ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 28 ៖ ថ្ងៃ​ទី 2 មរមន 1–2


មេរៀនទី 28 ៖ ថ្ងៃ​ទី 2

មរមន 1–2

សេចក្តី​ផ្ដើម

ទោះបី​មរមន​បាន​ធំ​ឡើង​នៅក្នុង​ពេល​មួយ​នៃ​សេចក្ដី​ទុច្ចរិត​ដ៏​ធំក្ដី ក៏​លោក​បាន​ជ្រើសរើស​ដើម្បី​ស្មោះត្រង់ដែរ ។ ដោយសារ​តែ​ភាពស្មោះ​ត្រង់​របស់​លោក នោះ​លោក​ត្រូវបាន​ហៅ​ឲ្យ​ថែរក្សា​បញ្ជី​ទាំងឡាយ​របស់​សាសន៍​នីហ្វៃ ។ ពេល​មរមន​មាន​អាយុ 15 ឆ្នាំ លោក​ត្រូវ​បាន « ព្រះអម្ចាស់ ទ្រង់​បាន​យាង​មក​ជួប … ហើយ​បាន​ភ្លក់ ហើយ​បាន​ស្គាល់​នូវ​សេចក្តីល្អ​សប្បុរស​នៃ​ព្រះយេស៊ូវ » ( មរមន 1:15 ) ។ នៅ​ឆ្នាំ​ដដែល​នោះ ពួក​សាសន៍​នីហ្វៃ​បាន​ចាត់តាំង​លោក​ឲ្យ​ដឹកនាំ​ពួក​ពលទ័ព​របស់​ពួកគេ ( សូម​មើល មរមន 2:1 ) ។ លោក​មាន​បំណង​ប្រាថ្នា​ជួយ​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ប្រែចិត្ត ប៉ុន្តែ​ដោយសារ​តែ​ការតាំងចិត្ត​បះបោរ​របស់​ពួកគេ នោះ​លោក​ត្រូវបាន​ព្រះអម្ចាស់​ហាមឃាត់​ក្នុង​ការផ្សព្វផ្សាយ​ទៅ​ដល់​ពួកគេ ។ ពួក​សាសន៍​នីហ្វៃ​បាន​បាត់បង់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង អំណោយ​ទាន​របស់​ព្រះ​ផ្សេងៗ​ទៀត ហើយ​ត្រូវបាន​ទុក​ឲ្យ​ពឹងលើ​កម្លាំង​របស់​ខ្លួន​ពួកគេ​ផ្ទាល់ ពេល​ពួកគេ​ធ្វើ​ចម្បាំង​ជាមួយ​ពួក​សាសន៍​លេមិន ។

មរមន 1:1–5

មរមន​ត្រូវបាន​ប្រទាន​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ ។

តើ​ពាក្យ​អ្វី​ខ្លះ ដែល​អ្នក​ចង់ឲ្យ​មនុស្ស​ប្រើ ពេល​គេ​ពិពណ៌នាអំ​ពី​អ្នក ?

តើ​អ្នក​ធ្លាប់​ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា ពួក​មរមន​ម្នាក់​ទេ ? តើ​វា​ន័យ​យ៉ាងណា​ចំពោះ​អ្នក ដែល​មាន​នរណា​ម្នាក់​ពិពណ៌នា​អំពី​អ្នក ថា​ជា​ពួក​មរមន​ម្នាក់ ?

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​អំពី​ឈ្មោះហៅ​ក្រៅ​ថា មរមន ដែល​មនុស្ស​មួយ​ចំនួន​ប្រើប្រាស់ ពេល​សំដៅ​ដល់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី

« ខណៈ​ដែល​ពេលខ្លះ ខ្ញុំ​សោកស្ដាយ​ដែល​មនុស្ស​ពុំ​ហៅ​សាសនាចក្រ​នេះ ដោយ​ឈ្មោះ​ត្រឹមត្រូវ នោះ​ខ្ញុំ​ក៏​រីករាយ ដែល​ឈ្មោះ​ក្រៅ​ដែល​ពួកគេ​ប្រើ​នោះ គឺជា​កិត្តិយស​ដ៏​ធំធេង​មួយ​នៃ​បុរស​ដ៏​អស្ចារ្យ​ម្នាក់ និង នៃ​គម្ពីរ​មួយ​ដែល​ផ្ដល់​នូវ​ទីបន្ទាល់​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន អំពី​ព្រះអង្គ​ប្រោសលោះ​នៃ​ពិភពលោក ។

