ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 32 ៖ ថ្ងៃ​ទី 1 មរ៉ូណៃ 7:20–48


មេរៀនទី 32 ៖ ថ្ងៃ​ទី 1

មរ៉ូណៃ 7:20–48

សេចក្តី​ផ្ដើម

ដូច​មាន​កត់ត្រា​នៅក្នុង មរ៉ូណៃ 7:20–48 មរមន ​បាន​បន្ត​ទេសនកថា​របស់​លោក នៅក្នុង​សាលា​ប្រជុំ ដោយ​ការបង្រៀន​ដល់​អ្នក​ស្ដាប់​របស់​លោកអំ​ពី​របៀប​ដើម្បី « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( មរ៉ូណៃ 7:20–21, 25 ) ។ លោក​បាន​ពន្យល់អំ​ពី​សារៈសំខាន់​នៃ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង សេចក្ដី​សប្បុរស ។ លោក​បាន​បញ្ចប់​ទេសនកថា​របស់​លោក ជាមួយ​នឹង​ការអង្វរ​មួយ​ថា អ្នក​ស្ដាប់​របស់​លោក​នឹង​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​នៃ​ដួងចិត្ត​របស់​គេ ដើម្បី​បាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរស—ដែល​មរមន​ឲ្យ​និយមន័យ​ថា​ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 7:47 ) ។

មរ៉ូណៃ 7:20–39

មរមន ​បង្រៀន​អំពី​សេចក្ដី​ជំនឿ​នៅក្នុង​ព្រះគ្រីស្ទ

សូម​រំឭក មរ៉ូណៃ 7:12–13 ហើយ​ពិចារណ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​មុន អំពី​របៀប​ដឹង​រវាងការណ៍​ល្អ និងការអាក្រក់ ។ នៅក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ សូម​សរសេរ​​នូវ​គំរូ​នៃ​ការណ៍​ល្អៗ ( ការណ៍​ដែល​មក​ពី​ព្រះ និង ដែល​បញ្ចុះបញ្ចូល​យើង​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ) និង ការណ៍​អាក្រក់ៗ ( ការណ៍​ដែល​ញុះញ៉ង់​​យើង​មិន​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ និង មិន​ឲ្យ​បម្រើ​ព្រះ ) ៖

ការណ៍​ល្អ

ការណ៍​អាក្រក់

សូម​កត់ចំណាំ​ថា មរមន​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( មរ៉ូណៃ 7:19 ) ។ ចូរ​សញ្ជឹងគិត​ថា តើ​អ្នក​គិត​ថា ការ​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ មានន័យ​យ៉ាងណា ។

មរមន ​បាន​សួរ​ដល់​អ្នក​ស្ដាប់​របស់​លោក នូវ​សំណួរ​ដ៏​សំខាន់​មួយ ដែល​ក្រោយមក​លោក​បាន​បន្ត​ទៅ​ចម្លើយ ។ សូម​អាន មរ៉ូណៃ 7:20 ហើយ​រកមើល​សំណួរ​ដែល​មរមន​រៀបចំ​នឹង​សួរ ។ បន្ទាប់មក ស្រាវ​ជ្រាវ​ក្នុង មរ៉ូណៃ 7:21–26 រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ ។

ពេល​អ្នក​មើល មរ៉ូណៃ 7:21, 25 សូម​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ ៖ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ​បាន ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

    1. យោង​តាម មរ៉ូណៃ 7:22–26 តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ព្រះវរបិតា​សួគ៌​ព្យាយាម​ជួយ​យើង ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​ពេល​ណា ដែល​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ បាន​ជួយ​អ្នក​ឲ្យ​ក្ដាប់​ជាប់​នូវ​អ្វី​មួយ​ដែល​ល្អ ឬ បាន​ជួយ​អ្នក​ឲ្យ​លះចោល​អ្វី​ដែល​អាក្រក់ ?

