ថ្នាក់​សិក្ខាសាលា
មេរៀនទី 25 ៖ ថ្ងៃទី 4 នីហ្វៃទី3 15–16


មេរៀនទី 25 ៖ ថ្ងៃទី 4

នីហ្វៃទី3 15–16

សេចក្តីផ្ដើម

កាលដែល​ព្រះអង្គ​សង្គ្រោះ​បន្ត​បង្រៀន​ដល់​ប្រជាជន​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ នោះ​ទ្រង់​បាន​ប្រកាស​ថា ក្រិត្យវិន័យ​លោក​ម៉ូសេ​ត្រូវបាន​បំពេញ​នៅក្នុង​ទ្រង់ ហើយ​ថា ទ្រង់​ជា​ពន្លឺ និង ជា​ក្រិត្យវិន័យ​ដែល​មនុស្ស​គប្បី​សម្លឹង​ដល់ ។ បន្ទាប់មក ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ដល់​ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ​នាក់​ថា ប្រជាជន​នៅ​ទ្វីប​អាមេរិក គឺជា « ចៀម​ឯ​ទៀត » មួយ​ចំនួន ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅកាន់​ប្រជាជន​នៅឯ​យេរ៉ូសាឡិម ( សូមមើល យ៉ូហាន 10:14–16 ) ។ ទ្រង់​ក៏​បាន​សន្យា​ផងដែរ​ថា អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត ហើយ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ នឹង​ត្រូវបាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

រូបភាព
ព្រះគ្រីស្ទ​នៅ​ដែនដី​បរិបូរណ៍

នីហ្វៃទី3 15:1–10

ព្រះអង្គ​សង្គ្រោះ​ប្រកាស​ថា ទ្រង់​បាន​បំពេញ​ក្រិត្យវិន័យ​របស់​លោក​ម៉ូសេ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​ព្រះអម្ចាស់​ស្នើឲ្យ​យើង​គោរព​ប្រតិបត្តិ​ក្រិត្យវិន័យ និង បទបញ្ញត្តិ​ជាក់លាក់​ទាំងឡាយ ដូចជា​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គោរព​ថ្ងៃ​បរិសុទ្ធ និង គោរព​ឪពុក​ម្ដាយ​យើង ជាដើម ? កាលដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​ណែនាំ​ដល់​ពួក​សាសន៍​នីហ្វៃ នោះ​ទ្រង់​បាន​បង្រៀន​ពួកគេ​ពី​គោលបំណង​ដ៏​សំខាន់​ដែល​នៅ​ពីក្រោយ​ក្រិត្យវិន័យ និង បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ សូម​រកមើល​គោលបំណង​នេះ ពេល​អ្នក​សិក្សា នីហ្វៃទី3 15 ។

កាល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ការមាន​បន្ទូល​ទៅកាន់​បណ្ដាជន​ហើយ ទ្រង់​បាន​ជ្រាប​ថា មាន​មនុស្ស​ខ្លះ​ក្នុង​ចំណោម​ពួកគេ​មាន​សំណួរ​មួយ ។ សូម​អាន នីហ្វៃទី3 15:1–2 ហើយ​សរសេរ​ពី​អ្វី​ដែល​ប្រជាជន​ស្ញប់ស្ញែង និង ឆ្ងល់ ៖

