ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 8 ៖ ថ្ងៃ​ទី 4 នីហ្វៃទី2 31


មេរៀនទី 8 ៖ ថ្ងៃ​ទី 4

នីហ្វៃទី 2 31

សេចក្តី​ផ្ដើម

នីហ្វៃ​បាន​បង្រៀន​ពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ៖ យើង​ត្រូវ​តែ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​យើង ទទួល​បុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កាន់ខ្ជាប់​រហូត​ដល់​ចុង​បំផុត ។លោក​ក៏បាន​ធ្វើ​ទីបន្ទាល់​ថា នៅ​ពេល​យើង​អនុវត្ត​តាម​ការបង្រៀន​ទាំងនេះ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើងឲ្យ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ដឹកនាំ​យើង​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

នីហ្វៃទី 2 31:1–21

នីហ្វៃ​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ផ្តល់​គំរូ​ដ៏​ឥតខ្ចោះ​សម្រាប់​យើង

រូបភាព
យ៉ូហាន បាទីស្ទជ្រមុជ​ទឹក​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​យាង​ទៅ​រក​យ៉ូហាន បាទីស្ទ ដើម្បី​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​ទ្រង់ ។ពីព្រោះ​ព្រះយេស៊ូវ​មិន​បាន​ប្រព្រឹត្តិ​អំពើ​បាប​ទាល់តែ​សោះ តើ​អ្នក​គិត​ថា ហេតុអ្វី​ទ្រង់​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ?តើ​ហេតុ​អ្វី​អ្នក​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ?ការ​សញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ​នឹង​ជួយ​អ្នក​រៀបចំ​សម្រាប់​មេរៀន​នេះ ។

សូម​អាននីហ្វៃទី 2 31:2, 21ហើយ​គូសចំណាំ​ឃ្លា « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។សូម​កត់​ចំណាំ​ថា ក្នុង​ខគម្ពីរ​ទី 2 នីហ្វៃ​បាន​ថ្លែង​ថា លោក « ត្រូវ​តែ​និយាយ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។បន្ទាប់​មក ក្នុង​ខ​ទី 21 លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​និយាយ​អំពី « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។ក្នុងនីហ្វៃទី 2 31:3–20យើង​រៀន​អំពី​សេចក្តី​ពិត​ទាំងនោះដែល​នីហ្វៃ​បាន​ហៅ​ថា « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។សេចក្តី​ពិត​ពីរ​ដែល​យើង​រៀន​គឺ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​គ្រប់​សេចក្តី​សុចរិត​ទាំង​អស់​តាមរយៈ​ការគោរព​បទបញ្ញាតិ​ទាំងអស់​របស់​ព្រះវរបិតានិងយើង​ត្រូវ​តែ​ធ្វើ​តាម​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  1. សូម​សរសេរ​ចំណង​ជើង​តទៅ​នេះ​ក្នុង​ជួរឈរ​ស្របគ្នា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ មូលហេតុ​ទាំងឡាយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង មូលហេតុ​ទាំងឡាយ​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ បន្ទាប់​មក​សូម​អាននីហ្វៃទី 2 31:4–12ហើយ​រាយ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ក្រោម​ចំណងជើង​នីមួយៗ​ទាំងនេះ ។

យោង​ទៅ​តាមនីហ្វៃទី 2 31:11 តើ​ត្រូវ​ធ្វើ​អ្វី​ពី​មុន​បុណ្យ​ជ្រមុជ​ទឹក ?

ដើម្បី​ជួយ​ពន្យល់​ពី​មូលហេតុ​ដែល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​តម្រូវ​ឲ្យ​ធ្វើ​ឡើង សូម​អាន​សេចក្តី​ថ្លែងការ​ដែល​ថ្លែង​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖ « ពិធីបុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​ទីសម្គាល់​មួយ​ទៅ​កាន់​ព្រះ ពួក​ទេវតា និង ស្ថានសួគ៌ ថា​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ ហើយ​គ្មាន​ផ្លូវ​ក្រោម​មេឃ​ឯ​ណា​ទៀត​ដែល​ព្រះ​បាន​តែង​តាំង​មនុស្ស​ឲ្យ​ទៅ​រក​ទ្រង់​ដើម្បី​ត្រូវ​បាន​សង្គ្រោះ ហើយ​ចូល​ក្នុង​នគរ​របស់​ព្រះ​ឡើយ លើកលែង​តែ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការផ្តាច់បាប ហើយ​ផ្លូវ​ផ្សេង​ទៀត​គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ បន្ទាប់​មក​អ្នក​មាន​ការសន្យា​ពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ2007 ] ទំព័រ 91 ) ។

