នីហ្វៃ ទី ១ 3
    Footnotes

    ជំពូក​ទី ៣

    កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន — ឡាបាន់​មិន​ព្រម​ប្រគល់​ផ្ទាំង​ទាំង​នោះ​ឲ្យ​គេ​ទេ — នីហ្វៃ​ទូន្មាន ហើយ​លើក​ទឹក​ចិត្ត​បង​ប្រុស​ទាំង​ឡាយ​របស់​លោក — ឡាបាន់​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ហើយ​ថែម​ទាំង​រក ប្រហារ​ពួកគេ​ទៀត — លេមិន និង​លេមយួល វាយ​នីហ្វៃ និង​សាំ ហើយ​ត្រូវ​ទេវតា​ស្ដី​បន្ទោស។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បន្ទាប់​ពី​បាន​ទូល​ជាមួយ​នឹង​ព្រះ​អម្ចាស់​ហើយ ក៏​ត្រឡប់​មក​ត្រសាល​ឪពុក​ខ្ញុំ​វិញ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ខ្ញុំ​បាន​និយាយ​មក​ខ្ញុំ​ថា ៖ មើល​ចុះ ឪពុក​បាន​ដេក​យល់​សប្ដិ ហើយ​ក្នុង​សុបិន​នោះ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​កូន​ឯង​ជាមួយ​នឹង​បង​ប្រុស​ទាំង​ឡាយ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ។

    ត្បិត​មើល​ចុះ ឡាបាន់​មាន​បញ្ជី​របស់​ពួក​សាសន៍​យូដា ព្រម​ទាំង​ពង្សាវតារ​របស់​ពួក​អយ្យកោ​ឪពុក ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន​ទាំង​ឡាយ។

    ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ដល់​ឪពុក​ថា កូន និង​បងៗ​ឯង ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឡាបាន់​ដើម្បី​ស្វែងរក​បញ្ជី​ទាំង​ឡាយ ហើយ​នាំ​យក​មក​ទី​នេះ ក្នុង​ទីរហោស្ថាន​វិញ។

    ហើយ​ឥឡូវ​នេះ មើល​ចុះ បងៗ​របស់​កូន​រអ៊ូរទាំ​ថា ឪពុក​បាន​តម្រូវ​ឲ្យ​គេ​ធ្វើការ​ដ៏​លំបាក ប៉ុន្តែ​មើល​ចុះ ឪពុក​មិន​បាន​តម្រូវ​គេ​ទេ ប៉ុន្តែ​នេះ​ជា​ព្រះ​បញ្ញត្តិ​នៃ​ព្រះ​អម្ចាស់​ទេ​តើ។

    ហេតុ​ដូច្នេះ​ហើយ ចូរ​ទៅ​ចុះ​កូន​ប្រុស​ឪពុក កូន​នឹង​បាន​ប្រោសប្រណី​ពី​ព្រះ​អម្ចាស់ ពីព្រោះ​កូន​មិន​បាន​រអ៊ូរទាំ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ឪពុក​ខ្ញុំ​ថា ៖ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ត្បិត​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូន​ចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួក​គេ​ទុក​ជា​មុន​សិន។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ឪពុក​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នេះ​ហើយ នោះ​លោក​មាន​សេចក្ដី​ត្រេកអរ​ជា​អនេក ត្បិត​លោក​បាន​ដឹង​ថា ខ្ញុំ​បាន​ទទួល​ព្រះ​ពរ​ពី​ព្រះ​អម្ចាស់។

    ហើយ​ខ្ញុំ នីហ្វៃ និង​បង​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ បាន​ចេញ​ដំណើរ​ក្នុង​ទីរហោស្ថាន ព្រម​ទាំង​មាន​ត្រសាល​យក​ទៅ​ជាមួយ​ផង ដើម្បី​ឡើង​ទៅ​ឯ​ដែនដី​យេរូសាឡិម។

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​យើង​បាន​ឡើង​ទៅ​ដល់​ដែនដី​យេរូសាឡិម​ហើយ នោះ​ខ្ញុំ និង​បង​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ បាន​ពិគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក។

    ១១ហើយ​យើង​បាន​ចាប់​ឆ្នោត រក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង ដែល​ត្រូវ​ចូល​ទៅ​ផ្ទះ​ឡាបាន់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នោត​នោះ​ធ្លាក់​ទៅ​លើ​លេមិន ហើយ​លេមិន​បាន​ចូល​ទៅ​ផ្ទះ​ឡាបាន់ ហើយ​គាត់​បាន​និយាយ​ជាមួយ​នឹង​ឡាបាន់ នៅ​ពេល​គាត់​អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​ឡាបាន់។

    ១២ហើយ​លេមិន​ស្នើសុំ​យក​បញ្ជី​ទាំង​ប៉ុន្មាន ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន ដែល​មាន​ពង្សាវតារ​នៃ​ឪពុក​ខ្ញុំ​ពី​ឡាបាន់​មក។