មរមន ​បាន​បន្ត​ពិពណ៌នា​អំពី​ការណ៍​ល្អ​មួយ​ចំនួន​ទៀត ដែល​មាន​ដល់​ពួក​អ្នក​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន មរ៉ូណៃ 7:32–34 ហើយ​គូស​ចំណាំ​យ៉ាងហោច​ណាស់ ពរជ័យ​មួយ​នៅក្នុង​ខ​នីមួយៗ​នៃ​ខ​ទាំងនេះ ដែល​បាន​មក​ពី​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​គិត ហើយ​អធិស្ឋាន​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត លើ​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​អ្នក​មាន​គោលដៅ​មួយ​នៅក្នុង​គំនិត សូម​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ គោលដៅ​នេះ​អាច​ជា ការធ្វើ​អ្វី​ជាក់លាក់ ដែល​នឹង​ជួយ​អ្នក​ធ្វើតាម​ពាក្យ​សម្ដី​របស់​ព្យាការី ( សូម​មើល មរ៉ូណៃ 7:23 ) អធិស្ឋាន​ដោយ​​សេចក្ដី​ជំនឿ​ដែល​កាន់តែ​ខ្លាំងក្លា ( សូម​មើល មរ៉ូណៃ 7:26 ) ឬ ប្រែចិត្ត​ពី​អំពី​បាប​មួយ ( សូម​មើល មរ៉ូណៃ 7:34 ) ។ ពេល​អ្នក​សរសេរ​គោលដៅ​របស់​អ្នក សូម​បញ្ចូល​នូវ​ព័ត៌មាន​ពិស្ដារ​ជាក់លាក់​អំពី​របៀប​ដែល​អ្នក​នឹង​សម្រេច​វា​ដោយ​របៀប​ណា ។ សូម​សរសេរ​ផងដែរ ថាតើ​គោលដៅ​នេះ​នឹង​នាំ​មក​នូវ​ការណ៍​ល្អៗ​ចូល​ក្នុង​ជីវិត​អ្នក​ដោយ​របៀប​ណា ។

មរ៉ូណៃ 7:40–43

មរមន​បង្រៀន​អំពី​សេចក្ដី​សង្ឃឹម

នៅក្នុង​ទេសនកថា​ដែល​មាន​កត់ត្រា​នៅក្នុង មរ៉ូណៃ 7 មរមន ​បាន​កំណត់​ពី​គោលការណ៍ដ៏​ទេវភាព​ចំនួន​បី​ ដែល​ចាំបាច់​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច ។​អែលឌើរ អិម. រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « គោលការណ៍​ដ៏​ទេវភាព​ទាំងបី​នេះ បង្កើត​ជា​គ្រឹះ​មួយ ដែល​យើង​អាច​ស្ថាបនា​គ្រោង​ជីវិត​យើង​នៅលើ​នោះ​បាន » ។ លោក​បាន​មាន​ប្រសាសន៍​ថា គោលការណ៍​ទាំងបី​នេះ « រួម​គ្នា ផ្ដល់​ដល់​យើង​នូវ​មូលដ្ឋាន​នៃ​ការគាំទ្រ​មួយ ដូច​ជា​ជើង​ចង្ក្រាន​ដែល​មានដុំ​មុំ​បី » ( “The Joy of Hope Fulfilled” Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 33 ) ។

រូបភាព
ចង្ក្រាន​ដែល​មានដុំ​មុំ​បី

អ្វី​ដែល​នៅ​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​រកឃើញ​គោលការណ៍​ទាំង​បី​ ដែល​មរមន​បាន​កំណត់​នោះ ។ គោលការណ៍​ទី​មួយ ​គឺ​សេចក្ដី​ជំនឿ ដែល​អ្នក​ទើប​បាន​សិក្សា​នៅក្នុង មរមន 7:20–39 ។ សូម​ដាក់​ស្លាក​ឲ្យ​ដុំ​មុំ​​​ចង្ក្រាន​មួយ​ខាងលើ​ថា សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ រកមើល​ថា អ្វី​ជា​តំណាង​ឲ្យដុំ​មុំ​ចង្ក្រានទីពីរ ដោយ​អាន មរ៉ូណៃ 7:40 ។ សរសេរ​គោលការណ៍​នោះ​នៅក្បែរ​ដុំមុំចង្ក្រាន​មួយ​ទៀត ។

