ថ្នាក់​សិក្ខាសាលា
មេរៀនទី 23 ៖ ថ្ងៃទី 1 ហេលេមិន 10


មេរៀនទី 23 ៖ ថ្ងៃទី 1

ហេលេមិន 10

សេចក្តីផ្ដើម

បន្ទាប់ពី​រឿងក្ដី​ពី​ការធ្វើ​ឃាត​មេចៅក្រម​ត្រូវបាន​បញ្ចប់​ហើយ ( សូម​មើល ហេលេមិន 7–9 ) នីហ្វៃ​បាន​ចាប់ផ្ដើម​វិលត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ ។ លោក​បាន​សញ្ជឹងគិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​លោក ហើយ​ក៏​ព្រួយ​បារម្ភ​ពី​ភាពទុច្ចរិត​របស់​ប្រជាជន​ផងដែរ ។ នៅក្នុង​គ្រា​នៃ​ការបាក់​ទឹកចិត្ត​របស់​នីហ្វៃ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​លោក ហើយ​បាន​ប្រទានពរ​ដល់​លោក​ជាមួយ​នឹង​អំណាច​នៃ​ការផ្សារភ្ជាប់​ជា​រៀងរហូត ។ ព្រះអម្ចាស់​បាន​បញ្ជា​នីហ្វៃ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​ការប្រែចិត្ត​ដល់​ប្រជាជន ដែល​ជា​ការបញ្ជា​មួយ​ដែល​នីហ្វៃ​បាន​គោរពតាម​ភ្លាមៗ ។

ហេលេមិន 10:1–11

នីហ្វៃ​ទទួល​អំណាច​នៃ​ការផ្សារ​ភ្ជាប់

សូម​គិត​ពី​ពេល​មួយ ដែល​អ្នក​បាន​ព្យាយាម​អស់ពី​សមត្ថភាព​អ្នក ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ប៉ុន្តែ​ប្រតិកម្ម​ដែល​អ្នក​បានទទួល​មក​ពី​អ្នក​ផ្សេងទៀត ឬ លទ្ធផល​ដែល​អ្នក​ទទួល គឺ​ខុស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក ។ នៅក្នុង ហេលេមិន 10 អ្នក​នឹង​អាន​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​នីហ្វៃ ពេល​លោក​បន្ត​ស្មោះត្រង់​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​ទាំងឡាយ ។

បន្ទាប់​ពី​បាន​ជ្រះ​ស្រឡះ​ពី​ឃាតកម្ម​របស់​មេចៅក្រម​ហើយ នីហ្វៃ​បានឃើញ​ថា ប្រជាជន​ពុំ​បាន​ឆ្លើយតប​មក​វិញ​នៅក្នុង​សេចក្ដី​ជំនឿ ហើយ​ប្រែចិត្ត​បន្ទាប់ពី​ពួកគេ​បាន​ឃើញ​នូវ​ហេតុការ​ដ៏​អស្ចារ្យ​ដែល​មាន​ក្នុង ហេលេមិន 9 នោះទេ ។ នីហ្វៃ​បាន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ។ សូម​អាន ហេលេមិន 10:1–3 ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​សញ្ជឹង​គិត ពេល​លោក​បាន​ដើរ​ទៅ​ផ្ទះ​វិញ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ​សញ្ជឹងគិត រាល់​ដង​ដែល​ឃើញ​វា​នៅក្នុង​ខ​ទាំងនេះ ។ សញ្ជឹងគិត​មាន​ន័យ​ថា ភាវនា ហើយ​គិត​យ៉ាង​ជ្រៅ ជាញឹកញាប់​ទៅលើ​បទគម្ពីរ ឬ ការណ៍​ផ្សេងៗ​ទៀត​របស់​ព្រះ ។ ពេល​រួម​បញ្ចូល​ជាមួយ​នឹង​ការអធិស្ឋាន ការសញ្ជឹង​គិត​ពី​ការណ៍​ទាំងឡាយ​នៃ​ព្រះ អាច​នាំមក​នូវ​វិវរណៈ ហើយ​បង្កើន​នូវ​ការយល់​ដឹង ។

សូម​គិត​ពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នីហ្វៃ​សញ្ជឹង​គិត​ពី​អ្វី ?

