ថ្នាក់​សិក្ខាសាលា
មេរៀនទី 17 ៖ ថ្ងៃទី 1 អាលម៉ា 17–18


មេរៀនទី 17 ៖ ថ្ងៃទី 1

អាលម៉ា 17–18

សេចក្តីផ្ដើម

អាលម៉ា 17–18 រួមមាន​អ្វី​ដែល​មរមន​បានសរសេរ​អំពី​បេសកកម្ម​នៃ​ពួក​បុត្រា​នៃ​ម៉ូសាយ ទៅកាន់​ដែនដី​សាសន៍​លេមិន ។ ដំណើរ​រឿង​ទាំងនេះ ផ្ដល់​នូវ​គំរូ​មួយ​ពី​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​សព្វថ្ងៃ​នេះ គួរ​រៀបចំ និង បម្រើ ។ ពួក​បុត្រា​របស់​ម៉ូសាយ បាន​ស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់ ពេល​ពួកគេ​បានរៀបចំ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​ពួក​លេមិន ។ ពេល​ពួកគេ​បំបែក​ផ្លូវគ្នា ព្រះអម្ចាស់​បាន​លួងលោម​ពួកគេ ហើយ​បាន​សន្យា​ថា ពួកគេ​នឹង​នាំ​ព្រលឹង​ទាំងឡាយ​មក​កាន់​ទ្រង់ ។ អាំម៉ូន​បាន​ទៅកាន់​ដែនដី​អ៊ីសម៉ាអែល ហើយ​បាន​ចាប់ផ្ដើម​បង្រៀន ដោយ​ការបម្រើ​ដល់​ស្ដេច​សាសន៍​លេមិន​មួយ​អង្គ មាន​ព្រះនាម​ថា ឡាម៉ូណៃ ។ ស្ដេច​ឡាម៉ូណៃ បាន​មាន​ភាព​អស្ចារ្យ​ចំពោះ​អំណាច​របស់​អាំម៉ូន ពេល​លោក​បាន​ការពារ​ដល់​ហ្វូង​ចៀម​របស់​ស្ដេច ។ ការបម្រើ​នេះ​ បាន​បន្ទន់​ព្រះទ័យ​របស់​ស្ដេច និង ចិត្ត​ប្រជាជន​ទ្រង់ ឲ្យ​ស្ដាប់​ការបង្រៀន​របស់​អាំម៉ូន អំពី​ព្រះ និង ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ស្ដេច​ឡាម៉ូណៃ​ បាន​ជឿ​លើ​អ្វី​ដែល​អាំម៉ូន​បាន​បង្រៀន បាន​ទទួល​ស្គាល់​ថា​ទ្រង់​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់​ដើម្បី​បាន​សេចក្ដី​មេត្តា​ករុណា និង ត្រូវបានគ្រប​ដណ្ដប់​​ដោយ​ព្រះវិញ្ញាណ ។

អាលម៉ា 17:1–18

ពួក​បុត្រា​នៃ​ម៉ូសាយ​រៀបចំ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅកាន់​ពួក​សាសន៍​លេមិន

សូមគិត​អំពី​រយៈពេល ដែល​ពួក​អែលឌើរ និង ស៊ីស្ទើរ​បម្រើ​បេសកកម្ម​របស់​ពួកគេ​នៅ​សព្វថ្ងៃ​នេះ ។ សូមអាន អាលម៉ា 17:4 ហើយ​គូស​បន្ទាត់​ពីក្រោម​ចំនួន​ឆ្នាំ ដែល​ពួក​បុត្រា​នៃ​ម៉ូសាយ​បាន​បង្រៀន​ដំណឹងល្អ​នៅក្នុង​ចំណោម​ពួក​សាសន៍​លេមិន ។

ពេល​អាលម៉ា​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​ម៉ាន់តៃ នោះ​លោក​បានជួប​នឹង​ពួក​បុត្រា​នៃ​ម៉ូសាយ ពេល​ដែល​ពួកគេ​កំពុង​ត្រឡប់​ទៅ​ផ្ទះ​វិញ ពី​បេសកកម្ម​ដ៏​យូរ​អង្វែង​របស់​ពួកគេ ហើយ​ពួកគេ​ទាំងអស់​គ្នា​ពោរពេញ​ដោយ​ក្ដី​អំណរ ។ សូមអាន អាលម៉ា 17:2–4 ហើយ​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​ពី​ពួក​បុត្រា​នៃ​ម៉ូសាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បែប​ណា ។