ដើម្បី​យល់​ពី​មូលហេតុ​ដែល​ពួក​សាសន៍​នីហ្វៃ​មាន​ភាពស្ញប់ស្ងែង និង ឆ្ងល់​ពី​ការប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា « សេចក្ដី​ទាំងឡាយ​ពី​បុរាណ » នៃ​ក្រិត្យវិន័យ​លោក​ម៉ូសេ​បាន​កន្លង​ផុត​ទៅ ហើយ « អ្វីៗ​ទាំងអស់​បាន​ក្លាយ​ទៅជា​ថ្មី » នោះ​វា​នឹង​ជួយ​ក្នុង​ការយល់​ថា អស់​រយៈពេល​រាប់​សតវត្សរ៍​មកហើយ​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ស្គាល់ និង រស់នៅ​ក្រោម​ក្រិត្យវិន័យ​របស់​លោក​ម៉ូសេ ។ ក្រិត្យវិន័យ ក្រិត្យក្រម និង របៀប​រៀបរយ​នៃ​សាសនាចក្រ​របស់​ពួកគេ គឺ​ផ្អែក​លើ​ក្រិត្យវិន័យ​លោក​ម៉ូសេ ជា​ក្រិត្យវិន័យ​ដែល​ត្រូវបាន​ប្រទាន​ពី​បុរាណ ដោយ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ពេល​មុន​ជីវិត​រមែង​ស្លាប់ ដើម្បី​រៀបចំ​មនុស្ស​សម្រាប់​ការយាង​មក​របស់​ទ្រង់ និង ដើម្បី​ចង្អុល​បង្ហាញ​ពួកគេ​ទៅកាន់​ការបូជា​ដ៏​ធួន​របស់​ទ្រង់ ។ ឥឡូវនេះ អង្គ​ដែល​ប្រទាន​ក្រិត្យវិន័យ​ដ៏​ឥតខ្ចោះ កំពុង​ឈរ​នៅ​ចំពោះ​ពួកគេ ដោយ​ប្រកាស​ថា ដង្វាយធួន​បាន​សម្រេច​ហើយ ( សូម​មើល នីហ្វៃទី3 11:10–14 ) ហើយ​ថា នៅក្នុង​ទ្រង់ នោះ​ក្រិត្យវិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ ( សូម​មើល នីហ្វៃទី3 9:16–20; 12:46–47 ) ។ ការប្រកាស​របស់​ទ្រង់​ដែល​ថា សេចក្ដី​ទាំងឡាយ​ពី​បុរាណ​របស់​ក្រិត្យវិន័យ​លោក​ម៉ូសេ « បាន​កន្លង​ហួស​ទៅ » ហើយ​អ្វីៗ​ដែល​ថ្មី​ត្រូវ​ជំនួស​ក្រិត្យវិន័យ បានផ្លាស់ប្ដូរ​ភ្លាមៗ​នូវ​របៀប​ដែល​ពួកគេ​ត្រូវ​ថ្វាយបង្គំ​ព្រះ ។

ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​កង្វល់​របស់​ពួកគេ ដោយ​ការសង្កត់​ធ្ងន់​លើ​គោលការណ៍​ដ៏​សំខាន់​មួយ ។ សូម​អាន នីហ្វៃទី3 15:3–5, 9 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​នៅក្នុង​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ធានា​អះអាង​ដល់​ពួក​សាសន៍​នីហ្វៃ​ថា ប្រភព​នៃ​ក្រិត្យវិន័យ​គឺ​មិន​បាន​ផ្លាស់ប្ដូរ​ទេ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ព្រះយេស៊ូវ​កំពុង​បង្រៀន​អ្វី​ដល់​ពួក​សាសន៍​នីហ្វៃ ពេលដែល​ទ្រង់​មាន​បន្ទូល​ថា « យើង​ជា​ក្រិត្យវិន័យ » ? ( នីហ្វៃទី3 15:9 ) ។

ចេញពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខ​ទាំងនេះ យើង​អាច​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រភព​នៃ​ក្រិត្យវិន័យ និង បទបញ្ញត្តិ​ទាំងអស់​នៃ​ដំណឹង​ល្អ ។ សូម​ពិចារណា​ពី​មូលហេតុ​ដែល​សេចក្ដី​ពិត​នេះ​សំខាន់​ដល់​ពួក​សាសន៍​នីហ្វៃ ពេលដែល​ពួកគេ​បាន​រៀន​ថា ក្រិត្យវិន័យ​លោក​ម៉ូសេ​ពី​បុរាណ​ត្រូវបាន​ជំនួស​ដោយ​ក្រិត្យវិន័យ​ដែល​ខ្ពស់​ជាង ហើយ​បាន​ទទួល​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ​ក្នុង​របៀប​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ។