    ១៣ហើយ​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ឡាបាន់​កើត​ក្ដី​ខឹង​ខ្ញាល់ ហើយ​បណ្ដេញ​លេមិន​ចេញ​ពី​វត្តមាន​របស់​គាត់ ហើយ​មិន​ព្រម​ឲ្យ​លេមិន យក​បញ្ជី​ទាំង​ឡាយ​ឡើយ។ ហេតុ​ដូច្នោះ​ហើយ ឡាបាន់​និយាយ​ទៅ​កាន់​លេមិន​ថា ៖ មើល​ចុះ ឯង​នេះ​គឺជា​ចោរ អញ​នឹង​សម្លាប់​ឯង​ចោល។

    ១៤ប៉ុន្តែ លេមិន​បាន​រត់​គេច​ចេញ​ពី​វត្តមាន​របស់​គាត់ ហើយ​ត្រឡប់​មក​ប្រាប់​យើង អំពី​រឿង​ដែល​ឡាបាន់​បាន​ធ្វើ។ ហើយ​ពួក​យើង​ចាប់​ផ្ដើម​មាន​ចិត្ត​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​បង​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ ស្ទើរតែ​នឹង​ត្រឡប់​ទៅ​រក​ឪពុក​ខ្ញុំ​នៅ​ក្នុង​ទីរហោស្ថាន​វិញ។

    ១៥ប៉ុន្តែ​មើល​ចុះ ខ្ញុំ​បាន​និយាយ​ទៅ​គេ​ថា ៖ ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ប្រាកដ​ដូច​ជា​យើង​នៅ​មាន​ជីវិត នោះ​យើង​នឹង​មិន​ចុះ​ទៅ​រក​ឪពុក​យើង​នៅ​ក្នុង​ទីរហោស្ថាន​ឡើយ ទាល់តែ​យើង​បាន​សម្រេច​នូវ​កិច្ចការ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​យើង​សិន។

    ១៦ហេតុ​ដូច្នោះ​ហើយ ចូរ​យើង​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​ចុះ​ទៅ​ឯ​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​ឪពុក​យើង ត្បិត​មើល​ចុះ លោក​បាន​ចោល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យសម្បត្តិ​គ្រប់​មុខ។ ហើយ​ដែល​លោក​បាន​ធ្វើការ​ទាំង​អស់​នេះ ក៏​ដោយ​សារ​តែ ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ដែរ។

    ១៧ត្បិត​លោក​ដឹង​ថា ក្រុង​យេរូសាឡិម នឹង​ត្រូវ​បំផ្លាញ​ចោល មក​ពី​អំពើ​ទុច្ចរិត​របស់​មនុស្ស។

    ១៨ត្បិត​មើល​ចុះ ពួក​គេ​បាន​បដិសេធ​នូវ​ពាក្យ​ទាំង​ឡាយ​នៃ​ពួក​ព្យាការី។ ហេតុ​ដូច្នោះ​ហើយ បើសិនជា​ឪពុក​ខ្ញុំ​សុខចិត្ត​អាស្រ័យ​នៅ​លើ​ដែនដី​នេះ​ត​ទៅ​ទៀត ក្រោយ​ពី​ព្រះ​បាន​បញ្ជា​ឲ្យ​រត់​ចេញ​នោះ មើល​ចុះ លោក​ក៏​នឹង​ត្រូវ​វិនាស​ដែរ។ ហេតុ​ដូច្នោះ​ហើយ ជា​ចាំបាច់​ណាស់ ដែល​លោក​ត្រូវ​តែ​រត់​ចេញ​ពី​ដែនដី​នេះ។

    ១៩ហើយ​មើល​ចុះ នេះ​គឺ​ជា​ប្រាជ្ញា​នៅ​ក្នុង​ព្រះ ដែល​យើង​ត្រូវ​តែ​យក​បញ្ជី​ទាំង​នេះ​មក​ឲ្យ​បាន ដើម្បី​ឲ្យ​យើង​អាច​ថែរក្សា​នូវ​ភាសា​របស់​ពួក​អយ្យកោ​យើង ទុក​ដល់​កូន​ចៅ​របស់​យើង​ទាំង​ឡាយ។

    ២០ហើយ​ក៏​ដើម្បី​ឲ្យ​យើង​អាច​រក្សា​នូវ​ពាក្យ​ពេចន៍​ទាំង​ឡាយ ដែល​បាន​ពោល​ដោយ​មាត់ នៃ​គ្រប់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដែល​ព្រះ​វិញ្ញាណ និង​ព្រះ​ចេស្ដា​នៃ​ព្រះ បាន​ប្រគល់​ឲ្យ​ពួក​ព្យាការី ចាប់​តាំង​ពី​កំណើត​លោកិយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

    ២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា តាម​ពាក្យ​បែប​នេះ​ហើយ ដែល​ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​បងៗ​ខ្ញុំ ដើម្បី​ឲ្យ​គេ​អាច​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។

    ២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​ក៏​បាន​ចុះ​ទៅ​ឯ​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​យើង ហើយ​យើង​បាន​ទាំង​ប្រមូល​មាស​របស់​យើង និង​ប្រាក់​របស់​យើង ហើយ​និង​វត្ថុ​ដ៏​មាន​តម្លៃ​របស់​យើង។