សូម​អាន មរ៉ូណៃ 7:41–42 ហើយ​រកមើល​ពី​អ្វី​ដែល​ មរមន ​បាន​បង្រៀន​ថា យើង​គួរ​មាន​សេចក្ដី​សង្ឃឹមចង់​​បាន ។ ( មរ៉ូណៃ 7:41 ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ) ។ អ្នក​អាច​នឹង​បន្ថែម « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ទៅ​លើ​ស្លាក​ដែល​អ្នក​ដាក់​នៅ​ដុំមុំ​ចង្ក្រាន​ទីពីរ ដើម្បី​ឲ្យ​វា​ទៅជា « សេចក្ដី​សង្ឃឹម​ចង់​​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។

ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​អំពី​សេចក្ដី​សង្ឃឹម​ដែល​មរមន ​បានថ្លែង​ថា ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

« សេចក្ដី​សង្ឃឹម ​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ វា​គឺជា​សេចក្ដី​សង្ឃឹម ដែល​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​យើង​នឹង​ត្រូវបាន​លើកឡើង​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​ព្រោះ​តែ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។ …

« សេចក្ដី​សង្ឃឹម ​គឺ​ពុំមែន​ជា​ចំណេះដឹង​នោះទេ ប៉ុន្តែ​ជា​សេចក្ដី​ទុកចិត្ត​ដ៏​ស្ថិតស្ថេរ​ថា ព្រះអម្ចាស់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​យើង ។ វា​គឺជា​ទំនុកចិត្ត​ថា បើ​យើង​រស់នៅ​តាម​ច្បាប់​របស់​ព្រះ និង តាម​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​​ទ្រង់​សព្វ​ថ្ងៃ​នេះ នោះ​យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដែល​គួរ​ឲ្យ​ប្រាថ្នា​នៅក្នុង​ពេល​អនាគត ។ វា​គឺជា​ការជឿ និង ការរំពឹង​ទុក​ថា ការអធិស្ឋាន​របស់​យើង​ នឹង​ត្រូវ​ឆ្លើយ​តប ។ វា​គឺជា​ការបង្ហាញ​ដោយ​ទំនុកចិត្ត សុទិដ្ឋិនិយម សេចក្ដី​សាទរ និង សេចក្ដី​ខ្ជាប់ខ្ជួន​ប្រកប​ដោយ​ការអត់ធ្មត់ » ( “The Infinite Power of Hope” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 21–22 ) ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ចេញពី មរ៉ូណៃ 7:40–42 គឺថា ៖ ប្រសិនបើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ទទួល​បាន​នូវ​សេចក្ដី​សង្ឃឹម តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ថា​ត្រូវបាន​លើកឡើង​ឲ្យ​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​អាន មរ៉ូណៃ 7:43 ហើយ​រកមើល​លក្ខណៈ​ដែល​តម្រូវ​ឲ្យ​មាន ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​មាន​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម ដែល​មរមន​បាន​មាន​ប្រសាសន៍​ដល់នោះ ។

ដើម្បី « ស្លូតបូត ហើយ​សុភាព​រាបសារ » មានន័យ​ថា បន្ទាប​ខ្លួន ស្លូតបូត​ដោយ​ពិត​ប្រាកដ ហើយ​ចុះចូល​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ ភាព​ស្លូតបូត និង ភាព​សុភាព​រាបសារ​នៅក្នុង​ដួងចិត្ត គឺជា​ការចាំបាច់ ដើម្បី​មាន​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម​ទៅលើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ថា​ តើ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ បាន​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដល់​អ្នក​យ៉ាងណា ។