សូមអាន នីហ្វៃទី3 15:9–10 ហើយ​គូស​ចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ ដែល​ជា​លទ្ធផល​នៃ​គោលលទ្ធិ​នេះ ។ សូម​ប្រើ​នូវ​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​ខ​ទាំងនេះ ដើម្បី​បំពេញ​គោលការណ៍​តទៅ​នេះ ៖ បើ​យើង ដល់​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការរក្សា នោះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ  ។

  1. សូម​គិត​អំពី​បទបញ្ញត្តិ​ទាំងឡាយ​ដូចជា ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការគោរព​ថ្ងៃ​បរិសុទ្ធ និង ការគោរព​ឪពុក​ម្ដាយ​យើង ហើយ​ឆ្លើយតប​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​តាម​បទបញ្ញត្តិ ហើយ​នៅតែ​មិន​សម្លឹង​ដល់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា​ទៅ ?

    2. ប្រសិន​បើ​ការផ្តោត​របស់​យើង​គឺ​ទៅលើ​ការសម្លឹង​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិន​គ្រាន់តែ​ជា​ការគោរព​ប្រតិបត្តិ​ដល់​ច្បាប់​ទាំងឡាយ​នោះ តើ​ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​បទបញ្ញត្តិ​ទាំងឡាយ​អាច​នឹង​ផ្លាស់ប្ដូរ​នៅក្នុង​របៀប​ណា​ខ្លះ?

របៀប​មួយ​ដែល​ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​បទបញ្ញត្តិ​ទាំងឡាយ​អាច​ផ្លាស់ប្ដូរ ប្រសិនបើ​យើង​សម្លឹង​ទៅ​ព្រះគ្រីស្ទ គឺថា ការជំរុញ​ទឹកចិត្ត​របស់​យើង​ក្នុង​ការគោរព​ប្រតិបត្តិ​នឹង​ផ្លាស់ប្ដូរ​ពី​ការគោរព​ដោយ​ព្រោះ​កាតព្វកិច្ច ឬ សូម្បី​ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ច្បាប់​នោះ ទៅជា​ដោយព្រោះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​វិញ ។

រូបភាព
អែលឌើរ ម៉ាវីន ជេ. អាស្តុន

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ អែលឌើរ ម៉ាវីន ជេ. អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « វា​ជា​ការលួងលោម​ខាង​វិញ្ញាណ និង ជា​ពរជ័យ​អ្វី​ម្ល៉េះ ក្នុង​ការដឹង​ថា ប្រសិនបើ​យើង​សម្លឹង​ទៅ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ នោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង ភាពលើក​តម្កើង​នឹង​ជា​របស់​យើង ។ … យើង​កាន់តែ​ងាយ​ខិត​ចូល​ទៅ​ជិត​ព្រះ ពេល​យើង​សម្លឹង​ទៅ​ទ្រង់ ។ ការសម្លឹង​ទៅកាន់​ព្រះ បង្រៀន​យើង​ឲ្យ​បម្រើ និង រស់នៅ​ដោយ​ពុំ​មាន​ការបង្ខិត​បង្ខំ [ ពុំមាន​ការបង្ខំ ឬ ដាក់​សម្ពាធ​ឲ្យ​ធ្វើ​អ្វី​មួយ ] » ( “There Are Many Gifts” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 21 ) ។