« អ្នក​ណា​ដែល​បាន​ស្គាល់​បុរស​មរមន តាមរយៈ​ការអាន និង ការសញ្ជឹង​គិត​ពី​ពាក្យ​សម្ដី​របស់​លោក អ្នកណា​ដែល​អាន​នូវ​រតនៈ​សម្បត្តិ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​នេះ ដែល​ត្រូវបាន​ចងក្រង និង រក្សាទុក​នៅក្នុង​ទំហំ​ដ៏​ធំ​ដោយ​លោក នឹង​បាន​ដឹង​ថា មរមន​មិនមែន​ជា​ពាក្យ​នៃ​ឈ្មោះ​អាក្រក់​នោះទេ ប៉ុន្តែ​ថា ជា​តំណាង​ឲ្យ​ការល្អ​ដ៏​អស្ចារ្យ​បំផុត—ជា​ការណ៍​ល្អ​ដែល​ជា​របស់​ផង​ព្រះ » ( Mormon Should Mean ‘More Good’” Ensign ខែ វិច្ឆិកា ឆ្នាំ 1990 ទំព័រ 52–53 ) ។

មរមន​ជា​ព្យាការី បាន​កើត​មក​នៅក្នុង​គ្រា​មួយ ពេល​ដែល​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ដែល​នៅក្នុង​ដែនដី រស់នៅ​ក្នុង​ភាពទុច្ចរិត ។ នៅ​ពេល​នោះ មាន​ព្យាការី​ម្នាក់​ឈ្មោះ​អាំម៉ារុន ដែល​ត្រូវបាន​បាន​បញ្ជា​ឲ្យ​លាក់​ទុក​បញ្ជី​ពិសិដ្ឋ​ទាំងអស់ ( សូម​មើល នីហ្វៃទី4 1:47–49 ) ។ អាំម៉ារុន​បាន​ជួប​នឹង​ក្មេងប្រុស​មរមន ដែល​ពេល​នោះ​មាន​អាយុ 10 ឆ្នាំ ហើយ​បាន​ផ្ដល់​ការណែនាំ​ដល់​លោក ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​នា​ពេល​អនាគត​របស់​លោក​ចំពោះ​បញ្ជី​ទាំងឡាយ ។ សូម​អាន មរមន 1:2 ហើយ​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​អាំម៉ារុន​បាន​ប្រើ​ក្នុង​ការពិពណ៌នា​ពី​មរមន​ដ៏​ក្មេង​ខ្ចីរូប​នេះ ។

ពាក្យ​មួយ​ដែល​អាំម៉ារុន​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​មរមន គឺពាក្យ​ម៉ឺងម៉ាត់ ។ ពាក្យ​ម៉ឺងម៉ាត់ មាន​ន័យ​ថា ហ្មត់ចត់ មធ្យ័ត សុចរិត ឬ បរិសុទ្ធ ។ អ្នក​អាច​នឹង​ចង់​សរសេរ​និយមន័យ​នេះ នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក ។ តើ​អ្នក​គិត​ថា អ្នក​គប្បី​តែ​ម៉ឺងម៉ាត់​ចំពោះ​រឿង ឬ ស្ថានភាព​អ្វី​ខ្លះ​នៅក្នុង​ជីវិត ? វា​សំខាន់​ក្នុង​ការយល់​ថា មនុស្ស​ម៉ឺងម៉ាត់​អាច​មាន​សេចក្ដី​សប្បាយ និង សំណើច ប៉ុន្តែ​ពួកគេ​យល់​ថា ពេលណា​វា​សមរម្យ​ក្នុង​ការមាន​ភាពសប្បាយ​រីករាយ ហើយ​ពេលណា​ដែល​សមរម្យ​ក្នុង​ការមាន​ភាពហ្មត់ចត់ ។

