ថ្នាក់​សិក្ខាសាលា
មេរៀនទី 17 ៖ ថ្ងៃទី 3 អាលម៉ា 21–22


មេរៀនទី 17 ៖ ថ្ងៃទី 3

អាលម៉ា 21–22

សេចក្តីផ្ដើម

អើរ៉ុន ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំងឡាយ​របស់​អាំម៉ូន បាន​ព្យាយាម​បង្រៀន​ដល់​ពួក​សាសន៍​អាម៉ាលេកៃ និង ពួក​សាសន៍​អាមូឡុន អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ប៉ុន្តែ​ប្រជាជន​បាន​បដិសេធ​លោក ។ លោក និង ដៃគូ​របស់​លោក​មួយ​ចំនួន បាន​ជាប់គុក​ក្នុង​ដែនដី​មិឌដូណៃ ។ ពួកលោក​បន្ត​ស្មោះត្រង់ អំឡុង​ពេល​នៃ​ការលំបាក​របស់​ពួកលោក ។ បន្ទាប់ពី អាំម៉ូន និង ស្ដេច​ឡាម៉ូណៃ​បានជួយ​ដោះលែង​ពួកគេ​ហើយ អើរ៉ុន​បាន​បង្រៀន​បិតា​ស្ដេច​ឡាម៉ូណៃ ពី​របៀប​ដើម្បី « បានកើត​ពី​ព្រះ » ( អាលម៉ា 22:15 ) ។ ស្ដេច​បាន​រៀន​ថា តាមរយៈ​ការប្រែចិត្ត​ពី​អំពើបាប​របស់​ទ្រង់ នោះ​ទ្រង់​អាច​ស្គាល់​ព្រះ ហើយ​ទីបំផុត​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ភាពស្មោះត្រង់​របស់​អើរ៉ុន និង បងប្អូន​របស់​លោក បានជួយ​ដល់​ពួកសាសន៍​លេមិន​ជាច្រើន ឲ្យ​បាន​ស្គាល់​ព្រះ និង របៀប​នៃ​ការប្រោសលោះ​របស់​ទ្រង់ ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​គុក

អាលម៉ា 21:1–23

អើរ៉ុន និង បងប្អូន​របស់​លោក​ផ្សព្វផ្សាយ​ដំណឹងល្អ មិន​ថា​មាន​ការលំបាក និង ត្រូវ​ជាប់គុក​យ៉ាងណា​ក៏​ដោយ

សូម​គិត​ពី​ពេល​មួយ ពេលដែល​អ្នក​ព្យាយាម​យ៉ាង​ខ្លាំង ​ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ តែអ្នក​​នៅតែ​ជួប​នឹង​ការលំបាក ។ បន្ទាប់មក សូម​ពិចារណា​ពី​សំណួរ​តទៅ​នេះ ៖ ទោះជា​អ្នក​ជួប​នឹង​ការលំបាក តើ​អ្នក​បានធ្វើ​អ្វីខ្លះ​ ដើម្បី​នៅតែ​ស្មោះត្រង់ ? កាលដែល​អ្នក​សម្លឹង​មើលទៅ​​បទពិសោធន៍​នោះ តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​យ៉ាងណា​ខ្លះ​ដល់​អ្នក អំឡុង​គ្រា​នោះ ?