មរ៉ូណៃ 7:44–48

មរមន​បង្រៀន​អំពី​សេចក្ដី​សប្បុរស

សូម​ត្រឡប់​ទៅ​មើល​រូប​​ចង្ក្រាន​នៅ​ខាង​ដើម​មេរៀន​វិញ ។ អាន មរ៉ូណៃ 7:44 ហើយ​រកមើល​គោលការណ៍​ទីបី​ដែល ​មរមន ​បាន​បង្រៀន ។ សូម​ដាក់​ស្លាកដុំមុំ​ចង្ក្រាន​ចុងក្រោយ​ជាមួយ​នឹង​គោលការណ៍​ចុងក្រោយ​នេះ ។

ដូច​មាន​កត់ត្រា​នៅក្នុង មរ៉ូណៃ 7:44–48 មរមន ​បាន​ផ្ដល់​នូវ​ការពន្យល់​ដ៏​មាន​ឥទ្ធិពល​មួយ ​អំពី​សេចក្ដី​សប្បុរស ។ សូម​អាន មរ៉ូណៃ 7:45–47 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​មរមន​បាន​ប្រើ​ក្នុង​ការកំណត់​ន័យ​ឲ្យ​សេចក្ដី​សប្បុរស ។ ( មរ៉ូណៃ 7:45, 47–48 ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ) ។ ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​យល់​ច្បាស់​អំពី​អ្វី​ដែល​ មរមន ​បង្រៀន អ្នក​អាច​នឹង​ចង់​សរសេរ​និយមន័យ​មួយ​ចំនួន​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ « អត់ធ្មត់ » មានន័យ​ថា ស៊ូទ្រាំ​ដោយ​អត់ធ្មត់ « ពុំ​ចេះ​ឈ្នានីស » មានន័យ​ថា​មិន​ច្រណែន « ពុំ​ចេះ​អួត​ខ្លួន » មានន័យ​ថា​បន្ទាប​ខ្លួន និង ស្លូតបូត « ពុំ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន » មានន័យ​ថា ដាក់​ព្រះ និង អ្នក​ផ្សេង​ទៀត​ជាមុន « ពុំ​រហ័ស​ខឹង » មានន័យ​ថា មិន​ងាយ​នឹង​ខឹង និង « ជឿ​ដល់​ការណ៍​ទាំងអស់ » មានន័យ​ថា ទទួល​យក​នូវ​សេចក្ដី​ពិត​ទាំងអស់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​មួយ ឬ ច្រើន​ជាង​មួយ ខាង​ក្រោម​នេះ ៖

    1. យោងតាម​និយមន័យ​នៅក្នុង មរ៉ូណៃ 7:45–47 តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សេចក្ដី​សប្បុរស ​គឺជា​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​មហិមា ដែល​យើង​អាច​ទទួល ?

    2. តើ​អ្នក​គិត​ថា វា​មាន​អត្ថន័យ​យ៉ាង​ណា​ដែល​ថា សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅឡើយ នោះ ?

    3. តើ​អ្នក​គិត​ថា ហេតុអ្វី​យើង​គ្មាន​ជា​អ្វី​ទាំងអស់ បើ​យើង​គ្មាន​សេចក្ដី​សប្បុរស​នោះ ?

