ថ្នាក់​សិក្ខាសាលា
មេរៀនទី 22 ៖ ថ្ងៃទី 2 ហេលេមិន 3–4


មេរៀនទី 22 ៖ ថ្ងៃទី 2

ហេលេមិន 3–4

សេចក្តីផ្ដើម

អំឡុងពេល​ដែល​ត្រូវបាន​ពិពណ៌នា​នៅ​ជំពូក​បំដូងៗ​នៃ​គម្ពីរ​ហេលេមិន គឺ​ពួក​សាសន៍​នីហ្វៃ​មាន​សេចក្ដី​រីករាយ​ជាមួយ​នឹង​គ្រា​នៃ​សន្តិភាព និង បាន​ស៊ូទ្រាំ​នឹង​គ្រា​នៃ​ការទាស់ទែង​គ្នា ។ ពួក​សាសន៍​នីហ្វៃ​រាប់រយ​ពាន់​នាក់​បាន​ចូលរួម​សាសនាចក្រ​អំឡុង​គ្រា​នៃ​សន្តិភាព ។ ក្រោយពី​ការចម្រើន​ឡើង​ដ៏​ធំធេង​នេះ សមាជិក​សាសនាចក្រ​ដែល​បន្ទាប​ខ្លួន​បាន​លូតលាស់​ឡើង​នៅក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ ថ្វីបើ​ត្រូវបាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​ពួក​អ្នក​ដែល​បាន​ប្រែ​ជា​ឆ្មើងឆ្មៃ​យ៉ាងណា​ក៏​ដោយ ។ ដោយសារ​ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បានក្លាយ​ជា​ទុច្ចរិត នោះ​ពួកគេ​បាន​បាត់បង់​នូវ​ដែនដី​ភាគ​ខាងត្បូង​ទាំងអស់​របស់​ពួកគេ ទៅ​ពួក​សាសន៍​លេមិន ។

ហេលេមិន 3

ពួក​សាសន៍​នីហ្វៃ​ជាច្រើន​ផ្លាស់​ទីលំនៅ​ទៅឯ​ទិស​ខាង​ជើង ខណៈដែល​សាសនាចក្រ​ចម្រើន​ឡើង នៅកណ្ដាល​សេចក្ដី​ទុច្ចរិត និង ការធ្វើ​ទុក្ខ​បុកម្នេញ

សូម​អាន ហេលេមិន 3:1–2 ហើយ​កត់សម្គាល់​ថា អស់​ប៉ុន្មាន​ឆ្នាំ « គ្មាន​ការទាស់ទែង​គ្នា » នៅក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទេ ។ ឥឡូវនេះ​សូមអាន ហេលេមិន 3:3, 19 ហើយ​រកមើល​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​អ្វីៗ​ដែល​បាន​ផ្លាស់​ប្ដូរ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។

ហេលេមិន 3:4–16 ពន្យល់​ថា កាលដែល​ការទាស់ទែង​គ្នា​កើនឡើង​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ នោះ​មាន​ប្រជាជន​ជាច្រើន​បាន​ផ្លាស់ប្ដូរ​ទៅឯ​ទិស​ខាង​ជើង ។ ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បានក្លាយ​ជា​ទុច្ចរិត ហើយ​បាន​ចូលរួម​នឹង​ពួក​សាសន៍​លេមិន ។

ថ្វីបើ​មាន​ការទាស់ទែង​គ្នា និង សេចក្ដី​ទុច្ចរិត​ក៏​ដោយ ក៏​ហេលេមិន​បាន​ជ្រើសរើស​ដើម្បី​រស់នៅ​ផ្សេង​ពី​នោះ ។ ហេលេមិន​កំពុង​បម្រើ​ជា​មេចៅក្រម​របស់​ពួក​សាសន៍​នីហ្វៃ ហើយ​ក៏​ជា​ព្យាការី​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ផងដែរ ។ សូម​អាន ហេលេមិន 3:20 ហើយ​រកមើល​ពី​របៀប​ដែល​បាន​រៀបរាប់​ពី​ហេលេមិន ។ ( ពាក្យ​សមភាព មានន័យ​ថា ភាពស្មើគ្នា ឬ ពុំ​មាន​លំអៀង ឬ អនុគ្រោះ​និយម ) ។