ខណៈ​ដែល​អាំម៉ូន​កំពុង​បង្រៀន​ស្ដេច​ឡាម៉ូណៃ និង ប្រជាជន​របស់​ទ្រង់ ( សូមមើល អាលម៉ា 17–19 ) អើរ៉ុន និង ដៃគូ​របស់​លោក​បានជួប​នូវ​ការលំបាក​ដ៏​ក្រៃលែង ពេល​ពួកលោក​បាន​ព្យាយាម​បង្រៀន​នៅ​ផ្នែក​ផ្សេងទៀត​នៃ​ដែនដី ។ សម្រាប់​សេចក្ដី​សង្ខេប​អំពី​ការលំបាក​ដែល​អើរ៉ុន និង ដៃគូ​របស់​លោក​បាន​រងទុក្ខ​ពេល​នៅក្នុង​គុក សូមអាន អាលម៉ា 20:28–30 ។ បន្ទាប់មក សូមអាន​វគ្គ​បទគម្ពីរ​ចេញពី អាលម៉ា 21:1–17 ដោយ​រកមើល​សកម្មភាព​តទៅ​នេះ ។ សូម​រកមើល​​របៀប​ដែល​អើរ៉ុន និង បងប្អូន​របស់​លោក ​បានដោះស្រាយ​នឹង​ការលំបាក​ទាំងនេះ ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ទុក​កន្លែង​សម្រាប់​យោបល់​របស់​អ្នក បន្ទាប់ពី​​គម្ពីរ​នីមួយៗ ៖

    ឧបសគ្គ ឬ ការលំបាក

    របៀប​ដែល​អើរ៉ុន និង ដៃគូ​របស់​លោក​បាន​ឆ្លើយតប

    អាលម៉ា 21:3

    អាលម៉ា 21:4

    អាលម៉ា 21:5–6, 8

    អាលម៉ា 21:7, 9

    អាលម៉ា 21:10–11

    អាលម៉ា 21:11–12

    អាលម៉ា 21:13–14

    អាលម៉ា 21:15

    បន្ទាប់ពី​អាន​វគ្គ​គម្ពីរ​នីមួយៗ​ហើយ សូម​សរសេរ​ពី​ឧបសគ្គ ឬ ការលំបាក​ទាំងឡាយ ដែល​អើរ៉ុន និង ដៃគូ​របស់​លោក​បាន​ជួប នៅ​កូឡោន​ខាង​ឆ្វេង​នៃ​តារាង ។ នៅ​កូឡោន​ខាង​ស្ដាំ សូម​សរសេរ​ពី​របៀប​ដែល​អើរ៉ុន និង ដៃគូ​របស់​លោក​បាន​ឆ្លើយ​តប ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​អាច​ជា​ការងាយស្រួល​សម្រាប់​ពួកលោក ដើម្បី​នឹង​បាក់ទឹកចិត្ត បោះបង់ក្ដី​សង្ឃឹម និង ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅកាន់​កន្លែង​ដែល​គេ​រាក់ទាក់​​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​នោះ ?

    2. ក្នុង​នាម​ជា​សមាជិក​​ផ្សព្វផ្សាយ​ តើ​យើង​អាច​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ការសិក្សា​ដំណើរ​រឿង​នេះ ?

សូមអាន អាលម៉ា 21:16–17 ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បានជួយ​អើរ៉ុន និង បងប្អូន​របស់​លោក ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ខណៈដែល​ពួកលោក​នៅ​ស៊ូ​ទ្រាំ​ដោយ​សេចក្ដី​ជំនឿ ។ តាមរយៈ​អើរ៉ុន និង បងប្អូន​របស់​លោក យើង​រៀន​ពី​គោលការណ៍​នេះថា ៖ បើ​យើង​តស៊ូ​​ឆ្លងកាត់​ការលំបាក​របស់​យើង​ដោយ​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​គិត​ពី​កិច្ចការ​របៀប​ណា ដែល​ព្រះ​មាន​សម្រាប់​ធ្វើ​ឥឡូវនេះ និង នៅក្នុង​ពេល​អនាគត និង ឧបសគ្គ​ដែល​អ្នក​អាច​នឹង​ជួប ក្នុង​ការព្យាយាម​សម្រេច​កិច្ចការ​នេះ ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពី ប្រធាន ថូម៉ាស អេស. ម៉នសុន ដែល​បាន​បង្រៀន​ថា យើង​អាច​មាន​ការលំបាក​នានា ពេល​យើង​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ៖

