ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 30 ៖ ថ្ងៃ​ទី 3 អេធើរ 7–11


មេរៀនទី 30 ៖ ថ្ងៃ​ទី 3

អេធើរ 7–11

សេចក្តី​ផ្ដើម

ទោះ​បង​របស់​យ៉ារេឌ​ បាន​ព្យាករ​ថា ការបង្កើត​ស្ដេច​សាសន៍​យ៉ារេឌ​មួយ​អង្គ នឹង​នាំ​ទៅកាន់​សេវកភាព ក៏​ពាក្យ​សម្ដី​របស់​លោក​មិន​ត្រូវបាន​បំពេញ​ភ្លាមៗ​ដែរ ។ អូរៃហា ជា​ស្ដេច​ទីមួយ​របស់​ពួក​សាសន៍​យ៉ារេឌ បាន​គ្រប់គ្រង​ដោយ​ភាពសុចរិត ។ ទោះ​យ៉ាងណា មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ារេឌ បាន​ក្លាយ​ជា​ស្ដេច​ពីរ​ជំនាន់​ក្រោយមក ដោយ​ការបង្កើត​បក្សព័ន្ធ​សម្ងាត់​មួយ ។ អំឡុង​រជ្ជកាល​នៃ​ពួក​ស្ដេច​របស់​គេ នោះ​ពួក​សាសន៍​យ៉ារេឌ ​បាន​ឆ្លងកាត់​វដ្ដ​ជាច្រើន​នៃ​ការស្ដាប់​តាម​ពួក​ព្យាការី ហើយ​រស់នៅ​ក្នុង​ភាពសុចរិត និង ការបដិសេធ​ពួក​ព្យាការី ហើយ​រស់នៅ​ក្នុង​ភាពទុច្ចរិត ។

អេធើរ 7

កូរីហូរ​ដណ្ដើម​យក​នគរ​ពី​បិតា​របស់​គាត់ ស៊ូល​ជា​ប្អូនប្រុស​គាត់​បាន​ដណ្ដើម​យក​មកវិញ ហើយ​ពួក​ព្យាការី​ថ្កោលទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​នៃ​ប្រជាជន

​អ្នក​គិត​ថា តើមនុស្ស​ម្នាក់​អាច​មាន​អារម្មណ៍​យ៉ាងណា​ក្នុង​ការរស់នៅ​ក្នុង​សេវកភាព ? តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​គ្នា​ពី​ការដែល​ត្រូវបាន​ឃាត់ឃាំង ដោយសារ​តែ​ជម្រើស​មិន​ត្រឹមត្រូវ​ដែល​អ្នក​បាន​ធ្វើ​ដែរ​ឬ​ទេ ? សូម​រកមើល​ការយល់​ដឹង​បន្ថែម​ទៀត ពី​របៀប​ដែល​អ្នក​អាច​ចៀសវាង​ពី​សេវកភាព​ខាង​រូបកាយ និង ខាង​វិញ្ញាណ ពេល​អ្នក​សិក្សា អេធើរ 7–11 ។

រូបភាព
បុរស​នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង

ពេល​យ៉ារេឌ និង បង​លោក​ចាស់​ទៅ ពួក​សាសន៍​យ៉ារេឌ​បាន​ស្នើ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ ។ បង​របស់​យ៉ារេឌ ​បាន​ព្រមាន​ប្រជាជន​ថា ការមាន​ស្ដេច​មួយ​អង្គ​នឹង​នាំ​ទៅកាន់​សេវកភាព ( សូម​មើល អេធើរ 6:19–23 ) ។ ពួក​ព្យាការី​តែង​តែបាន​ព្យាករ​ទាស់​នឹង​សកម្មភាព​ទាំងឡាយ ដែល​នឹង​នាំ​ទៅកាន់​សេវកភាព​ខាង​រូបកាយ និង ខាង​វិញ្ញាណ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​ឧទាហរណ៍​មួយ ឬ ពីរ នៃ​សកម្មភាព​ដែល​ពួក​ព្យាការី​សម័យ​ទំនើប​ព្រមាន និង របៀប​ដែល​សកម្មភាព​ទាំងនោះ​អាច​នាំ​ទៅកាន់​សេវកភាព​ខាង​រូបកាយ និង ខាង​វិញ្ញាណ ។