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ស្ងើច​សរសើរ​អំពី​ហេលេមិន ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​លោក​បន្ត​រឹងមាំ អំឡុង​ពេល​នៃ​ការទាស់ទែង​គ្នា និង សេចក្ដី​ទុច្ចរិត​នេះ ? អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ​រហូត នៅក្នុង ហេលេមិន 3:20 ។

សូមអាន ហេលេមិន 3:22–26 ហើយ​គូស​ចំណាំ​ពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​សម្រាប់​ការណ៍​ដែល​ល្អ​ជាងមុន ។ តើ​មាន​ប្រជាជន​ប៉ុន្មាន​នាក់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ?

ជាញឹកញាប់ មរមន​បាន​ប្រើប្រាស់​ឃ្លា « ម៉្លោះហើយ យើង​អាច​ឃើញ​ថា » « ម៉្លោះហើយ យើង​ឃើញ​ថា » និង « យើង​ឃើញ​ថា » ដើម្បី​ចង្អុល​បង្ហាញ​ពី​សេចក្ដី​ពិត​ទាំងឡាយ ដែល​លោក​ចង់​ឲ្យ​យើង​រៀន ។ នៅក្នុង ហេលេមិន 3:27–30 ឃ្លា​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ដង ដែល​បង្ហាញ​ថា មរមន​ចង់​ឲ្យ​យើង​រៀន​នូវ​មេរៀន​សំខាន់ៗ​មួយ​ចំនួន ។ សូមអាន ហេលេមិន 3:27–30 ហើយ​គូស​ចំណាំ​ឃ្លា​សំខាន់ៗ ហើយ​រកមើល​មេរៀន​ទាំងឡាយ​ដែល​មរមន​ចង់​ឲ្យ​យើង​រៀន ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ពី​អ្វី​ដែល​មរមន​ចង់ឲ្យ​អ្នក​ដឹង អំពី​ព្រះបន្ទូល​របស់​ព្រះ ដែល​ចេញពី ហេលេមិន 3:27–30 ។

    2. សូម​សរសេរ​ពី​របៀប​ដែល​ការសិក្សា​របស់​អ្នក​ចេញពី​ព្រះគម្ពីរ បាន​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​សេចក្ដី​ទុច្ចរិត និង រក្សា​អ្នក​ឲ្យ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​វត្តមាន​របស់​ព្រះ ។

សូមអាន ហេលេមិន 3:32–34 ហើយ​កត់ចំណាំ​ថា សមាជិក​សាសនាចក្រ​ខ្លះ​បាន​ចាប់ផ្ដើម​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត ។ ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​បុកម្នេញ គឺជា​មនុស្ស​ដែល​បាន​និយាយ​ថា​ពួកគេ​នៅក្នុង​សាសនាចក្រ ប៉ុន្តែ​ពួកគេ​តាមពិត​ទៅ​គឺ​ពោរពេញ​ដោយ​សេចក្ដី​ឆ្មើងឆ្មៃ ហើយ​ពុំ​បាន​ជឿ​លើ​ការបង្រៀន​របស់​សាសនាចក្រ​នោះទេ ។ ទង្វើ​របស់​ពួកគេ​បណ្ដាល​ឲ្យ​សមាជិក​សាសនាចក្រ​ដែល​មាន​ការបន្ទាប​ខ្លួន រង​នូវ​ទុក្ខ​វេទនា​ជាច្រើន ។ សូម​ពិចារណា ថាតើ​វា​ពិបាក​យ៉ាងណា ក្នុងការ​ដែល​ទៅ​កាន់​សាសនាចក្រ ហើយ​ត្រូវ​រង​ទុក្ខ​បុកម្នេញ​ដោយ​សមាជិក​សាសនាចក្រ​ផ្សេងទៀត ដោយសារ​តែ​អ្នក​ជ្រើសរើស​ធ្វើតាម​ព្យាការី និង បទបញ្ញត្តិ​របស់​ព្រះ​នោះ ។