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

« ដើម្បី​ឈោង​ជួយ ដើម្បី​បង្រៀន ដើម្បី​មានឥទ្ធិពល​ប៉ះ​ដល់​ព្រលឹង​ដ៏​មាន​តម្លៃ​ដែល​ព្រះវរបិតា​យើង​បានរៀបចំ​សម្រាប់​សារដំណឹង​របស់​ទ្រង់ គឺជា​ភារកិច្ច​ដ៏​ធំ​មហិមា ។ ជោគជ័យ​ ពិតជា​​ពុំមាន​ដោយ​ងាយស្រួលនោះ​​ឡើយ ។ ជាទូទៅ ជោគជ័យ​កើតចេញ​ពី​ទឹកភ្នែក ទុក្ខលំបាក ទំនុកចិត្ត និង ទីបន្ទាល់ ។ …

« … អ្នកបម្រើ​របស់​ព្រះ ទទួលយក​ការលួងលោម​ពី​ការអះអាង​របស់​ព្រះអម្ចាស់ ‹ ខ្ញុំ​ក៏​នឹង​នៅ​ជាមួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ › ( ម៉ាថាយ 28:20 ) ។ ការសន្យា​ដ៏​ប្រពៃ​នេះ​គាំទ្រ​ដល់​អ្នក ។ … វា​លួងលោម​អ្នក​អំឡុង​ពេល​បាក់​ទឹកចិត្ត​ទាំងនោះ ដែល​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា » ( “Tears, Trials, Trust, Testimony” Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 43 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​បទពិសោធន៍​មួយ ពេលដែល​អ្នក​តស៊ូ​​ឆ្លងកាត់​ទុក្ខលំបាក​ដោយ​ស្មោះត្រង់ ។ ឬ អ្នក​អាច​សរសេរ​ពី​របៀប​ដែល​អ្នក​ដាក់​ផែនការ ដើម្បី​នៅ​ស្មោះត្រង់ ក្នុង​ឧបសគ្គ​មួយ​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ប្រើ​នូវ​គោលការណ៍​នៅក្នុង​មេរៀន​នេះ ។ សូម​សរសេរ​ផងដែរ អំពី​ស្ថានភាព​មួយ​ចំនួន​ក្នុង​ពេល​អនាគត ពេលដែល​អ្នក​គិត​ថា អ្នក​អាច​នឹង​ត្រូវ​តស៊ូ​​ឆ្លងកាត់​ទុក្ខ​លំបាក ពេល​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សូមអាន អាលម៉ា 21:18–23 ដើម្បី​ឃើញ​ពី​អ្វី​ដែល​អាំម៉ូន​បានធ្វើ បន្ទាប់ពី​ជួយ​ដល់​អើរ៉ុន និង បងប្អូន​របស់​លោក​ឲ្យ​បាន​រួច​ពី​គុក​ហើយ ។ រកមើល​ថាតើ​ជីវិត​របស់​ពួក​សាសន៍​លេមិន​បាន​ផ្លាស់​ប្ដូរ​យ៉ាងណា ដោយសារតែ​អាំម៉ូន​បាន​បង្រៀន​ដំណឹងល្អ​ដល់​ពួកគេ ។

សូម​គិត​ថាតើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ គិត​អំពី​នរណា​ម្នាក់​ដែល​អាច​ទទួល​ឥទ្ធិពល​ពី​គំរូ​របស់​អើរ៉ុន និង បងប្អូន​លោក ។ សូម​ពិចារណា​ក្នុង​ការចែកចាយ​ជាមួយ​បុគ្គល​នោះ ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គំរូ​របស់​អើរ៉ុន និង បងប្អូន​លោក កាលដែល​ពួកលោក​បាន​តស៊ូ​យ៉ាង​ស្មោះត្រង់​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