ថ្វីបើ​មាន​ការព្រមាន​មកពី​បង​របស់​យ៉ារេឌ​ក៏​ដោយ ក៏​ប្រជាជន​បាន​ជ្រើសរើស​ស្ដេច​មួយ​អង្គដែរ ។ សូម​អាន អេធើរ 7:1–2 ដើម្បី​រៀន ថាបើ​ការព្យាករណ៍​នៃ​​បង​របស់​យ៉ារេឌ ​ត្រូវបាន​បំពេញ​នៅក្នុង​ជំនាន់​អូរៃហា ដែល​ជា​កូនប្រុស​របស់​យ៉ារេឌ ឬ យ៉ាងណា ។ ចូរ​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅកាន់​មនុស្ស​ម្នាក់ ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​របស់​ស្ដេច​អូរៃហា ហើយ​ពុំ​ជឿ​ថា ការព្យាករណ៍​របស់​បង​របស់​យ៉ារេឌ​នឹង​ត្រូវបាន​បំពេញ​នោះ ។

នៅក្នុង​ពីរ​ជំនាន់ ការព្យាករណ៍​នៃ​បង​របស់​យ៉ារេឌ ​ត្រូវបាន​បំពេញ ។ សូម​អាន អេធើរ 7:3–7 ហើយ​រកមើល ពី​របៀប​ដែល​ គិប និង ប្រជាជន​របស់​ទ្រង់​បាន​រស់នៅ​ក្នុង​សេវកភាព នៅ​ក្រោម ​កូរីហូរ ដែលជា​អ្នក​​មាន​បំណង​ប្រាថ្នា​ដ៏​អាត្មា​និយម​ចង់ធ្វើ​ជា​ស្ដេច នោះ​នាំ​ឲ្យ​ទ្រង់​បះបោរ​ទាស់​នឹង​បិតា​ទ្រង់​ផ្ទាល់ ។ សេវកភាព​នេះ គឺជា​លទ្ធផល​នៃ​ភាពអាត្មា​និយម និង ការបះបោរ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅកាន់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ពុំ​គោរព​ប្រតិបត្តិ​ដល់​ដំបូន្មាន​របស់​ពួក​ព្យាការី ប៉ុន្តែ​ពុំ​មាន​អារម្មណ៍​ដូចជា​ពួកគេ​ស្ថិត​នៅក្នុង​សេវកភាព​ខាង​វិញ្ញាណនោះ ។ ( នៅក្នុង​ចម្លើយ​របស់​អ្នក អ្នក​អាច​នឹង​ចង់​បញ្ចូល​គំនិត ដែលថា ពួក​អ្នក​ដែល​ជាប់​នៅក្នុង​សេវកភាព​ខាង​វិញ្ញាណ ជាញឹកញាប់ គឺ​ពួកគេ​ជា​មនុស្ស​ចុងក្រោយ​ដែល​ដឹង​ថា​ពួកគេ​នៅក្នុង​សេវកភាព ។ សូម​ផ្ដល់​នូវ​ស្ថានភាព​សម័យ​ទំនើប​មួយ ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្ថិត​នៅក្នុង​សេវកភាព​ខាង​វិញ្ញាណ ) ។

ផ្នែក​នេះ​នៃ​ប្រវត្តិសាស្ត្រ​របស់​ពួក​សាសន៍​យ៉ារេឌ បង្ហាញ​ពី​គោលការណ៍​ថា ការបដិសេធ​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នាំ​ទៅកាន់​សេវកភាព ។ សូម​សញ្ជឹង​គិត​ពី​របៀប​ទាំងឡាយ ដែល​អ្នក​អាច​នឹង​ជួប​បទពិសោធន៍​ពី​សេវកភាព​ខាង​វិញ្ញាណ ដោយសារ​តែ​ការមិន​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ ឬ ដំបូន្មាន​ដែល​ប្រកប​ដោយ​ការព្យាករណ៍ ។