  1. សូម​ស្រម៉ៃ​ថា មិត្ត​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​បាន​សួរ​អ្នក​ថា តើ​ហេតុអ្វី​បុណ្យ​ជ្រមុជ​ទឹក​មាន​សារៈសំខាន់​ខ្លាំង​ម៉្លេះ ។សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​តបក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នកពី​របៀប​ដែល​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹកបានជះ​ឥទ្ធិពល ហើយផ្ដល់​ពរ​ដល់​ជិវិត​អ្នក ។

មាន​អ្វីៗ​ជា​ច្រើន​ទៀត​សម្រាប់​យើង​ធ្វើ បន្ទាប់​ពី​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។សូម​អាននីហ្វៃទី 2 31:13ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​អាកប្បកិរិយា​ដែល​មនុស្ស​ម្នាក់​គួរតែ​មាននៅ​ពេល​ពួកគេ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។

យោង​ទៅ​តាមនីហ្វៃទី 2 31:13 នៅ​ពេល​យើង​បំពេញ​តាម​សេចក្តី​សញ្ញា​របស់​យើង​ដោយ​ពេញ​ចិត្ត​ប្រាថ្នា និង ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​តើ​ព្រះវរបិតា​សួគ៌​សន្យា​អ្វី​មកដល់​យើង​វិញ ?( អ្នក​អាច​ចង់​គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។សូម​អាន​ឃ្លា​ចុងក្រោយ​ក្នុងនីហ្វៃទី 2 31:17ហើយ​រកមើល​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។នៅ​ក្នុង​ចន្លោះ​ដែល​ផ្តល់​ឲ្យ សូម​សរសេរ​សេចក្តី​ថ្លែង ឬ គោលការណ៍​នៃ​គោលលទ្ធិ​មួយដោយ​ផ្អែក​ទៅ​លើ​បទគម្ពីរ​ដែល​ពន្យល់​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​សម្រាប់​យើង ។

ភ្លើង​ត្រូវ​បាន​ប្រើ​ដើម្បី​បន្សុទ្ធ​វត្ថុ​ទាំងឡាយ​ដូចជា​លោហៈធាតុ ។វា​ដុត​រំលាយ​នូវ​អ្វី​ដែល​មិន​សុទ្ធ ក្លាយ​ទៅ​ជា​វត្ថុ​ដែល​ជ្រះស្អាត ។ការណ៍​នេះ​គឺ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​កើតឡើង​ចំពោះ​យើង​ខាង​វិញ្ញាណ​ដែរ នៅពេល​យើង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។វា​ក៏​ត្រូវបាន​គេស្គាល់​ថាជា « បុណ្យ​ជ្រមុជ​ដោយ​ភ្លើង » ( សូមមើលនីហ្វៃទី 2 31:13 ) ។ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ទីបន្ទាល់​ពី​ព្រះវរបិតា និង ព្រះរាជបុត្រា ហើយ​នាំ​មក​នូវ​ការផ្តាច់​បាប​ទាំងឡាយ ។ ប្រធានម៉ារ៉ុន ជី រ៉មនីនៃ​គណៈប្រធាន​ទីមួយ​បានបង្រៀន​ថា « បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ … លាង​ជម្រះ ព្យាបាល និង បន្សុទ្ធ​ព្រលឹង » ( Learning for the Eternities, comp. George J. Romney [ ឆ្នាំ 1977 ] ទំព័រ 133 ) ។

ដើម្បី​ស្វែងរក​ធាតុផ្សំ​ផ្សេងទៀត​នៃ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » សូមអាននីហ្វៃទី 2 31:15–16ហើយ​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។សូម​ភ្ជាប់​ឃ្លា​ទាំងឡាយ​ដែល​អ្នក​បានរក​ឃើញ​ក្នុងនីហ្វៃទី 2 31:13ទៅនឹង​ការណែនាំ​ដែល​បានផ្តល់ឲ្យ​ក្នុងនីហ្វៃទី 2 31:15–16ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​កាន់ខ្ជាប់​ដរាប​ដល់ចុង​បំផុត​ដោយ « ស្មោះ​អស់​ពី​ចិត្ត » និង ដោយ« ពេញចិត្ត​ប្រាថ្នា » ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពាក្យ « ដោយ​ពេញចិត្ត​ប្រាថ្នា » « ពុំ​មាន​ការលាក់ពុត » និង « ដោយ​ស្មោះ​អស់​ពី​ចិត្ត » អាច​អនុវត្ត​ចំពោះ​សកម្មភាព​ទាំងឡាយ​ដូចជា ការសិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ ឬ ការចូលរួម​ក្នុង​ព្រះវិហារយ៉ាង​ដូចម្តេច​ដែរ ?

