ថ្នាក់​សិក្ខាសាលា
នីហ្វៃទី4


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​នីហ្វៃទី4

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅក្នុង​ការសិក្សា​របស់​អ្នក​ពី នីហ្វៃទី4 អ្នក​នឹង​ធ្វើ​ទីបន្ទាល់​ពី​ពរជ័យ​ទាំងឡាយ ដែល​មាន​ដល់​ប្រជាជន​ដែល​រួបរួម​គ្នា​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរ​នេះ​បើក​សម្ដែង​ថា ប្រជាជន​ទាំងអស់​នៅ​ទូទាំង​ដែនដី​បាន​ប្រែចិត្ត​ជឿ អំឡុង​ពេល​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួកគេ ។ ដោយ​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ ពួកគេ​បាន​រីករាយ​ជាមួយ​នឹង​សេចក្ដី​សុខសាន្ត ភាពចម្រុង​ចម្រើន និង ពរជ័យ​ដ៏​អស្ចារ្យ​ខាង​វិញ្ញាណ ។ មរមន​បាន​ប្រកាស​ថា ៖ « ពិត​ជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បានត្រូវ​បង្កើត​ដោយ​ព្រះហស្ដ​នៃ​ព្រះ​ឡើយ » ( នីហ្វៃទី4 1:16 ) ។ អ្នក​នឹង​រៀន​ផងដែរ​ពី​មេរៀន​សំខាន់ៗ អំពី​ការចុះ​អន់ថយ​ជា​លំដាប់​របស់​ប្រជាជន​នេះ ទៅក្នុង​ស្ថានភាព​ទុច្ចរិត​មួយ​ដ៏​គួរ​ឲ្យ​ខ្ពើមឆ្អើម ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​ចងក្រង និង សង្ខេប​បញ្ជី​ទាំងឡាយ​របស់​អ្នក​សរសេរ​បួន​នាក់​ផ្សេង​ទៀត ដើម្បី​បង្កើត​ជា​គម្ពីរ នីហ្វៃទី4 នេះ ។ អ្នក​សរសេរ​ទីមួយ​គឺ នីហ្វៃ ដែល​គម្ពីរ​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​តាម ។ នីហ្វៃ​គឺ​ជា​កូនប្រុស​របស់​នីហ្វៃ ដែល​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង 12 នាក់ ដែល​បាន​ជ្រើសរើស​ដោយ​ព្រះអម្ចាស់ នៅ​អំឡុង​ពេល​នៃ​ការបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​កូនចៅ​លីហៃ ( សូម​មើល នីហ្វៃទី3 11:18–22; 12:1 ) ។ អ្នក​សរសេរ​បី​នាក់​ផ្សេង​ទៀត​គឺ អេម៉ុស​ជា​កូនប្រុស​របស់​នីហ្វៃ អេម៉ុស​ជា​កូនប្រុស​របស់​អេម៉ុស និង អាំម៉ារុន​ជា​ប្អូនប្រុស​របស់​អេម៉ុស ( សូម​មើល នីហ្វៃទី4 1:19, 21, 47 ) ។

តើ​នៅពេល​ណា ហើយ​នៅ​កន្លែង​ណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ?

បញ្ជី​ដើម​ដែល​ត្រូវបាន​ប្រើ​ជា​ប្រភព​សម្រាប់ នីហ្វៃទី4 គឺ​ទំនង​ជា​ត្រូវ​បាន​សរសេរ​ឡើង រវាង​ឆ្នាំ 34 គ.ស. និង 321 គ.ស. ។ មរមន​បាន​សង្ខេប​បញ្ជី​ទាំងនោះ​នៅ​រវាង​ឆ្នាំ 345 គ.ស. និង 385 គ.ស. ។ មរមន​ពុំបាន​កត់ត្រា​ថា លោក​បាន​នៅ​កន្លែង​ណា​នោះទេ ពេល​លោក​ចងក្រង​គម្ពីរ​នេះ ។