ការបះបោរ​របស់ ​កូរីហូរ ​ទាស់​នឹង​ គិប ជា​បិតា​ទ្រង់ បាន​នាំ​ទៅកាន់​សេចក្ដី​វេទនា និង សង្គ្រាម​ជា​បន្ត​បន្ទាប់ ។ ពេល​ទ្រង់​មាន​វ័យ​ចាស់​ទៅហើយ​នោះ គិប​ បាន​មាន​បុត្រា​មួយ​ទៀត—គឺ​ ស៊ូល ។ ពេល​ ស៊ូល ​ធំឡើង លោក​បាន​ច្បាំង​ទាស់​នឹង ​កូរីហូរ ជា​បងប្រុស​បះបោរ​របស់​លោក ។

  1. សូម​ស្រម៉ៃ​ថា អ្នក​ជា​អ្នក​រាយការណ៍​ម្នាក់ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​​យក​ការណ៍​រឿង​របស់ ​ស៊ូល ។ សូម​អាន អេធើរ 7:8–13 ហើយ​សរសេរ​កថាខណ្ឌ​ខ្លី​មួយ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​រាយការណ៍​ពី​អ្វី​ដែល​អ្នក​នឹង​លើក​យក​មក​ជា​គោល នៅក្នុង​ការរាយ​ការណ៍​របស់​អ្នក​អំពី​ជីវិត​ ស៊ូល ។

ក្នុង​អំឡុង​រជ្ជកាល​របស់ ​ស៊ូល មាន​ពួក​ព្យាការី​ជា​ច្រើន បាន​មក​ក្នុង​ចំណោម​ប្រជាជន ហើយ​បាន​ព្រមាន​ពួកគេ​ពី​សេចក្ដី​ទុច្ចរិត​របស់​គេ ។ សូម​អាន អេធើរ 7:23–25 ហើយ​រកមើល​អ្វី​ដែល​ពួក​ព្យាការី​បាន​ព្យាករ និង របៀប​ដែល​ប្រជាជន​បាន​មាន​ប្រតិកម្ម​តប​វិញ ។ តើ ​ស៊ូល ​បាន​មាន​ប្រតិកម្ម​តប​យ៉ាង​ណា ? តើ​ការការពារ​របស់​ ស៊ូល​ ចំពោះ​ពួក​ព្យាការី បាន​ផ្ដល់​ពរ​ដល់​ប្រជាជន​របស់​ទ្រង់​យ៉ាង​ណា​ដែរ ?

សូម​អាន អេធើរ 7:26–27 ហើយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង ពេល​ប្រជាជន​គោរព​ប្រតិបត្តិ​ដល់​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ។ ស៊ូល « បាន​នឹកចាំ​ដល់​ការណ៍​ដ៍​ធំ​ទាំងឡាយ ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​អយ្យកោ​របស់​ទ្រង់ » ( អេធើរ 7:27 ) ។ ពេល​អ្នក​នឹកចាំ​ដល់​ការណ៍​ដ៏​ធំ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក នោះ​អ្នក​ទំនង​ជា​នឹង​មាន​នូវ​ការដឹងគុណ​ចំពោះ​ទ្រង់ ហើយ​រស់នៅ​ដោយ​សុចរិត ។

ព្រឹត្តិការណ៍​ទាំងនេះ​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​សំខាន់​មួយ ៖ ពេល​យើង​ប្រែចិត្ត​ពី​អំពើ​ទុច្ចរិត​របស់​យើង នោះ​យើង​ចាប់ផ្ដើម​ចម្រុង​ចម្រើន​ឡើង ។ ពាក្យ​ចម្រើន​ឡើង មាន​ន័យ​ថា « សេចក្ដី​សង្ឃឹម » ហើយ​ក៏​មាន​ន័យ​ផងដែរ​ថា « ជោគជ័យ » ហើយ​វា « ជា​ញឹកញាប់ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ន័យ​នៃ​ភាពជោគជ័យ​ខាង​សម្ភារ [ ប៉ុន្តែ ] វា​ពុំ​ចាំបាច់​តែ​មានន័យ​ថា ភាពបរិបូរណ៍​ខាង​ទ្រព្យសម្បត្តិ​ខាង​លោកិយ—ឬ ជា​ជីវិត​មួយ​ដែល​មាន​ភាពសុខស្រួល គ្មាន​បញ្ហា​នោះទេ ។ …