    2. តើ​មាន​ភាពខុសគ្នា​បែបណា​រវាង​មនុស្ស​ម្នាក់​ដែល « សូត្រ​ការអធិស្ឋាន​របស់​ពួកគេ » និង នរណា​ម្នាក់​ដែល​អធិស្ឋាន « ដោយ​ពេញចិត្ត​ប្រាថ្នា » ?

    3. តើ​មាន​ភាពខុសគ្នា​បែបណា​រវាង​មនុស្ស​ដែល « ទទួលទាន​សាក្រាម៉ង់ » និង មនុស្ស​ដែល​ទទួលទាន​សាក្រាម៉ង់ « ដោយ​ស្មោះ​អស់ពី​ចិត្ត » ?

សូមអាននីហ្វៃទី 2 31:18ហើយ​រកមើល​ថា តើ​យើង​ឋិត​នៅ​កន្លែង​ណាបន្ទាប់​ពី​យើង​ឆ្លងកាត់​ក្លោងទ្វារ​នៃ​ការប្រែចិត្ត និង បុណ្យ​ជ្រមុជ​ទឹក​ហើយ ។នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជ​ទឹក និង ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​ចូល​ទៅក្នុង « ផ្លូវ​តូច ហើយ​ចង្អៀត » ។តូច មានន័យ​ថា ចង្អៀត ម៉ឺងម៉ាត់ ច្បាស់លាស់ និង មិន​អនុញ្ញាត​ឲ្យ​ងាករេ ។យោងទៅ​តាមនីហ្វៃទី 2 31:18តើ​យើង​អាចដឹង​បាន​ដោយ​របៀបណា ថា​បើ​យើង​ឋិត​នៅ​លើ​ផ្លូវ​តូច ហើយ​ចង្អៀត ?

ការទទួល​បទពិសោធន៍​ពី​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិនមែន​គ្រាន់តែ​ជា​អារម្មណ៍​ល្អ​ធម្មតា​ដែល​យើង​ទទួល​បាន​ពី​ពេល​មួយ​ទៅពេល​មួយ​នោះទេ ។ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សាក្សី​មួយ​ពី​ព្រះ ថា​យើង​ឋិត​នៅលើ​ផ្លូវ​ដែល​នាំទៅកាន់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បានជួយ​អ្នក​បន្តឋិត​នៅលើ​ផ្លូវ​តូច ហើយ​ចង្អៀត​យ៉ាងដូចម្តេច ?

    2. តើ​មាន​វិធី​ផ្សេងទៀត​អ្វី​ខ្លះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ?

សូមអាន នីហ្វៃទី 2 31:19–21 ហើយ​បង្កើត​បញ្ជី​មួយ​ដោយ​ដាក់​លេខរៀង​ក្នុង​ព្រះគម្ពីរ​របស់អ្នក​នូវ​ចំណុច​ផ្សេងៗ​ទៀត ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​បន្ត​នៅលើ​ផ្លូវ ។( សូម​កត់សម្គាល់​ថា នីហ្វៃទី 2 31:19–20 គឺជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូមសរសេរ​ប្រយោគ​មួយ​ដែល​ពិពណនា​ពី​អ្វី​ដែល​មានន័យ​ចំពោះ​អ្នក ដែល​ថា « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី 2 31:20 ) ។

នៅក្នុង​កន្លែង​ចន្លោះ​ដែល​បានផ្តល់ឲ្យ សូម​សង្ខេប នីហ្វៃទី 2 31:19–20 ជាមួយ​នឹង​សេចក្តីថ្លែង​នៃ​គោលការណ៍ ៖

