ថ្នាក់​សិក្ខាសាលា
អេធើរ


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​អេធើរ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ពេល​អ្នក​សិក្សា​គម្ពីរ​អេធើរ អ្នក​នឹង​រៀន​អំពី​ពួក​សាសន៍​យ៉ារេឌ—ជា​ប្រជាជន​មួយ​ក្រុម ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​អឌ្ឍគោល​ខាងលិច ហើយ​បាន​រស់នៅ​ទីនោះ​អស់​ជាច្រើន​សតវត្សរ៍ មុនពេល​ប្រជាជន​របស់​លីហៃ​មកដល់ ។ គម្ពីរ​នេះ​នឹង​ជួយ​អ្នក​រៀន​ពី​គោលការណ៍​សំខាន់ៗ ទាក់ទង​នឹង​ការអធិស្ឋាន វិវរណៈ និង ទំនាក់ទំនង​រវាង​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការទទួល​ការចេះដឹង​ខាង​វិញ្ញាណ ។ វា​នឹង​ជួយ​អ្នក​ផងដែរ ឲ្យ​យល់​ពី​តួនាទី​របស់​ពួក​ព្យាការី នៅក្នុង​ការលួងលោម​ប្រជាជន​ឲ្យ​ប្រែចិត្ត និងយល់​អំពី​លទ្ធផល​ដែល​កើត​មាន​ដល់​ពួក​អ្នក​ទាំងឡាយ ដែល​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ និង ពួក​ព្យាការី​របស់​ទ្រង់ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរ៉ូណៃ​បាន​សង្ខេប​គម្ពីរ​នេះ​ចេញពី​ផ្ទាំង​មាស 24 ផ្ទាំង ដែល​ហៅ​ថា ផ្ទាំង​អេធើរ ។ វា​ត្រូវបាន​ដាក់​ឈ្មោះ​តាម​ព្យាការី​អេធើរ ដែល​ជា​ព្យាការី​ចុងក្រោយ​គេ​របស់​ពួក​សាសន៍​យ៉ារេឌ និង ជា​អ្នក​ដែល​បាន​បង្កើត​បញ្ជី​មួយ​អំពី​ប្រវត្តិសាស្ត្រ​របស់​ពួកគេនោះ ( សូម​មើល អេធើរ 15:33–34 ) ។ នៅក្នុង​ជំនាន់​ស្ដេច​ម៉ូសាយ ប្រជាជន​លិមហៃ​មួយ​ចំនួន​បាន​រកឃើញ​ផ្ទាំង​ទាំងឡាយ​របស់​អេធើរ ពេល​ដែល​ពួកគេ​កំពុង​ស្វែងរក​ដែនដី​សារ៉ាហិមឡា ( សូម​មើល ម៉ូសាយ 8:7–11; អេធើរ 1:2 ) ។ ពួក​ព្យាការី និង អ្នក​រក្សា​បញ្ជី​សាសន៍​នីហ្វៃ បាន​ប្រគល់​ផ្ទាំង​អេធើរ​បន្ត​រហូត​ដល់​មរ៉ូណៃ ។ មរ៉ូណៃ​បាន​ថ្លែង​ថា លោក​ពុំ​បាន​បញ្ចូល « មួយ​ភាគ​រយ » នៃ​បញ្ជី​នេះ​នៅក្នុង​ការសង្ខេប​របស់​លោក​ផង ( អេធើរ 15:33 ) ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

ប្រភព​ដើម​ដែល​បាន​យក​មក​ប្រើប្រាស់​ដើម្បី​បង្កើត​គម្ពីរ​អេធើរ​នេះ ត្រូវបាន​សរសេរ​ឡើង​រាប់​សតវត្សរ៍ មុន​មរ៉ូណៃ​បាន​ធ្វើ​ការសង្ខេប​របស់​លោក​ម៉្លេះ ។ បញ្ជី​ទីមួយ​របស់​សាសន៍​យ៉ារេឌ​ត្រូវបាន​បង្កើត​ឡើង ពេល​បង​របស់​យ៉ារេឌ​បាន​សរសេរ​ការនិមិត្ត ដែល​លោក​បាន​ទទួល​មុនពេល​ប្រជាជន​លោក​ឆ្លងកាត់​សមុទ្រ ( សូម​មើល អេធើរ 4:1 ) ។ ពុំមាននិយាយ​អំពី​​អ្នក​ថែរក្សា​បញ្ជី​ណា​ផ្សេងទៀត​ក្នុង​ចំណោម​សាសន៍​យ៉ារេឌ​ទេ រហូត​ដល់​អេធើរ ( សូម​មើល អេធើរ 13:3; 15:33 ) ។ មរ៉ូណៃ​បាន​សង្ខេប​គម្ពីរ​អេធើរ ( សូម​មើល មរមន 8:3–6; មរ៉ូណៃ 10:1 ) ។ មរ៉ូណៃ​ពុំ​បាន​ថ្លែង​ពី​ទីកន្លែង​ដែល​លោក​នៅ ពេល​លោក​ធ្វើ​ការសង្ខេប​នេះ​ទេ ទោះ​យ៉ាង​ណា លោក​បាន​សរសេរ​ថា ពួក​សាសន៍​យ៉ារេឌ​ត្រូវបាន​បំផ្លិច​បំផ្លាញ​នៅក្នុង « ផ្ទៃ​ដែនដី​ខាង​ជើង » ( អេធើរ 1:1 ) ដែល​ចង្អុល​បង្ហាញ​ថា លោក​ប្រហែល​ជា​អាច​នឹង​នៅលើ​ដែនដី​ដែល​ពួកគេ​ត្រូវបាន​បំផ្លាញ​ចោល​នោះ ។