« ពួក​អ្នក​សុចរិត​ដ៏​ពិត​គឺ​បាន​ចម្រើន​ឡើង នៅក្នុង​ន័យ​ថា ពួកគេ​មាន​ទំនុក​ចិត្ត ដែល​ជំរុញ​សេចក្ដី​ជំនឿ​ឲ្យ​ទៅ​ជា​សកម្មភាព និង បង្កើត​កាលៈទេសៈ​ដ៏​មាន​ប្រយោជន៍​នានា ចេញ​ពី​កាលៈទេសៈ​ទាំងឡាយ​ដែល​មិន​សូវ​មាន​ផល ។ ពួកគេ​ពុំ​ចាំ​ព្រះអម្ចាស់​ប្រទាន ឬ ដកហូត​រង្វាន់​នោះទេ ប៉ុន្តែ​អំពាវនាវ​ដល់​ទ្រង់ ដើម្បី​បាន​ការដឹកនាំ​អំពី​អ្វី​ដែល​នឹង​ជា​ប្រយោជន៍​បំផុត​ដល់​ពួកគេ​វិញ ទាំង​ខាង​លោកិយ និង ខាង​វិញ្ញាណ ។ ការដឹកនាំ​បែបនោះ​អាច​នាំ​ទៅរក​ការផ្លាស់​ប្ដូរ​ការងារ ការផ្លាស់​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត ការទទួល​ការហ្វឹកហ្វឺន ឬ ជំនាញ​ថ្មីៗ ឬ ទទួល​យក​អ្វីៗ​ទៅតាម​នោះ ប៉ុន្តែ​ធ្វើការតាម​កម្រិត​សមត្ថភាព​របស់​មនុស្ស​ម្នាក់ ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​តាម​របៀប​ផ្សេងទៀត » ( Alan Webster, “I Have a Question” Ensign ខែ មេសា ឆ្នាំ 1990 ទំព័រ 52–53 ) ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ត្រូវបាន​ប្រទានពរ​យ៉ាងណា សម្រាប់​ការស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ?

    2. តើ​មាន​អ្វី​មួយ ដែល​អ្នក​អាច​ធ្វើ ដើម្បី​ស្ដាប់​ដល់​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ឲ្យ​បាន​កាន់តែ​ប្រសើរ និង ឲ្យ​សក្ដិសម​នឹង​ពរជ័យ​របស់​ព្រះអម្ចាស់ ?

អេធើរ 8:1–9:12

យ៉ារេឌ និង អ័គីស បាន​ក្លាយ​ជា​ស្ដេច​នៃ​សាសន៍​យ៉ារេឌ តាមរយៈ​បក្សព័ន្ធ​សម្ងាត់

សូម​អាន​បញ្ជី​តទៅ​នេះ ៖ តន្ត្រី​ដែល​អ្នក​ស្ដាប់, គំនិត​ដែល​អ្នក​រីករាយ​, របៀប​ដែល​អ្នក​ប្រព្រឹត្ត​នៅ​សាលា, រឿងកុន​ដែល​អ្នក​មើល, ឥរិយាបទ​នៃ​ការដើរ​លេង​ជា​គូ​របស់​អ្នក, សកម្មភាព​ទាំងឡាយ​ដែល​អ្នក​ធ្វើ​ជាមួយ​មិត្តភក្ដិ​អ្នក, អ្វី​ដែល​អ្នក​ធ្វើ​ ពេល​គ្មាន​មនុស្ស​ផ្សេងទៀត​នៅ​ជុំវិញ​អ្នក ។ ហេតុអ្វី​មនុស្ស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ទុច្ចរិត អាច​នឹង​ចង់​លាក់បាំង​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​មួយ ឬ ច្រើន​​ពី​មិត្តភក្ដិ ឪពុក​ម្ដាយ ឬ អ្នក​ដឹកនាំ​របស់​គេដូច្នេះ ? តើ​អ្វី​ជា​គ្រោះថ្នាក់ ក្នុង​ការចូលរួម​ក្នុង​សកម្មភាព​សម្ងាត់​ដែល​មិន​សុចរិត​ទាំងឡាយ ?