  1. សូម​មើល អាលម៉ា 17:2–4 ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

    1. សូម​រាយ​នូវ​អ្វី​ដែល​ពួក​បុត្រា​នៃ​ម៉ូសាយ​បាន​ធ្វើ​ក្នុង​ការរៀបចំ ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធិភាព ហើយ​សូម​ពិពណ៌នា​អំពី​លទ្ធផល​នៃ​ការរៀបចំ​របស់​ពួកគេ ។

    2. សូម​ជ្រើសរើស​អ្វី​មួយ​ដែល​អ្នក​ផ្សព្វផ្សាយ​ទាំងនេះ​បាន​ធ្វើ ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​នៅក្នុង​ជីវិត​របស់​អ្នក ឬ ចារិត​លក្ខណៈ​មួយ​ដែល​អ្នក​ចង់​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។ សូម​សរសេរ​មួយ​កថាខណ្ឌ អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ ។

សូម​ពិចារណា ថាតើ​ញឹកញាប់​ប៉ុណ្ណា​ដែល​អ្នក​អធិស្ឋាន និង ស្រាវជ្រាវ​ព្រះគម្ពីរ​ដោយ​ផ្ទាល់​ខ្លួន និង ក្នុង​ក្រុមគ្រួសារ ហើយ​សូម​គិត​ពី​ឱកាស​ទាំងឡាយ​ដែល​អ្នក​មាន​ដើម្បី​តម​អាហារ ។ តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ការអនុវត្ត​ទាំងនេះ​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា « មាំមួន​នៅក្នុង​ការស្គាល់​ពី​សេចក្ដី​ពិត » ( អាលម៉ា 17:2 ) ?

ចេញពី​គំរូ​នៃ​ពួក​បុត្រា​នៃ​ម៉ូសាយ យើង​រៀន​ពី​គោលលិទ្ធិ​នេះ ៖ ដោយ​ការព្យាយាម​ពិចារណា​មើល​បទគម្ពីរ អធិស្ឋាន និង តម​អាហារ នោះ​យើង​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង បង្រៀន​ដោយ​ព្រះចេស្ដា ។ ដោយ​ការទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​រៀបចំ​បាន​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ទៀត ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​លោក​បាន​បង្រៀន​ដល់​ពួក​មនុស្ស​វ័យ​ក្មេង ពី​របៀប​ដែល​ពួកគេ​អាច​រៀបចំ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​រកមើល​របៀប​ជាក់លាក់​ទាំងឡាយ ដែល​អ្នក​អាច​រៀបចំ​ខ្លួន​អ្នក ដើម្បី​ចែកចាយ​ដំណឹងល្អ ដូច​ជា​ពួក​បុត្រា​នៃ​ម៉ូសាយ​បាន​ធ្វើ ។

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

« អ្នក​អាច​ពង្រីក​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​ដល់​ព្រះ ( សូមមើល គ. និង ស. 4:3 ) ហើយ​អ្នក​អាច​ចាប់ផ្ដើម​គិត​ដូច​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គិត អាន​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាន អធិស្ឋាន​ដូច​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អធិស្ឋាន និង មាន​អារម្មណ៍​ដូច​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន ។ អ្នក​អាច​ចៀសវាង​ពី​ឥទ្ធិពល​ខាង​លោកិយ ដែល​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​ចាកចេញ ហើយ​អ្នក​អាច​លូតលាស់​ដោយ​ទំនុកចិត្ត ការស្គាល់ និង ឆ្លើយតប​ចំពោះ​ការបំផុស​ខាង​ព្រះវិញ្ញាណ ។ មួយ​បន្ទាត់​ម្ដងៗ និង មួយ​សិក្ខាបទ​ម្ដងៗ បន្តិច​ឯ​នេះ បន្តិច​ឯ​នោះ នោះ​យូរៗ​ទៅ​អ្នក​អាច​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​អ្នក​សង្ឃឹម​ចង់​ប្រែ​ក្លាយ និង ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​ចង់​បាន ។ …

« ការប្រកាស​ដំណឹងល្អ … គឺ​មិនមែន​គ្រាន់តែ​ជា​សកម្មភាព​មួយ ដែល​យើង​ចូលរួម​ក្នុង​រយៈពេល​កំណត់​មួយ ឬ ជា​ការចាត់តាំង​មួយ ដែល​យើង​ត្រូវតែ​បំពេញ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះទេ ។ តែ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា គឺជា​ការបង្ហាញ​មួយ​ពី​អត្តសញ្ញាណ និង កេរដំណែល​ខាង​វិញ្ញាណ​របស់​យើង » ( “Becoming a Missionary” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 46–47 ) ។