  • ហេតុអ្វី​លោក​មាន​អារម្មណ៍ « ទន់ខ្សោយ » ឬ ព្រួយ ?

  • តើ​អ្វី​បាន​កើតឡើង ពេល​លោក​កំពុង​សញ្ជឹង​គិត​នោះ ?

គោលការណ៍​មួយ​ដែល​មាន​ក្នុង ហេលេមិន 10:1–3 គឺ ៖ ការសញ្ជឹង​គិត​ពី​ការណ៍​ទាំងឡាយ​នៃ​ព្រះអម្ចាស់ រៀបចំ​យើង​ឲ្យ​ទទួល​វិវរណៈ ។ គំរូ​ផ្សេងៗ​ទៀត​នៅក្នុង​ព្រះគម្ពីរ ក៏​បង្ហាញ​ពី​គោលការណ៍​នេះ​ផងដែរ ៖ នីហ្វៃ​បាន​សញ្ជឹងគិត​លើ​ការណ៍​ទាំងឡាយ​ដែល​លីហៃ ជា​ឪពុក​របស់​លោក​បាន​បង្រៀន ហើយ​បាន​រៀន​ពី​សេចក្ដី​ពិត​ពេញលេញ​របស់​ការណ៍​ទាំងនោះ ( សូម​មើល នីហ្វៃទី1 10:17; 11:1 ) យុវជន យ៉ូសែប ស្ម៊ីធ « ពិចារណា​គិត … ម្ដង​ហើយ​ម្ដង​ទៀត » ទៅលើ យ៉ាកុប 1:5 ហើយ​បាន​ទទួល​ការបើក​សម្ដែង​ពី​សេចក្ដី​ពិត​ដល់​លោក ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:11–19 ) ហើយ​ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បាន​សញ្ជឹងគិត និង ពិចារណា​លើ​បទគម្ពីរ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការប្រោសលោះ​មនុស្ស​ស្លាប់ ហើយ​បាន​ទទួល​ការបើក​សម្ដែង​ពី​សេចក្ដី​ពិត​ដល់​លោក ( សូម​មើល គ. និង ស. 138:1–6, 11 ) ។

ទោះយ៉ាងណា វិវរណៈ​ភាគច្រើន​បំផុត​ដែល​មនុស្ស​ទទួល​បាន នៅពេល​សញ្ជឹងគិត​ពី​ការណ៍​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ពុំបាន​មក​តាមរយៈ​ការឮ​សំឡេង ឃើញ​ការនិមិត្ត ឬ តាម​របៀប​ដ៏​អស្ចារ្យ​ផ្សេងៗ​ទៀត​នោះទេ ។ អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

« វិវរណៈ​ទាំងឡាយ​ត្រូវបាន​បញ្ជូន​មក​ដោយ​របៀប​ផ្សេងៗ ជា​ឧទាហរណ៍ រួមមាន ការសុបិន្ដ ការនិមិត្ត ការសន្ទនា​ជាមួយ​ទូត​ពី​សួគ៌ា និង ការបំផុស​គំនិត ។ វិវរណៈ​មួយ​ចំនួន​ត្រូវបាន​ទទួល​ភ្លាមៗ និង ខ្លាំងក្លា ខ្លះទៀត​ត្រូវបាន​ស្គាល់​បន្តិច​ម្ដងៗ និង ល្អិតល្អន់ ។ …