សូមអាន ហេលេមិន 3:35 ដើម្បី​រៀន​ពី​របៀប​ដែល​សមាជិក​សាសនាចក្រ​ដែល​ស្មោះត្រង់​បាន​ប្រព្រឹត្ត​អំឡុង​ពេល​នៃ​ការរង​ទុក្ខ​បុកម្នេញ និង ទុក្ខ​វេទនា​របស់​ពួកគេ ។

  1. ដោយ​ផ្អែក​លើ​ការសិក្សា​របស់​អ្នក​ពី ហេលេមិន 3:35 សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ​ដែល​បន្ទាប​ខ្លួន បាន​កើនឡើង ឬ ថយចុះ អំឡុង​ពេល​នៃ​ទុក្ខ​វេទនា​របស់​ពួកគេ ?

    2. តើ​សមាជិក​សាសនាចក្រ​ដែល​បន្ទាប​ខ្លួន​បាន​ធ្វើ​អ្វី ដែល​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ ?

    3. តើ​ពរជ័យ​អ្វី​ខ្លះ ដែល​សមាជិក​ទាំងនេះ​បាន​ទទួល ?

ដោយ​ការសិក្សា ហេលេមិន 3:33–35 យើង​អាច​រៀន​ថា បុគ្គល​ម្នាក់ៗ​ជា​អ្នក​កំណត់ ថាតើ​ការធ្វើ​ទុក្ខ​បុកម្នេញ និង ទុក្ខវេទនា​នឹង​ជះ​ឥទ្ធិពល​ដល់​ខ្លួន​គាត់​យ៉ាងណា ។ សូម​បញ្ចប់​សេចក្ដី​ថ្លែង​នេះ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បានរៀន​ចេញ​ពី​ខ​ទាំងនេះ ៖ ថ្វីបើ​មាន​ការធ្វើ​ទុក្ខ​បុកម្នេញ និង ការសាកល្បង​យ៉ាងណា​ក៏​ដោយ ក៏​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ អាច​កើនឡើង​បាន ពេលដែល​យើង  ។ ( មាន​របៀប​ជាច្រើន​ដើម្បី​បំពេញ​ប្រយោគ​នេះ ) ។ អ្នក​អាច​នឹង​ចង់​សរសេរ​ប្រយោគ​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ​នៅក្បែរ ហេលេមិន 3:33–35 ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការបង្រៀន​ទាំងឡាយ​នៅក្នុង​ខ​ទាំងនេះ សូម​ឆ្លើយ​សំណួរ​ពីរ ឬ ទាំងអស់​ខាង​ក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការអធិដ្ឋាន ឬ ការតម​អាហារ បាន​ជួយ​អ្នក​យ៉ាងណា នៅក្នុង​ពេល​នៃ​ការរង​ទុក្ខ​បុកម្នេញ ឬ ការសាកល្បង​មួយ ?

    2. តើ​អ្នក​គិត​ថា ប្រគល់​ដួងចិត្ត​របស់​អ្នក​ទៅកាន់​ព្រះ មានន័យ​យ៉ាងណា ?

    3. តើ​ពេលណា​មួយ​ដែល​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​បានកើន​ឡើង អំឡុងពេល​នៃ​ការរង​ទុក្ខ​បុកម្នេញ ឬ ការសាកល្បង​នោះ ?

