ្ញ​បំផុត—ខាង​សាច់​ឈាម ខាង​សង្គម ខាង​អារម្មណ៍ និង ខាង​វិញ្ញាណ—ដែល​មាន​នៅក្នុង​ចំណោម​យុវវ័យ​នៅ​សាលា ឬ សហគមន៍​របស់​អ្នក ? បន្ទាប់មក គិត​អំពី​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​នៅ​សប្ដាហ៍​បន្ទាប់ ដើម្បី​ថែទាំ​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ ។ សូម​សរសេរ​គោលដៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរមន 8:12–41 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