« … ថ្មីៗ​បំផុត​នេះ វិវរណៈ​បានមក​ជា​ផ្នែក​តូចៗ​ជា​ច្រើន​ដង ហើយ​ត្រូវបាន​ប្រទាន​ឲ្យ​ទៅតាម​បំណង​ប្រាថ្នា ភាពសក្ដិសម និង ការរៀបចំ​របស់​យើង ។ ទំនាក់ទំនង​បែបនោះ ដែល​មក​ពី​ព្រះវរបិតាសួគ៌ ‹ ចុះ​មក​លើ [ ព្រលឹង​របស់​យើង ] ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ › ( គ. និង ស. 121:45 ) ។ គំរូ​នៃ​វិវរណៈ​បែបនេះ ទំនង​ជា​ការធម្មតា​ជាជាង​ការកម្រ ហើយ​ជាក់ស្ដែង​នៅក្នុង​បទពិសោធន៍​ទាំងឡាយ​របស់​នីហ្វៃ ពេលដែល​លោក​បាន​ព្យាយាម​វិធី​ផ្សេងៗ​មួយ​ចំនួន មុនពេល​ទទួល​បាន​ជោគជ័យ​ក្នុង​ការយក​បាន​នូវ​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ( សូម​មើល នីហ្វៃទី1 3–4 ) ។ …

« … សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើងវិញ មិន​ត្រូវបាន​បញ្ជូន​មក ព្យាការី យ៉ូសែប ស៊្មីធ ម្ដង​ទាំងអស់​នៅក្នុង​ព្រៃ​ពិសិដ្ឋ​នោះទេ ។ រតនៈ​សម្បត្តិ​ដ៏​មិន​អាច​កាត់ថ្លៃ​បាន​ទាំងនេះ ត្រូវបាន​បើក​សម្ដែង​ពេលដែល​កាលៈទេសៈ​ទាំងឡាយ​ផ្ដល់ឲ្យ និង ក្នុង​ពេលវេលា​ត្រឹមត្រូវ ។

« ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បានពន្យល់​ពី​របៀប​ដែល​គំរូ​នៃ​វិវរណៈ​នេះ បាន​កើតឡើង​នៅក្នុង​ជីវិត​លោក ៖ ‹ កាលនៅ​ពី​ក្មេង … ជាញឹកញាប់ ខ្ញុំ​នឹង … សុំ​ដល់​ព្រះអម្ចាស់ ឲ្យ​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការណ៍​ដ៏​អស្ចារ្យ​មួយ​ចំនួន ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ដកហូត​ការណ៍​អស្ចារ្យ​ទាំងនោះ​ពី​ខ្ញុំ ហើយ​បាន​បង្ហាញ​ខ្ញុំ​នូវ​សេចក្ដី​ពិត​មួយ​បន្ទាត់​ម្ដងៗ … រហូត​ដល់​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​សេចក្ដី​ពិត ចាប់តាំង​ពី​ម្កុដ​នៃ​ក្បាល​ខ្ញុំ រហូត​ដល់​បាត​ជើង​ខ្ញុំ ហើយ​រហូត​ដល់​សេចក្ដី​សង្ស័យ និង ការភ័យខ្លាច​ត្រូវបាន​ជម្រះ​ចេញពី​ខ្ញុំ​ទាំងស្រុង ។ … › ( នៅ​ក្នុង Conference Report ខែ មេសា ឆ្នាំ 1900 ទំព័រ 40–41 ) ។

« ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​មាន​ទំនោរ​យ៉ាងខ្លាំង​ក្នុង​ការសង្កត់​ធ្ងន់​លើ​ការបើក​សម្ដែង​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង រំជើបរំជួល ដែល​យើង​អាច​នឹង​ភ្លាត់ភ្លេច​ក្នុង​ការដឹង​គុណ និង សូម្បី​តែ​អាច​នឹង​មើល​រំលង​នូវ​គំរូ​ដែល​ជា​ទម្លាប់ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រេច​នូវ​កិច្ចការ​របស់​ទ្រង់ » ( “The Spirit of Revelation” Ensignលីអាហូណា ខែ ឧសភាព ឆ្នាំ 2011 ទំព័រ 88 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ពេល​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ តើ​កាលៈទេសៈ​អ្វី​ខ្លះ ដែល​បាន​នាំ​មក​នូវ​វិវរណៈ​នោះ ? តើ​ការសញ្ជឹងគិត​បាន​ជួយ​អ្នក​ទទួល​វិវរណៈ​ដូច​ម្ដេច​ដែរ ? ( សូម​ចងចាំ​ថា វិវរណៈ​អាច​មក​តាម​របៀប​ជា​ច្រើន ។ វា​អាច​នឹង​រួមបញ្ចូល​គ្រា​នៃ​ការបំភ្លឺ និង ការយល់ដឹង​ដែល​កើតឡើង​ភ្លាមៗ ឬ បន្តិច​ម្ដងៗ ឬ អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង ការធានា​អះអាង ) ។