រូបភាព
ពួក​យុវវ័យ​អាន​កូន​សៀវភៅ​យ៉ូសែប ស្ម៊ីធ

សូមអាន អាលម៉ា 17:9 ហើយ​គូស​បន្ទាត់​ពីក្រោម​អ្វី​ដែល​ពួក​បុត្រា​នៃ​ម៉ូសាយ​បាន​អធិស្ឋាន​សុំ ពេល​ពួកគេ​បាន​រៀបចំ​ដើម្បី​បម្រើ ។ សូមអាន អាលម៉ា 17:11 ហើយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ដល់​ពួកគេ ពី​របៀប​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​ទ្រង់ ។ ខ​ទាំងនេះ​បង្រៀន​ពី​គោលការណ៍​នេះ ៖ ដោយ​ការធ្វើ​ជា​គំរូ​ល្អ ជាពិសេស​ពេល​រងទុក្ខ​វេទនា នោះ​ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​ទ្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ស្ថានភាព​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​ជា​គំរូ​ល្អ ។ សូម​គិត​អំពី​កន្លែង​នៅ​សាលារៀន ស្ថានភាព​ទាំងឡាយ​នៅ​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ​អ្នក ឬ ជាមួយ​សាច់ញាតិ និង នៅក្នុង​សង្គម ​ដែល​ទាក់ទងដោយ​​ផ្ទាល់ ឬ នៅតាម​អ៊ិនធើរណិត ។ សូម​ពិពណ៌នា​ពី​របៀប​ដែល​អ្នក​នឹង​បង្ហាញ​គំរូ​ល្អ​មួយ នៅក្នុង​ស្ថានភាព​នោះ ។

នៅក្នុង​ស្ថានភាព​ខ្លះ វា​ពិបាក​នឹង​ធ្វើ​ជា​គំរូ​ល្អ ជាង​ស្ថានភាព​ផ្សេងទៀត ។ សូម​ក្រឡេកមើល​ពី​របៀប​ដែល​ពួក​សាសន៍​លេមិន​ត្រូវបាន​ពិពណ៌នា​នៅក្នុង អាលម៉ា 17:12–16 ហើយ​សូម​គិត​អំពី​មូលហេតុ​ដែល​ពួក​បុត្រា​នៃ​ម៉ូសាយ អាច​នឹង​មាន​ការលំបាក​ក្នុង​ការបង្រៀន​ក្នុង​ស្ថានភាព​នេះ ។

តើ​អ្នក​គិត​ថា ហេតុអ្វី​ពួក​បុត្រា​នៃ​ម៉ូសាយ​មាន​ឆន្ទៈ​នឹង​រងទុក្ខ​វេទនា ដើម្បី​ជួយ​ដល់​ប្រជាជន​មួយ​ដែល​ស្អប់​ពួក​សាសន៍​នីហ្វៃ​ទៅវិញ ? ដើម្បី​ជួយ​អ្នក​យល់​ពី​អ្វី​ដែល​ពួក​បុត្រា​នៃ​ម៉ូសាយ​សង្ឃឹម​នឹង​សម្រេច​បាន សូម​បំពេញ​ចន្លោះ ជាមួយ​នឹង​ពាក្យ​មួយ​ចេញពី អាលម៉ា 17:16 ៖ ពួក​បុត្រា​នៃ​ម៉ូសាយ​ចង់​ឲ្យ​ពួក​សាសន៍​លេមិន​ត្រូវបាន​នាំ​មកកាន់ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​ពួក​សាសន៍​លេមិន​ស្គាល់​ពី​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ធ្វើ​ជា​គំរូល្អ​ដល់​អ្នក​ដទៃ​ទៀត សូម​បំពេញ​កិច្ចការ​នេះ នៅក្នុង​រយៈពេល​ពីរបី​ថ្ងៃ ៖ សូម​សួរ​ដល់​សមាជិក​គ្រួសារ​ម្នាក់ ឬ មិត្តភក្ដិ​ម្នាក់​ឲ្យ​ប្រាប់​អ្នក ថាតើ​គំរូ​នៃ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​របស់​មនុស្ស​ម្នាក់ បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​យ៉ាងណា​នៅក្នុង​ជីវិត​គាត់ ។