បើសិន​យើង នោះ​យើង  ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​វា​ក្នុង​ព្រះគម្ពីរ​របស់អ្នក ) ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បានផ្តល់​ពាក្យ​ទូន្មាន​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នេះ​ទៅកាន់​អ្នក​ទាំងឡាយ​ដែល​មានអារម្មណ៍​ថា ពួកគេ​បានវង្វេង​ពី​ផ្លូវ​តូច ហើយ​ចង្អៀត ៖ « នៅក្នុង​ដំណើរ​ជីវិត​របស់អ្នក អ្នក​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន និង ប្រព្រឹត្ត​នូវ​កំហុស​មួយ​ចំនួន ។ការដឹកនាំ​ពី​ព្រះគម្ពីរ​ជួយ​អ្នក​ទទួល​ស្គាល់​កំហុស ហើយ​ធ្វើ​ការកែ​តម្រូវ​ដែល​ចាំបាច់ ។អ្នក​ឈប់​ដើរ​ឆ្ពោះ​ទៅកាន់​ទិសដៅ​ខុស ។អ្នក​សិក្សា​ព្រះគម្ពីរ​ដោយ​ប្រុងប្រយ័ត្ន ។បន្ទាប់មក​អ្នក​ឈាន​ទៅ​ប្រែចិត្ត និង ការធ្វើឲ្យ​ដូច​ដើម​វិញ ដែល​តម្រូវឲ្យ​ដើរ​នៅលើ ‹ ផ្លូវ​តូច ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅរក​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច › [ នីហ្វៃទី 2 31:18 ] » ( « Living by Scriptural Guidance» Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 17 ) ។

សូម​សញ្ចឹង​គិត​ថា តើ​សេចក្ដី​ថ្លែង​នេះ និង បទគម្ពីរ​ដែល​អ្នក​បានសិក្សា​នៅថ្ងៃ​នេះ នាំ​អ្នក​ទៅរក « ការភ្លឺថ្លា​នៃ​សេចក្តី​សង្ឃឹម » យ៉ាង​ដូចម្តេច ( នីហ្វៃទី 2 31:20 ) ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—នីហ្វៃទី 2 31:19–20

  1. សូម​ចំណាយ​ពេល​ប្រាំ​នាទី​ដើម្បី​ទន្ទេញ នីហ្វៃទី 2 31:20 ។សូម​សុំ​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​ម្នាក់​សាកល្បង​ចំណេះដឹង​របស់អ្នក​ពី​ព្រះគម្ពីរ ឬ អ្នក​អាច​យកដៃ​បិត​លើ​ខគម្ពីរ​នោះ ហើយ​ព្យាយាម​សូត្រ​ខ​គម្ពីរ​នោះ​ឡើងវិញ​ដោយ​មិនបាច់​មើល ។សូម​ព្យាយាម​សរសេរ​ខគម្ពីរ​ដោយ​ចេញ​ពី​ការចងចាំ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ។

  2. ដោយ​ប្រើ នីហ្វៃទី 2 31:20 នោះ​សូម​ជ្រើសរើស​រឿង​មួយ​នៃ​រឿង​ទាំងនេះ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឋិត​នៅលើ​ផ្លូវ​ត្រឹមត្រូវ​ដែល​អ្នក​កំពុងតែ​ធ្វើ​បានល្អ​នោះ ។បន្ទាប់មក សរសេរ​ជា​ការពិពណ៌នា​មួយ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នកពី​របៀប​ដែល​អ្នក​កំពុង​ធ្វើ​រឿង​នោះ ។បន្ទាប់មក សូម​ជ្រើសរើស​ចំណុច​មួយ​ដែល​អ្នក​ចង់​កែប្រែ​ធ្វើឲ្យ​ល្អ​ឡើង ហើយ​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ធ្វើ​ចំណុច​នោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

តើ​យើង​អាច​ចៀសវាង​ពី​ការលាក់ពុត​ដោយ​របៀបណា ?

នីហ្វៃ​បានព្រមាន​ទាស់នឹង​ការលាក់ពុត​ក្នុង នីហ្វៃទី 2 31:13 ។ការលាក់ពុត មានន័យ​ថា ធ្វើពុត ឬ ដើរតួជា​ផ្នែក​មួយ​ជំនួស​អ្នក​ដទៃ ដើម្បី​បង្ហាញ​ថា វា​មិនឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ពិត​របស់​យើង ។អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​ការ​ប្រព្រឹត្ត​ដោយ​គ្មាន​ការលាក់ពុត​ថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« តាមពិត​ទៅ តើ​យើង​ពិតជា​រស់នៅ​តាម​ដំណឹងល្អ ឬក៏​យើង​គ្រាន់តែ សម្តែងឡើង ជា​ឫកពា​ខាងក្រៅ​នៃ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​ទាំងឡាយ​នៅ​ជុំវិញ​យើង​ស្មាន​ថា យើង​ស្មោះត្រង់ នៅពេល​ដែល​ភាពពិត ចិត្ត និង សកម្មភាព​ដែល​មើល​មិនឃើញ​របស់​យើងគឺ​មិន​ពិតប្រាកដ​ចំពោះ​ការបង្រៀន​របស់​ព្រះអម្ចាស់ ?