អាំម៉ារុន​ក៏​បាន​ពិពណ៌នា​ផងដែរ​ថា មរមន « ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស » ( មរមន 1:2 ) ។ តើ​អ្នក​គិត​ថា ការចេះ​សង្កេត​ដោយ​ឆាប់​រហ័ស មានន័យ​យ៉ាង​ណា ? អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ពាក្យ​សង្កេត ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រះគម្ពីរ​ក្នុង​របៀប​ពីរ​យ៉ាង ៖

« អំណោយទាន​ខាង​វិញ្ញាណ​ដែល​ហាក់ដូច​ជា​សាមញ្ញ និង ប្រហែល​ជា​ត្រូវបានគេ​មិន​សូវ​ពេញចិត្ត​ —នោះ​គឺ​សមត្ថភាព​ក្នុង​ការ ‹ ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស › ( មរមន 1:2 )—វា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក និង សម្រាប់​ខ្ញុំ នៅក្នុង​ពិភពលោក​ដែល​យើង​រស់នៅ​ពេល​ឥឡូវ​នេះ ហើយ​នឹងពិភព​ដែល​យើង​នឹង​រស់នៅ ។ …

« សូម​ពិចារណា​ពី​ភាពចាំបាច់​នៃ​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​សំខាន់​នេះ ។ ដូច​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រះគម្ពីរ ពាក្យ​សង្កេត មាន​ការប្រើប្រាស់​ចម្បង​ពីរ​យ៉ាង ។ ការប្រើប្រាស់​មួយ​ បង្ហាញ​ថា ‹ មើល › ឬ ‹ ឃើញ › ឬ ‹ កត់ចំណាំ ›—ដូច​ដែល​យើង​រៀន​នៅក្នុង អេសាយ 42:20 ។ …

« ការប្រើប្រាស់​ទី​ពីរ​នៃ​ពាក្យ​សង្កេត គឺ ‹ គោរព​ប្រតិបត្តិ › ឬ ‹ រក្សា ›—ដូច​មាន​ក្នុង [ គោលលទ្ធិ និង សេចក្ដី​សញ្ញា 54:6 ] ។ …

« ដូចនេះ ពេល​យើង​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស យើង​មើល ឬ កត់​ចំណាំ និង គោរព​ប្រតិបត្តិ​ដោយ​ឆាប់​រហ័ស ។ ធាតុ​គ្រឹះ​ទាំង​ពីរ​នេះ—ការមើល និង ការគោរព​ប្រតិបត្តិ—គឺ​សំខាន់​ក្នុង​ការចេះ​សង្កេត​ដោយ​ឆាប់​រហ័ស ។ ហើយ​ព្យាការី​មរមន គឺជា​គំរូ​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​អំពី​អំណោយទាន​នេះ » ( “Quick to Observe” Ensign ខែ ធ្នូ ឆ្នាំ 2006 ទំព័រ 31–32 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ការគិត​របស់​អ្នក អំពី​របៀប​ដែល​ចរិត​លក្ខណៈ​នៃ​ការចេះ​សង្កេត​ដោយ​ឆាប់​រហ័ស​នេះ អាច​ជួយ​អ្នក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

សូម​អាន មរមន 1:3–5 ហើយ​រកមើល​ការណែនាំ​របស់​អាំម៉ារុន​ដល់​មរមន ។ តើ​ចរិត​លក្ខណៈ​របស់​មរមន​ដែល​មាន​ភាពម៉ឺងម៉ាត់ និង ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស អាច​ជួយ​លោក​ជាមួយ​នឹង​ការទទួល​ខុសត្រូវ​ទាំងនេះ​ដោយ​របៀប​ណា​ដែរ ?