  1. សូម​ជ្រើសរើស​បទបញ្ញត្តិ​មួយ​ដែល​អ្នក​អាច​នឹង​ងឿងឆ្ងល់​ថា មូលហេតុ​អ្វី​អ្នក​ត្រូវ​គោរព​ប្រតិបត្តិ ហើយ​ពិចារណា​ថាតើ​ការគោរព​ដល់​បទបញ្ញត្តិ​នោះ​អាច​ដឹកនាំ​អ្នក​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ។ អ្នក​អាច​នឹង​ចង់​ដាក់​គោលដៅ​មួយ ដើម្បី​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ដែល​អ្នក​បាន​ជ្រើសរើស​នោះ​ឲ្យ​កាន់តែ​ខ្លាំង ហើយ​សរសេរ​នូវ​គំនិត​មួយ​ចំនួន​អំពី​របៀប​ដើម្បី​ធ្វើ​វា​ឲ្យ​បាន​សម្រេច ។ សូម​កត់ត្រា​គំនិត​ទាំងឡាយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

នីហ្វៃទី3 15:11–16:5

ព្រះយេស៊ូវគ្រីស្ទ​មាន​បន្ទូល​ទៅកាន់​ពួក​សិស្ស​របស់​ទ្រង់​ទាក់ទង​នឹង​ចៀមឯ​ទៀត​របស់​ទ្រង់

រូបភាព
ព្រះគម្ពីរ​ប៊ីប​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ
រូបភាព
ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ត្រូវ​គេ​បំភ្លេច ឬ ទុក​ចោល​ឲ្យ​នៅ​ឯកោ ហើយ​ឆ្ងល់​ថាបើ​ព្រះវរបិតា​ស្គាល់​ថា​អ្នក​ជា​នរណា​ដែរ​ឬ​ទេ ? ទោះបីជា​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ឯកោ ឬ ជួនកាល​មាន​អារម្មណ៍​មិន​សំខាន់​ដូច​អ្នក​ដទៃទៀត ក៏​ព្រះ​ខ្វល់ខ្វាយ​ពី​រាស្ត្រ​របស់​ទ្រង់ និង បង្ហាញ​អង្គ​ទ្រង់​ដល់​ពួកគេ ។ សូម​រកមើល​ភស្ដុតាង​នៃ​សេចក្ដី​ពិត​នេះ ពេល​អ្នក​សិក្សា​អ្វី​ដែល​នៅ​សល់​ក្នុង នីហ្វៃទី3 15 និង ដើម​ដំបូង​នៃ នីហ្វៃទី3 16 ។

ដូច​មាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង ព្រះគម្ពីរ​មរមន ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ការបម្រើ​ក្នុង​ចំណោម​ប្រជាជន​នៅក្នុង​ពិភព​បុរាណ និង នៅក្នុង​ទ្វីប​អាមេរិក ។ សូមអាន នីហ្វៃទី3 15:11–17 រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​ប្រាប់​ដល់​ពួក​អ្នក​ទាំងឡាយ​ដែល​នៅ​យេរ៉ូសាឡិម អំពី​រាស្ត្រ​ទ្រង់​នៅក្នុង​ទ្វីប​អាមេរិក ។

« ចៀម​ឯទៀត » គឺ​សំដៅ​ដល់​អ្នក​ដើរតាម​អ្នក​គង្វាល ព្រះយេស៊ូវគ្រីស្ទ ផ្សេងទៀត ។ ក្រោល​គឺជា​ទ្រុង​ចៀម ប៉ុន្តែ​ពាក្យ​ក្រោល ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ករណី​នេះ គឺ​មានន័យ​ដល់​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដូចគ្នា ។ យោងតាម នីហ្វៃទី3 15:17 តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បង្ហាញ​អង្គ​ទ្រង់​ដល់​ចៀម​ឯទៀត​របស់​ទ្រង់​ដោយ​របៀប​ណា ?