សូមអាន ហេលេមិន 3:36–37 ហើយ​រកមើល​ពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​នីហ្វៃ​ភាគច្រើន​បំផុត នៅពេល​ដែល​ហេលេមិន​បាន​ស្លាប់ ។

ហេលេមិន 4

ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ចេញ​ពី​ពួក​សាសន៍​នីហ្វៃ ហើយ​ពួក​សាសន៍​លេមិន​វាយ​យក​បាន​ទីក្រុង​ភាគ​ខាង​ត្បូង​ទាំងអស់​របស់​ពួក​សាសន៍​នីហ្វៃ

ដូច​មាន​កត់ត្រា​នៅក្នុង ហេលេមិន 4 បន្ទាប់ពី​ហេលេមិន​បាន​ស្លាប់​ទៅ នោះ​ការឆ្មើងឆ្មៃ និង ការទាស់ទែង​គ្នា​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​បាន​បណ្ដាល​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ជាច្រើន​ចូលរួម​នឹង​ពួក​សាសន៍​លេមិន ។ ពួក​សាសន៍​លេមិន​ប្រយុទ្ធ​ក្នុង​ចម្បាំង​មួយ​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ។ សូមអាន ហេលេមិន 4:4–8 ហើយ​គូស​ចំណាំ​នៅលើ​ផែនទី នូវ​ទឹកដី​ដែល​អ្នក​គិត​ថា ពួក​សាសន៍​លេមិន​វាយ​យក​បាន ។

រូបភាព
Territory Map
  1. សូម​បែងចែក​ទំព័រ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ជា​ពីរ ដោយ​គូរ​បន្ទាត់​ឈរ​ចុះក្រោម​នៅ​ពាក់​កណ្ដាល​ទំព័រ ។ នៅ​ផ្នែក​ខាងលើ​នៃ​ផ្នែក​ម្ខាង សូម​សរសេរ​ថា ៖ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​អាកប្បកិរិយា និង ទង្វើ​របស់​ពួក​សាសន៍​នីហ្វៃ ។ នៅ​ផ្នែក​ម្ខាង​ទៀត សូម​សរសេរ​ថា ៖ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​អ្វី​ដែល​បាន​កើតឡើង​ដោយសារ​តែ​ទង្វើ​ទាំងនេះ ។ សូមអាន ហេលេមិន 4:11–13, 21–26 ហើយ​សរសេរ​យ៉ាងហោច​ណាស់​ឲ្យ​បាន​បី​ឃ្លា​នៅ​ពីក្រោម​ចំណងជើង​នីមួយៗ ។

គោលការណ៍​ដ៏​សំខាន់​មួយ ដែល​យើង​រៀន​ចេញពី ហេលេមិន 4 គឺ ៖ សេចក្ដី​ឆ្មើងឆ្មៃ និង សេចក្ដី​ទុច្ចរិត បំបែក​យើង​ចេញពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយ​ទុក​យើង​ឲ្យ​មានតែ​កម្លាំង​ផ្ទាល់​របស់​យើង ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ ហេលេមិន 4:23–25 ។

នៅក្នុង​បទពិសោធន៍​របស់​ពួក​សាសន៍​នីហ្វៃ ការដែល​ត្រូវ​បាន​ទុក​ឲ្យ​មានតែ​កម្លាំង​ផ្ទាល់​ខ្លួន​របស់​ពួកគេ គឺ​តែង​មានន័យ​ថា ចាញ់​ចម្បាំង និង បាត់បង់​ដែនដី ( សូម​មើល ហេលេមិន 4:25–26 ) ។ នៅក្នុង​ជីវិត​យើង ការដែល​ត្រូវ​បាន​ទុក​ឲ្យ​មានតែ​កម្លាំង​ផ្ទាល់​ខ្លួន​របស់​យើង គឺ​មានន័យ​ថា បាត់បង់​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។

  1. សូមគិត​ពី « ចម្បាំង » អ្វី​ខ្លះ ដែល​អ្នក​ប្រឈម​មុខ​ជាមួយ​នៅក្នុង​ជីវិត​អ្នក ហើយ​សរសេរ​អំពី​វា​មួយ ឬ ច្រើន​ជាង​នោះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​យ៉ាង​ហោចណាស់​ការណ៍​មួយ ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​អ្នក ។ សូម​សរសេរ​ផងដែរ​ពី​អារម្មណ៍​របស់​អ្នក អំពី​សារសំខាន់​នៃ​ការមាន​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​ចម្បាំង​ក្នុង​ជីវិត ជាមួយ​នឹង​កម្លាំង​នៃ​ព្រះអម្ចាស់ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 3–4 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