បន្ទាប់​ពី​ការលើក​ឡើង​អំពី​ការបង្រៀន​របស់​សាវក​ប៉ុល អំពី​សេចក្ដី​សប្បុរស នៅក្នុង កូរិនថូស ទី1 13 ហើយ អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « មូលហេតុ​ដែល​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ និង មូលហេតុ​ដែល​សេចក្ដី​សប្បុរស​មហិមា​ជាង​ទង្វើ​ដែល​ល្អ​បំផុត ដែល​លោក​បាន​លើក​ឡើង​នោះ គឺជា​សេចក្ដី​សប្បុរស ដែល​ជា ‹ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › ( មរ៉ូណៃ 7:47 ) គឺពុំ​មែន​ជា​ទង្វើ​មួយ​ទេ ប៉ុន្តែ​ជា​ស្ថានភាព​មួយ ឬ ជា​អ្វី​ដែល​យើង​ប្រែក្លាយ ។ សេចក្ដី​សប្បុរស ​គឺ​ទទួល​បាន​តាម​រយៈ​ភាពជោគជ័យ​នៃ​ទង្វើ ​ដែល​បានមក​ពី​ការប្រែ​ចិត្ត​ជឿ ។ សេចក្ដី​សប្បុរស ​គឺជា​អ្វី​មួយ ដែល​មនុស្ស​ម្នាក់​ប្រែក្លាយ ។ ដូច​នេះ ដូច​​ ​មរ៉ូណៃ​ បាន​ប្រកាស​ថា ‹ លើកលែង​តែ​មនុស្ស​មាន​សេចក្ដី​សប្បុរស នោះ​ពួកគេ​ពុំ​អាច​គ្រង › កន្លែង​ដែល​ត្រូវបាន​រៀបចំ​សម្រាប់​ពួកគេ​នៅក្នុង​វិមាន​ទាំងឡាយ​របស់​ព្រះវរបិតា​នោះទេ ( អេធើរ 12:34 ការ​សង្កត់​ន័យ​ត្រូវបាន​បន្ថែម ) » ( “The Challenge to Become” Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 34 ) ។

សូម​អាន​ស្ថានភាព​ខាងក្រោម​នេះ ហើយ​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​នឹង​ឆ្លើយតប ប្រសិន​បើ​អ្នក​ខ្វះ​អំណោយទាន​នៃ​សេចក្ដី​សប្បុរស និង ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​នឹង​ឆ្លើយតប ប្រសិន​បើ​អ្នក​ពោរពេញ​ដោយ​សេចក្ដី​សប្បុរស ៖

  • សិស្ស​ផ្សេងទៀត ​ចំអក​ឲ្យ​អ្នក ឬ នរណា​ម្នាក់​ផ្សេងទៀត​នៅឯ​សាលារៀន ។

  • អ្នក​មាន​ប្អូនប្រុស ឬ ប្អូនស្រី​ម្នាក់​ ​រំខាន​អ្នក​ជា​ញឹកញាប់ ។

  • អ្នក​មិន​ចូលចិត្ត​អ្នកផ្ដល់​ដំបូន្មាន​​ថ្មីម្នាក់ ​នៅក្នុង​កូរ៉ុម ឬ ក្នុង​ថ្នាក់របស់​​អ្នក ដូច​ដែល​អ្នក​ចូលចិត្ត​អ្នក​ដឹកនាំ​ពីមុន ។

បន្ទាប់​ពី​ពន្យល់​ថា វា​សំខាន់​យ៉ាងណា ដែល​យើង​ត្រូវ​អភិវឌ្ឍ​សេចក្ដី​សប្បុរស​នៅក្នុង​ជីវិត​យើង​ហើយ មរមន ​បាន​ពន្យល់​ពី​របៀប​ដែល​​យើង​អាច​ទទួល​បាន​នូវ​ចរិត​លក្ខណៈ​ដ៏​សំខាន់​នេះដោយ​របៀប​​ណា ។ សូម​អាន មរ៉ូណៃ 7:48 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​អំពី​គោលការណ៍​នេះ ៖ បើ​យើង​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ហើយ​រស់នៅ​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​ពេញ​ដោយ​សេចក្ដី​សប្បុរស ។ ចូរ​សញ្ជឹង​គិត​ថា​មូលហេតុ​អ្វី​បាន​ជាវា​​សំខាន់ដើម្បី​អធិស្ឋាន​សុំ​ ដើម្បី​បាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរសដោយ​អស់​ពី​កម្លាំង​ចិត្ត ជាជាង​ការ​គ្រាន់តែ​អធិស្ឋាន​ធម្មតាៗ​សម្រាប់​អំណោយទាន​នេះ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​ពេល​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សប្បុរស ។ ឬ សរសេរ​អំពី​ពេល​មួយ ​ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​ផ្សេងទៀត​មាន​សេចក្ដី​សប្បុរស ។ ថែម​ពី​លើ​នោះ​ទៀត សូម​ដាក់​​គោលដៅ​ជាក់លាក់​មួយ​ ពី​របៀប​ដែល​អ្នក​នឹង​អភិវឌ្ឍ​ចរិត​លក្ខណៈ​មួយ​ក្នុង​ចំណោម​ចរិត​លក្ខណៈ​ទាំងឡាយ​នៃ​សេចក្ដី​សប្បុរស ដែល​មាន​រៀបរាប់​​នៅក្នុង មរ៉ូណៃ 7:45 ។ ចូរ​​អធិស្ឋានសុំ​ដើម្បី​បាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរស ខណៈ​ដែល​អ្នក​ព្យាយាម​សម្រេច​គោលដៅ​របស់​អ្នក ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—មរ៉ូណៃ 7:41