ព្រះយេស៊ូវគ្រីស្ទ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌ បាន​បញ្ជា​ទ្រង់​កុំ​ឲ្យ​ផ្ដល់​ការចេះដឹង​បន្ថែម​ទៀត​ពី​ចៀម​ឯទៀត​របស់​ទ្រង់ ដល់​ពួក​អ្នក​ដែល​នៅ​យេរ៉ូសាឡិម ។ សូម​ពិនិត្យ​មើល នីហ្វៃទី3 15:18–20 ហើយ​គូស​ចំណាំ​ការពន្យល់​របស់​ព្រះអង្គ​សង្គ្រោះ ។ ដោយ​ឃើញ​ថា ព្រះវរបិតា​បាន​ដកហូត​នូវ​ការចេះដឹង​ដែល​ធំជាង អំពី​ពួក​សាសន៍​នីហ្វៃ ពី​ពួក​សាសន៍​យូដា ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួក​យូដា នោះ​យើង​អាច​រៀន​ពី​គោលការណ៍​សំខាន់​មួយ​ទាក់ទង​នឹង​របៀប​ដែល​យើង​ទទួល​បាន​ការចេះដឹង និង សេចក្ដី​ពិត​ពី​ព្រះអម្ចាស់ ។ ផ្អែក​លើ​ខ​ទាំងនេះ តើ​អ្នក​នឹង​បំពេញ​គោលការណ៍​ខាងក្រោម​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ ? ព្រះ​ប្រទាន​ដល់​យើង​នូវ​ការចេះដឹង និង សេចក្ដី​ពិត​យោង​ទៅតាម របស់​យើង ។

ព្រះអម្ចាស់​បានមាន​បន្ទូល​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ថា ពួកគេ​ជា​ផ្នែក​នៃ​ចៀម​ឯទៀត​នោះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ដល់ នៅ​យេរ៉ូសាឡិម ។ ពួក​សាសន៍​យូដា​បានគិត​ថា ទ្រង់​មាន​បន្ទូល​ដល់​ពួក​សាសន៍​ដទៃ ( មិនមែន​សាសន៍​អ៊ីស្រាអែល ) ។ ពួកគេ​ពុំបាន​យល់​ថា ពួក​សាសន៍​ដទៃ​នឹង​ពុំ « ឮ » សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ( សូម​មើល នីហ្វៃទី3 15:21–23 ) ។

សូមអាន នីហ្វៃទី3 15:24 ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ធានា​អះអាង​យ៉ាង​ច្បាស់លាស់​ដល់​ពួក​សាសន៍​នីហ្វៃ ពី​ការថែរក្សា​របស់​ទ្រង់​ចំពោះ​ពួកគេ ។

សូមអាន នីហ្វៃទី3 16:1–3 ហើយ​រកមើល​ថា​នរណា​ផ្សេងទៀត​ដែល​នឹង​ឮ​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​ពុំមាន​ការកត់ត្រា​នៅក្នុង​ព្រះគម្ពីរ​ពី​នរណា​ផ្សេងទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ជួប​នោះទេ ប៉ុន្តែ​វា​ច្បាស់​ថា ទ្រង់​បាន​យាង​ជួប​នឹង​ក្រុម​ផ្សេងៗ​ទៀត ហើយ​បាន​នាំ​ពួកគេ​ចូល​ក្នុង « ក្រោល » ទ្រង់ ។

តើ​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ថា ទ្រង់​ខ្វល់ខ្វាយ​ដល់​ប្រជាជាន​ដែល​ពុំ​បាន​ឮ​សំឡេង​ទ្រង់​ដូច​ម្ដេច​ដែរ ? សូមអាន នីហ្វៃទី3 15:22–23 និង នីហ្វៃទី3 16:4 ហើយ​រកមើល​ថាតើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ​ដោយ​របៀប​ណា​ដែរ ។

ចេញពី​អ្វី​ដែល​អ្នក​បាន​សិក្សា​មកដល់​ត្រឹមនេះ នៅក្នុង នីហ្វៃទី3 15 និង 16 តើ​មាន​ភស្ដុតាង​អ្វី ដែល​អ្នក​បាន​ឃើញ​ថា​ព្រះ​ខ្វល់ខ្វាយ​ពី​រាស្ត្រ​ទ្រង់ និង បង្ហាញ​អង្គ​ទ្រង់​ដល់​ពួកគេ ?