រូបភាព
ក្មេងស្រី​នៅ​ដើមឈើ

សូម​ញែក​ពេល​ដើម្បី​សញ្ជឹងគិត​ជា​ទៀងទាត់​នៅក្នុង​ជីវិត​អ្នក ដូចជា​អំឡុង​ការប្រជុំ​នៅ​ព្រះវិហារ មុនពេល និង ក្រោយពេល​ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន បន្ទាប់ពី​មើល ឬ ស្ដាប់​សន្និសីទ្ធ​ទូទៅ ខណៈពេល​តម​អាហារ ឬ ខណៈ​កំពុង​គោរព​ដល់​ថ្ងៃ​បរិសុទ្ធ ។

សូម​ស្រមៃ​ថា អ្នក​មាន​អ្វី​មួយ​ដែល​មាន​តម្លៃ​ក្រៃលែង​ចំពោះ​អ្នក ហើយ​អ្នក​ត្រូវ​ទុក​វា​នៅ​នឹង​នរណា​ម្នាក់​ផ្សេងទៀត​ឲ្យ​គេ​ថែរក្សា ។ តើ​នរណា​ដែល​អ្នក​នឹង​ទុកចិត្ត​ឲ្យ​ថែរក្សា​វា ? ហេតុអ្វី​អ្នក​ជ្រើសរើស​បុគ្គល​នោះ ? តើ​មនុស្ស​ម្នាក់​នោះ​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អ្នក​ទុកចិត្ត ?

សូម​អាន ហេលេមិន 10:4–5 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ទុក​ព្រះទ័យ​លើ​នីហ្វៃ ។ គ្មាន​នឿយ​ហត់ មានន័យ​ថា « មិនដែល​ធុញទ្រាន់​ឡើយ » ។ សូម​សញ្ជឹងគិត​ពី​គំរូ​ទាំងឡាយ​របស់​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​ហាក់ដូចជា​បម្រើ​ព្រះអម្ចាស់ ដោយ​គ្មាន​នឿយ​ហត់ មិនថា​នៅក្នុង​កាលៈទេសៈ​បែប​ណា​នោះទេ ។

ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ​នីហ្វៃ នៅក្នុង ហេលេមិន 10:4 បង្រៀន​គោលការណ៍​នេះ ៖ ព្រះអម្ចាស់​ទ្រង់​ផ្ទុកផ្ដាក់​លើ​យើង​នូវ​ពរជ័យ និង ការទទួល​ខុសត្រូវ​ទាំងឡាយ ពេលដែល​យើង​ដាក់​ព្រះបំណង​របស់​ទ្រង់​មុន​បំណង​ប្រាថ្នា​របស់​យើង ។

  1. សូម​ឆ្លើយតប​ចំពោះ​សំណួរ​នៅ​ខាងក្រោម​មួយ ឬ ច្រើន​ជាង​នោះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​អ្នក​បានស្គាល់​ពី​អ្វី​ដែល​ជា​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ជីវិត​អ្នក ?

    2. តើ​អ្នក​បាន​ធ្វើ​អ្វី​នៅក្នុង​ជីវិត​អ្នក​ថ្មីៗ​នេះ ដើម្បី​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា ព្រះបំណង​របស់​ទ្រង់​គឺ​សំខាន់​ជាង​បំណង​របស់​អ្នក​ផ្ទាល់ ហើយ​ថា​វា​ជា​អ្វី​ដែល​អ្នក​ចង់​ធ្វើតាម​គ្រប់​ពេល​ទាំងអស់​នោះ ?