យោង​តាម អេធើរ 8 អូមើរ​ បាន​ក្លាយ​ជា​ស្ដេច​ បន្ទាប់​ពី​ ស៊ូល​ បាន​សុគត​ទៅ ប៉ុន្តែ​យ៉ារេឌ ជា​បុត្រា​របស់​អូមើរ « បាន​បះបោរ​ប្រឆាំង​នឹង​បិតា​ខ្លួន » ( អេធើរ 8:2 ) ហើយ « ភ្ជាប់​ចិត្ត​លោក​ទៅលើ​នគរ និង ទៅលើ​សេចក្ដី​រុងរឿង​នៃ​លោកិយ » ( អេធើរ 8:7 ) ។ កូនស្រី​របស់​ យ៉ារេឌ​ បាន​ផ្ដល់​យោបល់​ពី​ផែនការ​មួយ​ដល់​ឪពុក​នាង ដែល​នឹង​យក​នគរ​ឲ្យ​លោក​វិញ ។ នាង​ជា​ស្ត្រី​ស្រស់​ស្អាត ហើយ​ពេល​នាង​រាំ​ពីមុខ​បុរស​ម្នាក់​ឈ្មោះ​ អ័គីស គាត់​ចង់​រៀបការ​នឹង​នាង ។ យ៉ារេឌ ​បាន​ប្រាប់​អ័គីស​ថា គាត់​នឹង​រៀបការ​កូនស្រី​​​ឲ្យ « បើសិន​ជា​អ្នក​នាំ​មកឲ្យ​ខ្ញុំនូវ​ព្រះសិរ​របស់​បិតា​ខ្ញុំ ​ជា​ស្ដេច » នោះ ( អេធើរ 8:12 ) ។ អ័គីស​ បាន​ចូល​ទៅក្នុង​បក្សព័ន្ធ​សម្ងាត់​ជាមួយ​នឹង​មិត្តភក្ដិ​គាត់ ដើម្បី​សម្លាប់​ស្ដេច​ អូមើរ ។ បក្សព័ន្ធ​សម្ងាត់ គឺ​ពេល​ដែល​មនុស្ស​ពីរនាក់ ឬ ច្រើន ធ្វើ​សម្បថ​ថា​ នឹង​រក្សា​ទង្វើ​មិន​សុចរិត​របស់​ពួកគេ​ជា​សម្ងាត់ ដើម្បី​ចៀសវាង​ពី​ផល​វិបាក​​នៃ​សកម្មភាព​របស់​គេ ។

សូម​អាន អេធើរ 8:15–18 ហើយ​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​ពី​ការជំរុញ និង វិធីសាស្ត្រ​មួយ​ចំនួន ដែល​នៅ​ពីក្រោយ​ខ្នង​ពួក​អ្នក​ដែល​ឱប​ក្រសោប​យក​ពួក​បក្សព័ន្ធ​សម្ងាត់ ។

  1. សូម​ឆ្លើយ​សំណួរ​ពីរ ឬ ច្រើន​​ដែល​នៅ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ចូលរួម​ក្នុង​បក្សព័ន្ធ​សម្ងាត់ដូច្នេះ ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​គឺជា​ការវិនាស​ខាង​វិញ្ញាណ ពេលជឿ​ថា អ្នក​អាច​ធ្វើ « អំពើ​ទុច្ចរិត … គ្រប់​បែប​យ៉ាង » ( អេធើរ 8:16 ) ឬ « កិច្ចការ​ណា » ដែល​អ្នក​ចង់​ធ្វើ ( អេធើរ 8:17 ) ដោយ​ពុំបាច់​ប្រឈម​មុខ​នឹង​លទ្ធផល​នោះ ?

    3. តើ​ឃ្លា​ណា​មួយ នៅក្នុង អេធើរ 8:18 ដែល​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាងណា ចំពោះ​បក្សព័ន្ធ​សម្ងាត់ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បក្សព័ន្ធ​បែបនោះ ​ត្រូវបាន​ហៅ​ថា « ទុច្ចរិត​លើស​អ្វីៗ​ទាំងអស់ » ?