សូមអាន នីហ្វៃទី3 16:5 ហើយ​រកមើល​អ្វី​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ បន្ទាប់ពី​ពួក​សាសន៍​ដទៃ​ទទួល​បាន​ការចេះដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​ហើយ​នោះ ។

ព្រះយេស៊ូវ​បាន​សន្យា​ថា​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ទ្រង់—ជា​វង្ស​អ៊ីស្រាអែល និង ពួក​សាសន៍​ដទៃ—ដោយ​ប្រទាន​ដល់​ពួកគេ​នូវ​ព្រះបន្ទូល​របស់​ទ្រង់ ដែល​ត្រូវបាន​សរសេរ​ដោយ​ពួក​សាសន៍​នីហ្វៃ ។ ការសរសេរ​របស់​ពួក​សាសន៍​នីហ្វៃ នឹង​ជួយ​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រែចិត្ត​ជឿ ដែល​បន្ទាប់​មក ពួកគេ​នឹង​ជួយ​ប្រមូល​វង្ស​អ៊ីស្រាអែល នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃទី3 16:4–5 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​តទៅ​នេះ ៖ តើ​ភស្ដុតាង​អ្វី​ពី​ជីវិត​អ្នក​ផ្ទាល់ ដែល​អ្នក​បាន​ឃើញ ដែល​បង្ហាញ​ថា​ព្រះយេស៊ូវគ្រីស្ទ​ខ្វល់ខ្វាយ​ចំពោះ​យើង​ទាំងអស់​គ្នា ?

នីហ្វៃទី3 16:6–20

ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​ពី​ពរជ័យ និង ផ្ដល់​ការព្រមាន​ដល់​ពួក​សាសន៍​ដទៃ​ដែល​រស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ

តើ​អ្នក​ធ្លាប់​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​មួយ​ដែរ​ឬ​ទេ ? សូម​គិត​ពី​គំរូ​ជាក់លាក់​មួយ ។ តើ​មាន​តម្រូវការ​អ្វី​ដើម្បី​ក្លាយជា​សមាជិក​នៃ​ក្រុម​មួយ​បែបនោះ ? ក្រុម​ដែល​អស្ចារ្យ​បំផុត ដែល​អ្នក​អាច​ក្លាយ​ជា​សមាជិក​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។

សូមអាន នីហ្វៃទី3 16:6–7 ហើយ​រកមើល​អ្វី​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ ដោយសារ​ជំនឿ​របស់​ពួក​សាសន៍​ដទៃ និង ការឥត​ជំនឿ​របស់​វង្ស​អ៊ីស្រាអែល ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា នៅ​ថ្ងៃ​ចុងក្រោយ នឹង​មាន​ពួក​សាសន៍​ដទៃ​ដែល​ឥត​ជំនឿ​ផងដែរ ដែល​នឹង​ខ្ចាត់ព្រាត់ និង ប្រព្រឹត្ត​មិនល្អ​ចំពោះ​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល ( សូមមើល នីហ្វៃទី3 16:8–9 ) ។ នៅ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​នឹង​ដកយក​ដំណឹងល្អ​របស់​ទ្រង់​ពី​ពួក​ទុច្ចរិត ហើយ​បើក​សម្ដែង​វា​ទៅដល់​ពួក​សុចរិត ទាំង​ពួក​សាសន៍​អ៊ីស្រាអែល និង សាសន៍​ដទៃ ( សូមមើល នីហ្វៃទី3 16:10–12 ) ។

សូមអាន នីហ្វៃទី3 16:13 ហើយ​រកមើល​អ្វី​ជា​តម្រូវការ​ដើម្បី​ក្លាយ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។ ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង នីហ្វៃទី3 16:13 សូម​បំពេញ​គោលការណ៍​តទៅ​នេះ ៖ បើ​យើង នោះ​យើង​នឹង​ត្រូវបាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ដឹង​ដោយ​របៀប​ណា ថា​អ្នក​ជា​ផ្នែក​នៃ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ?

    2. តើ​វា​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក​យ៉ាងណា ដែល​ត្រូវបាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់ ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 15–16 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