ថ្នាក់​សិក្ខាសាលា
មេរៀនទី 17 ៖ ថ្ងៃទី 4 អាលម៉ា 23–24


មេរៀនទី 17 ៖ ថ្ងៃទី 4

អាលម៉ា 23–24

សេចក្តីផ្ដើម

ក្រោយពី​ការប្រែចិត្ត​ជឿ​របស់​ទ្រង់ ស្ដេច​នៃ​ពួក​សាសន៍​លេមិន បាន​ប្រកាស​ពី​សេរីភាព​ខាង​សាសនា​នៅក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ។ ការប្រកាស​របស់​ទ្រង់​បានអនុញ្ញាត​ឲ្យ​អើរ៉ុន និង បងប្អូន​របស់​លោក​ផ្សព្វផ្សាយ​ដំណឹងល្អ និង ស្ថាបនា​សាសនាចក្រ​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​ពួក​សាសន៍​លេមិន ។ ពួក​សាសន៍​លេមិន​រាប់ពាន់​នាក់ បាន​ប្រែចិត្ត​ជឿ និង ពុំ​ធ្លាក់​ចុះ​ឡើយ ។ ពួក​សាសន៍​លេមិន​ទាំងនោះ​ដែល​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់ បាន​ធ្វើ​សេចក្ដី​សញ្ញា​មួយ ដើម្បី​ទម្លាក់​ចុះ​នូវ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​ពួកគេ ។ ពួកគេ​បាន​យក​ដាក់​លើ​ខ្លួន​គេ​នូវ​ឈ្មោះ​ថា អាន់តៃ-នីហ្វៃ-លីហៃ ។ ពេល​ពួក​លេមិន​ដែល​មិន​បាន​ប្រែចិត្ត​ជឿ​វាយ​ប្រហារ​ពួកគេ នោះ​ពួក​អាន់តៃ-នីហ្វៃ-លីហៃ ជាច្រើន​បាន​លះបង់​ជីវិត​របស់​ពួកគេ ជាជាង​បំបាក់​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

អាលម៉ា 23

ពួក​សាសន៍​លេមិន​រាប់ពាន់​នាក់ បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ហើយ​ប្ដូរ​ឈ្មោះ​ពួកគេ​ទៅ​ជា អាន់តៃ-នីហ្វៃ-លីហៃ

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូបភាព​នៃ​មុខ​មួយ​រីករាយ និង មុខ​មួយ​សោកសៅ ។ សូម​សរសេរ​ស្លាក​នៅកន្លែង​​មុខ​ដែល​រីករាយ​ថា ស្មោះត្រង់ និង មុខ​ដែល​សោកសៅ​ថា មិនខ្ជាប់ខ្ជួន ។ ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពី អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​រកមើល​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​មនុស្ស​ពីរ​ប្រភេទ​ខុសគ្នា​នេះ ។ សូម​សរសេរ​ពាក្យ ឬ ឃ្លា​ទាំងនេះ​នៅ​ខាងក្រោម​រូបភាព​ដែល​ត្រឹមត្រូវ ។

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

« យើង​ម្នាក់ៗ​បាន​សង្កេត​ពី​របៀប​ដែល​បុគ្គល​មួយ​ចំនួន ហែលឆ្លងកាត់​ជីវិត​ដោយ​ខ្ជាប់ខ្ជួន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ពួកគេ​ហាក់​ដូច​ជា​រីករាយ ថែមទាំង​រំភើប​សាទរ​ពី​ជីវិត​ទៀតផង ។ ពេល​ធ្វើ​ការជ្រើសរើស​​ជម្រើស​ពិបាកៗ ពួកគេ​ហាក់ដូច​ជា​ជ្រើសរើស​ត្រូវ​ជានិច្ច សូម្បីតែ​មាន​ការល្បួង​ផ្សេងៗ​ចំពោះ​ពួកគេ​ក៏​ដោយ ។ យើង​ដឹង​ថា ពួកគេ​រង​នូវ​ការល្បួង ប៉ុន្តែ​ពួកគេ​ហាក់ដូច​ជា​ដឹង​យ៉ាង​ច្បាស់​ពី​វា ។ ដូចគ្នា​ដែរ យើង​បាន​សង្កេត​ឃើញ​ពី​របៀប​ដែល​អ្នក​ដទៃ​ទៀត ដែល​មិន​សូវ​ក្លាហាន​ក្នុង​ការធ្វើ​ការសម្រេច​ចិត្ត ។ នៅក្នុង​បរិយាកាស​ខាង​វិញ្ញាណ​មួយ​ដ៏​មាន​ព្រះចេស្ដា ពួកគេ​ធ្វើ​បាន​ប្រសើរ ក្នុង​ការផ្លាស់ប្ដូរ​ដំណើរ​ជីវិត​ពួកគេ ក្នុង​ការ​ញែកចេញ​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ទន់ខ្សោយ ។ ពួកគេ​ស្មោះត្រង់​ណាស់​ជាមួយ​នឹង​ការប្ដេជ្ញា​ចិត្ត​ដើម្បី​ផ្លាស់ប្ដូរ​របស់​ពួកគេ តែ​មិនយូរ​ប៉ុន្មាន ពួកគេ​ត្រឡប់​ទៅ​ធ្វើ​អ្វីដដែលៗ​ ដែល​ពួកគេ​បាន​លះបង់ចោល​​នោះ ។

« តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា ក្នុង​ជីវិត​នៃ​មនុស្ស​ពីរ​ក្រុម​នេះ ? តើ​អ្នក​អាច​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​យ៉ាង​ខ្ជាប់ខ្ជួន​បាន​ដោយ​របៀបណា ? ( “Full Conversion Brings Happiness” Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 24 ) ។

សូម​សញ្ជឹង​គិត ថាតើ​អ្នក​នឹង​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងពីរ​ដែល អែលឌើរ ស្កត បាន​សួរ​ដោយ​របៀប​ណា ។ ខណៈដែល​អ្នក​សិក្សា អាលម៉ា 23–24 សូម​គិត​អំពី​មូលហេតុ ដែល​សមាជិក​សាសនាចក្រ​ជាច្រើន បន្ត​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ អស់​ពេញ​មួយ​ជីវិត​របស់​គេ ។

បន្ទាប់ពី​ស្ដេច​នៃ​ពួក​សាសន៍​លេមិន បាន​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ហើយ នោះ​ទ្រង់​បាន​ផ្ញើ​នូវ​ការប្រកាស​មួយ ទៅក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ហើយ​អព្ភូតហេតុ​មួយ​បាន​កើតឡើង ។ ពួក​សាសន៍​លេមិន​រាប់ពាន់​នាក់​ក៏​បាន​ប្រែចិត្ត​ជឿ​ផងដែរ ។ សូមអាន អាលម៉ា 23:1–5 ដើម្បី​ឃើញ​ថា​ការប្រកាស​នោះ​ជា​អ្វី និង ថាតើ​អព្ភូតហេតុ​បាន​កើត​ឡើង​ដោយ​របៀប​ណា ។

សូមអាន អាលម៉ា 23:6–7 ។ តើ​មាន​មនុស្ស​ប៉ុន្មាន​ពាន់​នាក់ ដែល​បាន « ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ហើយ​នៅតែ​ប្រែចិត្ត​ជឿ​អស់​មួយ​ជីវិត​ពួកគេ​នោះ ?

បន្ទាប់​ពី​ពួក​សាសន៍​លេមិន​ទាំងនេះ បាន​ប្រែចិត្ត​ជឿ​ហើយ ពួកគេ​ចង់​បាន​ឈ្មោះ​ថ្មី​មួយ ដើម្បី​ពួកគេ​មិន​ត្រូវ​បាន​ស្គាល់​ថា​ជា​ពួក​សាសន៍​លេមិន​ទៀត​ឡើយ ។ សូមអាន អាលម៉ា 23:16–18 ហើយ​រកមើល​ឈ្មោះ​ដែល​ពួកគេ​ជ្រើសរើស និង ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ពួកគេ ដោយសារ​ភាពស្មោះត្រង់​របស់​គេ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ស្លាក​មួយ​ថា « ស្មោះត្រង់ » ហើយ​នៅ​ពីក្រោម​នោះ សូម​សរសេរ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ពួក អាន់តៃ-នីហ្វៃ-លីហៃ អំពី​ការស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​អស់​មួយ​ជីវិត​របស់​អ្នក ។