អាលម៉ា 17:19–39

អាំម៉ូន​ក្លាយជា​អ្នក​បម្រើ​របស់​ស្ដេច​ឡាម៉ូណៃ ហើយ​បាន​រក្សា​ហ្វូង​ចៀម​ទ្រង់

ពេល​អ្នក​អាន អាលម៉ា 17:19–39 សូម​រកមើល​ថាតើ​អាំម៉ូន​បាន​បម្រើ​ស្ដេច​ឡាម៉ូណៃ និង ពួក​អ្នក​បម្រើ​របស់​ស្ដេច​ដោយ​របៀប​ណា ។ សូម​គិត​ពី​របៀប​ដែល​ការបម្រើ​របស់​អាំម៉ូន បាន​ជួយ​រៀបចំ​ពួក​សាសន៍​លេមិន​ឲ្យ​ទទួល​ដំណឹងល្អ ។ សូម​ដាក់​ផែនការ​ដើម្បី​ចែកចាយ​ពី​រឿង​របស់​អាំម៉ូន​រក្សា​ហ្វូង​ចៀម​របស់​ស្ដេច ជាមួយ​សមាជិក​គ្រួសារ​ម្នាក់ ឬ មិត្តភក្ដិ​ម្នាក់ ។ សូម​សង្កត់​ធ្ងន់​ទៅលើ​សេចក្ដី​ពិត​ដូច​តទៅ​នេះ ពេល​អ្នក​ចែកចាយ​ពី​រឿង​នោះ ៖ តាមរយៈ​ការបម្រើ យើង​អាច​ជួយ​រៀបចំ​អ្នក​ផ្សេងទៀត​ឲ្យ​ទទួល​ដំណឹងល្អ ។ សូម​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ​នោះ ពី​បុគ្គល​ម្នាក់​ដែល​អ្នក​ចង់​ជួយ​ឲ្យ​រឹងមាំ​ខាង​ព្រលឹង​វិញ្ញាណ ។ សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​បម្រើ​ដល់​បុគ្គល​នោះ ហើយ​ធ្វើ​ការសម្រេច​ចិត្ត​ពី​របៀប​ដែល​អ្នក​អាច​ផ្ដល់​ការបម្រើ​នោះ ។

អាលម៉ា 18

ភាព​ស្មោះត្រង់​របស់​អាំម៉ូន ធ្វើ​ឲ្យ​ស្ដេច​ឡាម៉ូណៃ​មាន​ការស្ងើច​សរសើរ ហើយ​អាំម៉ូន​បង្រៀន​ដំណឹងល្អ​ដល់​ស្ដេច

ពួក​អ្នក​បម្រើ​របស់​ស្ដេច​ឡាម៉ូណៃ​បានទូល​ទ្រង់ ពី​អ្វី​ដែល​អាំម៉ូន​បានធ្វើ នៅក្នុង​ការការពារ​ដល់​ហ្វូងចៀម​របស់​ស្ដេច ។ សូមអាន អាលម៉ា 18:4–6 ហើយ​រកមើល​ពី​ប្រតិកម្ម​របស់​ស្ដេច​ចំពោះ​អ្វី​ដែល​អាំម៉ូន​បាន​ធ្វើ ។

ពេលដែល​ស្ដេច​បាន​សួរ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា អាំម៉ូន​នៅឯណា នោះ​ពួកគេ​បាន​ទូល​ទ្រង់​ថា អាំម៉ូន​កំពុង​បំពេញ​នូវ​កិច្ចការ​អ្វី​មួយ​ពី​មុន​ការ​សុំ​របស់​ស្ដេច គឺ​រៀបចំ​សេះ​ឲ្យ​ទ្រង់ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​នីហ្វៃ ជា​កន្លែង​ដែល​បិតា​របស់​ស្ដេច​គង់​នៅ ។ សូមអាន អាលម៉ា 18:12–15 ហើយ​រកមើល​ពី​ឥទ្ធិពល​ដែល​ការបម្រើ​របស់​អាំម៉ូន បានមាន​ទៅលើ​ស្ដេច​ឡាម៉ូណៃ ។

រូបភាព
អាំម៉ូន​ការពារ​ហ្វូងចៀម​របស់​ស្ដេច​ឡាម៉ូណៃ

សូមអាន អាលម៉ា 18:16–21 ហើយ​រកមើល​ភស្ដុតាង ដែល​ព្រះអម្ចាស់​ដឹកនាំ​អាំម៉ូន កាលដែល​លោក​បាន​បង្រៀន​ស្ដេច​ឡាម៉ូណៃ ។ នៅក្នុង​ចន្លោះ​ដែល​ផ្ដល់​ឲ្យ សូម​សរសេរ​ពី​របៀប​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ជួយ​អាំម៉ូន​ក្នុង​ស្ថានភាព​នេះ ។