មរមន 1:6–19

មរមន​ត្រូវបាន​ហាមឃាត់​ដោយ​ព្រះអម្ចាស់ ក្នុង​ការផ្សព្វផ្សាយ ដោយសារ​តែ​ការបះបោរ​ប្រកប​ដោយ​តាំងចិត្ត​របស់​ប្រជាជន

រូបភាព
មរមន

តើ​អ្នក​ធ្លាប់​បាត់បង់​អ្វី​មួយ​ដែល​មាន​តម្លៃ​ខ្លាំងឬ​ទេ ? ខណៈ​នៅក្នុង​យុវវ័យ​របស់​លោក​នៅឡើយ មរមន​បាន​ឃើញ​ចម្បាំង​ជាច្រើន​រវាង​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន និង ការរីក​រាលដាល​នៃ​សេចក្ដី​ទុច្ចរិត​ដ៏​ធំធេង​នៅលើ​ដែនដី ( សូម​មើល មរមន 1:6–13 ) ។ ដោយសារ​សេចក្ដី​ទុច្ចរិត​របស់​ពួក​សាសន៍​នីហ្វៃ​ បាន​ក្លាយជា​ធំធេង​ដល់​ម៉្លេះ នោះ​មរមន​បាន​កត់ត្រា​ថា ពួកគេ​បាន​បាត់បង់​អំណោយទាន​ដ៏​មាន​តម្លៃ​ជាច្រើន​ពី​ព្រះអម្ចាស់ ។

  1. សូម​ធ្វើ​កូឡោនពីរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ដាក់​ចំណងជើង​កូឡោនទីមួយ​ថា « អំណោយទាន​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​បាត់បង់ » ។ សូម​អាន មរមន 1:13–14, 18 ហើយ​រកមើល​ថា អំណោយទាន​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ដកចេញ​ពី​ពួក​សាសន៍​នីហ្វៃ ។ សូម​សរសេរ​ការរកឃើញ​ទាំងឡាយ​របស់​អ្នក​នៅក្នុង​កូឡោនទីមួយ ។ ដាក់​ចំណងជើង​កូឡោនទីពីរ​ថា « មូលហេតុ​ដែល​ព្រះអម្ចាស់​ដកយក​អំណោយទាន​របស់​ទ្រង់ » ។ សូម​អាន មរមន 1:14, 16–17, 19 ហើយ​រកមើល​មូលហេតុ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ដកយក​អំណោយទាន​ទាំងឡាយ​របស់​ទ្រង់​ពី​ពួក​សាសន៍​នីហ្វៃ ។ សរសេរ​ការរកឃើញ​ទាំងឡាយ​របស់​អ្នក​នៅក្នុង​កូឡោនទីពីរ ។

ចេញពី​ខ​ទាំងនេះ យើង​អាច​រៀន​ថា សេចក្ដី​ទុច្ចរិត និង ការឥត​ជំនឿ​ច្រានចេញ​នូវ​អំណោយទាន​ទាំងឡាយ​របស់​ព្រះអម្ចាស់ និង ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ថ្វីបើ​ការបះបោរ​របស់​ពួក​សាសន៍​នីហ្វៃ​ខ្លាំងក្លា​ក្រៃលែង​ក្ដី ក៏​គោលការណ៍​នេះ​​អនុវត្ត​បាន​ផងដែរ​ចំពោះ​យើង​ម្នាក់ៗ ពេលដែល​យើង​មិន​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ណាមួយ​របស់​ព្រះ ។

បើ​អ្នក​បាន​រស់នៅ​ក្នុង​ជំនាន់​មរមន តើ​អំណោយទាន​របស់​ព្រះ​ណា​មួយ ដែល​មាន​លើកឡើង​ក្នុង មរមន 1:13–14, 18 ដែល​អ្នក​សោកស្ដាយ​បំផុត​ក្នុង​ការបាត់បង់​ទៅ​នោះ ?

សូម​អាន មរមន 1:15 ហើយ​រកមើល​អ្វី​ដែល​មរមន​បាន​មាន​បទពិសោធន៍ ខណៈ​ដែល​ពួក​សាសន៍​នីហ្វៃ​ផ្សេងទៀត​បាត់បង់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង អំណោយទាន​ផ្សេងទៀត​របស់​ព្រះ​នោះ ។ តើ​អ្នក​គិត​ថា មរមន​អាច​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដោយ​របៀប​ណា សូម្បី​តែ​លោក​ស្ថិត​នៅក្នុង​កណ្ដាល​ភាពទុច្ចរិត​ដ៏​ធំធេង​នោះ ?