សូម​សរសេរ​សេចក្ដី​ពិត​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ការប្រែចិត្ត​ជឿ​មានន័យ​ថា ការផ្លាស់ប្ដូរ និង ការក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​ តាមរយៈ​អំណាច​នៃ​ព្រះ ។ ដូចជា​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ បាន​ផ្លាស់​ប្ដូរ​ដែរ បើសិន​អ្នក​មាន​ឆន្ទៈ​នឹង​ទទួលយក​នូវ​អំណាច​នៃ​ដង្វាយធួន​នៅក្នុង​ជីវិត​របស់​អ្នក ដោយ​សេចក្ដី​ជំនឿ និង ការប្រែចិត្ត​របស់​អ្នក នោះ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ​តាមរយៈ​អំណាច​នៃ​ព្រះ និង នៅ​បន្ត​ប្រែចិត្ត​ជឿ​អស់មួយ​ជីវិត​អ្នក ។

សូម​មើល​ម្ដង​ទៀត​ទៅលើ​សំណួរ​ទាំងពីរ​របស់ អែលឌើរ ស្កត ហើយ​បន្ទាប់​មក​សូម​អាន​ចម្លើយ​របស់​លោក ៖ « ការប្រែចិត្ត​ជឿ​ដ៏​ពិត គឺជា​ផលផ្លែ​នៃ សេចក្ដី​ជំនឿ ការប្រែចិត្ត និង ការគោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន ។ … ការប្រែចិត្ត​ជឿ​ដ៏​ពិត​នឹង​ពង្រឹង​សមត្ថភាព​របស់​អ្នក ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ដឹង​ថា អ្នក​គួរ​ធ្វើ ពេលណា​អ្នក​គួរ​ធ្វើ​វា ដោយ​មិន​គិត​ពី​កាលៈទេសៈ​នានា​ឡើយ » ( “Full Conversion Brings Happiness” ទំព័រ 25 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យោង​ទៅ​តាម អាលម៉ា 23:18 ពួក​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​ជឿ បានចាប់​ផ្ដើម​មាន​ចិត្ត​ឧស្សាហ៍ និង រាក់ទាក់​ចំពោះ​ពួក​សាសន៍​នីហ្វៃ ។ ពេល​ប្រជាជន​កំពុង​ព្យាយាម​ប្រែចិត្ត និង ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួកគេ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ​ទៀត ដែល​កំពុង​តែ​ព្យាយាម​រស់នៅ​ដោយ​សុចរិត​ដែរ​នោះ ?

  2. សូម​ពិនិត្យ​មើល​លើ​ពាក្យ​ទាំងឡាយ​ដែល​អ្នក​បាន​រៀបរាប់​នៅ​ខាងក្រោម​ពាក្យ « ស្មោះត្រង់ » ដែល​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​ថាតើ​ពាក្យ​ទាំងនោះ កំណត់ន័យ​បាន​ល្អ​ប៉ុណ្ណាអំ​​ពី​កម្រិត​នៃ​ការប្រែចិត្ត​ជឿ​របស់​អ្នក ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ប្រែចិត្ត​ជឿ​ឲ្យ​បាន​កាន់តែ​ពេញលេញ​ចំពោះ​ព្រះអម្ចាស់ ។

អាលម៉ា 24

ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ធ្វើ​សេចក្ដី​សញ្ញា​ថា នឹង​មិនដែល​លើក​គ្រឿង​សស្ត្រាវុធ​ម្ដងទៀត​ឡើយ

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 24:3 ស្ដេច​នៃ​ពួក​សាសន៍​លេមិន​ បាន​ប្រគល់​នគរ​ទៅ​បុត្រា​របស់​ទ្រង់​ពីមុន​ពេល​ទ្រង់​សុគត ហើយ​ទ្រង់​បាន​ឲ្យ​នាម​បុត្រា​ទ្រង់​ថា អាន់តៃ-នីហ្វៃ-លីហៃ ។ សូមអាន អាលម៉ា 24:1–5 ដើម្បី​ឃើញ​ពី​បញ្ហា​អ្វី​ដែល​កើតមាន​ឡើង មិនយូរ​ប៉ុន្មាន​ក្រោយនោះ ដែល​នាំ​ឲ្យ​អាំម៉ូន និង បងប្អូន​លោក​បាន​ធ្វើ​ការប្រឹក្សា​មួយ​ជាមួយ​នឹង​ស្ដេច ? ពេល​ដែល​ដឹង​ថា ពួក​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​ជឿ​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​អាន់តៃ-នីហ្វៃ-លីហៃ នោះ​ពួក​មនុស្ស​សុចរិត​ទាំងនេះ​បាន​សម្រេច​ថា ពួកគេ​នឹង​មិន​ធ្វើ​ការរៀបចំ​អ្វី​ដើម្បី​ការពារ​ខ្លួន​ពួកគេ​ឡើយ ( សូមមើល អាលម៉ា 24:6 ) ។ សូមអាន អាលម៉ា 24:7–14 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ពួក​អាន់តៃ-នីហ្វៃ-លីហៃ បាន​ធ្វើ​ការសម្រេច​ចិត្ត​យ៉ាងនេះ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​រៀន​ពី​ពួក​អាន់តៃ-នីហ្វៃ-លីហៃ អំពី​អត្ថន័យ​នៃ​ការលះបង់​ចោល​អំពើបាប​របស់​យើង ពេល​យើង​ប្រែចិត្ត ។