សូម​អាន អេធើរ 8:20–22, 25 និង អេធើរ 9:5–6, 11–12 ហើយ​រកមើល​លទ្ធផល​ទាំងឡាយ​នៃ​ការគាំទ្រ​ដល់​បក្សព័ន្ធ​សម្ងាត់ ។ សូម​សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន ៖

សេចក្ដី​ពិត​មួយ​ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំងឡាយ ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ខ​ទាំងនេះ គឺ ៖ ការគាំទ្រ​ដល់​បក្សព័ន្ធ​សម្ងាត់ នាំ​ទៅរក​សេចក្ដី​វិនាស​ហិនហោច​នៃ​បុគ្គល​ម្នាក់ៗ និង សង្គម ។

មរ៉ូណៃ​បាន​ផ្អាក​ក្នុង​ការសរសេរ​អំពី​សង្គ្រាម​នៃ​ពួក​សាសន៍​យ៉ារេឌ ដើម្បី​និយាយ​មកកាន់​យើង ។ សូម​អាន អេធើរ 8:23–24, 26 ហើយ​រកមើល​របៀប​ដែល​មរ៉ូណៃ​បាន​លើក​ទឹកចិត្ត​ប្រជាជន​នៃ​ជំនាន់​របស់​យើង ​ឲ្យ​អនុវត្ត​ការព្រមាន​របស់​លោក អំពី​បក្សព័ន្ធ​សម្ងាត់ ។

សូម​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ជាតិ​សាសន៍ សង្គម ឬ ក្រុម​មួយ គឺជា « ស្ថានការ​ដ៏​ស្ងែង​ខ្លាច » មួយ ( អេធើរ 8:24 ) ពេលដែល​វា​មាន​បក្សព័ន្ធ​សម្ងាត់​នៅក្នុង​នោះ ? តើ​ភាពសម្ងាត់​ផ្ដល់​អំណាច​ដល់​ក្រុម​បក្សព័ន្ធ​សម្ងាត់​ទាំងនេះ យ៉ាង​ដូច​ម្ដេច​ដែរ ? តើ​ការដឹង​សេចក្ដី​ពិត​ពី​បក្សព័ន្ធ​សម្ងាត់ អាច​ជួយ​មនុស្ស​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការអាក្រក់​នេះ​យ៉ាង​ដូច​ម្ដេច​ខ្លះ ?

  1. សូម​ត្រឡប់​ទៅ​មើល​បញ្ជី​នៃ​សកម្មភាព​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ខាងដើម​ផ្នែក​នេះ​នៃ​មេរៀន ។ ទោះ​ជា​យ៉ាង​ណា​ការជ្រើសរើស​មិន​សុចរិត នៅក្នុង​ចំណោម​ចំណុច​ទាំងនេះ​នៅក្នុង​ជីវិត​អ្នក ពុំ​ចាំបាច់​​ចាត់​ជា​បក្សព័ន្ធ​សម្ងាត់ទេ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ពី​ការជ្រើសរើស​ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ ដែល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា ត្រូវ​រក្សា​ការសម្ងាត់​ពី​អ្នក​ផ្សេងទៀត ។

អេធើរ 9:13–11:23

ស្ដេច​មួយ​យក​ជ័យ​ជំនះ​លើ​ស្ដេច​មួយ​ទៀត—ខ្លះ​សុចរិត ខ្លះ​ទុច្ចរិត

ដូច​មាន​កត់ត្រា​នៅក្នុង អេធើរ 9–11 មាន​ស្ដេច​ជា​ច្រើន​បាន​គ្រង​រាជ្យ​លើ​ពួក​សាសន៍​យ៉ារេឌ ខ្លះ​នៅក្នុង​ភាពសុចរិត និង ខ្លះ​ទៀត​នៅក្នុង​ភាពទុច្ចរិត ។ សូម​អាន អេធើរ 9:26–35 ( ក្នុង​រជ្ជកាល​ ហេត ) និង អេធើរ 11:1–8 ( ក្នុង​រជ្ជកាល​ កុម និង ស៊ិបឡោម ) រកមើល​ភស្ដុតាង​នៃ​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​គោលការណ៍​ដែល​ថា ការបដិសេធ​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នាំ​ទៅរក​សេវកភាព ដែល​បាន​ពិភាក្សា​ពីមុន​នៅក្នុង​មេរៀន​នេះ ។

រូបភាព
ម្កុដ​ដាំ​ត្បូង

សូម​រំឭកឡើង​វិញ​ពី​របៀប​ដែល​អ្នក​បាន​គិត ពី​ការស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ នា​ថ្ងៃ​ខាងមុខ​នេះ សូម​ធ្វើតាម​គោលដៅ​នេះ ហើយ​ស្វែងរក​ឱកាស​នានា ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 7–11 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