មរមន 2:1–15

មរមន​ដឹកនាំ​ពលទ័ព​សាសន៍​នីហ្វៃ និង មាន​ទុក្ខ​ព្រួយ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ

សូម​ពិចារណា​នូវ​សាច់​រឿង​តទៅ​នេះ ៖ បុរស​អាយុ 30 ឆ្នាំ​ម្នាក់ រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​គាត់ ហើយ​ជ្រើសរើស​មិន​រក​ការងារ​ធ្វើ​ទេ ។ តែ​គាត់​រស់នៅ​ដោយសារ​កម្លាំង​ឪពុក​ម្ដាយ​គាត់​ទៅវិញ ហើយ​ចំណាយ​ពេល​របស់​គាត់​ដោយ​ឥត​ប្រយោជន៍​ទៅលើ​សកម្មភាព​ដែល​គ្មាន​ផល​ប្រយោជន៍ ដូចជា​ចំណាយ​ពេល​ច្រើន​បំផុត​ទៅលើ​ការលេង​វីដេអូ​ហ្គេម​ជាដើម ។ សូម​បញ្ច្រាស់​សាច់រឿង​នេះ ជាមួយ​នឹង​ការពិពណ៌នា​ពី​ក្មេង​ប្រុស​មរមន ពេល​អ្នក​សិក្សា មរមន 2 ។

សូម​អាន មរមន 2:1–2 ហើយ​រកមើល​ថា ការទទួល​ខុសត្រូវ​អ្វី​ដែល​ត្រូវបាន​ប្រគល់​ដល់​មរមន ហើយ​លោក​មាន​អាយុ​ប៉ុន្មាន​ពេល​លោក​ទទួល​វា ។

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ការចាត់តាំង​របស់​មរមន ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ពលទ័ព​សាសន៍​នីហ្វៃ នោះ​ពួក​ពលទ័ព​សាសន៍​លេមិន​ បាន​សន្ធប់​មកលើ​ពួក​សាសន៍​នីហ្វៃ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ភ័យខ្លាច និង ដកថយ ។ ពួក​សាសន៍​លេមិន​រុញច្រាន​ពួកគេ​ចេញពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ រហូត​ដល់​ពួក​សាសន៍​នីហ្វៃ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅនឹង​កន្លែង​មួយ ។ នៅ​ទីបំផុត ពលទ័ព​របស់​មរមន​បាន​តទល់​នឹង​ពួក​សាសន៍​លេមិន ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​រត់គេច​ទៅ ( សូម​មើល មរមន 2:3–9 ) ។

  1. សូម​អាន មរមន 2:10–15 ហើយ​រកមើល​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​នីហ្វៃ បន្ទាប់​ពី​ចម្បាំង​ទាំងនេះ ។ បន្ទាប់​មក ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ពួក​សាសន៍​នីហ្វៃ​មាន​ទុក្ខ​ព្រួយ ?

    2. យោង​តាម មរមន 2:14 តើ​មរមន​បាន​ដឹង​ដោយ​របៀប​ណា​ថា សេចក្ដី​ទុក្ខព្រួយ​របស់​ពួកគេ ពុំមែន​ជា​ការបង្ហាញ​ពី​ការប្រែចិត្ត​ដ៏​ពិត​នោះ ?

    3. តើ​មាន​ភាពខុស​គ្នា​អ្វី​ខ្លះ ដែល​អ្នក​អាច​ឃើញ​នៅក្នុង មរមន 2:13–14 រវាង​ពួក​អ្នក​ដែល​មាន​ទុក្ខព្រួយ​ដែល​នាំ​ទៅរក​ការប្រែចិត្ត និង ពួក​អ្នក​ដែល​ទុក្ខព្រួយ​របស់​ពួកគេ​នាំ​ទៅរក​សេចក្ដី​ជាប់​ទោស ( ត្រូវបាន​បញ្ឈប់​ពី​ការរីក​ចម្រើន​របស់​ពួកគេ ) ?