រូបភាព
ពួក​អាន់តៃ-នីហ្វៃ-លីហៃ កប់​គ្រឿង​សស្ត្រាវុធ​របស់​ពួកគេ

សូមអាន អាលម៉ា 24:15–18 រកមើល​ពី​អ្វី​ដែល​ពួក​អាន់តៃ-នីហ្វៃ-លីហៃ បាន​ធ្វើ​ដើម្បី​បង្ហាញ​ព្រះអម្ចាស់​ថា ពួកគេ​ពិតជា​បាន​ប្រែចិត្ត ។ ហេតុអ្វី​ប្រជាជន​បានកប់​ដាវ និង គ្រឿង​សស្ត្រាវុធ​ផ្សេងៗ​ទៀត​របស់​ពួកគេ យ៉ាង​ជ្រៅ​ទៅក្នុង​ដី ? ( សូមមើល អាលម៉ា 24:17–18 ) ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល

នៅក្នុង​ជីវិត​យើង​ផ្ទាល់ ពេល​យើង​ប្រែចិត្ត​ពី​អំពើបាប យើង​គួរ​ព្យាយាម​កុំ​ប្រព្រឹត្ត​អំពើ​បាប​ទាំងនោះ​ម្ដង​ទៀត​ឡើយ ។ សូម​អាន​ពី​អ្វី​ដែល ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល បាន​បង្រៀន​អំពី​ការបោះបង់​ចោល​អំពើ​បាប ជា​ចំណុច​ដ៏​សំខាន់​មួយ​នៃ​ការប្រែចិត្ត ៖ « ក្នុង​ការបោះបង់​ចោល​អំពើ​បាប មនុស្ស​ម្នាក់​ពុំ​អាច​គ្រាន់តែ​ប្រាថ្នា​ដើម្បី​ទទួល​បាន​ស្ថានភាព​ដែល​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​នោះទេ ។ គាត់​ត្រូវតែ​បង្កើត​វា ។ … គាត់​ត្រូវតែ​មាន​ភាព​ច្បាស់លាស់ ​គាត់​ត្រឹម​តែ​បាន​បោះបង់​ចោល​អំពើ​បាប​ប៉ុណ្ណោះ​ទេ គឺ​ថា​គាត់​បាន​ផ្លាស់ប្ដូរ​ស្ថានភាព​ដែល​នៅ​ជុំវិញ​អំពើ​បាប​នោះ​ផងដែរ ។ គាត់​គួរ​ចៀសវាង​ពី​កន្លែង និង ស្ថានភាព និង កាលៈទេសៈ​ទាំងឡាយ ដែល​អំពើបាប​កើត​មាន​ឡើង ដ្បិតស្ថានភាព​ទាំងនេះ​អាចមាន​​ជា​ស្រេច​ ​ធ្វើ​ឲ្យ​កើត​មាន​អំពើ​បាប​ម្ដង​ទៀត ។ គាត់​ត្រូវតែ​ចាកចេញ​ពី​មនុស្ស​ដែល​គាត់​ប្រព្រឹត្ត​អំពើ​បាប​ជាមួយ​នោះ ។ គាត់​មិនអាច​ស្អប់​មនុស្ស​ដែល​ធ្វើ​អំពើ​បាប​ទេ ប៉ុន្តែ​គាត់​ត្រូវតែ​ចៀសវាង​ពី​ពួកគេ និង អ្វីៗ​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​អំពើ​បាប ។ គាត់​ត្រូវតែ … កសាង​ជីវិត​ថ្មី​មួយ ។ គាត់​ត្រូវតែ​កំចាត់​ចោល​នូវ​អ្វី​ក៏​ដោយ ដែល​នឹង​ធ្វើ​ឲ្យ​នឹក​ចាំ​រឿង​ចាស់ៗ​ឡើង​វិញ » ( The Miracle of Forgiveness [1969] ទំព័រ 171–72 ) ។