    3. តើ​អ្វី​ជា​ចំណុច​មួយ​ក្នុង​ជីវិត​អ្នក ដែល​អ្នក​អាច​ខិតខំ ហើយ​ធ្វើ​តាម​ព្រះបំណង​របស់​ព្រះអម្ចាស់​ឲ្យ​បាន​កាន់តែ​ប្រសើរ ជាជាង​ធ្វើតាម​បំណង​របស់​អ្នក​ផ្ទាល់​នោះ ?

សូម​អាន ហេលេមិន 10:5–7 ហើយ​រកមើល​ពរជ័យ និង ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​នីហ្វៃ សម្រាប់​ភាពគួរ​ឲ្យ​ទុកចិត្ត​នោះ ។ សូម​សរសេរ​ពរជ័យ និង ការសន្យា​ទាំងឡាយ​នៅ​បន្ទាប់ពី​ខ​ដែល​សមស្រប ៖

ខ 5 ៖

ខ 6 ៖

ខ 7 ៖

ពរជ័យ​ដែល​មាន​នៅក្នុង ហេលេមិន 10:7 គឺជា​គោលលទ្ធិ​សំខាន់​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ អំណាច​នៃ​ការផ្សារ​ភ្ជាប់ ចងភ្ជាប់ និង ស្រាយ​នៅលើ​ផែនដី និង នៅ​ស្ថានសួគ៌ ។ តើ​អ្នក​មាន​ស្គាល់​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ ដែល​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណាច​នៃ​ការភ្ជាប់​ដែរឬ​ទេ ? អ្នក​អាច​នឹង​ចង់​ធ្វើ​ការយោង ហេលេមិន 10:7 ជាមួយ​នឹង​បទគម្ពីរ​តទៅ​នេះ ៖ ពង្សាវតារក្សត្រ ទី1 17 ( អេលីយ៉ា ) ម៉ាថាយ 16:15–19 ( ពេត្រុស ) គោលលទ្ធិ និង សេចក្ដី​សញ្ញា 132:46 ( យ៉ូសែប ស៊្មីធ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ប៊ីន ស្វីតហ្សឺឡែន

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 128:9 ហើយ​រកមើល​ពី​អ្វី​ដែល ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី​អំណាច​នៃ​ការផ្សារ​ភ្ជាប់ ។

កូនសោ​នៃ​អំណាច​នៃ​ការភ្ជាប់​ដដែល​នេះ ត្រូវបាន​កាន់​ដោយ​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដូច​ជា​ព្រះអម្ចាស់​អាច​ទុក​ព្រះទ័យ​លើ​នីហ្វៃ​ដែរ ព្រះអម្ចាស់​ក៏​ជ្រាប​ផងដែរ​ថា ប្រធាន​នៃ​សាសនាចក្រ​នឹង​មិន​ប្រើ​អំណាច​នេះ​នៅក្នុង​របៀប​ណា​ក៏​ដោយ​ដែល​ផ្ទុយ​ពី​ព្រះបំណង​របស់​ទ្រង់​នោះទេ ។ សិទ្ធិ​អំណាច​នៃ​ការភ្ជាប់​នេះ ត្រូវបាន​ផ្ទេរ​ទៅ​អ្នក​កាន់​បព្វជិតភាព​ដែល​សក្ដិសម​ផ្សេងៗ​ទៀត​នៅជុំ​វិញ​ពិភពលោក ដែល​ធ្វើ​ឲ្យ​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​បាន​ចងភ្ជាប់​នៅលើ​ផែនដី និង នៅ​ស្ថានសួគ៌ ។

សូម​គិត​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ អែលឌើរ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ទាក់ទង​នឹង​សារសំខាន់​នៃ​អំណាច​នៃ​ការភ្ជាប់​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី

« អ្វីៗ​ទាំងអស់​ដែល​ពុំ​បាន​ភ្ជាប់​ដោយ​អំណាច​នេះ មាន​ទីបញ្ចប់​មួយ ពេល​ដែល​មនុស្ស​ស្លាប់​ទៅ ។ លើកលែង​តែ​បុណ្យ​ជ្រមុជ​ទឹក​មួយ​មាន​នូវ​ការភ្ជាប់​ដ៏​ឋិតឋេរ​នេះ បើ​មិន​ដូច្នោះ​ទេ វា​នឹង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល​បាន​នោះទេ ហើយ​លើកលែង​តែ​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មួយ​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​អំណាច​នេះ បើ​មិន​ដូច្នោះ​ទេ វា​នឹង​មិន​ទទួល​យក​អ្នក​ដែល​ចូលរួម​ទាំងនោះ​ទៅកាន់​ការលើក​តម្កើង​នៅក្នុង​ស្ថានសួគ៌​ដ៏​ខ្ពស់​បំផុត​នៅក្នុង​នគរ​សេឡេស្ទាល​នោះទេ ។

« គ្រប់​ការណ៍​ទាំងអស់​ទទួល​បាន​នូវ​កម្លាំង និង សុពលភាព​ដ៏​ស្ថិតស្ថេរ​មួយ ដោយសារ​តែ​អំណាច​នៃ​ការភ្ជាប់​នេះ​ឯង » ( Mormon Doctrine 2nd ed. [1966] ទំព័រ 683 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោងតាម អែលឌើរ ម៉ាក់ខន់ឃី តើ​អ្វី​កើតឡើង ប្រសិនបើ​ពិធី​បរិសុទ្ធ​មួយ​មិន​ត្រូវបាន​ភ្ជាប់​ដោយ​សិទ្ធិ​អំណាច​ដ៏​ត្រឹមត្រូវ​ទេ​នោះ ?

    2. តើ​អំណាច​នៃ​ការភ្ជាប់​បាន​ប៉ះពាល់​ដល់​ជីវិត​អ្នក​យ៉ាងណា​ដែរ ហើយ​តើ​អ្នក​ចង់​ឲ្យ​វា​ផ្ដល់​ពរជ័យ​យ៉ាងណា ដល់​ជីវិត​អ្នក​នៅក្នុង​ពេល​អនាគត ?

សូម​អាន​ការបញ្ជាក់​អះអាង​តទៅនេះ​ដោយ អែលឌើរ រ័សុល អិម. ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បាន​អះអាង​ថា អំណាច​នៃ​ការភ្ជាប់​របស់​ព្រះ​ត្រូវបាន​ស្ដារ​ឡើងវិញ ៖ « ព្រះវិហារ​បរិសុទ្ធ ពិធី​បរិសុទ្ធ សេចក្ដី​សញ្ញា អំណោយទាន​ពិសិដ្ឋ និង ការផ្សារភ្ជាប់​ទាំងឡាយ ត្រូវបាន​ស្ដារ​ឡើង​វិញ ជាក់ច្បាស់​ដូច​ដែល​បាន​ព្យាករ​មក ។ ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផ្តល់ឲ្យ​សម្រាប់​ការផ្សះផ្សា​ជាមួយ​ព្រះអម្ចាស់ និង ផ្សារភ្ជាប់​ក្រុមគ្រួសារ​ឲ្យ​រស់នៅ​ជាមួយ​គ្នា​ជា​រៀងរហូត ។ ការគោរព​ប្រតិបត្តិ​ដល់​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងនេះ ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ធ្វើ​ឲ្យ​យើង​មាន​ភាពសក្ដិសម​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច—ដែល​ជា​អំណោយ​ដ៏​មហិមា​បំផុត​ពី​ព្រះ​ដល់​មនុស្ស » ( “Prepare for the Blessings of the Temple” Ensign ខែ តុលា ឆ្នាំ 2010 ទំព័រ 42 ) ។

យោងតាម អែលឌើរ ណិលសុន តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាពសក្ដិសម​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​ទាំងឡាយ​នៃ​អំណាច​នៃ​ការភ្ជាប់ ?