    ២៣ហើយ​បន្ទាប់ពី​យើង បាន​ប្រមូល​វត្ថុ​ទាំង​នេះ​រួច​ស្រេច​ហើយ នោះ​យើង​ក៏​បាន​ឡើង​ទៅ​ឯ​ផ្ទះ​ឡាបាន់​ម្ដង​ទៀត។

    ២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ចូល​ទៅ​ជួប​នឹង​ឡាបាន់ ហើយ​ស្នើសុំ​ឲ្យ​លោក ឲ្យ​បញ្ជី​ទាំង​ឡាយ​ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន​ទាំង​ប៉ុន្មាន​នោះ​មក​យើង ត្បិត​យើង​នឹង​ប្រគល់​ឲ្យ​គាត់​ទាំង​មាស​របស់​យើង និង​ប្រាក់​របស់​យើង ហើយ​ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃៗ​ទាំង​អស់​របស់​យើង។

    ២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ឡាបាន់​ឃើញ​ទ្រព្យ​របស់​យើង គឺជា​ទ្រព្យ​វិសេស​ហួស​ប្រមាណ ទើប​លោក​កើត​ក្ដី​លោភលន់​ចង់​បាន រហូត​ដល់​បណ្ដេញ​យើង​ទៅ​ក្រៅ ហើយ​បាន​ប្រើ​ឲ្យ​ពួក​បាវ​បម្រើ​របស់​គាត់​ដេញ​តាម​សម្លាប់​យើង​ចោល ដើម្បី​គាត់​អាច​បាន​ទ្រព្យ​របស់​យើង។

    ២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​រត់​ភៀស​ខ្លួន​ពី​បាវ​បម្រើ​ឡាបាន់ ហើយ​ពួក​យើង​ត្រូវ​តែ​ទម្លាក់​ចោល​ទ្រព្យសម្បត្តិ​របស់​យើង ហើយ​ទ្រព្យ​នោះ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ឡាបាន់។

    ២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​រត់​ចូល​ទៅ​ក្នុង​ទីរហោស្ថាន ហើយ​ពួក​បាវ​បម្រើ​របស់​ឡាបាន់​ដេញ​យើង​មិន​ទាន់​សោះ ហើយ​យើង​បាន​ពួន​នៅ​ក្នុង​រូង​ថ្ម​មួយ។

    ២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លេមិន​កើត​ក្ដី​ខឹង​នឹង​ខ្ញុំ ហើយ​នឹង​ឪពុក​ខ្ញុំ​ផង ឯ​លេមយួល​ក៏​ដូច្នោះ​ដែរ ត្បិត​គាត់​ជឿ​តាម​ពាក្យ​ទាំង​ឡាយ​នៃ​លេមិន។ ហេតុ​ដូច្នោះ​ហើយ លេមិន និង​លេមយួល​បាន​ពោល​ពាក្យ​ទ្រគោះ​ជា​ច្រើន​មក​លើ​យើង​ដែល​ជា​ប្អូន ហើយ​គេ​ថែម ទាំង​យក​រំពាត់​វាយ​យើង​ទៀត។

    ២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​កំពុងតែ​វាយ​យើង​នឹង​រំពាត់ មើល​ចុះ ស្រាប់តែ​ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​មក​ឈរ​នៅ​ចំពោះ​មុខ​គេ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ៖ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​ប្អូន​អ្នក​នឹង​រំពាត់? អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​រើស​ប្អូន​អ្នក​ឲ្យ​ធ្វើជា​អ្នក​ត្រួតត្រា​លើ​រូប​អ្នក ហើយ​ការណ៍​នេះ គឺ​មក​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក? មើល​ចុះ ចូរ​អ្នក​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ចុះ ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រគល់​ឡាបាន់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។

    ៣០ហើយ​បន្ទាប់ពី​ទេវតា​មាន​បន្ទូល​មក​យើង​រួច​ស្រេច​ហើយ នោះ​ទ្រង់​ក៏​បាន​យាង​ចេញ​ទៅ។

    ៣១ហើយ​បន្ទាប់​ពី​ទេវតា​បាន​យាង​ចេញ​ទៅ​ហើយ នោះ​លេមិន និង​លេមយួល​ក៏​ចាប់​ផ្ដើម​រអ៊ូរទាំ​ទៀត​ថា ៖ តើ​ព្រះ​អម្ចាស់​ទ្រង់​នឹង​អាច​ប្រគល់​ឡាបាន់ មក​ក្នុង​កណ្ដាប់​ដៃ​យើង​យ៉ាង​ណា​បាន? មើល​ចុះ គាត់​នេះ​ជា​អ្នក​ខ្លាំង​ពូកែ គាត់​អាច​បញ្ជា​មនុស្ស​៥០​នាក់​បាន មែន​ហើយ គាត់​អាច​ទាំង​សម្លាប់​មនុស្ស​៥០​នាក់​បាន​ទៀត​ផង ចុះ​ហេតុ​អ្វី​ក៏​នឹង​សម្លាប់​យើង​មិន​បាន?