នៅក្នុង អាលម៉ា 24:10–12 សូម​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​ការប្រែចិត្ត​របស់​ពួក​អាន់តៃ-នីហ្វៃ-លីហៃ និង ការអត់ទោស​របស់​ព្រះ​ចំពោះ​អំពើ​បាប​របស់​ពួកគេ ។ សូម​សរសេរ​គោលការណ៍​តទៅ​នេះ នៅ​គែម​ព្រះគម្ពីរ​ក្បែរ​ខ​ទាំងនេះ ៖ បើ​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ ដើម្បី​ប្រែចិត្ត នោះ​ព្រះ​នឹង​ដកយក​ចេញ​នូវ​កំហុស​របស់​យើង និង ជួយ​យើង​ឲ្យ​នៅតែ​ស្អាតស្អំ ។ សូម​យោង​ទៅ​ដំណើររឿង​របស់​ពួក​អាន់តៃ-នីហ្វៃ-លីហៃ កប់​គ្រឿង​សស្ត្រាវុធ​របស់​ពួកគេ​នៅក្នុង​ដី ។ នៅក្នុង​ជំនាន់​របស់​យើង យើង​នៅតែ​ត្រូវការ « កប់ » អំពើ​បាប​របស់​យើង ដើម្បី​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា យើង​កំពុង​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ ដើម្បី​ប្រែចិត្ត និង មិន​ប្រព្រឹត្ត​អំពើ​បាប​ដដែល​នោះ​ម្ដង​ទៀត​ឡើយ ។

  1. សូម​ពិចារណា​ពី​របៀប​ដែល​មនុស្ស​នៅក្នុង​ស្ថានភាព​ខាងក្រោម​នេះ ​ប្រាកដ​ប្រជា​ម៉្លេះ ថា​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​អំពើបាប​ដដែល​នោះ​ម្ដង​ទៀត ។ សូម​សរសេរ​យោបល់​របស់​អ្នក​សម្រាប់​ស្ថានភាព​នីមួយៗ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. មនុស្ស​ម្នាក់​បាន​មើល​ឆុតឆាក​អាសគ្រាម​នៅក្នុង​កុន​មួយ ដោយសារ​មិត្តភក្ដិ​បាន​លើកទឹកចិត្ត​ឲ្យ​បុគ្គល​នោះ​មើល​កុន​ជាមួយ​ពួកគេ ។

    2. មនុស្ស​ម្នាក់​បាន​ធ្វើខុស​ច្បាប់​គតិ​បណ្ឌិត​ដោយ​សម្ងាត់​ជាមួយ​មិត្តភក្ដិ ពេល​ក្រុម​គេ​ចេញ​ទៅ​ដើរលេង​ខាងក្រៅ​នៅ​ពេល​យប់ ។

    3. មនុស្ស​ម្នាក់​បាន​ចែកចាយ​ចម្លើយ​ពី​ការប្រឡង​បញ្ចប់​មួយ ជាមួយ​មិត្ត​ម្នាក់​ដែល​កំពុង​រៀបចំ​នឹង​ធ្វើ​ការប្រលង​ដូចគ្នា​នោះ​ដែរ នៅ​ពេលក្រោយ​ក្នុង​ថ្ងៃ​នោះ ។

សូម​ពិចារណា​ពី​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​ត្រូវការ « កប់ » អ្វី នៅក្នុង​ជីវិត​អ្នក ដើម្បី​អ្នក​មិន​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​អំពើ​បាប ដែល​អ្នក​បាន​ប្រែចិត្ត​ហើយ​នោះ ?