អាលម៉ា 22

បិតា​របស់​ឡាម៉ូណៃ ដែល​ជា​ស្ដេច​គ្រប់គ្រង​លើ​អស់​ទាំង​ដែនដី ជឿ​លើ​ដំណឹង​ល្អ ពេល​ដែល​ត្រូវបាន​បង្រៀន​ដោយ​អើរ៉ុន

រំឭក​ឡើងវិញ​ពេល​ដែល​អាំម៉ូន​បាន​ជួប​ជាមួយ​បិតា​របស់​ឡាម៉ូណៃ ដែល​មាន​រំឭក​នៅក្នុង​មេរៀន​ពី​មុន​នេះ ។ សូម​អាន​ឡើង​វិញ​នូវ​សំណើរ​ជាក់លាក់​របស់​ស្ដេច ទៅកាន់​អាំម៉ូន ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 20:27 ។ ពេល​អ្នក​អាន អាលម៉ា 22:1–3 សូម​រកមើល​ពី​របៀប​ដែល​ស្ដេច​បាន​ឆ្លើយតប​ចំពោះ​ការមក​ជួប​របស់​អើរ៉ុន ។

សូមអាន អាលម៉ា 22:4–6 ហើយ​រកមើល​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ព្រះទ័យ​របស់​បិតា​ស្ដេច​ឡាម៉ូណៃ ។ សូម​ពិនិត្យ​មើល អាលម៉ា 22:7–14 រកមើល​សេចក្ដី​ពិត​ដែល​អើរ៉ុន​បាន​បង្រៀន​ដល់​បិតា​របស់​ឡាម៉ូណៃ ។

សូម​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ( វា​អាច​ជា​ប្រយោជន៍​ក្នុង​ការនឹកចាំ​ពី​ការពិភាក្សា​ស្រដៀង​គ្នា​នេះ អំពី​ស្ដេច​ឡាម៉ូណៃ នៅក្នុង អាលម៉ា 17–18 ) ៖

  • ហេតុអ្វី​ស្ដេច​ត្រូវតែ​ជឿ​លើ​ព្រះ ដើម្បី​យល់​ពី​ការប្រែចិត្ត ?

  • តើ​ការដឹង​អំពី​ការធ្លាក់ ជួយ​ដល់​ស្ដេច​ឲ្យ​យល់​ពី​ការប្រែចិត្ត​ដោយ​របៀប​ណា​ដែរ ?

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បានជា​សំខាន់​ម៉្លេះ ក្នុង​ការយល់​ពី​ការធ្លាក់​របស់​លោក​អ័ដាម និង ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យល់​ពី​ការប្រែចិត្ត ?

សូម​ពិនិត្យ​មើល អាលម៉ា 22:15 រកមើល​ពី​អ្វី​ដែល​បិតា​ស្ដេច​ឡាម៉ូណៃ​មាន​ព្រះឆន្ទៈ​នឹង​លះបង់ ដើម្បី​បានទទួល​សេចក្ដី​អំណរ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​សូម​ពិចារណា​ពី​ការគូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​ឥរិយាបទ​របស់​​បិតា​ស្ដេច​ឡាម៉ូណៃ​ គឺ​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​មាន​បំណង​ប្រាថ្នា​មក​ស្គាល់​ព្រះ ដើម្បី​មានឥរិយាបទ​បែប​​នេះ​​ដែរនោះ ?

សូមអាន អាលម៉ា 22:16 ដើម្បី​ឃើញ​ពី​របៀប​ដែល​អើរ៉ុន​ឆ្លើយ​សំណួរ​របស់​ស្ដេច អំពី​របៀប​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ( សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​ពី​សេចក្ដី​ពិត​សំខាន់ៗ ដែល​អ្នក​ឃើញ​ថា កំពុង​ត្រូវបាន​បង្រៀន​នៅក្នុង​ខ​នេះ ) ។ តើ​ការទទួល​យក និង រស់នៅ​តាម​សេចក្ដី​ពិត​ទាំងឡាយ ដែល​អើរ៉ុន​បាន​បង្រៀន ដឹកនាំ​មនុស្ស​ម្នាក់​ឲ្យ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​របៀប​ណា​ដែរ ?