« តើ​យើង​គ្រាន់តែ​ទទួលយក ‹ ឫកពា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ › ខណៈ​ដែល​មិនព្រម​ទទួល​ស្គាល់ ‹ ព្រះចេស្តា​ដែល​មក​ដោយ​ការគោរព​ប្រតិបត្តិ​នោះ › [ សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:19 ] ?

« តើ​យើង​ពិតជា​មនុស្ស​សុចរិត​ទេ ឬក៏ យើង​ធ្វើពុត [ លាក់ពុត ] ជាគោរព​ប្រតិបត្តិ គ្រាន់តែ​នៅពេល​យើង​គិត​ថា អ្នកដទៃ​ទៀត​កំពុង​អង្កេត​មើល​យើង ?

« ព្រះអម្ចាស់​បានបញ្ជាក់​ច្បាស់​ថា ឫកពា​ខាងក្រៅ​នឹង​មិន​បំភាន់​ទ្រង់​បានទេ ហើយ​ទ្រង់​បានព្រមាន​ដល់​យើង​មិនត្រូវ​ក្លែង​ខ្លួន​ចំពោះ​ទ្រង់ ឬ ដល់​អ្នក​ដទៃទៀត ។ទ្រង់​បានដាស់តឿន​យើង​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ទាំងឡាយ​ដែល​រៀបចំ​គ្រោងការ​ក្លែងក្លាយ ដែល​មាន​សំបកខាងក្រៅ​សុចរិត​ប៉ុន្តែ​លាក់​នូវ​ធម្មជាតិ​អាក្រក់​របស់​ខ្លួន ។យើង​ដឹង​ថា ព្រះអម្ចាស់ ‹ ទត​ចំពោះ​ក្នុង​ចិត្ត › និង មិនមែន​ទតមើល ‹ ឫកពា​ខាងក្រៅ › នោះទេ [ សូមមើល សាំយូអែលទី 1 16:7 ] » ( «True to the Truth» Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 15–16 ) ។

តើ​យើង « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » យ៉ាងដូចម្តេច ?

ពាក្យ « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ( នីហ្វៃទី 2 31:16 ) ជាញឹកញាប់​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រាប់​ពី​សេចក្ដី​ត្រូវការ​ក្នុង​ការស៊ូទ្រាំ​នឹង​ការលំបាក​ដោយ​អត់ធ្មត់​ពេញមួយ​ជីវិត​រស់នៅ​របស់យើង ។អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បានពន្យល់​ថា ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​ក៏​មានន័យ​ផងដែរ​ថា បន្ត​ក្នុង​ភាព​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ​រហូត​ដល់​ចុង​បំផុត​នៃ​ជីវិត​រស់នៅ​របស់យើង ៖

« កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺជា​គោលលទ្ធិ​ស្តីពី​ការ​បន្ត​នៅលើ​ផ្លូវ​ដែល​នាំទៅរក​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច បន្ទាប់​ពី​មនុស្ស​ម្នាក់​បានចូល​តាមផ្លូវ​នោះ តាមរយៈ​សេចក្តី​ជំនឿ ការប្រែចិត្ត បុណ្យ​ជ្រមុជ​ទឹក និង ការ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​តម្រូវឲ្យ​មាន​ចិត្តស្ម័គ្រ​ទាំងស្រុង​របស់​យើង ។ …

« ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​មានន័យថា យើង​បានរស់​ក្នុង​ដំណឹងល្អ​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ថិត​ក្នុង​ដំណើរ​ឆ្ពោះស្រប​ដូចនឹង​សាសនាចក្រ បម្រើ​មិត្តសម្លាញ់​របស់​យើង​ដោយ​រាបសា រស់​នៅ​បែប​ដូចជា​ព្រះគ្រីស្ទ ហើយនិង​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​យើង ។អ្នកទាំងឡាយ​ដែល​កាន់ខ្ជាប់ គឺ​មាន​លំនឹង មិនផ្លាស់ប្តូរ បន្ទាបខ្លួន ល្អឡើង​ជាដរាប និង គ្មាន​កំហុស ។ទីបន្ទាល់​របស់​ពួកគេ​មិន​ត្រូវ​បាន​សំអាង​ទៅលើ​មូលហេតុ​ទាំងឡាយ​ខាង​លោកិយ​នោះទេ—វា​ផ្អែក​ទៅលើ​សេចក្តីពិត ចំណេះដឹង បទពិសោធន៍ និង ព្រះវិញ្ញាណ » ( «Press On» Ensign ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 101 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 31 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