សូមអាន អាលម៉ា 24:19–22 ដើម្បី​ឃើញ​ពី​អ្វី ដែល​ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ បានធ្វើ ពេល​ពួក​សាសន៍​លេមិន​បានមក​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួកគេ ។ ប្រជាជន​ទាំងនេះ​បាន​បង្ហាញ​ពី​ការបូជា​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ ដោយ​ការសុខចិត្ត​ស្លាប់ ជាជាង​ក្បត់​សន្យា​ដែល​ពួកគេ​បាន​ធ្វើ​ដល់​ព្រះអម្ចាស់នោះ ។ ពួកគេ​បាន​ប្រគល់​ជីវិត​របស់​ពួកគេ​ទាំងស្រុង​ដល់​ព្រះអម្ចាស់ ហើយ​ពួកគេ​នៅតែ​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​ទ្រង់ អស់​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​អាន​ពី​អ្វី​ដែល ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន អំពី​ការប្រគល់​ជីវិត​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« មនុស្ស​ដែល​បានផ្លាស់ប្ដូរ​សម្រាប់​ព្រះគ្រីស្ទ នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះគ្រីស្ទ ។ ដូចជា​ប៉ុល​ដែរ ពួកគេ​នឹង​សួរ​ថា ‹ ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ​ដូចម្ដេច ? › ( កិច្ចការ 9:6 ) ។ …

« បំណង​របស់​ពួកគេ​នឹង​ត្រូវ​លេប​ចូល​ទៅក្នុង​ព្រះបំណង​របស់​ទ្រង់ ។ ( សូមមើល យ៉ូហាន 5:30 ) ។

« ពួកគេ​ធ្វើ​ការណ៍​ទាំងឡាយ​ដែល​សព្វ​ព្រះទ័យ​ព្រះអម្ចាស់​ជានិច្ច ។ ( សូមមើល យ៉ូហាន 8:29 ) ។

« ពួកគេ​មិន​ត្រឹមតែ​សុខចិត្ត​ស្លាប់​សម្រាប់​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ តែ​សំខាន់​ជាង​នោះ​ទៀត ពួកគេ​ចង់​រស់នៅ​សម្រាប់​ទ្រង់ ។

« ចូល​ក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​រូបភាព​នៅលើ​ជញ្ជាំង សៀវភៅ​នៅលើ​ធ្នើរ តន្ត្រី​តាម​រលក​ធាតុ​អាកាស ពាក្យពេចន៍ និង ទង្វើ​របស់​ពួកគេ បង្ហាញ​ថា​ពួកគេ​ជា​ពួក​គ្រីស្ទាន ។

« ពួកគេ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង ។ ( សូមមើល ម៉ូសាយ 18:9 ) ។

« ពួកគេ​មាន​ព្រះគ្រីស្ទ​នៅក្នុង​គំនិត​របស់​ពួកគេ ពេល​ពួកគេ​សម្លឹង​ទៅ​ទ្រង់​ក្នុង​គ្រប់​ការគិត​ទាំងអស់ ។ ( សូមមើល គ. និង ស. 6:36 ) ។

« ពួកគេ​មាន​ព្រះគ្រីស្ទ​នៅក្នុង​ដួងចិត្ត​ពួកគេ កាលដែល​ចិត្ត​មេត្រី​របស់​ពួកគេ​ដាក់​ទៅលើ​ទ្រង់​ជា​រៀង​ដរាប​តទៅ ។ ( សូមមើល អាលម៉ា 37:36 ) » ។ ( “Born of God” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 6–7 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ អំឡុងពេល​ក្នុង​សប្ដាហ៍​នេះ តើ​មាន​របៀប​ណា​ខ្លះ ដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​បាន​ប្រគល់​ជីវិត​អ្នក​ទាំងស្រុង​ដល់​ព្រះអម្ចាស់ ?

សូមអាន អាលម៉ា 24:23–27 ដែល​ពិពណ៌នា​ពី​ប្រតិកម្ម​តប​របស់​ពួក​សាសន៍​លេមិន ពេល​ពួកគេ​បានឃើញ​ថា ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ពុំ​វាយ​តប​វិញ​នោះ ។ ពេល​អ្នក​អាន សូម​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ពី​គោលការណ៍​នេះ ៖ ដោយ​ការស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ នោះ​យើង​អាច​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ប្រែចិត្ត​ជឿ​បាន ។ សូម​គិត​ពី​របៀប​ដែល​សមាជិក​នៅក្នុង​គ្រួសារ​អ្នក ឬ មិត្តភក្ដិ​ណា​ខ្លះ ​ដែល​អាច​ទទួល​ឥទ្ធិពល​ពី​ការសម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 23–24 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