ហេលេមិន 10:12–19

នីហ្វៃ​គោរព​ប្រតិបត្តិ​ដល់​ការបញ្ជា​របស់​ព្រះអម្ចាស់​ដែល​ឲ្យ​ប្រកាស​ពី​ការប្រែចិត្ត​ទៅដល់​ប្រជាជន

តើ​អ្នក​ធ្លាប់​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ​អ្វី​មួយ ដោយ​ឪពុក/ម្ដាយ ថៅកែ ឬ អ្នកដឹកនាំ​ម្នាក់ ហើយ​បានពន្យា​ពេល​ក្នុង​ការធ្វើ​វា ឬ ភ្លាត់ភ្លាំង​មិន​បាន​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ​ដែរ​ឬ​ទេ ? សូម​ពិចារណា ថាតើ​អ្នក​បង្ហាញ​ពី​សារ​អ្វី ពេលដែល​អ្នក​ពន្យាពេល​ក្នុង​ការធ្វើ​នូវ​អ្វី​ដែល​អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ​នោះ ។

សូមអាន ហេលេមិន 10:11–12 ហើយ​រកមើល​ពី​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយតប​ចំពោះ​ការបញ្ជា​របស់​ព្រះអម្ចាស់​សម្រាប់​លោក ដែល​ឲ្យ​លោក​ប្រកាស​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នោះ ។ តើ​យើង​បង្ហាញ​អ្វី​ដល់​ព្រះអម្ចាស់ ពេលដែល​យើង​ឆ្លើយតប​ភ្លាមៗ និង យ៉ាង​លឿន​ដល់​ដំបូន្មាន និង បទបញ្ញត្តិ​របស់​ទ្រង់ ?

  1. សូម​អាន ហេលេមិន 10:13–18 ។ បន្ទាប់មក នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពីរបី​ប្រយោគ​អំពី​អ្វី​ដែល​អ្នក​រៀន​ចេញពី​គំរូ​របស់​នីហ្វៃ អំពី​ការឆ្លើយ​តប​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ សូម​សរសេរ​របៀប​មួយ ដែល​អ្នក​អាច​អនុវត្ត​ការណ៍​នេះ​នៅក្នុង​ជីវិត​អ្នក ។

ភាពស្មោះត្រង់​របស់​នីហ្វៃ បានបង្ហាញ​ថា ព្រះអម្ចាស់​អាច​ទុក​ព្រះទ័យ​លើ​លោក​បាន ហើយ​លោក​ត្រូវបាន​ប្រទាន​ពរ​នូវ​អំណាច និង ការការពារ​ដ៏​អស្ចារ្យ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
រំឭក​ឡើង​វិញ​ពី​ចំណេះ​ចំណាន​ខគម្ពីរ

សម្រាប់​ការរំឭក​ឡើង​វិញ​ពី​ចំណេះ​ចំណាន​ខគម្ពីរ សូម​អាន នីហ្វៃទី1 3:7 នីហ្វៃទី2 2:27 នីហ្វៃទី2 31:19–20 និង ម៉ូសាយ 2:17 ។ សូម​ពិចារណា​ពី​របៀប​ដែល​ចំណេះ​ចំណាន​ខគម្ពីរ​ទាំងនេះ អនុវត្ត​ចំពោះ​នីហ្វៃ និង ការបម្រើ​របស់​លោក​នៅក្នុង ហេលេមិន 10 ។

សូម​ព្យាយាម​ស្វែងរក​របៀប​ទាំងឡាយ ដើម្បី​ដាក់​ព្រះបំណង​របស់​ព្រះអម្ចាស់ ពីមុន​បំណង​ប្រាថ្នារបស់​អ្នក​ផ្ទាល់ ហើយ​គោរព​ប្រតិបត្តិ​យ៉ាងលឿន ។ ពេល​អ្នក​បម្រើ​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ ដូច​នីហ្វៃ​បាន​ធ្វើ នោះ​ទ្រង់​នឹង​ទុក​ព្រះទ័យ ហើយ​ប្រទានពរ​ដល់​អ្នក ។

  1. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 10 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