សូមអាន អាលម៉ា 22:17–18 រកមើល​ពី​របៀប​ដែល​ស្ដេច​បាន​ឆ្លើយតប​ចំពោះ​ការណែនាំ​របស់​អើរ៉ុន ។ សូម​សញ្ជឹងគិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​យើង​អាច​រៀន​អ្វី អំពី​ការកើត​ពី​ព្រះ ពី​បិតា​របស់​ស្ដេច​ឡាម៉ូណៃ ?

អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​នេះ ដែល​នៅក្នុង អាលម៉ា 22:18 ៖ « ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំង​អំពើបាប​របស់​ទូល​បង្គំ ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ » ។ សូម​សញ្ជឹងគិត​ពី​សេចក្ដី​ពិត​តទៅ​នេះ ហើយ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យើង​ត្រូវតែ​មាន​ឆន្ទៈ​នឹង​លះបង់ចោល​អស់​ទាំង​អំពើ​បាប​របស់​យើង ដើម្បី​ផ្លាស់ប្ដូរ​ខាង​ឯ​វិញ្ញាណ និង បានកើត​ពី​ព្រះ ។

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជំរុញ​យើង​ឲ្យ​ផ្លាស់​ប្ដូរ ។ ‹ ប្រែចិត្ត › គឺជា​សារដំណឹង​របស់​ដំណឹងល្អ​ដែល​ឮ​យ៉ាង​ញឹកញាប់​បំផុត ហើយ​ការប្រែចិត្ត​គឺ​មានន័យ​ថា ជា​ការលះបង់​ចោល​នូវ​ការអនុវត្តន៍​ទាំងអស់​របស់​យើង—ទាំង​ការអនុវត្តន៍​ផ្ទាល់​ខ្លួន ក្នុង​គ្រួសារ ជនជាតិ និង សាសន៍—ដែល​ផ្ទុយ​ពី​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ គោលបំណង​នៃ​ដំណឹងល្អ គឺ​ដើម្បី​ផ្លាស់ប្រែ​មនុស្សលោក​ធម្មតា​ទៅជា​ប្រជាជាតិ​សេឡេស្ទាល ហើយ​ការណ៍​នោះ​ គឺ​តម្រូវ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ » ( “Repentance and Change” Ensignលីអាហូណា ខែ ធ្នូ ឆ្នាំ 2003 ទំព័រ 37 ) ។

សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​អ្នក​ឥឡូវ​នេះ ដើម្បី​ផ្លាស់​ប្ដូរ​ខាង​ឯ​វិញ្ញាណ ។

សូមអាន អាលម៉ា 22:19–22 ដើម្បី​ឃើញ​ពី​ហេតុការណ៍​អ្វី​ខ្លះ​ដែល​បាន​កើតឡើង ក្រោយពី​ការអធិស្ឋាន​របស់​ស្ដេច ។ សូមអាន អាលម៉ា 22:23–27 រកមើល​ពី​អ្វី​ដែល​បិតា​របស់​ឡាម៉ូណៃ​បាន​ធ្វើ ដោយសារ​ទ្រង់​បាន​ទទួល​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត និង បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដោយ​ផ្ទាល់​ព្រះអង្គ​ទ្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​បានរៀន អំពី​ការកើត​ម្ដងទៀត ចេញពី​ការសិក្សា​អំពី​បិតា​របស់​ស្ដេច​ឡាម៉ូណៃ ។ សូម​ពន្យល់ ថាតើ​អ្នក​គិត​ថា គំរូ​របស់​ទ្រង់​អាច​ជួយ​យុវវ័យ​សព្វថ្ងៃ​នេះ ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​ដោយ​របៀបណា នៅក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​បាន​កើត​ពី​ព្រះ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 21–22 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