សូម​សរសេរ​ខ​ទាំងមូល​នៅលើ​ក្រដាស​មួយ​សន្លឹក ។ សូម​សូត្រ​ខ​នោះ​បួន​ប្រាំ​ដង ។ ចូរ​លុប ( ឬ គូស​ចោល ) ពាក្យ ឬ ឃ្លា​ទាំងឡាយ រហូត​ទាល់តែ​អ្នក​អាច​សូត្រ​ខ​ទាំងមូល​បាន​ដោយ​ការចងចាំ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—មរ៉ូណៃ 7:45, 47–48

សូម​សរសេរ​អក្សរ​ទីមួយ​នៃ​ពាក្យ​នីមួយៗ ដែល​នៅក្នុង​ខ​ទាំងបី​នេះ​នៅលើ​ក្រដាស​មួយ​សន្លឹក ។ ចូរ​មើល​ក្រដាស​នោះ ដើម្បី​ជួយ​អ្នក​សូត្រ​ខ​ទាំងនោះ ។ ក្រោយពី​អ្នក​សូត្រ​ខ​ទាំងនេះ​បួន​ប្រាំ​ដង​ហើយ សូម​លុប ឬ គូស​ចោល​នូវ​អក្សរ​ទាំងឡាយ រហូត​ទាល់តែ​អ្នក​អាច​សូត្រ​ខ​ទាំងនេះ​បាន​ដោយ​ការចងចាំ ។ បន្ទាប់មក សូម​ជ្រើសរើស​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​មនុស្ស​តទៅ​នេះ ដែល​អ្នក​ចង់​មាន​សេចក្ដី​សប្បុរស​ចំពោះ​ពួកគេ​កាន់តែ​ច្រើន ៖ ក្រុមគ្រួសារ សមាជិក​ក្នុង​កូរ៉ុម ឬ ថ្នាក់​នៅ​ព្រះវិហារ មិត្ត​រួម​សាលា មិត្តភក្ដិ ឬ អ្នក​ជិត​ខាង ។ ចូរ​គិត​អំពី​មនុស្ស​ដែល​អ្នក​បាន​ជ្រើសរើស ពេលដែល​អ្នក​អាន មរ៉ូណៃ 7:45 ហើយ​ពិចារណា​អំពី​របៀប​ទាំងឡាយ ដែល​អ្នក​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​​ដូច​ជា​ព្រះគ្រីស្ទ កាន់តែ​ច្រើន​ឡើង​ដល់​មនុស្ស​ទាំងនេះ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​របៀប​មួយ ឬ ពីរ ដែល​អ្នក​នឹង​បង្ហាញ​សេចក្ដី​សប្បុរស​កាន់តែ​ខ្លាំង​ឡើង​ដល់​មនុស្ស​ទាំងនេះ ។ ក្នុង​អំឡុង​ពេល​សប្ដាហ៍​ខាង​មុខ​នេះ សូម​អធិស្ឋាន​ដើម្បី​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ក្នុង​ការអភិវឌ្ឍន៍​សេចក្ដី​សប្បុរស​ឲ្យ​កាន់តែ​ខ្លាំង​ចំពោះ​ពួកគេ ។ នៅ​ចុង​សប្ដាហ៍ សូម​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ជាមួយ​មិត្តភក្តិ ឬ សមាជិក​ក្រុមគ្រួសារ​ម្នាក់ ។

  2. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 7:20–48 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