ពេល​អ្នក​អាន អាលម៉ា 18:22–32 សូម​រកមើល​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដ៏​ជាក់លាក់​ទាំងឡាយ ដែល​អាំម៉ូន​បានបង្រៀន​ដល់​ស្ដេច​ឡាម៉ូណៃ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​សេចក្ដី​ពិត​ទាំងនោះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ពេល​អាំម៉ូន​បាន​បង្រៀន លោក​បាន​ផ្អែក​លើ​ជំនឿ​ដែល​លោក និង ស្ដេច​ឡាម៉ូណៃ​មាន ។ ឡាម៉ូណៃ​ជឿ​លើ​ព្រះ​មួយ​អង្គ—ដែល​ទ្រង់​ហៅ​ថា ព្រះវិញ្ញាណ​ដ៏​មហិមា—ប៉ុន្តែ ទ្រង់​ពុំ​បាន​យល់​ពី​លក្ខណៈ​ដ៏​ពិត​នៃ​ព្រះ​នោះ​ទេ ។

សូមអាន អាលម៉ា 18:33–35 ហើយ​រកមើល​ពី​របៀប​ដែល​អាំម៉ូន​បាន​ឆ្លើយ ពេល​ដែល​ស្ដេច​បាន​សួរ​លោក បើសិនជា​លោក​ត្រូវបាន​បញ្ជូន​មក​ពី​ព្រះ ។

  1. ចេញ​ពី​ការសិក្សា​របស់​អ្នក​ពី អាលម៉ា 17–18 សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​សង្ខេប​ពី​អ្វី​ដែល​អាំម៉ូន​អាច​មាន​លទ្ធភាព​ធ្វើ​នៅក្នុង​ចំណោម​ពួក​សាសន៍​លេមិន ជាមួយ​នឹង​ជំនួយ​របស់​ព្រះ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅជិត អាលម៉ា 18:35 ៖ ពេល​យើង​បម្រើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ពង្រីក​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយតប​ចំពោះ​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​គោលការណ៍​មុននេះ នឹង​ជួយ​អ្នក​ក្នុង​ការទទួល​ខុសត្រូវ​របស់​អ្នក​ក្នុង​សាសនាចក្រ ក្នុង​ពេល​បច្ចុប្បន្ន និង ក្នុង​ពេល​អនាគត​យ៉ាងណា​ដែរ ?

    2. តើ​អ្នក​អាច​បម្រើ​ព្រះអម្ចាស់​ឲ្យ​កាន់តែ​ស្មោះត្រង់​ជាងមុន​ដោយ​របៀប​ណា ដើម្បី​ទ្រង់​អាច​ពង្រីក​សមត្ថភាព​របស់​អ្នកឲ្យ​​ធ្វើ​កិច្ចការ​របស់​ទ្រង់ ?

ដោយសារ​គំរូ និង ការបម្រើ​ដ៏​ស្មោះត្រង់​របស់​អាំម៉ូន នោះ​លោក​អាច​បង្រៀន​ដល់​ស្ដេច​ឡាម៉ូណៃ​ពី​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះវរបិតាសួគ៌ ។ សូម​ចងចាំ​ថា ស្ដេច​ឡាម៉ូណៃ​បាន​មាន​អារម្មណ៍​ថា​ខុស ចំពោះ​ឃាតកម្ម​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ( សូមមើល អាលម៉ា 18:4–6 ) ។ សូមអាន អាលម៉ា 18:36–43 ហើយ​រកមើល​ពី​របៀប​ដែល​អាំម៉ូន​បាន​បង្រៀន​ពី​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ដល់​ស្ដេច​ឡាម៉ូណៃ និង របៀប​ដែល​ស្ដេច​ឡាម៉ូណៃ​បាន​ឆ្លើយតប​ចំពោះ​ការបង្រៀន​ទាំងនេះ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ សំខាន់​ជា​ពិសេស ដើម្បី​ឲ្យ​ស្ដេច​ឡាម៉ូណៃ​យល់ ?