ខ​ទាំងនេះ​បង្រៀន​ថា ប្រសិនបើ​សេចក្ដី​ទុក្ខ​ព្រួយ​ចំពោះ​អំពើ​បាប​របស់​យើង​នាំ​ទៅរក​ការប្រែចិត្ត នោះ​វា​នឹង​នាំ​យើង​ទៅរក​ព្រះគ្រីស្ទ​ដោយ​ដួងចិត្ត​រាបទាប ។ វា​ក៏​បង្ហាញ​ផងដែរ​នូវ​គោលការណ៍​នេះ​ថា សេចក្ដី​ទុក្ខព្រួយ​ដែល​មាន​ចំពោះ​តែ​លទ្ធផល​នៃ​អំពើ​បាប នាំ​ទៅរក​សេចក្ដី​ជាប់​ទោស ( ឬ ត្រូវបាន​បញ្ឈប់​ពី​ការរីក​ចម្រើន​របស់​យើង​ឆ្ពោះ​ទៅ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មនុស្ស​ម្នាក់​ដែល​ធ្វើ​អំពើ​បាប អាច​នឹង​បង្ហាញ​ពី​សេចក្ដី​ទុក្ខព្រួយ​ខាង​លោកិយ​យ៉ាង​ដូច​ម្ដេច—គឺជា​ទុក្ខព្រួយ​ដែល​នាំ​ទៅរក​សេចក្ដី​ជាប់ទោស​នោះ ?

    2. តើ​មនុស្ស​ម្នាក់​ដែល​ធ្វើ​អំពើ​បាប អាច​នឹង​បង្ហាញ​ពី​សេចក្ដី​ទុក្ខព្រួយ​ដែល​នាំ​ទៅរក​ការប្រែចិត្ត​ដោយ​របៀប​ណា ?

សូម​សញ្ជឹង​គិត ថាតើ​អ្នក​ឆ្លើយ​តប​ដោយ​របៀប​ណា ពេល​អ្នក​ដឹង​ថា អ្នក​បាន​ធ្វើ​កំហុស ឬ អំពើ​បាប ។ បើ​អ្នក​មករក​ព្រះអង្គ​សង្គ្រោះ​ដោយ​ដួងចិត្ត​រាបទាប ហើយ​ប្រែចិត្ត នោះ​អ្នក​អាច​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​សុខសាន្ត ហើយ​បាន​ស្រុះស្រួល​នឹង​ព្រះ ។

មរមន 2:16–29

មរមន​ទទួល​ផ្ទាំង​ទាំងឡាយ ហើយ​កត់ត្រា​ដំណើរ​រឿង​នៃ​ភាពទុច្ចរិត​របស់​ប្រជាជន​លោក

ខណៈដែល​ចម្បាំង​ជាមួយ​នឹង​ពួក​សាសន៍​លេមិន​នៅតែ​បន្ត នោះ​មរមន​បាន​ឃើញ​ថា ខ្លួន​លោក​នៅក្បែរ​នឹង​ភ្នំ ដែល​អាំម៉ារុន​បាន​លាក់​ផ្ទាំង​ទាំងឡាយ​របស់​នីហ្វៃ ។ លោក​បាន​យក​ផ្ទាំង​ទាំងឡាយ​របស់​នីហ្វៃ ហើយ​បាន​ចាប់ផ្ដើម​កត់ត្រា​ពី​អ្វី​ដែល​លោក​បាន​សង្កេត​ក្នុង​ចំណោម​ប្រជាជន តាំងពី​ពេល​ដែល​លោក​នៅ​ក្មេង​មក ( សូម​មើល មរមន 2:16–18 ) ។ សូម​អាន មរមន 2:18–19 ហើយ​គូស​ចំណាំ​ឃ្លា​មួយ​ចំនួន ដែល​ពិពណ៌នា​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​ដែល​មរមន​បាន​ធំ​ឡើង​ជាមួយ ។

ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​មរមន តើ​អ្នក​គិត​ថា ហេតុអ្វី​លោក​មាន​ទំនុកចិត្ត​ថា លោក​នឹង​បាន « តម្កើង​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ? ( មរមន 2:19 ) ។ ( នៅក្នុង​បរិបទ​នេះ « តម្កើង​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » មានន័យ​ថា​ត្រូវបាន​លើក​តម្កើង​ឡើង—បាន​រស់​ឡើង​វិញ​ដោយ​មាន​រូបកាយ​សេឡេស្ទាល​មួយ ហើយ​ត្រូវបាន​នាំ​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ ដើម្បី​នៅ​ជាមួយ​ទ្រង់​ជា​រៀង​រហូត ) ។

ជីវិត​របស់​មរមន ​គឺជា​ទីបន្ទាល់​មួយ​ថា យើង​អាច​ជ្រើសរើស​រស់នៅ​ដោយ​សុចរិត សូម្បី​នៅក្នុង​សង្គម​ដ៏​ទុច្ចរិត​មួយ​ក៏​ដោយ ។

សូម​ពិចារណា​ពី​ដំបូន្មាន​តទៅ​នេះ ៖ « អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើស​ទាំងឡាយ​ដែល​អ្នក​ជ្រើសរើស ។ ព្រះ​ខ្វល់ខ្វាយ​ពី​អ្នក ហើយ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ សូម្បី​តែ​ក្រុម​គ្រួសារ និង មិត្តភក្តិ​ទាំងឡាយ​របស់​អ្នក​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ តាម​របៀប​ដែល​ពុំ​ត្រឹមត្រូវ​ក៏​ដោយ ។ ចូរ​មាន​សេចក្ដី​ក្លាហាន​ខាង​សីលធម៌ ដើម្បី​ឈរ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ការគោរព​តាម​ព្រះហឫទ័យ​របស់​ព្រះ ទោះបី​ជា​អ្នក​ត្រូវ​ឈរ​តែ​ម្នាក់​ឯង​ក៏​ដោយ ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នោះ នោះ​អ្នក​ធ្វើ​គំរូ​ដល់​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​ដែរ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ 2011 ] ទំព័រ 2 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ពេល​មួយ ដែល​អ្នក​បានឃើញ​មិត្ត ឬ សមាជិក​គ្រួសារ​ម្នាក់ ឈរ​យ៉ាង​រឹងមាំ​នៅក្នុង​ការគោរព​តាម​ព្រះហឫទ័យ​ព្រះ សូម្បី​ពេល​អ្នក​ផ្សេង​ទៀត​មិន​គោរព​ក៏​ដោយ ។ សូម​សរសេរ​ផងដែរ​ពី​គំនិត​របស់​អ្នក ថាតើ​គំរូ​របស់​មនុស្ស​នោះ និង គំរូ​របស់​មរមន​ជា​ប្រយោជន៍​ដល់​អ្នក​យ៉ាង​ដូច​ម្ដេច​ដែរ ។

បាវចនា​របស់​ក្រុម​យុវនារី​គឺ « ឈរ​សម្រាប់​សេចក្ដី​ពិត និង សេចក្ដី​សុចរិត » ។ មិនថា​អ្នក​ជា​យុវនារី ឬ យុវជន​នោះទេ សូម​គិត​ពី​ចំណុច​ជាក់លាក់​មួយ​ក្នុង​ជីវិត​អ្នក ដែល​អ្នក​អាច​ប្ដេជ្ញា​ចិត្ត​ឲ្យ​កាន់តែ​ខ្លាំង​ដើម្បី​ឈរ​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ។ ព្រះអម្ចាស់​នឹង​ជួយ​អ្នក ពេល​អ្នក​ប្រឹងប្រែង​ព្យាយាម​ឈរ​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ទោះបី​ពេល​ដែល​អ្នក​ផ្សេង​ទៀត​នៅ​ជុំវិញ​អ្នក អាច​នឹង​មិន​ធ្វើ​ដូច្នោះ​ក៏​ដោយ ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរមន 1–2 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