សូម​ពិចារណា ថាតើ​ការរៀន​ពី​គោលលទ្ធិ​ទាំងឡាយ​នៃ​ការបង្ក​បង្កើត ការធ្លាក់ និង ដង្វាយធួន អាច​ជួយ​ស្ដេច​ឡាម៉ូណៃ​ឲ្យ​ទទួល​ស្គាល់​ថា ទ្រង់​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដោយ​របៀប​ណា ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការបង្ក​បង្កើត ការធ្លាក់ និង ដង្វាយធួន ថា ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី

« ព្រឹត្តិការណ៍​ដ៏​ទេវភាព​ទាំងបី​នេះ—ជា​បង្គោល​ទាំងបី​នៃ​ភាពអស់កល្ប​ជានិច្ច—គឺ​ត្រូវបាន​វេញ​ត្បាញ​បញ្ចូល​គ្នា​ដោយ​មិន​អាច​បំបែក​បាន ទៅជា​កម្រាល​ប៉ាក់​ដ៏​មហិមា​មួយ ដែល​ត្រូវបាន​ស្គាល់​ថា​ជា ផែនការ​ដ៏​អស់កល្ប​ជានិច្ច​នៃ​សេចក្ដី​សង្គ្រោះ ។ យើង​មើលទៅ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ថា​ជា​ចំណុច​កណ្ដាល និង ជា​ស្នូល និង ជា​បេះដូង​នៃ​សាសនា​ដែល​បាន​បើកសម្ដែង​នេះ ។ វា​នាំ​ឲ្យ​មាន​នូវ​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស ។ សេចក្ដី​សង្គ្រោះ​គឺ​នៅក្នុង​ព្រះគ្រីស្ទ ។

« ប៉ុន្តែ បើ​ពុំ​មាន​ការធ្លាក់​ទេ នោះ​ក៏​ពុំ​មាន​ដង្វាយធួន​ដែរ ។ ការធ្លាក់​របស់​លោក​អ័ដាម បាននាំ​មក​នូវ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​ដល់​ពិភពលោក ហើយ​វា​គឺ​ចេញ​មក​ពី​សេចក្ដី​ស្លាប់​ទាំងនេះ​ហើយ ដែល​មនុស្ស និង គ្រប់​ទម្រង់​នៃ​ជីវិត ត្រូវបាន​​លោះ​ តាមរយៈ​ដង្វាយធួន ដែល​ធ្វើឡើង​បាន​ដោយ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​អ័ដាម​បាននាំ​មក​នូវ​ភាព​រមែង​ស្លាប់ ព្រះគ្រីស្ទ​បាននាំ​មក​នូវ​អមតភាព ។ សេចក្ដី​សង្គ្រោះ​បានមក ដោយសារតែ​ការធ្លាក់ និង ដង្វាយធួន ។

« ប៉ុន្តែ បើសិន​ជា​ផែនដី និង មនុស្ស និង របស់​ដែល​មាន​ជីវិត​ទាំងអស់ មិន​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ស្ថានភាព​សាច់ឈាម និង បរមសុខទេ គឺ​នៅក្នុង​ស្ថានភាព​នៃ​ភាពអមតៈហើយ នោះ​នឹង​ពុំ​អាច​មាន​ការធ្លាក់​នោះទេ ។ … ហេតុ​ដូច្នោះ​ហើយ សេចក្ដី​សង្គ្រោះ​ត្រូវបាន​ធ្វើ​ឲ្យ​មាន​ឡើង នៅក្នុង និង តាមរយៈ និង ដោយសារ​ការបង្ក​បង្កើត​ស្ថានសួគ៌​ទាំងឡាយ និង ផែនដី និង អ្វីៗ​ទាំងអស់​ដែល​នៅក្នុង និង នៅលើ​ស្ថានសួគ៌​ទាំងឡាយ និង ផែនដី​នោះ ។ សេចក្ដី​សង្គ្រោះ​បានមក​ដោយសារ​ការបង្ក​បង្កើត ការធ្លាក់ និង ដង្វាយធួន ទាំងបី​នេះ​គឺ​ជា​ផ្នែក​នីមួយៗ​នៃ​ផែនការ​ដ៏​ទេវភាព​មួយ » ( A New Witness for the Articles of Faith [1985] ទំព័រ 81–82 ) ។

ចេញពី​បទពិសោធន៍​របស់​ឡាម៉ូណៃ យើង​អាច​រៀន​ពី​សេចក្ដី​ពិត​នេះ ៖ ពេល​យើង​យល់​ថា​យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​មាន​បំណង​ដើម្បី​ប្រែចិត្ត ។

បញ្ចប់​មេរៀន​ថ្ងៃនេះ ដោយ​ការពិចារណា​ពី​អ្វី ដែល​អ្នក​អាច​ធ្វើ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ចងចាំ​ថា​អ្នក​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 17–18 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